ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 1


គោល​លទ្ធិ និង​សេចក្ដី​សញ្ញា

កណ្ឌ​ទី ១

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ​យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ឯ​សន្និសីទ​ពិសេស​មួយ សម្រាប់​ពួក​អែលឌើរ​នៃ​សាសនាចក្រ ដែល​បាន​ធ្វើ​ឡើង​នៅ​ក្រុង​ហៃរាំ រដ្ឋ​អូហៃអូ នៅ​ថ្ងៃ​ទី១ ខែ​វិច្ឆិកា ឆ្នាំ​១៨៣១ (History of the Church, ១:២២១–២២៤ [ប្រវត្តិ​នៃ​សាសនាចក្រ]) មាន​វិវរណៈ​ជា​ច្រើន​ដែល​បាន​ទទួល​មក​ពី​ព្រះ​អម្ចាស់​មុន​ពេល​នេះ ហើយ​ការ​ប្រមូល​វិវរណៈ​ទាំង​នេះ សម្រាប់​យក​មក​បោះពុម្ព​ផ្សាយ​ចេញ​ជា​សៀវភៅ នោះ​គឺជា​កម្មវត្ថុ​ដ៏​សំខាន់​បំផុត​មួយ ដែល​បាន​អនុម័ត​នៅ​ឯ​សន្និសីទ។ កណ្ឌ​នេះ​ជា​អារម្ភកថា​របស់​ព្រះ​អម្ចាស់​ចំពោះ​គោល​លទ្ធិ សេចក្ដី​សញ្ញា និង​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ ដែល​បាន​ប្រទាន​ឲ្យ​មក​នៅ​ក្នុង​ការ​កាន់កាប់​ត្រួត​ត្រា​សម័យ​នេះ។

១–៧, សំឡេង​នៃ​ការ​ព្រមាន​គឺ​ត្រូវ​ប្រាប់​ដល់​មនុស្ស​ទាំង​អស់; ៨–១៦, ការ​ក្បត់​សាសនា និង​អំពើ​ទុច្ចរិត​កើត​មាន​ឡើង​មុន​ការ​យាង​មក​លើក​ទី​២; ១៧–២៣, យ៉ូសែប ស៊្មីធ ត្រូវ​បាន​ហៅ​ឲ្យ​សាង​សេចក្ដី​ពិត និង​ព្រះ​ចេស្ដា​របស់​ព្រះ​អម្ចាស់​មក​លើ​ផែនដី​វិញ; ២៤–៣៣, ព្រះ​គម្ពីរ​មរមន ត្រូវ​បាន​បញ្ចេញ​មក ហើយ​សាសនាចក្រ​ដ៏​ពិត​ត្រូវ​បាន​តាំង​ឡើង; ៣៤–៣៦, សេចក្ដី​សុខសាន្ត​នឹង​ត្រូវ​បាត់បង់​ពី​ផែនដី; ៣៧–៣៩, ចូរ​ស្ទង់​មើល​ព្រះ​បញ្ញត្តិ​ទាំង​នេះ​ចុះ។

ចូរ​ប្រុង​ស្ដាប់​ចុះ ឱ​ប្រជារាស្ត្រ​នៃ​សាសនាចក្រ​យើង​អើយ សំឡេង​នៃ​ព្រះ​ដែល​គង់​នៅ​លើ ហើយ​ដែល​មាន​ព្រះ​នេត្រ​ទត​មក​លើ​មនុស្ស​ទាំង​អស់ ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ ប្រាកដ​មែន យើង​ប្រាប់​ជា​ប្រាកដ​ថា ៖ ចូរ​ប្រុង​ស្ដាប់​ចុះ ឱ​ប្រជាជាតិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ឆ្ងាយ អើយ និង​អ្នក​រាល់​គ្នា ដែល​នៅ​លើ​កោះ​ក្នុង​សមុទ្រ​អើយ ចូរ​ស្ដាប់​ព្រម​គ្នា​ចុះ។

