២០១៥
សាសនា​ពិត
April 2015


សាសនា ពិត

ការ​បម្រើ​ដោយ​មិន​គិត​ពី​ខ្លួន​ឯង — ការ​បំភ្លេច​ខ្លួនឯង ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​របស់​អ្នក​ដទៃ ហើយ​លះបង់ជីវិត​របស់​យើង​ទៅ​ក្នុង​ការ​បម្រើ — តែង​តែ​ជា​លក្ខណៈ​ពិសេស​នៃ​សិស្សរបស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។

composite of different families

រូបភាព​ដោយ អានី ហែនរី

នៅ​ក្នុង​គម្ពីរ ម៉ាថាយ ជំពូក 11 ព្រះអង្គ​សង្គ្រោះ បង្រៀន​យើង​ពី​មេរៀន​ដ៏​សំខាន់​មួយ ដោយ​អ្វី​ដែល​ទ្រង់ មិន មាន​បន្ទូល​តប​ឆ្លើយ​ទៅ​នឹង​សំណួរ​សួរ​ដោយ​ពួកសាវក​របស់​ទ្រង់​ពី​យ៉ូហាន​បាទីស្ទ ៖

« រីឯ​យ៉ូហាន​ដែល​ជាប់​នៅ​ក្នុង​គុក គាត់​បាន​ឮ​ពី​ការ​ទាំង​ប៉ុន្មាន ដែល​ព្រះគ្រីស្ទ​ទ្រង់​ធ្វើ ហើយ​ក៏​ចាត់​សិស្ស​គាត់​២នាក់ ឲ្យ​ទៅ​ទូល​សួរ​ទ្រង់​ថា

« តើ​ទ្រង់​ជា​ព្រះអង្គ​ដែល​ត្រូវ​យាង​មក​នោះ ឬ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ចាំ​១​អង្គ​ទៅ​ទៀត

« ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​តប​ថា ចូរ​ទៅ​ប្រាប់​យ៉ូហាន​ពី​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​អ្នក​កំពុង​តែ​ឮ ហើយ​ឃើញ ៖

« គឺ​ថា​មនុស្ស​ខ្វាក់​បាន​ភ្លឺ មនុស្ស​ខ្វិន​បាន​ដើរ​រួច មនុស្ស​ឃ្លង់​បាន​ជា​ស្អាត មនុស្ស​ថ្លង់​បាន​ឮ មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ហើយ​មនុស្ស​ទាល់​ក្របាន​ឮ​ដំណឹង​ល្អ​ផង » ( ម៉ាថាយ 11:2–5 ) ។

ជាជាង​ការ​ផ្ដល់​នូវ​ការ​ពន្យល់​ពី​គោល​លទ្ធិ ដែល​ពណ៌នា​ថា​ទ្រង់​ពិត​ជា « ព្រះអង្គ​ដែល​ត្រូវ​យាង​មក​នោះ » ព្រះអង្គ​សង្គ្រោះ បាន​តប​ដោយ​របៀប​ដែល​ទ្រង់​បានធ្វើ​វិញ — ជា​គំរូ​នៃ​ការ​បម្រើ​របស់​ទ្រង់ ។

នៅ​ក្នុង​សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ 2014 អែលឌើរ រីឆាត ជី ស្កត នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​រំឭក​យើង​ថា ៖ « យើង​បម្រើ​ព្រះវរបិតាសួគ៌​យើងយ៉ាង​ល្អ​បំផុត តាមរយៈ​ឥទ្ធិពល​សុចរិតលើ​អ្នកដទៃ និង​ការ​បម្រើដល់​ពួកគេ ។ ព្រះអង្គសង្គ្រោះ​យើង ព្រះយេស៊ូវ​គ្រីស្ទ គឺជាគំរូដ៏ល្អ​បំផុត​ដែល​បាន​រស់នៅ​លើ​ផែនដី »1

