សេចក្ដីត្រូវការនៅចំពោះយើង
សេចក្ដីត្រូវការសំខាន់បំផុតមួយចំនួនដែលយើងអាចបំពេញបាន គឺស្ថិតនៅក្នុងរង្វង់ក្រុមគ្រួសារយើង ក្នុងចំណោមមិត្តភក្តិយើង នៅក្នុងវួដយើង និងនៅក្នុងសហគមន៍យើង ។
នៅពេលថ្មីៗនេះ យើងបានឃើញគ្រោះធម្មជាតិដ៏ធំមួយនៅប្រទេសម៉ិកស៊ិក សហរដ្ឋអាមេរិក ទ្វីបអាស៊ី ការីប៊ៀន និង អាហ្វ្រិក ។ វាបានធ្វើឲ្យមនុស្សរាប់ពាន់នាក់បានបោះជំហានទៅជួយដល់អ្នកទាំងឡាយដែលស្ថិតក្នុងគ្រោះថ្នាក់ ឬកំពុងខ្វះខាត ហើយដែលកំពុងរងទុក្ខនូវការបាត់បង់ដោយអស់ពីសមត្ថភាព ។ ខ្ញុំរីករាយដែលមើលឃើញយុវនារីនៅ រដ្ឋតិចសាស និងរដ្ឋ ហ្លូរីដា ព្រមជាមួយនឹងអ្នកដទៃជាច្រើនទៀត បានពាក់អាវយឺតពណ៌លឿងមាននិមិត្តសញ្ញាដៃជំនួយចេញទៅជួយរើផ្ទះបាក់បែកបន្ទាប់ពីព្យុះកំណាចថ្មីៗនេះ ។ មនុស្សរាប់ពាន់នាក់ទៀតរីករាយនឹងចេញទៅកន្លែងដែលត្រូវការជំនួយដែលនៅមិនឆ្ងាយពីនោះផងដែរ ។ ចំណែកអ្នក អ្នកបានផ្ដល់នូវការបរិច្ចាគដោយសប្បុរសដើម្បីសម្រាលការរងទុក្ខ ។ សេចក្ដីសប្បុរស និងក្ដីមេត្តារបស់អ្នក កំពុងមានការបំផុសគំនិត និងមានលក្ខណៈដូចព្រះគ្រីស្ទ ។
នៅថ្ងៃនេះ ខ្ញុំចង់ប្រាប់អំពីទិដ្ឋភាពនៃការបម្រើមួយ ដែលខ្ញុំមានអារម្មណ៍ថាសំខាន់សម្រាប់យើងទាំងអស់គ្នា —មិនថាយើងនៅកន្លែងណាទេ ។ សម្រាប់យើងទាំងអស់គ្នាដែលបានមើលព័ត៌មាន អំពីព្រឹត្តិការណ៍ថ្មី ហើយមានអារម្មណ៍ថាជួយអីមិនបាន ចម្លើយអាចនឹងត្រឹមត្រូវចំពោះយើង ។
ព្រះអង្គសង្គ្រោះបានបង្រៀនថា « ដ្បិតអ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ ៖ តែអ្នកណាដែលបានបាត់ជីវិតដោយព្រោះខ្ញុំ នោះនឹងបានជីវិតវិញ » ។ ប្រធាន ថូម៉ាស អេស ម៉នសុន បានមានប្រសាសន៍អំពីបទគម្ពីរនេះថា៖ « ខ្ញុំជឿថា ព្រះអង្គសង្គ្រោះ កំពុងតែប្រាប់យើងថា លើកលែងតែយើងបំភ្លេចខ្លួនយើង នៅក្នុងការបម្រើដល់អ្នកដទៃ នោះជីវិតរបស់យើងផ្ទាល់មាននូវគោលបំណងបន្តិចបន្តួចប៉ុណ្ណោះ ។ អ្នកទាំងឡាយណាដែលរស់នៅសម្រាប់តែខ្លួនឯង យូរៗទៅនឹងហួតហែង ហើយមាននិមិត្តរូបជា ការបាត់ជីវិតរបស់ខ្លួន ស្របពេលដែលមនុស្សដែលបំភ្លេចខ្លួនពួកគេ ដើម្បីបម្រើអ្នកដទៃនឹងរីកចម្រើន ហើយលូតលាស់—និងជាប្រយោជន៍សម្រាប់សង្គ្រោះជីវិតរបស់ពួកគេវិញ » ។
