មេរៀនទី ៥
លក្ខខណ្ឌនៃជីវិតរមែងស្លាប់
សេចក្ដីផ្ដើម
នៅក្នុងជីវិតមុនផែនដី យើង « បានទទួលផែនការរបស់ [ ព្រះវរបិតាសួគ៌ ] ដែលនាំឲ្យកូនចៅទាំងឡាយអាចទទួលរូបកាយ ហើយនិងទទួលបទពិសោធន៍នៅលើផែនដី ដើម្បីរីកចម្រើនទៅរកភាពល្អឥតខ្ចោះ » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។ រូបកាយរមែងស្លាប់របស់យើង គឺជាពរជ័យដ៏អស្ចារ្យមួយ ទោះយ៉ាងណាក្ដី ក៏រូបកាយនោះស្ថិតនៅក្រោមការល្បួងជាច្រើនរបស់សាតាំង ។ តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ យើងអាចឈ្នះលើការល្បួងទាំងនេះ ហើយត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌របស់យើងវិញ ។
ការអានពីសាវតា
-
ដាវីឌ អេ បែដណា “Things as They Really Are,” Ensign ខែ មិថុនា ឆ្នាំ ២០១០ ទំព័រ ១៦-២៥ ។
-
ដេវីឌ អេ បែដណា « The Atonement and the Journey of Mortality » Ensign ខែ មេសា ឆ្នាំ ២០១២ ទំព័រ ៤០–៤៧ ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី២ ២:២៧–២៩; អ័ប្រាហាំ ៣:២៥
បទពិសោធន៍រមែងស្លាប់របស់យើង គឺចាំបាច់សម្រាប់ជីវិតដ៏នៅអស់កល្បជានិច្ច
សូមបង្ហាញនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយ អែលឌើរ ដាវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយសូមអញ្ជើញសិស្សម្នាក់អានវាឮៗ ៖
« តើយើងពិតជាធ្លាប់ពិចារណាទេ ថាហេតុអ្វីការមានរូបកាយសាច់ឈាមសំខាន់ម៉្លេះ ? … តើយើងពិតជាយល់ពីមូលហេតុដែលរូបកាយគឺសំខាន់ជាខ្លាំង ចំពោះផែនការនៃសុភមង្គលរបស់ព្រះវរបិតា ដែរឬទេ ? តើយើងប្រហែលជាទន្ទេញចម្លើយនេះយ៉ាងញឹកញាប់ និងជាទម្លាប់ រហូតដល់យើងមិនបានដឹងពីសារៈសំខាន់ដ៏ពិតរបស់វាឬ ? ខ្ញុំចង់ឲ្យយើងជីកកាន់តែជ្រៅទៅក្នុងសំណួរដ៏សំខាន់ដ៏អស់កល្បនេះ អំពីមូលហេតុដែលរូបកាយមួយមានសារៈសំខាន់ជាខ្លាំង ។ នៅទីបំផុត ចម្លើយគឺជះឥទ្ធិពលដល់អ្វីគ្រប់យ៉ាងដែលយើងធ្វើ » ( “Ye Are the Temple of God,” Ensign ខែ កញ្ញា ឆ្នាំ ២០០១ ទំព័រ ១៤ ) ។
-
ស្របតាមអែលឌើរ បែដណា ហេតុអ្វីក៏យើងគប្បីស្វែងរកចម្លើយថាមូលហេតុអ្វីបានជារូបកាយសាច់ឈាមរបស់យើងសំខាន់ម៉្លេះ ?
សូមអញ្ជើញសិស្សឲ្យសរសេរចម្លើយមួយចំពោះសំណួរខាងក្រោមនេះ ។ ពេលដែលមេរៀននេះវិវឌ្ឍទៅមុខ សូមលើកទឹកចិត្តពួកគេឲ្យសរសេរគំនិតបន្ថែមទៀត ។
-
តើហេតុអ្វីបានជារូបកាយសាច់ឈាមរបស់យើង សំខាន់ជាខ្លាំងចំពោះផែនការនៃសុភមង្គលរបស់ព្រះវរបិតា ?
