២០១៥
អំណាច​នៃ​សេចក្តី​ជំនឿ
April 2015


យើង​និយាយ​អំពី​ព្រះគ្រីស្ទ

អំណាច​នៃ​សេចក្តី​ជំនឿ

អ្នក​និពន្ធ​រស់​នៅ​ក្នុង​រដ្ឋ អូរីហ្គិន ស.រ.អា ។

ប្រសិន​បើ​ព្រះ​វរបិតាសួគ៌​បាន​ដោះលែង​យើង​ពី​បញ្ហា​ប្រឈម​ទាំង​អស់​របស់​យើង គ្រាន់តែ​ដោយសារយើង​បាន​សុំ​ដល់​ទ្រង់ នោះទ្រង់​នឹង​បដិសេធ​មិន​ទទួល​ស្គាល់​បទពិសោធន៍​ដែល​ចាំបាច់​សម្រាប់​សេចក្ដី​សង្គ្រោះ​របស់​យើង ។

A mother ssitting with her small daughter as the girl colors in a coloring book.

ក្នុង​ឆ្នាំមួយ​នៅ​ក្នុង​មហាវិទ្យាល័យ ពេល​ខ្ញុំ​កំពុង​ធ្វើ​ការ​ប្រឡង​មួយ ក​របស់​ខ្ញុំ​បាន​ចាប់​ផ្ដើម​ឈឺ ។ ការ​ឈឺ​ចាប់​នោះ​មិន​បាត់​សោះ សូម្បី​តែ​ភាព​តាន​តឹង​នៃ​ការ​ប្រឡង​បាន​កន្លង​ហួស​ទៅ​ក៏ដោយ ។ ខ្ញុំ​បាន​ប្រឹក្សា​ជាមួយ​នឹង​វេជ្ជបណ្ឌិត និង​អ្នក​ព្យាបាល​រោគ ហើយ​បាន​ព្យាយាម​សាក​ល្បង​នឹងការ​ព្យាបាល​ខុសៗ​គ្នា​ជាច្រើន ប៉ុន្តែ​ការ​ឈឺ​ចាប់​នោះ​នៅ​តែ​បន្ត ។ នៅ​ឆ្នាំ​ក្រោយ​នោះ ពេល​ដែល​ខ្ញុំ​បាន​ពុះពារ​ស៊ូទ្រាំ​នឹង​ការ​ឈឺ​ចាប់​នេះ ខ្ញុំ​ក៏​បាន​ពុះពារ ដើម្បី​បង្កើន​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​ដែរ ។ ខ្ញុំ​បាន​ចំណាយ​ពេល​ជា​ច្រើន​ធ្វើ​ការ​អធិស្ឋាន ខ្ញុំ​បាន​សិក្សា​ព្រះ​គម្ពីរ និង​ខ្ញុំ​បាន​សុំ​ការ​ប្រសិទ្ធិពរនៃ​បព្វជិត​ភាព ។ ខ្ញុំ​មាន​អារម្មណ៍​ថា ប្រសិន​បើ​ខ្ញុំ​មាន​សេចក្ដី​ជំនឿ​គ្រប់​គ្រាន់ នោះ​ខ្ញុំ​នឹង​ត្រូវ​បាន​ប្រោស​ឲ្យ​ជា​សះស្បើយ ។

ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រោស​អ្នក​ឈឺ​ឲ្យ​ជា មនុស្ស​ខ្វាក់​ឲ្យ​មើល​ឃើញ មនុស្ស​ខ្វិន​ឲ្យ​ដើរ​រួច មនុស្ស​ឃ្លង់​ពី​រោគា — « ស្របតាម​សេចក្ដី​ជំនឿ​របស់ [ ពួកគេ ] » ( ម៉ាថាយ 9:29 ) ។ ខ្ញុំ​ដឹង​ថា​ទ្រង់​មាន​ព្រះ​ចេស្ដា​ដើម្បី​ប្រោស​ខ្ញុំ ដូច​ដែល​ទ្រង់​បាន​ប្រោស​មនុស្ស​ជា​ច្រើន​ផ្សេង​ទៀត​ក្នុង​អំឡុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ ។ ដូច្នេះ​ហើយ​ខ្ញុំ​បាន​សរុប​ថា មក​ពី​ខ្ញុំ​ខ្វះ​សេចក្ដី​ជំនឿ វា​បានបញ្ឈប់​ខ្ញុំ​ពី​ការ​ប្រោស​ឲ្យ​ជា ដូច្នេះ​ខ្ញុំបាន​ខិតខំ​ទ្វេដង​លើ​ការ​ប្រឹង​ប្រែង​របស់​ខ្ញុំ ។ ខណៈ​ពេល​ដែល​ខ្ញុំ​បន្ត​ជាមួយ​នឹង​ការ​ព្យាបាល​ដោយ​ការ​ពង្រឹង​កាយ​វិប្បកម្មខ្ញុំ​បាន​អធិស្ឋាន និង​តម​អាហារ និង​សិក្សា ហើយ​មាន​ជំនឿ ។ ប៉ុន្តែ​ការ​ឈឺ​ចាប់​របស់​ខ្ញុំ​នៅ​តែ​បន្ត​មាន ។