ការ​បម្រើ​ដោយ​មិន​គិត​ពី​ខ្លួន​ឯង — ការ​បំភ្លេច​ខ្លួនឯង ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​របស់​អ្នក​ដទៃ ហើយ​លះបង់ជីវិត​របស់​យើង​ទៅ​ក្នុង​ការ​បម្រើ — តែង​តែ​ជា​លក្ខណៈ​ពិសេស​នៃ​សិស្សរបស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ដូច​ស្ដេច បេនយ៉ាមីន បាន​បង្រៀន​ជាង​ 100​ ឆ្នាំ មុន​ការ​ប្រសូត​របស់​ព្រះ​អង្គ​សង្គ្រោះ​ថា « កាល​ណា​អ្នក​រាល់​គ្នា​នៅ​ក្នុង​ការ​បម្រើ​ដល់​មនុស្ស​ទូទៅ នោះ​អ្នក​រាល់​គ្នា​គ្រាន់តែ​នៅ​ក្នុង​ការ​បម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ » ( ម៉ូសាយ 2:17 ) ។

លោក​យ៉ាកុប​រំឭក​យើង​ថា ចំណុចដ៏​សំខាន់​នៃ « សាសនា​ពិត » គឺ​ត្រូវ​បាន​រកឃើញ​នៅ​ក្នុង​ការ​បម្រើ​របស់​យើង​ចំពោះ​អ្នក​ដទៃ ពេល​ដែល​យើង​ « ទៅសួរ​ពួក​កំព្រា និង​ពួក​មេម៉ាយ ក្នុង​កាល​ដែល​គេ​មាន​សេចក្ដី វេទនា » ( យ៉ាកុប 1:27 ) ។ « សាសនា​ពិត » គឺ​ច្រើន​ជាង​ការ​ប្រកាស​នៃ​ជំនឿ វា​គឺ​ជា​ការ​បង្ហាញ​ពី​ជំនឿ ។

ចូរ​ស្រឡាញ់​អ្នក​រួម​ដំណើរ​ជាមួយ​អ្នក

នៅ​ពាក់​កណ្ដាល​ខែ កក្ដដា ឆ្នាំ 1984 ប៉ុន្មាន​សប្ដាហ៍​បន្ទាប់​ពី​ខ្ញុំ និង​ភរិយា​របស់​ខ្ញុំ​គឺ​ខារ៉ូល បាន​រៀប​អាពាហ៍​ពិពាហ៍​នៅ​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ នា​ទីក្រុង​ឡូស អាន់ជើឡែស រដ្ឋ កាលីហ្វូញ៉ា យើង​កំពុង​នៅ​តាម​ផ្លូវ​ទៅ​រដ្ឋ​យូថាហ៍ ជា​កន្លែង​ដែល​ខ្ញុំ​នឹង​ចាប់​ផ្ដើម​អាជីព​របស់​ខ្ញុំ ហើយ​ខារ៉ូល​នឹង​បញ្ចប់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​របស់​គាត់ ។ យើង​បាន​បើក​ឡាន​ខុស​គ្នា ។ រវាង​រថយន្ត​ទាំង​ពីរ​នេះ យើង​កំពុង​ដឹក​ជញ្ជូន​របស់របរគ្រប់​យ៉ាង​ដែល​ជាកម្ម​សិទ្ធិ​របស់​យើង ។

នៅ​ប្រមាណ​ជាង​ពាក់​កណ្ដាល​ផ្លូវ ខារ៉ូល​បាន​ឈប់ជាប់​ឡាន​របស់​ខ្ញុំ ហើយ​ចាប់​ផ្ដើម​ធ្វើ​កាយ​វិការ​មក​កាន់​ខ្ញុំ ។ វា​មុន​ពេល​ដែល​មាន​ទូរសព្ទ​ដៃ ទូរសព្ទ​ទំនើប កម្មវិធី Twitter និងផ្ញើសារ​ទៅ​ទៀត ។ ដោយ​មើល​ឃើញ​ទឹក​មុខ​របស់​គាត់​តាម​បង្អួច​ឡាន ខ្ញុំ​អាច​ប្រាប់​បាន​ថា គាត់​មិន​ស្រួល​ខ្លួន​នោះទេ ។ គាត់​បាន​ឆ្លើយ​ឆ្លង​ថា គាត់​អាច​បន្ត​បើក​បរ​ទៅមុខ​ទៀត ប៉ុន្តែ​ខ្ញុំ​បារម្ភ​ពី​ភរិយា​ថ្មីថ្មោង​របស់​ខ្ញុំ ។

