ស្ពានចម្លងទៅកាន់ សេចក្តីសង្ឃឹម និង ការព្យាបាល
ដោយមានជំនួយសមស្រប នោះជនរងគ្រោះដោយការរំលោភបំពានផ្លូវភេទ អាចរកឃើញការព្យាការដែលពួកគេចង់បានយ៉ាងខ្លាំង ។
ចូរស្រមៃថា អ្នកកំពុងឈរនៅគែមចំណោតភ្នំមួយ ហើយអ្នកចង់ឆ្លងទៅត្រើយម្ខាងទៀតនៃជ្រលងភ្នំដ៏ជ្រៅនោះ ជាទីកន្លែងដែលគេប្រាប់អ្នកថា សុភមង្គលដ៏មហិមាកំពុងទន្ទឹងរង់ចាំអ្នកនៅទីនោះ ។ នៅពេលអ្នកស្វែងរកផ្លូវដើម្បីដើរឆ្លង នោះអ្នកបានជួបនឹងសម្ភារមួយគំនរ ដែលនឹងបង្កើតបានជាស្ពានមួយដើម្បីឆ្លងទៅជ្រលងភ្នំម្ខាងទៀត ប្រសិនបើអ្នកផ្គុំសម្ភារនោះរួមគ្នាឲ្យបានត្រឹមត្រូវនោះ ។
ប្រសិនបើអ្នកពុំដឹងអំពីរបៀបសាងសង់ស្ពានទេនោះ សម្ភារទាំងនោះនឹងគ្មានប្រយោជន៍ ហើយអ្នកនឹងមានអារម្មណ៍ថាស្មុគស្មាញ ហើយអស់សង្ឃឹម ។ ប៉ុន្តែប្រសិនបើអ្នកទទួលជំនួយពីនរណាម្នាក់ ដែលមានបទពិសោធន៍ក្នុងការសាងសង់ស្ពាន នោះចំណេះដឹង និង ការយល់ដឹងរបស់អ្នក អាចកើនឡើង ហើយទាំងចំណេះដឹង និង ការយល់ដឹងរបស់អ្នកនឹងធ្វើឲ្យការសាងសង់ស្ពាននោះបានសម្រេច ។
អស់រយៈពេលជាង ១៨ ឆ្នាំ កន្លងមកនេះ ការងាររបស់ខ្ញុំគឺត្រូវផ្តល់ជាឧបករណ៍ និង ការណែនាំ ដើម្បីជួយមនុស្សឲ្យឆ្លងផុតឈូងសមុទ្រនៃការរងទុក្ខខាងសតិអារម្មណ៍ ឬ ផ្លូវចិត្ត ។ ក្នុងចំណោមអតិថិជនទាំងអស់ដែលខ្ញុំបានផ្តល់ការប្រឹក្សា គ្មានអតិថិជនណាដែលមានរបួសផ្លូវចិត្តធ្ងន់ធ្ងរជាងជនរងគ្រោះដោយការរំលោភបំពានផ្លូវភេទឡើយ ។ ខ្ញុំបានឃើញពីផលប៉ះពាល់ដ៏ខ្លាំងដែលបញ្ហានេះជះឥទ្ធិពលលើសមត្ថភាពរបស់បុគ្គលទាំងនោះ ដើម្បីឲ្យពួកគេកាន់ខ្ជាប់ឲ្យបានល្អដរាបដល់ចុងបំផុត ។
ប៉ុន្តែខ្ញុំក៏បានដឹងយ៉ាងច្បាស់ថា ការធូរស្បើយដ៏យូរអង្វែងពីការពុះពារ និង ការរងទុក្ខរបស់យើងគឺអាចធ្វើទៅបានតាមរយៈព្រះអង្គសង្គ្រោះរបស់ពួកយើង ។ សេចក្តីស្រឡាញ់របស់ទ្រង់ លើកស្ទួយមនុស្សឲ្យចេញពីភាពងងឹតទៅរកពន្លឺ ។
ហេតុអ្វីការរំលោភបំពានផ្លូវភេទបណ្តាលឲ្យមានគ្រោះថ្នាក់ខ្លាំងបែបនេះ ?
