២០១៥
ឥទ្ធិពល​ខាង​វិញ្ញាណ​របស់​ស្រ្តី
April 2015


ឥទ្ធិពល​ខាង​វិញ្ញាណ​របស់ ស្រ្តី

អ្នក​និពន្ធ​រស់​នៅ​ក្នុង​រដ្ឋ យូថាហ៍ ស.រ.អា ។

តើ​យើង​ស្គាល់​អំណាច​នៃ​កម្លាំង​ខាង​វិញ្ញាណ​របស់​យើង​ដែរ​ឬទេ ?

drawing of women with their arms around each other

បុត្រីនៃទេវតា ដោយខាតលីន ភីធើរសុន ហាមថតចម្លង

ស្ត្រី​ដ៏​អស្ចារ្យ និង​មាន​ចិត្តរាប​ទាប​ជា​ច្រើន​នៅក្នុង​សាសនាចក្រ បានខិតខំផ្ដល់​ការ​បម្រើ​ដោយ​ពុំ​ដឹង​ពី​ឥទ្ធិពលដ៏ទូលំទូលាយ ដែល​ជីវិត​របស់​ពួកគេ​មាន — ជាគំរូ​នៃ​ការ​បម្រើ​ខាង​សាច់ឈាម ប៉ុន្តែ​ក៏​ជា​កេរ្ដិ៍ដំណែល​នៃ​កម្លាំង​ខាង​វិញ្ញាណ​ផងដែរ ។ ស្រ្តី​មា្នក់​បែប​នោះ ជា​ជីដូន​របស់​ខ្ញុំ គឺ​ឆែរី ភីធើរសិន ។ គាត់​បាន​បម្រើ​យ៉ាង​ស្មោះត្រង់ នៅ​ក្នុង​ការ​ហៅបម្រើ​ដ៏​ស្ងាត់​ស្ងៀម​អស់មួយជីវិត​របស់​គាត់ ។ ប្រសិនបើ​អ្នក​សួរ​គាត់ គាត់​នឹង​អះអាង​ថា​គាត់​ពុំមាន​ទេពកោសល្យ​ជា​ច្រើន ដើម្បី​ផ្ដល់​ជូន​ពិភព​លោក​ទេ ។ ទោះ​ជា​យ៉ាង​ណាក្តី នៅ​ពេល​ដែល​ខ្ញុំ​បាន​ចាប់​ផ្ដើម​រៀន​អំពី​ជីវិត​របស់​គាត់ ខ្ញុំ​បាន​ដឹង​ថា​កម្លាំង​ខាង​វិញ្ញាណ​របស់​គាត់​មាន​ឥទ្ធិពល​មក​លើ​ជីវិត​ខ្ញុំ​ដល់​កម្រិត​ណា ។

ឪពុក​ម្ដាយ​របស់​ឆែរី បាន​ឈប់​ទៅ​ចូល​រួម​នឹង​សាសនាចក្រ ហើយ​បាន​លែងលះ​គ្នា​ពេល​ដែល​គាត់​នៅ​ក្មេង​នៅឡើយ ដូច្នេះ​គាត់​បាន​ធំឡើង​ជាមួយ​នឹង​ម្ដាយ​គាត់ គឺ​ ហ្ល្វ័ររិន ដែល​តែង​តែ​ធ្វើការ​ជានិច្ច ។ ហ្វ្ល័រ​រិន កាន់​តែ​មិន​ត្រូវ​បាន​គេ​អើពើ​​ពេល​ដែល​គាត់​នៅ​ក្មេង គាត់​ត្រូវ​បាន​ចិញ្ចឹម​ឲ្យ​ធំ​ឡើង​នៅក្នុង​សាលា ខណៈពេល​ដែល​ម្ដាយ​គាត់ គឺ​ចច​ចា បាន​រស់​នៅ​ក្នុង​ជីវិត​ខាង​លោកិយ ។ ថ្វីបើ​មាន​បញ្ហា​ក្នុង​ការ​អប់រំបីបាច់​របស់​នាង ឆែរី​នៅ​តែ​សកម្ម​នៅ​ក្នុង​ដំណឹង​ល្អ ចូលរួម​ក្នុង​សាសនាចក្រ​ដោយ​ស្មោះត្រង់​ជាមួយ​នឹង​ក្រុមគ្រួសារ​របស់​ជីដូន​ទួត គឺ​អេលីសាបិត ឬ​ជាមួយ​មិត្តភក្ដិ​របស់​គាត់ ។ គាត់​បាន​ឃើញ​នៅ​ក្នុង​គ្រួសារ​របស់​គេ នូវ​អ្វី​ដែល​គាត់​ចង់​បាន​សម្រាប់​ខ្លួន​គាត់​ផ្ទាល់​ដែរ ។ គាត់​មិន​បាន​ដឹង​ច្បាស់​ពី​អ្វី​ដែល​ក្រុម​គ្រួសារ​មួយ​គួរ​តែមាន​គុណ​សម្បត្តិ​បែប​ណា​ឡើយ ប៉ុន្តែ​គាត់​បាន​ដឹង​ពី​គុណ​សម្បត្តិ​អវិជ្ជមាន ហើយ​គាត់​បាន​ប្តេជ្ញា​ថា​នឹង​មាន​ក្រុមគ្រួសារ​នៅ​ថ្ងៃ​អនាគត​ឲ្យ​ខុស​ពី​នេះ​ ។

