ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 93


កណ្ឌ​ទី ៩៣

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ថ្ងៃ​ទី៦ ខែ​ឧសភា ឆ្នាំ​១៨៣៣ (History of the Church, ១:៣៤៣–៣៤៦)។

១–៥, អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះត្រង់​នឹង​បាន​ឃើញ​ព្រះ​អម្ចាស់; ៦–១៨, យ៉ូហាន​បាន​ធ្វើ​ទី​បន្ទាល់​ថា ព្រះ​រាជ​បុត្រា​នៃ​ព្រះ បាន​ព្រះ​គុណ​ថែម​លើ​ព្រះ​គុណ​រហូត​ដល់​ទ្រង់​បាន​ទទួល​ភាព​ពោរ​ពេញ​នូវ​សិរី​ល្អ​នៃ​ព្រះ​វរបិតា; ១៩–២០, ពួក​មនុស្ស​ស្មោះត្រង់​ដែល​បាន​ព្រះ​គុណ​ថែម​លើ​ព្រះ​គុណ នោះ​ក៏​នឹង​បាន​ទទួល​ភាព​ពោរ​ពេញ​របស់​ព្រះ​អង្គ​យ៉ាង​នោះ​ដែរ; ២១–២២, អស់​អ្នក​ណា​ដែល​បាន​កើត​មក​តាម​រយៈ​ព្រះ​គ្រីស្ទ នោះ​ជា​សាសនាចក្រ​នៃ​កូន​ច្បង; ២៣–២៨, ព្រះ​គ្រីស្ទ​បាន​ទទួល​ភាព​ពោរ​ពេញ​នៃ​សេចក្ដី​ពិត ហើយ​ដោយ​សារ​ការ​គោរព​តាម នោះ​មនុស្ស​លោក​ក៏​អាច​ធ្វើ​ដូច្នោះ​បាន​ដែរ; ២៩–៣២, កាល​ដើមដំបូង មនុស្ស​លោក​បាន​នៅ​ជាមួយ​ព្រះ; ៣៣–៣៥, វត្ថុ​ធាតុ​ទាំង​ឡាយ​សុទ្ធ​តែ​មាន​នៅ​អស់​កល្ប​ជានិច្ច ហើយ​មនុស្ស​លោក​អាច​បាន​ទទួល​នូវ​ភាព​ពោរ​ពេញ​នៃ​សេចក្ដី​អំណរ​នៅ​ក្នុង​ដំណើរ​រស់​ឡើង​វិញ; ៣៦–៣៧, សិរី​ល្អ​នៃ​ព្រះ​គឺជា​បញ្ញា; ៣៨–៤០, ពួក​កូន​ក្មេង​សុទ្ធ​តែ​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ ពី​ព្រោះ​តែ​សេចក្ដី​ប្រោស​លោះ​នៃ​ព្រះ​គ្រីស្ទ; ៤១–៥៣, ពួក​បង​ប្អូន​ដែល​ដឹកនាំ​គេ​ត្រូវ​បាន​បញ្ជា​ឲ្យ​តាំង​ក្រុម​គ្រួសារ​របស់​ខ្លួន​ឲ្យ​មាន​របៀបរៀបរយ។

ប្រាកដ​មែន ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា ៖ ហេតុការណ៍​នឹង​កើត​ឡើង​ថា មនុស្ស​គ្រប់​រូប​ដែល​លះបង់​ចោល​អំពើ​បាប​ទាំង​ឡាយ​របស់​ខ្លួន ហើយ​មក​រក​យើង ហើយ​អំពាវនាវ​ដល់​ព្រះ​នាម​របស់​យើង ហើយ​គោរព​តាម​សំឡេង​របស់​យើង ហើយ​កាន់​តាម ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង នោះ​នឹង​បាន​ឃើញ​ព្រះ​ភក្ត្រ​របស់​យើង ហើយ​ស្គាល់​ថា​យើង​ជា​ព្រះ

ហើយ​ថា​យើង​ជា​ពន្លឺ​ពិត ដែល​បំភ្លឺ​ដល់​មនុស្ស​ទាំង​អស់ ដែល​កើត​មក​ក្នុង​លោកិយ

ហើយ​ថា​យើង​គង់​នៅ​ក្នុង​ព្រះ​វរបិតា ហើយ​ព្រះ​វរបិតា​គង់នៅ​ក្នុង​យើង ហើយ​ឯ​ព្រះ​វរបិតា និង​យើង​គឺ​តែ​មួយ —