ត្បិត សំឡេង​នៃ​ព្រះ​អម្ចាស់​ប្រាកដជា​ប្រាប់​ដល់​មនុស្ស​ទាំង​អស់​មែន ហើយ​គ្មាន​នរណា​នឹង​គេច​បាន​ឡើយ ហើយ​គ្មាន​ភ្នែក​ណា​ដែល​នឹង​មិន​បាន​ឃើញ ឬ​គ្មាន​ត្រចៀក​ណា​ដែល​នឹង​មិន​បាន​ឮ ឬ​គ្មាន​ដួង​ចិត្ត​ណា​ដែល​នឹង​មិន​ធ្លុះ​បាន​ឡើយ។

ហើយ​ពួក​អ្នក​បះបោរ​នឹង​ត្រូវ​ចាក់​ទំ​លុះ​ដោយ​សេចក្ដី​ទុក្ខ​សោក​ដ៏​រីងរៃ រីឯ​សេចក្ដី​ទុច្ចរិត​របស់​ពួក​គេ​នឹង​ត្រូវ​ថ្លែង​ប្រាប់​ពីលើ​ដំបូល​ផ្ទះ ហើយ​អំពើ​ស្ងាត់កំបាំង​របស់​ពួក​គេ នឹង​ត្រូវ​បើក​សម្ដែង​មក​ឲ្យ​ឃើញ។

ហើយ​សំឡេង​នៃ​ការ​ព្រមាន នឹង​ត្រូវ​ប្រាប់​ដល់​មនុស្ស​ទាំង​អស់ ដោយ​មាត់​នៃ​ពួក​សិស្ស​ទាំង​ឡាយ​របស់​យើង ដែល​យើង​បាន​រើស​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នេះ។

ហើយ​ពួក​គេ​នឹង​ចេញ​ទៅ ហើយ​គ្មាន​នរណា​នឹង​បញ្ឈប់​ពួក​គេ​បាន​ឡើយ ត្បិត​យើង​ជា​ព្រះ​អម្ចាស់ បាន​បញ្ជា​ពួក​គេ​ហើយ។

មើល​ចុះ នេះ​ជា​សិទ្ធិ​អំណាច​របស់​យើង ហើយ​ជា​សិទ្ធិ​អំណាច​នៃ​ពួក​អ្នក​បម្រើ​របស់​យើង ហើយ​ជា​អារម្ភកថា​របស់​យើង​ចំពោះ​ព្រះ​គម្ពីរ​នៃ​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង ដែល​យើង​បាន​ប្រទាន​ឲ្យ​ពួក​គេ​យក​ទៅ​បោះពុម្ពផ្សាយ​ដល់​អ្នក​រាល់​គ្នា ឱ​បណ្ដាជន​នៅ​លើ​ផែនដី​អើយ។

ហេតុ​ដូច្នេះ​ហើយ ចូរ​ខ្លាច ហី​យ​ញ័រ​ចុះ ឱ​ប្រជារាស្ត្រ​អើយ ត្បិត​យើង​ជា​ព្រះ​អម្ចាស់​បាន​ចេញ​ក្រឹត្យ​ដែល​នៅ​ក្នុង​ព្រះ​បញ្ញត្តិ​ទាំង​ប៉ុន្មាន​នោះ នឹង​ត្រូវ​បាន​សម្រេច។

ហើយ​យើង​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ពួក​គេ​ដែល​ចេញ​ទៅ​ដោយ​នាំ​យក​ដំណឹង​ទាំង​នេះ​ទៅ​ប្រាប់​បណ្ដាជន​នៅ​លើ​ផែនដី​ចំពោះ​ពួក​គេ​នេះ​ហើយ ដែល​បាន​ទទួល​អំណាច ដើម្បី​ភ្ជាប់​ពួក​អ្នក​ដែល​មិន​ជឿ និង​ពួក​អ្នក​ដែល​បះបោរ​នៅ​លើ​ផែនដី ព្រម​ទាំង​នៅ​លើ​ស្ថានសួគ៌​ផង

