ឆ្នាំ​២០១៧
បើក​ស្ថានសួគ៌​តាមរយៈ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ
October 2017


បើក ស្ថានសួគ៌ តាមរយៈ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ

ដកស្រង់​ចេញ​ពី​បទបង្ហាញ​នៅ​សន្និសីទ​ពង្សប្រវត្តិ RootsTech 2017 នៅក្នុង​ទីក្រុង សលត៍ លេក រដ្ឋ យូថាហ៍ ថ្ងៃ​ទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៧ ។ ដើម្បី​មើល​វីដេអូ​នៃ​បទបង្ហាញ​នេះ​ជាភាសា​អង់គ្លេស ព័រទុយហ្គាយ ឬ​​អេស្ប៉ាញ សូម​ចូល​ទៅ​គេហទំព័រ lds.org/go/1017Nelson ។

អំឡុងពេល​បទបង្ហាញ Roots Tech ឆ្នាំ ២០១៧ ប្រធាន រ័សុល អិម ណិលសុន និង​ភរិយា​លោក វេនឌី បាន​អញ្ជើញពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ឲ្យ​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន អំពី​ការលះបង់​អ្វី​ខ្លះ​ដែល​ពួកគេ​អាច​ធ្វើ ដើម្បី​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​បាន​កាន់តែ​ច្រើន​ឡើង ។

President and Sister Nelson

ប្រធាន ណិលសុន ៖ កាល​ជីតា​ខ្ញុំ អេ ស៊ី ណិលសុន ជា​ស្វាមី និង​ឪពុក​វ័យ​ក្មេង​នៅ​ឡើយ ដោយសារ​គាត់​ទើប​តែ​មាន​អាយុ ២៧ ឆ្នាំ នោះ​ឪពុក​របស់​គាត់​បាន​ស្លាប់ ។ ប្រហែល​ជា​បីខែ​ក្រោយ​មក ឪពុក​គាត់​ដែល​បាន​ស្លាប់​នោះ ដែល​ត្រូវ​ជា​ជីតាទួត​របស់​ខ្ញុំ បាន​មក​ជួប​គាត់ ។ កាលបរិច្ឆេទ​នៃ​ការជួប​នោះ​គឺ​នៅ​យប់​ថ្ងៃ​ទី ៦ ខែ មេសា ឆ្នាំ ១៨៩១ ។ លោក​តា ណិលសុន មាន​ការចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ការមក​ជួប​នៃ​ឪពុក​គាត់​នោះ​ដែល​ធ្វើ​ឲ្យ​គាត់​សរសេរ​បទពិសោធន៍​នេះ​នៅក្នុង​កំណត់ហេតុ​សម្រាប់​គ្រួសារ និង​មិត្តភក្តិ​របស់​គាត់ ។

លោក​តា​ ណិលសុន បាន​សរសេរ​ថា « ខ្ញុំ​កំពុង​ដេក​នៅលើ​គ្រែ​ពេល​ឪពុក​ខ្ញុំ​បាន​ចូល​មក​ក្នុង​បន្ទប់ ។ គាត់​បាន​មក ហើយ​អង្គុយ​នៅគែម​គ្រែ ។ គាត់​បាន​និយាយ​ថា ‹ កូនប្រុស ដោយសារ​ប៉ា​មាន​ពេល​ខ្លី ប៉ា​បាន​ទទួល​ការអនុញ្ញាត​ឲ្យ​មក ហើយ​ជួប​កូន​បាន​ពីរបី​នាទី ។ កូនប្រុស​អើយ ប៉ា​សុខសប្បាយ​ទេ ហើយ​ប៉ា​មាន​កិច្ចការ​ច្រើន​ណាស់​ដែល​ត្រូវធ្វើ ចាប់​តាំងពី​ប៉ា​បាន​ស្លាប់​ទៅ » ។

នៅពេលលោកតា ណិលសុន បាន​សួរ​គាត់​ថា​ តើ​គាត់​កំពុង​ធ្វើ​អ្វីខ្លះ ឪពុក​របស់​គាត់​បាន​ឆ្លើយ​ថា គាត់​រវល់​បង្រៀន​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ភព​វិញ្ញាណ ។

គាត់​បាន​និយាយ​ថា « កូន​ពុំ​អាច​ស្រមៃ​ដឹង​ឡើយ ថា តើ​មាន​វិញ្ញាណ​ប៉ុន្មាន​នាក់​នៅ​ពិភព​វិញ្ញាណ​ដែល​ពុំ​ទាន់​បាន​ទទួល​យក​ដំណឹង​ល្អ​នោះ ។ ប៉ុន្តែ​មាន​វិញ្ញាណ​ជាច្រើន​បាន​ទទួល​យក​ដំណឹង​ល្អ ហើយ​កិច្ចការ​ដ៏អស្ចារ្យ​កំពុង​តែ​សម្រេច​ហើយ ។ វិញ្ញាណ​ជាច្រើន​អន្ទះសា​ទន្ទឹង​ចាំ​មិត្តភក្តិ​របស់​ពួកគេ ដែល​នៅរស់​បម្រើ​ពួកគេ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ » ។

