សម្រាប់តែឌីជីថលប៉ុណ្ណោះ ៖ ពួកយុវមជ្ឈិមវ័យ
ការប្រើប្រាស់ឈ្មោះពេញលេញរបស់សាសនាចក្រ គឺប្លែក ប៉ុន្តែវាសំខាន់ណាស់
ការធ្វើតាមសេចក្តីណែនាំរបស់ព្យាការីហាក់ដូចជាសាមញ្ញ ប៉ុន្តែ វាបែរជាត្រូវប្រើការខិតខំដែលខ្ញុំមិនដែលរំពឹងទុកឡើយ ។
នៅពេលប្រធាន ណិលសុន បានមានប្រសាសន៍អំពីការប្រើប្រាស់ឈ្មោះត្រឹមត្រូវរបស់សាសនាចក្រនៅក្នុងសន្និសីទទូទៅ ខែតុលា ឆ្នាំ ២០១៨ សារលិខិតរបស់លោកគឺច្បាស់ណាស់ចំពោះខ្ញុំថា ៖ « វាគឺជាបទបញ្ញតិ្តរបស់ព្រះអម្ចាស់ ។…
« ការដកយកព្រះនាមរបស់ព្រះអម្ចាស់ចេញពីសាសនាចក្ររបស់ព្រះអម្ចាស់គឺជាជោគជ័យដ៏ធំមួយសម្រាប់សាតាំង ។ ( ឈ្មោះត្រឹមត្រូវរបស់សាសនាចក្រ » លីអាហូណាខែវិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៧, ៨៨ ) ។
ខ្ញុំបានដឹងថា ខ្ញុំត្រូវគិតឡើងវិញម្តងទៀតពីរបៀបដែលខ្ញុំសន្ទនាជាមួយមនុស្សនៅជុំវិញខ្លួនខ្ញុំ ដោយបូករួមទាំងអតិថិជនមួយចំនួននៅកន្លែងធ្វើការរបស់ខ្ញុំដែលធ្លាប់តែហៅខ្ញុំថា « ពួកមរមន » និងសមាជិកនៃ « សាសនាចក្រមរមន » ។
ការប្តេជ្ញាចិត្តប្រើប្រាស់ឈ្មោះពេញលេញរបស់សាសនាចក្រ ខ្ញុំបានរង់ចាំឱកាសថ្មីដើម្បីប្រកាសភាពជាសមាជិករបស់ខ្ញុំនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវ គ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ពិតប្រាកដណាស់ ឱកាសនោះបានមកដល់ ជាថ្មីម្តងទៀតនៅក្នុងបរិបទអាជីវកម្ម ។ អតិថិជនដ៏មានសក្តានុពលម្នាក់បានប្រាប់ខ្ញុំថា « ពួកអ្នកដែលជាពួកមរមនគឺជាមនុស្សដែលមានចិត្តល្អណាស់ » ។ ខ្ញុំបានឆ្លើយថា « ពិតណាស់ សូមអរគុណ » ។ « ក្នុងនាមជាសមាជិក នៃសាសនាចក្រនៃព្រះ យេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ យើងជឿថា យើងទាំងអស់គ្នាគឺជាបងប្អូនប្រុសស្រី » ។ បន្ទាប់មក ការសន្ទនាបានបន្តរវាងគាត់ និងមនុស្សគ្រប់គ្នាទៀតនិយាយអំពីសន្តានចិត្តល្អរបស់ « ពួកមរមន » ។
ទោះបីជា ខ្ញុំបានធ្វើផ្នែករបស់ខ្ញុំក្តីនៅក្នុងការនិយាយឈ្មោះពេញលេញរបស់សាសនាចក្រ ក៏ខ្ញុំនៅតែមានអារម្មណ៍ថាមានអ្វីមួយចម្លែកដែរ ។ មិត្តភក្តិរបស់ខ្ញុំ និងសហការីធ្វើការជាមួយនៅតែមើលមកខ្ញុំថាជាផ្នែកមួយនៃ « សាសនាចក្រមរមន » ហើយមិនចាំបាច់ធ្វើជាអ្នកដើរតាមព្រះគ្រីស្ទនោះទេ សូមធ្វើជាសមាជិកតែម្នាក់ឯងនៃសាសនាចក្រដែលបានស្តារឡើងវិញរបស់ព្រះគ្រីស្ទ ។
តើវាសមនឹងបញ្ហាឬទេ ?
