ភាពទន់ខ្សោយ មិនមែន ជាអំពើបាបនោះទេ
អ្នកនិពន្ធរស់នៅក្នុងរដ្ឋ យូថាហ៍ ស.រ.អា ។
កម្រិតសមត្ថភាព និងការខ្វះសមត្ថភាព គឺមិនមែនជាអំពើបាបទេ ហើយវាមិនឃាត់យើងពីភាពស្អាតស្អំ និងភាពសក្ដិសមនៃព្រះវិញ្ញាណនោះទេ ។
« តើខ្ញុំពិតជាមានភាពសក្ដិសម ដើម្បីចូលក្នុងនគរនៃព្រះឬទេ ? តើខ្ញុំអាចមានភាពសក្ដិសមដោយរបៀបណា បើខ្ញុំមិនល្អឥតខ្ចោះផងនោះ ?
« តើព្រះអម្ចាស់ពិតជាអាចធ្វើឲ្យភាពទន់ខ្សោយរបស់ខ្ញុំ ទៅជាភាពរឹងមាំបានមែនឬ ? ខ្ញុំបានតមអាហារ និងអធិស្ឋានជាច្រើនថ្ងៃ ដើម្បីឲ្យបញ្ហានេះត្រូវបានដកចេញពីខ្ញុំ ប៉ន្តែគ្មានអ្វីដែលហាក់ដូចជាផ្លាស់ប្ដូរសោះ » ។
« នៅក្នុងបេសកកម្ម ខ្ញុំបានរស់នៅតាមដំណឹងល្អ យ៉ាងខ្ជាប់ខ្ជួនជាងពេលណាៗទាំងអស់ក្នុងជីវិតរបស់ខ្ញុំ ប៉ុន្តែខ្ញុំមិនធ្លាប់បានដឹងពីភាពទន់ខ្សោយរបស់ខ្ញុំច្រើងជាងនេះដែរ ។ តើហេតុអ្វី បានជាពេលខ្លះខ្ញុំមានអារម្មណ៍មិនល្អ នៅពេលដែលខ្ញុំបានធ្វើទង្វើល្អ ? »
នៅពេលដែលយើងពិចារណាពីសំណួរដូចនេះ វាសំខាន់ណាស់ដើម្បីយល់ថា ខណៈពេលដែល អំពើបាប ដែលជៀសមិនរួច នាំយើងចេញឆ្ងាយពីព្រះអម្ចាស់ ផ្ទុយទៅវិញ ភាពទន់ខ្សោយអាចនាំយើងទៅរកទ្រង់ ។
បែងចែករវាងអំពើបាប និង ភាពទន់ខ្សោយ
ជាទូទៅយើងគិតពីអំពើបាប និងភាពទន់ខ្សោយគ្រាន់តែខុសគ្នាត្រង់ ទំហំឆ្នូតខ្មៅនៅលើផ្ទាំងក្រណាត់នៃព្រលឹងរបស់យើងប៉ុណ្ណោះ វាមានទម្ងន់ខុសគ្នាខ្លាំងពីការរំលង ។ ប៉ុន្តែព្រះគម្ពីរបញ្ជាក់ថា អំពើបាប និងភាពទន់ខ្សោយ គឺមានជាតិកំណើតខុសគ្នា វាតម្រូវឲ្យមានឱសថព្យាបាលខុសគ្នា និងមានសក្ដានុពលក្នុងការផលិតលទ្ធផលខុសគ្នាដែរ ។
ពួកយើងភាគច្រើន ស្គាល់អំពើបាបច្បាស់ជាងការយើងចង់ទទួលសារភាពទៀត ប៉ុន្តែសូមពិនិត្យឡើងវិញ ៖ អំពើបាបគឺជាជម្រើសក្នុងការមិនគោរពព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ ឬបះបោរប្រឆាំងនឹងពន្លឺនៃព្រះគ្រីស្ទនៅក្នុងខ្លួនរបស់យើងម្នាក់ៗ ។ អំពើបាបគឺជាជម្រើស ដើម្បីទុកចិត្តលើសាតាំងជាជាងព្រះ វាធ្វើឲ្យយើងក្លាយទៅជាមច្ឆាមិត្តជាមួយព្រះវរបិតាសួគ៌របស់យើង ។ មិនដូចពួកយើង ព្រះយេស៊ូវគ្រីស្ទទ្រង់គ្មានអំពើបាបទាល់តែសោះ ហើយទ្រង់អាចពលិកម្មជំនួសអំពើបាបរបស់យើង ។ ពេលយើងប្រែចិត្តជឿដោយស្មោះ — រួមទាំងការផ្លាស់ប្ដូរគំនិត ដួងចិត្ត និងអាកប្បកិរិយារបស់យើង ថ្វាយការសុំអភ័យទោស ឬការសារភាពដ៏សមរម្យ រៀបចំកន្លែងដែលអាច និងមិនធ្វើអំពើបាបនោះឡើងវិញនាពេលអនាគត — នោះយើងអាចទទួលបានដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ត្រូវបានអភ័យទោសឲ្យ និងបានស្អាតស្អំម្ដងទៀត ។
ការប្រែជាស្អាតស្អំ គឺសំខាន់ណាស់ ដោយសារគ្មានអ្វីដែលមិនស្អាតស្អំអាចនៅក្នុងវត្តមាននៅព្រះអម្ចាស់បានទេ ។ ប៉ុន្តែ ប្រសិនបើគោលដៅតែមួយគត់របស់យើង គឺដើម្បីគ្មានទោសកំហុសដូចជានៅពេលដែលយើងបានចាកចេញពីវត្តមាននៃព្រះ យើងនឹងគេងនៅក្នុងកូនអង្រឹងយើងយ៉ាងសុខស្រួលពេញមួយជីវិតរបស់យើង ។ ផ្ទុយទៅវិញ យើងមកលើផែនដីដើម្បីរៀនសូត្រដោយបទពិសោធន៍ ដើម្បីបែងចែកការល្អចេញពីការអាក្រក់ រីកធំធាត់នៅក្នុងប្រជ្ញា និងភាពប៉ិនប្រសប់ រស់នៅតាមតម្លៃដែលយើងយកចិត្តទុកដាក់ និងទទួលបានលក្ខណៈនៃព្រះ — ជាការរីកចម្រើនដែលយើងមិនអាចធ្វើវា ពីការនៅក្នុងបរិវេណនៃគ្រែកូនង៉ែតដ៏មានសុវត្ថិភាពរបស់យើង ។
ភាពទន់ខ្សោយរបស់មនុស្ស ដើរតួយ៉ាងសំខាន់នៅក្នុងគោលបំណងដ៏ចាំបាច់នៃជីវិតរមែងស្លាប់ ។ ពេលម៉ូរណៃព្រួយបារម្ភថា ភាពទន់ខ្សោយនៅក្នុងការសរសេររបស់លោក នឹងបណ្ដាលឲ្យពួកសាសន៍ដទៃចំអកដល់អ្វីដែលពិសិដ្ឋនោះ ព្រះអម្ចាស់បានធានាដល់លោកជាមួយនឹងពាក្យសន្យាថា ៖
« ហើយបើសិនជាមនុស្សលោកមករកយើង នោះយើងនឹងបង្ហាញដល់ពួកគេនូវភាពទន់ខ្សោយរបស់ពួកគេ ។ យើងឲ្យភាពទន់ខ្សោយទៅមនុស្ស ដើម្បីឲ្យពួកគេអាចបានរាបសា ហើយគុណរបស់យើង មានគ្រប់គ្រាន់សម្រាប់មនុស្សទាំងអស់ដែលបន្ទាបខ្លួន នៅចំពោះយើង ដ្បិតបើសិនជាពួកគេបន្ទាបខ្លួននៅចំពោះយើង ហើយមានសេចក្ដី ជំនឿជឿដល់យើង លំដាប់នោះយើងនឹងធ្វើឲ្យ អ្វីដែលទន់ខ្សោយ ក្លាយទៅជាខ្លាំងពូកែ ចំពោះពួកគេវិញ » ( អេធើរ 12:27; សូមមើលផងដែរ កូរិនថូសទី 1 15:42–44; កូរិនថូសទី 2 12:7–10; នីហ្វៃទី 2 3:21; និង យ៉ាកុប 4:7 ) ។