ជីតា ឌែល ជា​ស្វាមីរបស់​ជីដូន ឆែរី របស់​ខ្ញុំ — បាន​ប្រាប់​ខ្ញុំ​ម្ដង​នោះ​ថា « ដើម្បី​មាន​ទីបន្ទាល់​មួយ ចៅ​ត្រូវតែ​ចង់​បាន​វា » ។ ឆែរី តែង​តែ​ចង់​បាន​ទី​បន្ទាល់​មួយ​នោះ​ ។ ទោះជា​ច្រើនឆ្នាំ​ដំបូង​នៃ​អាពាហ៍​ពិពាហ៍​របស់​ពួក​គាត់​ត្រូវ​បាន​ពោរពេញ ដោយ​ការ​តស៊ូ​ក្ដី ពួកគាត់​បាន​ប្ដេជ្ញា​​ថានឹងនៅ​តែ​រឹង​មាំ​ជា​ក្រុម​គ្រួសារ ។ ពួក​គាត់​ពុំសូវ​សកម្ម នៅ​ឆ្នាំ​ដំបូង​នៃ​អាពាហ៍​ពិពាហ៍​របស់​ពួក​គាត់ ដោយសារ​តែ​កាលវិភាគ​ការងារ​របស់ ជីតា ឌែល ប៉ុន្តែ​ការ​ហៅបម្រើ​នៅ​ក្នុង​ថ្នាក់​កុមារ បាន​ជម្រុញ​ឲ្យ​ឆែរី​ចាប់​ផ្ដើម​ចូល​រួម​នៅ​ក្នុង​សាសនាចក្រ ហើយរយៈ​ពេលខ្លី​បន្ទាប់​មក ជីតា ឌែលបាន​ចូល​រួម​ជាមួយ​គាត់​នៅក្នុង​សាសនាចក្រ ជា​ទីប្រឹក្សាកូរ៉ុម​ឌីកុន​ម្នាក់ ។ ពួកគាត់​ទាំង​ពីរ​គឺ​សកម្ម និង​រឹងមាំ​នៅ​ក្នុង​សាសនាចក្រ​ចាប់​តាំង​ពី​ពេល​នោះ​មក ។ ការ​តាំងចិត្ត​ដើម្បី​បម្រើ និង​ការ​ប្ដេជ្ញា​ដើម្បី​បង្កើត​ក្រុមគ្រួសារ​ដ៏រឹង​មាំ​មួយ​របស់ ឆែរី បាន​ជួយ​ម្ដាយ​ខ្ញុំ​ឲ្យ​ក្លាយ​ជា​ស្ត្រី​រឹងមាំ ហើយ​គំរូ​របស់​ម្ដាយ​ខ្ញុំ បាន​ជួយ​កំណត់​ជីវិត​របស់​ខ្ញុំ ជាពិសេស​នៅពេល​ដែល​ខ្ញុំ ចាប់​ផ្ដើម​ក្រុមគ្រួសារ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ។

ក្នុង​នាម​ជាស្ត្រី យើង​អាច​មាន​ឥទ្ធិពល​ខាងវិញ្ញាណ​ដ៏​ជ្រាលជ្រៅ ទៅលើ​ជីវិត​របស់​អ្នកទាំងឡាយ​ដែល​នៅ​ជុំវិញ​យើង ។ ពិតណាស់ យ៉ូសែប ស៊្មីធ បាន​បង្រៀន​ថា តួនាទី​របស់​យើង​គឺ « មិនត្រឹម​តែ​ដើម្បី​ជួយ​សង្គ្រោះ​ជន​ក្រីក្រ​ប៉ុណ្ណោះទេ តែ​ដើម្បី​សង្គ្រោះ​ដល់​ព្រលឹង​ផង​ដែរ » ។1 ព្រះយេស៊ូវ​គ្រីស្ទ បាន​ហៅ​ស្ត្រី​ទាំងឡាយ​នៃ​សាសនាចក្រ​របស់​ទ្រង់ ដើម្បី​ក្លាយ​ជាសិស្ស​របស់​ទ្រង់ និង​ដើម្បី​ឈររយ៉ាង​រឹងមាំ​ខាង​វិញ្ញាណ ។ កម្លាំង​ខាង​វិញ្ញាណ និង​ឥទ្ធិពល​របស់​យើង មាន​សារៈសំខាន់​ណាស់ នៅក្នុង​ដំណើរ​រីកលូត​លាស់​នៃ​សេចក្ដី​សង្គ្រោះ ហើយ​យើង​ត្រូវតែ​ស្វែង​រក​ឱកាស​ដើម្បី​ពង្រឹង​ដល់​វិញ្ញាណ​អ្នក​ដែល​នៅ​ជុំវិញ​យើង ។ ពេល​យើង​ធ្វើ​ដូច្នោះ ឥទ្ធិពល​នៃ​សេចក្ដី​ជំនឿ និង​សេចក្ដីសុចរិត​របស់​យើងនឹង​នៅ​ជា​អង្វែង​លើស​ពី​អ្វី​ដែល​យើង​អាច​មើល​ឃើញ​ទៀត ។

