អនាគតរបស់សាសនាចក្រ ៖ ការរៀបចំពិភពលោកសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយកំពុងតែរៀបចំពិភពលោកសម្រាប់ថ្ងៃដែល « គ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ា នៅពេញពាសលើផែនដី » ( អេសាយ ១១:៩ ) ។
អ្នក និងខ្ញុំបានចូលរួមនៅក្នុងការស្ដារឡើងវិញដែលកំពុងកើតឡើងនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ វាអស្ចារ្យណាស់ ! វាមិនមែនបង្កើតឡើងដោយមនុស្សទេ ។ វាមកពីព្រះអម្ចាស់ ដែលមានបន្ទូលថា « យើងនឹងពន្លឿនកិច្ចការរបស់យើងឲ្យឆាប់កើតនៅពេលកំណត់ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៨:៧៣ ) ។ កិច្ចការនេះត្រូវបានផ្ដល់អំណាចឲ្យដោយការប្រកាសដ៏ទេវភាពមួយកាលពី ២០០ ឆ្នាំមុន ។ ការប្រកាសនោះមានតែដប់ពីរពាក្យប៉ុណ្ណោះ ៖ « នេះជាព្រះរាជបុត្រាដ៏ស្ងួនភ្ងារបស់យើង ។ ចូរស្ដាប់តាមទ្រង់ចុះ ! » ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៧ ) ។
ការប្រកាសនោះត្រូវបានបន្លឺឡើងដោយព្រះដ៏ប្រកបដោយមហិទ្ធិឫទ្ធិ បាននាំយ៉ូសែប ស្ម៊ីធ ដ៏ក្មេងខ្ចីមកកាន់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ ដប់ពីរពាក្យនោះបានបើកផ្លូវដល់ការស្ដារឡើងវិញរបស់ដំណឹងល្អរបស់ទ្រង់ ។ ហេតុអ្វី ? ដ្បិតព្រះដ៏មានព្រះជន្មរស់របស់យើងគឺជាព្រះដែលប្រកបដោយសេចក្ដីស្រឡាញ់ ! ទ្រង់មានព្រះទ័យចង់ឲ្យបុត្រាបុត្រីទ្រង់ទទួលបានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ច ! កិច្ចការដ៏អស្ចារ្យនៅថ្ងៃចុងក្រោយ ដែលយើងជាផ្នែកមួយដែរនោះត្រូវបានស្ថាបនាហើយ តាមកាលកំណត់ ដើម្បីផ្ដល់ពរជ័យដល់ពិភពលោកដែលកំពុងរង់ចាំ និងដែលពោរពេញទៅដោយសោកនាដកម្ម និងភាពសោកសៅ ។
ខ្ញុំពុំអាចនិយាយពីការស្ដារឡើងវិញដោយមិនរំភើបនោះទេ ។ ការពិតនៃប្រវត្តិសាស្ត្រនេះគឺពិតជាអស្ចារ្យណាស់ ! វាគួរឲ្យស្ងើចណាស់ ! វាគួរឲ្យរំភើបណាស់ ! តើវាអស្ចារ្យយ៉ាងណាដែលសារទូតពីស្ថានសួគ៌បានមកដើម្បីផ្ដល់សិទ្ធិអំណាច និងអំណាចដល់កិច្ចការនេះនោះ ?