យើងរស់នៅក្នុងវប្បធម៌មួយ ដែលយើងផ្ដោតទៅលើអេក្រង់តូចៗនៅក្នុងដៃរបស់យើង ជាងយើងផ្ដោតទៅលើមនុស្សនៅជុំវិញខ្លួនយើង ។ ជំនួសឲ្យការផ្ញើសារ និងការធ្វីត យើងមកមើលចំមុខនរណាម្នាក់ ហើយញញឹមវិញ ឬមានការសន្ទនាទល់មុខគ្នាវិញ ។ ជាញឹកញាប់ យើងខ្វល់ខ្វាយនឹងចំនួនរបស់អ្នកfollow យើង និង អ្នក Like យើង ជាជាងការឱបមិត្តម្នាក់ ហើយបង្ហាញសេចក្ដីស្រឡាញ់ ការខ្វល់ខ្វាយ និងចំណាប់អារម្មណ៍ពិត ។ វាអស្ចារ្យដែលបច្ចេកវិទ្យាទំនើបអាចផ្សាយសារដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ និងជួយយើងឲ្យភ្ជាប់ទំនាក់ទំនងនឹងគ្រួសារ និងមិត្តភក្ដិដែរ តែប្រសិនបើយើងមិនប្រុងប្រយ័ត្នអំពីរបៀបដែលយើងប្រើឧបករណ៍ផ្ទាល់ខ្លួនយើងទេ នោះយើងក៏អាចចាប់ផ្ដើមគិតតែខ្លួនឯង ហើយភ្លេចពីសារៈសំខាន់នៃការរស់នៅតាមដំណឹងល្អ ដែលជាការបម្រើហើយ ។
ខ្ញុំមានក្ដីស្រឡាញ់ និងជំនឿដ៏ធំចំពោះអស់អ្នកដែលជាយុវវ័យ និងយុវមជ្ឈិមវ័យ ។ ខ្ញុំបានឃើញ ហើយដឹងពីបំណងប្រាថ្នារបស់អ្នកដើម្បីបម្រើ ហើយធ្វើឲ្យមានភាពខុសប្លែកមួយនៅក្នុងពិភពលោកនេះ ។ ខ្ញុំជឿថា សមាជិកភាគច្រើនគិតថាការបម្រើគឺជាបេះដូងនៃសេចក្ដីសញ្ញា និងភាពជាសិស្សរបស់ពួកគេ ។ ប៉ុន្តែខ្ញុំក៏គិតផងដែរថា ពេលខ្លះវាងាយស្រួលនឹងភ្លេចអំពីឱកាសដ៏អស្ចារ្យបំផុតមួយចំនួនដើម្បីបម្រើដល់អ្នកដទៃ ដោយសារតែយើងត្រូវបានរំខាន ឬដោយសារយើងមានមហិច្ឆិតាខ្ពស់ចង់ផ្លាស់ប្ដូរពិភពលោក ហើយយើងពុំបានមើលឃើញតម្រូវការសំខាន់បំផុតមួយចំនួន ដែលយើងអាចបំពេញ ដែលវាស្ថិតនៅក្នុងរង្វង់នៃក្រុមគ្រួសារមិត្តភក្ដិ វួដ និងសហគមន៍យើងផ្ទាល់ឡើយ ។ យើងរញ្ជួលចិត្តនៅពេលយើងមើលឃើញការរងទុក្ខ និងតម្រូវការដ៏ធំរបស់អ្នកដែលនៅពិភពលោកមួយចំហៀងទៀត ប៉ុន្តែយើងអាចនឹងមិនឃើញថាមានមនុស្សដែលត្រូវការមិត្តភាពរបស់យើង ដែលអង្គុយនៅជិតនឹងយើងក្នុងថ្នាក់រៀនទេ ។