លោក​តា ណិលសុន បាន​ប្រាប់​ឪពុក​គាត់​ថា « យើង​មាន​បំណង​ទៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​ផ្សារភ្ជាប់​ជាមួយ​នឹង​លោក​ឪពុកឲ្យ​កាន់​តែ​ឆាប់​តាម​ដែល​យើង​អាច​ធ្វើ​បាន » ។

ជីតាទួត​របស់​ខ្ញុំ​បាន​តប​វិញ​ថា ៖ « កូន​ប្រុស​អើយ នោះ​គឺ​គ្រាន់តែ​ជា​ផ្នែក​មួយ​ដែល​ប៉ា​មក​ជួប​កូន​ប៉ុណ្ណោះ ។ យើង​នឹង​ពុំ​អាច​ធ្វើជា​គ្រួសារ ហើយ​រស់នៅ​អស់កល្ប​ជានិច្ច​នៅ​ឡើយ​ទេ ។

បន្ទាប់​មក​លោក​តា ណិលសុន បាន​សួរ​ថា « លោក​ពុក​អើយ តើ​ដំណឹង​ល្អ​ដែល​បាន​បង្រៀន​ដោយ​សាសនាចក្រ​នេះ​ពិត​ដែរ​ឬ​ទេ ? »

ឪពុក​របស់​គាត់​បាន​ចង្អុល​ទៅ​រូបភាព​គណៈប្រធាន​ទី​មួយ ដែល​ព្យួរ​លើ​ជញ្ជាំង​ក្នុង​បន្ទប់​ដេក​នោះ ។

« កូនប្រុស ដូច​កូន​មើល​ឃើញ​រូប​ភាព​នោះ​ច្បាស់​យ៉ាង​​ណា ដំណឹង​ល្អ​នេះ​ក៏​ពិត​យ៉ាង​នោះ​ដែរ ។ ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ​មាន​អំណាច ដើម្បី​សង្គ្រោះ​បុរស និង​ស្ត្រី​គ្រប់​រូប​ដែល​គោរព​តាម ហើយ​គ្មាន​ផ្លូវ​ណា​ផ្សេង​ទៀត ដែល​ពួកគេ​អាច​ទទួល​សេចក្តីសង្គ្រោះ​នៅ​ក្នុង​នគរ​ព្រះ​បាន​ឡើយ ។ កូន​ប្រុស​អើយ ចូរ​តោង​ជាប់​នឹង​ដំណឹង​ល្អ​ជានិច្ច ។ ចូរ​បន្ទាប​ខ្លួន ចូរ​ពោរពេញ​ដោយ​ការអធិស្ឋាន ចូរ​ចុះចូល​នឹង​បព្វជិតភាព ចូរ​ស្មោះស្ម័គ្រ ចូរ​ស្មោះត្រង់​នឹង​សេចក្ដីសញ្ញា ដែល​កូន​បាន​ចុះជាមួយ​នឹង​ព្រះ ។ ចូរ​កុំ​ធ្វើ​កិច្ចការ​ណា​ដែល​ព្រះ​មិន​សព្វព្រះទ័យ​ឡើយ ។ ឱ ​ដំណឹង​ល្អ​គឺ​ជា​ពរជ័យ​ដ៏​អស្ចារ្យ​អ្វី​ម៉្លេះ ។ កូន​ប្រុស​អើយ ចូរ​ធ្វើ​ជា​កូន​ល្អ » ។

A.C. Nelson and father

អេ ស៊ី ណិលសុន ជីតា​របស់​ប្រធាន រ័សុល អិម ណិលសុន ។

រចនារូបភាព​ដោយ ចន ធ័រខេលសុន ផ្ទៃ​ខាង​ក្រោយ រូប​ទូរសព្ទ​ដៃ និង tablet មក​ពី Getty Images

ស៊ិស្ទើរ ណិលសុន ៖ ខ្ញុំ​ចូលចិត្ត​គោលការណ៍​ទាំង​នោះ​ណាស់ ។ « ចូរ​បន្ទាប​ខ្លួន ចូរ​ពោរពេញ​ដោយ​ការអធិស្ឋាន ចូរ​ចុះចូល​នឹង​បព្វជិតភាព ចូរ​ស្មោះស្ម័គ្រ ចូរ​ស្មោះត្រង់​នឹង​សេចក្ដីសញ្ញា ដែល​កូន​បាន​ចុះ​ជាមួយ​នឹង​ព្រះ ។ … ចូរ​ធ្វើ​ជា​កូន​ល្អ » ។ គោលការណ៍​ទាំង​ប្រាំមួយ​បាន​នាំ​មក​ដល់​បង​តាមរយៈ​ជីតាទួត​របស់​បង​ដែល​បាន​ស្លាប់​ទៅ ។ ប្រាកដ​ណាស់ គាត់​និយាយ​អំពី​គោលការណ៍​ទាំង​ប្រាំ​មួយ​នោះ​ដូច​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ១៩១០–២០០៨ ) និយាយ​ពី​គោលការណ៍​ទាំង​ប្រាំ​មួយ​នេះ​ដែរ ។

