២០១៥
ឆ្ពោះ​ទៅមុខ​ដោយ​ជំនឿ
April 2015


ឆ្ពោះ​ទៅ​មុខ​ដោយ ជំនឿ

ដក​ស្រង់​ចេញ​ពី​សុន្ទរកថា​ការ​ប្រជុំ​ធម្មនិដ្ឋាន « ទោះ​ជា​យ៉ាងណា​ក៏ដោយ គង់​តែ​ខ្ញុំ​ដើរទៅ​មុខ » ដែល​បាន​ផ្តល់​នៅ​សាកល​វិទ្យាល័យ ព្រិកហាំ​យ៉ង់ ថ្ងៃ ទី 4 ខែ កុម្ភៈ ឆ្នាំ 2014 ។ ដើម្បី​ទទួល​បាន​សុន្ទរកថា​ពេញលេញ ជា​ភាសា​អង់គ្លេស សូម​ចូល​ទៅ speeches.byu.edu

មេរៀនបួន​នៃ​​​ការ​សម្រេច​ចិត្ត​ដោយ​បំផុស​គំនិត ដោយ​នីហ្វៃ អាច​កាត់​បន្ថយ​ភាព​ភ័យខ្លាច​របស់​អ្នក ហើយ​បង្កើន​ទំនុក​ចិត្ត​របស់​អ្នក​ដើម្បី​ឆ្ពោះ​ទៅ​មុខ ។

composite of Nephi praying and a modern youth praying

ភាព​លម្អិត​ពី The Spirit of Prayer, ដោយ ក្លូឌីអូ រ៉ូបឺតូ អាគៀរ រ៉ាមីរ៉េស

ប្អូនៗ​យុវមជ្ឈឹម​វ័យ​ទាំង​អស់ កំពុង​រស់​នៅ​ក្នុង​អ្វី​ដែល​ហៅ​ថា « ទសវត្សន៍ នៃ​ការ​សម្រេច​ចិត្ត » ។ អ្នក​កំពុង​ធ្វើ​ការ​ជ្រើសរើស​សំខាន់ៗ​ជា​ច្រើន​ក្នុង​ជីវិត​របស់​អ្នក ដូច​ជា « ការ​ទៅ​ព្រះ​វិហារ​បរិសុទ្ធ ការ​បម្រើ​បេសកកម្ម ការ​ទទួល​ការ​អប់រំ ជ្រើស​រើស​មុខនាទី​ការងារ និង​ជ្រើស​រើស​ដៃ​គូ ហើយ​ផ្សារភ្ជាប់​អស់​កល្ប​ជានិច្ច​នៅ​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ » ។1

ខ្ញុំ​និយាយ​ផ្ដោត​ពិសេស​ចំពោះ អ្នក​ដែល​កំពុង​ពុះពារ​ជាមួយ​នឹង​ការ​សម្រេច​ចិត្ត​មួយ ឬ​ច្រើន — អ្នក​ខ្លះ​ប្រហែល​ជា​ស្ទើរ​តែ​កម្រើក​ខ្លួន​មិន​រួច​ពី​ការ​ភ័យ​ខ្លាច នៃ​ការ​សម្រេច​ចិត្ត​ខុស ឬ​ត្រូវ​ការ​ការ​ពង្រឹង​ដើម្បី​មាន​ទំនុកចិត្ត ក្នុង​ការ​ធ្វើ​ការ​សម្រេច​ចិត្ត​ពី​មុន​មក ។

បើ​យើង​អនុវត្ត​មេរៀន​បួន​នៃ​ការ​បំផុសគំនិត​ក្នុង​ការ​សម្រេច​ចិត្ត ដោយ​នីហ្វៃ អាច​កាត់​បន្ថយ​ភាព​ភ័យខ្លាច​របស់​អ្នក ហើយ​បង្កើន​ទំនុក​ចិត្ត​របស់​អ្នក​ដើម្បី​ឆ្ពោះ​ទៅ​មុខ ។

1. សូម​គោរព​តាម​ព្រះបញ្ញត្តិ​ទាំង​ឡាយ

ខចុង​ក្រោយ​នៃ​កំណត់​ត្រា​ពិសិដ្ឋ​របស់​នីហ្វៃ បាន​សង្ខេប​ពី​ជីវិត​របស់​លោក ៖ « ដ្បិត​ទ្រង់​បាន​បញ្ជា​ខ្ញុំ​ថា​ដូច្នេះ ហើយ​ខ្ញុំ​ត្រូវ​តែ​គោរព​ធ្វើតាម » ។ ( នីហ្វៃទី 2 33:15 ) ។