ស៊ីស្ទើរ លីនដា ខេ ប៊ើរតុន បានប្រាប់រឿងអំពីប្រធានសមាគមសង្គ្រោះស្ដេកម្នាក់ដែលធ្វើការជាមួយអ្នកដទៃ ប្រមូលភួយជួយដល់ជនខ្វះខាតអំឡុងឆ្នាំ ១៩៩០ ។ « គាត់ និងកូនស្រីបានបើកឡានដែលមានផ្ទុកភួយមកពីទីក្រុងឡុងពេញឡានទៅដល់កូសូវ៉ូ ។ ពេលធ្វើដំណើរមកផ្ទះវិញគាត់បានទទួលអារម្មណ៍ ខាងវិញ្ញាណដ៏ពិសេសមួយដែលដក់ជាប់នៅក្នុងដួងចិត្តរបស់គាត់ ។ អារម្មណ៍នោះគឺ ៖ « អ្វីដែលអ្នកបានធ្វើគឺជារឿងដ៏ល្អណាស់ ។ ឥឡូវចូរទៅផ្ទះវិញ ដើរឆ្លងផ្លូវទៅបម្រើអ្នកជិតខាងអ្នកចុះ ! »
តើវាល្អអីដែលយើងទៅធ្វើការដើម្បីសង្គ្រោះពិភពលោក តែយើងមិនបានគិតពីតម្រូវការនៃអស់អ្នកដែលនៅជិតយើងបំផុត និងជាអ្នកដែលយើងស្រឡាញ់បំផុតនោះ ? តើវាមានតម្លៃអ្វីទៅ ក្នុងការជួសជុលពិភពលោក តែមនុស្សដែលនៅជុំវិញយើងកំពុងបែកខ្ញែកគ្នា ហើយយើងមិនទាំងដឹងផងនោះ ? ព្រះវរបិតាសួគ៌អាចនឹងដាក់អ្នកដែលត្រូវការយើងឲ្យនៅជិតយើងបំផុត ដោយដឹងថាយើងនឹងជាអ្នកដែលបំពេញតម្រូវការពួកគេបានល្អបំផុត ។
មនុស្សគ្រប់រូបអាចរកវិធីដើម្បីធ្វើការបម្រើដូចជាព្រះគ្រីស្ទ ។ ថ្មីៗនេះ ទីប្រឹក្សារបស់ខ្ញុំ ស៊ិស្ទើរ ខារ៉ុលអេហ្វ ម៉ាកខន់ឃី បានប្រាប់ខ្ញុំអំពីចៅស្រីអាយុ ១០ ឆ្នាំរបស់គាត់ឈ្មោះ សារ៉ា ពេលនាងបានដឹងថាម្ដាយនាងធ្លាក់ខ្លួនឈឺ នោះនាងបានសម្រេចចិត្តខ្លួនឯងថា នឹងនៅបម្រើម្តាយខ្លួន ។ នាងបានពរប្អូនស្រី ហើយជួយស្លៀកពាក់ឲ្យប្អូន ជួយដុសធ្មេញឲ្យប្អូន ជួយចងសក់ ហើយបញ្ចុកអាហារពេលព្រឹកដើម្បីឲ្យម្ដាយនាងអាចបានសម្រាក ។ នាងបានធ្វើកិច្ចការបម្រើដោយសាមញ្ញរបស់នាងយ៉ាងស្ងាត់ស្ងៀម ដែលពុំមាននរណាសុំឲ្យធ្វើ ដោយសារតែនាងបានឃើញពីតម្រូវការ ហើយមានបំណងចង់ជួយ ។ សារ៉ាពុំត្រឹមតែផ្តល់ពរដល់ម្ដាយនាងទេ ប៉ុន្តែខ្ញុំដឹងប្រាកដថា នាងក៏មានអារម្មណ៍អំណរពេលដឹងថានាងបានសម្រាលបន្ទុករបស់មនុស្សដែលនាងស្រឡាញ់ ហើយបានពង្រឹងទំនាក់ទំនងរបស់នាងជាមួយនឹងប្អូនផងដែរនោះ ។ ប្រធាន ជែមស៍ អ៊ី ហ្វោស្ត បានមានប្រសាសន៍ថា « ការបម្រើអ្នកដទៃអាចចាប់ផ្ដើមស្ទើរតែគ្រប់វ័យទាំងអស់ ។… វាពុំចាំបាច់ថាមានទំហំច្រើននោះទេ ហើយវាថ្លៃថ្នូរបំផុតក្នុងគ្រួសារ » ។
តើកូនៗអ្នកដឹងថាវាមានអត្ថន័យយ៉ាងណាចំពោះឪពុកម្ដាយ និងសមាជិកគ្រួសារអ្នក នៅពេលអ្នកស្វែងរកវិធីដើម្បីបម្រើនៅក្នុងផ្ទះដែរឬទេ ? សម្រាប់អ្នកដែលជាយុវវ័យ ការពង្រឹង និងការបម្រើសមាជិកគ្រួសារអ្នក គួរតែជាអាទិភាពខ្ពស់បំផុតរបស់អ្នក នៅពេលអ្នកស្វែងរកវិធីដើម្បីផ្លាស់ប្ដូរពិភពលោក ។ ការបង្ហាញនូវសណ្ដានចិត្តល្អ និងការខ្វល់ខ្វាយអំពីបងប្អូនអ្នក និងឪពុកម្ដាយអ្នក ជួយបង្កើតបរិយាកាសឲ្យមានសាមគ្គីភាពមួយ ហើយអញ្ជើញយាងព្រះវិញ្ញាណមកក្នុងគេហដ្ឋាន ។ ការផ្លាស់ប្ដូរពិភពលោក ចាប់ផ្ដើមជាមួយនឹងការពង្រឹងគ្រួសាររបស់អ្នកផ្ទាល់ ។
ផ្នែកផ្សេងទៀតដែលត្រូវផ្ដោតយកចិត្តទុកដាក់ចំពោះការបម្រើរបស់យើង អាចជានៅក្នុងក្រុមគ្រួសារវួដរបស់យើង ។ ជួនកាល កូនចៅរបស់យើងនឹងសួរសំណួរយើងថា « ហេតុអ្វីក៏ខ្ញុំត្រូវទៅកម្មវិធីម្ញ៉ូតឆល ? ខ្ញុំពុំឃើញបានប្រយោជន៍អ្វីផង » ។
បើខ្ញុំមានគ្រាល្អមួយ នោះខ្ញុំនឹងតបថា « តើអ្វីដែលធ្វើឲ្យកូនគិតថាកូន ទៅកម្មវិធីម្ញ៉ូតឆលដោយសារចង់បានអ្វីមកនោះ ? »
មិត្តវ័យក្មេងរបស់ខ្ញុំអើយ ខ្ញុំអាចអះអាងថា គ្រប់ទីកន្លែងតែងតែមានអ្នកដែលឯកោមកចូលរួមក្នុងការប្រជុំសាសនាចក្រ ជាអ្នកដែលមានបញ្ហាជាច្រើន ហើយត្រូវការមិត្ត ឬអ្នកដែលមានអារម្មណ៍ថា ពួកគេពុំមានចំណែកនៅទីនោះ ។ អ្នកមានអ្វីដែលសំខាន់ដើម្បីចែកចាយក្នុងគ្រប់ការប្រជុំ ឬសកម្មភាព ហើយព្រះអម្ចាស់មានព្រះទ័យចង់ឲ្យអ្នកមើលទៅមិត្តជុំវិញខ្លួនអ្នក