ប្រធាន ណិលសុន ៖ លោក​ពិត​ជា​ផ្ដាំ​ដូច្នោះ មែន​ទេ ? វា​មាន​តម្លៃ​ណាស់​ចំពោះ​ខ្ញុំ ដែល​ជីតា​ខ្ញុំ​បាន​បន្សល់​ទុក​កំណត់ត្រា​នោះ​សម្រាប់​ពួកយើង ។ យើង​បាន​ដឹង​ថា ក្រោយ​មក​កូនៗ​របស់​ឪពុក​គាត់​បាន​ផ្សារភ្ជាប់​ជាមួយ​គាត់ ។ ដូច្នេះ​ ហេតុផល​នៃ​ការមក​ជួប​របស់​គាត់​បាន​សម្រេច​ហើយ ។

វិញ្ញាណ​នៃ​អេលីយ៉ា

ប្រធាន ណិលសុន ៖ ឈ្មោះ​មួយ​ដ៏​អស្ចារ្យ​នៅក្នុង​ព្រះគម្ពីរ​ពន្យល់​ពី​មូលហេតុ​ដែល​គ្រួសារ​មាន​សារៈសំខាន់ ។ ឈ្មោះ​នោះ​គឺ អេលីយ៉ា ។ អេ-លី-យ៉ា ជា​ភាសា​ហេព្រើរ​មាន​ន័យ​ថា « ព្រះ​គឺ​ជា​ព្រះ​របស់​ទូលបង្គំ » ។ ចូរ​គិត​ពី​ចំណុច​នេះ ! អត្ថន័យ​បង្កប់​នៅក្នុង​ឈ្មោះ​អេលីយ៉ា​គឺ​ជាពាក្យ​ភាសា​ហេព្រើរ​សម្រាប់​ពាក្យ ព្រះវរបិតា និង​ព្រះរាជបុត្រា ។

ស៊ិស្ទើរ ណិលសុន ៖ អេលីយ៉ា​ជា​ព្យាការី​ចុងក្រោយ​ដែល​កាន់​អំណាច​ផ្សារភ្ជាប់​នៃ​បព្វជិតភាព​មិលគីស្សាដែក​ពីមុន​ជំនាន់​ព្រះយេស៊ូវគ្រីស្ទ ។ បេសកកម្ម​របស់​អេលីយ៉ា​គឺ ដើម្បី​បង្វែរ​ដួងចិត្ត​កូន​មក​ឯពួក​ឪពុក និង​ដួងចិត្តពួក​ឪពុក​មក​ឯកូន ដើម្បី​ឲ្យ​ពួកគេ​អាច​បាន​ផ្សារភ្ជាប់ ឬ​បើ​សិន​ជា​មិនមែន​ដូច្នោះ​ទេ « នោះ​ផែនដី​ទាំង​មូល​នឹង​ត្រូវ កម្ទេច​ចោល​សូន្យឈឹង ក្នុង​កាល​ទ្រង់​យាង​មក » ( យ៉ូសែប ស្ម៊ីធ — ប្រវត្តិ ១:៣៩ ការ​គូស​បញ្ជាក់​បាន​បន្ថែម ) ។ នោះ​ជា​ពាក្យ​រៀង​ធ្ងន់​បន្តិច ។

ប្រធាន ណិលសុន ៖ ខ្ញុំ​ចូលចិត្ត​គិត​ថា​វិញ្ញាណ​អេលីយ៉ា​គឺ​ដូច​ជា « ការបើក​បង្ហាញ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ថ្លែង​សាក្សី​ពី​លក្ខណៈ​ដ៏​ទេវភាព​នៃ​គ្រួសារ » ។ យោង​តាម សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ « អំណាច​អេលីយ៉ា គឺជា​អំណាច​ខាង​ការ​ផ្សារ​ភ្ជាប់​នៃ​បព្វជិតភាព ដែល​ថា​អ្វីៗ​នៅ​លើ​ផែនដី​បាន​ចង ឬ​ស្រាយ នោះ​ត្រូវ​បាន​ចង ឬ​ស្រាយ​នៅ​លើ​ស្ថាន​សួគ៌​ដែរ » ( អេលីយ៉ា ) ។

ស៊ិស្ទើរ ណិលសុន ៖ ដូច្នេះ​ពេល​យើង​និយាយ​ថា វិញ្ញាណ​នៃ​អេលីយ៉ា​កំពុង​ជំរុញ​ចិត្ត​​មនុស្ស លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ស្វែងរក​សាច់ញាតិ​ដែល​ស្លាប់​របស់​ពួកគេ នោះ​យើង​កំពុង​និយាយ​​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​កំពុង​បំផុស​គំនិត​យើង​ឲ្យ​ធ្វើ​កិច្ចការ​ទាំង​នោះ​ដែល​នឹង​អនុញ្ញាត​ឲ្យ​ក្រុមគ្រួសារ​អាច​ផ្សារភ្ជាប់​អស់កល្ប​ជានិច្ច ។

