២០១៥
យើង​ត្រូវ​តែ​ទៅ​ព្រះវិហារ​បរិសុទ្ធ​ឥឡូវ​នេះ​!
April 2015


យើង​ត្រូវ​តែ​ទៅ​ព្រះវិហារ​បរិសុទ្ធ​ឥឡូវ​នេះ !

ម៉ារី ហូមស៍ អេវិន រដ្ឋកាលីហ្វ័រញ៉ា ស.រ.អា

drawing of elderly woman sitting and talking to another woman

រចនា​ដោយ ប្រេដលី អេជ ខ្លាក

នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​មួយ សមាជិក​ដែល​ទើប​បាន​ជ្រមុជ​ទឹក​ម្នាក់ ត្រូវ​បាន​ណែនាំ​ឲ្យ​ស្គាល់​នៅ​ក្នុង​វួដ ។ ឈ្មោះ​របស់​គាត់​គឺ លីឌៀ ។ គាត់​បានយក​ឈ្នះ​លើ​ដួង​ចិត្ត​យើង​មួយ​រំពេច ។

លីឌៀ ជា​ស្ត្រី​ចំណាស់ ហើយ​ពិការ​ភ្នែក ពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ជា​ច្រើន​ឆ្នាំ ។ គាត់​បាន​ស្គាល់​សមាជិក​ក្នុង​វួដ​នេះ​យ៉ាង​រហ័ស ដោយ​សម្លេង និង​សម្រឹប​ជើង​របស់​ពួក​គេ ។ គាត់​នឹងហៅ​ឈ្មោះ​របស់​យើង និង​ចាប់​អង្រួន​ដៃ​យើង ហើយ​យើង​មិន​ដែលគិត​​ថា​គាត់​ពិការ​ភ្នែក​នោះ​ទេ ។

បន្ទាប់​ពីការ​តម្រូវ​ឲ្យ​រង់​ចាំ​មួយ​ឆ្នាំ​បាន​ផុត​ទៅ នោះលីឌៀ​បាន​ជួប​ជាមួយ​នឹង​ប៊ីស្សព និង​ប្រធាន​ស្តេក ដើម្បី​ទទួល​យក​ប័ណ្ឌ​ចូល​ព្រះ​វិហារ​បរិសុទ្ធ​របស់​គាត់ ។ នៅ​ក្នុង​ថ្នាក់​ស្រ្តី​នា​ថ្ងៃ អាទិត្យ​មួយគាត់​បាន​ទាញ​ខ្ញុំ​ចុះ​ទៅ​ជិត​គាត់ ហើយ​ប្រាប់​ថា « ប្រធាន​ស្តេក​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ត្រូវ​តែ​ទៅ​ព្រះ​វិហារ​បរិសុទ្ធ​ឲ្យ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ តើ​អ្នក​នាំ​ខ្ញុំ​ទៅ​បាន​ទេ ? »

វា​ជា​សប្ដាហ៍​ដំបូង​នៃ​ខែ​ធ្នូ — ជា​ពេល​វេលា​ដ៏​មមាញឹក​សម្រាប់​ពួក​យើង​រាល់​គ្នា ។ ខ្ញុំ​បាន​ព្យាយាម​ដោះ​សារ​ដូច​សព្វមួយ​ដង​ថា « តើ​យើង​មិន​អាច​ចាំ​ដល់​ខែ​មករា​ទេ​ឬ​អី ? »

« ទេ យើង​ត្រូវ​ទៅ​ឥឡូវ​នេះ ! »

ស្ត្រី​មួយ​ក្រុម​ពី​វួដ​នេះ បាន​ទៅ​ព្រះ​វិហារ​បរិសុទ្ធ​ជារៀង​រាល់​ខែ ដូច្នេះ​ខ្ញុំ​បាន​ទៅ​ស៊ើបសួរពួក​គេ​អំពី​ការ​ធ្វើ​ដំណើរ​ទៅ​ព្រះ​វិហារ​បរិសុទ្ធ​ជាមួយ​នឹង​លីឌៀ ។ ពួក​គេ​រវល់​ខ្លាំង​ណាស់ ។ ប៉ុន្តែ ដោយ​ទឹកភ្នែក​នៅ​ក្នុង​ភ្នែក​គាត់ លីឌៀ​បាន​ប្រាប់​យើង​ម្ដង​ទៀត​ថា ប្រធាន​ស្ដេក​បាន​ប្រាប់​គាត់​ឲ្យ​ទៅ​ព្រះ​វិហារបរិសុទ្ធឲ្យ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