បន្ទាប់ពីការធ្វើសកម្មភាពជាច្រើនដងពីជំនឿរបស់ខ្ញុំ ខ្ញុំបានឃើញថាខ្លួនឯងត្រូវបានវាយតប ពីព្រោះមកពីភាពឆ្គាំឆ្គងនៃការនិយាយឈ្មោះពេញ វែងរបស់សាសនាចក្រជាច្រើនដងនៅក្នុងការសន្ទនាដដែលនេះ ។ មនុស្សគ្រប់គ្នាដែលខ្ញុំនិយាយជាមួយហាក់ដូចជាបង្ហាញខ្ញុំនូវចំណាប់អារម្មណ៍ប្លែកៗ ។ ហើយការសន្ទនានៅតែផ្តោតសំខាន់ទៅលើ « ពួកមរមន » ជានិច្ច ។
ខ្ញុំបានព្យាយាមធ្វើធម្មតាៗ ។ ប៉ុន្តែរឿងនេះវាលំបាកហួសការរំពឹងទុករបស់ខ្ញុំ ជាពិសេសជាមួយបុគ្គលដែលខ្ញុំមិនចង់ឲ្យមានការអាក់អន់ចិត្តជាមួយទាំងនោះ ។ ខ្ញុំមិនចង់មានរឿងខ្មាសអៀន ឬអន់ចិត្តអំពីការរស់នៅតាមសេចក្តីជំនឿរបស់ខ្ញុំនោះទេ ប៉ុន្តែ ខ្ញុំក៏មិនជួបការលំបាក ដោយសារបុគ្គលទាំងនេះធ្លាប់បានហៅខ្ញុំថា « មរមន » ដែលខ្លួនខ្ញុំធ្លាប់ទទួលយកវានោះដែរ ។ ខ្ញុំក៏បានឮថាសមាជិកជាច្រើននៅតែហៅខ្លួនឯង ហើយសមាជិកដទៃទៀតនៃសាសនាចក្រហៅថា « ពួកមរមន » នៅក្នុងការប្រជុំជាច្រើន និងបរិបទផ្សេងៗទៀត ។
ខ្ញុំបានសួរខ្លួនឯងថា តើការហៅឈ្មោះពេញរបស់សាសនាចក្រពិតជាសំខាន់បែបនោះពិតប្រាកមែន នៅពេលគិតពីអ្វីៗផ្សេងទៀតនោះ ។ ពាក្យថា « មរមន » ហាក់ដូចជាម៉ាកយីហោ ជាវិជ្ជមាននៅក្នុងគំនិតរបស់មនុស្សជាច្រើន — ការធ្វើជា « មរមន » តែងតែផ្តល់អត្ថប្រយោជន៍ដល់ខ្ញុំជាច្រើន ។ ប៉ុន្តែ នៅពេលធ្វើកំណែតាមសុន្ទរកថារបស់ប្រធាន ណិលសុន ខ្ញុំមានការស្ងប់ស្ងែងដែលរឿងនេះពិតជាសំខាន់ ទោះបីជា មានរឿងឆ្គងខ្លះនៅក្នុងការសន្ទនាក្តី ។ ដូច្នេះ ខ្ញុំក៏បានតាំងចិត្តរបស់ខ្ញុំជាថ្មីម្តងទៀត ។
ការផ្លាស់ប្តូរដើម្បីថ្លែងពីព្រះគ្រីស្ទ
នៅពេលក្រោយ នៅពេលដែលខ្ញុំប្រើឈ្មោះពេញរបស់សាសនាចក្រ ខ្ញុំបានកំពុងទៅលេងមិត្តភក្តិម្នាក់ដែលកាន់សាសនាផ្សេង ។ មានមនុស្សម្នាក់បានមកជួបខ្ញុំ ដោយមានស្នាមញញឹមដ៏ធំ រួចក៏សួរខ្ញុំក្រែងខ្ញុំជាពួកមរមន ។ ខ្ញុំបានឆ្លើយថា « ខ្ញុំជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ » ។ គាត់ចាប់ផ្តើមសួរខ្ញុំជាច្រើនសំណួរ សំណួរនិមួយៗចាប់ផ្តើមជាមួយ ៖ « តើសាសនាចក្រមរមនជឿលើ … ? » ហើយរាល់ពេលខ្ញុំចាប់ផ្តើមជាមួយចម្លើយដែលមានឃ្លា « នៅក្នុងសាសនាចក្រដែលបានស្តារឡើងវិញរបស់ព្រះគ្រីស្ទ យើងជឿ … »