រួចហើយទៅបម្រើដូចជាទ្រង់នឹងបម្រើ ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានបង្រៀនថា « ហេតុផលដ៏ចម្បងមួយដែលព្រះអម្ចាស់មានព្រះវិហារគឺ ដើម្បីបង្កើតសហគមន៍នៃពួកបរិសុទ្ធមួយឡើង ដែលនឹងជួយគ្នាទៅវិញទៅមកនៅក្នុង « ផ្លូវតូច ហើយចង្អៀតនោះដែលនាំទៅឯជីវិតដ៏នៅអស់កល្បជានិច្ច » ។ លោកបានបន្ដថា « សាសនានេះពុំមែនខ្វល់ខ្វាយតែ ខ្លួនឯងនោះទេ ផ្ទុយទៅវិញយើងទាំងអស់គ្នាត្រូវបានហៅឲ្យបម្រើ ។ យើងគឺជាព្រះនេត្រ ព្រះហស្ត ព្រះសិរិសា ព្រះបាទា និងផ្នែកផ្សេងៗទៀតនៃរូបកាយរបស់ព្រះគ្រីស្ទ »។
វាគឺជាការពិតដែលយើងចូលរួមការប្រជុំសាសនាចក្រប្រចាំសប្ដាហ៍ ដើម្បីរួមចំណែកក្នុងពិធីបរិសុទ្ធនានា រៀនអំពីគោលលទ្ធិ ហើយទទួលការបំផុសគំនិត ប៉ុន្តែមូលហេតុដ៏សំខាន់មួយទៀតក្នុងការចូលរួមគឺថា ក្នុងនាមជាគ្រួសារវួដមួយ និងក្នុងនាមជាសិស្សនៃព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ យើងមើលថែគ្នាទៅវិញទៅមក លើកទឹកចិត្តគ្នាទៅវិញទៅមក ហើយស្វែងរកវិធីដើម្បីបម្រើ ហើយពង្រឹងគ្នាទៅវិញទៅមក ។ យើងពុំគ្រាន់តែជាអ្នកទទួល និងអ្នកយកនូវអ្វីដែលបានផ្ដល់ឲ្យនៅព្រះវិហារប៉ុណ្ណោះនោះទេ យើងចាំបាច់ត្រូវធ្វើជាអ្នកផ្ដល់ឲ្យ និងជាអ្នកផ្គត់ផ្គង់ផងដែរ ។ យុវនារី និងយុវជន ពេលអ្នកនៅកម្មវិធីម្ញ៉ូតឆលលើកក្រោយ ជំនួសឲ្យការលើកទូរសព្ទអ្នកមកមើលថា មិត្តភក្ដិអ្នកកំពុងធ្វើអ្វី ចូរឈប់ ហើយមើលជុំវិញខ្លួន រួចសួរខ្លួនឯងថា « តើនរណាត្រូវការខ្ញុំនៅថ្ងៃនេះ ? » អ្នកអាចជាមនុស្សសំខាន់ដើម្បីឈោងទៅជួយ ហើយមានឥទ្ធិពលលើជីវិតរបស់មិត្តម្នាក់ ឬផ្ដល់ការលើកទឹកចិត្តដល់មិត្តម្នាក់ដែលកំពុងមានបញ្ហាស្ងាត់ៗនោះ ។
ចូរទូលសូមដល់ព្រះវរបិតាសួគ៌របស់អ្នកឲ្យបង្ហាញអ្នកអំពីអស់អ្នកដែលត្រូវការជំនួយរបស់អ្នក ហើយបំផុសគំនិតអ្នកអំពីរបៀបល្អបំផុតដើម្បីបម្រើពួកគេ ។ សូមចងចាំថា ព្រះអង្គសង្គ្រោះជាញឹកញាប់ បម្រើមនុស្សម្ដងមួយៗ ។
