ច្រៀងទំនុកតម្កើងសំណព្វចិត្តរបស់អ្នក
អែនជីឡា អូសិន សែនធើរ រដ្ឋអូហៃអូ ស.រ.អា
ខ្ញុំទើបតែបានផ្ដល់កំណើតដល់កូនស្រី រ៉េបេកា របស់យើង ។ ការសម្រាលកូនរបស់ខ្ញុំមានការពិបាកណាស់ ហើយខ្ញុំអស់កម្លាំងពីខ្លួនរលីង ។
ពេលដែល រ៉េបេកា ត្រូវបានដាក់នៅក្នុងរង្វង់ដៃរបស់ខ្ញុំ ខ្ញុំពោរពេញដោយអារម្មណ៍ថាខ្ញុំគួរតែច្រៀងទំនុកតម្កើងសំណព្វចិត្តរបស់ខ្ញុំគឺបទ « ខ្ញុំជាកូនរបស់ព្រះ » ( ទំនុកដំកើង, ទំព័រ 118 ) ។ ការឆ្លើយតបដំបូងរបស់ខ្ញុំគឺ « ទេ ខ្ញុំអស់កម្លាំងណាស់ ។ ខ្ញុំនឹងច្រៀងឲ្យនាងស្ដាប់នៅពេលក្រោយ » ។ ប៉ុន្តែ គំនិតនោះបានកើតមកម្ដងទៀត ។ ដូច្នេះ ទោះបីជាខ្ញុំអស់កម្លាំង ខ្ញុំបានបានចាប់ផ្ដើមច្រៀងនៅវគ្គទីមួយ ។ ស្វាមី និងម្ដាយរបស់ខ្ញុំបានចូលរួមនឹងខ្ញុំ ។
ពេលដែលយើងច្រៀងចប់ ខ្ញុំបានមានអារម្មណ៍ពិសេសនៅក្នុងបន្ទប់នោះ ។ សូម្បីតែវេជ្ជបណ្ឌិត ដែលជំនាញ និងសោះអង្គើយ ក៏មានទឹកភ្នែកហូរចុះមកលើមុខគាត់ដែរ ។ គាត់បានអរគុណយើងសម្រាប់ការច្រៀងនូវចម្រៀងដ៏ពិរោះ ។ គាត់បាននិយាយថា ក្នុងកំឡុងឆ្នាំទាំងអស់ដែលគាត់បានសម្រាលទារកឲ្យគេ គាត់មិនដែលមានអារម្មណ៍ដូចដែលគាត់មាននៅពេលនោះទេ ។
ខ្ញុំបានគិតពីបទពិសោធន៍នោះ ហើយឆ្ងល់ថាតើខ្ញុំគួរតែស្វែងរកស៊ីឌីនៃទំនុកតម្កើងនោះឲ្យគាត់ឬទេ ។ ជាអកុសល ខ្ញុំបានជាប់រវល់ជាមួយនឹងជីវិត ហើយបានភ្លេចអំពីវា ។
ហើយថ្ងៃត្រួតពិនិត្យក្រោយពីការឆ្លងទន្លេរួចរបស់ខ្ញុំក៏មកដល់ ។ ពេលដែលវេជ្ជបណ្ឌិតដើរចូលមកក្នុងបន្ទប់ ទឹកមុខរបស់គាត់បានស្រស់ថ្លាឡើង ហើយគាត់បានឱបខ្ញុំ ។ គាត់បាននិយាយថា គាត់មិនអាចយកចម្រៀងនោះចេញពីគំនិតគាត់សោះ ហើយថែមទាំងព្យាយាមដើម្បីស្វែងរកបទនោះនៅលើអ៊ិនធើរណែតទៀតផង ដូច្នេះគាត់អាចច្រៀងវាឲ្យក្រុមគ្រួសារគាត់ស្ដាប់ ។ នៅពេលនោះហើយដែលព្រះវិញ្ញាណបរិសុទ្ធបានរំឭកខ្ញុំថា ខ្ញុំគួរតែរកច្បាប់ចម្លងនៃបទនោះឲ្យគាត់ ។ ខ្ញុំបានសន្យានឹងគាត់ថា ខ្ញុំនឹងត្រឡប់មកវិញជាមួយនឹងបទចម្រៀងនៅក្នុងអាទិត្យនោះ ។
នៅយប់នោះ ខ្ញុំបានអធិស្ឋានសម្រាប់ជំនួយដើម្បីស្វែងរកទំនុកភ្លេងនៃចម្រៀងនោះ ដែលនឹងមានគុណភាពល្អបំផុតសម្រាប់គាត់ ។ នៅរសៀលថ្ងៃបន្ទាប់ ខ្ញុំបានបញ្ជាទិញស៊ីឌីដែលមានបទនោះ ។ ពេលដែលវាមកដល់នៅក្នុងសំបុត្រពីរបីថ្ងៃបន្ទាប់មក ខ្ញុំមិនអាចរង់ចាំដើម្បីយកវាទៅឲ្យគាត់ទេ ។
គាត់មានការរំភើបយ៉ាងខ្លាំងក្នុងការទទួលយកវា ហើយគាត់បានអរគុណខ្ញុំសម្រាប់អំណោយនោះ ។ គាត់បានប្រាប់ខ្ញុំថា គាត់មិនប្រាកដថាហេតុអ្វីទេ តែចម្រៀងនេះមានសារៈសំខាន់ណាស់សម្រាប់គាត់ ដើម្បីចែកចាយវាជាមួយនឹងក្រុមគ្រួសាររបស់គាត់ ។ ពេលដែលយើងបន្តនិយាយគ្នា ខ្ញុំមិនត្រឹមតែបានចែកចាយជាមួយគាត់នូវក្ដីស្រឡាញ់របស់ខ្ញុំចំពោះបទនោះទេ ថែមទាំងចែកចាយទីបន្ទាល់របស់ខ្ញុំនៃការពិតដ៏សាមញ្ញដែលបទនោះបង្រៀនទៀតផង ។
នៅពេលដែលខ្ញុំបើកឡានត្រឡប់មកផ្ទះវិញនៅថ្ងៃនោះ ខ្ញុំមានអារម្មណ៍ពីក្ដីស្រឡាញ់នៃព្រះវរបិតាសួគ៌របស់យើងសម្រាប់បុត្រីម្នាក់របស់ទ្រង់ — គឺវេជ្ជបណ្ឌិតរបស់ខ្ញុំ ។ ទ្រង់ស្គាល់ និងស្រឡាញ់គាត់ ហើយទ្រង់ចង់ឲ្យគាត់យល់ថាគាត់ក៏អាចត្រឡប់ទៅរស់នៅនឹងទ្រង់ម្ដងទៀតផងដែរ ។