ជា​ព្រះ​វរបិតា ពី​ព្រោះ​ព្រះ​អង្គ​បាន​ប្រទាន​ដល់​យើង​នូវ​ភាព​ពោរ​ពេញ​របស់​ទ្រង់ ហើយ​ជា​ព្រះ​រាជ​បុត្រា ពី​ព្រោះ​យើង​បាន​គង់នៅ​ក្នុង​លោកិយ ហើយ​បាន​ធ្វើ​រោង​ឧបោសថ​របស់​យើង​ទៅ​ជា​សាច់​ឈាម ហើយ​បាន​គង់នៅ​ក្នុង​ចំណោម​ពួក​កូន​មនុស្ស។

យើង​បាន​គង់នៅ​ក្នុង​លោកិយ ហើយ​បាន​ទទួល​ពី​ព្រះ​វរបិតា និង​កិច្ចការ​ទាំង​ឡាយ​របស់​ទ្រង់ ត្រូវ​បាន​សម្ដែង​ប្រាប់​យ៉ាង​ច្បាស់លាស់។

ហើយ​យ៉ូហាន​បាន​ឃើញ ហើយ​បាន​ធ្វើ​ទី​បន្ទាល់​អំពី​ភាព​ពោរ​ពេញ​នៃ​សិរី​ល្អ​របស់​យើង ហើយ​ភាព​ពោរ​ពេញ​នៃ​បញ្ជី​របស់​យ៉ូហាន នឹង​ត្រូវ​បាន​បើក​សម្ដែង​ពី​ពេល​នេះ។

ហើយ​លោក​បាន​ធ្វើ​ទី​បន្ទាល់​ថា ៖ ខ្ញុំ​បាន​ឃើញ​សិរី​ល្អ​របស់​ទ្រង់ គឺ​កាល​ដើមដំបូង​មាន​ព្រះ​អង្គ​មុន​មាន​លោកិយ​មក​ម្ល៉េះ

ហេតុ​ដូច្នេះ​ហើយ កាល​ដើមដំបូង​មាន​ព្រះ​បន្ទូល ត្បិត​ព្រះ​អង្គ​នោះ​ហើយ​ជា​ព្រះ​បន្ទូល គឺជា​សារ​ទូត​អំពី​សេចក្ដី​សង្គ្រោះ —

ជា​ពន្លឺ និង​ជា​ព្រះ​ដ៏​ប្រោស​លោះ​នៃ​ពិភពលោក ជា​ព្រះ​វិញ្ញាណ​នៃ​សេចក្ដី​ពិត ដែល​បាន​យាង​មក​ក្នុង​ពិភពលោក ពី​ព្រោះ​ពិភពលោក​ត្រូវ​បាន​កើត​មក​ដោយ​សារ​ទ្រង់ ហើយ​នៅ​ក្នុង​ទ្រង់ គឺជា​ជីវិត​នៃ​មនុស្ស​លោក និង​ជា​ពន្លឺ​នៃ​មនុស្ស​លោក។

១០ពិភព​ទាំង​ឡាយ​ត្រូវ​បាន​កើត​មក​ដោយ​សារ​ទ្រង់ មនុស្ស​លោក​ត្រូវ​បាន​កើត​មក​ដោយ​សារ​ទ្រង់ គ្រប់​ទាំង​អស់​ត្រូវ​បាន​កើត​មក​ដោយ​សារ​ទ្រង់ និង​តាម​រយៈ​ទ្រង់ និង​មក​ពី​ទ្រង់។

១១ហើយ​ខ្ញុំ យ៉ូហាន ធ្វើ​ទី​បន្ទាល់​ថា ខ្ញុំ​បាន​ឃើញ​សិរី​ល្អ​របស់​ទ្រង់ ដូច​ជា​សិរី​ល្អ​នៃ​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​នៃ​ព្រះ​វរបិតា ពោរ​ពេញ​ទៅ​ដោយ​ព្រះ​គុណ និង​សេចក្ដី​ពិត គឺជា​ព្រះ​វិញ្ញាណ​នៃ​សេចក្ដី​ពិត​ដែល​យាង​មក ហើយ​គង់នៅ​ក្នុង​សាច់​ឈាម ហើយ​គង់នៅ​ក្នុង​ចំណោម​ពួក​យើង​រាល់​គ្នា។