សូមអញ្ជើញសិស្សឲ្យអានកថាខណ្ឌទីបីនៃ « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ដោយស្ងាត់ស្ងៀម ហើយរកមើលសេចក្ដីថ្លែងដែលបញ្ជាក់ពីមូលហេតុថា រូបកាយសាច់ឈាមមួយចាំបាច់ចំពោះការរីកចម្រើនដ៏អស់កល្បរបស់យើង ។
សូមសុំសិស្សម្នាក់ឲ្យអានឮៗ នូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ដេវីឌ អេ បែដណា ។ សូមសុំឲ្យសមាជិកក្នុងថ្នាក់ស្ដាប់ ហើយរកមើលមូលហេតុដែលរូបកាយរបស់យើងសំខាន់ក្រៃលែងនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ។ សូមពិចារណាក្នុងការផ្ដល់ច្បាប់ចម្លងនៃសេចក្ដីថ្លែងការណ៍នេះដល់សិស្សម្នាក់មួយច្បាប់ មុនពេលអានវា ។
« រូបកាយសាច់ឈាមរបស់យើង ធ្វើឲ្យទំហំ ជម្រៅ និងប្រពលភាពនៃបទពិសោធន៍អាចកើតឡើងបាន ដែលមិនអាចធ្វើបាននៅក្នុងសភាវមុនជីវិតរមែងស្លាប់ ។ ប្រធាន ប៊យដ៏ ឃេ ផាកកឺ ជាប្រធាននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនថា ‹ វិញ្ញាណ និងរូបកាយរបស់យើង ត្រូវបានផ្គុំចូលគ្នាតាមរបៀបមួយដែលរូបកាយយើងក្លាយជាឧបករណ៍មួយនៃគំនិតយើង ហើយជាគ្រឹះនៃបុគ្គលិកលក្ខណៈរបស់យើង › [ “The Instrument of Your Mind and the Foundation of Your Character” ( សន្ទុរកថាក្នុងការប្រជុំពិសេសនៅសាកលវិទ្យាល័យព្រិកហាំ យ៉ង់ ថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ ២០០៣ ), speeches.byu.edu ] ។ ហេតុដូច្នោះហើយ ទំនាក់ទំនងរបស់យើងជាមួយមនុស្សផ្សេងទៀត សមត្ថភាពរបស់យើងក្នុងការដឹង និងប្រព្រឹត្តឲ្យស្របទៅតាមសេចក្ដីពិត និងលទ្ធភាពរបស់យើងក្នុងការគោរពប្រតិបត្តិដល់គោលការណ៍ និងពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ គឺត្រូវបានធ្វើឲ្យរឹងមាំឡើងតាមរយៈរូបកាយសាច់ឈាមរបស់យើង ។ នៅក្នុងថ្នាក់រៀននៃជីវិតរមែងស្លាប់ យើងដកពិសោធន៍ពីភាពទន់ភ្លន់ ក្ដីស្រឡាញ់ ចិត្តសប្បុរស សុភមង្គល ទុក្ខព្រួយ ការខកចិត្ត ការឈឺចាប់ និងសូម្បីតែឧបសគ្គនានានៃដែនកំណត់ខាងសាច់ឈាម នៅក្នុងរបៀបទាំងឡាយដែលរៀបចំយើងសម្រាប់ភាពអស់កល្បជានិច្ច ។ និយាយឲ្យសាមញ្ញទៅ មានមេរៀនជាច្រើន ដែលយើងត្រូវតែរៀន និងដកពិសោធន៍ ដែលយើងត្រូវតែមាន ដូចព្រះគម្ពីរពិពណ៌នាថា ‹ ស្របតាមសាច់ឈាម › ( នីហ្វៃទី១ ១៩:៦; អាលម៉ា ៧:១២–១៣ ) » ( “Things as They Really Are,” Ensign ខែ មិថុនា ឆ្នាំ ២០១០ ទំព័រ ១៦ ) ។
-
តើអែលឌើរ បែដណា បានបង្រៀនអ្វីខ្លះ អំពីមូលហេតុដែលរូបកាយសាច់ឈាមមួយគឺជាការចាំបាច់សម្រាប់ការរីកចម្រើនអស់កល្បជានិច្ចរបស់យើងនោះ ? ( ថ្វីបើចម្លើយអាចនឹងមានផ្សេងៗគ្នា ក៏សូមសង្កត់បញ្ជាក់ពីសេចក្ដីពិតនេះ ៖ ជាមួយនឹងរូបកាយសាច់ឈាម យើងដកពិសោធន៍នូវលក្ខខណ្ឌនានានៃជីវិតរមែងស្លាប់ ដែលអាចរៀបចំយើងសម្រាប់ភាពអស់កល្បជានិច្ច ) ។
-
តើនៅក្នុងរបៀបណាខ្លះ ដែលរូបកាយរបស់យើងជា « ឧបករណ៍មួយនៃគំនិតយើង ហើយជាគ្រឹះនៃបុគ្គលិកលក្ខណៈរបស់យើង » ?