ជនរងគ្រោះដោយការរំលោភបំពានប្រាប់ខ្ញុំអំពីជីវិតមួយដែលពោរពេញដោយការបាក់ទឹកចិត្ត មានមន្ទិលសង្ស័យចំពោះខ្លួនឯង និង ការឈឺចាប់ខាងផ្លូវអារម្មណ៍យ៉ាងធ្ងន់ធ្ងរជាច្រើន ។ ប្រធាន គរដុន ប៊ី ហ៊ីងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) បានជួយយើងឲ្យយល់ពីមូលហេតុដែលការរំលោភបំពានផ្លូវភេទបណ្តាលឲ្យមានគ្រោះថ្នាក់ខ្លាំងបែបនេះ ៖
« មានការប្រព្រឹត្តការរំលោភបំពានផ្លូវភេទដ៏អាក្រក់ កាចសាហាវ ។ វាពិបាកនឹងយល់ខ្លាំងណាស់ ។ វាជាការប្រមាថដល់ភាពថ្លៃថ្នូរដែលគួរតែមាននៅក្នុងខ្លួនបុរស និង ស្ត្រីគ្រប់រូប ។ វាគឺជា ការរំលោភបំពានមួយទៅលើអ្វីដែលពិសិដ្ឋ និង ទៅលើព្រះ ។ វាគឺជាបំផ្លិចបំផ្លាញនៅក្នុងជីវិតរបស់ក្មេងៗ ។ វាគួរតែត្រូវដាក់ទោស ហើយ សមនឹងការកាត់ទោសឲ្យធ្ងន់ធ្ងរបំផុត ។
« វាគឺជាការអាម៉ាស់ដល់បុរស ឬ ស្ត្រីណាដែលនឹងប្រព្រឹត្តការរំលោភបំពានផ្លូវភេទលើកុមារ ។ ការធ្វើបែបនោះ អ្នកប្រព្រឹត្តការរំលោភបំពានមិនត្រឹមតែ ធ្វើឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរប៉ុណ្ណោះទេ ។ ពួកគេថែមទាំងត្រូវឈរដើម្បីទទួលការកាត់ទោសនៅចំពោះមុខព្រះអម្ចាស់ផងដែរ » ។១
អំណាចនៃការបង្កើតកូន ជាអំណាចដ៏ពិសិដ្ឋ និង មកពីព្រះ ដែលព្រះវរបិតាគង់នៅស្ថានសួគ៌របស់យើង បានប្រទានដល់កូនចៅរបស់ទ្រង់ ។ អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនថា ៖ « អំណាចនៃការបង្កើតកូនគឺជាអំណាចសំខាន់ខាងវិញ្ញាណ ។… ព្រះវរបិតាសួគ៌របស់យើង និងព្រះរាជបុត្រាសំណព្វរបស់ទ្រង់ គឺជាអង្គបង្កបង្កើត ហើយបានទុកព្រះទ័យលើយើងម្នាក់ៗឲ្យមានចំណែកមួយនូវអំណាចនៃការបង្កបង្កើតរបស់ទ្រង់នេះ » ។២ ដូច្នោះហើយ វាមិនគួរឲ្យភ្ញាក់ផ្អើលឡើយថា ការរំលោភបំពានទៅលើអំណាចដ៏ពិសិដ្ឋនេះគឺ « សមនឹងការកាត់ទោសឲ្យធ្ងន់ធ្ងរបំផុត » ហើយបណ្តាលឲ្យមាន « គ្រោះថ្នាក់ធ្ងន់ធ្ងរ » ។
ការយល់ដឹងអំពីការឈឺចាប់