១២ហើយ​ខ្ញុំ យ៉ូហាន បាន​ឃើញ​ថា មុនដំបូង ទ្រង់​ពុំ​បាន​ទទួល​នូវ​ភាព​ពោរ​ពេញ​ទេ ប៉ុន្តែ​បាន​ទទួល​ព្រះ​គុណ​ថែម​លើ​ព្រះ​គុណ

១៣ហើយ​មុនដំបូង ទ្រង់​ពុំ​បាន​ទទួល​នូវ​ភាព​ពោរ​ពេញ ប៉ុន្តែ​បាន​ព្រះ​គុណ​ថែម​លើ​ព្រះ​គុណ​ជា​បន្ត​បន្ទាប់​មក រហូត​ដល់​ទ្រង់​បាន​ទទួល​នូវ​ភាព​ពោរ​ពេញ

១៤ដូច្នោះ​ហើយ ទើប​ទ្រង់​ត្រូវ​បាន​ហៅថា​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ពី​ព្រោះ​មុនដំបូង ទ្រង់​ពុំ​បាន​ទទួល​នូវ​ភាព​ពោរ​ពេញ​ឡើយ។

១៥ហើយ​ខ្ញុំ យ៉ូហាន ធ្វើ​ទី​បន្ទាល់​ថា ហើយ​មើល​ន៏ ផ្ទៃ​មេឃ​ត្រូវ​បាន​បើកចំហ ហើយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​យាង​ចុះ​មក​សណ្ឋិត​លើ​ទ្រង់​ក្នុង​រូបសណ្ឋាន​ជា​ព្រាបស ហើយ​បាន​គង់​នៅ​លើ​ទ្រង់ ហើយ​មាន​ឮ​សំឡេង​ចេញ​ពី​ស្ថាន​សួគ៌​ថា ៖ នេះ​ជា​កូន​ស្ងួនភ្ងា​របស់​យើង

១៦ហើយ​ខ្ញុំ យ៉ូហាន ធ្វើ​ទី​បន្ទាល់​ថា ទ្រង់​បាន​ទទួល​ភាព​ពោរ​ពេញ​នៃ​សិរី​ល្អ​របស់​ព្រះ​វរបិតា

១៧ហើយ​ទ្រង់​បាន​ទទួល​គ្រប់​ព្រះ​ចេស្ដា​ទាំង​អស់ ទាំង​នៅ​លើ​ស្ថាន​សួគ៌ និង​នៅ​លើ​ផែនដី​ផង ហើយ​សិរី​ល្អ​នៃ​ព្រះ​វរបិតា​បាន​ស្ថិតនៅ​ជាមួយ​នឹង​ព្រះ​អង្គ ត្បិត​ទ្រង់​គង់នៅ​ក្នុង​ព្រះ​អង្គ។

១៨ហើយ​ហេតុការណ៍​នឹង​កើត​ថា បើ​សិន​ជា​អ្នក​មាន​ចិត្ត​ស្មោះត្រង់ នោះ​អ្នក​នឹង​បាន​ទទួល​ភាព​ពោរ​ពេញ​អំពី​បញ្ជី​របស់​យ៉ូហាន​ដែរ។

១៩យើង​ប្រទាន​ដល់​អ្នក​នូវ​ពាក្យ​ទាំង​នេះ ដើម្បី​ឲ្យ​អ្នក​អាច​យល់ ហើយ​ចេះ​ថ្វាយ​បង្គំ ហើយ​ស្គាល់​នូវ​អ្វី​ដែល​ខ្លួន​ថ្វាយ​បង្គំ ប្រយោជន៍​ឲ្យ​អ្នក​អាច​ចូល​មក​ឯ​ព្រះ​វរបិតា​ដោយ​នូវ​ព្រះ​នាម​របស់​យើង ហើយ​នៅ​វេលា​កំណត់ ឲ្យ​បាន​ទទួល​នូវ​ភាព​ពោរ​ពេញ​របស់​ទ្រង់។

