ព្រះអង្គសង្គ្រោះផ្ទាល់របស់យើង
ដោយសារតែការលះបង់ដ៏ធួនរបស់ទ្រង់ ព្រះអង្គសង្គ្រោះមានអំណាចដើម្បីសម្អាត ព្យាបាល និងពង្រឹងយើងម្ដងម្នាក់ៗ ។
ខ្ញុំមានអំណរគុណដែលបានជួបបងប្អូននៅព្រឹកបុណ្យអ៊ីស្ទើរដ៏អស្ចារ្យនេះ ។ ពេលខ្ញុំគិតអំពីបុណ្យអ៊ីស្ទើរ ខ្ញុំចូលចិត្តនិយាយក្នុងចិត្តនូវពាក្យដែលទេវតាបាននិយាយទៅកាន់អស់អ្នកដែលនៅឯផ្នូរក្នុងសួនថា« ហេតុអ្វីបានជាមករកព្រះអង្គដែលមានព្រះជន្មរស់នៅក្នុងទីខ្មោចស្លាប់ដូច្នេះ ? ទ្រង់មានព្រះជន្មរស់ឡើងវិញហើយ មិនគង់នៅទីនេះទេ » ។១ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវនៃណាសារ៉ែតបានមានព្រះជន្មឡើងវិញហើយទ្រង់មានព្រះជន្មនៅរស់ ។
តើអ្នករាល់គ្នាគិតពីព្រះគ្រីស្ទដូចម្តេច ?
កាលពីសាមសិបបួនឆ្នាំកន្លងទៅ ដៃគូផ្សព្វផ្សាយសាសនារបស់ខ្ញុំ និងខ្ញុំ បានបង្រៀនបុរសឈ្លាសវៃម្នាក់ដែលជាអ្នកនិពន្ធឲ្យសារព័ត៌មានក្នុងស្រុកនៅទីក្រុង ដាវោ ប្រទេសហ្វីលីពីន ។ យើងរីករាយក្នុងការបង្រៀនគាត់ ព្រោះគាត់មានសំណួរច្រើន តែគោរពជំនឿរបស់យើងណាស់ ។ សំណួរដែលគួរឲ្យចងចាំបំផុតដែលគាត់បានសួរយើងនោះគឺ « តើអ្នករាល់គ្នាគិតពីព្រះគ្រីស្ទដូចម្តេច ? »២ យើងពិតជារីករាយណាស់ដែលបានចែកចាយអារម្មណ៏របស់យើង និងបានថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។ ក្រោយមកគាត់បានបោះពុម្ពអត្ថបទមួយអំពីប្រធានបទដូចគ្នា ដែលមានពាក្យ និងឃ្លាដ៏អស្ចារ្យអំពីព្រះអង្គសង្គ្រោះ ។ ខ្ញុំចាំថាខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ប៉ុន្តែពុំបំផុសគំនិតទេ ។ វាមានព័ត៌មានល្អ ប៉ុន្តែមានអារម្មណ៍ថា ភ្លេចអ្វីមួយ និងខ្វះអំណាចខាងវិញ្ញាណ ។
បង្កើនការស្គាល់ទ្រង់ឲ្យកាន់តែច្បាស់
« តើអ្នករាល់គ្នាគិតពីព្រះគ្រីស្ទដូចម្តេច ? » ខ្ញុំដឹងថាបើខ្ញុំស្គាល់ព្រះអង្គសង្គ្រោះសំខាន់បានលឿនប៉ុណ្ណា នោះខ្ញុំមានសមត្ថភាពដើម្បីស្តាប់ទ្រង់បានល្អដូចជាខ្ញុំឆ្លើយតបផងដែរ ។ កាលពីប៉ុន្មានឆ្នាំមុនអែលឌើរដេវីឌ អេ បែដណា បានសួរសំណួរដូចតទៅនេះ ក្នុងសុន្ទរកថារបស់លោកថា ៖ « តើយើងគ្រាន់តែដឹងពីព្រះអង្គសង្គ្រោះ ឬក៏យើងស្គាល់ទ្រង់កាន់តែខ្លាំងឡើង ? តើយើងមកស្គាល់ព្រះអម្ចាស់តាមរបៀបណា ? »៣