ការសន្ទនានេះនិយាយចុះឡើងៗបួនប្រាំដង។ នៅពេលដែលគាត់បានដឹងថា ខ្ញុំមិនទទួលយកឈ្មោះហៅថា « មរមន » គាត់បានសួរខ្ញុំចំៗថា « អ្នកឯងមិនមែនជាមរមនទេឬ ? »
ដូច្នេះ ខ្ញុំក៏សួរគាត់ថាគាត់ស្គាល់មរមនជានរណាដែរឬទេ — គាត់មិនស្គាល់ទេ ។ ខ្ញុំក៏បានប្រាប់គាត់ថា មរមន គឺជាព្យាការី ហើយជាហោរាប្រវត្តិវិទូ ជាមេទ័ព និងជាឥស្សរជននយោបាយនៅអាមេរិកពីបុរាណ ។ ខ្ញុំមានការគោរពដែលបានធ្វើជាសមាជិកជាមួយបុរសដែលបានធ្វើពលិកម្មក្នុងការបម្រើដល់ព្រះ និងមនុស្សដទៃ ។
ខ្ញុំបានបន្ត « ប៉ុន្តែ មរមនមិនបានស្លាប់ដោយសារអំពើបាបរបស់ខ្ញុំនោះទេ ។ មរមន មិនបានបង្ហូរឈាមជំនួសខ្ញុំឡើយ ឬ ទទួលរងការឈឺចាប់នៅក្នុងសួនគែតសេម៉ានី ឬសុគតនៅលើឈើឆ្កាងជំនួសខ្ញុំដែរ ។ មរមន មិនមែនជាព្រះទេ ។ ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរបស់ខ្ញុំ ហើយជាព្រះអង្គសង្រ្គោះរបស់ខ្ញុំ ។ ទ្រង់គឺជាព្រះប្រោសលោះរបស់យើង ។ ហើយដោយសារព្រះនាមរបស់ទ្រង់ ដែលខ្ញុំចង់ឲ្យគេស្គាល់នៅថ្ងៃចុងក្រោយ ហើយដោយសារព្រះនាមទ្រង់ដែលខ្ញុំសង្ឃឹមថាគេស្គាល់នៅសព្វថ្ងៃនេះ ។
ខ្ញុំមានអារម្មណ៍ជឿជាក់លើព្រះវិញ្ញាណដែលគាំទ្រដល់ខ្ញុំនៅក្នុងការថ្លែងទីបន្ទាល់ដ៏ខ្លីនេះជាមួយមនុស្សដែលខ្ញុំទើបបានជួប ។ បន្ទាប់ពីស្ងាត់អស់ពីរបីនាទីមក គាត់បាននិយាយថា « ដូច្នេះ អ្នកគឺជាគ្រីស្ទាន » ។
ខ្ញុំបានឆ្លើយថា « ចា៎ស ខ្ញុំគឺជាគ្រីស្ទាន ហើយខ្ញុំជាសមាជិកនៃសាសនាចក្រដែលបានស្តារឡើងវិញរបស់ព្រះគ្រីស្ទ » ។
ការធ្វើតាមសេចក្តីណែនាំរបស់ព្យាការីហាក់ដូចជាសាមញ្ញ ប៉ុន្តែ វាបែរជាត្រូវប្រើការខិតខំដែលខ្ញុំមិនដែលរំពឹងទុកឡើយ ។ ខ្ញុំនៅតែមិនល្អឥតខ្ចោះនៅក្នុងការធ្វើតាមអ្វីៗគ្រប់យ៉ាង ដែលខ្ញុំត្រូវបានសូមឲ្យធ្វើតាមនោះទេ ។ ប៉ុន្តែរាល់ករណី ឥឡូវនេះ ខ្ញុំត្រូវប្រាកដថា ប្រើឈ្មោះពេញរបស់សាសនាចក្រ ។
ខ្ញុំមានអំណរគុណចំពោះព្រះវិញ្ញាណដែលខ្ញុំទទួល នៅពេលខ្ញុំត្រូវថ្លែងទីបន្ទាល់ចំពោះមនុស្សដទៃអំពីព្រះអង្គសង្រ្គោះរបស់ខ្ញុំ និងសមាជិកភាពរបស់ខ្ញុំក្នុងសាសនាចក្រទ្រង់ ។ ហើយឥឡូវនេះ ខ្ញុំមានរបៀបដ៏អស្ចារ្យដើម្បីថ្លែងពីទ្រង់ និងសាសនាចក្ររបស់ទ្រង់ដែលបានស្តារឡើងវិញដោយងាយស្រួល នៅពេលណាដែលគេសួរខ្ញុំការធ្វើជា « មរមន » នោះ ។