បាន​ហៅ​ឲ្យ​ធ្វើ​ជា​សិស្ស

អែលឌើរ ជេម អ៊ិ ថាល់មេហ្គ ( 1862–1933 ) នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​សរសេរ​ថា « ម្ចាស់​ជើងឯក​ដ៏ធំ​បំផុត​ក្នុង​ពិភពលោក​របស់​ស្រ្តី និង​ភាព​ជា​ស្រ្តី គឺ​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ »2 ជាឧទាហរណ៍ សូម​គិត​ពី​អ្វី​ដែល​ទ្រង់​បាន​បង្រៀន​កូន​សិស្ស​ស្រ្តី​ពីរ​នាក់​របស់​ទ្រង់ គឺ​នាង​ម៉ារា និង​នាង​ម៉ាថា នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញាថ្មី ។ សៀវភៅ បុត្រី នៅ​ក្នុង​នគរ​របស់​យើង ពន្យល់​ថា ៖ « លូកា 10 មាន​រឿង​ពី​ម៉ាថា​បើក​ទ្វារផ្ទះ​របស់​នាង​ទទួល​ស្វាគមន៍​ព្រះ​យេស៊ូវ ។ នាង​បាន​បម្រើ​ព្រះ​អម្ចាស់ដោយ​យក​ចិត្ត​ទុកដាក់​ចំពោះ​តម្រូវ​ការ​ខាង​សាច់ឈាម​របស់​ទ្រង់ ហើយ​ម៉ារា​បាន​អង្គុយ​នៅ​ឯ​ចុង​ព្រះបាទា​របស់​លោកគ្រូ និង​បាន​ស្រូប​យក​ការ​បង្រៀន​របស់​ទ្រង់ ។

« នៅ​យុគសម័យ​ដែល​ស្ត្រី​ជា​ទូទៅ ត្រូវ​បាន​គេ​រំពឹង​ឲ្យ​តែ​ផ្ដល់​ការ​បម្រើ​ខាង​សាច់​ឈាម​ប៉ុណ្ណោះ ព្រះ​អង្គ​សង្គ្រោះ​បាន​បង្រៀន ម៉ាថា និង​ម៉ារា​ថា ស្ត្រី​ក៏​អាចចូល​រួម​ខាងវិញ្ញាណ​នៅក្នុង​កិច្ចការ​របស់​ទ្រង់​ដែរ ។ ទ្រង់​បាន​អញ្ជើញ​ពួក​គេ​ឲ្យ​ក្លាយ​ជា​សិស្សទ្រង់ ហើយ​ទទួល​ទាន​នូវ​សេចក្ដីសង្គ្រោះ ដែល​ជា ‹ ចំណែក​យ៉ាង​ល្អ › ដែល​នឹង​មិន​ត្រូវ​ដក​ចេញ​ពួកគេ​ឡើយ » ។3

ដូច​ជា​ម៉ាថា ពេល​ខ្លះ​យើង​ធ្វើ​កំហុស​ដោយ​ការ​គិត​ថា តួនាទី​ចម្បង​របស់​ស្ត្រី​គឺ ដើម្បី​ផ្ដល់​ការ​បម្រើ​ខាង​សាច់​ឈាម ដូច​ជា​ការ​ផ្ដល់​ចំណី​អាហារ ដេរប៉ាក់ និង​សម្អាត​សម្រាប់​អ្នក​ដទៃ​ទៀត ។ ការ​បម្រើ​នេះ គឺ​ការ​លះបង់​ដ៏​មាន​តម្លៃ និង​គួរ​ឲ្យ​ស្រឡាញ់ ទោះ​ជា​យ៉ាងណា​ព្រះអម្ចាស់​ត្រូវ​ការ​ស្រ្តី​នៃ​អំណាច​ខាងវិញ្ញាណ ដែល​សេចក្ដី​ជំនឿ សេចក្ដី​សុចរិត និង​សេចក្ដី​សប្បុរស​ភ្លឺចែង​ចាំង​ពេញ​មួយ​ជីវិត​របស់​ពួកគេ ជាង​ទ្រង់​ត្រូវ​ការ​បង​ប្អូន​ស្រ្តី​ដែល​អាច​ដេរប៉ាក់ និង​បម្អិន​បាន ។ ទ្រង់​ជ្រាប​ថា​យើង​ម្នាក់​ៗមានអ្វី​ច្រើន​ណាស់ ដើម្បី​ថ្វាយ ។ ព្រះយេស៊ូវ​គ្រីស្ទ​ហៅ យើង ទាំង​អស់​គ្នា​ឲ្យ​អភិវឌ្ឍ​កម្លាំង​ខាង​វិញ្ញាណ និង​សមត្ថភាព​របស់​យើង ដើម្បី​ទទួល និងប្រព្រឹត្តតាម​វិវរណៈ ដើម្បី​ជួយ​ឲ្យកិច្ច​ការ​របស់​ទ្រង់​​រីក​ចម្រើន​ទៅមុខ ។ លីនដា ខេ ប៊ើតុន ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បាន​មាន​ប្រសាសន៍​ទៅ​កាន់​បងប្អូន​ស្រ្តី​ថា « អ្នក​ត្រូវ​បាន​បញ្ជូនមក​កាន់​ផែនដី ក្នុង​គ្រាកាន់កាប់ត្រួតត្រា​នេះ ដោយ​សារ​តែគុណ​សម្បត្តិ និង​អត្ត​សញ្ញាណ​របស់អ្នក ហើយ​អ្នក​ត្រូវបាន​រៀបចំ​ឲ្យ​ធ្វើអ្វីហើយ​នោះ ! មិន​ថា​សាតាំង​នឹង​ល្បួង​យើង​ឲ្យ​គិត​ខុស​អំពីគោល​តម្លៃរបស់​យើងបែប​ណានោះទេ អត្តសញ្ញាណ​ពិត​របស់យើង គឺ​ថា​យើងជា​សិស្ស​នៃព្រះយេស៊ូវ​គ្រីស្ទ ! »4

