« ខ្ញុំត្រូវការទ្រង់ ជានិច្ច »
អ្នកនិពន្ធរស់នៅក្នុងរដ្ឋ យូថាហ៍ ស.រ.អា ។
ពេលដែលយើងមិនដឹងថា យើងអាចបង្រៀនអ្វីថែមទៀត ដៃគូរបស់ខ្ញុំបានស្នើថាយើងគួរច្រៀងទំនុកតម្កើងមួយនេះ ។
រសៀលថ្ងៃអាទិត្យដ៏រីករាយមួយ នៅក្នុងបេសកកម្មរបស់ខ្ញុំនៅបាល់សាន ប្រទេសកូរ៉េ ខ្ញុំ នឹងដៃគូរបស់ខ្ញុំបាននិយាយលាទៅសមាជិកបន្ទាប់ពីការប្រជុំនៅព្រះវិហារ ហើយរៀបនឹងចេញទៅផ្សព្វផ្សាយសាសនា ស្រាប់តែអ្នកដឹកនាំបេសកកម្មវួដបានណែនាំយើងឲ្យស្គាល់ក្មេងប្រុសមានអាយុ 12 ឆ្នាំម្នាក់ ឈ្មោះ គង់ សុងគុន ។ គាត់បានចូលរួមសាសនាចក្រនៅថ្ងៃនោះ ហើយចង់រៀនពីដំណឹងល្អបន្ថែមទៀត ។
ពិតណាស់ យើងរំភើបចិត្តអំពីលទ្ធភាពនៃការបង្រៀនគាត់ ប៉ុន្តែខ្ញុំក៏ភ័យខ្លាចផងដែរពីការបង្រៀននរណាម្នាក់ដែលមានវ័យក្មេងដូច្នេះ ។ យើងបានសម្រេចចិត្ត ធ្វើឲ្យប្រាកដថា គាត់បានទទួលការអនុញ្ញាតពីឪពុកម្ដាយរបស់គាត់ ដូច្នេះខ្ញុំបានហៅទូរស័ព្ទទៅផ្ទះរបស់គង់ សុងគុន ហើយបាននិយាយយ៉ាងខ្លីជាមួយនឹងម្ដាយរបស់គាត់ គឺ ប៉ាក់ម៉ីជុង ។ ខ្ញុំមានការភ្ញាក់ផ្អើល នៅពេលដែលគាត់និយាយថា គាត់មានក្តីរីករាយដែលកូនប្រុសរបស់គាត់រំពឹងចង់ចូលរួមក្នុងសាសនាចក្រ ហើយថាគាត់សប្បាយចិត្តឲ្យយើងមកបង្រៀនកូនគាត់ ។
អ្នករៀនថ្មីដែលមិនបានរំពឹងទុកជាមុន
នៅល្ងាចបន្ទាប់ យើងបានមកដល់ផ្ទះរបស់ក្មេងប្រុសនោះ ត្រៀមខ្លួនជាស្រេចដើម្បីបង្រៀន ។ យើងមានការភ្ញាក់ផ្អើលដោយដឹងថាប៉ាក់ម៉ីជុង ក៏ចង់ឲ្យយើងបង្រៀនកូនស្រីគាត់ គឺគង់ ស៊ូជីន ដែរ ។ ហើយដោយសារយើងជាអ្នកចម្លែកនៅក្នុងផ្ទះរបស់គាត់ ប៉ាក់ម៉ីជុង ចង់ចូលរួមក្នុងមេរៀនទាំងឡាយ ។ ពិតណាស់ យើងរីករាយក្នុងការបង្រៀនអ្នកទាំងឡាយណាដែលចង់ស្ដាប់ ។
បន្ទាប់ពីពួកគេបានបម្រើអាហារសម្រន់ដល់យើងហើយ យើងបានអង្គុយចុះជាមួយគ្នា ហើយចាប់ផ្ដើមពិភាក្សា ។ ជាជាងឲ្យយើងចាប់ផ្ដើមមេរៀនយើងភា្លម ប៉ាក់ ម៉ីជុង ចង់ស្គាល់យើងបន្ថែមទៀត ហើយប្រាប់យើងអំពីស្ថានភាពក្រុមគ្រួសាររបស់គាត់ ។ គាត់បានប្រាប់យើងអំពី ការសាកល្បង និងការលំបាកថ្មីៗដែលពួកបានឆ្លងកាត់ រួមទាំងការពុះពារថ្មីៗរបស់កូនប្រុសគាត់ជាមួយនឹងជម្ងឺមហារីក ។ កូនប្រុសគាត់បានឆ្លងកាត់ការព្យាបាលដោយកាំរស្មីវិទ្យុសកម្មដោយជោគជ័យ ហើយសព្វថ្ងៃនេះ ជម្ងឺមហារីកនេះ គឺនៅក្នុងការផ្ដាច់ តែវេជ្ជបណ្ឌិតបានព្រមានពួកគេថា ថាអាចកើតឡើងម្ដងទៀតនៅពេលណាមួយ ។ វាមានការលំបាកជាខ្លាំងមកលើគ្រួសារនេះ ។ ពួកគេជាគ្រួសារអ្នកធ្វើការងារ ហើយឪពុកខិតខំធ្វើការយ៉ាងខ្លាំង ដើម្បីរក្សាជំរក និងមានម្ហូបអាហារនៅលើតុ ។
ខ្ញុំតក់ស្លុតជាខ្លាំង ហើយសោកស្ដាយដោយការសាកល្បងនៅក្នុងជីវិតរបស់ពួកគេ ។ ជីវិតមិនងាយស្រួលទេសម្រាប់ពួកគេទេ ប៉ុន្តែភាពជិតស្និទនៅក្នុងក្រុមគ្រួសារ បង្ហាញជាភស្តុតាងយ៉ាងធំលើសលប់ ដែលខ្ញុំធ្លាប់បានឃើញនៅក្នុងក្រុមគ្រួសារដទៃទៀត ដែលខ្ញុំបានជួបនៅប្រទេសកូរ៉េ ដែលមានអត្ថន័យយ៉ាងធំសម្បើម នៅក្នុងសង្គមដែលផ្តោតទៅលើក្រុមគ្រួសារ ដូចជាប្រទេសកូរ៉េនេះ ។ យើងបានចាកចេញពីផ្ទះពួកគេនៅល្ងាចនោះ ដោយបានស្គាល់ក្រុមគ្រួសារដ៏ពិសេសនេះជាងមុន ហើយបានមានឱកាសដើម្បីចែកចាយសារលិខិតដំណឹងល្អជាមួយពួកគេ ។
ខ្ញុំ និងដៃគូខ្ញុំបានត្រឡប់ទៅបង្រៀនពួកគេពីរបីដងទៀតនៅសប្ដាហ៍នោះ រាល់ពេល យើងមានបទពិសោធន៍ពីភាពកក់ក្ដៅ និងភាពសប្បុរសដូចជាបទពិសោធន៍ដំបូងដែលយើងមកផ្ទះគេដែរ ។ ពេលដែលប្រធានបទនៃការបុណ្យជ្រមុជទឹកបានលើកឡើង កូនទាំងពីរចង់ចូលរួមនឹងសាសនាចក្រខ្លាំងណាស់ ។ ប៉ុន្តែ ម្ដាយរបស់គេមិនមានអារម្មណ៍រំភើបដូចពួកគេទេ ។ ទោះបីជាការបង្រៀនរបស់យើងសមហេតុផលចំពោះគាត់ ហើយគាត់បានសង្ឃឹមថាសារលិខិតនោះពិតក្ដី គាត់មិនមានអារម្មណ៍ថា គាត់អាចធ្វើតាម និងរក្សាបទបញ្ញត្តិទាំងនេះ ដែលតម្រូវឲ្យធ្វើតាម នៅពេលចូលរួមក្នុងសាសនាចក្រឡើយ ។ គាត់ក៏មិនមានអារម្មណ៍ថា វាសក្ដិសមសម្រាប់គាត់ទទួលបុណ្យជ្រមុជទឹកដោយគ្មានសា្វមីគាត់ ដែលយើងមិនធ្លាប់បានជួបដែរ ។ ប៉ុន្តែ គាត់មានឆន្ទះដើម្បីជួបជាមួយយើង ហើយក៏ចង់ចូលរួមជាមួយកូនៗរបស់គាត់ ក្នុងការមកចូលរួមក្នុងសាសនាចក្រដែរ ។