ប្រធាន ណិលសុន ៖ វា​អស្ចារ្យ​ណាស់​ក្នុងការ​បង្វែរ​ចិត្ត​កូន​ទៅ​ឯ​ពួក​ឪពុក តាមរយៈ​ការប្រាប់​អំពី​សារៈសំខាន់​នៃ​រឿង​ពង្សប្រវត្តិ​ក្នុង​របៀប​ដែល​អាច​ធ្វើទៅ​បាន និង​គួរ​ឲ្យ​ចងចាំ ។​ ការមាន​ឯកសារ រឿង រូបថត និង​អនុស្សារីយ៍​ពង្សប្រវត្តិ​​នៅ​ចំពោះ​មុខ​យើង​ជានិច្ច ប្រហែល​ជា​អាច​ពង្រឹង​ទីបន្ទាល់​របស់​យើង​បាន ( សូមមើល ម៉ូសាយ ១:៥ ) ។ ពេល​យើង​បិទ​វា​ជាប់​លើ​ជញ្ជាំង តុ​ កុំព្យូទ័រ iPads និង​ទូរសព្ទ​ដៃ​របស់​យើង នោះ​យើង​អាច​ត្រូវបាន​បំផុស​គំនិត​ឲ្យ​ធ្វើ​ការជ្រើសរើស​កាន់តែ​ប្រសើរ​ឡើង ហើយ​ខិត​កាន់តែ​ជិត​ព្រះអម្ចាស់ និង​គ្រួសារ​យើង ។

ប៉ុន្តែ​ប្រសិនបើ​យើង​ទុក​វា​ឲ្យ​នៅ​​បែប​នោះ យើង​ពិតជា​ពុំ​ទាន់​បាន​ធ្វើ​វា​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ។ ក្នុង​នាម​ជាសមាជិក​សាសនាចក្រ ចំណាប់​អារម្មណ៍​យើង​នៅក្នុង​កិច្ចការ​ពង្សប្រវត្តិ ត្រូវបាន​ជំរុញ​ដោយ​ការណែនាំ​មក​ពី​ព្រះអម្ចាស់​ថា ជីដូនជីតា​របស់​យើង​ពុំ​អាច​ធ្វើ​ឲ្យ​ល្អ​ឥត​ខ្ចោះ​ដោយ​គ្មាន​ពួកយើង ហើយ​យើង​ពុំ​អាច​ធ្វើ​បាន​ល្អ​ឥត​ខ្ចោះ​ដោយ​គ្មាន​ពួកគេ​បាន​ឡើយ ( សូមមើល គ. និង ស. ១២៨:១៥ ) ។ នោះ​មាន​ន័យ​ថា យើង​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយ​គ្នា​ដោយ​ពិធីប​រិសុទ្ធ​នៃ​ការ​ផ្សារ​ភ្ជាប់​ដ៏​បរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ យើង​គឺ​ជា​តំណ​ដ៏​រឹង​មាំ​នៅក្នុង​តំណ​រវាង​ជីដូនជីតា​យើង និង​ពូជពង្ស​យើង ។ ប្រសិនបើ​ការប្រមូល​ផ្តុំ​រឿង និង​រូបថត​របស់​យើង​ក្លាយ​ជា​ចំណុច​បញ្ចប់​នៃអ្វី​ដែល​យើង​ធ្វើ — ប្រសិនបើ​យើង​ស្គាល់​ជីដូនជីតា​យើង ហើយ​ដឹង​ពី​កិច្ចការ​ដ៏​អស្ចារ្យ​អំពី​ពួកគាត់ ប៉ុន្តែ​យើង​ទុក​ឲ្យ​ពួកគាត់​នៅ​តែលតោល​នៅ​ផ្នែក​ម្ខាង​ទៀត​ដោយ​គ្មាន​ពិធីបរិសុទ្ធ​សម្រាប់​ពួក​គាត់ — ដំណើរ​បែប​នេះ​ពុំ​អាច​ជួយ​ជីដូនជីតា​របស់​យើង​ដែល​នៅ​ជាប់​ឃុំឃាំង​ក្នុងស្ថាន​ឃុំ​វិញ្ញាណ​បាន​ឡើយ ។

ស៊ិស្ទើរ ណិលសុន ៖ ការរក្សាទុក​ប្រវត្តិ​របស់​ជីដូនជីតា​គឺ​ជា​រឿង​សំខាន់ ប៉ុន្តែ​យើង​មិន​ត្រូវ​ប្រហែស​មិន​បំពេញ​បញ្ចប់​នូវ​កិច្ចការ​នៃ​ពិធីបរិសុទ្ធ​របស់​ជីដូន​ជីតា​យើង​ឡើយ ។ យើង​ត្រូវ​តែ​រក​ពេល​ដើម្បី​បំពេញ​ព័ត៌មាន​ដែល​ចាំបាច់​សម្រាប់​ពិធីបរិសុទ្ធ​ឲ្យ​ដល់​ជីដូនជីតា​យើង ។

couple looking at computer screen

ប្រធាន ណិលសុន ៖ ហើយ​នោះ​មាន​ន័យ​ថា​គឺ​ជា​ការលះបង់​ពេលវេលា ដែល​ជា​ធម្មតា​យើង​ចំណាយ​ពេល​លើ​សកម្មភាព​ផ្សេងៗ ។ យើង​ត្រូវតែ​ចំណាយ​ពេល​បន្ថែម​ទៀត​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​ធ្វើការស្រាវជ្រាវ​ពង្សប្រវត្តិ ដែល​រួមមាន​ការធ្វើ​លិបិក្រម​ផងដែរ ។