២០ត្បិត​បើ​សិន​ជា​អ្នក​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង នោះ​អ្នក​នឹង​បាន​ទទួល​នូវ​ភាព​ពោរ​ពេញ​របស់​ទ្រង់ ហើយ​បាន​តម្កើង​ក្នុង​យើង ដូច​ជា​យើង​នៅ​ក្នុង​ព្រះ​វរបិតា​ដែរ ហេតុ​ដូច្នេះ​ហើយ យើង​ប្រាប់​អ្នក​ថា អ្នក​នឹង​បាន​ទទួល​ព្រះ​គុណ​ថែម​លើ​ព្រះ​គុណ។

២១ហើយ​ឥឡូវ​នេះ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា កាល​ដើមដំបូង យើង​បាន​គង់នៅ​ជាមួយ​ព្រះ​វរបិតា ហើយ​យើង​ជា​កូន​ច្បង

២២ហើយ​អស់​អ្នក​ណា​ដែល​បាន​កើត​មក​ដោយ​សារ​យើង សុទ្ធ​តែ​ជា​ពួក​អ្នក​ដែល​ទទួល​នូវ​សិរី​ល្អ​ដូច​គ្នា ហើយ​សុទ្ធ​តែ​ជា​សាសនាចក្រ​នៃ​កូន​ច្បង។

២៣កាល​ដើមដំបូង អ្នក​រាល់​គ្នា​ក៏​បាន​នៅ​ជាមួយ​ព្រះ​វរបិតា​ដែរ ជា​អ្វី​ដែល​ជា​ព្រះ​វិញ្ញាណ គឺជា​ព្រះ​វិញ្ញាណ​នៃ​សេចក្ដី​ពិត

២៤ហើយ​សេចក្ដី​ពិត​គឺជា​ការ​ចេះ​ដឹង​អំពី​ការណ៍​ទាំង​ឡាយ​ដែល​មាន​នៅ​ពេល​នេះ និង​ការណ៍​ទាំង​ឡាយ​ដែល​មាន​មក​ហើយ ហើយ​នឹង​ការណ៍​ទាំង​ឡាយ​ដែល​នឹង​មាន​នៅ​ខាង​មុខ

២៥ហើយ​ការណ៍​ណា​ដែល​លើស ឬ​តិច​ជាង​នេះ គឺជា​វិញ្ញាណ​នៃ​អា​កំណាច ដែល​ជា​អ្នក​កុហក​ចាប់​តាំង​ពី​ដើមដំបូង​មក​ម្ល៉េះ។

២៦ព្រះ​វិញ្ញាណ​នៃ​សេចក្ដី​ពិត គឺ​មក​ពី​ព្រះ។ យើង​ជា​ព្រះ​វិញ្ញាណ​នៃ​សេចក្ដី​ពិត ហើយ​យ៉ូហាន​បាន​ធ្វើ​ទី​បន្ទាល់​អំពី​យើង​ដោយ​ថា ៖ ទ្រង់​បាន​ទទួល​នូវ​ភាព​ពោរ​ពេញ​នៃ​សេចក្ដី​ពិត មែន​ហើយ គឺជា​គ្រប់​សេចក្ដី​ពិត​ទាំង​អស់។

២៧ហើយ​គ្មាន​នរណា​ទទួល​នូវ​ភាព​ពោរ​ពេញ​បាន​ឡើយ លើក​លែងតែ​អ្នក​នោះ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់។

២៨អ្នក​ណា​ដែល​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់ នោះ​បាន​ទទួល​សេចក្ដី​ពិត និង​ពន្លឺ រហូត​ដល់​អ្នក​នោះ​បាន​តម្កើង​ឡើង​នៅ​ក្នុង​សេចក្ដី​ពិត ហើយ​ស្គាល់​ការណ៍​គ្រប់​យ៉ាង។

២៩កាល​ដើមដំបូង មនុស្ស​ក៏​បាន​នៅ​ជាមួយ​នឹង​ព្រះ​ដែរ។ បញ្ញា ឬ​ពន្លឺ​នៃ​សេចក្ដី​ពិត ក៏​ពុំ​បាន​បង្កើត ឬ​ធ្វើ​ឡើង ឬ​អាច​បង្កើត ឬ​ធ្វើ​ឡើង​ឡើយ។

៣០គ្រប់​សេចក្ដី​ពិត​ទាំង​អស់​គឺ​មាន​សេរី​នៅ​ក្នុង​វិស័យ​ដែល​ព្រះ​ទ្រង់​បាន​ដាក់​វា​ទុក ដើម្បី​ឲ្យ​ប្រព្រឹត្ត​ដោយ​ខ្លួន​ឯង ដូច​ជា​គ្រប់​បញ្ញា​ទាំង​អស់​ដែរ បើ​ពុំ​នោះ​សោត​ទេ គ្មាន​ការ​រស់នៅ​ឡើយ។