ការបញ្ជាក់ពីខគម្ពីរនេះ គឺចាក់ដោតយ៉ាងជ្រាលជ្រៅ ហើយអញ្ជើញយើងទាំងអស់គ្នាឲ្យញែកអំពើបាប ( ដែលលើកទឹកចិត្តដោយសាតាំង ) ចេញពីភាពទន់ខ្សោយ ( ពណ៌នានៅទីនេះជាលក្ខខណ្ឌ « ដែលបានផ្ដល់ » ដោយព្រះអម្ចាស់ ) ។
យើងអាចឲ្យនិយមន័យដល់ភាពទន់ខ្សោយថា ជាដែលកំណត់លើប្រជ្ញា អំណាច និងភាពបរិសុទ្ធដែលមានមកជាមួយនឹងមនុស្ស ។ ក្នុងនាមជាមនុស្ស យើងបានកើតមកដោយគ្មានពំនឹង និងពឹងពាក់លើគេ ជាមួយនឹងគុណវិបត្តិខាងរាងកាយ និងទំនោរចិត្ត ។ យើងត្រូវបានចិញ្ចឹមថែទាំ និងហ៊ុមព័ទ្ធទៅដោយភាពទន់ខ្សោយខាងសាច់ឈាមផ្សេងទៀត ហើយការបង្រៀន គំរូ និងការប្រព្រឹត្តិរបស់ពួកវាគឺមានភាពទន់ខ្សោយ និងការបំផ្លិចបំផ្លាញនៅពេលខ្លះ ។ នៅក្នុងស្ថានភាពទន់ខ្សោយក្នុងជីវិតរមែងស្លាប់របស់យើង យើងទទួលរងជំងឺខាងរាងកាយ និងផ្លូវចិត្ត ភាពស្រេកឃ្លាន និងការនឿយហត់ ។ យើងមានបទពិសោធន៍ពីអារម្មណ៍របស់មនុស្សដូចជា កំហឹង ទុក្ខព្រួយ និងការភ័យខ្លាច ។ យើងខ្វះប្រាជ្ញា ជំនាញ ភាពអំណត់ និងកម្លាំង ។ ហើយយើងងាយទទួលរងការល្បួងជាច្រើនប្រភេទ ។
ទោះបីជាទ្រង់គ្មានអំពើបាបក្ដី ព្រះយេស៊ូវគ្រីស្ទចូលរួមនឹងយើងរាល់គ្នាយ៉ងពេញលេញនៅក្នុងស្ថានភាពនៃភាពទន់ខ្សោយនៅក្នុងជីវិតរមែងស្លាប់នេះ ( សូមមើល កូរិនថូសទី2 13:4 ) ។ ទ្រង់បានប្រសូតមកជាព្រះឱរសដែលគ្មានពំនឹង នៅក្នុងរាងកាយរមែងស្លាប់ និងត្រូវបានចិញ្ចឹមដោយអាណាព្យាបាលដែលពុំល្អឥតខ្ចោះ ។ ទ្រង់ត្រូវរៀនពីរបៀបដើរ និយាយ ធ្វើការ និងចុះសម្រុងជាមួយអ្នកដទៃ ។ ទ្រង់ឃ្លាន និងនឿយហត់ មានអារម្មណ៍ដូចមនុស្ស ហើយអាចមានជំងឺ រងទុក្ខ ចេញឈាម និងសុគត ។ ទ្រង់បាន « ត្រូវសេចក្តីល្បួងគ្រប់យ៉ាង ដូចជាយើងរាល់គ្នាដែរ តែឥតធ្វើបាបឡើយ » ទ្រង់បានដាក់អង្គទ្រង់ក្នុងជីវិតរមែងស្លាប់ ដូច្នេះទ្រង់អាច « អាណិតអាសូរ ដល់សេចក្តីកំសោយរបស់យើងរាល់គ្នា » ហើយជួយយើងនៅក្នុង ជម្ងឺ ឬ ភាពកំសោយរបស់យើង ( ហេព្រើរ 4:15 សូមមើលផងដែរ អាលម៉ា 7:11–12 ) ។