ស៊ិស្ទើរ ណិលសុន ៖ ប្រាកដ​ណាស់ ពលិកម្ម​នាំ​មក​នូវ​ពរជ័យ​ពី​ស្ថានសួគ៌ ។ ខ្ញុំ​មាន​ពរ​​ក្នុង​ការរកឃើញ​ជីដូនជីតា​ជាច្រើន​នាក់ ដែល​ខ្ញុំ​មាន​ទំនុកចិត្ត​ថា ពួកគាត់​ត្រៀម​ខ្លួន​រួចរាល់ ដើម្បី​ចុះ​សេចក្តីសញ្ញា​ជាមួយ​ព្រះ ហើយ​ទទួល​ពិធីបរិសុទ្ធ​ចាំបាច់​នានា​របស់​ពួកគាត់ ។ ជាច្រើនលើកច្រើនគ្រា ខ្ញុំ​បាន​ដឹង​ថា ប្រសិនបើ​ខ្ញុំ​កំពុង​ធ្វើ​គម្រោង​ដ៏​ស្មុគ​ស្មាញ​​មួយ ហើយ​ខ្ញុំ​គ្មាន​ពេលវេលា អស់​កម្លាំង ហើយ​ចាល់​គំនិត តែ​ប្រសិនបើ​ខ្ញុំ​នឹង​លះបង់​ពេលវេលា​តាមរយៈ​ការរក​ព័ត៌មាន​ដែល​ចាំបាច់​សម្រាប់​ពិធីបរិសុទ្ធ​របស់​ជីដូនជីតា​មួយ​ចំនួន ឬ​តាមរយៈ​ការទៅ​ព្រះវិហារ​បរិសុទ្ធ​ធ្វើ​ពិធីជំនួស​សម្រាប់​ពួកគេ នោះ​ស្ថានសួគ៌​បាន​បើក ហើយ​ថាមពល និង​គំនិត​បាន​ចាប់ផ្តើម​កើត​មាន​ឡើង​វិញ ។ ទីបំផុត ខ្ញុំ​មាន​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​ធ្វើកិច្ចការ​នោះ​ចប់​ពីមុន​ថ្ងៃ​កំណត់​របស់​ខ្ញុំ ។ វា​ពិត​ជា​ពុំ​អាច​កើត​ឡើង​ឡើយ ប៉ុន្តែ​វា​បាន​កើត​ឡើង​រៀងរាល់​ពេល ។ កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង ពង្សប្រវត្តិ​ផ្តល់​អំណរ​ដល់​ខ្ញុំ ដែល​លោកិយ​នេះ​ពុំ​អាច​ផ្តល់​ឲ្យ​បាន​ឡើយ ។

កិច្ចការ​ពង្សប្រវត្តិ និង​ការ​ផ្សព្វផ្សាយ​សាសនា

ប្រធាន ណិលសុន ៖ ប្រសិនបើ​ខ្ញុំ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​បច្ចុប្បន្ន​នេះ មិត្តភក្តិ​ស្និទ្ធស្នាល​ខ្ញុំ​ពីរ​នាក់​នៅក្នុង​វួដ ឬ​សាខា​ដែល​ខ្ញុំ​បម្រើ​នោះ​គឺ អ្នក​ដឹកនាំ​បេសកកម្ម​វួដ និង​អ្នក​ផ្តល់​ប្រឹក្សា​ខាង​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។

មនុស្ស​មាន​បំណង​ប្រាថ្នា​តាំង​ពី​កំណើត​ដើម្បី​ចង់​ដឹង​អ្វី​មួយ​ពី​ជីដូនជីតា​របស់​ពួកគេ ។ នោះ​គឺ​ជាឱកាស​ដ៏​ប្រពៃ​សម្រាប់​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​យើង ។ ពេល​អ្នកផ្សព្វផ្សាយ​សាសនា​រៀន​ស្រឡាញ់​មនុស្ស​ដែល​ពួកគេ​បង្រៀន នោះ​ពួកគេ​នឹង​សួរ​អំពី​គ្រួសារ​របស់​អ្នក​ទាំង​នោះ ។ « តើ​ឪពុក​ម្តាយ​របស់​អ្នក​នៅរស់​ដែរ​ឬទេ ? តើ​លោកតា​លោកយាយ​របស់​អ្នក​នៅរស់​ដែរ​ឬទេ ? តើ​អ្នក​ស្គាល់​លោកតា​លោកយាយ​ទាំង​បួន​របស់​អ្នក​ដែរ​ឬទេ ? ការសន្ទនា​នឹង​មាន​យ៉ាង​ងាយ នៅពេល​អស់​អ្នក​ដែល​និយាយ​ជាមួយ​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​នោះ ត្រូវបាន​អញ្ជើញ​ឲ្យ​និយាយ​អំពី​មនុស្ស​ដែល​ពួកគេ​ស្រឡាញ់ ។