ពេលខ្ញុំសិក្សា និងពិចារណាខ្ញុំបានដឹងយ៉ាងច្បាស់ថាអ្វីដែលខ្ញុំដឹងអំពីព្រះអង្គសង្គ្រោះមានទម្ងន់ច្រើនជាង ខ្ញុំស្គាល់ទ្រង់ដោយពិត ។ ពេលនោះខ្ញុំបានសម្រេចចិត្តថាត្រូវខិតខំស្គាល់ព្រះអង្គថែមទៀត ។ ខ្ញុំមានអំណរគុណសម្រាប់បទគម្ពីរ និងទីបន្ទាល់របស់ពួកសិស្ស ជាបុរស និងស្ត្រីស្មោះត្រង់ក្នុងសាសនាចក្រយើង ។ ការខិតខំរបស់ខ្ញុំក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បាននាំឲ្យខ្ញុំសិក្សានិងស្រាវជ្រាវជាច្រើន ។ ខ្ញុំអធិស្ឋានសូមឲ្យព្រះវិញ្ញាណបរិសុទ្ធនឹងបញ្ជូនសារទៅកាន់បងប្អូននៅថ្ងៃនេះ ឲ្យបានច្រើនជាងពាក្យដែលខ្ញុំបានរៀបរាប់ ។
ដំបូង យើងត្រូវទទួលស្គាល់ថាការស្គាល់ព្រះអង្គសង្គ្រោះគឺជាការស្វែងរកដ៏សំខាន់បំផុតនៅក្នុងជីវិតរបស់យើង ។ វាគួរតែមានអាទិភាពលើសពីអ្វីៗផ្សេងទៀត ។
« នេះជាជីវិតដ៏អស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែ១ នឹងព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមកផង » ។៤
« ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ » ។៥
« ខ្ញុំជាពន្លឺលោកីយ៍ អ្នកណាដែលតាមខ្ញុំ នោះមិនដែលដើរក្នុងសេចក្តីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ » ។៦
ទីពី នៅពេលយើងបង្កើនការស្គាល់ព្រះអង្គសង្គ្រោះកាន់តែច្បាស់ នោះបទគម្ពីរ និងពាក្យសម្ដីរបស់ពួកព្យាការីនឹងកាន់តែមានអត្ថន័យជ្រាលជ្រៅចំពោះយើង ដែលវាក្លាយទៅជាពាក្យរបស់យើងផ្ទាល់ផងដែរ ។ វាពុំមែននិយាយចម្លងពាក្យសម្ដី អារម្មណ៍ និងបទពិសោធន៍របស់អ្នកដទៃទេ ប៉ុន្តែជាការស្គាល់ដោយខ្លួនយើងផ្ទាល់តាមវិធីពិសេសផ្ទាល់ខ្លួន ដោយការពិសោធន៍ទៅលើព្រះបន្ទូលទាំងឡាយ ៧និងការទទួលបានសាក្សីមកពីព្រះវិញ្ញាណបរិសុទ្ធ ។ ដូចព្យាការីអាលម៉ាបានប្រកាសថា ៖
« តើអ្នករាល់គ្នាគិតស្មានថា ខ្ញុំដឹងរឿងទាំងនេះដោយខ្លួនឯងឬអី ? មើលចុះ ខ្ញុំសូមធ្វើទីបន្ទាល់ដល់អ្នករាល់គ្នាថា ខ្ញុំដឹងរឿងដែលខ្ញុំបាននិយាយទាំងអម្បាលម៉ាននេះថាជារឿងពិត ។ ហើយតើអ្នករាល់គ្នាគិតស្មានថា ខ្ញុំដឹងរឿងទាំងនេះយ៉ាងប្រាកដដូចម្ដេច ដែរ ?
« មើលចុះ ខ្ញុំសូមប្រាប់អ្នកថា រឿងទាំងនេះគឺព្រះវិញ្ញាណបរិសុទ្ធនៃព្រះទ្រង់បានប្រាប់ដល់ខ្ញុំ ។ មើលចុះ ខ្ញុំបានតមអាហារ ហើយបានអធិស្ឋានជាច្រើនថ្ងៃដើម្បីខ្ញុំអាចដឹងនូវរឿងទាំងនេះដោយខ្លួនខ្ញុំ ។ ហើយឥឡូវនេះ ខ្ញុំដឹងរឿងទាំងនោះដោយខ្លួនខ្ញុំថាជារឿងពិត ព្រោះព្រះអម្ចាស់ដ៏ជាព្រះទ្រង់បានសម្ដែងប្រាប់ខ្ញុំ ដោយព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ហើយនេះគឺជាវិញ្ញាណនៃវិវរណៈដែលមាននៅក្នុងខ្លួនខ្ញុំ » ។៨
ទីបី ការបង្កើនការយល់ដឹងថាដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទអនុវត្តចំពោះយើងផ្ទាល់ម្នាក់ៗ នឹងជួយយើងឲ្យស្គាល់ទ្រង់ ។ ជាញឹកញាប់វាងាយស្រួលដើម្បីយើងគិត និងនិយាយអំពីដង្វាយធួនរបស់ព្រះគ្រីស្ទជាលក្ខណៈទូទៅ ជាជាងការស្គាល់ពីសារៈសំខាន់នៅក្នុងជីវិតរបស់យើងផ្ទាល់ ។ ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទគឺនិរន្តរ៍ និងអស់កល្បជានិច្ច ហើយតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ដែលរាប់បញ្ចូលអ្វីៗទាំងអស់ ហើយអនុវត្តចំពោះមនុស្សគ្រប់គ្នា នោះវាក៏ជះឥទ្ធិពលមកលើយើងរៀងៗខ្លួន និងដោយផ្ទាល់ផងដែរ ។ ដោយសារតែការលះបង់ដ៏ធួនរបស់ទ្រង់ ព្រះអង្គសង្គ្រោះមានអំណាចដើម្បីសម្អាត ព្យាបាល និងពង្រឹងយើងម្ដងម្នាក់ៗ ។
បំណងប្រាថ្នាតែមួយគត់របស់ព្រះអង្គសង្គ្រោះ គោលបំណងតែមួយគត់របស់ព្រះអង្គតាំងពីដំបូងមកគឺ ធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតា ។ ព្រះហឫទ័យរបស់ព្រះវរបិតាគឺឲ្យទ្រង់ជួយក្នុង « ការ [ នាំ ] ឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស »៩ដោយទ្រង់ក្លាយជា « ព្រះដ៏ជាជំនួយ១អង្គហើយ ដែលទ្រង់គង់នៅចំពោះព្រះវរបិតា » ។១០ ហើយទោះ « បើទ្រង់ជាព្រះរាជបុត្រាក៏ដោយ គង់តែទ្រង់បានរៀនស្តាប់បង្គាប់ ដោយសារការដែលទ្រង់រងទុក្ខលំបាកទាំងប៉ុន្មាននោះដែរ រួចកាលទ្រង់បានគ្រប់លក្ខណ៍ហើយ នោះទ្រង់បានត្រឡប់ជាមេបង្កើតនៃសេចក្តីសង្គ្រោះដ៏នៅអស់កល្បជានិច្ចដល់អស់អ្នកណាដែលស្តាប់បង្គាប់ទ្រង់ » ។១១
« ហើយទ្រង់នឹងយាងទៅដោយរងការឈឺចាប់ និងទុក្ខវេទនា និងការល្បួងគ្រប់បែបយ៉ាង ។ …