យើងមិនអាចគ្រាន់តែប្រែចិត្តពីការចុះខ្សោយ — ឬក៏ភាពទន់ខ្សោយនោះផ្ទាល់ធ្វើឲ្យយើងមិនស្អាតស្អំនោះទេ ។ យើងមិនអាចរីកចម្រើនខាងវិញ្ញាណបានទេ លុះត្រាតែយើង បដិសេធ អំពើបាប ប៉ន្តែយើងក៏មិនរីកចម្រើនខាងវិញ្ញាណដែរ លុះត្រាតែយើង ទទួលយក ស្ថានភាពទន់ខ្សោយជាមនុស្សរបស់យើង ឆ្លើយតបនឹងវាដោយរាបសា និងសេចក្ដីជំនឿ ហើយរៀនតាមរយៈភាពទន់ខ្សោយរបស់យើង ដើម្បីទុកចិត្តលើព្រះ ។ ពេលម៉ូរណៃបារម្ភពីភាពទន់ខ្សោយក្នុងការសរសេររបស់លោក ព្រះអម្ចាស់បានប្រាប់លោកឲ្យប្រែចិត្ត ។ ព្រះអម្ចាស់បានបង្រៀនលោកឲ្យមានចិត្តរាបសា និងឲ្យមានសេចក្ដីជំនឿលើព្រះគ្រីស្ទជំនួសវិញ ។ នៅពេលដែលយើងមានចិត្តស្លូតបូត និងស្មោះត្រង់ ព្រះអម្ចាស់ប្រទានព្រះគុណ — មិនមែនជាការអភ័យទោស — ជាឱសថសម្រាប់ភាពទន់ខ្សោយទេ ។ វចនានុក្រមព្រះគម្ពីរបរិសុទ្ធ កំណត់និយមន័យព្រះគុណជា អំណាចកើតមកពីព្រះដើម្បីធ្វើអ្វី ដែលយើងមិនអាចធ្វើដោយខ្លួនឯង ( សូមមើលវចនានុក្រមព្រះគម្ពីរបរិសុទ្ធលើពាក្យ « ព្រះគុណ » ) — ឱសថព្រះសមរម្យដែលទ្រង់អាច « ធ្វើឲ្យ អ្វីដែលទន់ខ្សោយ ក្លាយទៅជាខ្លាំងពូកែ » ។
ការអនុវត្តភាពរាបសា និង សេចក្ដីជំនឿ
តាំងពីដើមមក នៅក្នុងបទពិសោធន៍សាសនាចក្ររបស់យើង យើងត្រូវបានបង្រៀនពីធាតុសំខាន់នៃការប្រែចិត្ត ប៉ុន្តែតើយើងពង្រឹងភាពរាបសា និងសេចក្ដីជំនឿដោយរបៀបណា ? សូមធ្វើការពិចារណាដូចខាងក្រោម ៖
-
ពិចារណ និង អធិស្ឋាន ។ ដោយសារតែយើងទន់ខ្សោយ យើងអាចនឹងមិនដឹងថាយើងកំពុងដោះស្រាយជាមួយនឹង អំពើបាប ( អំពាវនាវឲ្យមានការផ្លាស់ប្ដូរចិត្តជាបន្ទាន់ និងការផ្លាស់ប្ដូរ គំនិត ដួងចិត្ត និងអាកប្បកិរិយាទូទៅ ) ឬជាមួយនឹង ភាពទន់ខ្សោយ ( អំពាវនាវឲ្យមានភាពរាបសា ការខិតខំប្រកបដោយនិរន្តភាព ការរៀនសូត្រ និងការរីកចម្រើន ) ។ របៀបដែលយើងមើលរឿងទាំងនេះ អាចពឹងផ្អែកទៅលើការចិញ្ចឹមបីបាច់ និងភាពចាស់ទុំរបស់យើង ។ វាក៏អាចមានធាតុផ្សំ ទាំងអំពើបាប និងភាពទន់ខ្សោយនៅក្នុងអាកប្បកិរិយាតែមួយ ។ ការនិយាយថាអំពើបាប គឺពិតជាភាពទន់ខ្សោយ នាំឲ្យមានការដោះសារ ជំនួសឲ្យការប្រែចិត្តវិញ ។ ការនិយាយថាភាពទន់ខ្សោយ គឺជាអំពើបាប អាចបណ្ដាលឲ្យមានភាពអាម៉ាស់ ការស្ដីបន្ទោស ភាពអស់សង្ឃឹម និងបោះបង់ចោលការសន្យារបស់ព្រះ ។ ការពិចារណា និងការអធិស្ឋាន ជួយយើងឲ្យធ្វើការបែងចែកទាំងនេះ ។
-
អាទិភាព ។ ដោយសារតែយើងទន់ខ្សោយ យើងមិនអាចធ្វើការផ្លាស់ប្ដូរលើអ្វីដែលត្រូវការក្នុងពេលតែមួយបានទេ ។ នៅពេលដែលយើងតតាំងនឹងភាពទន់ខ្សោយរបស់យើងលើរឿងមួយចំនួន ដោយរាបសា និងដោយសេចក្ដីជំនឿ យើងអាចកាត់បន្ថយភាពព្រងើយកន្តើយបន្តិចម្ដងៗ ធ្វើឲ្យមានលំនាំទំលាប់ល្អ បង្កើនសុខភាព និងភាពអំណត់ខាងរាងកាយ និងខាងអារម្មណ៍ ហើយពង្រឹងទំនុកចិត្តលើព្រះអម្ចាស់ ។ ព្រះអាចជួយយើងឲ្យដឹងពីកន្លែងដែលត្រូវចាប់ផ្ដើម ។
-
ផែនការ ។ ដោយសារតែយើងទន់ខ្សោយ ការទទួលកម្លាំងកាន់តែខ្លាំងឡើង នឹងទាមទារច្រើនជាងបំណងប្រាថ្នាសុចរិត និងការលត់ដំខ្លួនជាច្រើន ។ យើងក៏ត្រូវការផែនការផងដែរ រៀនពីកំហុស អភិវឌ្ឍយុទ្ធសាស្ត្រមានប្រសិទ្ធភាពច្រើនថែមទៀត កែសម្រួលផែនការរបស់យើងឡើងវិញ ហើយព្យាយាមម្ដងទៀត ។ យើងត្រូវការជំនួយពីព្រះគម្ពីរ សៀវភៅនានាដែលទាក់ទង និងមនុស្សដទៃទៀត ។ យើងចាប់ផ្ដើមពីតូច មានអំណរក្នុងការរីកចម្រើន និងទទួលយកហានិភ័យ ( ទោះបីជាវាធ្វើឲ្យយើងមានអារម្មណ៍ថាងាយរងគ្រោះ និងទន់ខ្សោយក្ដី ) ។ យើងត្រូវការគាំទ្រ ដើម្បីជួយយើងឲ្យធ្វើការសម្រេចចិត្តដ៏ល្អ ទោះបីជាពេលដែលយើងនឿយហត់ ឬបាក់ទឹកចិត្ត ហើយមានគម្រោងត្រឡប់មកផ្លូវវិញពេលដែលយើងរអិលដួល ។
-