ព្រះ​គម្ពីរ​បង្រៀន​យើង​ថា ដោយ​សេចក្ដី​ជំនឿ យើង​អាច​ធ្វើ​ឲ្យ​មាន​អព្ភូតហេតុ​ដ៏​អស្ចារ្យ​កើត​ឡើង ( សូម​មើល ម៉ាថាយ 17:20 ) ប៉ុន្តែ​ខ្ញុំ​មិន​អាច​បាន​ធូរស្រាល​ពី​ការ​រងទុក្ខ​វេទនា​យ៉ាង​តិចតួច​នេះ​សោះ ។ តើ​អំណាច​នៃ​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​នៅ​ឯណា ? ទីបំផុត ខ្ញុំ​បាន​ទទួល​យក​ស្ថាន​ភាព​របស់​ខ្ញុំ​ដោយ​ស្ងាត់​ស្ងៀម បាន​រក​ឃើញ​វិធី​ដើម្បី​ស៊ូទ្រាំ​នឹង​ភាពមិន​សុខស្រួល​របស់​ខ្ញុំ ហើយ​បាន​ក្លាយ​ទៅជា​មាន​ចិត្ត​រីករាយ​ដើម្បី​រក្សា​ទុក​ការ​យល់​ដឹង​ដ៏​ពេញលេញ​នៃ​សេចក្ដី​ជំនឿ និង​ការ​ព្យាបាល​នា​ពេល​អនាគត ។

ជាច្រើន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​និយាយ​ជាមួយ​មិត្តភក្ដិ​ម្នាក់​ដែល​បាន​ពុះពារ​ជាមួយ​នឹង​ការ​ចង់ក្អួតចង្អោរដ៏​អាក្រក់ ដែល​បាន​បញ្ជូន​គាត់​ទៅ​មន្ទីរ​ពេទ្យជា​ច្រើន​ដង ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ជាលើក​ដំបូង​របស់​គាត់ ។ អេរិន ចង់​មាន​កូន​ម្នាក់​ទៀត ប៉ុន្តែ​គាត់​មាន​ការ​ភ័យ​ខ្លាច​ថា​គាត់​នឹង​ត្រូវ​ទ្រាំទ្រ​នឹង​ភាពមិន​សុខស្រួល​ដូច​ដែល​គាត់​បាន​ប្រឈម​ជាមួយ​នៅ​ការ​មាន​ផ្ទៃ​ពោះ​ជាលើក​ដំបូង​របស់​គាត់ ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​បាន​ធ្វើ​ការ​តមអាហារ និង​អធិស្ឋាន ហើយ​ថា​គាត់​ពិត​ជា​ជឿថា​ព្រះវរបិតា​សួគ៌​នឹង​មិន​ឲ្យ​គាត់​ជួប​នឹង​បញ្ហា​ដដែល​នៅ​លើក​ទី​ពីរ​ទេ ។

ពេល​ដែល​យើង​បាន​និយាយគ្នា ខ្ញុំ​បាន​នឹក​ឃើញ​ពី​ខគម្ពីរ​មួយ « ចូរ​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា​អញ​ជា​ព្រះ » ( ទំនុក​ដំកើង 46:10 ) ។ ខ្ញុំ​បាន​គិត​ពី​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ក្នុង​ការ​រៀន​សូត្រ​មាន​ចិត្ត​ស្ងប់នៅ​កណ្ដាល​ទុក្ខ​វេទនា ហើយ​បាន​ជម្រុញ​ឲ្យ អេរិន បន្ត​មាន​ជំនឿ ប៉ន្តែ​កុំ​ឲ្យ​អាស្រ័យលើ​ជំនឿ​នោះ​ថា គាត់​នឹង​មាន​បទពិសោធន៍​នៃ​ការ​ចង់ក្អួតចង្អោរ​ជាមួយ​នឹង​ការ​មាន​ផ្ទៃ​ពោះ​លើក​ក្រោយ​របស់​គាត់ ឬ​អត់ ។