នៅ​ពេល​ដែល​យើង​ទៅ​ដល់​ទី​ប្រជុំជន​តូច​មួយ​នៃ​ទីក្រុង​ប៊ីវើរ រដ្ឋ​យូថាហ៍ គាត់​បាន​ឈប់​នៅ​ជិត​ខ្ញុំ ហើយ​ខ្ញុំ​អាច​ប្រាប់​ថា គាត់​ត្រូវ​ការ​ឈប់​សម្រាក ។ គាត់​ឈឺ ហើយ​មិន​អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ទេ ។ យើង​មាន​ឡាន​ពីរ​ដែល​ពេញ​ទៅ​ដោយ​សម្លៀក​បំពាក់ និង​អំណោយ​អាពាហ៍​ពិពាហ៍ ប៉ុន្តែ​ជា​អកុសល យើង​មាន​ប្រាក់កាស​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ ។ យើង​គ្មាន​លុយ​គ្រប់​ដើម្បី​ជួល​បន្ទប់​សណ្ឋាគារ​ទេ ។ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​នោះទេ ។

យើង​ទាំង​ពីរ​នាក់​មិន​ធ្លាប់​មក​ទីក្រុង​ប៊ីវើរ​ពី​មុន​មក​សោះ ហើយ​ក៏​មិន​ដឹង​ថា​ខ្ញុំ​កំពុង​តែ​រកមើល​អ្វី​ដែរ យើង​បាន​បើក​ជុំវិញ​អស់​រយៈពេល​ពីរបី​នាទី រហូត​ដល់​យើង​ឃើញ​សួន​ច្បារមួយ ។ យើង​បត់​ចូល​កន្លែង​ចតឡាន​ក្នុង​សួន​ច្បារ​នោះ ហើយ​បាន​ឃើញ​ដើម​ឈើ​មួយ​ដើម​ដែល​មាន​ម្លប់​ខ្លះ ជា​កន្លែង​ដែល​ខ្ញុំ​បាន​ក្រាល​ភួយ​ឲ្យ​ខារ៉ូល​បាន​សម្រាក ។

ពីរបី​នាទី​ក្រោយ​មក មាន​ឡាន​មួយ​ទៀត​បាន​បើក​ចូល​មក​ក្នុង​កន្លែង​ចត​ឡាន​ដែល​ស្ទើ​តែ​គ្មាន​ឡាន​សោះ ហើយ​បាន​ចត​នៅ​ជិត​ឡាន​របស់​យើង ។ ស្ត្រី​ម្នាក់​ដែល​មាន​អាយុ​ប្រហាក់​ប្រហែល​នឹង​ម្ដាយ​របស់​យើង បាន​ចេញ​ពីឡាន​របស់​គាត់ ហើយ​សួរ​ថា តើ​មាន​បញ្ហាអ្វី ហើយគាត់អាច​ជួយបាន​ឬទេ ។ គាត់​បាន​និយាយ​ថា គាត់​បាន​សង្កេត​ឃើញ​យើង​ពេល​ដែល​គាត់​បើក​កាត់ គាត់​មាន​អារម្មណ៍​ថា គាត់​គួរ​តែ​ឈប់​មើល​សិន ។ ពេល​ដែល​យើង​បាន​ពន្យល់​ពី​ស្ថានភាព​របស់​យើង គាត់​បាន​អញ្ជើញ​យើង​ទៅ​ផ្ទះ​របស់​គាត់​ភា្លម ជា​កន្លែង​ដែល​យើង​អាច​សំរាក​នៅ​យូរ​តាម​ដែល​យើង​ត្រូវ​ការ ។