មែន​ហើយ ប្រាកដ​មែន គឺ​ដើម្បី​ភ្ជាប់​ពួក​គេ​ទុក​ចាំ​ថ្ងៃ​ណាមួយ ក្នុង​កាល​សេចក្ដី​ក្រោធ​នៃ​ព្រះ​អម្ចាស់​នឹង​ចាក់​មក​លើ​ពួក​ទុច្ចរិត​ដោយ​គ្មាន​កម្រិត​ឡើយ —

១០ដល់​ថ្ងៃ​ដែល​ព្រះ​អម្ចាស់​ទ្រង់​នឹង​យាង​មក ដើម្បី​សង​ដល់​មនុស្ស​រាល់​គ្នា តាម​កិច្ចការ​របស់​ខ្លួន ហើយ​វាល់​ដល់​មនុស្ស​រាល់​គ្នា តាម​រង្វាល់​ដែល​ខ្លួន​បាន​វាល់​ឲ្យ​មនុស្ស​ទូ​ទៅ​ទាំង​ឡាយ។

១១ហេតុ​ដូច្នេះ​ហើយ សំឡេង​នៃ​ព្រះ​អម្ចាស់ គឺ​ដល់​អស់​ចុង​ផែនដី ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​ណា​ដែល​នឹង​ឮ ចូរ​ឮ​ចុះ ៖

១២ចូរ​រៀបចំ ចូរ​រៀបចំ​សម្រាប់​អ្វី​ដែល​នឹង​មក​ដល់​ចុះ ត្បិត​ព្រះ​អម្ចាស់​នៅ​ជិតបង្កើយ

១៣ហើយ​សេចក្ដី​ក្រោធ​នៃ​ព្រះ​អ​ម្ចាស់​បាន​ឆួល​ឡើង ហើយ​ដាវ​របស់​ទ្រង់​បាន​លាង​សំអាត​នៅ​លើ​ស្ថានសួគ៌​ហើយ ហើយ​នឹង​ធ្លាក់​មក​លើ​បណ្ដាជន​ទាំង​ឡាយ​នៅ​លើ​ផែនដី។

១៤ហើយ​ព្រះ​ពាហុ​នៃ​ព្រះ​អម្ចាស់​នឹង​បាន​សម្ដែង​ឲ្យ​ឃើញ ហើយ​ថ្ងៃ​នោះ​នឹង​មក​ដល់ កាល​ពួក​គេ​នឹង​លែង​ឮ​សំឡេង​នៃ​ព្រះ​អម្ចាស់ ឬ សំឡេង​នៃ​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ឬ​មិន​ស្ដាប់​តាម​ពាក្យ​សម្ដី​នៃ​ពួក​ព្យាការី និង ពួក​សាវក នោះ​នឹង​ត្រូវ​កាត់​ច​ញ​ពី​ចំណោម​ប្រជាជន

១៥ត្បិត​ពួក​គេ​បាន​វង្វេង​ចេញ​ពី​ក្រឹត្យ​ក្រម​របស់​យើង ហើយ​បាន​បំបាក់​សេចក្ដី​សញ្ញា​របស់​យើង​ដែល​នៅ​អស់​កល្ប​ជានិច្ច

១៦ពួក​គេ​ពុំ​ស្វែងរក​ព្រះ​អម្ចាស់ ដើម្បី​តាំង​សេចក្ដី​សុចរិត​របស់​ទ្រង់​ឡើយ ប៉ុន្តែ​មនុស្ស​គ្រប់​រូប​ដើរ​តាម​ផ្លូវ​របស់​ខ្លួន​គេ​ផ្ទាល់ ហើយ​តាម​រូប​ភាព​នៃ​ព្រះ​របស់​ខ្លួន​គេ​ផ្ទាល់ ដែល​មាន​រូប​ភាព​ដូច​ជា​រូបរាង​នៃ​លោកិយ ហើយ​សារជាតិ​ដូច​ជា​រូប​ព្រះ ដែល​នឹង​ទៅ​ជា​ចាស់ ហើយ​នឹង​វិនាស​នៅ​ក្រុង​បាប៊ីឡូន គឺជា​ក្រុង​បាប៊ីឡូន​ដ៏​ធំ​ដែល​នឹង​រលំ​នោះ។

