គេហដ្ឋាន និង ក្រុមគ្រួសាររបស់យើង
រាត្រីជួបជុំក្រុមគ្រួសារ — អ្នកអាចធ្វើបាន !
មិនថាក្រុមគ្រួសាររបស់អ្នកយ៉ាងណាទេ រាត្រីជួបជុំក្រុមគ្រួសារអាចប្រទានពរ និងពង្រឹងអ្នក ។
ឪពុកម្នាក់ត្រឡប់មកផ្ទះវិញដោយការនឿយហត់ បន្ទាប់ពីធ្វើការពេញមួយថ្ងៃមក ហើយឃើញថាសមាជិកគ្រួសារដទៃទៀតកំពុងពុះពារនឹងអារម្មណ៍មួម៉ៅស្រដៀងគ្នាដែរ ។ វាជារាត្រីថ្ងៃច័ន្ទ ហើយការធ្វើរាត្រីក្រុមគ្រួសារ ហាក់ដូចជាមិនអាចទៅរួចសោះ ។ បន្ទាប់ពីអធិស្ឋានសុំជំនួយ ឪពុក និងម្ដាយសម្រេចចិត្តធ្វើរាត្រីជួបជុំក្រុមគ្រួសារនោះយ៉ាងសាមញ្ញ ។ ពួកគេបានហៅក្រុមគ្រួសារមកជួបជុំគ្នា ច្រៀងទំនុកតម្កើង ហើយអធិស្ឋានរួមគ្នា ។ ពួកគេបានឲ្យទៀនតូចមួយដល់សមាជិកគ្រួសារម្នាក់ៗ ដើម្បីបំភ្លឺពេលដែលពួកគេប្រាប់ពីអ្វី ដែលបំផុសគំនិតពួកគេក្នុងពេលថ្មីៗ ។ នៅក្នុងបន្ទប់ដ៏ងងឹត ពន្លឺរបស់ភ្លើងទៀនតំណាងឲ្យការបំផុសគំនិត និងឲ្យកូនៗផ្តោតយកចិត្តទុកដាក់ ។ ពេលដែលទីបន្ទាល់ត្រូវបានចែកចាយ អារម្មណ៍នៃសេចក្ដីសុខសាន្តដ៏ផ្អែមល្ហែមមួយ បានជ្រៀតចូលនៅក្នុងផ្ទះ ។ ក្រុមគ្រួសារ បានបញ្ចប់រាត្រីនោះដោយសេចក្ដីអំណរដែលពួកគេបានធ្វើរាត្រីជួបជុំក្រុមគ្រួសារ ។
តើអ្នកបានដឹងទេថា រាត្រីជួបជុំក្រុមគ្រួសារ បានកើតមានជាកម្មវិធីសាសនាចក្រអស់រយៈពេល100 ឆ្នាំហើយទេ ? នៅខែ មេសា ឆ្នាំ 1915 គណៈប្រធានទីមួយ បានដឹកនាំសមាជិកឲ្យទុកមួយយប់រាល់សប្ដាហ៍ សម្រាប់ការអធិស្ឋានជាក្រុមគ្រួសារ តន្ត្រី ការរៀនសូត្រដំណឹងល្អ រឿងនិទាន និងសកម្មភាពនានា ។ ( សូមមើលទំព័រ 80 សម្រាប់ការដកស្រង់ពីសារលិខិតរបស់គណៈប្រធានទីមួយ ) ព្យាការីទាំងឡាយ បានបន្តរំឭកយើងពីសារៈសំខាន់នៃរាត្រីជួបជុំក្រុមគ្រួសារ ។ ប្រធាន ថូម៉ាស អេស ម៉នសុន បានមានប្រសាសន៍ថា « យើងមិនអាចធ្វេសប្រហែសនឹងកម្មវីធីដែលបានបំផុសគំនិតពីស្ថានសួគ៌នេះបានទេ » ។ « វាអាចនាំមកនូវការរីកចម្រើនខាងវិញ្ញាណដល់សមាជិកគ្រួសារម្នាក់ៗ ជួយគាត់ឲ្យស៊ូទ្រាំនឹងការល្បួងដែលមាននៅគ្រប់ទីកន្លែង »1
ខាងក្រោមនេះ គឺជាឥរិយាបទមួយចំនួនដើម្បីរក្សាទុកក្នុងចិត្តថា ពេលដែលអ្នកធ្វើឲ្យរាត្រីជួបជុំក្រុមគ្រួសារជាផ្នែកមួយនៃសប្ដាហ៍របស់អ្នក ៖
វាបានអនុវត្តចំពោះខ្ញុំ ។ អែលឌើរ អិល ថម ភែរី នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ថា « រាត្រីជួបជុំក្រុមគ្រួសារ គឺសម្រាប់មនុស្សគ្រប់គ្នា » ។2 យើងទាំងអស់គ្នា — អ្នកដែលរៀបការហើយ ឬនៅលីវ — អាចលះបង់ពេលវេលាដើម្បីពង្រឹងគ្រួសារ និងរៀនសូត្រដំណឹងល្អ ។
ខ្ញុំអាចរកពេលវេលាបាន ។ សាសនាចក្របានស្ថាបនាគំរូ ដោយរក្សាយប់ថ្ងៃច័ន្ទទំនេរពីសកម្មភាពសាសនាចក្រនានា ។ អ្នកអាចបង្ហាញព្រះអម្ចាស់ និងក្រុមគ្រួសាររបស់អ្នកថា អ្នកមានឆន្ទៈនឹងញែកពេលវេលាទុកសម្រាប់អ្វីដែលសំខាន់បំផុត ។