សេចក្ដី​ជំនឿ និង​សេចក្ដី​ស្រឡាញ់​របស់​នីហ្វៃ​ចំពោះ​ព្រះ​អង្គ​សង្គ្រោះ គឺ​បាន​បញ្ជាក់​បង្ហាញ​នៅ​ក្នុង​ការ​គោរព​ព្រះ​បញ្ញត្តិ​របស់​ព្រះ ។ លោក​បាន​អធិស្ឋាន ( សូមមើល នីហ្វៃទី 1 2:16 ) លោក​បាន​អាន​ព្រះ​គម្ពីរ ( សូមមើល នីហ្វៃទី 1 22:1 ) ។ លោក​បាន​ស្វែង​រក និង​ដើរ​តាម​ការ​ចង្អុល​បង្ហាញ​មក​ពី​ព្យា​ការី​ដែល​នៅ​រស់ ( សូមមើល នីហ្វៃទី 1 16:23–24 ) ។ ការ​គោរព​តាម​បែបនោះ អនុញ្ញាតឲ្យ​ព្រះ​វិញ្ញាណ​ធ្វើ​ជា​ដៃ​គូ​ដ៏​ខ្លាំង​ដល់​នីហ្វៃ ពេញ​មួយ​ជីវិត​របស់​លោក ហើយ​ជម្រុញ​ឲ្យ​មាន​វិវរណៈ​ផ្ទាល់​ខ្លួន​ជា​បន្ត​បន្ទាប់ ។

អ្នក​ទាំង​អស់​គ្នា​ក៏​ត្រូវ​តែ​នៅ​ជិត​នឹង​ព្រះ​អម្ចាស់​ដែរ ដោយ​រក្សា​បទ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ព្រះ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ការ​គោរព​ប្រតិបត្តិ​យ៉ាង​ខ្ជាប់​ខ្ជួន​ទៅ​នឹង​អ្វី​តូច​មួយ​ដូច​ជា ការ​អាន​ព្រះ​គម្ពីរ ការ​អធិស្ឋាន​ជា​រៀង​រាល់​ថ្ងៃ ចូល​រួម​ការ​ប្រជុំ​សាសនាចក្រ​នានា ស្ដាប់​តាម​ដំបូន្មាន​របស់​ព្យាការី​ដែល​នៅ​រស់ និងការ​បម្រើ​អ្នក​ដទៃ នោះ​វា​នឹង​ឲ្យ​អ្នក​មាន​ភាព​សក្ដិសម​សម្រាប់​ព្រះ​វិញ្ញាណ — និង​វិវរណៈ​ដែល​មក​ជាមួយ​គា្ន​នោះ ។

ភាព​ល្អ​ឥតខ្ចោះ ពុំមែន​ជា​តម្រូវ​ការ​ដំបូង​ដើម្បី​ទទួល​បាន​វិវរណៈ​ផ្ទាល់​ខ្លួន​នោះទេ ។ តម្រូវ​ការ​ដំបូង គឺ​ជា​ការ​កែប្រែចិត្ត​ជា​រៀង​រាល់​ថ្ងៃ ( សូមមើល រ៉ូម 3:23 ) ។ បើ​សិន​ជា​ការ​កែប្រែចិត្ត​របស់​អ្នក​ស្មោះ​ពីចិត្ត និង​ពេញ​លេញ ( សូមមើល គ និង ស 58:42–43 ) អំណាច​នៃ​ការ​លាង​សម្អាត​របស់​ដង្វាយ​ធួន នឹង​នាំ​ព្រះ​វិញ្ញាណ​ដើម្បី​ដឹក​នាំ​អ្នក​នៅ​ក្នុង​ការ​សម្រច​ចិត្ត​ដ៏​សំខាន់​នៃ​ជីវិត ។

2. ឆ្ពោះ​ទៅ​មុខ​ដោយ​ជំនឿ

សូម​ដាក់​ខ្លួន​អ្នក​ក្នុង​ស្ថានភាព​របស់​នីហ្វៃ​វិញ ឪពុក​របស់​អ្នកប្រាប់​អ្នក​ថា ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​គ្រួសារ​អ្នក​បោះ​បង់​ចោល​ទ្រព​សម្បត្តិ​របស់​អ្នក ហើយ​ចេញ​ទៅ​វាល​រហោស្ថាន ។ តើ​អ្នក​មិន​ចង់​ដឹង​អំពី​ដំណើរ និង​គោល​ដៅ​របស់​អ្នក​ទេ​ឬ ?