នៅ​ពេល​នោះ វា​គឺ​ជា​ឱកាស​សម្រាប់​អ្នក​ផ្សព្វផ្សាយ​សាសនា រួមទាំង​សមាជិក​ដែល​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​សួរ​ថា « តើ​អ្នក​ស្គាល់​លោកតា​លោក​យាយ​ទួត​របស់​អ្នក​ដែរ​ឬ​ទេ ? តើ​អ្នក​ស្គាល់​ឈ្មោះ​ពួកគាត់​ដែរ​ឬ​ទេ ? » ឱកាស​នោះ​សាសនាគន់ការី​នឹង​ពុំ​ស្គាល់​ឈ្មោះ​លោកតា​លោកយាយ​ទួត​ទាំង​ប្រាំ​បី​របស់​ពួកគេ​ឡើយ ។

ដូច្នេះ​អ្នកផ្សព្វផ្សាយសាសនា​អាច​ផ្តល់​យោបល់​ដូច្នេះ ៖ « ខ្ញុំ​ស្គាល់​មិត្តភក្តិ​ម្នាក់​នៅ​ព្រះវិហារ​ដែល​អាច​ជួយ​អ្នក​បាន ។ បើ​យើង​អាច​រកឃើញ​ឈ្មោះ​លោកតា​លោក​យាយ​ទួត​របស់​អ្នក​បាន​ខ្លះៗ ឬ​ទាំងអស់ តើ​អ្នក​នឹង​ចំណាយ​ពេលពីរ​បី​ម៉ោង​ដើម្បី​ស្វែងរក​ថា តើ​នរណា​ជា​ជីដូន​ជីតា​ទួត​របស់​អ្នក​ដែរ​ឬ​ទេ ? » ប្រាកដ​ណាស់ មិត្ត​ភក្ដិ​នៅព្រះវិហារនោះគឺជាអ្នកប្រឹក្សាយោបល់ខាងព្រះវិហារបរិសុទ្ធ និង​ពង្សប្រវត្តិ ។

ស៊ិស្ទើរ ណិលសុន ៖ ខ្ញុំ​គិត​ថា វា​អាច​ជា​ការលួងលោម​ចិត្ត​ដល់​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​យើង ក្នុងការ​ដឹង​ថា​ពួកគេ​ពុំ​នៅតែ​ឯង​ឡើយ ពេល​ពួកគេ​ស្វែងរក និង​បង្រៀន​អស់​អ្នក​ដែល​ទទួល​សេចក្ដីពិត​នៃ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​បានស្តារ​ឡើង​វិញ​នេះ ។ ប្រធាន ចច ឃ្យូ ខានុន ( ១៨២៧–១៩០១ ) ដែល​បាន​បម្រើ​ជា​ទីប្រឹក្សា​របស់​ប្រធាន​ទី​បួន​នៃ​សាសនាចក្រ​បាន​បង្រៀន​ថា នៅថ្ងៃ​ចុង​ក្រោយ​នេះ អស់​អ្នក​ដែល​ចូលរួម​ព្រះវិហារ​កំពុង​ចូលរួម​យ៉ាង​ពិតប្រាកដ ពីព្រោះ​ជីដូនជីតា​របស់​ពួកគេ​បាន​អធិស្ឋាន​សូម​ឲ្យ​មាន​ពូជពង្ស​របស់​ពួកគេ​ណា​ម្នាក់​ចូលរួម​សាសនាចក្រ​នេះ ដើម្បី​ឲ្យ​ពួកគេ​អាច​ទទួល​ពិធីបរិសុទ្ធ​ដ៏​ចាំបាច់​របស់​ខ្លួន​តាមរយៈ​ពិធីជំនួស ។

ភាពតម្កើងឡើង ៖ កិច្ចការ​គ្រួសារ

Family outside the Accra Ghana Temple

ប្រធាន ណិលសុន ៖ ភាពតម្កើងឡើង​គឺ​ជា​កិច្ចការ​គ្រួសារ ។ មានតែ​តាម​រយៈ​ពិធីបរិសុទ្ធ​នៃ​សេចក្តីសង្គ្រោះ​នៃ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ​ទើប​ក្រុមគ្រួសារ​អាច​ត្រូវបាន​តម្កើង​ឡើង ។ នៅ​ចុង​បញ្ចប់​នៃ​ការព្យាយាម​របស់​យើង​នោះ​គឺ​ថា យើង​មាន​ភាពរីករាយ​ជា​គ្រួសារ — បាន​ទទួល​ពិធី​ពិសិដ្ឋ បាន​ផ្សារភ្ជាប់ ហើយ​បាន​រៀបចំ​សម្រាប់​ជីវិតដ៏​​អស់​កល្ប​ជានិច្ច​នៅក្នុង​វត្តមាន​នៃ​ព្រះ ។