ចៅប្រុសរបស់យើង ឈ្មោះ អ៊ីស្សាន អាយុ ១៧ ឆ្នាំ ។ កាលពីរដូវក្ដៅនេះ ខ្ញុំដក់ជាប់ក្នុងចិត្តពេលគាត់ប្រាប់ខ្ញុំថា គាត់បានអធិស្ឋានរាល់ថ្ងៃ ដើម្បីមានឱកាសបម្រើនរណាម្នាក់ ដែលបានបំផុសគំនិតដោយគំរូម្ដាយរបស់គាត់ ។ នៅពេលយើងចំណាយពេលជាមួយគ្រួសារគាត់ ខ្ញុំបានសង្កេតឃើញអំពីរបៀបដែលអ៊ីស្សានប្រព្រឹត្តចំពោះបងប្អូនប្រុសស្រីរបស់គាត់ដោយអត់ធ្មត់ ក្ដីស្រឡាញ់ និងចិត្តល្អ និងជាជំនួយដល់ឪពុកម្ដាយគាត់ ហើយស្វែងរកវិធីនានាដើម្បីជួយដល់អ្នកដទៃ ។ ខ្ញុំស្ងើចចំពោះការញាណដឹងរបស់គាត់អំពីមនុស្សនៅជុំវិញគាត់ និងបំណងប្រាថ្នារបស់គាត់ដើម្បីបម្រើដល់ពួកគេ ។ គាត់គឺជាគំរូមួយចំពោះខ្ញុំ ។ ការធ្វើដូចជាអ៊ីស្សានធ្វើ—ជួយអញ្ជើញយាងព្រះអម្ចាស់ឲ្យជួយយើងស្វែងរកវិធីនានាដើម្បីបម្រើ—នឹងអនុញ្ញាតឲ្យព្រះវិញ្ញាណបើកភ្នែករបស់យើងឲ្យមើលឃើញតម្រូវការនៅជុំវិញខ្លួនយើង ដើម្បីមើលឃើញ « មនុស្ស » ដែលត្រូវការយើងនៅថ្ងៃនោះ ហើយដឹងពីរបៀបបម្រើពួកគេ ។
បន្ថែមពីលើការបម្រើគ្រួសារ និងសមាជិកវួដរបស់អ្នក សូមស្វែងរកឱកាសដើម្បីបម្រើដល់អ្នកជិតខាង និងសហគមន៍របស់អ្នក ។ ជួនកាល យើងត្រូវបានហៅឲ្យជួយបន្ទាប់ពីមានគ្រោះធម្មជាតិធំមួយកើតឡើង តាមហេតុការណ៍ប្រចាំថ្ងៃដែលយើងត្រូវបានលើកទឹកចិត្តឲ្យស្វែងរកឱកាសលើកតម្កើង ហើយជួយដល់អ្នកទាំងឡាយដែលខ្វះខាតក្នុងតំបន់របស់យើងនោះ ។ ថ្មីៗនេះ ខ្ញុំត្រូវបានណែនាំពីប្រធានតំបន់ម្នាក់ ដែលកំពុងបម្រើនៅក្នុងប្រទេសមួយដែលមានបញ្ហាខាងសាច់ឈាមជាច្រើន ដែលវិធីល្អបំផុតជួយដល់អ្នកដែលខ្វះខាតនៅជ្រុងម្ខាងទៀតនៃពិភពលោក គឺការថ្វាយដង្វាយតមអាហារដោយសប្បុរស បរិច្ចាគដល់មូលនិធិជំនួយសប្បុរសធម៌របស់សាសនាចក្រ និងស្វែងរកវិធីដើម្បីបម្រើដល់អស់អ្នកដែលនៅក្នុងសហគមន៍ដែលអ្នករស់នៅផ្ទាល់ ។ សូមស្រមៃមើលថា តើពិភពលោកនឹងទទួលពរជ័យយ៉ាងណា បើមនុស្សគ្រប់គ្នាធ្វើតាមដំបូន្មាននេះ !
