ខួប 100 ឆ្នាំនៃ រាត្រីជួបជុំក្រុមគ្រួសារ
ខែនេះបានគំរប់ខួប 100 ឆ្នាំ ចាប់តាំងពីគណៈប្រធានទីមួយបានលើកទឹកចិត្តឲ្យសមាជិកធ្វើរាត្រីជួបជុំក្រុមគ្រួសារ ។ ការដកស្រង់ខាងក្រោមនេះ ចេញពីសារលិខិតរបស់គណៈប្រធានទីមួយ ណែនាំពីរាត្រីជួបជុំក្រុមគ្រួសារ ។ វាត្រូវបានចេញផ្សាយ នៅក្នុង ខែ មេសា ឆ្នាំ 1915 ហើយបានបោះពុម្ពក្នុង Improvement Era នៅ ខែ មិថុនា ឆ្នាំ 1915 ( ទំព័រ 733–34 ) ។ ការដាក់អក្សរធំ និងការដាក់វណ្ណយុត្ត ត្រូវបានធ្វើឲ្យទំនើបឡើង ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ ៖
យើងសូមស្នើដល់ពួកបរិសុទ្ធថ្ងៃចុងក្រោយ ឲ្យប្រតិបត្តិតាមដោយល្អិតល្អន់លើព្រះបញ្ញត្តិនៃព្រះអម្ចាស់ ដែលបានប្រទានឲ្យនៅក្នុងកណ្ឌទី 68 នៃព្រះគម្ពីរ គោលលទ្ធិ និង សេចក្ដីសញ្ញា ៖
« ហើយជាថ្មីទៀត ដរាបណាឪពុកម្ដាយមានកូនចៅនៅក្នុងក្រុងស៊ីយ៉ូន … ដែលពុំបាន បង្រៀនកូនចៅឲ្យយល់នូវគោលលទ្ធិអំពីការប្រែចិត្ត សេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់នៅ និង អំពីបុណ្យជ្រមុជទឹក ហើយនិងអំពីអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ ដោយសារការដាក់ដៃលើ កាលមានអាយុប្រាំបីឆ្នាំ នោះអំពើបាបនឹងធ្លាក់មកលើក្បាលរបស់ឪពុកម្ដាយវិញ …
« ហើយពួកគេក៏ត្រូវបង្រៀនកូនចៅរបស់ខ្លួន ឲ្យអធិស្ឋាន និង ឲ្យដើរដោយទៀងត្រង់នៅចំពោះព្រះអម្ចាស់ » [ សូមមើល គ និង ស 68:25–28 ] ។
កូនចៅនៃក្រុងស៊ីយ៉ូន ក៏គួរតែប្រតិបត្តិឲ្យបានពេញលេញផងដែរតាមព្រះបញ្ញត្តិនៃព្រះអម្ចាស់ដែលបានប្រទានដល់ពួកសាសន៍អ៊ីស្រាអែលនៅសម័យបុរាណ និងធ្វើឡើងជាថ្មីទៀតដល់ពួកបរិសុទ្ធថ្ងៃចុងក្រោយ ៖
« ចូរឲ្យគោរពប្រតិបត្តិដល់ឪពុកម្ដាយ ដើម្បីឲ្យបានអាយុវែងនៅក្នុងស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់ប្រទានឲ្យ » [ និក្ខមនំ 20:12 ] ។
វិវរណៈទាំងនេះ អនុវត្តជាមួយនឹងកម្លាំងដ៏អស្ចារ្យ ដល់ពួកបរិសុទ្ធថ្ងៃចុងក្រោយ ហើយវាតម្រូវឲ្យឪពុកម្ដាយទាំងឡាយនៅក្នុងសាសនាចក្រនេះ ឲ្យបង្រៀន និងអនុវត្តព្រះបញ្ញត្តិទាំងនេះនៅក្នុងផ្ទះរបស់ពួកគេ ។