ហើយទ្រង់នឹងយកដាក់លើរូបអង្គទ្រង់នូវសេចក្ដីស្លាប់ ដើម្បីទ្រង់អាចស្រាយចំណងទាំងឡាយនៃសេចក្ដីស្លាប់ដែលចងរាស្ត្រទ្រង់ ហើយ…ទ្រង់នឹងដាក់លើរូបអង្គទ្រង់នូវជំងឺឈឺចាប់របស់ពួកគេដើម្បីឲ្យព្រះហឫទ័យទ្រង់បានពោរពេញទៅដោយសេចក្ដីមេត្តាករុណា…ដើម្បីទ្រង់អាចដឹងស្របតាមសាច់ឈាមថា តើត្រូវជួយរាស្ត្រទ្រង់បែបណាតាមជំងឺរបស់គេ ។
« … ព្រះរាជបុត្រានៃព្រះស៊ូរងឈឺចាប់ ស្របតាមសាច់ឈាម ដើម្បីទ្រង់អាចយកដាក់លើរូបអង្គទ្រង់នូវអំពើបាបទាំងឡាយរបស់រាស្ត្រទ្រង់ ដើម្បីទ្រង់អាចលុបចោលនូវអំពើរំលងទាំងឡាយរបស់គេ ស្របតាមព្រះចេស្ដានៃការដោះលែងរបស់ទ្រង់ » ។១២
ខ្ញុំសូមចែកចាយបទពិសោធន៍ដ៏សាមញ្ញមួយដែលបង្ហាញពីការតស៊ូ ដែលពេលខ្លះយើងត្រូវឱបក្រសោបយកលក្ខណៈផ្ទាល់នៃដង្វាយធួនរបស់ព្រះអម្ចាស់ ។
ជាច្រើនឆ្នាំកន្លងទៅ តាមការអញ្ជើញរបស់អ្នកដឹកនាំរបស់ខ្ញុំ នោះខ្ញុំបានអានព្រះគម្ពីរមរមនពីដើមដល់ចប់ ហើយបានគូសចំណាំខខ្លះៗដែលយោងទៅលើដង្វាយធួនរបស់ព្រះអម្ចាស់ ។ អ្នកដឹកនាំខ្ញុំ ក៏បានអញ្ជើញខ្ញុំឲ្យធ្វើការសង្ខេបឲ្យបានមួយទំព័រនូវអ្វីដែលខ្ញុំបានរៀន ។ ខ្ញុំបានសួរខ្លួនឯងថា « មួយទំព័រឬ ? ប្រាកដណាស់វាងាយស្រួលទេ » ។ ទោះយ៉ាងណាខ្ញុំមានការភ្ញាក់ផ្អើលខ្ញុំ ពេលឃើញថាកិច្ចការនេះពិតជាលំបាកខ្លាំងណាស់ ហើយខ្ញុំក៏បានបរាជ័យផងដែរ ។
តាំងពីពេលនោះមក ខ្ញុំបានដឹងថា ខ្ញុំបរាជ័យ ពីព្រោះខ្ញុំពុំបានយល់ឲ្យច្បាស់ និងមានការសន្និដ្ឋានមិនត្រឹមត្រូវ ។ ទីមួយ ខ្ញុំរំពឹងទុកថាការសង្ខេបនឹងជម្រុញចិត្តដល់មនុស្សគ្រប់គ្នា ។ សេចក្ដីសង្ខេបគឺសម្រាប់ខ្ញុំ វាពុំមែនសម្រាប់នរណាម្នាក់ផ្សេងទៀតទេ ។ វាសម្រាប់ទាញចំណាប់អារម្មណ៍ និងចេតនារម្មណ៍របស់ខ្ញុំ អំពីព្រះអង្គសង្គ្រោះ និងអ្វីដែលទ្រង់បានធ្វើសម្រាប់ខ្ញុំ ដូច្នេះរាល់ពេលខ្ញុំអាន វានាំឲ្យមានបទពិសោធន៍ខាងវិញ្ញាណផ្ទាល់ខ្លួនយ៉ាងអស្ចារ្យចាក់ក្នុងចិត្តផងដែរ ។
ទីពីរ ខ្ញុំរំពឹងថាការសង្ខេបមានលក្ខណៈធំធេង និងល្អិតល្អន់ ហើយមានពាក្យ និងឃ្លាពិបាកៗ ។ វាពុំមែនមកពីពាក្យពិបាកៗនោះទេ ។ វាជាការប្រកាសពីជំនឿច្បាស់លាស់ និងសាមញ្ញ ។ « ដ្បិតព្រលឹងខ្ញុំត្រេកអរចំពោះការច្បាស់លាស់ ដ្បិតដោយរបៀបនេះ ហើយដែលព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់បានធ្វើកិច្ចការនៅក្នុងចំណោមកូនចៅមនុស្ស ។ ដ្បិតព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់បានប្រទានពន្លឺដល់យោបល់ » ។១៣