នៅជិតទីបញ្ចប់នៃសប្ដាហ៍ទីពីរនោះ ពេលដែលយើងបន្តបង្រៀននៅក្នុងផ្ទះរបស់គាត់ យើងបានជួបសា្វមីរបស់គាត់ គឺគង់ គុកវ៉ុន — គាត់ជាបុរសរាបសា រួសរាយ និងចិត្តល្អម្នាក់ ។ គាត់បានចូលរួមជាមួយយើងក្នុងការពិភាក្សាចុងក្រោយ ហើយជឿភ្លាមលើអ្វីៗ គ្រប់យ៉ាងដែលយើងបានបង្រៀន រួមទាំងគោលលទ្ធិនានា ដែលអ្នកដទៃទៀតដែលជារឿយៗពិបាកយល់ដូចជា ដង្វាយមួយភាគក្នុងដប់ និងច្បាប់សុខភាព ។ ទោះបីជាស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេខ្សត់ខ្សោយ ពួកគេចាប់ផ្ដើមបង់ដង្វាយមួយភាគដប់ ។ ឧបសគ្គតែមួយរបស់ឪពុកគឺ ត្រូវធ្វើការនៅថ្ងៃអាទិត្យ ។ គាត់ធ្វើការនៅអាកាសយាន្តអន្តរជាតិក្រុងសេអ៊ូលរៀងរាល់ថ្ងៃអាទិត្យ ដូច្នេះគាត់មិនអាចមកចូលរួមក្នុងសាសនាចក្រជាមួយនឹងគ្រួសាររបស់គាត់បានទេ ។ ថ្វីបើកាលវិភាគការងាររបស់គាត់រវល់ ភរិយាគាត់ និងគាត់បានរៀបចំដើម្បីមកចូលរួមពិធីបុណ្យជ្រមុជទឺងរបស់កូនៗគាត់នៅថ្ងៃអាទិត្យបន្ទាប់ដែរ ។
បន្ទាប់ពីការជ្រមុជទឹករបស់ក្មេងទាំងពីរមក យើងបានបន្តជួបជាមួយគេជាញឹកញាប់នៅក្នុងផ្ទះរបស់ក្រុមគ្រួសារនោះ ។ យើងបានធ្វើរាត្រីជួបជុំក្រុមគ្រួសារ ចែកចាយខគម្ពីរ និងបទពិសោធន៍លើកទឹកចិត្តនានា ហើយបានណែនាំពួកគេឲ្យជួបនឹងសមាជិកវួដផ្សេងៗទៀត ។ ទោះជាយ៉ាងណា ក្រៅពីបទពិសោធន៍ដំណឹងល្អ ឪពុកម្ដាយនេះ មិនទាន់ឈានមកដល់ការជ្រមុជទឹកនៅឡើយទេ ។
នៅក្នុងពេលនោះ ដៃគូរបស់ខ្ញុំបានផ្លាស់ប្ដូរតំបន់ ហើយដៃគូថ្មីរបស់ខ្ញុំ ជាអែលឌើរដែលទើបតែចេញមកពីមជ្ឈមណ្ឌលហ្វឹកហ្វឺនអ្នកផ្សព្វផ្សាយសាសនា ។ គាត់ពោរពេញទៅដោយសេចក្ដីជំនឿ ថាមពល និងការរំភើប ហើយខ្ញុំពិតជាមានការពិបាកដើម្បីតាមឲ្យទាន់គាត់ណាស់ ។ បន្ទាប់ពីជួបជាមួយ គង់ គុកវ៉ុន និងប៉ាក់ ម៉ីជុង ពីរបីលើកមក ដៃគូរបស់ខ្ញុំបានមកឯខ្ញុំ ហើយសួរថាតើខ្ញុំ និងដៃគូមុនរបស់ខ្ញុំបានធ្វើការតមអាហារសម្រាប់ពួកគេ ។ យើងមិនបានធ្វើដូច្នោះទេ ។ តាមពិតទៅ គំនិតនោះមិនធ្លាប់លេចឡើងចំពោះខ្ញុំសោះ ។ ដូច្នេះ យើងបានជួបជាមួយក្រុមគ្រួសារនោះ ហើយបានស្នើសុំការតមអាហារ ។ ខ្ញុំភ្ញាក់ផ្អើលដោយដឹងថា ពួកគេបានធ្វើការតមអាហារយ៉ាងទៀងទាត់ដោយខ្លួនឯង ទាំងសម្រាប់សុខភាពរបស់កូនប្រុសគេ និងសម្រាប់ការផ្លាស់ប្ដូរកាលវិភាគការងារ ដែលនឹងអនុញ្ញាតឲ្យគង់ គុកវ៉ុនចូលរួមនឹងសាសនាចក្រ ។ បន្ទាប់ពីខ្ញុំ និងដៃគូរបស់ខ្ញុំបានចូលរួមនឹងគេនៅក្នុងការតមអាហារ ការអធិស្ឋានរបស់យើងត្រូវបានឆ្លើយតប ហើយកាលវិភាគការងាររបស់គង់ គុកវ៉ុនបានផ្លាស់ប្ដូរ ។ ប៉ុន្តែ ប៉ាក់ ម៉ីជុងនៅតែចចេសមិនទទួលបុណ្យជ្រមុជទឹក ។