ខ្ញុំ​គិត​ថា នីហ្វៃ​នឹង​រំភើប​ចិត្ត​បើ​ព្រះ​អម្ចាស់​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​អនាគត​របស់​គាត់ ។ ប៉ុន្តែ នោះមិន​មែន​ជា​របៀប​ដែល​ព្រះ​បាន​ធ្វើ​ការ​ជា​មួយ​នីហ្វៃ​ទេ ហើយ​វា​ក៏​មិន​មែន​ជា​របៀប​ដែល​ទ្រង់​នឹង​ធ្វើ​ការ​ជាមួយ​អ្នក​ដែរ ។

ពេល​ដែល​ក្រុម​គ្រួសារ​របស់​នីហ្វៃ​បាន​ធ្វើ​ដំណើរ​តាម​វាល​រហោស្ថាន សេចក្ដី​ណែនាំ​បាន​មក​ដល់​គាត់​ត្រឹម​តែ « យូរៗ​ម្ដង » ប៉ុណ្ណោះ ( នីហ្វៃទី 1 16:29; 18:1 ) ។ ការ​មើល​ទៅ​ដំណើរ​ជីវិត​របស់​លោក​ដោយ​ភាព​ជាក់​ច្បាស់​នៅ​មុខ នឹង​មិន​ផ្ដល់​ឲ្យ​លោក​នូវ​ការ​ពង្រីក​ព្រលឹង និង​ការ​បង្កើត​សេចក្ដី​ជំនឿ​ដែល​ជួយ​លោក​ឲ្យ​ក្លាយ​កាន់​តែ​ដូច​ព្រះ​គ្រីស្ទ​ទេ ។

composite with illustration of Lehi loading the plates of Laban on a donkey and a modern girl reading the Book of Mormon

បើ​សិន​អ្នក​កំពុងតែរង់ចាំ​ឲ្យ​ព្រះ​ចង្អុល​បង្ហាញ​ថា គួរ​តែ​រៀន​មុខ​វិជ្ជា​អ្វី ត្រូវ​រៀប​ការ​ជាមួយ​អ្នក​ណា ត្រូវ​ធ្វើ​ការ​ងារ​អ្វី ត្រូវ​រស់​នៅ​កន្លែង​ណា គួរ​រៀន​បន្ត​យក​អនុបណ្ឌិត ហើយ​គួរ​បង្កើត​កូន​ប៉ុន្មាន​នាក់ នោះ​អ្នក​នឹង​មិន​ដែល​ចាក​ចេញ​ពី​ផ្ទះ​របស់​អ្នក​បានឡើយ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា វិវរណៈ​ផ្ទាល់​ខ្លួន​នឹង​មក​ត្រឹម​តែ « ពី​ពេល​មួយ​ទៅ​ពេល​មួយ » ប៉ុណ្ណោះ ។

ព្រះវរបិតា​សួគ៌​របស់​យើង ចង់​ឲ្យ​យើង​រីក​ចម្រើន ហើយ​វា​រួម​បញ្ចូល​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​យើង​ដើម្បី​ថ្លឹង​ថ្លែង​ការ​ពិត ផ្ដល់​ការ​វិនិច្ឆ័យ និង​ធ្វើ​ការ​សម្រេច​ចិត្ត ។ ប៉ុន្តែ ទ្រង់​ក៏​អញ្ជើញ​យើង​ឲ្យ​យក​ការ​សម្រេច​ចិត្ត​ទាំង​ឡាយ​របស់​យើង​ទៅ​កាន់​ទ្រង់​ក្នុង​ការ​អធិស្ឋាន​ដែរ ( សូម​មើល គ និង ស 9:7–9 ) ។ អែលឌើរ រីឆាត ជី ស្កត នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា ចម្លើយ​ចំពោះ​ការ​អធិស្ឋាន​របស់​យើង​មក « ក្នុង​វិធី​មួយ​ក្នុង​ចំណោម វិធី បី » ។2