Drawing of Jesus with Mary and Martha

ព្រះអម្ចាស់​ស្គាល់​យើង​ទាំង​អស់​គ្នា និង​ស្ថាន​ភាព​របស់​យើង ហើយ​ទ្រង់មាន​កិច្ចការ​សម្រាប់​ឲ្យ​យើង​ធ្វើ នៅ​លើ​ផែនដី​នេះ ។ គ្មាន​បងប្អូន​ស្រ្តី​ណា​ដែល​យល់​ដឹង​តិច​ពេក ឬ​មាន​ទេពកោសល្យ​តិច​ពេក​ដើម្បី​ជា​កម្លាំង​ខាងវិញ្ញាណ សម្រាប់​សេចក្ដី​ល្អ និង​នាំ​អ្នក​ដទៃ​មក​កាន់​ព្រះ​គ្រីស្ទ​នោះទេ ។ ជាមួយនឹង​សក្ដានុពល​ដ៏​ទេវភាព​នេះ យើង​មាន​ទំនួល​ខុស​ត្រូវ​​ ដើម្បីក្លាយ​ជា​អ្នក​ដឹកនាំ​ខាង​វិញ្ញាណ​នៅ​ក្នុង​គេហដ្ឋាន និង​ក្នុង​សហគមន៍​របស់​យើង ។ អែលឌើរ​អិម រ័សុល បាឡឺដ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ប្រកាស​ថា « បងប្អូន​ស្រី្ត​ទាំង​អស់ នៅ​ក្នុង​សាសនាចក្រ​នេះ ដែល​បាន​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះ​អម្ចាស់ មាន​នូវ​សិទ្ធិ​អំណាច​ដ៏​ទេវ​ភាព ក្នុង​ការ​​ជួយ​សង្គ្រោះ​ព្រលឹង​ទាំងឡាយ​ក្នុង​ការ​ដឹកនាំ​ស្ត្រី នៃ​ពិភព​លោក ​ដើម្បី​ពង្រឹង​គេហដ្ឋាន នៃ​ស៊ីយ៉ូន និង​ស្ថាបនា​នគរ​របស់​ព្រះ » ។5

យើង​ពុំ​ចាំបាច់​នៅក្នុង​តំណែង​ខ្ពស់ ដើម្បី​ធ្វើ​កិច្ច​ការ​ដែល​មិន​ធម្មតា​ដើម្បី​ជួយ​អស់​អ្នក​ដែល​នៅជុំវិញ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត ដែល​នឹង​ដឹកនាំ​ពួកគេ​ខិត​ទៅ​កាន់​តែ​ជិត​ព្រះ​យេស៊ូវគ្រីស្ទ — ដែល​ជា​តួនាទី​ដ៏​សំខាន់​របស់​យើង​នោះ​ទេ ។ ទាំង​អ្វី​ៗដែល​ធំ​ជាង​គេ និង​តូច​ជាង​គេ​បំផុត ដែល​យើង​ធ្វើ​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់ ឬ​ពីរ សូម្បី​តែ​នៅ​ក្នុង​គ្រួសារ​របស់​យើង​ផ្ទាល់ អាច​មាន​ឥទ្ធិពល​យ៉ាង​ជ្រាល​ជ្រៅ ។

ស្រ្តីនៅក្នុង​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ

ទំនុក​តម្កើង​ដ៏​ជា​ទី​ស្រឡាញ់​មួយ​បាន​ច្រៀង​ថា « បេសកកម្ម​នៃ​ទេវតា ត្រូវ​បាន​ប្រទាន​ដល់​យើង ហើយ​យើង​ប្រកាស​ថា​នេះ​គឺ​ជា​អំណោយ​ទាន »6 យើង​មាន​អ្វី​ជាច្រើន ដើម្បី​ផ្ដល់​ជូន​ដល់​ជីវិត​អស់​អ្នក​ដែល​យើង​ស្រឡាញ់ ។ អែលឌើរ រីឆាត ជី ស្កត នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ចែកចាយ​ដំណើរ​រឿង​នៃ​របៀប​ដែល​កម្លាំង​ខាង​វិញ្ញាណ​របស់​ស្ត្រី​ពីរ​នាក់​បាន​មាន​ឥទ្ធិ​ពល​មក​លើ​ជីវិត​របស់​លោក ។

« ពេល​ខ្ញុំ​នៅក្មេង ឪពុក​ខ្ញុំ​ពុំ​មែនជា​សមាជិក​នៃ​សាសនាចក្រ​ទេ ហើយ​ម្ដាយ​ខ្ញុំបែរ​ជា​ពុំសូវសកម្មទៀត ។ … ប៉ុន្មាន​ខែ​បន្ទាប់ពី​ខួបកំណើត​ប្រាំបី​ឆ្នាំ​របស់ខ្ញុំ លោកយាយ វីតថល បាន​​ធ្វើដំណើរ​ឆ្លង​ប្រទេស មក​លេង​យើង ។ លោក​យាយ​មាន​កង្វល់​អំពីមូលហេតុ ដែល​ខ្ញុំ​នឹង​បងប្រុស​ខ្ញុំ​ពុំបាន​ទទួលបុណ្យ​ជ្រមុជទឹក​នៅ​ឡើយ ។ ខ្ញុំ​មិន​ដឹង​ថា​គាត់និយាយ​អ្វី​ខ្លះ​អំពី​រឿង​នេះទៅ​ឪពុក​ម្ដាយ​ខ្ញុំ​ទេ ប៉ុន្តែ​ខ្ញុំ​បានដឹង​ថា នា​ព្រឹក​មួយ គាត់​បាន​នាំ​បងប្រុស​ខ្ញុំ និង​ខ្ញុំ​ទៅ​លេង​សួន​ច្បារ ហើយ​បាន​ចែកចាយ​អារម្មណ៍​របស់​គាត់​អំពី​សារៈសំខាន់​នៃការ​ទទួលបុណ្យជ្រមុជទឹក និង​ការ​ទៅចូល​រួម​ក្នុងព្រះវិហារ​ទៀងទាត់ ។ ខ្ញុំ​មិន​ចាំ​នូវពាក្យ​សម្ដី​ជាក់​លាក់​ដែល​គាត់​និយាយ​ទេ ប៉ុន្តែ​ពាក្យ​ពេចន៍​គាត់ បាន​ចាក់​ចូលដល់​ដួង​ចិត្ត​ខ្ញុំ ហើយ​មិន​យូរ​ប៉ុន្មាន បងប្រុស​ខ្ញុំ និង​ខ្ញុំ​បាន​ទទួល​បុណ្យ​ជ្រមុជទឹក ។ …