ការបំផុសគំនិតមួយ
បន្ទាប់មកដៃគូរបស់ខ្ញុំ មានគំនិតដ៏អស្ចារ្យមួយទៀត ។ គាត់បានទាញយកសៀវភៅទំនុកតម្កើងតូចមួយចេញពីហោប៉ៅមក ហើយសួរថាតើយើងអាចច្រៀងជាមួយពួកគេបានទេ ។ ទោះបីយើងបានច្រៀងរួមគ្នានៅពេលមុនៗក្ដី ខ្ញុំមិនដែលឃើញប៉ាក់ ម៉ីជុង ច្រៀង ហើយគ្រាន់តែសន្មតថា គាត់មិនចូលចិត្តច្រៀង ឬវាមិនស្រួលដោយសារតែតន្ត្រីនោះគឺជាទស្សនៈថ្មីសម្រាប់គាត់ ។ ដៃគូរបស់ខ្ញុំបានសួរគាត់ថា តើគាត់មានទំនុកតម្កើងដែលគាត់ចូលចិត្តដែរឬទេ ហើយខ្ញុំបានភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយគាត់បានអួលដើមក ហើយបានឆ្លើយតបថា តាំងពីគាត់នៅតូច ទំនុកតម្កើងសំណព្វចិត្តរបស់គាត់តែងតែជាបទ « ខ្ញុំត្រូវការទ្រង់ជានិច្ច » ( ទំនុកតម្កើង ទំព័រ 47 ) ។ យើងបានចាប់ផ្ដើមច្រៀងរួមគ្នាជាបួនផ្នែក ដោយមានឪពុកច្រៀងម៉េឡូឌី មា្ដយច្រៀងអ័លតូ ដៃគូខ្ញុំច្រៀងសម្លេងខ្ពស់ ហើយខ្ញុំច្រៀងសម្លេងទាប ។
ព្រះវិញ្ញាណបានគង់នៅក្នុងបន្ទប់យ៉ាងពេញទំហឹង ។ ពេលដែលយើងច្រៀងនៅវគ្គទីបី មនោសញ្ចេតនារបស់គាត់បានសំដែងចេញមក ហើយសម្លេងរបស់គាត់បានឈប់នៅពេលដែលយើងបន្តច្រៀង ៖
ខ្ញុំត្រូវការទ្រង់ជានិច្ច
ទោះខ្ញុំអរ ឬខ្ញុំព្រួយ ។
ឱសូមទ្រង់មកប្រោសប្រាណ
ហើយគង់នៅជាប់ជាមួយ
ខ្ញុំ ត្រូវការឱព្រះយេស៊ូវ
ត្រូវការនឹងទ្រង់ជានិច្ច
សូមផ្ដល់ព្រះពរមកខ្ញុំផង
ខ្ញុំមកពឹងព្រះអង្គ !
នៅពេលដែលយើងបានបញ្ចប់វគ្គទីបួនជាវគ្គចុងក្រោយ គាត់កំពុងតែយំខ្សឹបខ្សួល ។ ស្វាមីគាត់បានព្យាយាមលួងចិត្តគាត់ ហើយនៅទីបញ្ចប់គាត់អាចទប់អារម្មណ៍បាន ។ គាត់បានមើលចំភ្នែករបស់ខ្ញុំ ហើយនិយាយថា « ខ្ញុំត្រូវការធ្វើបុណ្យជ្រមុជទឹក » ។
ពិធីបុណ្យជ្រមុជទឹកសម្រាប់ គង់ គុកវ៉ុន និង ប៉ាក់ ម៉ីជុង នៅរសៀលថ្ងៃអាទិត្យនោះ ជាបទពិសោធន៍ខាងវិញ្ញាណដ៏ធំបំផុតនៅក្នុងបេសកកម្មរបស់ខ្ញុំ ។ កូនៗរបស់ពួកគេបានចូលរួមនៅក្នុងកម្មវិធីនោះ ហើយមានសមាជិកមូលដ្ឋានជាច្រើនបានចូលរួម ដើម្បីសម្ដែងការគាំទ្រសម្រាប់ គ្រួសារផ្លាស់ប្រែចិត្តជឿថ្មីបំផុតនៅក្នុងវួដរបស់ពួកគេ ។ ខ្ញុំ និងដៃគូរបស់ខ្ញុំបានផ្ដល់ចម្រៀងពិសេសបទ ៖ « ខ្ញុំត្រូវការទ្រង់ជានិច្ច » ។