សព្វថ្ងៃនេះ កិច្ចការរបស់ព្រះអម្ចាស់នៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺកំពុងតែបោះជំហានទៅមុខក្នុងល្បឿនដ៏លឿនមួយ ។ សាសនាចក្រនឹងមានអនាគតដែលមិនធ្លាប់មានពីមុនមក និងមិនអាចប្រៀបផ្ទឹមបាន ។ « សេចក្តីដែលភ្នែកមិនដែលឃើញ ត្រចៀកមិនដែលឮ…គឺសេចក្តីនោះឯងដែលព្រះបានរៀបចំទុក សម្រាប់ពួកអ្នកដែលស្រឡាញ់ទ្រង់ » ( កូរិនថូស ទី១ ២:៩ សូមមើលផងដែរ គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦:១០ ) ។
សូមចាំថា ភាពពេញលេញនៃការងារបម្រើរបស់ព្រះគ្រីស្ទគឺស្ថិតនៅពេលអនាគត ។ ការព្យាករអំពីការយាងមកជាលើកទីពីររបស់ទ្រង់ពុំទាន់បានបំពេញនៅឡើយទេ ។ យើងគ្រាន់តែរៀបចំឲ្យដល់កម្រិតខ្ពស់បំផុតនៃគ្រាកាន់កាប់ត្រួតត្រាចុងក្រោយនេះប៉ុណ្ណោះ—ជាពេលដែលការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះក្លាយជាការពិតជាក់ស្តែង ។
ការប្រមូលផ្ដុំវង្សអ៊ីស្រាអែលនៅសងខាងនៃវាំងនន
ការចាប់ផ្ដើមជាមុនដ៏ចាំបាច់មុនការយាងមកជាលើកទីពីរនោះ គឺការប្រមូលផ្ដុំវង្សអ៊ីស្រាអែលដែលបានខ្ចាត់ព្រាត់ដែលបានរង់ចាំជាយូរអង្វែងមកហើយ ( សូមមើល នីហ្វៃទី១ ១៥:១៨ សូមមើលផងដែរ ទំព័រចំណងជើងនៃព្រះគម្ពីរមរមន ) ។ គោលលទ្ធិនៃការប្រមូលផ្ដុំនេះ គឺជាការបង្រៀនមួយដ៏សំខាន់របស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ព្រះអម្ចាស់បានប្រកាស ៖ « យើងឲ្យដល់អ្នករាល់គ្នានូវទីសម្គាល់មួយ. …គឺយើងនឹងប្រមូលរាស្ត្រយើងមកវិញ បន្ទាប់ពីគេត្រូវបានខ្ចាត់ព្រាត់អស់ពេលដ៏យូរ ឱវង្សអ៊ីស្រាអែលអើយ ហើយនឹងតាំងក្រុងស៊ីយ៉ូនរបស់យើង » ( នីហ្វៃទី៣ ២១:១ ) ។
យើងមិនគ្រាន់តែបង្រៀនពីគោលលទ្ធិនេះប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ចូលរួមចំណែកនៅក្នុងកិច្ចការនេះដែរ ។ យើងធ្វើដូច្នេះ នៅពេលយើងជួយប្រមូលអ្នករើសតាំងរបស់ព្រះអម្ចាស់នៅផ្នែកទាំងសង្ខាងនៃវាំងនន ។ ដោយជាផ្នែកនៃជោគវាសនាដែលបានរៀបចំទុកនៃផែនដីនេះ និងប្រជាជនរបស់ផែនដី នោះសាច់ញាតិដែលបានទទួលមរណភាពទៅហើយរបស់យើងគឺត្រូវតែត្រូវបានសង្គ្រោះ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:១៥ ) ។ ដោយក្តីមេត្តា នោះការអញ្ជើញឲ្យ « មករកព្រះគ្រីស្ទ » ( យ៉ាកុប ១:៧; មរ៉ូណៃ ១០:៣២; គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៥៩ ) ក៏អាចអញ្ជើញទៅដល់ពួកអ្នកបានទទួលមរណភាពទៅហើយដោយពុំមានការចេះដឹងពីដំណឹងល្អផងដែរ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៧:៦–៨ ) ។ ទោះយ៉ាងណា ផ្នែកនៃការរៀបចំរបស់ពួកគេតម្រូវឲ្យមានកិច្ចខិតខំរបស់អ្នកផ្សេងទៀតនៅលើផែនដី ។ « យើងប្រមូលបញ្ជីពង្សាវលី បង្កើតតារាងក្រុមគ្រួសារ ហើយធ្វើកិច្ចការព្រះវិហារបរិសុទ្ធជំនួស ដើម្បីប្រមូលបុគ្គលទាំងឡាយទៅរកព្រះអម្ចាស់ និង រួបរួមជាមួយក្រុមគ្រួសាររបស់ពួកគេ ( សូមមើល កូរិនថូស ទី១ ១៥:២៩; ពេត្រុស ទី១ ៤:៦ ) ។
ភាពបរិសុទ្ធចំពោះព្រះអម្ចាស់ ដោយ ជេ ប្រាយអិន វួដ ហាមថតចម្លង
ក្រុមគ្រួសារគឺត្រូវផ្សារភ្ជាប់ជាមួយគ្នាអស់កល្បជានិច្ច ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ២:២–៣; ៤៩:១៧; ១៣៨:៤៨; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៩ ) ។ តំណរនៃការផ្សាភ្ជាប់គ្នាគឺត្រូវបានបង្កើតឡើងរវាងបុព្វការីជន និងកូនចៅ ។ នៅក្នុងជំនាន់របស់យើង ការរួបរួមទាំងមូល ដ៏ពេញលេញ និងឥតខ្ចោះនៃគ្រាកាន់កាប់ត្រួតត្រា កូនសោ និងអំណាចទាំងអស់ គឺត្រូវផ្សារភ្ជាប់គ្នា ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:១៨ ) ។ ដោយសារតែគោលបំណងដ៏ពិសិដ្ឋទាំងនេះ នោះព្រះវិហារបរិសុទ្ធដ៏បរិសុទ្ធទាំងឡាយត្រូវបានសាងសង់នៅទូទាំងផែនដីនេះ ។ ខ្ញុំសូមបញ្ជាក់ជាថ្មីថា ការសាងសង់ព្រះវិហារបរិសុទ្ធទាំងនេះប្រហែលជាពុំអាចផ្លាស់ប្ដូរជីវិតបងប្អូនបានទេ ប៉ុន្តែពេលវេលាដែលបងប្អូនចំណាយក្នុងព្រះវិហារបរិសុទ្ធនឹងផ្លាស់ប្ដូរជីវិតរបស់បងប្អូន ។
ពេលវេលាគឺមកដល់ហើយ ពេលដែលពួកអ្នកមិនគោរពតាមព្រះអម្ចាស់នឹងត្រូវបានបំបែកចេញពីពួកអ្នកដែលគោរព ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៦:១–៧ ) ។ ការធានារ៉ាប់រងដ៏មានសុវត្ថិភាពបំផុតរបស់យើង គឺដើម្បីបន្តមានភាពសក្ដិសមដើម្បីបានចូលក្នុងដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់ ។ អំណោយទានដ៏អស្ចារ្យបំផុតដែលអ្នកអាចថ្វាយដល់ព្រះអម្ចាស់ គឺដើម្បីរក្សាខ្លួនអ្នកកុំឲ្យប្រឡាក់នឹងលោកិយ មានភាពសក្ដិសមដើម្បីចូលរួមក្នុងដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់ ។ អំណោយរបស់ទ្រង់ដល់យើងនោះគឺជាសេចក្តីសុខសាន្តពីការដឹងថា យើងត្រូវបានរៀបចំដើម្បីជួបទ្រង់នៅពេលដែលពេលវេលាមកដល់ ។