ការ​បញ្ជាក់​ពី​ការ​អះអាង

អែលឌើរ ស្កត​បាន​មាន​ប្រសាសន៍​ថា « ជា​ដំបូង អ្នក​អាច​មាន​អារម្មណ៍​សុខសាន្ត លួង​លោម​ចិត្ត និង​ការ​អះអាង​ថា​ការ​សម្រេច​ចិត្ត​របស់​អ្នក គឺ​ត្រឹម​ត្រូវ »3 ខ្ញុំ និង​គ្រីស្ទី​ភរិយា​របស់​ខ្ញុំ បាន​រកឃើញ​ថា​ការ​អះអាង​ចំពោះ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​ដែល​ប៉ះពាល់​ដល់​ជីវិត អាច​ជា​ការ​សន្ទនា​តាម​រយៈ​ព្រះ​គម្ពីរ ហើយ​ជារឿយ បន្ទាប់​ពី​ការ​គោរព​បូជា​ព្រះ​វិហារ​បរិសុទ្ធ ។

ឧទាហរណ៍ បន្ទាប់​ពី​ការ​សញ្ជឹង​គិត និង​ការ​អធិស្ឋាន​ជា​ច្រើន យើង​បាន​សម្រេច​ចិត្ត​បោះបង់​ផ្ទះ​ក្នុង​ក្ដី​សុបិន្ត​ថ្មីរបស់​យើង​ក្នុង​រដ្ឋ​តិចសាស់ ទទួល​យក​ការ​ផ្លាស់​ប្ដូរ​ការងារ ហើយ​ផ្លាស់​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ជាមួយ​នឹង​កូន​ប្រាំមួយ​នាក់ ។ តែ​យើង​ប្រាថ្នា​ចង់​បាន​ការ​បញ្ជាក់​ខាង​វិញ្ញាណ​យ៉ាង​ខ្លាំង សម្រាប់​ការ​ផ្លាស់​ប្ដូរ​ដ៏​សំខាន់​មួយ​នេះ ។ ការ​អះអាង​ដ៏​ទេវភាព​ពិត​ជា​មាន​ចំពោះ​យើង — នៅ​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ — ពេល​យើង​អាន​ពាក្យ​ទាំង​នេះ​នៅ​ក្នុង​គោល​លទ្ធិ និង សេចក្ដី​សញ្ញា ៖ « គឺ​ជា​ព្រះហឫទ័យ​របស់​យើង ថាអ្នក​គប្បី … កុំនៅ​កន្លែង​នេះ​ច្រើន​ថ្ងៃ​ពេក … ចូរ​កុំ​គិត​ពី​ទ្រព​សម្បត្តិ​របស់​អ្នក​ឡើយ ។ ចូរ​ទៅ​ឯដែនដី​ទាំងឡាយ​នៅ​ទិស​ខាងលិច » ( គ និង ស 66:5–7 ) ។

សម្លេង​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ អម​មក​ដោយ​នូវ​អារម្មណ៍​ដ៏​មាន​អំណាច​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ បាន​បញ្ចាក់​ថា ការ​សម្រេច​ចិត្ត​របស់​យើង​ក្នុង​ការ​ផ្លាស់​ទៅ​ប្រទេស​ចិន គឺត្រឹម​ត្រូវ ។

អារម្មណ៍​រសាប់​រសល់

វិធី​ទី​ពីរ ព្រះវរបិតា​សួគ៌​ឆ្លើយ​តប​នឹង​ការ​អធិស្ឋាន​តាម​រយៈ « អារម្មណ៍​រសាប់​រសល់ ភាព​ធេងធោង​នៃ​គំនិត បង្ហាញ​ថា​ជម្រើស​របស់​អ្នក​ខុស » ។4