១៧ហេតុ​ដូច្នេះ​ហើយ យើង​ជា​ព្រះ​អម្ចាស់ ដោយ​ជ្រាប​នូវ​គ្រោះ​ដែល​នឹង​មាន​មក​លើ​បណ្ដាជន​ទាំង​ឡាយ​នៅ​លើ​ផែនដី នោះ​បាន​ហៅ​យ៉ូសែប​ស៊្មីធ ជុញ្ញ័រ ជា​អ្នក​បម្រើ​របស់​យើង ហើយ​បាន​និយាយ​មក​កាន់​លោក​ពីលើ​ស្ថានសួគ៌ ហើយ​បាន​ប្រទាន​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​ដល់​លោក

១៨ហើយ​ក៏​បាន​ប្រទាន​បញ្ញត្តិ​ទាំង​ឡាយ​ដល់​អ្នក​ដទៃ​ផង​ដែរ ថា​ពួក​គេ​គួរ​ប្រកាស​ប្រាប់​ការណ៍​ទាំង​នេះ​ដល់​ពិភពលោក ហើយ​ការណ៍​អស់​ទាំង​នេះ គឺ​ដើម្បី​ឲ្យ​បាន​សម្រេច​តាម​អ្វីៗ​ដែល​បាន​ចែង​ទុក​ដោយ​ពួក​ព្យាការី —

១៩ពួក​កម្សោយ​នៅ​ពិភពលោក​នឹង​ចេញ​មក ហើយ​ទម្លាក់​ពួក​ខ្លាំង​ពូកែ​ចុះ ដើម្បី​កុំ​ឲ្យ​មនុស្ស គួរ​ទូន្មាន​មនុស្ស​ទូ​ទៅ ឬ​ក៏​ទុក​ចិត្ត​ទៅ​លើ​ដៃ​នៃ​មនុស្ស​ឡើយ —

២០ប៉ុន្តែ​ដើម្បី​ឲ្យ​មនុស្ស​គ្រប់​រូប​អាច​និយាយ​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​ដ៏​ជា​ព្រះ​អម្ចាស់ គឺជា​ព្រះ​អង្គ​សង្គ្រោះ​នៃ​ពិភពលោក

២១ដើម្បី​ឲ្យ​សេចក្ដី​ជំនឿ​អាច​បាន​កើន​ឡើង​នៅ​លើ​ផែនដី​ផង​ដែរ

២២ដើម្បី​ឲ្យ​សេចក្ដី​សញ្ញា​ដ៏​អស់​កល្ប​ជានិច្ច​របស់​យើង​អាច​បាន​តាំង​ឡើង

២៣ដើម្បី​ឲ្យ​ភាព​ពោរ​ពេញ​នៃ​ដំណឹង​ល្អ​របស់​យើង អាច​បាន​ប្រកាស​ប្រាប់​ដោយ​ពួក​កម្សោយ និង​ពួក​រាបទាប​ដល់​អស់​ចុង​ផែនដី និង​នៅ​ចំពោះ​ពួក​មហាក្សត្រ​និង ពួក​អ្នក​ត្រួតត្រា​ទាំង​ឡាយ។

២៤មើល​ចុះ យើង​ជា​ព្រះ ហើយ​បាន​មាន​បន្ទូល​ថា​ដូច្នោះ ព្រះ​បញ្ញត្តិ​ទាំង​ប៉ុន្មាន​នេះ​សុទ្ធ​តែ​មក​ពី​យើង ហើយ​ត្រូវ​បាន​ប្រទាន​ដល់​ពួក​អ្នក​បម្រើ​របស់​យើង ដោយ​នូវ​ភាព​ទន់ខ្សោយ​របស់​ពួក​គេ ស្រប​តាម​ភាសា​របស់​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​អាច​យល់