បន្ថែមលើកិច្ចការព្រះវិហារបរិសុទ្ធ ការលេចចេញមកនៃព្រះគម្ពីរគឺជាទីសម្គាល់មួយដល់ពិភពលោកថា ព្រះអម្ចាស់បានចាប់ផ្ដើមប្រមូលវង្សអ៊ីស្រាអែល ហើយបំពេញសេចក្ដីសញ្ញាដែលទ្រង់បានធ្វើជាមួយអ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ( សូមមើល លោកុប្បត្តិ ១២:២–៣; នីហ្វៃទី៣ ២១; ២៩ ) ។ ព្រះគម្ពីរមរមនប្រកាសពីគោលលទ្ធិនៃការប្រមូលផ្ដុំ ( ជាឧទាហរណ៏ សូមមើល នីហ្វៃទី១ ១០:១៤ ) ។ វាធ្វើឲ្យមនុស្សរៀនពីព្រះយេស៊ូវគ្រីស្ទ ជឿលើដំណឹងល្អទ្រង់ ហើយចូលរួមនឹងសាសនាចក្រទ្រង់ ។ តាមពិត បើគ្មានព្រះគម្ពីរមរមនទេ នោះការប្រមូលផ្ដុំនៃវង្សអ៉ីស្រាអែលដែលបានសន្យាទុកក៏មិនកើតមានឡើងដែរ ។
កិច្ចការផ្សព្វផ្សាយសាសនាក៏សំខាន់ខ្លាំងផងដែរចំពោះការប្រមូលផ្ដុំនេះ ។ អ្នកបម្រើរបស់ព្រះអម្ចាស់ឈានទៅមុខប្រកាសពីការស្ដារឡើងវិញ ។ នៅក្នុងប្រទេសជាច្រើន សមាជិក និងពួកអ្នកផ្សព្វផ្សាយសាសនារបស់យើង បានស្រាវជ្រាវរកវង្សអ៊ីស្រាអែលដែលបានខ្ចាត់ព្រាត់ ពួកគេបានប្រមាញ់រកវង្សអ៊ីស្រាអែលចេញពី « ក្រហែងថ្មទាំងប៉ុន្មានផង » ( យេរាមា ១៦:១៦ ) ហើយពួកគេបាននេសាទពួកគេ ដូចនៅក្នុងជំនាន់បុរាណ ។
កិច្ចការផ្សព្វផ្សាយសាសនាភ្ចាប់មនុស្សទៅនឹងសេចក្ដីសញ្ញាដែលព្រះអម្ចាស់បានធ្វើជាមួយនឹងអ័ប្រាហាំពីបុរាណ ៖
« អ្នកនឹងទៅជាពរដល់ពូជអ្នកជាបន្តបន្ទាប់ទៅ ដើម្បីឲ្យពួកគេបានកាន់ការងារបម្រើ និងបព្វជិតភាពនេះដល់អស់ទាំងសាសន៍
« ហើយយើងនឹងប្រទានពរដល់ពួកគេតាមរយៈឈ្មោះអ្នក ចំពោះមនុស្សជាច្រើនដែលទទួលដំណឹងល្អនេះ នោះនឹងត្រូវបានហៅតាមឈ្មោះអ្នក ហើយនឹងត្រូវបានរាប់ថាជាពូជអ្នក ហើយនឹងក្រោកឡើង ហើយជូនពរដល់អ្នកជាឪពុករបស់គេ » ( អ័ប្រាហាំ ២:៩–១០ ) ។
កិច្ចការផ្សព្វផ្សាយសាសនាគឺគ្រាន់តែជាការចាប់ផ្ដើមនៃពរជ័យនេះប៉ុណ្ណោះ ។ ការបំពេញ ការធ្វើឲ្យចប់សព្វគ្រប់នៃពរជ័យទាំងនោះនឹងមកនៅពេលដែលពួកអ្នកដែលបានចូលក្នុងទឹកនៃបុណ្យជ្រមុជទឹក ធ្វើឲ្យជីវិតរបស់ពួកគេបានល្អប្រសើររហូតដល់ចំណុចមួយដែលពួកគេអាចចូលទៅក្នុងព្រះវិហារបរិសុទ្ធដ៏បរិសុទ្ធ ។ ការទទួលអំណោយទានពិសិដ្ឋនៅទីនោះ ផ្សារភ្ជាប់សមាជិកនៃសាសនាចក្រទៅនឹងសេចក្ដីសញ្ញាអ័ប្រាហាំ ។