បន្ទាប់​ពី​បេសកកម្ម​របស់​ខ្ញុំ​នៅ​ប្រទេស​តៃ​វ៉ាន់ ខ្ញុំ​គិត​ថា ច្បាប់​អន្តរជាតិ​នឹង​ជា​ជម្រើស​អាជីព​ដ៏​ល្អ ។ ពេល​ខ្ញុំ និង​គ្រីស្ទី​បាន​ចាត់​ទុក​ថា វា​អាច​ទៅ​រួច​សម្រាប់​អនាគត យើង​បាន​យល់​ពី ការ​សិក្សា​អប់រំ​ដ៏​ថ្លៃ​នៅ​ប្រាំឆ្នាំ​ទៅ​មុខ​ទៀត ។

សហរដ្ឋ​អាមេរិក បាន​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ ហើយ​មូលនិធិ​របស់​យើង​ពិត​ជា​ស្តួច​ស្តើង ដូច្នេះ យើង​បាន​ថ្លឹង​ថ្លែង​ថា​ការ​ចូល​រួម​ក្នុង​កងទ័ព​ជើង​អាកាសឈ្មោះ អរអូធីស៊ី ( ROTC ) ដើម្បី​បង់ថ្លៃ​សាលា​ជា​ជម្រើស​ដ៏​ឆ្លាត​វៃ ។ ប៉ុន្តែ នៅ​ពេល​ដែល​ខ្ញុំ​ធ្វើ​តេស្ត និង​បំពេញ​ឯកសា​ដែល​បាន​តម្រូវ យើង​មិន​ស្រណុក​ចិត្ត​ក្នុង​ការ​ធ្វើ​កិច្ច​សន្យា​នោះ​សោះ ។ គ្មាន​អារម្មណ៍​មិន​នឹង​ន ឬ​ក៏​អារម្មណ៍​ងងឹត​ណាមួយ​មក​ទេ — គ្រាន់​តែ​អវត្តមាន​នៃ​ភាព​សុខសាន្ត​ប៉ុណ្ណោះ ។

ផ្នែក​ខ្លះ វា​ហាក់​ដូច​ជា​មិន​សម​ហេតុផល​នឹង​ការ​សម្រេច​ចិត្ត​ផ្នែក​ហិរញ្ញ​វត្ថុ​ដែល​បាន​បំផុស​គំនិត​ទេ ដោយ​សារ​បើមិន​ដូច្នោះទេ ខ្ញុំ​នឹង​ក្លាយ​ជា​មេធាវី​ដ៏​អាក្រក់ !

ទំនុកចិត្ត​ដ៏​ទេវភាព

ព្រះ​ឆ្លើយ​តប​ចំពោះ​ការ​អធិស្ឋាន​របស់​យើង​តាម​វិធី​ទី​បី ៖ គ្មាន​ចម្លើយ ។ អែលឌើរ ស្កត បាន​មាន​ប្រសាសន៍​ថា « ពេល​អ្នក​រស់នៅ​ដោយ​សក្ដិសម ហើយ​ជម្រើស​អ្នក​សមស្របនឹង​ការបង្រៀន​នៃ​ព្រះអង្គសង្គ្រោះ នោះ​អ្នកចាំបាច់​ត្រូវ​តែអនុវត្តតាម បន្ដ​ទៅមុខ​ដោយ​ទំនុក​ចិត្ត » ។5

ការ​ព្យាយាម​ចុង​ក្រោយ​របស់​នីហ្វៃ ដើម្បី​ទទួល​បាន​ផ្ទាំង​លង្ហិន បង្ហាញ​ពី​របៀប​ដែល​យើង​គួរ​បន្ត​ទៅ​មុខ​ដោយ​ទំនុក​ចិត្ត​ដ៏​ទេវភាព ។ លោក​បាន​កត់​ត្រាថា ៖

« ខ្ញុំត្រូវ បានដឹកនាំខាងវិញ្ញាណ ដោយមិន ដឹងជាមុនសោះឡើយថា តើខ្ញុំត្រូវធ្វើអ្វីខ្លះ ។