ពេល​ដែល​ខ្ញុំ​បន្ត​សិក្សា​គោលការណ៍​នៃ​សេចក្ដី​ជំនឿ ខ្ញុំ​បាន​ត្រឡប់​ទៅ​សម្ដី​របស់​អាល់ម៉ា​លើ​សេចក្ដី​ជំនឿ ដែល​គាត់​បាន​បង្រៀន​ថា « បើសិន​ជា​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ជំនឿ នោះ​អ្នក​រាល់​គ្នា​សង្ឃឹម​ទៅ​លើ​អ្វីៗ ដែល​មើល​មិន​ឃើញ ហើយ​ដែល​ពិត » ( អាលម៉ា 32:21 ) ។

ការ​ពិចារណា​ពី​ខគម្ពីរ​នេះ ខ្ញុំ​បាន​រក​ឃើញ​ថា​សេចក្ដី​ជំនឿ មិន​មែន​ជា​អ្វី​ដូច​ដែល​ខ្ញុំ​បាន​គិត​នោះទេ ។ អាល់ម៉ា​បង្រៀន​យើង​ថា សេចក្ដី​ជំនឿ គឺ​ជា​សេចក្ដី​សង្ឃឹម​នៅ​ក្នុង​គោលការណ៍​ពិត ។ ការ​មាន​សេចក្ដី​ជំនឿ មិន​មាន​ន័យ​ថា​យើង​ជឿ​ថា​ព្រះ​វរបិតាសួគ៌​នឹង​តែង​តែ​ប្រទាន​ដល់​យើង​នូវ​អ្វី​ដែល​យើង​សុំ នៅ​ពេល​ដែល​យើង​សុំ​វា​ពី​ទ្រង់​នោះ​ទេ ។ កា​មាន​សេចក្ដី​ជំនឿ​ថា​ ព្រះ​គ្រីស្ទ​នឹង​ធ្វើឲ្យក​របស់​ខ្ញុំបាន​ជា ឬ​ថា​ទ្រង់​នឹង​ប្រទាន​ដល់ អេរិន កុំ​ឲ្យ​មាន​អាការ​ចង់​ក្អួត​ចង្អោរ​នៅ​ពេល​មាន​ផ្ទៃ​ពោះ គឺ​មិន​មែន​មាន​សេចក្ដី​ជំនឿ​នៅ​ក្នុង​គោលការណ៍​ពិត​នោះ​ទេ ។ ទោះ​ជា​យ៉ាង​ណា យើង​អាច​មាន​សេចក្ដី​ជំនឿ​ថា​ព្រះគ្រីស្ទ មាន​ព្រះ​ចេស្ដា​ដើម្បី​ប្រោស ថា​ទ្រង់​មាន​ព្រះ​ទ័យ​ទុកដាក់​ចំពោះ​យើង​ទាំង​អស់​គ្នា ថាទ្រង់​នឹង​ពង្រឹង​យើង ហើយ​ថា​បើ​យើង​ស៊ូទ្រាំ​កាន់​តែ​ខ្លាំង យើង​នឹង​មាន​ភាព​សក្តិសម​សម្រាប់​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ។

