ទីកន្លែងរបស់យើង
អ្នកពន្លត់អគ្គីភ័យ និង គ្រឿងសឹករបស់ព្រះ
វាជាថ្ងៃមួយដ៏ស្ងាត់ស្ងៀមនៅកន្លែងធ្វើការរបស់ខ្ញុំជាអ្នកស្ម័គ្រចិត្តពន្លត់អគ្គីភ័យ ដូច្នេះ ខ្ញុំបានសម្រេចចិត្តអានព្រះគម្ពីរមរមន ។ ពេលដែលមិត្តរួមការងារម្នាក់របស់ខ្ញុំឃើញខ្ញុំអាន គាត់បានសួរថាបើខ្ញុំបានដឹងពីរបៀបដែលយើងអាចពាក់គ្រឿងសឹករបស់ព្រះនៅក្នុងសម័យទំនើបនេះ ។ នៅពេលដែលយើងកំពុងនិយាយគ្នា កណ្ដឹងប្រកាសអាសន្នបានរោទ៍ឡើង ។ មានភ្លើងឆេះនៅហាងជិតនេះ ។
យើងប្រញាប់ប្រញាល់ស្លៀកពាក់ឯកសណ្ឋានពន្លត់អគ្គឺភ័យ ហើយឆ្ពោះទៅទីនោះ ។ ភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ហើយយើងបានទៅដល់ហាងនោះ មានអ្វីមួយបានផ្ទុះឡើងនៅទិសដៅរបស់យើង ។ ភ្លើងបានឆាបឆេះពួកយើង ។ ការផ្ទុះនោះបានធ្វើឲ្យខ្ញុំ និងមិត្តរួមការងារខ្ញុំបាត់ស្មារតីអស់ពីរបីវិនាទី ។ ប៉ុន្តែមានអំណរគុណចំពោះសម្ភារ និងសម្លៀកបំពាក់ការពាររបស់យើង យើងមិនរងរបួសអ្វីទេ ។
ពេលយើងត្រឡប់មកស្ថានីយ៍វិញបន្ទាប់ពីការប្រយុទ្ធនឹងអគ្គីភ័យនោះ ខ្ញុំបានសួរទៅមិត្តរួមការងាររបស់ខ្ញុំថាបើគាត់បានចងចាំសំណួររបស់គាត់អំពីគ្រឿងសឹករបស់ព្រះ ។ គាត់បាននិយាយថា គាត់ចាំ ហើយខ្ញុំពន្យល់ថា គ្រឿងសឹករបស់ព្រះគឺដូចជាសម្លៀកបំពាក់ការពារអគ្គីភ័យរបស់យើងដែរ ។ យើងត្រូវតែពាក់វាជាប់ជានិច្ច ដូច្នេះយើងអាចស៊ូទ្រាំនឹងការវាយប្រហារដ៏មានឥទ្ធិពលនៃមារសត្រូវបាន ។ បើយើងរក្សាព្រះបញ្ញត្តិទាំងឡាយ យើងនឹងត្រូវបានប្រទានពរដោយអំណាចការពារនៃគ្រឿងសឹករបស់ព្រះ ហើយព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើជាអ្នកដឹកនាំយើង ។
ហ្វើណាន់ដូ ឌឺ ឡា រ៉ូសា មកពីទីក្រុងម៉ារ៉ុន ប្រទេសម៉ិកស៊ិក ។
ខគម្ពីរដែលជាទីពេញចិត្តរបស់ខ្ញុំ
សាំយ៉ូអែលទី 1 16:7 ។ « ព្រះទ្រង់មិនទតចំពោះសេចក្តី ដែលមនុស្សលោកពិចារណាមើលទេ ឯមនុស្សលោក តែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទ្រង់ទតចំពោះក្នុងចិត្តវិញ » ។
មុនពេលដែលខ្ញុំបានចូលរួមក្នុងសាសនាចក្រ ខ្ញុំតែងតែមើលខ្លួនឯងជាមនុស្សធម្មតា ដែលមានសមត្ថភាពធម្មតា ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំគ្មានអ្វីដែលមានតម្លៃដែលផ្ដល់ជូនទេ ។ ខ្ញុំមានការភ័យខ្លាច ក្នុងការបង្ហាញគេឯងនូវអត្តសញ្ញាណពិតប្រាកដរបស់ខ្ញុំ ពីព្រោះតែការខ្លាចក្រែងការបដិសេធ ហើយឈឺចាប់ ។ ខ្ញុំបានគិតថា អ្នករាល់គ្នានៅជុំវិញខ្ញុំ រឹងមាំជាង ឆ្លាតជាង និងល្អប្រសើរជាងខ្ញុំ ។
តែទស្សនវិស័យទាំងអស់នោះ បានផ្លាស់ប្ដូរពេលដែលខ្ញុំក្លាយជាសមាជិកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ខ្ញុំបានរៀនថា យើងទាំងអស់គ្នាគឺជាកូនរបស់ព្រះ ហើយយើងនឹងស្នងមរតកគុណសម្បត្តិដ៏ទេវភាពទាំងឡាយ ។ ឥឡូវខ្ញុំយល់ហើយថា វាគ្មានការប្រកួតប្រជែងលើអ្នកណាឆ្លាតជាងមានជាង ឬល្អប្រសើជាងនរណាម្នាក់ឡើយ ។ នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ យើងទាំងអស់គ្នាឈរលើទំនាបស្មើរគ្នា ហើយទ្រង់គឺជាអង្គតែមួយដែលកាត់សេចក្ដី — ដោយមិនផ្អែកលើរូបរាងខាងក្រៅរបស់យើងឡើយ ប៉ុន្តែដោយការគោរពប្រតិបត្តិតាម និងបំណងចង់ដើរតាមផ្លូវ ដែលទ្រង់បានញែកឲ្យយើង ។
ចូអាន អាស៊ូសេណា ប្រទេស ហ្វីលីពីន
តើអ្នកនឹងធ្វើការនៅថ្ងៃអាទិត្រទេ ?