ទោះយ៉ាងណាក៍ដោយ គង់តែខ្ញុំ ដើរតម្រង់ទៅមុខ » ( នីហ្វៃទី 1 4:6–7 ) ។

ពេល​ទាំងនោះ​នឹង​មក​ដល់​អំឡុង​ទស្សវត្សរ៍​នៃ​ការ​សម្រេច​ចិត្ត​របស់​អ្នក ពេល​អ្នក​មិន​អាច​បង្អង់​យូរ​ទៀត ហើយ​ត្រូវ​តែ​ធ្វើ​វា ។ ខ្ញុំ​បាន​រៀន​ថា ដូច​អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា « យើង​នឹង​ទទួល​បាន​ការ​បំផុស​គំនិត ពី​ព្រះ​វិញ្ញាណ​ពេល​យើង​បាន​ធ្វើ​អ្វី​គ្រប់​យ៉ាង​អស់​ពីសមត្ថ​ភាព ពេល​យើង​ចេញ​ទៅ​ធ្វើការ​ក្រោម​កំដៅ​ថ្ងៃ​ជាជាង​ការ​អង្គុយ​នៅ​ក្នុង​ម្លប់ អធិស្ថាន​សម្រាប់​ការ​ណែនាំ​ពី​ជំហាន​ដំបូង​ដែល​ត្រូវ​ដើរ » ។6

ដូច​ជា​នីហ្វៃ​ដែរ ព្រះ​វិញ្ញាណ​នឹង​បញ្ជាក់ ឬ​ព្រមាន​ពី​ការ​ជ្រើស​ផ្លូវ​របស់​អ្នក​នៅ​ពេល​ដែល​ដល់​ពេល ។

3. រស់​នៅ​ក្នុង​បច្ចុប្បន្ន​ភាព

ការ​ប្ដេជ្ញា​របស់​នីហ្វៃ​លើ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ដែន​ដី​សន្យា ឈរ​ផ្ទុយ​ស្រឡះ​ពី​បង​ប្រុស​របស់​លោក លេមិន និង​លេមយួល ។ ពួក​គាត់បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ទៅ ប៉ុន្តែ​ដួង​ចិត្ត​របស់​ពួក​គេ​មិន​ដែល​ចាក​ចេញ​ពី​ក្រុង​យេរូសាឡឹម​ឡើយ ។ នីហ្វៃ​កំពុង​ជួសជុល​ធ្នូ​ដែល​បាន​បាក់របស់​គាត់ ដើម្បី​បរបាញ់​ម្ហូប និង​រក​រ៉ែ​ដើម្បី​សាង​សង់​សំពៅ ខណៈ​ដែល​បង​ប្រុស​ប្អូន​របស់​លោក​កំពុង​សម្រាក​នៅ​ក្នុង​ត្រសាល ។

សព្វ​ថ្ងៃ​នេះ ពិភព​លោក​មាន​លេមិន និង​លេមួល​ជា​ច្រើន ។ ប៉ុន្តែ ព្រះអម្ចាស់​ត្រូវ​ការ​បុរស និង​ស្ត្រី ដែល​បេ្ដជ្ញា​ចិត្ត​ដូច​នីហ្វៃ ។ អ្នក​នឹង​មាន​បទ​ពិសោធន៍​ពី​ការ​រីកចម្រើន​ដ៏​ធំ​នៅ​ក្នុង​ជីវិត ពេល​អ្នក​ប្ដេជ្ញា​ទាំង​ស្រុង​ទៅ​នឹង​ការ​សម្រេច​ចិត្ត​របស់​អ្នក ហើយ​ព្យាយាម​ដើម្បី​បាន​ខ្លាំង​ពូកែ​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​របស់​អ្នក សូម្បី​តែ​ពេល​ដែល​អ្នក​បើកភ្នែក​សម្លឹង​មើល​ទៅ​អនាគត​ក៏​ដោយ ។

នីហ្វៃ​បង្ហាញ​ឲ្យ​ឃើញ​ជាក់​ពី ដំបូន្មាន​របស់​ប្រធាន ថូម៉ាស អេស ម៉នសុន ៖ « ការ​ស្រមើ​ស្រម៉ៃ​ពី​អតីត​កាល និង​ការ​ទន្ទឹង​ពី​អនាគត អាច​ផ្ដល់​នូវ​ការ​លួង​លោម​ចិត្ត ប៉ុន្តែ​វា​នឹង​មិន​ជំនួស​កន្លែង​នៃ​ការ​រស់​នៅ​ក្នុង​បច្ចុប្បន្នភាព​ទេ ។ ថ្ងៃ​នេះ​ជា​ថ្ងៃ​នៃ​ឱកាស​របស់​យើង ហើយ​យើង​នឹង​ចាប់​យក​វា » ។7