ទីបី ខ្ញុំរំពឹងថាវាល្អឥតខ្ចោះ ជាសេចក្តីសង្ខេបមួយដើម្បីបញ្ចប់គ្រប់យ៉ាង—សេចក្តីសង្ខេបចុងក្រោយដែលមិនអាច និងមិនគួរបន្ថែម—ជំនួសឲ្យការងារដែលកំពុងរីកចម្រើនទេ ខ្ញុំអាចបន្ថែមពាក្យនៅទីនេះ ឬឃ្លាមួយនៅទីនោះ កាលដែលការយល់ដឹងរបស់ខ្ញុំអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទកាន់តែចម្រើនឡើង ។
ទីបន្ទាល់ និងការអញ្ជើញ
កាលខ្ញុំនៅជាយុវជន ខ្ញុំរៀនបានច្រើនពីការសន្ទនាជាមួយប៊ីស្សពរបស់ខ្ញុំ ។ ក្នុងឆ្នាំដ៏ក្មេងខ្ចីទាំងនោះ ខ្ញុំបានរៀនស្រឡាញ់ពាក្យទាំងនេះពីបទចម្រៀងទំនុកតម្កើងដែលខ្ញុំចូលចិត្ត ៖
ខ្ញុំឆ្ងល់យ៉ាងអស្ចារ្យនូវក្ដីស្នេហ៍ព្រះគ្រីស្ទឲ្យដល់ខ្ញុំ
ទាំងឆ្ងល់ចំពោះព្រះគុណដែលព្រះអង្គបានប្រទានដល់ខ្ញុំ
ខ្ញុំញ័រកាយាដោយដឹងថា ទ្រង់សុគតជំនួសខ្ញុំ
ថាទ្រង់បានរងទុក្ខហូរលោហិតសុគតជំនួសខ្ញុំ
ឱ ! ជាការដ៏សែនអស្ចារ្យដែលទ្រង់យល់ដល់ខ្ញុំ
ទាំងសុគតជំនួសខ្ញុំ !
ឱ ! ជាការដ៏អស្ចារ្យ ដ៏អស្ចារ្យដល់ខ្ញុំ !១៤
ព្យាការីមរ៉ូណៃបានអញ្ជើញយើងថា « ហើយឥឡូវនេះ ខ្ញុំចង់ទូន្មានអ្នករាល់គ្នាឲ្យស្វែងរកព្រះយេស៊ូវគ្រីស្ទ ដែលពួកព្យាការី និងពួកសាវកបានសរសេរមកនេះ » ។១៥
ប្រធាន រ័សុល អិម ណិលសុន បានសន្យាថា « ប្រសិនបើ [ យើង ] ចាប់ផ្ដើមរៀន អ្វីៗទាំងអស់ដែល [ យើង ] អាចរៀនអំពីព្រះយេស៊ូវគ្រីស្ទ… សមត្ថភាព [ របស់យើង ] ដើម្បីងាកចេញពីអំពើបាបនឹងចម្រើនឡើង ។ បំណងប្រាថ្នា [ របស់យើង ] ដើម្បីរក្សាបទបញ្ញត្តិនឹងចម្រើនឡើង » ។១៦
នៅថ្ងៃអាទិត្យបុណ្យអ៊ីស្ទើរនេះ ដូចដែលព្រះអង្គសង្រ្គោះបានចេញពីផ្នូរថ្ម សូមឲ្យយើងភ្ញាក់ពីការលង់លក់ខាងវិញ្ញាណរបស់យើង ហើយងើបឡើងចេញពីភាពនៃការសង្ស័យ ភាពច្របូកច្របល់នៃការភ័យខ្លាច ចេញពីមោទនភាពដែលធ្វើឲ្យយើងស្រវាំងមើលអ្វីមិនច្បាស់ និង ភាពមិនស្កប់ស្កល់ ។ ព្រះយេស៊ូវគ្រីស្ទ និង ព្រះវរបិតាសួគ៌នៅរស់ ។ ខ្ញុំសូមថ្លែងទីបន្ទាល់អំពីសេចក្ដីស្រឡាញ់ដ៏ឥតខ្ចោះរបស់ពួកទ្រង់មានចំពោះយើង ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