តើនរណាជា វិរបុរស របស់អ្នក ?
អ្នកនិពន្ធរស់នៅរដ្ឋ កាលីហ្វ័រញ៉ា ស.រ.អា. ។
អេលី បានដឹងថាអ្នកណាជាវីរបុរសរបស់នាង ប៉ុន្តែនាងមានការភ័យខ្លាចនឹងនិយាយវា ។
« ប្រកាន់ខ្ជាប់នូវកិត្តិយស និងជំនឿអ្នកឈរដូចជាវីរបុរសច្បាំងដល់ស្លាប់ »។ ( សៀវភៅចម្រៀងកុមារ ទំព័រ 80 ) ។
អេលី បានខាំក្រចកមេដៃនាងដោយការភ័យខ្លាច ។ អ្នកគ្រូ ហ្វីតស៍ បានដើរតាមជួរតុ ហើយសួរសិស្សម្នាក់ម្ដងៗនូវសំណួរនេះ ។
« តើនរណាជាវិរបុរសរបស់អ្នក ? » អ្នកគ្រូ ហ្វីតស៍ បានសួរ ជេរ៉េមី ។
ជេរ៉េមី មិនបានខ្ជះខ្ជាយពេលវេលាក្នុងការឆ្លើយតបទេ ។ ជេរ៉មីបានឆ្លើយដោយមោទនភាពថា « ឪពុករបស់ខ្ញុំ » ។
អ្នកគ្រូ ហ្វីតស៍ ញញឹម ។ « ចុះប្អូនវិញ សារ៉ា ? »
ចម្លើយរបស់នាងក៏មកយ៉ាងឆាប់រហ័សដែរ ។ « អ័ប្រាហាំ លីនខុន » ។
អេលីមានអារម្មណ៍ថាបេះដូងនាងលោតយ៉ាងញាប់ ពេលអ្នកគ្រូ ហ្វីតស៍ បានបន្តចុះតាមជួរសិស្ស ។ ពួកគេបាននិយាយពីវីរបុរសពេលមួយថ្ងៃ ហើយឥឡូវនេះអ្នកគ្រប់គ្នាត្រូវនិយាយថាវីរបុរសរបស់គេជានរណាហើយ — នៅចំពោះមុខថ្នាក់ទាំងមូល !
អេមបើរ និង ចាស្ទីន បាននិយាយថាម្ដាយពួកគេជាវីរបុរសរបស់គេ ។ វ៉លធើរ បាននិយាយថាលោកតាជាវីរបុរស ។ សិស្សពីរបីនាក់ដទៃទៀតបាននិយាយថា ស្ដេច ឬប្រធានាធិបតីជាវីរបុរសពួកគេ ។
នៅសល់តែសិស្សពីរបីនាក់ប៉ុណ្ណោះដែលមិនទាន់បាននិយាយ អ្នកគ្រូ ហ្វីតស៍ បានហៅ អេលី ។ នាងត្រូវតែគិតពីវីរបុរសណាម្នាក់ — យ៉ាងលឿន ។
អេលីមើលចុះទៅស្បែកជើងនាងដោយក្ដីខ្មាសអៀន ។ ការគិតឃើញវីរបុរសម្នាក់មិនមែនជាបញ្ហាពិតប្រាកដទេ ។ នាងពិតជាបានដឹងថាអ្នកណាជាវិរបុរសរបស់នាងហើយ ។ គឺជាព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់បានប្រោសអ្នកជម្ងឺឲ្យជា ប្រោសអ្នកស្លាប់ឲ្យរស់ឡើងវិញ ហើយបានបង់ថ្លៃសម្រាប់អំពើបាបរបស់មនុស្សគ្រប់គ្នា ។ ទ្រង់គឺជាវីរបុរសដែលអស្ចារ្យជាងគេក្នុងប្រវត្តិនៃពិភពលោក ! នាងគ្រាន់តែមានការភ័យខ្លាចដើម្បីនិយាយវាចេញ ។
អេលីងានខាំក្រចកមេដៃរបស់នាងម្ដងទៀត គិតពីការប្រាប់ថ្នាក់ទាំងមូលថា ព្រះយេស៊ូវគ្រីស្ទ គឺជាវីរបុរសរបស់នាង ។ ចុះបើ ជេរ៉េមីសើចចំអកឲ្យនាងវិញ ? ចុះបើ សារ៉ា និងអេមបើរ ខ្សឹបខ្សៀវគ្នាពីនាងនៅពេលចេញលេងវិញនោះ ?