យើង​រក​ឃើញ​ថា យើង​នៅ​លើ​គ្រែ​យ៉ាងកក់ក្តៅ នៅ​ក្នុង​បន្ទប់​សម្រាន្តក្រោមដី​ផ្ទះ​របស់​គាត់ ។ នៅ​ពេល​ដែល​យើង​បាន​សម្រាកបន្តិច បងស្រី​ដ៏​អស្ចារ្យ​ម្នាក់​នេះ បាន​ប្រាប់​ថា គាត់​មាន​កិច្ចការ​មួយ​ចំនួន​ដែល​ត្រូវ​ធ្វើ ហើយ​ដូច្នេះ​យើង​នៅ​ផ្ទះ​តែឯង​ពីរ​បី​ម៉ោង ។ គាត់​បាន​ប្រាប់​យើង​ថា ប្រសិន​បើ​យើង​ឃ្លាន យើងអាចបរិភោគ​អ្វី​ដែល​យើង​អាច​រក​បាន​នៅ​ក្នុង​ផ្ទះបាយ ហើយ​បើ​យើង​ត្រូវ​ទៅ​មុន​ពេល​ដែល​គាត់​ត្រឡប់​មក​ផ្ទះ​វិញ​នោះ សូម​បិទ​ទ្វារមុខ ។

បន្ទាប់​ពី​បាន​សម្រាន្តគ្រប់​គ្រាន់​ល្មម ខារ៉ូល​មាន​អារម្មណ៍​ធូរ​ស្បើយ​ឡើង ហើយ​យើង​អាច​បន្ត​ដំណើរ​ទៅ​មុខ​ដោយ​ពុំ​ចាំបាច់​ទៅ​រក​អ្វី​បរិភោគ​នៅ​ផ្ទះបាយ​ឡើយ ។ ពេល​ដែល​យើង​ចាកចេញ ស្ត្រី​ចិត្ត​ល្អ​ម្នាក់​នោះ​មិន​ទាន់ត្រឡប់​មក​ផ្ទះ​វិញ​ទេ ។ គួរ​ឲ្យ​សោកស្ដាយ​ណាស់ យើង​មិន​បាន​កត់​អាសយដ្ឋាន​នោះ​ទុក ហើយ​ពុំ​ដែល​បាន​អរគុណ​ស្រ្តី​សាសន៍​សាម៉ារី​ដ៏​មាន​ចិត្ត​សប្បុរស​របស់​យើង ដែល​បាន​ឈប់​តាម​ផ្លូវ ហើយ​បាន​បើក​ផ្ទះ​របស់​គាត់​ដល់​មនុស្ស​ចម្លែក​ដែល​ត្រូវ ​ការ​ជំនួយ​ឲ្យ​ត្រឹម​ត្រូវ​សោះ ។

នៅ​ពេល​ដែល​ខ្ញុំ​ជញ្ជឹង​គិត​ពី​បទពិសោធន៍​នេះ ពាក្យ​សម្ដី​របស់​ប្រធាន ថូម៉ាស អេស ម៉នសុន ដែល​តំណាង​ឲ្យ​បន្ទូល​ដាស់​តឿន​របស់​ព្រះ​អង្គ​សង្គ្រោះ​ឲ្យ « ទៅ​ចុះ ចូរ​អ្នក​ប្រព្រឹត្ត​បែប​យ៉ាង​ដូច្នោះ​ដែរ » ( សូមមើល លូកា 10:37 ) នៅ​ពេលគិតដល់​ជីវិត​រមែង​ស្លាប់ ៖ « យើង​ពិតជា​មិន​អាច​ស្រឡាញ់​ព្រះ​ដោយ​ពិត​ប្រាកដ​បាន​ឡើយ បើ​យើង​មិន​ស្រឡាញ់​អ្នក​រួម​ដំណើរ​របស់​យើង​នៅ​លើ​ដំណើរ​នៃ​ជីវិត​រមែង​ស្លាប់​នេះ​ផង​នោះ »2