ពេលខ្ញុំអាយុ15 ឆ្នាំ ខ្ញុំបានទីន្ទាល់ដ៏រឹងមាំមួយពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ហើយមានភាពសប្បាយរីករាយ ដើម្បីចូលរួមក្នុងសាសនាចក្រ ។ នៅពេលនោះ ខ្ញុំកំពុងធ្វើដើម្បីជួយគាំទ្រក្រុមគ្រួសាររបស់ខ្ញុំ ។ មិនយូរប៉ុន្មាន បន្ទាប់ពីខ្ញុំបានទទួលបុណ្យជ្រមុជទឹក ខ្ញុំបានបាត់បង់ការងាររបស់ខ្ញុំ ។
ខ្ញុំត្រូវការស្វែងរកការងារថ្មីឲ្យបានឆាប់ ដោយសារគ្រួសារខ្ញុំពឹងផ្អែកលើខ្ញុំ ប៉ុន្តែគ្រប់ការងារដែលខ្ញុំបានដាក់ពាក្យសុំ បានតម្រូវឲ្យខ្ញុំធ្វើការនៅថ្ងៃអាទិត្រ ។ ខ្ញុំបានបដិសេធការងារជាច្រើន ដោយសារខ្ញុំដឹងថា ខ្ញុំត្រូវការនៅព្រះវិហារនៅថ្ងៃអាទិត្រ ( សូមមើល គ និង ស 59:9–10 ) ។
បន្ទាប់ពីពីរខែនៃការស្វែងរកការងារ ខ្ញុំនៅតែមិនអាចរកបានការងារមួយសោះ ។ ម្ដាយរបស់ខ្ញុំ ពុំមែនជាសមាជិកសាសនាចក្រទេ ហើយទោះបីជាគាត់ជឿលើព្រះ គាត់ខឹងសម្បារនឹងខ្ញុំជាខ្លាំងថាខ្ញុំបានបដិសេធការងារច្រើនពេក ។
នៅយប់មួយ គាត់បានសម្លឹងមើលមកខ្ញុំដោយទឹកភ្នែកនៅក្នុងភ្នែករបស់គាត់ ហើយសួរខ្ញុំវា « ហេតុបានជាព្រះបណ្តោយឲ្យរឿងនេះកើតឡើងចំពោះយើង ពេលដែលឯងពោរពេញដោយក្ដីជំនឿ និងធ្វើអ្វីដែលត្រឹមត្រូវយ៉ាងនេះ ? »
ខ្ញុំបានឆ្លើយថា « ម៉ាក់ ខ្ញុំមិនដឹងថាហេតុអ្វីបានជារឿងនេះកើតឡើងចំពោះយើងទេ ប៉ុន្តែខ្ញុំដឹងថាខ្ញុំកំពុងធ្វើអ្វីដែលត្រឹមត្រូវ ហើយខ្ញុំដឹងដែរថា ព្រះនឹងប្រទានពរឲ្យយើងក្នុងការធ្វើត្រូវ » ។
នៅព្រឹកបន្ទាប់ មាននរណាម្នាក់បានផ្ដល់ប្រាក់ច្រើនគួរសម្យឲ្យខ្ញុំ ដើម្បីចំណាយលើការជញ្ជូនទំនិញធុនធ្ងន់មួយចំនួន ពីផ្ទះមួយទៅផ្ទះមួយទៀត ។ ការងារនោះត្រូវការប្រើកម្លាំងខ្លាំង ប៉ុន្តែពេលខ្ញុំទទួលបានកម្រៃ ខ្ញុំបានប្រញាប់ទៅផ្ទះ ហើយអធិស្ឋានដោយអំណរគុណ ។ មិនយូរប៉ុន្មាន ខ្ញុំបានឃើញការងារល្អមួយដែលអនុញ្ញាតឲ្យខ្ញុំឈប់សម្រាកថ្ងៃអាទិត្រ ហើយខ្ញុំមិនដែលអត់ការងារតាំងពីពេលនោះមក ។
ខ្ញុំមានចិត្តរីករាយដែលខ្ញុំបានជ្រើសរើស ដើម្បីរក្សាថ្ងៃបរិសុទ្ធឲ្យបានបរិសុទ្ធ ? មានឧបសគ្គជាច្រើននៅក្នុងជីវិត ប៉ុន្តែខ្ញុំដឹងថា បើយើងខិតខំនៅរឹងមាំទោះឧបសគ្គទាំងនោះ ព្រះអម្ចាស់នឹងប្រទានពរឲ្យយើង ។
សាស៊ីល ហ្សាម៉ា មកពី ប្រទេសឥណ្ឌា