បងប្អូនប្រុសស្រីទាំងឡាយ ជាពិសេសយុវវ័យ នៅពេលអ្នកព្យាយាមប្រែក្លាយដូចជាព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ ហើយរស់នៅតាមសេចក្ដីសញ្ញារបស់អ្នក នោះអ្នកនឹងបន្ដទទួលពរឲ្យមានបំណងប្រាថ្នាជួយសម្រាលការរងទុក្ខ ហើយជួយដល់អ្នកទាំងឡាយដែលពុំសូវមានសំណាង ។ សូមចងចាំថា តម្រូវការធំបំផុតមួយចំនួនអាចជាអ្នកដែលនៅចំពោះមុខអ្នក ។ សូមចាប់ផ្ដើមការបម្រើរបស់អ្នកនៅក្នុងគេហដ្ឋានអ្នកផ្ទាល់ និងក្នុងគ្រួសារអ្នកផ្ទាល់ ។ ទាំងនេះគឺជាទំនាក់ទំនងដែលអាចនៅអស់កល្បជានិច្ច ។ ទោះជា—ហើយជាពិសេសប្រហែលជា—ស្ថានភាពគ្រួសារអ្នកមិនសូវល្អឥតខ្ចោះក្ដី ក៏អ្នកអាចស្វែងរកវិធីបម្រើ លើកតម្កើង ហើយពង្រឹងគ្នាផងដែរ ។ សូមចាប់ផ្ដើមពីរូបនាក់ សូមស្រឡាញ់ពួកគេតាមលក្ខណៈរបស់គេ ហើយរៀបចំសម្រាប់គ្រួសារដែលអ្នកចង់បាននៅពេលអនាគត ។
សូមអធិស្ឋានសុំជំនួយដើម្បីស្គាល់អ្នកទាំងឡាយដែលនៅក្នុងគ្រួសារវួដរបស់អ្នក ដែលត្រូវការក្ដីស្រឡាញ់ និងការលើកទឹកចិត្ត ។ ជំនួសឲ្យការចូលរួមក្នុងព្រះវិហារទាំងមានសំណួរថា « តើខ្ញុំនឹងទទួលបានអ្វីមកពីការប្រជុំនេះ ? » ចូរសួរថា « តើនរណាត្រូវការខ្ញុំនៅថ្ងៃនេះ ? » តើខ្ញុំត្រូវបរិច្ចាគអ្វីខ្លះ ?
នៅពេលអ្នកផ្តល់ពរដល់ក្រុមគ្រួសារ និងសមាជិកវួដរបស់អ្នកផ្ទាល់ សូមស្វែងរកវិធីនានាដើម្បីផ្តល់ពរដល់អ្នកទាំងឡាយនៅក្នុងសហគមន៍មូលដ្ឋានរបស់អ្នកផងដែរ ។ ទោះជាអ្នកមានពេលបម្រើច្រើន ឬមានត្រឹមតែពីរបីម៉ោងក្នុងមួយខែក្ដី ការខិតខំរបស់អ្នកនឹងផ្តល់ពរដល់ជីវិតជាច្រើន ហើយក៏នឹងផ្តល់ពរដល់អ្នកតាមវិធីនានាដែលអ្នកមិនអាចនឹកស្រមៃដល់ដែរ ។
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានបង្រៀនថា ៖ « ព្រះស្គាល់យើង ហើយទ្រង់មើលថែយើង ។ ប៉ុន្ដែជាធម្មតាទ្រង់ធ្វើដូចនោះតាមរយៈមនុស្សផ្សេងទៀតដែលបំពេញតម្រូវការរបស់យើង » ។ សូមឲ្យយើងទទួលស្គាល់ឯកសិទ្ធិ និងពរជ័យដើម្បីចូលរួមនៅក្នុងការសម្រេចកិច្ចការរបស់ព្រះវរបិតាសួគ៌ នៅពេលយើងបំពេញតម្រូវការរបស់កូនចៅទ្រង់ នេះជាការអធិស្ឋានរបស់ខ្ញុំ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