គ្រប់​ទី​កន្លែង​ដែល​យើង​ជួប​ប្រទះនឹង​ « អ្នក​រួម​ដំណើរ » — នៅ​តាម​ផ្លូវ ឬ​នៅ​ក្នុង​ផ្ទះ​របស់​យើង នៅ​សួន​កុមារ ឬ​នៅ​ក្នុង​សាលារៀន​របស់​យើង នៅ​កន្លែង​ធ្វើការ ឬ​នៅ​ឯ​ព្រះ​វិហារ — នៅ​ពេល​ដែល​យើង​ស្វែង​រក មើល​ឃើញ ហើយ​ធ្វើ​សកម្មភាព នោះ យើង​នឹង​ក្លាយ​កាន់​តែ​ដូច​ព្រះ​អង្គ​សង្គ្រោះ ពរជ័យ និង​ការ​បម្រើ​នឹង​មក​តាម​ផ្លូវ ។

ស្វែងរក

drawing of woman praying

រូបភាព​ដោយ អានី ហែនរី

អែលឌើរ នែល អេ ម៉ាក់ស្វែល ឆ្នាំ ( 1926–2004 ) នៃ​ក្រុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ បាន​បង្រៀន​ថា ៖

« មិនដូច​ជា​ព្រះ​អង្គ​សង្គ្រោះ​ដ៏​មាន​តម្លៃ​របស់​យើង យើង​ប្រាកដ​ជា​មិន​អាច​ធ្វើ​ដង្វាយ​ធួន​សម្រាប់​អំពើបាប​របស់​មនុស្ស​បាន​ទេ ! លើសពី​នេះ​ទៅ​ទៀត យើង​ពិត​ជា​មិន​អាច​ទ្រាំទ្រ​នឹង​ជម្ងឺ ភាព​ពិការ និង​ទុក្ខព្រួយ​ទាំង​ឡាយ​ក្នុង​ជីវិត​រមែង​ស្លាប់​បាន​ទេ ( សូមមើល អាលម៉ា 7:11–12 ) ។

« ទោះ​បី​ជា​យ៉ាងណា ដូច​ជា​ព្រះ​យេស៊ូវ​បាន​អញ្ជើញ នៅ​លើ​មាត្រដ្ឋាន​តូច​របស់​យើង យើង​អាច​ព្យាយាម​ឲ្យ​បាន​ដូច ‹ ជា​ទ្រង់ › ( នីហ្វៃទី 3 27:27 ) ។ »3

នៅ​ពេល​ដែល​យើង​ស្វែង​រក​ដើម្បី​ឲ្យ​បាន​ដូច​ជាទ្រង់ ដោយ​បំណង​ប្រាថ្នា​ដ៏​ស្មោះត្រង់ ដើម្បី​ប្រទាន​ពរ​ដល់ « អ្នក​រួម​ដំណើរ​របស់​យើង » យើង​នឹង​ត្រូវ​បាន​ផ្ដល់​នូវ​ឱកាស ដើម្បី​បំភ្លេច​ខ្លួនឯង​ហើយ​លើក​ស្ទួយ​អ្នក​ដទៃ ។ ជាញឹកញាប់ ឱកាស​ទាំង​នេះ​អាច​មាន​ការ​រអាក់​រអួល ការសាក​ល្បង​បំណង​ប្រាថ្នា​ពិត​របស់​យើង​ក្នុង​ការ​ក្លាយ​កាន់​តែ​ដូចព្រះ​អម្ចាស់ ដែល​មាន​ការបម្រើ​ដ៏​អស្ចារ្យ​ជាង​គេ​ទាំង​អស់ ដង្វាយ​ធួន​ដ៏​គ្មាន​ទី​បញ្ចប់​របស់​ទ្រង់ គឺ​មិន​ងាយ​ស្រួស​នោះ​ទេ ។ « ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ » ទ្រង់​បាន​មាន​បន្ទូល​ថា « សូម​ព្រះ​វរបិតា​បាន​សិរី​ល្អ ហើយ​យើង​បាន​ទទួល​ទាន និង​សម្រេច​ការ​រៀប​ចំ​របស់​យើង​ចំពោះ​កូន​ចៅ​មនុស្ស » ( គ និង ស 19:19 ) ។