នៅទីបំផុត ខ្ញុំបានបញ្ចប់បេសកកម្មរបស់ខ្ញុំ ហើយបានត្រឡប់មកផ្ទះវិញ ។ បន្ទាប់ពីចូលរៀននៅមហាវិទ្យាល័យបានមួយឆ្នាំ ខ្ញុំបានត្រឡប់ទៅប្រទេសកូរ៉េសម្រាប់កម្មសិក្សារដូវក្ដៅ ហើយនៅរៀងរាល់ចុងសប្ដាហ៍ ខ្ញុំបានផ្ដោតលើការទៅលេងមិត្តភក្ដិ និងក្រុមគ្រួសារពិសេសជាច្រើនដែលខ្ញុំបានជួបនៅក្នុងបេសកកម្មរបស់ខ្ញុំ ។ ពីរបីសប្ដាហ៍បន្ទាប់មក ខ្ញុំបានត្រឡប់ទៅបាល់សាន ហើយបានជួបជាមួយនឹងក្រុមគ្រួសារដ៏ពិសេសនេះ ។ នៅពេលដែលមកដល់ផ្ទះរបស់ពួកគេ ខ្ញុំសម្គាល់ឃើញថាមានបាត់មនុស្សម្នាក់ — កូនប្រុសរបស់ពួកគេ ។ ដោយមានកែវភ្នែករលីងរលោង ប៉ាក់ ម៉ីជុងបានប្រាប់ដំណឹងមកខ្ញុំថា ៖ ជម្ងឺមហារីករបស់កូនប្រុសគាត់បានត្រឡប់មកវិញ ហើយគាត់បានទទួលមរណភាពនៅអាយុ 14 ឆ្នាំ ។
នៅពេលដែលខ្ញុំព្យាយាមសម្ដែងការរំលែកទុក្ខ ហើយដោះស្រាយជាមួយនឹងការឈឺចាប់ដែលខ្ញុំមាន គង់ គុកវ៉ុនបានអះអាងនឹងខ្ញុំថា អ្វីគ្រប់យ៉ាងនឹងប្រសើរឡើង ។ ពួកគាត់ស្រឡាញ់ដំណឹងល្អ បានទៅព្រះវិហារដោយស្មោះត្រង់ ហើយកំពុងទន្ទឹងរង់ចាំដល់ថ្ងៃដែលក្រុមគ្រួសាររបស់គាត់អាចផ្សារភ្ជាប់ជាមួយគ្នា សម្រាប់ពេលដ៏នៅអស់កល្បជានិច្ច្ច នៅក្នុងព្រះវិហារបរិសុទ្ធនៃទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ។ ថ្វីបើពួកគេមានការឈឺចាប់ក្នុងដួងចិត្តក្តី ក្រុមគ្រួសារនេះបានដឹងថា ពួកគេនឹងជួប គង់ សុងគុន និងបានរួបរួមជាថ្មីម្ដងទៀត ។ ប៉ាក់ ម៉ីជុងក៏ប្រាប់ខ្ញុំផងដែរថា ការច្រៀងទំនុកតម្កើងជាប្រចាំ ជួយគាត់ឲ្យរកឃើញកម្លាំងដើម្បីស៊ូទ្រាំ និងមាននូវអារម្មណ៍សុខសាន្តដែលព្រះវិញ្ញាណនាំមក ។
នៅពេលដែលខ្ញុំចាកចេញពីផ្ទះពួកគេនាល្ងាចនោះ ខ្ញុំបានគិតជាថ្មីម្ដងទៀតលើពាក្យទំនុកតម្កើងសំណព្វចិត្តរបស់ ប៉ាក់ ម៉ីជុង ។ ខ្ញុំមានអំណរគុណ ដែលព្រះវរបិតាសួគ៌បានប្រទានពរដល់គ្រួសារនេះ ជាមួយនឹងភាពសុខសាន្ត បន្ទាប់ពីការស្លាប់របស់គង់ សុងគុន ហើយជាពិសេស ខ្ញុំមានអំណរគុណសម្រាប់តួនាទីរបស់ព្រះវិញ្ញាណនៅក្នុងប៉ាក់ ម៉ីជុង ដែលអនុញ្ញាតឲ្យគ្រួសារនេះ មានភាពសក្ដិសមសម្រាប់ពរជ័យដ៏អស់កល្បនៃព្រះវិហារបរិសុទ្ធ ។