« លោក​យាយ​បាន​ប្រើ​ការ​លើក​ទឹកចិត្ត និង​ការ​គោរព​ត្រឹមត្រូវ ដើម្បីជួយ​ឪពុក​របស់​យើង​ឲ្យ​ទទួលស្គាល់ សារៈសំខាន់​នៃ​ការ​នាំ​យើង​ទៅ​ព្រះវិហារ​សម្រាប់​ការ​ប្រជុំ​ទាំង​ឡាយ​របស់​យើង ។ គាត់​បាន​ជួយ​យើង ឲ្យ​ដឹង​ពី​តម្រូវ​ការ​ដើម្បី​មាន​ដំណឹងល្អ ក្នុង​ជីវិត​យើង​តាម​គ្រប់វិធីត្រឹម​ត្រូវ » ។7

ប្រភព​ទី​ពីរ​នៃ កម្លាំង​ខាង​វិញ្ញាណ គឺ​ជែនីន ជាភរិយា​របស់​អែល​ឌើរ ស្កត ។ ពេល​ដែល​ពួក​គេ​កំពុង​តែ​ដើរ​លេង​ជាមួយ​គ្នា ពួកគេ​បាន​ចាប់​ផ្ដើម​និយាយ​ពី​អនាគត ។ ជែនីន ជា​អ្នក​ដែល​បាន​ធំឡើង​នៅ​ក្នុង​ផ្ទះ​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏រឹង​មាំ​មួយ បាន​បញ្ជាក់​ពី​បំណង​ចង់​រៀបការ​ជាមួយ​អ្នក​ត្រឡប់​ពី​ផ្សាយ​សាសនា នៅក្នុង​ព្រះវិហារបរិសុទ្ធ ។ អែលឌើរ ស្កត ដែល​ពុំ​សូវបាន​គិត​ច្រើនអំពី​ការ​ចេញ​បម្រើ​បេសកកម្ម​ពី​មុនមក ត្រូវ​បាន​ប៉ះ​ទង្គិច​ជាខ្លាំង​ពី​ពាក្យ​សម្ដី​របស់ ជែនីន ។ « ខ្ញុំ​បាន​ទៅ​ផ្ទះវិញ ហើយ​ខ្ញុំ​មិន​អាច​គិត​អំពី​អ្វី​ផ្សេងទៀត​សោះឡើយ ។ ខ្ញុំ​ពុំ​អាច​គេង​លក់​ពេញ​មួយយប់ ។ … បន្ទាប់​ពី​ការ​អធិស្ឋាន​ជាច្រើន​លើក ខ្ញុំ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដើម្បី​ជួប​ជាមួយ​នឹង​ប៊ីស្សព​របស់​ខ្ញុំ ហើយ​ចាប់​ផ្ដើម​បំពេញ​ពាក្យ​សុំ​ចេញ​បេសកកម្ម​របស់​ខ្ញុំ » ។8 ទោះ​ជា​ជែននីន បាន​ផ្ដល់​ការ​ណែនាំ​ដល់​គាត់ និង​ការ​ជម្រុញ​ដែល​គាត់​ត្រូវ​ការ​ក្ដី ជែននីន មិនដែល​សូម​ឲ្យ​គាត់​បម្រើ​បេសកកម្ម សម្រាប់​នាង​ទេ ។ គាត់​ស្រឡាញ់​ខ្ញុំ​គ្រប់​ល្មម​ដើម្បី​ចែកចាយ ពីជំនឿ​ស៊ប់​របស់​គាត់ ហើយ​បាន​ផ្ដល់​ឱកាស​ដល់​ខ្ញុំ ដើម្បី​កំណត់​យក​ទិសដៅ​នៃ​ជីវិត​ផ្ទាល់​របស់​ខ្ញុំ ។ យើង​ទាំងពីរ​នាក់បាន​បម្រើ​បេសកកម្ម ហើយ​ក្រោយមក​បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ភាព​ក្លាហាន និង​ការប្តេជ្ញាចិត្ត​របស់​ជែននីន​ចំពោះ​សេចក្តីជំនឿរបស់​គាត់ បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរយ៉ាងធំ​នៅក្នុង​ជីវិត​របស់​យើង​រួមគ្នា ។ ខ្ញុំ​ជឿជាក់ថា យើង​នឹង​ពុំ​រក​ឃើញ​សុភមង្គល​ដែល​យើង​ឱប​ក្រសោប ដោយ​គ្មាន​សេចក្តី​ជំនឿ​ដ៏រឹងមាំ​របស់គាត់​ទៅលើ​គោល​ការណ៍ នៃ​ការ​បម្រើ​ព្រះអម្ចាស់​ជាមុន​សិននោះ​ទេ ។ គាត់​គឺ​ជា​គំរូ​ដ៏ល្អ និង​សុចរិត​មួយ !9