-
តើ « លទ្ធភាពរបស់យើងក្នុងការគោរពប្រតិបត្តិដល់គោលការណ៍ និងពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អ … គឺត្រូវបានធ្វើឲ្យរឹងមាំឡើងតាមរយៈរូបកាយសាច់ឈាមរបស់យើង » ដោយរបៀបណា ? ( ចម្លើយដែលអាចមាន រួមមានដូចតទៅនេះ ៖ រូបកាយអាចជួយឲ្យយើងគោរពប្រតិបត្តិដល់បទបញ្ញត្តិដែលឲ្យបង្កើតកូនជាច្រើនឡើង ហើយមានពេញពាសលើផែនដី ។ រូបកាយអនុញ្ញាតឲ្យយើងដកពិសោធន៍សេចក្ដីអំណរនៃការរស់នៅក្នុងក្រុមគ្រួសារ ជាកន្លែងដែលយើងរៀន និងអនុវត្តគោលការណ៍នៃដំណឹងល្អទាំងឡាយនៅក្នុងគេហដ្ឋាន—ឧទាហរណ៍ យើងរៀនរបៀបគ្រប់គ្រងអារម្មណ៍យើងនៅក្នុងក្រុមគ្រួសារយើង ) ។
សូមអញ្ជើញសិស្សមួយចំនួនឲ្យឆ្លាស់វេនគ្នាអានឮៗ ចេញពីអ័ប្រាហាំ ៣:២៥ និង នីហ្វៃទី២ ២:២៧–២៩ ខណៈដែលសិស្សក្នុងថ្នាក់ផ្សេងទៀតរកមើលរបៀបដែលវគ្គបទគម្ពីរទាំងនេះរួមគ្នាជួយយើង ឲ្យយល់បន្ថែមទៀតពីគោលបំណងនៃការមានរូបកាយមួយ ។
-
ថ្វីបើ ការមានរូបកាយមួយគឺជាពរជ័យយ៉ាងអស្ចារ្យ តើការមានរូបកាយមួយ ជាផ្នែកនៃការសាកល្បងនៃជីវិតរមែងស្លាប់របស់យើងដោយរបៀបណា ? ( ការល្បួងជាច្រើនរបស់សាតាំង ត្រូវបានពង្រីកឡើងដោយព្រោះយើងមានរូបកាយនេះដែរ ) ។
-
តើការជ្រើសរើស « ស្របតាមចំណង់របស់សាច់ឈាម » ផ្ដល់ « អំណាចដល់វិញ្ញាណអារក្សឲ្យចាប់ឃុំឃាំង » យ៉ាងដូចម្ដេច ?