ការរំលោភ បំពានផ្លូវភេទគឺជាទំនាក់ទំនងគ្មានការយល់ព្រមពីបុគ្គលម្ខាងទៀត គឺពាក់ព័ន្ធនឹងឥរិយាបថរបស់មនុស្សម្នាក់ បានប្រើដោយប៉ះពាល់ ឬ មិនប៉ះពាល់ទៅលើបុគ្គលផ្សេងទៀត ក្នុងគោលបំណងចំអែតអារម្មណ៍ផ្លូវភេទ ។ ជារឿយៗ ជនរងគ្រោះដោយការរំលោភបំពានផ្លូវភេទមានការគិតច្របូកច្របល់ និង មានអារម្មណ៍ថាពុំសក្តិសម និង អាម៉ាស់ ដែលវាមានទំហំធំធេងមិនអាចទ្រាំបាន ។ ជារឿយៗ ការឈឺចាប់ និង ការរងទុក្ខដែលជនរងគ្រោះទាំងនោះបានជួប គឺកើនឡើងដោយសារការនិយាយដែលកើតមកពីការមិនយល់អំពីការរំលោភបំពានខាងផ្លូវភេទ និង ផលប៉ះពាល់របស់វា ។ ជនរងគ្រោះមួយចំនួនត្រូវបានគេមួលបង្កាច់ដោយចោទប្រកាន់ ឬ មានគេប្រាប់ពួកគេថា ការរំលោភបំពាននោះគឺជាកំហុសរបស់ពួកគេ ។ ជនរងគ្រោះមួយចំនួនទៀត ត្រូវបានដឹកនាំដោយការជឿខុសឆ្គងថា ពួកគេត្រូវតែប្រែចិត្ត ព្រោះពួកគេមានអំពើបាបដោយសារការបណ្តោយខ្លួនឲ្យក្លាយជាជនរងគ្រោះ ។
អតិថិជនជាច្រើនដែលខ្ញុំបានធ្វើការជាមួយដែលរងនូវការរំលោភបំពានផ្លូវភេទកាលនៅកុមារភាព ឬ ក្នុងយុវវ័យរបស់ពួកគេ ត្រូវបានគេប្រាប់ថា « ចូរយកឈ្នះលើវាទៅ » « ចូរបំភ្លេចរឿងនោះចោលទៅ » ឬ « ចូរអភ័យទោស ហើយបំភ្លេចវាចោលទៅ » ។ ការថ្លែងបែបនោះ—ជាពិសេសគឺ មកពីមិត្តភក្តិស្និទ្ធស្នាល សមាជិកគ្រួសារ ឬ ថ្នាក់ដឹកនាំសាសនាចក្រ—អាចធ្វើឲ្យជនរងគ្រោះកាន់តែលាក់អាថ៌កំបាំង ហើយមានភាពអាម៉ាស់ ជាជាងទទួលបានការព្យាបាល និង ភាពសុខសាន្តទៅវិញ ។ ស្រដៀងគ្នាទៅនឹងដំបៅ ឬ ការក្លាយរោគធ្ងន់ធ្ងរដែរ ដំបៅផ្លូវចិត្តទាំងនេះពុំអាចបានជាសះស្បើយឡើយ ប្រសិនបើយើងព្រងើយកន្តើយនឹងវា ។ ផ្ទុយទៅវិញ ភាពច្របូកច្របល់ដែលចាប់ផ្តើមមាន អំឡុងពេលនៃការរំលោភបំពានកើនឡើង ហើយរួមជាមួយនឹងការឈឺចាប់ខាងផ្លូវចិត្តកើតឡើង នោះគំនិតរបស់បុគ្គលនោះអាចមានការប្រែប្រួល ហើយទីបំផុតនាំទៅរកឥរិយាបថដែលគ្រោះថ្នាក់ ។ វាជារឿងធម្មតាទេដែលជនរងគ្រោះដោយការរំលោភបំពាន ពុំដឹងថាអ្វីដែលបានកើតឡើងចំពោះពួកគេគឺជារឿងខុសច្បាប់ ផងដែរពួកគេអាចនៅតែកើតមាននូវឥរិយាបថដែលគ្រោះថ្នាក់ និង ពេញដោយការឈឺចាប់ផ្នែកសតិអារម្មណ៍ ។