ជម្រើសដើម្បីមករកព្រះគ្រីស្ទ មិនមែនជាបញ្ហានៃទីតាំងរាងកាយនោះទេ វាជាបញ្ហានៃការតាំងចិត្តរបស់បុគ្គល ។ សមាជិកទាំងអស់នៃសាសនាចក្រអាចទទួលបានគោលលទ្ធិ ពិធីបរិសុទ្ធ កូនសោបព្វជិតភាព និងពរជ័យនៃដំណឹងល្អ មិនថាពួកគេនៅទីណាឡើយ ។ មនុស្សអាច « ត្រូវបាននាំមកឲ្យស្គាល់ព្រះអម្ចាស់ » ( នីហ្វៃទី៣ ២០:១៣ ) ដោយមិនចាំបាច់ចាកចេញពីស្រុកកំណើតរបស់ពួកគេ ។
ពិតហើយ កាលពីដើមដំបូងនៃសាសនាចក្រ ការប្រែចិត្តជឿជាញឹកញាប់មានន័យថាជាការធ្វើចំណាកស្រុកផងដែរ ។ ប៉ុន្តែ ឥឡូវនេះ ការប្រមូលផ្ដុំធ្វើឡើងនៅក្នុងប្រទេសនីមួយៗ ។ ព្រះអម្ចាស់បានចេញព្រះរាជក្រិតឲ្យស្ថាបនាទីក្រុងស៊ីយ៉ូន ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៦:៦; ១១:៦ ) នៅក្នុងតំបន់នីមួយៗដែលទ្រង់បានប្រទានកំណើត និងជាតិសាសន៍ដល់ពួកបរិសុទ្ធរបស់ទ្រង់ ។ ទីកន្លែងនៃការប្រមូលផ្ដុំរបស់ពួកបរិសុទ្ធប្រេស៊ីល គឺនៅក្នុងប្រទេសប្រេស៊ីល ទីកន្លែងនៃការប្រមូលផ្ដុំរបស់ពួកបរិសុទ្ធនីហ្សេរីយ៉ា គឺនៅក្នុងប្រទេសនីហ្សេរីយ៉ា ទីកន្លែងនៃការប្រមូលផ្ដុំរបស់ពួកបរិសុទ្ធកូរ៉េ គឺនៅប្រទេសកូរ៉េ ។ ទីក្រុងស៊ីយ៉ូនគឺ « ជាអ្នកដែលមានចិត្តល្អសុទ្ធសាធ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៧:២១ ) ។ វាគឺជាកន្លែងណាដែលមានពួកបរិសុទ្ធដ៏សុចរិត ។
សុវត្ថិភាពខាងវិញ្ញាណនឹងតែងតែពឹងផ្អែកទៅលើ របៀប ដែលយើងរស់នៅជានិច្ច ពុំមែនជា ទីកន្លែង ដែលយើងរស់នៅនោះទេ ។ ខ្ញុំសន្យាថា ប្រសិនបើយើងនឹងធ្វើឲ្យអស់ពីសមត្ថភាពរបស់យើង ដើម្បីអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ហើយចូលទៅកាន់អំណាចនៃដង្វាយធួនរបស់ទ្រង់ តាមរយៈការប្រែចិត្ត នោះយើងនឹងមានចំណេះដឹង និងព្រះចេស្ដានៃព្រះដើម្បីជួយយើងនាំយកពរជ័យនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញ ទៅដល់គ្រប់ទាំងសាសន៍ គ្រប់ពូជមនុស្ស គ្រប់ភាសា និងគ្រប់ទាំងប្រជាជន ហើយដើម្បីរៀបចំពិភពលោកនេះសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ ។
ការយាងមកជាលើកទីពីរ
ព្រះអម្ចាស់នឹងយាងត្រឡប់មកដែនដីដែលទ្រង់បានធ្វើឲ្យបរិសុទ្ធដោយបេសកកម្មរបស់ទ្រង់នៅទីនោះនៅក្នុងជីវិតរមែងស្លាប់វិញ ។ ដោយជ័យជំនះ ទ្រង់នឹងយាងមកម្ដងទៀតមកកាន់យេរូសាឡិម ។ ទ្រង់នឹងយាងត្រឡប់មកទីក្រុងដ៏បរិសុទ្ធវិញ ដោយគ្រងព្រះពស្ត្រ ពណ៌ក្រហមដើម្បីតំណាងឲ្យព្រះលោហិតទ្រង់ ដែលបានហូរចេញពីគ្រប់រន្ធញើស ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៣:៤៦–៤៨ ) ។ នៅទីនោះ និងនៅកន្លែងផ្សេងទៀត « សិរីល្អនៃព្រះយេហូវ៉ានឹងសម្ដែងមក គ្រប់មនុស្សទាំងឡាយនឹងបានឃើញព្រមគ្នា » ( អេសាយ ៤០:៥ សូមមើលផងដែរ គោលលទ្ធិ និងសេចក្ដីសញ្ញា ១០១:២៣ ) ។ « គេនឹងហៅព្រះនាមទ្រង់ថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា ព្រះវបិតាដ៏គង់នៅអស់កល្ប និងជាម្ចាស់នៃមេត្រីភាព » ( អេសាយ ៩:៦ ) ។
ទ្រង់នឹងគ្រប់គ្រងចេញពីរាជធានីពីរបស់ពិភពលោក ៖ មួយគឺនៅក្នុងក្រុងយេរូសាឡិមចាស់ ( សូមមើល សាការី ១៤ ) និងមួយទៀតនៅក្នុងក្រុងយេរូសាឡិមថ្មី « នឹងត្រូវបានស្ថាបនានៅលើទ្វីបអាមេរិក » ( មាត្រានៃសេចក្ដីជំនឿ ១:១០ ) ។ ចេញពីមណ្ឌលទាំងនេះ ទ្រង់នឹងដឹកនាំកិច្ចការនៃសាសនាចក្រ និងព្រះនគររបស់ទ្រង់ ។ ព្រះវិហារបរិសុទ្ធមួយទៀតនឹងត្រូវបានសាងសង់នៅទីក្រុងយេរូសាឡិម ។ ចេញពីព្រះវិហារបរិសុទ្ធនោះ ទ្រង់នឹងគ្រងរាជជារៀងរហូតជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ។ ទឹកនឹងហូរចេញពីខាងក្រោមព្រះវិហារបរិសុទ្ធនោះ ។ ទឹកនៃសមុទ្រមរណៈនឹងត្រូវបានជាវិញ ។ ( សូមមើល អេសេគាល ៤៧:១–៨ ) ។
នៅថ្ងៃនោះ ទ្រង់នឹងមានព្រះនាមថ្មីៗ ហើយហ៊ុមព័ទ្ធដោយពួកបរិសុទ្ធដ៏ពិសេស ។ ទ្រង់នឹងត្រូវបានស្គាល់ថាជា « ព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ហើយជាស្តេចលើអស់ទាំងស្តេច ឯពួកអ្នកដែល [ នឹងនៅ ] ជាមួយនឹងទ្រង់ [ នឹងជាអ្នកដែល ] ទ្រង់បានហៅ បានរើស ហើយជាអ្នកស្មោះត្រង់ទាំងអស់គ្នា » ( វិវរណៈ ១៧:១៤ ) ដោយសារការទុកចិត្តរបស់ពួកគេនៅក្នុងជីវិតរមែងស្លាប់នោះ ។ បន្ទាប់មកទ្រង់ « នឹងសោយរាជ្យនៅអស់កល្បជានិច្ចរៀងរាបតទៅ » ( វិវរណៈ ១១:១៥ ) ។
ផែនដីនឹងត្រឡប់ទៅជាស្ថានភាពដូចស្ថានសួគ៌របស់វាវិញ ហើយនឹងត្រូវបានធ្វើឲ្យថ្មីឡើងវិញ ។ នឹងមានស្ថានសួគ៌ថ្មីមួយ និងផែនដីថ្មីមួយ ( សូមមើល វិវរណៈ ២១:១; អេធើរ ១៣:៩; គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩:២៣–២៤ ) ។
វាជាការទទួលខុសត្រូវរបស់យើង—វាជាឯកសិទ្ធរបស់យើង—ដើម្បីជួយរៀបចំពិភពលោកនេះសម្រាប់ថ្ងៃនោះ ។
ឲ្យចំណីដល់កូនចៀមខ្ញុំស៊ីផង ដោយ ជេ ប្រាយអិន វួដ ហាមថតចម្លង
ប្រឈមនឹងអនាគតដោយសេចក្ដីជំនឿ