ការ​ស្វែង​រក​ដោយ​ស្មោះ​ត្រង់ ដើម្បី​ក្លាយ​កាន់​តែ​ដូច​ព្រះ​អង្គ​សង្គ្រោះ នឹង​អនុញ្ញាត​ឲ្យ​យើង​ឃើញ​នូវ​អ្វី​ដែល​យើង​មិន​អាច​មើល​ឃើញ​បើ​យើង​មិន​ស្វែង​រក​ដោយ​ស្មោះត្រង់​នោះ​ទេ ។ សាសន៍​សាម៉ារី​ដ៏មាន​ចិត្ត​សប្បុរស​របស់​យើង​រស់​នៅ​ជិត​ស្និទ្ធ​នឹង​ព្រះ​វិញ្ញាណ​ល្មម ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​បំផុស​គំនិត និង​បាន​ទៅ​ជួប​នឹង​មនុស្ស​ចម្លែក​ដែល​ត្រូវ​ការ​ជំនួយ ។

សូម​មើល

drawing of three children with lantern

រូបភាព​ដោយ អានី ហែនរី

ការ​មើល​ឃើញ​ដោយ​ចក្ខុ​ខាង​វិញ្ញាណ គឺ​ការ​មើល​ឃើញ​ធាតុពិត​របស់​អ្វី​គ្រប់​យ៉ាង ហើយ​ដើម្បី​ទទួល​ដឹង​ពី​តម្រូវ​ការ​ដែល​យើង​មិន​អាច​សង្កេត​ដោយ​ភ្នែក​ទទេ​បាន ។ នៅ​ក្នុង​រឿង​ប្រៀបធៀប នៃ​សត្វ​ចៀម និង​សត្វពពែ មិន​មាន​អ្នក​ណាមួយ​ដែល​ត្រូវ​បាន « ប្រទាន​ពរ » ក៏​មិន​មាន​អ្នក​ណាមួយ​ដែល​ត្រូវ « បណ្ដាសា » បាន​ទទួល​ស្គាល់​ព្រះ​អង្គ​សង្គ្រោះ​នៅ​ក្នុង​ចំណោម​អ្នក​ដែល​បាន​ឃ្លាន បាន​ស្រេក បាន​អាក្រាត ឬ​ក៏​ជាប់​គុក​ឡើយ ។ ពួក​គេ​បាន​ឆ្លើយ​តប​ទៅ​នឹង​រង្វាន់​ពួក​គេ​ដោយ​ទូល​សួរ​ទ្រង់​ថា « តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ពី​កាល​ណា ? » ( សូមមើល ម៉ាថាយ 25:34–44 ) ។

មាន​តែ​អ្នក​ដែល​បាន​មើល​ដោយ​ចក្ខុ​ខាងវិញ្ញាណ​តែ​ប៉ុណ្ណោះ ដែលយល់​ដឹង​អំពី​តម្រូវ​ការ បាន​ធ្វើ​សកម្ម​ភាព និង​ប្រទាន​ពរ​ដល់​អ្នក​ដែល​រងទុក្ខ ។ សាសន៍​សាម៉ារី​ដ៏​មានចិត្ត​សប្បុរស​របស់​យើង ទទួល​ស្គាល់​តម្រូវ​ការ​ពេល​ដែល​គាត់​មើល​ដោយ​ចក្ខុ​ខាង​វិញ្ញាណ ។