វា​គឺ​ជា​ឥទ្ធិពល​ខាង​វិញ្ញាណ​របស់​បង​ប្អូន​ស្រ្តី​ដូចទេវតា​ទាំងនេះ នៅ​ក្នុង​ជីវិត​របស់​គាត់​ដែល​បាន​ជួយ​បុរស​វ័យក្មេង​ម្នាក់ — គឺ​អែលឌើរ ស្កត — ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​មួយ​ចំនួន​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​ជីវិត​របស់​គាត់ ៖ ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក ចេញ​ទៅ​បម្រើ​បេសកកម្ម និង​រៀប​អាពាហ៍ពិពាហ៍​នៅក្នុង​ព្រះ​វិហារ​បរិសុទ្ធ ។

យើង​អាច​ជួយ​អ្នកដទៃ​ដែល​ចង់​ធ្វើ​ការ​ជ្រើស​រើស​ដ៏​ល្អ​បាន ដោយ​គំរូ ទង្វើ ពាក្យសម្ដី និង​សេចក្ដី​សុចរិត​ផ្ទាល់​ខ្លួន​របស់​យើង ។ បងស្រី ខារ៉ូល អិម ស្តេហ្វិន ទីប្រឹក្សា​ទី​មួយ​ក្នុង​គណៈ​ប្រធាន​សមាគមន៍​សង្គ្រោះ​ទូទៅ បាន​ប្រកាស​ថា « យើង​គឺ​ជា​បុត្រី​នៃ​សេចក្ដី​សញ្ញា​នៅ​ក្នុង​នគរ​របស់​ព្រះ ហើយ​យើង​មាន​ទំនួល​ខុសត្រូវ​ដើម្បី​ធ្វើ​ជា ឧបករណ៍​នៅ​ក្នុង​ព្រះ​ហស្ត​របស់​ទ្រង់ ។ …​ យើង​ចូល​រួម​ក្នុង​កិច្ច​ការ​នៃ​សេចក្ដី​សង្គ្រោះ ជា​រៀង​រាល់​ថ្ងៃ​ក្នុង​របៀប​តូច និង​សាមញ្ញ​ដោយ — មើល​ការ​ខុសត្រូវ ពង្រឹង និង​បង្រៀន​គ្នា​ទៅ​វិញ​ទៅមក » ។10 នៅ​ពេល​ដែល​យើង​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​វិញ្ញាណ និង​ឆ្ពោះទៅ​មុខ​ដោយ​ចិត្ត​ស្មោះ និង​ការ​ខិតខំ​មាន​ចិត្ត​រាបទាប​ដើម្បី​ជួយ អស់​អ្នក​ដែល​នៅ​ជុំវិញ​យើង​ឲ្យ​ខិត​កាន់​ជិត​ព្រះ​គ្រីស្ទ នោះ​យើង​នឹង​ត្រូវ​បាន​ដឹកនាំ​ក្នុង​អ្វី​ដែល​យើង​អាច​ធ្វើបាន និង​បាន​ផ្ដល់​កម្លាំង​ដើម្បី​ធ្វើ​វា ហើយ​យើង​នឹង​មាន​អារម្មណ៍​ថា​មាន​សេចក្ដី​អំណរ​ដែល​បាន​នាំ​បាន​នាំ​កូន​ចៅ​របស់​ព្រះ​អម្ចាស់​មកកាន់​ទ្រង់ ។

drawing of a mother and baby

ការ​ក្លាយ​ជា​ឥទ្ធិពល​ខាង​វិញ្ញាណ

ការ​ស្គាល់​ពី​ទំនួល​ខុស​ត្រូវ​របស់​យើង យើង​ប្រហែល​ជា​អាច​សួរ​ដូច​ជា​ពួក​សាវក​ពី​បុរាណ​ថា « តើ​យើង​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច » ( កិច្ចការ 2:37 ) ដើម្បី​ក្លាយ​ជា​ឥទ្ធិពល​ខាង​វិញ្ញាណ ? ក្នុង​សន្និសីទ​ទូទៅ​ចុង​ក្រោយ​នេះ បងស្រី ប៊ើរតុន​បាន​អញ្ជើញ​បងប្អូន​ស្ត្រី​ទាំង​អស់​ឲ្យ​ស្រម៉ៃ​អំពី « សញ្ញា ‹ ប្រកាសរកជំនួយ › ​ខាង​វិញ្ញាណ​មួយចំនួន ដែល​ទាក់ទង​នឹង​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ ៖

  • ប្រកាស​រកជំនួយ ៖ ឪពុក​ម្ដាយ​ឲ្យ​ចិញ្ចឹម​កូនចៅ​របស់​ពួកគេ​មកក្នុង​ពន្លឺ និង​សេចក្ដីពិត

  • ប្រកាស​រកជំនួយ ៖ កូន​ស្រី … , បងប្អូន​ស្រី … , មីង … , បងប្អូន​ជីដូន​មួយ និង​មិត្តភក្ដិ​ពិត​ដើម្បី​បម្រើ​ជា​អ្នក​ចង្អុល​បង្ហាញ និង​ផ្ដល់​ជំនួយ​នៅ​តាម​ផ្លូវ​នៃ​សេចក្ដី​សញ្ញា

  • ប្រកាស​រកជំនួយ៖ អ្នកទាំងឡាយ​ដែល​ស្ដាប់​ចំពោះការ​បំផុសគំនិត​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ហើយ​ធ្វើ​តាម​ការ​បំផុស​ដែលទទួល​បាន

  • ប្រកាស​រកជំនួយ ៖ អ្នក​ទាំងឡាយ​ណា​ដែល​រស់​នៅ​តាម​ដំណឹងល្អ​ប្រចាំ​ថ្ងៃ តាមរបៀប​តូចៗ និង​សាមញ្ញ