ស៊ិស្ទើរ ណិលសុន ៖ ថ្នាក់រៀន​នីមួយៗ​ដែល​យើង​ចូលរួម​នៅព្រះវិហារ គ្រប់ពេល​យើង​បម្រើ គ្រប់​សេចក្តីសញ្ញា​ដែល​យើង​ចុះ​ជាមួយ​នឹង​ព្រះ គ្រប់​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​នីមួយ​ៗដែល​យើង​ទទួល អ្វី​គ្រប់​យ៉ាង​ដែល​យើង​ធ្វើ​នៅក្នុង​សាសនាចក្រ​នេះ នាំ​យើង​ឆ្ពោះ​ទៅរក​ព្រះវិហារ​បរិសុទ្ធ ដែល​ជា​ដំណាក់​នៃ​ព្រះអម្ចាស់ ។ មាន​អំណាចដ៏​ខ្លាំង​ដែល​មាន​សម្រាប់​គូស្វាមី​ភរិយា និង​កូនចៅ​របស់​ពួកគេ តាមរយៈ​ពិធីបរិសុទ្ធ​នៃ​ការផ្សារភ្ជាប់ ពេល​ពួកគេ​រក្សា​សេចក្តីសញ្ញា​ពួកគេ ។

ប្រធាន ណិលសុន ៖ រៀងរាល់ថ្ងៃ​យើង​ជ្រើសរើស​កន្លែង​ដែល​យើង​ចង់​រស់នៅ​ដ៏​អស់កល្ប​ជានិច្ច តាមរយៈ​របៀប​ដែល​យើង​គិត ទទួល​អារម្មណ៍ និយាយ និង​ប្រព្រឹត្ត ។ ព្រះវរបិតាសួគ៌​យើង​បាន​ប្រកាស​ថា កិច្ចការ​ និង​សិរីល្អ​របស់​ទ្រង់​គឺ​នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្បជានិច្ច​ដល់​មនុស្ស ( សូមមើល ម៉ូសេ ១:៣៩ ) ។ ប៉ុន្តែ​ទ្រង់ សព្វ​ព្រះទ័យ ឲ្យ​យើង​ជ្រើសរើស​ត្រឡប់​ទៅរក​ទ្រង់​វិញ ។ ព្រះ​នឹង​មិន​បង្ខំ​យើង​ឡើយ ។ កម្រិត​ជាក់​លាក់​ដែល​យើង​រក្សា​សេចក្តីសញ្ញា​របស់​យើង​បង្ហាញ​ទ្រង់​ពី​ទំហំ​ចិត្ត ដែល​យើង​ចង់​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​នឹង​ទ្រង់​វិញ ។ រៀងរាល់​ថ្ងៃ​មាន​អ្វីៗ​ជាច្រើន​ដែល​នាំ​​ឲ្យ​យើង​ខិតជិត ឬ​ចេញ​ឆ្ងាយ​ពី​លទ្ធភាព​ដែល​អាច​ទទួល​សិរីល្អ​នៃ​ជីវិត​អស់កល្ប​ជានិច្ច​របស់​យើង​បាន ។ យើង​ម្នាក់ៗ​ត្រូវ​រក្សា​សេចក្តីសញ្ញា​របស់​យើង ប្រែចិត្ត​រាល់ថ្ងៃ ហើយ​ព្យាយាម​ប្រែក្លាយ​ឲ្យ​កាន់​តែ​ដូចជា​ព្រះអង្គសង្គ្រោះ​យើង ។ បន្ទាប់​ពី​នោះ​មក ក្រុម​គ្រួសារ​អាច​រស់នៅ​ជាមួយ​គ្នា​ជា​និរន្ដរ៍ ។

ស៊ិស្ទើរ ណិលសុន ៖ នេះ​ជា​ទីបន្ទាល់​របស់​ខ្ញុំ​ថា មិន​ថា​ជីវិត​អ្នក​មាន​ភាពអស្ចារ្យ​ប៉ុណ្ណា​ក្នុង​ពេល​នេះ​ឡើយ ឬ​អ្នក​បាក់ទឹកចិត្ត ហើយ​ខូចចិត្ត​ខ្លាំង​ប៉ុណ្ណា​នោះ​ទេ ការចូល​ប្រឡូក​របស់​អ្នក​នៅក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​នឹង​ធ្វើ​ឲ្យ​ស្ថាន​ភាព​ទាំង​នោះ​បាន​ប្រសើរ​ឡើង ។ តើ​អ្នក​ត្រូវការ​អ្វីខ្លះ​នៅក្នុង​ជីវិត​នា​ពេល​នេះ ? ត្រូវការ​សេចក្តីស្រឡាញ់​បន្ថែម​ទៀត​ឬ? ត្រូវការ​អំណរ​បន្ថែម​ទៀត​ឬ ? ត្រូវការ​ការគ្រប់គ្រង​ខ្លួន​ឯង​កាន់តែច្រើន​ឬ ? ត្រូវការ​ភាព​សុខសាន្ដ​បន្ថែម​ទៀត​ឬ ? ត្រូវការ​ឱកាស​ដ៏​មាន​ន័យ​ច្រើន​ទៀត​ឬ ? ត្រូវការ​អារម្មណ៍​បន្ថែម​ដែល​ថា ​អ្នក​កំពុង​មាន​ការផ្លាស់ប្តូរ​ឬ ? ត្រូវការ​ភាពសប្បាយ​រីករាយ​បន្ថែម​ទៀត​ឬ ? ត្រូវការ​ចម្លើយ​បន្ថែម​ចំពោះ​សំណួរ​ខាង​ព្រលឹង​របស់​អ្នក​ឬ ? ត្រូវការ​ទំនាក់ទំនង​ចិត្ត និង​ចិត្ត​បន្ថែម​ទៀត​ជាមួយ​អ្នកដទៃ​ឬ ? ត្រូវការ​ការយល់​ដឹង​បន្ថែម​ទៀត អំពី​អ្វី​ដែល​អ្នក​កំពុង​អាន​នៅក្នុង​ព្រះគម្ពីរ​ឬ ? ត្រូវការ​សមត្ថភាព​បន្ថែម​ដើម្បី​ស្រឡាញ់ និង​អភ័យទោស​ឬ ? ត្រូវការ​សមត្ថភាព​បន្ថែម​ដើម្បី​អធិស្ឋាន​ដោយ​អំណាច​ឬ ? ត្រូវការ​ការបំផុស​គំនិត និង​គំនិត​ច្នៃប្រឌិត​បន្ថែម​សម្រាប់​ការងារ និង​គម្រោង​ផ្សេង​ទៀត​របស់​អ្នក​ឬ ? ត្រូវការ​ពេលវេលា​បន្ថែម​សម្រាប់​អ្វី​ដែល​ពិត​ជា​សំខាន់​មែន​ឬ ?