ម៉ូសាយ ៣:១៩; ម៉ូសេ ៦:៤៩, ៥៣–៥៥
« មនុស្សខាងសាច់ឈាម គឺជាសត្រូវដល់ព្រះ »
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន ម៉ូសេ ៦:៥៣-៥៤ ឲ្យឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់ឲ្យរកមើល ហើយពន្យល់ពីអ្វីដែលខទាំងនេះបង្រៀន អំពីលក្ខខណ្ឌរបស់យើងនៅពេលនៃកំណើតរបស់យើង ។ សូមកត់ចំណាំពាក្យ « សុទ្ធសាធ » នៅក្នុងបរិបទនេះមានន័យថា មានសេរីភាពពីឥទ្ធិពលនៃការរំលងរបស់អ័ដាម ។
បន្ទាប់មក សុំសិស្សម្នាក់ឲ្យអាន ម៉ូសេ ៦:៤៩ និង ៥៥ ហើយសួរសមាជិកក្នុងថ្នាក់ ៖
-
តើខទាំងនេះបង្រៀនអ្វីខ្លះ អំពីរបៀបដែលការធ្លាក់របស់អ័ដាម និងអេវ៉ា ជះឥទ្ធិពលដល់យើង អស់មួយជីវិតរមែងស្លាប់របស់យើងនោះ ? ( ពេលយើងចុះចូលទៅតាមការល្បួងរបស់សាតាំង នោះយើងភ្លក់នូវលទ្ធផលដ៏ល្វីង នៃជម្រើសរបស់យើង ដែលជាសាច់ឈាម ត្រេកត្រអាល និងអាក្រក់ ។ អ្នកអាចយោងទៅ អេធើរ ៣:២ ដែលបង្រៀនថា « ដោយសារការធ្លាក់ នោះធម្មជាតិនៃយើងខ្ញុំបានក្លាយទៅជាអាក្រក់ជានិច្ច » ។
សូមសុំឲ្យសិស្សម្នាក់អានពីរបីបន្ទាត់ដំបូងនៃ ម៉ូសាយ ៣:១៩ ។ សូមសរសេរសំណួរខាងក្រោមនេះនៅលើ ក្តារខៀន ៖
សូមទុកពេកឲ្យសិស្សពីរបីនាទី ដើម្បីស្រាវជ្រាវរកមើលចម្លើយចំពោះសំណួរទាំងនេះ និងដើម្បីពង្រីកការយល់ដឹងរបស់ពួកគេអំពីពាក្យ « មនុស្សខាងសាច់ឈាម » ដោយការសិក្សាលេខយោងទាំងឡាយសម្រាប់ ខ ១៩ ( ជាពិសេសលេខយោង ក ក៏ដូចជាវគ្គបទគម្ពីរផ្សេងៗទៀតដែលមាននៅក្នុងលេខយោងនោះ ) ។ ក្រោយពីទុកពេលគ្រប់គ្រាន់ហើយ សូមពិភាក្សាពីការរកឃើញរបស់សិស្ស ។ សូមចង្អុលបង្ហាញថា ពាក្យនេះពិពណ៌នាពីលក្ខខណ្ឌមួយ ដែលអនុវត្តស្មើគ្នាចំពោះបុរស និងស្ត្រី ។
-
បើមនុស្សម្នាក់មានចរិតលក្ខណៈនៃមនុស្សខាងសាច់ឈាម តើឥទ្ធិពលអ្វីដែលចរិតលក្ខណៈនេះអាចមានទៅលើអាពាហ៍ពិពាហ៍ និងក្រុមគ្រួសារមួយ ?
សូមសុំសិស្សដដែលនោះឲ្យអានបញ្ចប់ ម៉ូសាយ ៣:១៩ ហើយអញ្ជើញសិស្សក្នុងថ្នាក់ស្វែងរកគោលការណ៍មួយអំពីរបៀបដែលយើងអាចឈ្នះលើភាពជាមនុស្សខាងសាច់ឈាម ។ ( ពេលសិស្សឆ្លើយតប សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ៖ តាមរយៈការទទួលយកដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ហើយចុះចូលតាមការបញ្ចុះបញ្ចូលរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះយើងអាចសម្រាតនូវភាពខាងសាច់ឈាម ហើយក្លាយជាអ្នកបរិសុទ្ធម្នាក់បាន ។ )
សូមពន្យល់ថា ក្នុងបរិបទនេះ ចុះចូល មានន័យថា ដាក់ជូនតាម ឬព្រមទទួលតាមការបំផុសរបស់ព្រះវិញ្ញាណបរិសុទ្ធ ។
-
តើមនុស្សម្នាក់អាចដឹងពីអ្វីដែលព្រះវិញ្ញាណបរិសុទ្ធ កំពុងបំផុសគាត់ឲ្យធ្វើអ្វីមួយ ដោយរបៀបណា ?