  • ប្រកាស​រកជំនួយ ៖ អ្នក​ធ្វើការ​ស្រាវជ្រាវ​ពង្សប្រវត្តិ និង​កិច្ចការ​ព្រះវិហារបរិសុទ្ធ ដើម្បីភ្ជាប់​ក្រុមគ្រួសារ​ដ៏​អស់​កល្ប​ជានិច្ច

  • ប្រកាស​រកជំនួយ ៖ អ្នក​ផ្សាយសាសនា និង​សមាជិក ដើម្បី​ផ្សាយ ‹ ដំណឹងល្អ › — ជា​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ

  • ប្រកាស​រកជំនួយ ៖ អ្នកជួយ​សង្គ្រោះ ដើម្បី​ស្វែងរក​អ្នកទាំងឡាយណា ដែល​បាន​វង្វេង​ផ្លូវ

  • ប្រកាស​រកជំនួយ ៖ អ្នក​រក្សា​សេចក្ដីសញ្ញា ដើម្បី​ឈរ​ឲ្យ​រឹងមាំ​ចំពោះ​សេចក្ដីពិត និង​ភាព​ត្រឹមត្រូវ

  • ប្រកាស​រកជំនួយ ៖ សិស្ស​ពិត​របស់ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ »11

កិច្ច​ការ​ទាំង​នេះ​ពុំមែន​ជា​អ្វី​ដែល​ថ្មីថ្មោង​នោះ​ទេ ប៉ុន្តែ​ពេល​យើង​ស្វែង​រក​ឱកាស​ដើម្បី ចូល​រួម​នៅក្នុង​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ យើង​នឹង​បង្កើន​សមត្ថភាព​របស់​យើង ដើម្បី​ជួយ​អស់​អ្នក​ដែល​នៅ​ជុំវិញ​យើង ។ អែលឌើរ បាឡឺដ បាន​មាន​ប្រសាសន៍​ថា « គ្មាន​អ្វី​នៅ​ក្នុង​លោក​នេះ​ដែល​មាន​ភាព​ផ្ទាល់​ខ្លួន​ដូចជា ​ការ​បីបាច់ ឬការ​ផ្លាស់​ប្ដូរ​ជីវិត ​ដូចជា​ឥទ្ធិពល​នៃ​សេចក្ដី​សុចរិត​របស់​ស្ត្រី​នោះទេ »12 ពេល​ដែល​យើង​អភិវឌ្ឍ​អំណាច​ខាង​វិញ្ញាណ​របស់​យើង តាម​រយៈ​ការ​អធិស្ឋាន និង​ការ​សិក្សា​ព្រះ​គម្ពីរ​ផ្ទាល់​ខ្លួន គោរពប្រតិបត្តិ​តាម​យ៉ាង​រឹងមាំ និង​រក្សា​សេចក្ដី​សញ្ញា​របស់​យើង​ដោយ​ស្មោះត្រង់ នោះ​យើង​នឹង​ក្លាយ​ជា​ឥទ្ធិពល​នោះ ។

លើស​ពី​អ្វី​ដែល​យើង​អាច​មើល​ឃើញ

ប្រធាន ព្រិកហាំ យ៉ង់ ( 1801–1877 ) បាន​មាន​ប្រសាសន៍​ថា « តើ​អ្នក​អាច​ប្រាប់​ពី​ចំនួន​នៃ​សេចក្ដី​ល្អ​ដែល​ម្ដាយ និង​កូន​ស្រី​ទាំង​ឡាយ​របស់​អ៊ីស្រាអែល​អាច​ធ្វើបាន​ឬទេ ? ទេ វា​មិន​អាច​ទៅ​រួច​ទេ ។ និង​សេចក្ដី​ល្អ​ដែល​ពួកគេ​ធ្វើ នឹង​នៅ​ជាមួយ​ពួកគេ​អស់​កល្ប​ជានិច្ច »13

ការ​សម្រេច​ចិត្ត​ដ៏​សុចរិត​របស់​ជីដូន​ខ្ញុំ​បាន​​ជះឥទ្ធិពល​ដល់​ក្រុម​គ្រួសារ​របស់​គាត់​ជាច្រើន​ជំនាន់ ហួស​ពី​អ្វី​ដែល​គាត់​អាច​មើល​ឃើញ​នៅ​ពេល​គាត់​ជា​យុវរនារី​ទៀត ។ ទោះ​ជា​យ៉ាង​ណា ឥទ្ធិពល​ខាងវិញ្ញាណ​របស់​ស្ត្រី​នៅ​ក្នុង​ក្រុម​គ្រួសារ លាត​សន្ធឹង​ចូល​ទៅ​ក្នុង​អតីត​កាល ជាច្រើន​ជំនាន់​ទៀត ។ ឆែរី​បាន​ទទួល​បាន​កម្លាំង​ខាង​វិញ្ញាណ​ផ្ទាល់​ខ្លួន​ជា​ច្រើន ពី​ការ​សង្កេត​ជីដូន​ទួត​របស់​គាត់ ( ជីដូនទួត​ទីបី​របស់​ខ្ញុំ ) គឺ អេលីសាបិត ។ គំរូ​របស់​អេលីសាបិត នៃ​សេចក្ដី​ជំនឿ និង​ទីបន្ទាល់​បានបញ្ចេញ​ឥទ្ធិ​ពល​ហួសពី​ពីរជំនាន់​នៃ​ភាពអសកម្ម​ក្នុង​ការ​ជួយ​ចៅស្រី​ទួត​របស់​គាត់ គឺ​ ឈឺរី ឲ្យ​ត្រឡប់រក​និន្នាការ​នៃ​ក្រុម​គ្រួសារ​ដែល​បែកបាក់ និង​ការ​វិល​មក​សាសនាចក្រ​វិញ ។