ប្រាកដណាស់ នាងបានដឹងថាព្រះយេស៊ូវគ្រីស្ទ គឺជាវីរបុរសរបស់នាង ។ ប៉ុន្តែ វាមិនមានន័យថាមនុស្សផ្សេងទៀត ត្រូវដឹងដែរទេ ។
អ្នកគ្រូ ហ្វីតស៍ បានឈប់នៅចំពីមុខតុរបស់ អេលី ហើយបានញញឹម ។ « ហើយតើនរណាជាវីរបុរសរបស់អ្នក អេលី ? »
អេលីបានក្រឡេកមើលពីជួរសិស្សនៅក្បែរនាង រហូតដល់អ្នកគ្រូ ហ្វីតស៍ ។ នាងបានខ្សឹបថា « អ័ប្រាហាំ លីនខុន » ។
អ្នកគ្រូ ហ្វីតស៍ បាននិយាយទាំងញញឹម ។ គាត់បាននិយាយថា « ល្អ ! » ពេលគាត់ដើរទៅជួរសិស្សបន្ទាប់ ។
ពេលដែលគាត់បានចេញបាត់ ស្មារបស់ អេលី បានធ្លាក់ស្រយុងចុះដោយការធូរស្រាលក្នុងចិត្ត ។ អរគុណដល់ក្ដីល្អ វាបានចប់ហើយ ។ អ្វីចុងក្រោយដែលនាងត្រូវការនោះ គឺឲ្យអ្នកគ្រប់គ្នានៅក្នុងថ្នាក់ដឹងថាវីរបុរសរបស់នាងគឺ —
សម្លេងមួយបាននិយាយថា « ព្រះយេស៊ូវគ្រីស្ទ » ។
ភ្នែករបស់ អេលី បើកធំឡើងនៅពេលដែលនាងមើលឡើងលើ ។ នៅ — តែប៉ុន្មានជួរបន្ទាប់ — មានក្មេងប្រុសតូចដែលមានសក់ញក់ញីបានអង្គុយ ។ គេមានរាងស្គម ហើយខ្មាស់អៀន ហើយគេតែងតែអង្គុយនៅក្រោយថ្នាក់ ។ អេលី មិនទាំងដឹងឈ្មោះរបស់គេផង ។ នាងមិនអាចចាំបានថាធ្លាប់ឮគេនិយាយមួយពាក្យទេ — រហូតដល់ពេលនេះ ។
ក្មេងពីរបីនាក់បានងាកទៅសម្លឹងក្មេងប្រុសនោះ ប៉ុន្តែគេមិនខ្វល់ពីក្មេងទាំងនោះទេ ។ គេគ្រាន់តែមើលទៅអ្នកគ្រូ ហ្វីតស៍ ហើយបាននិយាយម្ដងទៀតថា ។ « វិរបុរសរបស់ខ្ញុំ គឺព្រះយេស៊ូវគ្រីស្ទ » ។
អ្នកគ្រូ ហ្វីតស៍ បានញញឹមយ៉ាងស្រស់ថ្លា ហើយបន្តទៅជួរមួយទៀត ។ ប៉ុន្តែ អេលីមើលទៅក្មេងប្រុសនោះដោយក្ដីភា្ញក់ផ្អើល ។ នាងធ្លាប់មានការភ័យខ្លាចដើម្បីប្រាប់អ្នករួមថ្នាក់រាល់គ្នាអំពីវីរបុរសរបស់នាង ប៉ុន្តែក្មេងប្រុសនោះគ្មានទេ គេមិនទាំងទៅព្រះវិហារផង ! ប៉ុន្តែ គេដឹងថាវាសំខាន់ដល់កម្រិតណា ដើម្បីឈរជាគំរូនៃព្រះយេស៊ូវគ្រីស្ទ ទោះបីជាវាមានការពិបាកក៏ដោយ ។
អេលី បានញញឹមដាក់ក្មេងប្រុសនោះ ។ នាងនឹងមិនភ័យខ្លាច ដើម្បីនិយាយថាអ្នកណាជាវិរបុរសរបស់នាងទៀតឡើយ ។ នៅទីបញ្ចប់ នាងមាន វិរបុរសពីររូបហើយ ។