4. ទាញ​យក​កម្លាំង​ពី​អ្នក​ដទៃ

ទោះ​បី​បន្ទាប់​ពី​យើង​ស្វែង​រក​ព្រះ​វិញ្ញាណក៏ដោយ ឆ្ពោះ​ទៅ​មុខ​ជាមួយ​ការ​សម្រេច​ចិត្ត​របស់​យើង នឹង​ប្ដេជ្ញា​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​វា ក៏​ការ​សង្ស័យ​នៅ​តែ​មាន ហើយ​ធ្វើ​ឲ្យ​មាន​សំណួរ​លើ​ការ​សម្រេច​ចិត្ត​របស់​យើង​ដែរ ។ នៅ​ក្នុង​ស្ថាន​ភាព​បែប​នោះ សមាជិក​គ្រួសារ ឬ​មិត្តភក្ដិ​ដែល​យើង​ទុកចិត្ត អាច​ផ្ដល់​ដំបូន្មាន និង​កម្លាំង​ដើម្បី​ឲ្យ​យើង​រឹងមាំ ។ ខ្ញុំ​គិត​ថា ភរិយា​របស់​នីហ្វៃ​បាន​ក្លាយ​ជា​យុត្តកា​ដ៏​គួរ​ឲ្យ​ទុកចិត្ត​របស់​លោក នៅ​តាម​ដំណើរ​ទៅ​ដែន​ដី​ន្យា ។

ការ​ដឹង​គុណ​ចំពោះ​ភរិយា​របស់​នីហ្វៃ បាន​មក​ដល់​ខ្ញុំ នៅ​ពេល​ទៅ​ទស្សនា​សារមន្ទីរ​ប្រវត្តិ​សាស្ត្រ​របស់​សាសនាចក្រ ។ ខ្ញុំ​បាន​ដក់​ជាប់​នឹង​ផ្ទាំង​គំនូរ​នៅ​ទីនោះ ជា​ផ្ទាំង​គំនូរ​ដែល​នីហ្វៃ​បាន​ចង​ភ្ជាប់​ទៅ​នឹង​ដង​ក្ដោង​នៃ​សំពៅ ទទឹក​ជោក​ដោយ​ព្យុះ​ដែល​កំពុង​បក់​បោក ។8

នៅ​ក្បែរ​នីហ្វៃ គឺ​ជា​ភរិយា និង​កូន​ម្នាក់​របស់​លោក ។ គាត់​កំពុង​តែ​ទទួល​បទពិសោធន៍​ពី​ខ្យល់​ព្យុះ និង​បញ្ហា​ដូច​នីហ្វៃ​ដែរ ប៉ុន្តែ​កែវ​ភ្នែក​របស់​គាត់​មាន​ភាព​ក្លាហាន ហើយ​ដៃ​ដ៏​រឹងមាំ​របស់​គាត់បានឱបក្រសោប​ជុំវិញ​ស្មា​របស់​លោក ។ នៅ​ពេល​នោះ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ក៏​មាន​ពរ​ជ័យ​ដោយ​មាន​ភរិយា​ដែល​ស្មោះត្រង់ ផ្ដល់​កម្លាំង​ដល់​ខ្ញុំ​នៅ​ពេល​មាន​ទុក​លំបាក​ដែរ ។ ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​ក៏​ជា​កម្លាំងស្រដៀង​គ្នា​ចំពោះ​ភរិយា​ខ្ញុំ​ដែរ ។

composite of Nephite family and modern couple

បង​ប្អូន​ប្រុស​ទាំង​ឡាយ ការ​រក្សា និង​ពង្រឹង​កម្លាំង​ខាង​វិញ្ញាណ​ដែល​អ្នក​បាន​បង្កើត ( ឬ​ដែល​នឹង​បង្កើត ) ដូច​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ឬ​ក្នុង​ការ​បម្រើ​ដ៏​សុចរិត​ផ្សេង​ទៀត គឺ​ជា​ទ្រព្យ​ដ៏​មាន​តម្លៃ​បំផុត នៅ​ក្នុង​ការ​ក្លាយ​ជា​ស្វាមី និង​ឪពុក​ដែល​គួរឲ្យ​ចង់​បាន ។ បងប្អូន​ស្រី​ទាំងឡាយ ភាព​ទន់ភ្លន់​ខាង​វិញ្ញាណ សេចក្ដី​ជំនឿ នឹង​ភាព​ក្លាហាន ដើម្បី​ដើរ​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ គឺ​ជា​គុណសម្បត្តិ​ជា​ភរិយា និង​ជា​ម្ដាយ​ដ៏​ល្អ​បំផុត ។