៣១មើល​ចុះ នេះ​ហើយ​ជា​សិទ្ធិ​ជ្រើសរើស​នៃ​មនុស្ស និង​នេះ​ហើយ​ជា​ការ​ដាក់​ទោស​នៃ​មនុស្ស ពី​ព្រោះ​អ្វី​ដែល​មាន​មក​ពី​ដើមដំបូង​នោះ ត្រូវ​បាន​សម្ដែង​យ៉ាង​ច្បាស់​ដល់​ពួក​គេ ហើយ​ពួក​គេ​ពុំ​បាន​ទទួល​ពន្លឺ​ទេ។

៣២ហើយ​មនុស្ស​គ្រប់​រូប​ដែល​វិញ្ញាណ​របស់​ខ្លួន ពុំ​បាន​ទទួល​ពន្លឺ​ទេ​នោះ គឺ​នៅ​ក្រោម​ការ​ដាក់​ទោស​ហើយ។

៣៣ត្បិត​មនុស្ស​ជា​វិញ្ញាណវត្ថុ​ធាតុ​ទាំង​ឡាយ​សុទ្ធ​តែ​មាន​នៅ​អស់​កល្ប​ជានិច្ច ហើយ​វិញ្ញាណ និង​វត្ថុ​ធាតុ​នៅ​ជាប់​គ្នា​ដោយ​ឥត​បែកបាក់​ឡើយ គឺ​បាន​ទទួល​នូវ​ភាព​ពោរ​ពេញ​នៃ​សេចក្ដី​អំណរ

៣៤ហើយ​កាលណា​បែកបាក់​ពី​គ្នា នោះ​មនុស្ស​ពុំ​អាច​ទទួល​នូវ​ភាព​ពោរ​ពេញ​នៃ​សេចក្ដី​អំណរ​បាន​ឡើយ។

៣៥វត្ថុ​ធាតុ​ទាំង​ឡាយ​សុទ្ធ​តែ​ជា​រោង​ឧបោសថ​នៃ​ព្រះ មែន​ហើយ មនុស្ស​ជា​រោង​ឧបោសថ​នៃ​ព្រះ គឺជា​ព្រះ​វិហារ​ទាំង​ឡាយ ហើយ​ព្រះ​វិហារ​ណា​ក៏​ដោយ​ដែល​ខូច នោះ​ព្រះ​ទ្រង់​នឹង​បំផ្លាញ​ព្រះ​វិហារ​នោះ​ចោល។

៣៦សិរី​ល្អ​នៃ​ព្រះ គឺជា​បញ្ញា ឬ​ក៏​ម្យ៉ាង​ទៀត ជា​ពន្លឺ និង​សេចក្ដី​ពិត។

៣៧ពន្លឺ និង​សេចក្ដី​ពិត​បោះបង់​ចោល​អា​កំណាច​នោះ។

៣៨កាល​ដើមដំបូង វិញ្ញាណ​នៃ​មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​ឥត​មាន​ទោសឡើយ ហើយ​ព្រះ​ដោយ​បាន​ប្រោស​លោះ​មនុស្ស​ពី​ការ​ធ្លាក់ នោះ​មនុស្ស​បាន​ត្រឡប់​ទៅ​ក្នុង​ស្ថានភាព​ទារក​វិញ គឺ​ឥត​មាន​ទោស​នៅ​ចំពោះ​ព្រះ។

៣៩ហើយ​អា​កំណាច​នេះ​មក ហើយ​យក​ពន្លឺ និង​សេចក្ដី​ពិត ដោយ​សារ​ការ​មិន​គោរព​តាម ចេញ​ពី​កូន​ចៅ​មនុស្ស និង​ពី​ព្រោះ​តែ​សណ្ដាប់​ធ្នាប់​នៃ​ពួក​អយ្យកោ​របស់​ពួក​គេ។

៤០ប៉ុន្តែ​យើង​បាន​បញ្ជា​ដល់​អ្នក​ឲ្យ​ចិញ្ចឹម​កូន​ចៅ​របស់​ខ្លួន​នៅ​ក្នុង​ពន្លឺ និង​សេចក្ដី​ពិត។