-
តើអ្នកអាចចែកចាយបទពិសោធន៍មួយ ដែលមិនផ្ទាល់ខ្លួនពេក កាលដែលព្រះវិញ្ញាណបរិសុទ្ធបានបំផុសអ្នកឲ្យសម្រាតភាពខាងសាច់ឈាមចេញ ?
សូមថ្លែងទីបន្ទាល់ថា នៅពេលយើងចុះចូលតាមការបញ្ចុះបញ្ចូលនៃព្រះវិញ្ញាណបរិសុទ្ធ នោះយើងអាចទទួលបានអំណាចនៃដង្វាយធួន ។
ម៉ូសាយ ៣:១៩; ១៦:៣–៦
ការអនុវត្តដង្វាយធួននៃព្រះគ្រីស្ទ
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន ម៉ូសាយ ១៦:៣-៦ ឲ្យឮៗ នៅពេលសិស្សក្នុងថ្នាក់ផ្ទៀងតាម ដោយរកមើលអ្វីដែលនឹងជួយយើងឲ្យយកឈ្នះឥទ្ធិពលនៃការធ្លាក់ នៅក្នុងជីវិតយើង ។
-
តើអ្វីការរៀបចំអ្វី នៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ដែលអាចធ្វើឲ្យយើងយកឈ្នះលើធម្មជាតិដែលធ្លាក់របស់យើង ? ( សូមសរសេរគោលលទ្ធិដូចតទៅនេះ នៅលើក្ដារខៀន ៖ តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ នោះយើងអាចត្រូវបានប្រោសលោះចេញពីស្ថានភាពវង្វេង និងធ្លាក់របស់យើង ) ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ ដេវីឌ អេ បែដណា ហើយសុំសិស្សម្នាក់ឲ្យអានវាឮៗ ៖
« រាល់ការស្រេកឃ្លាន ក្ដីប្រាថ្នា ទំនោរចិត្ត និងការជំរុញនៃភាពខាងសាច់ឈាម គឺអាចត្រូវបានយកឈ្នះបានដោយ និងតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ យើងនៅរស់លើផែនដី ដើម្បីអភិវឌ្ឍគុណសម្បត្តិដូចជាព្រះ និងដើម្បីទប់ចិត្តនឹងរាល់តណ្ហាខាងសាច់ឈាមទាំងឡាយ ។ ( “We Believe in Being Chaste,” Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤៣ ) ។
សូមពន្យល់ដល់សិស្សថា ពេលយើងមានសេចក្ដីជំនឿលើដង្វាយធួន នោះយើងទទួលព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ដែលបានធ្វើឲ្យកើតឡើងបានដោយការបូជាដ៏ធួនរបស់ទ្រង់ ។ គំនិតដ៏សំខាន់នៃពាក្យ ព្រះគុណ គឺជា « មធ្យោបាយដ៏ទេវភាពនៃជំនួយ ឬកម្លាំង ដែលត្រូវបានផ្តល់ឲ្យតាមរយៈសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ដ៏បរិបូររបស់ព្រះយេស៊ូវគ្រីស្ទ » ។ វាជា « អំណាចដែលជួយឲ្យធ្វើទៅបាន » ដែលជួយយើងឲ្យប្រែចិត្ត និងអភិវឌ្ឍលក្ខណៈទាំងឡាយដែលយើងពុំអាចអភិវឌ្ឍបានដោយខ្លួនឯង ( សូមមើល Bible Dictionary លើពាក្យ “Grace” ( ព្រះគុណ ) ) ។ ដើម្បីជួយសិស្សឲ្យរកមើលឃើញលក្ខណៈដូចព្រះគ្រីស្ទ ដែលយើងគប្បីត្រូវអភិវឌ្ឍ សូមឲ្យពួកគេរំឭកបញ្ជីនៃគុណសម្បត្តិ ដែលនាំយើងឲ្យក្លាយជាអ្នកបរិសុទ្ធ ដូចមាននៅក្នុង ម៉ូសាយ ៣:១៩ ។
-
តើព្រះអង្គសង្គ្រោះបានជួយអ្នក ឲ្យអភិវឌ្ឍលក្ខណៈមួយក្នុងចំណោមលក្ខណៈទាំងឡាយដែលមានក្នុង ម៉ូសាយ ៣:១៩ ដោយរបៀបណា ?