ខ្ញុំ​សូម​អញ្ជើញ​អ្នក​ឲ្យ​ក្លាយ​ជា​ប្រភេទ​មនុស្ស ដែល​ភរិយា/ស្វាមី​ក្នុង​ពេល​បច្ចុប្បន្ន ឬ​នាពេល​អនាគត អាច​ពឹង​ផ្អែក​សម្រាប់​កម្លាំង និង​ដំបូន្មាន​ដ៏​វៃឆ្លាត ។ បុរស​ប្រកប​ដោយ​គុណធម៌ និង​ស្ត្រី​ដែល​មាន​ភាព​សក្ដិសម ហើយ​ដែល​បាន​ផ្សារភ្ជាប់​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នៅ​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ អាច​ធ្វើ​នូវ​កិច្ច​ការ​លំបាក​បាន​ជា​ដៃ​គូ​ស្មើ​ភាព ។

ខ្ញុំ​សូម​សន្យា​ថា បើ​អ្នក​នឹង​អនុវត្ត​នូវមេរៀន​ទាំង​ឡាយ​ដែល​បាន​រៀន​ពី​នីហ្វៃ និង​ព្យាការី​សម័យ​ទំនើប អំពី​ការ​ធ្វើ​ការ​សម្រេច​ចិត្ត អ្នក​នឹង​ត្រូវ​បាន​ដឹក​នាំ​តាម​ផ្លូវ​ដោយ​វិវរណៈ​ផ្ទាល់​ខ្លួន « ពី​ពេល​មួយ​ទៅ​ពេល​មួយ » ។ ពេល​អ្នក​រីក​ចម្រើន​តាម​ទស្សវត្សរ៍​នៃ​ការ​សម្រេច​ចិត្ត​របស់​អ្នក អ្នក​អាច​មាន​សេចក្ដី​ជំនឿ​ដើម្បី​និយាយ​ដូច​ជា​នីហ្វៃ​ដែរ​ថា ៖

« ខ្ញុំត្រូវ បានដឹកនាំខាងវិញ្ញាណ ដោយមិនដឹង ជាមុនសោះឡើយថា តើខ្ញុំត្រូវធ្វើអ្វីខ្លះ ។

« ទោះយ៉ាង​ណា​ក៍ដោយ គង់តែ​ខ្ញុំដើរ​តម្រង់​ទៅមុខ » ( នីហ្វៃទី 1 4:6–7 ) ។

កំណត់​ចំណាំ

  1. រ៉ូបឺត ឌី ហែល « To the Aaronic Priesthood: Preparing for the Decade of Decision » លីអាហូណា ខែ ឧសភា ឆ្នាំ 2007, ទំព័រ 48 ។

  2. រីឆាដ ជី ស្កត « Using the Supernal Gift of Prayer » លីអាហូណា ខែ ឧសភា ឆ្នាំ 2007, ទំព័រ 10; សង្កត់ធ្ងន់​នៅ​ក្នុង​ច្បាប់​ដើម ។

  3. រីឆាដ ជី ស្កត « Using the Supernal Gift of Prayer, » ទំព័រ 10 ។

  4. រីឆាដ ជី ស្កត « Using the Supernal Gift of Prayer, » ទំព័រ 10 ។

  5. រីឆាដ ជី ស្កត « Using the Supernal Gift of Prayer, » ទំព័រ 10 ។

  6. ដាល្លិន អេក អូក « In His Own Time, in His Own Way, » លីអាហូណា ខែ សីហា ឆ្នាំ 2013, ទំព័រ 26 ។

  7. ថូម៉ាស អេស ម៉នសុន « In Search of Treasure, » លីអាហូណា ខែ ឧសភា ឆ្នាំ 2003, ទំព័រ 20 ។

  8. សូម​មើល Helpmeet, ដោយ សន ស៊ូលីវ៉ាន់ « The Book of Mormon: A Worldwide View » លីអាហូណា ខែ ធ្នូ ឆ្នាំ 2000, ទំព័រ 37 ។