ខណៈនេះ នៅទីនេះ និងឥឡូវនេះ យើងរស់នៅក្នុងគ្រាដ៏វឹកវរមួយ ។ ការរញ្ជួយផែនដី និងព្យុះស៊ូណាមិ ធ្វើឲ្យមានការបំផ្លិចបំផ្លាញ រដ្ឋាភិបាលធ្លាក់ចុះ ភាពតានតឹងខាងសេដ្ឋកិច្ចគឺធ្ងន់ធ្ងរ ក្រុមគ្រួសារស្ថិតនៅក្រោមការគំរាមកំហែង ហើយអាត្រានៃការលែងលះកើនឡើង ។ យើងមានបុព្វហេតុដ៏ធំសម្រាប់ការខ្វល់ខ្វាយ ។ ប៉ុន្តែ យើងពុំត្រូវបណ្ដោយឲ្យការភ័យខ្លាចរបស់យើងផ្លាស់ប្ដូរជំនឿរបស់យើងនោះទេ ។ យើងអាចតតាំងនឹងការភ័យខ្លាចទាំងនោះ ដោយការពង្រឹងសេចក្ដីជំនឿរបស់យើង ។
ហេតុអ្វីបានជាយើងត្រូវការសេចក្ដីជំនឿដ៏ក្លៀវក្លាបែបនោះ ? ដោយសារថ្ងៃដ៏លំបាកនៅខាងមុខ ។ វាកម្រនៅក្នុងពេលអនាគត ថាវានឹងងាយស្រួល ឬ មានប្រជាប្រិយភាពក្នុងការធ្វើជាពួកបរិសុទ្ធថ្ងៃចុងក្រោយដ៏ស្មោះត្រង់ម្នាក់ ។ យើងម្នាក់ៗនឹងត្រូវបានសាកល្បង ។ សាវក ប៉ុល បានព្រមានថា នៅក្នុងថ្ងៃចុងក្រោយ អ្នកដែលធ្វើតាមព្រះអម្ចាស់ដោយឧស្សាហ៍ព្យាយាម « នឹងត្រូវមានសេចក្ដីបៀតបៀនដែរ » ( ធីម៉ូថេទី២ ៣:១២ ) ។ ការធ្វើទុក្ខបុកម្នេញនោះអាចសង្កត់អ្នកទៅក្នុងភាពខ្សោយដោយស្ងៀមស្ងាត់ ឬក៏អាចជម្រុញអ្នកឲ្យក្លាយជាគំរូ និង មានកម្លាំងនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក ។
របៀបដែលអ្នកដោះស្រាយឧបសគ្គនៅក្នុងជីវិត គឺជាផ្នែកនៃការអភិវឌ្ឍសេចក្ដីជំនឿរបស់អ្នក ។ កម្លាំងបានមកពេលអ្នកចាំថា អ្នកមានធម្មជាតិដ៏ទេវភាព ជាមរតកនៃតម្លៃគ្មានដែនកំណត់ ។ ព្រះអម្ចាស់បានរំឭកអ្នក កូនៗរបស់អ្នក និងចៅៗរបស់អ្នកថា អ្នកជាអ្នកទទួលមរតកស្របច្បាប់ ថាអ្នកត្រូវបានបម្រុងទុកនៅស្ថានសួគ៌ដើម្បីកើតមកនៅពេលវេលា និងកន្លែងជាក់លាក់ ដើម្បីលូតលាស់ និងក្លាយជាអ្នកកាន់បទដ្ឋាន និងជាប្រជារាស្រ្តក្នុងសេចក្ដីសញ្ញារបស់ទ្រង់ ។ កាលដែលអ្នកដើរនៅលើផ្លូវសុចរិតរបស់ព្រះអម្ចាស់ អ្នកនឹងត្រូវបានប្រទានពរឲ្យបន្តក្នុងសេចក្ដីល្អរបស់ទ្រង់ និងធ្វើជាពន្លឺ និងអ្នកសង្គ្រោះម្នាក់ដល់ប្រជារាស្រ្តរបស់ទ្រង់ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៦:៨–១១ ) ។
សូមធ្វើអ្វីគ្រប់យ៉ាងដែលតម្រូវឲ្យមានដើម្បីពង្រឹងសេចក្ដីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ តាមរយៈការបង្កើនការយល់ដឹងអំពីគោលលទ្ធិដែលបានបង្រៀននៅក្នុងសាសនាចក្រទ្រង់ដែលបានស្ដារឡើងវិញ និងការស្វែងរកសេចក្ដីពិតដោយឥតស្រាកស្រាន្ត ។ បោះយុថ្កានៅក្នុងគោលលទ្ធិដ៏បរិសុទ្ធ នោះអ្នកនឹងអាចឈានឆ្ពោះទៅមុខជាមួយនឹងសេចក្ដីជំនឿ ហើយតស៊ូយ៉ាងជាប់លាប់ ព្រមទាំងធ្វើអ្វីៗទាំងអស់ដោយរីករាយនៅក្នុងអំណាចរបស់អ្នក ដើម្បីបំពេញគោលបំណងរបស់ព្រះអម្ចាស់ ។
អ្នកនឹងមានថ្ងៃទាំងឡាយដែលអ្នកនឹងបាក់ទឹកចិត្តទាំងស្រុង ។ ដូច្នេះ សូមអធិស្ឋានដើម្បីមានភាពក្លាហានដើម្បីកុំចុះចាញ់ឡើយ ! ជាអកុសល បុគ្គលមួយចំនួនដែលអ្នកគិតថាជាមិត្តរបស់អ្នកនោះ នឹងក្បត់អ្នក ។ ហើយរឿងខ្លះនឹងហាក់ដូចជាពុំយុត្តិធម៌ឡើយ ។
យ៉ាងណាក៏ដោយ ខ្ញុំសូមសន្យាថា ពេលអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ អ្នកនឹងរកឃើញភាពសុខសាន្ត និង អំណរពិត ។ ពេលអ្នករក្សាសេចក្ដីសញ្ញាដោយមានភាពប្រាកដប្រជាកាន់តែខ្ពស់ ហើយពេលអ្នកការពារសាសនាចក្រ និងនគរព្រះនៅលើផែនដីនេះសព្វថ្ងៃនេះ នោះព្រះអម្ចាស់នឹងប្រទានពរអ្នកដោយនូវកម្លាំង និងប្រាជ្ញាដើម្បីសម្រេចបាននូវអ្វីៗដែលមានតែសមាជិកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយប៉ុណ្ណោះដែលអាចសម្រេចបាន ។
យើងត្រូវធ្វើជាអ្នកកសាងសេចក្ដីជំនឿដោយផ្ទាល់ខ្លួនទៅលើព្រះ សេចក្ដីជំនឿទៅលើព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ និងសេចក្ដីជំនឿលើសាសនាចក្ររបស់ទ្រង់ ។ យើងត្រូវស្ថាបនាក្រុមគ្រួសារ ហើយផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធដ៏បរិសុទ្ធ ។ យើងត្រូវស្ថាបនាសាសនាចក្រ និងនគរនៃព្រះនៅលើផែនដីនេះ ( សូមមើល ម៉ាថាយ ៦:៣៣ ) ។ យើងត្រូវរៀបចំសម្រាប់ជោគវាសនាដ៏ទេវភាពរបស់យើងផ្ទាល់ ៖ សិរីល្អ អមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ច ( សូមមើល រ៉ុម ២:៧; គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៥:៥ ) ។
ខ្ញុំសូមថ្លែងទីបន្ទាល់ដ៏រាបទាប—ដូចជាព្យាការី យ៉ូសែប ស៊្មីធ បានប្រកាសថា—ដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ « នឹងឆ្ពោះទៅមុខដោយក្លៀវក្លា ថ្លៃថ្នូរ និងឯករាជ្យរហូតទាល់តែវាបានដល់គ្រប់ទាំងទ្វីប គ្រប់តំបន់ គ្រប់ប្រទេស និង បានឮដល់គ្រប់ត្រចៀក រហូតដល់គោលបំណងនៃព្រះនឹងបានសម្រេច ហើយព្រះយេហូវ៉ាដ៏មហិមានឹងមានបន្ទូលថា កិច្ចការបានចប់សព្វគ្រប់ហើយ » ( ប្រវត្តិសាស្ត្រសាសនាចក្រ ៤:៥៤០ ) ។
យើងប្រឡូកចូលក្នុងកិច្ចការនៃព្រះដ៏មានមហិទ្ធិឫទ្ធិ ។ ខ្ញុំអធិស្ឋានសូមឲ្យពរជ័យរបស់ទ្រង់មានដល់អ្នកគ្រប់គ្នា ។