ហាន់ណា ( ឈ្មោះត្រូវបានផ្លាស់ប្ដូរ ) បានជួបនូវការរំលោភបំពានផ្លូវភេទតាំងពីកុមារភាពរបស់គាត់ ។ ដូចជាជនរងគ្រោះដទៃទៀតដែរ គាត់បានកើតមានអារម្មណ៍ថា គាត់ជាមនុស្សអាក្រក់ដែលគ្មានភាពសក្តិសម ។ គាត់បានចំណាយពេលវេលានៃជីវិតគាត់ស្ទើរតែទាំងស្រុង ក្នុងការព្យាយាមបម្រើអ្នកដទៃ ដើម្បីប៉ះប៉ូវនូវអារម្មណ៍ដែលគាត់មានថាគាត់ពុំ « ល្អគ្រប់គ្រាន់ » ដើម្បីឲ្យព្រះវរបិតាសួគ៌ ឬ មនុស្សផ្សេងទៀតស្រឡាញ់គាត់ ។ នៅក្នុងការរស់នៅរបស់គាត់ គាត់ភ័យខ្លាចថា ប្រសិនបើមាននរណាម្នាក់ស្គាល់គាត់ច្បាស់ ពួកគេនឹងគិតថាគាត់ជាមនុស្សអាក្រក់ ដូចគាត់ជឿថាខ្លួនជាមនុស្សបែបនោះមែន ។ គាត់ជួបនូវការភ័យខ្លាចយ៉ាងខ្លាំងថា គេបដិសេធរូបគាត់ ដែលនាំឲ្យគាត់ខ្លាចមិនហ៊ានសាកល្បងអ្វីដែលថ្មីៗនៅក្នុងជីវិតគាត់ ឬ ធ្វើកិច្ចការសាមញ្ញៗដូចជាទូរសព្ទទៅមនុស្សណាម្នាក់ឡើយ ។ គាត់មានពរដោយមានទេពកោសល្យផ្នែកសិល្បៈ ប៉ុន្តែគាត់បានបោះបង់វាចោល ដោយសារការភ័យខ្លាច ព្រោះពុំអាចស៊ូទ្រាំនឹងការរិះគន់បាន ។
អស់រយៈពេលជាង ៥០ ឆ្នាំ ហើយអារម្មណ៍នៃការគ្មានជំនួយ គ្មានអំណាច ការភ័យខ្លាច កំហឹង ភាពច្របូកច្របល់ ក្តីអាម៉ាស់ ភាពឯកោ និង ការនៅដាច់ពីសង្គម បានដឹកនាំការសម្រេចចិត្តប្រចាំថ្ងៃរបស់គាត់ ។
ការជំនួសនូវការឈឺចាប់ដោយភាពសុខសាន្ត
ព្រះអង្គសង្គ្រោះបានរង « ការឈឺចាប់ និង ទុក្ខវេទនា និង ការល្បួងគ្រប់បែបយ៉ាង » ។ ទ្រង់ធ្វើយ៉ាងនេះ ដើម្បីទ្រង់អាច « ដឹងស្របតាមសាច់ឈាមថា តើត្រូវជួយរាស្ត្រទ្រង់បែបណា » ( អាលម៉ា ៧:១១–១២ ) ។ ការរងទុក្ខរបស់ទ្រង់គឺមិនគ្រាន់តែសម្រាប់អំពើបាបរបស់យើងប៉ុណ្ណោះទេ វាថែមទាំងសម្រាប់ការព្យាបាលយើង ពេលអំពើបាបរបស់មនុស្សផ្សេងទៀត ធ្វើឲ្យយើងរងទុក្ខ ។