ខ្ញុំ​សូម​អង្វរ​អ្នក​ឲ្យ​លះបង់​ពេលវេលា​សម្រាប់​ព្រះអម្ចាស់ តាមរយៈ​ការចំណាយ​ពេល​វេលា​អ្នក​ឲ្យ​ច្រើន​លើ​ការធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ រួច​រង់​ចាំ​មើល​ពី​អ្វី​ដែល​កើត​ឡើង ។ វា​ជា​ទីបន្ទាល់​របស់​ខ្ញុំ​ថា ពេល​យើង​បង្ហាញ​ព្រះអម្ចាស់​ថា យើង​យកចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​ជួយ​ដល់​ជីដូនជីតា​របស់​យើង នោះ​ស្ថានសួគ៌​នឹង​បើក​ឡើង ហើយ​យើង​នឹង​ទទួល​បាន​នូវ​អ្វីៗ​ទាំងអស់​ដែល​យើង​ត្រូវការ ។

ប្រធាន ណិលសុន ៖ យើង​អាច​ទទួល​បាន​ការបំផុស​គំនិត​ពេញ​មួយ​ថ្ងៃ​អំពី​បទពិសោធន៍​នៃ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ពី​អ្នក​ដទៃ ។ ប៉ុន្តែ​យើង​ត្រូវតែ​ធ្វើ​អ្វី​មួយ​ដើម្បី​ទទួល​បាន​បទពិសោធន៍​នៃ​អំណរ​នោះ​ដោយ​ខ្លួន​យើង​ផ្ទាល់ ។ ខ្ញុំ​សូម​អញ្ជើញ​យើង​ម្នាក់ៗ​ឲ្យ​ចែកចាយ​បន្ដ​ការតាំង​ចិត្ត​នេះ​ដល់​គ្នា​យើង​ម្នាក់ៗ ដើម្បី​ឲ្យ​អារម្មណ៍​ដ៏អស្ចារ្យ​នៃ​កិច្ចការ​នេះ​អាច​បន្ត និង​កាន់តែ​រីកចម្រើន​ឡើង ។ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ពិចារណា​ដោយ​ការអធិស្ឋាន​អំពី​ការលះបង់​ណា​មួយ — ហើយ​សំខាន់​បំផុត​នោះ​គឺ​ការលះបង់​ពេលវេលា — ដែល​បងប្អូន​អាច​ធ្វើ​បាន ដើម្បី​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​បន្ថែម​ទៀត​ក្នុង​ឆ្នាំ​នេះ ។យើងចុះប្រឡូកក្នុងកិច្ចការនៃព្រះដ៏មានមហិទ្ធិឫទ្ធិ

 ។ ទ្រង់​មាន​ព្រះជន្ម​រស់ ។ ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ ។ នេះ​គឺ​ជា​សាសនាចក្រ​របស់​ទ្រង់ ។ យើង​គឺជា​កូនចៅ​ក្នុង​សេចក្តីសញ្ញា​របស់​ទ្រង់ ។ ទ្រង់​អាច​ពឹងពាក់​លើ​យើង ។

កំណត់ចំណាំ

  1. សូមមើល ហ្គរដុន ប៊ី ហ៊ិងគ្លី « A Prophet’s Counsel and Prayer for Youth » Liahona, ខែ មេសា ឆ្នាំ ២០០១ ទំព័រ ៣០–៤១ ។

  2. សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « អេលីយ៉ា » ។

  3. រ័សុល អិម ណិលសុន « A New Harvest Time » Ensign, ខែ ឧសភា ឆ្នាំ ១៩៩៨ ទំព័រ ៣៤ ។

  4. សូមមើល « សរសើរដល់លោក » ទំនុកតម្កើង លេខ ១៦ ។

  5. សូមមើល Gospel Truth: Discourses and Writings of President George Q. Cannon ចងក្រង​ដោយ Jerreld L. Newquist វ៉ុល ២ ( ១៩៧៤ ) ជំពូក ២ ទំព័រ ៨៨–៨៩ ។