ខ្ញុំអាចរកឃើញអ្វីដែលដំណើរការល្អសម្រាប់គ្រួសាររបស់ខ្ញុំ ។ ប្រសិនបើក្រុមគ្រួសាររបស់អ្នក រស់នៅឆ្ងាយពីគ្នា ក្នុងភូមិសាស្ត្រខុសគ្នា សូមព្យាយាមធ្វើ « រាត្រីជួបជុំក្រុមគ្រួសារតាមអ៊ិនធើរណែត » ដើម្បីនិយាយជាមួយនឹងសមាជិកគ្រួសារតាមអ៊ិនធើរណែត ឬតាមទូរសព្ទ ។ តើមាននរណាម្នាក់ត្រូវធ្វើការយឺតទេ ? សូមធ្វើ « រាត្រីជួបជុំក្រុមគ្រួសារនៅសួនច្បារ » នៅជិតកន្លែងធ្វើការក្នុងអំឡុងពេលឈប់សំរាក ។ ឪពុកដែលបានលែងលះម្នាក់ធ្វើ « រាត្រីជួបជុំក្រុមគ្រួសារតាមសំបុត្រ » ជារៀងរាល់ថ្ងៃច័ន្ទ សរសេរទៅកូនៗរបស់គាត់ដែលរស់នៅឆ្ងាយពីគាត់ ។3 សូមឲ្យឧបសគ្គ ក្លាយជាកាតាលីករសម្រាប់ការច្នៃប្រឌិតដ៏អស្ចារ្យ ។
ខ្ញុំអាចចាប់ផ្ដើមធ្វើវានៅសប្ដាហ៍នេះ ។ រាត្រីជួបជុំក្រុមគ្រួសារ អាចត្រូវរៀបចំឡើងស្របទៅតាមតម្រូវការ និងកាលៈទេសៈនៃគេហដ្ឋានរបស់អ្នក ។ ខាងក្រោមនេះ គឺជាការផ្ដល់យោបល់ទូទៅមួយចំនួន ៖
-
ចាប់ផ្ដើម និង បញ្ចប់ជាមួយនឹងការអធិស្ឋាន ។
-
ប្រើតន្ត្រី រួមបញ្ចូលទាំងទំនុកតម្កើង និងចម្រៀងកុមារ ។
-
រៀនពីព្រះគម្ពីរ និងព្យាការីសម័យទំនើប ។
-
រួមបញ្ចូលសកម្មភាពរាងកាយខុសៗគ្នាមួយចំនួន គម្រោងនៃការបម្រើ និងសកម្មភាពផ្តោតលើដំណឹងល្អ ពីសប្ដាហ៍មួយទៅសប្ដាហ៍មួយ ។
-
សប្បាយរីករាយចុះ ! លេងហ្គេម ឬធ្វើអាហារសម្រន់ ។
-
សូមធ្វើឲ្យមានស្ថិរភាព ប្រសិនអ្នកមិនអាចធ្វើវានៅថ្ងៃចន្ទ សូមរកថ្ងៃមួយផ្សេងទៀតដែលដំណើរការល្អ ។
ខ្ញុំចង់បានពរជ័យ ។ ព្យាការីទាំងឡាយបានសន្យាថា បើយើងចូលរួមក្នុងរាត្រីជួបជុំក្រុមគ្រួសារ នឹងមានពរជ័យ ដែលជាលទ្ធផលដ៏អស្ចារ្យ ៖ សេចក្ដីស្រឡាញ់ និងការគោរពប្រតិបត្តិ នៅគេហដ្ឋាននឹងកើនឡើង ។ សេចក្ដីជំនឿនឹងអភិវឌ្ឍ នៅក្នុងដួងចិត្តរបស់យុវវ័យ ។ ក្រុមគ្រួសារ « នឹងទទួលបានអំណាច ដើម្បីទប់ទល់នឹងឥទ្ធិពលអាក្រក់ និងការល្បួងទាំងឡាយ » ដែលរុំព័ទ្ធជុំវិញពួកគេ ។4
ខណៈពេលដែលរាត្រីជួបជុំក្រុមគ្រួសាររបស់អ្នកមិនអាចមានបទពិសោធន៍ដ៏ល្អឥតខ្ចោះរាល់ពេល នោះក្រុមគ្រួសាររបស់អ្នកនឹងត្រូវបានពង្រឹងឡើង និងប្រទានពរឲ្យ ដោយសារតែការខិតខំប្រឹងប្រែងរបស់អ្នក ។ អែលឌើរ ដាវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនថា « រាត្រីជួបជុំក្រុមគ្រួសារនីមួយៗ គឺជាការផាត់ពណ៌ដោយច្រាស់សើៗនៅលើផ្ទាំងគំនូរនៃព្រលឹងរបស់យើង » ។ « គ្មានព្រឹត្តិការណ៍ណាមួយ ដែលទំនងជាគួរឲ្យចាប់អារម្មណ៍ ឬគួរឲ្យចងចាំហួសហេតុនោះទេ ។ ប៉ុន្តែ ក៏ដូចជាការផាត់ទឹកថ្នាំបំពេញគ្នាទៅវិញទៅមក ហើយនោះវាបានបង្កើតផ្ទាំងគំនូរដ៏គួរឲ្យចាប់អារម្មណ៍មួយ ដូច្នេះភាពស្ថិរភាពរបស់យើងក្នុងការធ្វើអ្វីដែលហាក់ដូចជាតូចមួយ អាចនាំមកនូវលទ្ធផលខាងវិញ្ញាណដ៏សំខាន់ »5