ពេល​ដែល​យើង​ក្លាយ​ជា​កម្លាំង​ខាង​វិញ្ញាណ​ចំពោះ​អស់អ្នក​ដែល​នៅជុំវិញ​យើង នោះឥទ្ធិពល​របស់​យើង​នឹង​លាត​ត្រដាង​យ៉ាង​ធំហួស​ពី​អ្វី​ដែល​យើង​អាច​មើល​ឃើញ​ទៀត ។ ប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី ( ឆ្នាំ 1910–2008 ) បាន​មាន​ប្រសាសន៍​ថា « យើង​ហៅ​ស្ត្រី​នៃ​សាសនាចក្រ​ឲ្យ​ឈរ​រួមគ្នា​សម្រាប់​សេចក្ដី​សុចរិត ។ ពួកគេ​ត្រូវ​តែ​ចាប់​ផ្ដើម​នៅ​ក្នុង​ផ្ទះ​របស់​គេ​ផ្ទាល់ ។ ពួកគេ​អាច​បង្រៀន​វា​នៅ​ក្នុង​ថ្នាក់​រៀន​របស់​គេ ។ ពួកគេ​អាច​បញ្ចេញ​សំឡេង​នៅ​ក្នុង​សហគមន៍​របស់​គេ ។ …

« ខ្ញុំមើលឃើញថា ការណ៍​នេះ​គឺជា​សេចក្តី​សង្ឃឹម​មួយ​ដ៏ភ្លឺ​ត្រចះ​ត្រចង់ នៅ​ក្នុង​ពិភព​លោក​មួយ ដែល​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បំផ្លាញ​ខ្លួនឯង » ។14

នៅ​ពេល​ដែល​យើង​បំពេញតាម​បញ្ញត្តិ​នេះ កិច្ចការ​របស់​ព្រះ​អម្ចាស់​នឹង​ត្រូវបាន​ជម្រុញ​ទៅមុខ ទាំង​នៅ​ពិភព​លោក​ជុំវិញ​យើង និង​សំខាន់​បំផុត នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​យើង និង​ជីវិត​របស់​អ្នក​ទាំង​ឡាយ​ដែល​យើង​ស្រឡាញ់ ។

Old photo of three women

កំណត់​ចំណាំ

  1. ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស៊្មីធ ( ឆ្នាំ 2007 ) ទំព័រ 453 ។

  2. ជេម អ៊ិ ថាល់មេហ្គ ព្រះយេស៊ូវ​គ្រីស្ទ, ការបោះពុម្ព​លើក​ទី 3 ( ​ឆ្នាំ 1916​ ) ទំព័រ 475 ។

  3. បុត្រី​នៅ​ក្នុង​នគរ​របស់​យើង ៖ ប្រវត្តិ និង កិច្ចការ​របស់​សមាគមន៍​សង្គ្រោះ ( ​ឆ្នាំ 2011​ ) ទំព័រ 3–4 ។

  4. លីនដា ខេ ប៊ើតុន « ប្រកាស​រក ៖ ដៃ និង ដួងចិត្ត​ដើម្បី​ជួយ​ពន្លឿន​កិច្ចការ » លីអាហូណា ខែ ឧសភា ឆ្នាំ 2014 ទំព័រ 122–123 ។

  5. អិម រ័សល បាឡឺដ « ស្រ្តី​នៃ​សេចក្តី​សុចរិត » Ensign, ខែ ធ្នូ ឆ្នាំ 2002 ទំព័រ 70 ។

  6. « ជាបង​ប្អូន​ស្រី​ស៊ីយ៉ូន » ទំនុកតម្កើង ទំព័រ 309 ។

  7. រីឆាដ ជី ស្កត « ខ្ញុំ​បាន​ផ្ដល់​គំរូ​ដល់​អ្នក » លីអាហូណា ខែ ឧសភា ឆ្នាំ 2014, ទំព័រ 32 ។

  8. រីឆាដ ជី ស្កត « ខ្ញុំ​បាន​ផ្ដល់​គំរូ​ដល់​អ្នក » ទំព័រ 33 ។

  9. រីឆាដ ជី ស្កត « ខ្ញុំ​បាន​ផ្ដល់​គំរូ​ដល់​អ្នក » ទំព័រ 33 ។

  10. ខារ៉ូល អិម ស្តេហ្វិន « យើង​មាន​ហេតុផល​ដ៏​អស្ចារ្យ​ដើម្បី​អរ​សប្បាយ » Liahona, ខែ វិច្ឆិកា ឆ្នាំ 2013, ទំព័រ 117 ។

  11. លីនដា ខេ ប៊ើតុន « ប្រកាស​រក ៖ ដៃ និង ដួងចិត្ត​ដើម្បីជួយ​ពន្លឿន​កិច្ចការ » ទំព័រ 124 ។

  12. អិម រ៉ាសុល បាឡឺត « ម្ដាយ និង កូន​ស្រី​ទាំង​ឡាយ » Liahona, ខែ ឧសភា ឆ្នាំ 2010 ទំព័រ 18 ។

  13. ជ្រើសរើស​សុន្ទរកថា​របស់ ព្រិកហាំ យ៉ង់ ចន អេ វីឌសូ ( ឆ្នាំ 1954 ) ទំព័រ 216 ។

  14. ហ្គរដុន ប៊ី ហ៊ិងគ្លី « ឈរ​ដោយ​រឹងមាំ និង​មុតមាំ » កិច្ចប្រជុំ​បណ្ដុះបណ្ដាល ភាព​ជា​អ្នក​ដឹក​នាំ​នៅ​ជុំវិញ​ពិភព​លោក ថ្ងៃទី 10 ខែ មករា ឆ្នាំ 2004 ទំព័រ 20 ។