ប្រសិនបើទ្រង់គង់នៅទីនេះថ្ងៃនេះ ខ្ញុំគិតថា ព្រះអង្គសង្គ្រោះនឹងព្រះកន្សែង ហើយប្រសិទ្ធពរដល់អស់អ្នកដែលត្រូវគេរំលោភបំពានផ្លូវភេទ ដូចទ្រង់បានព្រះកន្សែង និង ប្រសិទ្ធពរដល់ពួកសាសន៍នីហ្វៃផងដែរ ( សូមមើល នីហ្វៃទី ៣ ១៧ ) ។ ទោះបីជាព្រះកាយទ្រង់ពុំគង់នៅទីនេះក្តី តែវិញ្ញាណរបស់ទ្រង់អាចគង់នៅជាមួយពួកយើង ហើយទ្រង់បានផ្តល់មធ្យោបាយមួយឲ្យយើងបានជាសះស្បើយ ដើម្បីទទួលបានអារម្មណ៍សុខសាន្ត និង ដើម្បីអភ័យទោស ។
សម្រាប់មនុស្សជាច្រើនដែលមានការឈឺចាប់ គំនិតដែលថា ការឈឺចាប់ដែលពួកគេមានអាចជំនួសដោយភាពសុខសាន្តបាននោះ គឺជារឿងមួយដែលពុំគួរឲ្យជឿឡើយ ។ ជារឿយៗ ការឈឺចាប់មកពីការរំលោភបំពានបានរលាយបាត់អស់ក្នុងរយៈពេលជាច្រើនឆ្នាំ ដោយគ្មានការកត់សម្គាល់ និង ដឹងឮពីមនុស្សដទៃឡើយ ។ ការឈឺចាប់នេះត្រូវបានលាក់កំបាំងដោយស្នាមញញឹម មានឆន្ទៈជួយមនុស្សដទៃ ហើយរស់នៅក្នុងជីវិតមួយដោយគិតថាគ្មានរឿងអាក្រក់នោះបានកើតឡើងឡើយ ប៉ុន្តែការឈឺចាប់នោះនៅតែបន្តកើតមាន ។
ចូរប្រៀបធៀបដំណើរការនៃការព្យាបាលផ្នែកផ្លូវចិត្តជាមួយនឹងការថែទាំ និង ការព្យាបាលរបួសខាងរាងកាយ ។ ឧបមាថា កាលនៅក្មេងអ្នកបានបាក់ជើង ។ ដោយពុំបានទៅជួបវេជ្ជបណ្ឌិតដើម្បីដាក់ឆ្អឹងជើងនោះឲ្យបានត្រូវគ្នាវិញ អ្នកបានស៊ូទ្រាំដើរដោយការឈឺចាប់ រហូតទាល់តែការឈឺចាប់ដ៏ខ្លាំងនោះបានរសាយបាត់ទៅ ប៉ុន្តែវានៅមានការឈឺតិចតួចនៅគ្រប់ជំហានដែលអ្នកដើរជានិច្ច ។ អស់ជាច្រើនឆ្នាំក្រោយមក អ្នកចង់ឲ្យការឈឺចាប់នោះរលាយបាត់អស់ ដូច្នោះអ្នកបានទៅជួបវេជ្ជបណ្ឌិត ។ វេជ្ជបណ្ឌិតត្រូវធ្វើការដាក់បញ្ជូលឆ្អឹងជើងនោះសារជាថ្មី ជាយកចេញនូវកោសិកាដែលបានដុះគ្មានសណ្តាប់ធ្នាប់នោះ អបឆ្អឹង ហើយបញ្ជូនអ្នកឲ្យទៅព្យាបាលជាមួយពេទ្យចលនាដើម្បីធ្វើឲ្យឆ្អឹងអ្នករឹងមាំវិញ ។
ដំណើរការនៃការព្យាបាលពីការរំលោភបំពានគឺស្រដៀងនឹងដំណើរការព្យាបាលនោះដែរ ដំបូងជនរងគ្រោះត្រូវទទួលស្គាល់ថាការឈឺចាប់នោះមានពិតប្រាកដ ហើយមានអ្វីមួយដែលអាចបំបាត់ការឈឺចាប់នោះបាន ។ ដំណើរការនោះរួមមានទាំងការទទួលស្គាល់អំពីអ្វីដែលបានកើតