២០១៤
យេរេមា
October 2014


ពួក​ព្យាការី​គម្ពីរ​សញ្ញា​ចាស់

យេរេមា

« យេរេមា​បាន​រស់នៅ​ក្នុង​គ្រា និង ទីកន្លែង​មួយ​ដ៏​លំបាក ប៉ុន្តែ​ព្រះអម្ចាស់​បាន​អនុញ្ញាត​ឲ្យ​គាត់​មើល​ឃើញ​ជា​មុន​នូវ ‹ គ្រា​មួយ​នៃ​សេចក្ដី​សង្ឃឹម​អំឡុង​ពេល​នៃ​ការ​ប្រមូល​សាសន៍​អ៊ីស្រាអែល​នៅ​ថ្ងៃ​ចុង​ក្រោយ ›» ។1 —​លីនដា ខេ ប៊ើតុន ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ

Composite photo's of a scroll on fire, colored paper, and a illustration of Jeremiah of the Old Testament.

រូបថត​នៃ​ក្រាំង​ដោយ dimdimich/iStock/Thinkstock, យេរេមាដោយ វលធើរ រេន​© IRI

ខ្ញុំ​ជា​កូន​ប្រុស​របស់​ហ៊ីលគីយ៉ា ជា​សង្ឃ​នៅ​អាន៉ាថោត ក្បែរ​យេរូសាឡិម ។ កាល​ខ្ញុំ​នៅ​ជា​យុវវ័យ « ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា

« មុន​ដែល​យើង​បាន​ជប់​បង្កើត​អ្នក​នៅ​ក្នុង​ពោះ​ម្ដាយ នោះ​យើង​ស្គាល់​អ្នក​ហើយ កាល​មុន​ដែល​អ្នក​សំរាល​ចេញ​ពី​ផ្ទៃ​មក នោះ​យើង​បាន​ញែក​អ្នក​ជា​បរិសុទ្ធ​ផង ក៏​បាន​តាំង​អ្នក​ឡើង​ជា​ហោរា​ដល់​អស់​ទាំង​សាសន៍ » ។​

ខ្ញុំ​មាន​អារម្មណ៍​ថា មិន​បាន​រៀបចំ​ខ្លួន​សម្រាប់​ការហៅ​នេះ​នៅ​ឡើយ រួច​ខ្ញុំ​ក៏​ទូល​ទៅ​វិញ​ថា « មើល ទូល​បង្គំ​គ្មាន​វោហារ​អធិប្បាយ​ទេ ត្បិត​ទូល​បង្គំ​ជា​មនុស្ស​ក្មេង​សុទ្ធ » ។

ព្រះអម្ចាស់​មាន​បន្ទូល​តប​ថា « កុំ​ឲ្យ​ថា​អ្នក​ជា​មនុស្ស​ក្មេង​ឡើយ ត្បិត​បើ​យើង​ចាត់​អ្នក​ឲ្យ​ទៅ​អ្នក​ណា នោះ​អ្នក​ត្រូវ​តែ​ទៅ ហើយ​សេចក្ដី​អ្វី​ដែល​យើង​បង្គាប់​អ្នក នោះ​អ្នក​ត្រូវ​តែ​ប្រាប់​ដែរ ។

« កុំ​ឲ្យ​ខ្លាច​ចំពោះ​គេ​ឡើយ ត្បិត​យើង​នៅ​ជាមួយ​ដើម្បី​នឹង​ជួយ​ឲ្យ​អ្នក​រួច » ។ រួច​ព្រះអម្ចាស់ « បាន​លូក​ព្រះហស្ថមក​ពាល់​មាត់​ខ្ញុំ » ហើយ​ដាក់​ពាក្យ​នៅ​ក្នុង​វា ។2

ខ្ញុំ​បាន​ព្យាករ​នៅ​ក្នុង​យេរូសាឡិម​អស់​រយៈពេល​ 40 ឆ្នាំ ពី​ឆ្នាំ 626 រហូត​ដល់​ឆ្នាំ 586 មុន គ.ស.ក្នុង​រាជ្យ​ស្ដេច​យ៉ូសៀល យេហូយ៉ាគីម និង សេដេគា ។3 ខ្ញុំ​ស្ថិតនៅ​ជំនាន់ព្យាការី​លីហៃ​ក្នុង​ព្រះគម្ពីរ​មរមន ។ យើង​ទាំងពីរ​ត្រូវ​បានគេ​ថ្កោល​ទោស ​ចំពោះ​អំពើ​ទុច្ចរិត​របស់​ប្រជាជន​នៅ​យេរូសាឡិម ហើយ​បាន​ប្រាប់​ទុក​ជាមុន​ពី​សេចក្តី​បំផ្លិចបំផ្លាញ​នៃ​ទីក្រុង​ដ៏​ធំ​នោះ ។4

ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​ឲ្យ​ខ្ញុំ​កត់ត្រា​ការ​ព្យាករ​របស់​ខ្ញុំ​នៅ​ក្នុង​ « ក្រាំង​មួយ » ។ 5 កាល​ស្ដេច​យេហូយ៉ាគីមបាន​ឮ​ពី​ការ​ព្យាករ នោះ​ទ្រង់​បាន​ដុត​ក្រាំង​នោះ​ចោល ។ ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​ខ្ញុំ​ឲ្យ​សរសេរ​ការ​ព្យាករ​ទាំងឡាយ​ម្ដង​ទៀត ហើយ​បន្ថែម​ការ​ព្យាករ​ជាច្រើន​ទៀត​ពី​លើ​ការព្យាករ​ទាំង​នោះ ។6

ខ្ញុំ​បាន​ជួប​នឹង​ការ​ជំទាស់​ជា​បន្តបន្ទាប់ កាល​ខ្ញុំ​ផ្សាយ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ។ ផាសហើរ ជា​កូន​ប្រុស​របស់​នាយក​ធំ បាន​វាយ​ខ្ញុំ ហើយ​យក​ខ្ញុំ​ទៅ​ដាក់​គុក ។ ពួក​ជន​កំណាច​ចង់​ផ្ដាច់​ជីវិត​ខ្ញុំ​ដោយ​សារ​តែ​ការ​ផ្សព្វផ្សាយ​របស់​ខ្ញុំ ។ ខ្ញុំ​ជា​ព្យាការី​មួយ​រូប​ដែល​ពុំ​ល្បី​ឈ្មោះ ជា​រឿយៗ​ត្រូវ​បាន​គេ​ចាប់​ដាក់​គុក​ងងឹត និង​ពន្ធាគារ ។ ខ្ញុំ​បាន​រស់នៅ​ក្នុង​គ្រា​មួយ​នៃ​អំពើ​ទុច្ចរិត​ដ៏​ធំ ។7

ប៉ុន្តែ​ទោះជា​រស់នៅ​ក្នុង​ចំណោម​ភាពទុក្ខ​ព្រួយ​ក្ដី ក៏​ព្រះអម្ចាស់​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​មើល​ឃើញ​ជា​មុន​ថា សាសន៍​អ៊ីស្រាអែល​នឹង​ត្រូវ​បាន​ប្រមូល​មក​វិញ​នៅ​ថ្ងៃ​ចុង​ក្រោយ ថា​ព្រះអម្ចាស់​នឹង​សរសេរ​ក្រិត្យវិន័យ​ទ្រង់ « នៅ​ក្នុង​ចិត្ត​ពួកគេ » ហើយ​ថា​ទ្រង់​នឹង​នាំ​យក « ម្នាក់​ពី​ក្រុង​មួយ ហើយ​ពីរ​នាក់​ពី​ពូជ​អំបូរ​មួយ » ទៅ​កាន់​ក្រុង​ស៊ីយ៉ូន ។8

កាល​ខ្ញុំ​បាន​បន្ត​ផ្សាយ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់—ទោះ​ជា​លំបាក​យ៉ាង​ណា​ក្ដី—ខ្ញុំ​បាន​រៀន​ថា ការតាំង​ចិត្ត​មួយ​ចំពោះ​ដំណឹង​ល្អ​ដឹកនាំ​ទៅ​រក​សេចក្ដី​សុខសាន្ត ។ កាល​យើង​អភិវឌ្ឍ​ការ​ថ្វាយ​បង្គំ​ដាច់ដោយ​ឡែក​ជាមួយ​ព្រះអម្ចាស់ នោះ​យើង​ទាំងអស់​គ្នា​អាច​មាន​សេចក្ដី​សង្ឃឹម​នៅ​ក្នុង​ការសាក​ល្បង និង ទុក្ខ​ព្រួយ ។