២៥ហើយ​ដរាបណា​ពួក​គេ​ធ្វើ​ខុស នោះ​អាច​ធ្វើ​ឲ្យ​បាន​ដឹង

២៦ហើយ​ដរាបណា​ពួក​គេ​ស្វែងរក​ប្រាជ្ញា នោះ​ពួក​គេ​អាច​បាន​ទទួល​ការ​បង្គាប់

២៧ហើយ​ដរាបណា​ពួក​គេ​ធ្វើ​បាប នោះ​ពួក​គេ​អាច​បាន​ទទួល​ការ​វាយ​ផ្ចាល​ដើម្បី​ឲ្យ​ពួក​គេ​អាច​បាន​ប្រែ​ចិត្ត

២៨ហើយ​ដរាបណា​ពួក​គេ​បន្ទាប​ខ្លួន នោះ​ពួក​គេ​អាច​បាន​ធ្វើ​ឲ្យ​ជា​ខ្លាំង ហើយ​បាន​ព្រះ​ពរ​មក​ពី​ស្ថាន​ខ្ពស់ ហើយ​បាន​ទទួល​ចំណេះវិជ្ជា​តាម​កាល​វេលា។

២៩ហើយ​បន្ទាប់​ពី​បាន​ទទួល​បញ្ជី​ប្រវត្តិ​នៃ​ពួក​សាសន៍​នីហ្វៃ​ហើយ មែន​ហើយ គឺ​ដើម្បី​ឲ្យ​យ៉ូសែប​ស៊្មីធ ជា​អ្នក​បម្រើ​របស់​យើង អាច​មាន​អំណាច​ដើម្បី​បកប្រែ​ព្រះ​គម្ពីរ​មរមន តាម​រ​រយៈ សេចក្ដី​មេត្តាករុណា​នៃ​ព្រះ គឺ​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ។

៣០ហើយ​ដើម្បី​ឲ្យ​អស់​អ្នក​ណា​ដែល​បាន​ទទួល​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ អាច​មាន​អំណាច​ដើម្បី​កសាង​គ្រឹះ​នៃ​សាសនាចក្រ​នេះ ហើយ​ដើម្បី​នាំ​សាសនាចក្រ​ចេញ​ពី​ទី​អាប់អួ និង​ពី​ទី​នៃ​សេចក្ដី​ងងឹត គឺជា​សាសនាចក្រ​តែមួយ ដែល​ពិត ហើយ​សកម្ម​នៅ​លើ​ផ្ទៃ​ផែនដី​ទាំង​មូល ដែល​យើង​ជា​ព្រះ​អម្ចាស់ សព្វ​ព្រះ​ហឫទ័យ​ណាស់ ដោយ​និយាយ​ដល់​សាសនាចក្រ​ទាំង​ស្រុង ហើយ​មិនមែន​នីមួយៗ​ទេ —

៣១ត្បិត​យើង​ជា​ព្រះ​អម្ចាស់ ពុំ​អាច​ទត​មើល​អំពើ​បាប សូម្បីតែ​បន្តិចបន្តួច​បាន​ឡើយ

៣២ប៉ុន្តែ​អ្នក​ណា​ដែល​ប្រែ​ចិត្ត ហើយ​ធ្វើ​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ នោះ​នឹង​បាន​អត់​ទោស

៣៣ហើយ​អ្នក​ណា​ដែល​មិន​ប្រែ​ចិត្ត នោះ​នឹង​បាន​យក​ពី​អ្នក​នោះ​វិញ សូម្បីតែ​ពន្លឺ​ដែល​គេ​បាន​ទទួល​ក្ដី ត្បិត​វិញ្ញាណ​របស់​យើង​នឹង​ពុំ​តស៊ូ​គង់នៅ​ជាមួយ​នឹង​មនុស្ស​ជានិច្ច​ទេ ព្រះ​អម្ចាស់​នៃ​ពួក​ពល​បរិវារ​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