៤១ប៉ុន្តែ​យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ហ្វ្រែឌើរិក ជី វិលលាម្ស ជា​អ្នក​បម្រើ​របស់​យើង​អើយ អ្នក​នៅ​ក្រោម​ការ​ដាក់​ទោស​នេះ​រហូត​មក

៤២អ្នក​ពុំ​បាន​បង្រៀន​កូន​ចៅ​របស់​ខ្លួន​ពី​ពន្លឺ និង​សេចក្ដី​ពិត តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នោះ​ឡើយ ហើយ​អា​កំណាច​នោះ វា​មាន​អំណាច​នៅ​លើ​អ្នក​នៅ​ឡើយ និង​នេះ​ហើយ​ជាហេតុ​នៃ​សេចក្ដី​វេទនា​របស់​អ្នក។

៤៣ហើយ​ឥឡូវ​នេះ យើង​ប្រទាន​ព្រះ​បញ្ញត្តិ​មួយ​ដល់​អ្នក — បើ​សិន​ជា​អ្នក​នឹង​ត្រូវ​បាន​រំដោះ​ឲ្យ​រួច នោះ​អ្នក​នឹង​ត្រូវ​តាំង​គេហដ្ឋាន​របស់​ខ្លួន​ឲ្យ​មាន​របៀបរៀបរយ ត្បិត​មាន​ការណ៍​ជា​ច្រើន ដែល​ពុំ​ទាន់​បាន​ត្រឹម​ត្រូវ​នៅ​ក្នុង​គេហដ្ឋាន​របស់​អ្នក​នៅ​ឡើយ​ទេ។

៤៤ប្រាកដ​មែន យើង​ប្រាប់​ដល់ ស៊ីឌនី រិកដុន ជា​អ្នក​បម្រើ​យើង​ថា នៅ​ក្នុង​រឿង​ខ្លះៗ នោះ​គាត់​ពុំ​បាន​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​អំពី​កូន​ចៅ​គាត់​ទេ ហេតុ​ដូច្នេះ​ហើយ ទី​មួយ ចូរ​តាំង​គេហដ្ឋាន​របស់​អ្នក​ឲ្យ​មាន​របៀបរៀបរយ​ចុះ។

៤៥ប្រាកដ​មែន យើង​ប្រាប់​ដល់ យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជា​អ្នក​បម្រើ​របស់​យើង ឬ​ម្យ៉ាង​ទៀត​ថា យើង​នឹង​ហៅ​អ្នក​ថា​ជា​មិត្ត ត្បិត​អ្នក​ជា​មិត្ត​របស់​យើង ហើយ​អ្នក​រាល់​គ្នា​មាន​កេរមរតក​នៅ​ជាមួយ​និង​យើង​ដែរ —

៤៦យើង​បាន​ហៅ​អ្នក​ជា​ពួក​អ្នក​បម្រើ ដោយ​យល់​ដល់​ពិភពលោក​ប៉ុណ្ណោះ ហើយ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​អ្នក​បម្រើ​ដល់​ពួក​គេ​ដោយ​យល់​ដល់​យើង —

៤៧ហើយ​ឥឡូវ​នេះ យើង​ប្រាប់​ដល់​យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជា​ប្រាកដ​ថា — អ្នក​ពុំ​បាន​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​ទេ ហើយ​ត្រូវ​តែ​បាន​បន្ទោស​នៅ​ចំពោះ​ព្រះ​អម្ចាស់

៤៨ក្រុម​គ្រួសារ​របស់​អ្នក​ត្រូវ​តែ​ប្រែ​ចិត្ត ហើយ​លះបង់​ចោល​ការណ៍​ខ្លះៗ ហើយ​ប្រុង​ស្ដាប់​តាម​ពាក្យ​សម្ដី​របស់​អ្នក បើ​ពុំ​នោះ​សោត​ទេ​នឹង​ត្រូវ​ដក​ចេញ​ពី​កន្លែង​របស់​ពួក​គេ។