អនុវត្ត

drawing of older woman and young man

រូបភាព​ដោយ អានី ហែនរី

យើង​អាច​មើល​ឃើញ​តម្រូវ​ការ នៅ​ជុំវិញ​ខ្លួន​យើង ប៉ុន្តែ​មាន​អារម្មណ៍​ថា​គ្មាន​លទ្ធិ​ភាព​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​នោះ ដោយ​សន្មត​ថា ​អ្វី​ដែល​យើង​មាន​ដើម្បី​ឲ្យ​គឺ​មិន​គ្រប់​គ្រាន់​ទេ ។ នៅ​ពេល​ដែល​យើង​ស្វែង​រក​ដើម្បី​ឲ្យ​បាន​ដូច​ជាទ្រង់ ហើយ​យើង​មើល​ឃើញ​តម្រូវ​ការ​នៅ​ក្នុង​អ្នក​រួម​ដំណើរ​របស់​យើង​តាម​រយៈ​ចក្ខុ​ខាង​វិញ្ញាណ នោះ​យើង​ត្រូវ​តែ​ទុក​ចិត្ត​ថា​ព្រះ​អម្ចាស់​អាច​ធ្វើ​កិច្ចការ​តាម​រយៈ​យើង​រាល់​គ្នា ហើយ​នៅ​ពេល​នោះ​យើង​ត្រូវ​តែ​បញ្ចេញ​សកម្ម​ភាព ។

កាល​កំពុង​ដើរ​ចូល​ទៅ​ក្នុង​ព្រះ​វិហារ ពេត្រុស និង​យ៉ូហាន​បាន​ប្រទះ​នឹង​បុរស​ម្នាក់​ដែល « ខ្វិន​ពី​កំណើត » ដែល​បាន​សូម​ទាន​ពី​ពួក​លោក ( សូមមើល កិច្ចការ 3:1–3 ) ។ ចម្លើយ​របស់​ពេត្រុស គឺ​ជា​គំរូ​មួយ ហើយ​ជា​ការ​អញ្ជើញ​ដល់​យើង​រាល់​គ្នា​ថា ៖

« ឯ​ប្រាក់ ហើយ​និង​មាស ខ្ញុំ​គ្មាន​ទេ តែ​របស់​ដែល​ខ្ញុំ​មាន នោះ​ខ្ញុំ​នឹង​ឲ្យ​ដល់​អ្នក គឺ​ដោយសារ​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ ពី​ស្រុក​ណាសារ៉ែត ចូរ​អ្នក​ក្រោក​ឡើង​ដើរ​ទៅ​ចុះ »

« រួច​ក៏​ចាប់​ដៃ​ស្តាំ​លើក​គាត់​ឡើង » ( កិច្ចការ 3:6–7 ) ។

យើង​អាច​ធ្វើ​សកម្មភាព​ដោយ ផ្ដល់​ពេល​វេលា និង​ទេពកោសល្យ ពាក្យ​ល្អៗ ឬ​ជា​ជំហរ​មួយ​ដ៏​រឹង​មាំ ។ នៅ​ពេល​ដែល​យើងស្វែងរក ហើយ​​ឃើញ យើង​នឹង​ត្រូវ​បាន​ដាក់​នៅ​ក្នុង​កាលៈទេសៈ និង​ស្ថាន​ភាព​ផ្សេងៗ​ដែល​យើង​អាច​ធ្វើ​សកម្មភាព និង​ប្រទាន​ពរ ។ ទង្វើ​របស់​សាសន៍​សាម៉ារី​ដ៏​មាន​ចិត្ត​សប្បុរស​របស់​យើង ។ គាត់​បាន​យក​យើង​ទៅ​ផ្ទះ​របស់​គាត់ ហើយ​បាន​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ដែល​គាត់​មាន ។ នៅ​ក្នុង​ខ្លឹម​សារ​នោះ គាត់​បាន​និយាយ​ថា « របស់​ដែល​ខ្ញុំ​មាន នោះ​ខ្ញុំ​នឹង​ឲ្យ​ដល់​អ្នក » ។ វា​ជា​អ្វី​ដែល​យើង​ពិតជា​ត្រូវ​ការ ។