អនុវត្តការអត់ធ្មត់ ។ ដោយសារតែយើងទន់ខ្សោយ ការផ្លាស់ប្ដូរប្រហែលជាត្រូវការពេលខ្លះ ។ យើងមិនបោះបង់ចោលភាពទន់ខ្សោយ ដូចជាយើងបោះបង់ចោលអំពើបាបនោះទេ ។ ពួកសិស្សដ៏រាបទាបស្ម័គ្រចិត្តធ្វើអ្វីដែលបានទាមទារដល់ពួកគេ រៀនអត់ធន់ ខិតខំព្យាយាម និងមិនបោះបង់ចោលឡើយ ។ ការបន្ទាបខ្លួនជួយយើងឲ្យមានការអត់ធ្មត់ នឹងខ្លួនយើង និងជាមួយនឹងអ្នកដទៃដែលទន់ខ្សោយដែរ ។ ការអត់ធ្មត់ គឺជាការសម្ដែងចេញនូវសេចក្ដីជំនឿរបស់យើងទៅលើព្រះ ដឹងគុណសម្រាប់ទំនុកចិត្តរបស់ទ្រង់មកលើយើងរាល់គ្នា និងទុកចិត្តលើការសន្យាទាំងឡាយរបស់ទ្រង់ ។
សូម្បីតែនៅពេលដែលយើងប្រែចិត្តពីអំពើបាបរបស់យើងដោយស្មោះ ទទួលបានការអភ័យទោស និងក្លាយជាស្អាតស្អំម្ដងទៀតក្ដី ក៏យើងនៅតែទន់ខ្សោយដែរ ។ យើងនៅតែជាប្រធានបទសម្រាប់ជម្ងឺ ការរម្ជួលចិត្ត ភាពល្ងង់ខ្លៅ ភាពទំនោរចិត្ត ភាពល្ហិតល្ហៃ និងការល្បួង ។ ប៉ុន្តែ កម្រិតសមត្ថភាព និងការខ្វះសមត្ថភាពគឺមិនមែនជាអំពើបាបទេ ហើយវាមិនឃាត់យើងពីភាពស្អាតស្អំ និងភាពសក្ដិសមនៃព្រះវិញ្ញាណនោះទេ ។
ភាពទន់ខ្សោយទៅជាកម្លាំង
ខណៈពេលដែលសាតាំង ខ្នះខ្នែងប្រើភាពទន់ខ្សោយរបស់យើង ដើម្បីល្បួងយើងឲ្យប្រព្រឹត្តអំពើបាប ព្រះអាចប្រើភាពទន់ខ្សោយរបស់មនុស្ស ដើម្បីបង្រៀន ពង្រឹង និងប្រទានពរដល់យើង ។ ទោះបីជាវាផ្ទុយទៅនឹងអ្វីដែលយើងអាចរំពឹង ឬសង្ឃឹម ព្រះទ្រង់មិនតែងតែ « ធ្វើឲ្យ អ្វីដែលទន់ខ្សោយ ក្លាយទៅជាខ្លាំងពូកែ » ចំពោះយើងដោយបំបាត់ចោលភាពទន់ខ្សោយរបស់យើងនោះទេ ។ ពេលសាវកប៉ុល អធិស្ឋានអង្វរម្ដងហើយម្ដងទៀតដើម្បីឲ្យព្រះអម្ចាស់បានដកយក « បន្លាចេញពីសាច់ឈាម » ដែលសាតាំងបានប្រើដើម្បីធ្វើទារុណកម្មលោក ព្រះអម្ចាស់បានមានបន្ទូលប្រាប់សាវកប៉ុលថា « គុណរបស់អញល្មមដល់ឯងហើយ ដ្បិតកំឡាំងអញបានពេញខ្នាត ដោយសេចក្តីកំសោយ » ( កូរិនថូសទី 2 12:7, 9 ) ។
មានវិធីជាច្រើនដែលព្រះអម្ចាស់បានធ្វើឲ្យ « អ្វីដែលទន់ខ្សោយ ក្លាយទៅជាខ្លាំងពូកែ » ។ ខណៈពេលដែលទ្រង់បំបាត់ចោលភាពទន់ខ្សោយតាមរយៈ ការព្យាបាលដ៏មានប្រសិទ្ធិភាពដែលយើងសង្ឃឹមលើ នៅក្នុងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំថា ថាកម្រនឹងកើតឡើងណាស់ ។ ឧទាហរណ៍ ខ្ញុំមិនឃើញមានភស្ដុតាងណាដែលទ្រង់បានបំបាត់ចោលភាពទន់ខ្សោយរបស់ម៉ូរណៃ នៅក្នុងការសរសេរ បន្ទាប់ពីខដ៏ល្បីនៅក្នុង អេធើរ 12 ។ ព្រះអម្ចាស់ក៏អាចធ្វើឲ្យអ្វីដែលទន់ខ្សោយទៅជាខ្លាំងពូកែបាន ដោយជួយយើងកែលម្អភាពទន់ខ្សោយរបស់យើង ទទួលបានអារម្មណ៍លេងសើចសមរម្យ ឬទស្សនវិស័យអំពីវា ហើយធ្វើឲ្យវាប្រសើរឡើងជាលំដាប់តាមពេលវេលា ។ ហើយជារឿយៗ កម្លាំង និងភាពទន់ខ្សោយពាក់ព័ន្ធគ្នា ( ដូចជាកម្លាំងនៃការតស៊ូ និងភាពទន់ខ្សោយនៃភាពចចេស ) ហើយយើងអាចរៀនដើម្បីឲ្យតម្លៃដល់កម្លាំង និងបន្ថយភាពទន់ខ្សោយដែលនៅជាមួយវា ។
មានវិធីមួយទៀតដែលកាន់តែមានអនុភាព ដែលព្រះអម្ចាស់ធ្វើឲ្យអ្វីដែលទន់ខ្សោយ ក្លាយទៅជាខ្លាំងពូកែមកដល់យើង ។ ព្រះអម្ចាស់ មានបន្ទូលទៅម៉ូរណៃនៅក្នុង អេធើរ 12:37 ថា « ពីព្រោះអ្នកបានឃើញភាពទន់ខ្សោយរបស់ខ្លួន នោះអ្នកនឹងត្រូវបានធ្វើឲ្យខ្លាំងពូកែ រហូតដល់បានអង្គុយឯទីកន្លែង ដែលយើងបានរៀបចំទុក នៅក្នុងវិមានទាំងឡាយនៃព្រះវរបិតារបស់យើង » ។
ត្រង់នេះ ព្រះទ្រង់មិនបានផ្ដល់ជូននូវការផ្លាស់ប្ដូរភាពទន់ខ្សោយរបស់ម៉ូរណៃទេ តែដើម្បីផ្លាស់ប្ដូរម៉ូរណៃវិញ ។ ដោយដោះស្រាយបញ្ហានៃភាពទន់ខ្សោយរបស់មនុស្ស ម៉ូរណៃ — និងយើងរាល់គ្នា — អាចរៀនពីសប្បុរសធម៌ មេត្តាធម៌ ភាពស្លូតបូត ភាពអត់ធ្មត់ ភាពក្លាហាន ការអត់ធ្មត់ ប្រាជ្ញា កម្លាំង ការអភ័យទោស ការអត់ធន់ ការដឹងគុណ ការច្នៃប្រឌិត និងគុណធម៌ឥតគណនាដទៃទៀត ដែលធ្វើឲ្យយើងកាន់តែដូចព្រះវរបិតាសួគ៌ ។ ទាំងនេះគឺជាគុណសម្បត្តិ ដែលយើងមកកាន់ផែនដីដើម្បីបណ្ដុះបណ្ដាល គុណលក្ខណៈទាំងឡាយដែលដូចជាព្រះគ្រីស្ទដែលរៀបចំយើងសម្រាប់វិមានទាំងឡាយនៅខាងលើ ។
គ្មានកន្លែងណាដែលសេចក្ដីស្រឡាញ់ ប្រាជ្ញា និងអំណាចប្រោសលោះរបស់ព្រះ ដែលពិតជាក់ស្តែងច្រើនជាងព្រះសមត្ថភាពរបស់ទ្រង់ដើម្បីប្រែការតស៊ូរបស់យើងជាមួយនឹងភាពទន់ខ្សោយរបស់មនុស្ស ឲ្យទៅជាគុណធម៌ និងកម្លាំងដ៏មានតម្លៃរបស់ព្រះ ដែលធ្វើឲ្យយើងកាន់តែដូចទ្រង់នោះទេ ។