៤៩អ្វីៗ​ដែល​យើង​ប្រាប់​ដល់​មនុស្ស​ម្នាក់​យ៉ាង​ណា នោះ​យើង​ប្រាប់​ដល់​មនុស្ស​ទាំង​អស់​យ៉ាង​នោះ​ដែរ ចូរ​អធិស្ឋាន​ជានិច្ច ក្រែងលោ​អា​កំណាច​នោះ​មាន​អំណាច​មក​លើ​អ្នក ហើយ​ដក​អ្នក​ចេញ​ពី​កន្លែង​របស់​អ្នក។

៥០ព្រម​ទាំង​នូវល ខេ វិតនី ជា​ប៊ីស្សព​នៃ​សាសនាចក្រ​របស់​យើង ក៏​ត្រូវ​វាយ​ផ្ចាល​ផង​ដែរ ហើយ​ត្រូវ​រៀបចំ​គ្រួសារ​របស់​ខ្លួន​ឲ្យ​មាន​របៀបរៀបរយ ហើយ​ត្រូវ​មើល​ឲ្យ​ឃើញ​ថា ពួក​គេ​មាន​ចិត្ត​ព្យាយាម ហើយ​គិតគូរ​ពី​គេហដ្ឋាន​ខ្លាំង​ឡើង ហើយ​ត្រូវ​អធិស្ឋាន​ជានិច្ច បើ​ពុំ​នោះ​សោត​ទេ ពួក​គេ​នឹង​ត្រូវ​ដក​ចេញ​ពី​កន្លែង​របស់​ពួក​គេ។

៥១ឥឡូវ​នេះ យើង​ប្រាប់​អ្នក ជា​មិត្ត​ទាំង​ឡាយ​របស់​យើង​ថា ចូរ​ឲ្យ​ស៊ីឌនី រិកដុន ជា​អ្នក​បម្រើ​របស់​យើង​ចេញ​ដំណើរ​របស់​គាត់​ទៅ ហើយ​ទៅ​ជា​បន្ទាន់ ហើយ​ឲ្យ​ប្រកាស​ប្រាប់​ពី​ឆ្នាំ ដែល​ព្រះ​អម្ចាស់​ទ្រង់​សព្វ​ព្រះ​ហឫទ័យ និង​ពី​ដំណឹង​ល្អ​នៃ​សេចក្ដី​សង្គ្រោះ ដូចដែល​យើង នឹង​ប្រទាន​ពាក្យ​សម្ដី​ដល់​គាត់ ហើយ​ដោយ​ពាក្យ​អធិស្ឋាន​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក តាម​ការ​យល់​ព្រម​តែ​មួយ នោះ​យើង​នឹង​លើក​គាត់​ឡើង។

៥២ហើយ​ចូរ​ឲ្យ យ៉ូសែប ស៊្មីធ ជុញ្ញ័រ និង ហ្វ្រែឌើរិក ជី វិលលាម្ស ជា​ពួក​អ្នក​បម្រើ​របស់​យើង បន្ទាន់​ផង​ចុះ ហើយ​អ្វីៗ​នឹង​ត្រូវ​បាន​ប្រទាន​ដល់​ពួក​គេ ស្រប​តាម​ពាក្យ​អធិស្ឋាន​នៃ​សេចក្ដី​ជំនឿ ហើយ​ដរាបណា​អ្នក​កាន់​តាម​ព្រះ​បន្ទូល​ទាំង​ឡាយ​របស់​យើង នោះ​អ្នក​នឹង​មិន​ត្រូវ​ធ្វើ​ឲ្យ​ខ្មាស​នៅ​លោកិយ​នេះ ឬ​នៅ​បរលោក​ឡើយ។

៥៣ហើយ​យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា គឺជា​ព្រះ​ហឫទ័យ​របស់​យើង ដែល​អ្នក​ត្រូវ​ប្រញាប់​បកប្រែ​ព្រះ​គម្ពីរ​របស់​យើង និង​ដើម្បី​ឲ្យ​បាន​ការ​ចេះ​ដឹង​អំពី​ប្រវត្តិសាស្ត្រ និង​អំពី​ប្រទេស​ទាំង​ឡាយ និង​អំពី​នគរ​ទាំង​ឡាយ និង​អំពី​ក្រឹត្យ​វិន័យ​ទាំង​ឡាយ​នៃ​ព្រះ និង​មនុស្ស និង​គ្រប់ ការណ៍​ទាំង​អស់​នេះ សម្រាប់​សេចក្ដី​សង្គ្រោះ​ដល់​ស៊ីយ៉ូន។ អាម៉ែន៕