ព្រះ​អម្ចាស់​បាន​សន្យា​ថា « អ្វី​ក៏ដោយ ដែល​អ្នក​សូម​ដោយ​សេចក្ដី​ជំនឿ ដោយ​ជឿ​ថា អ្នក​នឹង បាន​ទទួល ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ អ្នក​នឹង​បាន​ទទួល​ជាមិន​ខាន​ឡើយ » ( អេណុស 1:15 ) ។ ខ្ញុំ​ជឿ​ថា​អំណាច​ក្នុង​ការ​សន្យា​នេះ ស្ថិត​នៅ​ក្នុង​ការ​ទូន្មាន​ឲ្យ​ជឿ​លើ « ព្រះនាម​នៃ​ព្រះ​អម្ចាស់ » ។ វចនា​នុក្រម​នៃព្រះ​គម្ពីរ​បរិសុទ្ធ​អំពីការ​អធិស្ឋាន​បង្រៀន​យើង​ថា « យើង​អធិស្ឋាន​នៅ​ក្នុង​ព្រះ​នាម​ព្រះ​គ្រីស្ទ ពេល​គំនិត​យើង​ជា​គំនិត​របស់​ព្រះ​គ្រីស្ទ ហើយ​សេចក្ដី​ប្រាថ្នា​យើង​ជា​សេចក្ដី​ប្រាថ្នា​របស់​ព្រះ​គ្រីស្ទ — ពេល​ព្រះ​បន្ទូល​ទ្រង់​នៅ​ជាប់​ក្នុង​យើង​រាល់​គ្នា ( យ៉ូហាន 15:7 ) ។ រួចហើយ​យើង​ទូលសុំ​នូវ​អ្វី​ៗ​ដែល​អាច​ធ្វើ​បាន​ដើម្បី​ឲ្យ​ព្រះ​អាច​ប្រទាន ។ ការអធិស្ឋាន ជា​ច្រើន​នៅ​តែ​មិន​ទាន់​ឆ្លើយ​តប​នៅ​ឡើយ ពី​ព្រោះ​អ្វី​ៗ​ទាំង​នេះ​មិន​នៅ​ក្នុង​ព្រះ​នាម​របស់​ព្រះ​គ្រីស្ទ ទាល់​តែ​សោះ វាពុំ​មែន​ជា​តំណាង​នៃ​គំនិត​របស់​ទ្រង់ ប៉ុន្តែ​ដុះ​ចេញ​មក​ពី​ចិត្ត​កំណាញ់​នៃ​ដួង​ចិត្ត​របស់​មនុស្ស » ។

ពេល​ដែល​យើង​សុំ​នៅ​ក្នុង​សេចក្ដី​ជំនឿ​សម្រាប់​អ្វី​ដែល​ស្រប​តាម​ព្រះ​ឆន្ទៈ​របស់​ព្រះ​អម្ចាស់ ទ្រង់​នឹង​ប្រទាន​ដល់​យើង​ស្រប​តាម​បំណង​ប្រាថ្នា​របស់​យើង​ដែរ ។ ព្រះ​វរបិតាសួគ៌​ទ្រង់​ស្គាល់​យើង​ម្នាក់ៗ ទ្រង់​ស្រឡាញ់​យើង ហើយ​ចង់ឲ្យយើងមានអ្វី​​គ្រប់​យ៉ាង​ដែល​ចាំបាច់​សម្រាប់​យើង​ត្រឡប់​ទៅ​កាន់​វត្តមាន​ទ្រង់ ។ ហើយ​ពេល​ខ្លះ​វា​រួម​បញ្ចូល​ទាំង​ការ​សាកល្បង រឿង​អំពល់ និង​បញ្ហា​ផ្សេងៗ​ផង ( សូមមើល ពេត្រុស​ទី 1 1:7 ) ។ ប្រសិន​បើ​ព្រះ​វរបិតាសួគ៌​បាន​ដោះលែង​យើង​ពី​បញ្ហា​ប្រឈម​ទាំង​អស់​របស់​យើង គ្រាន់តែ​ដោយសារយើង​បាន​សុំ​ដល់​ទ្រង់ នោះទ្រង់​នឹង​បដិសេធ​មិន​ទទួល​ស្គាល់​បទពិសោធន៍​ដែល​ចាំបាច់​សម្រាប់​សេចក្ដី​សង្គ្រោះ​របស់​យើង ។ យើង​ត្រូវតែ​រៀន​ដើម្បី​ទុក​ចិត្ត​លើ​ផែនការ​របស់​ព្រះ​អម្ចាស់​ដែល​មាន​សម្រាប់​យើង​រាល់​គ្នា ហើយ​ដាក់​ឆន្ទៈ​របស់​យើង​ទៅ​ក្នុង​ព្រះ​ឆន្ទៈ​របស់​ទ្រង់ ។ នៅ​ពេល​​យើង​តម្រឹម​បំណង​ប្រាថ្នា​ជាមួយ​នឹង​បំណង​ប្រាថ្នា​របស់​ទ្រង់ ហើយ​ទទួល​ស្គាល់​ការ​ពឹង​ផ្អែក​ទាំង​ស្រុង​របស់​យើង​ទៅ​លើ​ទ្រង់ នោះ​យើង​អាច​សក្ដិសម​ដើម្បី​ទទួល​បាន «​ ចុងបំផុត​នៃ​សេចក្ដី​ជំនឿ​របស់ [ យើងរាល់​គ្នា ] គឺ​ជា​សេចក្ដី​សង្គ្រោះ​ដល់​ព្រលឹង​ [ យើង ] » ( ពេត្រុស​ទី 1 1:9 ) ។