នៅ​ចំណុច​នោះ យើង​បាន​យល់​ព្រមដើម្បី​ធ្វើ​ដំណើរ​ចម្ងាយ 241 គ. ម. នៅ​សប្ដាហ៍​បន្ទាប់ ។ នៅក្នុង​ការ​ធ្វើដំណើរនោះ ឡាន​របស់​យើង​បានពេញ​ទៅដោយ​ការ​ជជែក​គ្នា និង​មិត្តភាព​របស់​ស្រ្តី​ទាំង​ប្រាំបី​នាក់ ។ លីឌៀ​ពោរពេញ​ទៅ​ដោយ​ភាព​រីករាយ តាមរយៈ​បទពិសោធន៍ពី​ការ​ទៅ​ព្រះ​វិហារ​បរិសុទ្ធ​របស់​គាត់ និង​ពរជ័យ​នៃ​ការ​ទទួល​អំណោយ​ទាន​ពិសិដ្ឋ​របស់​គាត់ ។

នៅ​សប្ដាហ៍​ទីមួយ​នៃ​ខែ មករា ស្ថាន​ភាព​របស់​លីឌឿ​បាន​ដុនដាប​ឡើង ហើយ​គាត់​បាន​ចូល​មន្ទីរ​ពេទ្យ​សម្រាប់ការ​សង្គ្រោះ​បន្ទាន់ ។ មួយ​សប្ដាហ៍​ក្រោយ​មក គាត់​បាន​ទទួល​មរណភាព ។ ប៉ុន្តែ លីឌៀ​នាំ​ទៅ​ជាមួយ​ខ្លួននូវ​ពរជ័យ​ដ៏​អស់​កល្ប ដែល​គាត់​បាន​ទទួល​នៅ​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ ។

ក្រោយ​មក ខ្ញុំ​បាន​ប្រាប់ដល់​ប្រធាន​ស្ដេក​អំពី​រឿងនៃ​ដំណើរ​ទៅ​ព្រះ​វិហារ​បរិសុទ្ធ​របស់​យើង ហើយ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​ចាប់​អារម្មណ៍​ជាខ្លាំងចំពោះ​ការ​បំផុស​គំនិត​ដែល​គាត់​បាន​ទទួល ក្នុង​ការ​ប្រាប់​លីឌឿ​ឲ្យ​ត្រូវ​ទៅ​ព្រះ​វិហារ​បរិសុទ្ធ​ជា​បន្ទាន់ ។

គាត់​បាន​ឆ្លើយថា « ខ្ញុំ​ពិត​ជា​មិនមាន​ន័យ​ថា គាត់​ត្រូវ​ទៅ​ឥឡូវ​នេះ​ទេ » ។ « ខ្ញុំ​តែង​តែ​ប្រាប់​អ្នកដែល​កាន់​ប័ណ្ឌ​ចូល​ព្រះ​វិហារ​បរិសុទ្ធ​ថ្មី​ឲ្យ​ឆាប់​ទៅ​ព្រះ​វិហារ​បរិសុទ្ធ ។ ព្រះវិញ្ញាណ​បានមាន​ព្រះ​បន្ទូល​ទៅកាន់​លីឌៀ មិន​មែនជា​ខ្ញុំ​ទេ ! »

លីឌៀ​បាន​បង្រៀន​យើងទាំង​អស់​ឲ្យ​ស្ដាប់​តាម​ព្រះ​វិញ្ញាណ ហើយ​ធ្វើ​តាម​ការ​បំផុស​គំនិត​នោះ​ភ្លាម ។ ខ្ញុំ​មាន​អំណរ​គុណ​ចំពោះ​ការ​រំឭក​របស់​គាត់ ដើម្បី​ស្ដាប់​តាម​សម្លេង​តូច​រហៀង ។