-
តើអ្នកបានឃើញបុគ្គលទាំងឡាយ ដែលមានលក្ខណៈទាំងនេះមួយ ឬច្រើនជាងនោះ ជាពរជ័យនៅក្នុងក្រុមគ្រួសាររបស់គេយ៉ាងដូចម្ដេចខ្លះ ?
-
តើការអភិវឌ្ឍលក្ខណៈទាំងនេះមួយ ឬច្រើនជាងនោះ តាមរយៈអំណាចដែលជួយឲ្យធ្វើទៅបាននៃព្រះគុណរបស់ព្រះអង្គសង្គ្រោះ អាចជួយអ្នកឲ្យក្លាយជាស្វាមី ឬភរិយា ឪពុក ឬម្ដាយកាន់តែល្អប្រសើរ ដោយរបៀបណា ?
សូមពន្យល់ដល់សិស្សថា យើងម្នាក់ៗត្រូវបានបន្សល់ទុកឲ្យនូវសំណួរដ៏សំខាន់មួយ ដើម្បីឲ្យយើងឆ្លើយ មកពីមេរៀនថ្ងៃនេះ ។ សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ ដេវីឌ អេ បែដណា ហើយសុំសិស្សឲ្យអានវាដោយស្ងៀមស្ងាត់ ៖
« លក្ខណៈដ៏ជាក់លាក់នៃការសាកល្បងក្នុងជីវិតរមែងស្លាប់នេះ អាចសង្ខេបទៅជាសំណួរដូចតទៅនេះ ៖ តើខ្ញុំនឹងងាកចិត្តទៅរកភាពខាងសាច់ឈាម ឬព្រមចុះចូលតាមការបញ្ចុះបញ្ចូលពីព្រះវិញ្ញាណបរិសុទ្ធ ហើយសម្រាតភាពខាងសាច់ឈាម ហើយក្លាយជាពួកបរិសុទ្ធម្នាក់តាមរយៈដង្វាយធួននៃព្រះគ្រីស្ទជាព្រះអម្ចាស់ដែលឬទេ ( សូមមើល ម៉ូសាយ ៣:១៩ ) ? នោះជាការសាកល្បង » ( “We Believe in Being Chaste” ទំព័រ ៤៣ ) ។
សូមទុកពេលឲ្យសិស្សពីរបីនាទី ដើម្បីសរសេរចម្លើយមួយចំពោះសំណួររបស់អែលឌើរ បែដណា ។ សូមអញ្ជើញពួកគេឲ្យសញ្ជឹងគិតពីលក្ខណៈដូចព្រះគ្រីស្ទ ដែលមានក្នុង ម៉ូសាយ ៣:១៩ ហើយដាក់ផែនការមួយដើម្បីចាប់ផ្ដើមអភិវឌ្ឍលក្ខណៈមួយនៃលក្ខណៈទាំងនោះ ឲ្យបានកាន់តែពេញលេញ ។
ការអានរបស់សិស្ស
-
នីហ្វៃទី២ ២:២៧–២៩; ម៉ូសាយ ៣:១៩; ១៦:៣–៦; ម៉ូសេ ៦:៤៩, ៥៣–៥៥; អ័ប្រាហាំ ៣:២៥ ។
-
ដេវីឌ អេ បែដណា “The Atonement and the Journey of Mortality,” Ensign ខែ មេសា ឆ្នាំ ២០១២ ទំព័រ ៤០–៤៧ ។