ប្រធាន ម៉នសុន បាន​បង្រៀន​ពីគោលការណ៍​ដូច​គ្នា​នេះ​ថា ៖

« នៅ​ក្នុង​ដំណើរ​ជីវិត​រមែង​ស្លាប់ យើង​ម្នាក់ៗ​នឹង​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​យេរីខូរ​រៀងៗ​ខ្លួន ។ តើ​អ្វី​ទៅ​នឹង​ជា​បទពិសោធន៍​របស់​អ្នក​រាល់​គ្នា ? តើ​អ្វី​ទៅ​ជាបទពិសោធន៍​របស់​ខ្ញុំ ? តើ​ខ្ញុំ​នឹង​បរាជ័យ​ក្នុង​ការ​សម្គាល់​ឃើញ​អ្នក​ដែល​បាន​ធ្លាក់​នៅ​ក្នុង​ចំណោម​ពួក​ចោរ ហើយ​ត្រូវ​ការ​ជំនួយ​របស់​ខ្ញុំ​ឬ​ទេ ? ចុះ​អ្នក​វិញ ?

« តើ​ខ្ញុំ​នឹង​ជា​មនុស្ស​ម្នាក់​ដែល​មើល​ឃើញអ្នក​រង​របួស ហើយ​ឮ​ការ​អង្វរ​របស់​គាត់ ហើយ​ដើរវៀងទៅម្ខាង​ទៀត​ទេ ? ចុះ​អ្នក​វិញ ?

« ឬ​តើ​ខ្ញុំ​នឹង​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​មើល​ឃើញ ស្ដាប់​ឮ ឈប់​បង្អង់ ហើយ​ជួយ​ឬ​ទេ ? ចុះ​អ្នក​វិញ ?

« ព្រះ​យេស៊ូវ​បាន​ប្រទាន​ឲ្យ​យើង​នូវ​ការ​ណែ​នាំ​ចំពោះ​ការ​ប្រព្រឹត្ត​ថា ‹ ទៅ​ចុះ ចូរ​អ្នក​ប្រព្រឹត្ត​បែប​យ៉ាង​ដូច្នោះ​ដែរ › ។ ពេល​ដែល​យើង​គោរព​តាម​សេចក្ដី​ប្រកាស​នោះ នឹង​មាន​ការ​បើក​នូវទិដ្ឋភាព​ដ៏​អស់កល្ប​ជា​និច្ច​រប់ស​យើង ជា​ទស្សនីយភាព​នៃក្ដី​អំណរ​មួយ​ដែល​កម្រ​នឹង​ប្រៀប​ផ្ទឹម​បានឡើយ »4

ហើយ​ក្លាយ​កាន់​តែ​ដូច​ព្រះ​អង្គ​សង្គ្រោះ​ដោយ​ការ​ស្វែង​រក និង​ការ​ធ្វើ​សកម្ម​ភាព អ្នក​នឹង​ដឹង​ពី​សេចក្ដី​ពិត​ពេញ​លេញ នៃ​ព្រះ​បន្ទូល​របស់​ស្ដេច បេនយ៉ាមីន​ថា ៖ « កាលណាអ្នក​រាល់​គ្នា​នៅ​ក្នុង​ការ​បម្រើ​ដល់​មនុស្ស​ទូទៅ នោះ​អ្នក​រាល់​គ្នា​គ្រាន់​តែ​នៅ​ក្នុង​ការ​បម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ » ( ម៉ូសាយ 2:17 ) ។

កំណត់​ចំណាំ

  1. រីឆាដ ជី ស្កត « ខ្ញុំ​បាន​ផ្ដល់​គំរូ​ដល់​អ្នក » លីអាហូណា ខែ ឧសភា ឆ្នាំ 2014, ទំព័រ 35 ។

  2. ថូម៉ាស អេស. ម៉នសុន « សេចក្ដី​ស្រឡាញ់ — ជា​ខ្លឹមសារ​នៃ​ដំណឹង​ល្អ » Liahona, ខែ ឧសភា ឆ្នាំ 2014, ទំព័រ 91 ។

  3. នែល អេ ម៉ាក់ស្វែល « Apply the Atoning Blood of Christ, » Ensign, ខែ វិច្ឆិកា ឆ្នាំ 1997, ទំព័រ 22 ។

  4. ថូម៉ាស អេស ម៉នសុន « Your Jericho Road » Ensign, ខែ ឧសភា ឆ្នាំ 1977, ទំព៏រ 71 ។