ដល់ទីបញ្ចប់នេះ យើងសូមទូន្មាន និងជម្រុញការចាប់ផ្ដើមនៃ « រាត្រីជួបជុំក្រុមគ្រួសារ » នៅទូទាំងសាសនាចក្រនេះ ជាពេលដែលឪពុកម្ដាយទាំងឡាយ ប្រមូលផ្ដុំកូនប្រុស និងកូនស្រីរបស់ខ្លួននៅក្នុងផ្ទះ ហើយបង្រៀនពួកគេពីព្រះបន្ទូលនៃព្រះអម្ចាស់ ។ ដូច្នេះ ពួកគេអាចរៀនកាន់តែពេញលេញ ពីតម្រូវការ និងការទាមទាររបស់ក្រុមគ្រួសាររបស់គេ ហើយនៅពេលជាមួយគ្នា អាចធ្វើឲ្យខ្លួនគេ និងកូនចៅពួកគេកាន់តែយល់ច្បាស់ពីគោលការណ៍នៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ រាត្រីជួបជុំក្រុមគ្រួសារនេះ គួរតែឧទ្ទិសដល់ការអធិស្ឋាន ការច្រៀងទំនុកតម្កើង បទចម្រៀង ឧបករណ៍តន្ត្រី ការអានព្រះគម្ពីរ ប្រធានបទក្រុមគ្រួសារ និងការណែនាំជាក់លាក់លើគោលការណ៍នៃដំណឹងល្អ និងលើបញ្ហាសីលធម៌នៃជីវិត ក៏ដូចជាតួនាទី និងកាតព្វកិច្ចរបស់កូនចៅចំពោះឪពុកម្ដាយ ផ្ទះសម្បែង សាសនាចក្រ សង្គម និងចំពោះប្រជាជាតិ ។ សម្រាប់កូនចៅតូចៗ យើងណែនាំឲ្យមានការសូត្រមេរៀនសមរម្យ បទចម្រៀង រឿងនិទាន និងល្បែងនានា ។ អាហារសម្រន់ ដែលជាធម្មតាចម្អិននៅក្នុងផ្ទះ ក៏អាចដាក់ឲ្យទទួលទានផងដែរ ។
គួរតែព្យាយាមចៀសវាងភាពជាផ្លូវការ និងភាពតឹងរឹង ហើយគ្រួសារទាំងអស់គួរតែចូលរួមក្នុងសកម្មភាពនេះ ។
ការប្រមូលផ្ដុំទាំងនេះ នឹងផ្ដល់ឱកាសសម្រាប់ការមានទំនុកចិត្តទៅលើគ្នាទៅវិញទៅមករវាងឪពុកម្ដាយ និងកូនចៅ រវាងបង/ប្អូនប្រុសស្រី ក៏ដូចជាផ្ដល់ឱកាសសម្រាប់ពាក្យព្រមាន ការទូន្មាន និងដំបូន្មានពីឪពុកម្ដាយដល់កូនប្រុសស្រីរបស់ពួកគេ ។ វានឹងផ្ដល់ឱកាសដល់កូនប្រុសស្រីទាំងឡាយ ដើម្បីគោរពឪពុកម្ដាយ និងដើម្បីបង្ហាញការដឹងគុណរបស់ពួកគេសម្រាប់ពរជ័យនៃគេហដ្ឋាន ដើម្បីធ្វើឲ្យសេចក្តីសន្យានៃព្រះអម្ចាស់ចំពោះពួកគេ នឹងអាចត្រូវបានបំពេញ ហើយចម្រើនជីវិតរបស់ពួកគេ និងធ្វើឲ្យពួកគេមានភាពរីករាយទៀតផង ។ …
យើង … សូមលើកទឹកចិត្តដល់សមាជិកវ័យក្មេងទាំងឡាយឲ្យនៅផ្ទះនារាត្រីនោះ ហើយប្រើប្រាស់ថាមពលពួកគេក្នុងការធ្វើឲ្យរាត្រីនោះពោរពេញដោយចំណេះដឹង គុណប្រយោជន៍ និងគួរឲ្យចាប់អារម្មណ៍ ។
ប្រសិនបើពួកបរិសុទ្ធគោរពតាមការទូន្មាននេះ យើងសូមសន្យាថា ពរជ័យដ៏អស្ចារ្យនឹងមានជាលទ្ធផល ។ សេចក្ដីស្រឡាញ់ក្នុងផ្ទះ និងការគោរពប្រតិបត្តិតាមឪពុកមា្ដយនឹងកើនឡើង ។ សេចក្ដីជំនឿនឹងត្រូវបានអភិវឌ្ឍឡើងក្នុងដួងចិត្តរបស់យុវជននៃសាសន៍អ៊ីស្រាអែល ហើយពួកគេនឹងទទួលបានអំណាច ដើម្បីប្រយុទ្ធប្រឆាំងនឹងឥទ្ធិពល និងការល្បួងដែលរុំព័ទ្ធពូកគេ ។
ពីបងប្រុសរបស់អ្នក
យ៉ូសែប អេហ្វ ស្ម៊ីធ
អាន់ថុន អេជ ឡាន់
ឆាលី ដបុលយូ ផេនរ៉ូស
គណៈប្រធានទីមួយ