៣៤ហើយ​ជា​ថ្មី​ទៀត ឱ​បណ្ដាជន​ទាំង​ឡាយ​នៅ​លើ​ផែនដី​អើយ យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ៖ យើង​ជា​ព្រះ​អម្ចាស់ ព្រម​ធ្វើ​ឲ្យ​ការណ៍​ទាំង​នេះ​ឲ្យ​បាន​ដឹង​ដល់​មនុស្ស​ទាំង​អស់

៣៥ត្បិត​យើង​មិន​រើសមុខ​ជន​ណា​ទេ ហើយ​មាន​បំណង​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​ដឹង​ថា ថ្ងៃ​នោះ​នឹង​មក​ជា​ឆាប់ៗ ម៉ោង​មិនទាន់​ដល់​ទេ ប៉ុន្តែ​នៅ​ជិត​ដៃ​បង្កើយ កាល​សេចក្ដី​សុខសាន្ត​នឹង​ត្រូវ​យក​ចេញ​ពី​ផែនដី​ទៅ ហើយ​អារក្ស​នឹង​មាន​អំណាច​លើ​អាណាចក្រ​របស់​វា​ផ្ទាល់។

៣៦ហើយ​ព្រះ​អម្ចាស់​ក៏​នឹង​មាន​ព្រះ​ចេស្ដា​លើ​ពួក​បរិសុទ្ធ​របស់​ទ្រង់​ដែរ ហើយ​នឹង​សោយរាជ្យ​នៅ​កណ្ដាល​ពួក​គេ ហើយ​នឹង​យាង​ចុះ​មក​ជំនុំ​ជំរះ​លើ​ស្រុក​អេដំម ឬ​ពិភពលោក។

៣៧ចូរ​ពិចារណា​មើល​ព្រះ​បញ្ញត្តិ​ទាំង​នេះ​ចុះ ត្បិត​ព្រះ​បញ្ញត្តិ​ទាំង​នេះ​ពិត ហើយ​ស្មោះត្រង់​ហើយ​សេចក្ដី​ព្យាករណ៍ និង​សេចក្ដី​សន្យា​ដែល​មាន​ទាំង​ប៉ុន្មាន​នៅ​ក្នុង​នោះ នោះ​នឹង​បាន​សម្រេច​ទាំង​អស់។

៣៨អ្វី​ដែល​យើង​ជា​ព្រះ​អម្ចាស់​បាន​មាន​បន្ទូល នោះ​យើង​បាន​មាន​បន្ទូល​ហើយ ហើយ​យើង​ពុំ​កែ​ដោះ​សារ​ខ្លួន​ឡើយ ហើយ​ទោះ​ជា​ផ្ទៃ​មេឃ ហើយ​ផែនដី នឹង​កន្លង​បាត់​ទៅ​ក៏​ដោយ គង់តែ​ពាក្យ​របស់​យើង​នឹង​មិន​កន្លង​បាត់​ដែរ ប៉ុន្តែ​ពាក្យ​ទាំង​អស់​នឹង​បាន​សម្រេច ទោះ​ជា​ដោយ​សំឡេង​របស់​យើង​ផ្ទាល់ ឬ​ក៏​ដោយ​សំឡេង​នៃ​ពួក​អ្នក​បម្រើ​របស់​យើង​ក្ដី គឺ​ដូច​តែ​គ្នា។

៣៩ត្បិត​មើល​ចុះ ហើយ​មើល​ន៏ ព្រះ​អម្ចាស់ ទ្រង់​ជា​ព្រះ ហើយ​ព្រះ​វិញ្ញាណ​ធ្វើ​ទី​បន្ទាល់ ហើយ​ទី​បន្ទាល់​នោះ​ពិត ហើយ​សេចក្ដី​ពិត​ជាប់​នៅ​រៀង​ដរាប​ត​ទៅ។ អាម៉ែន៕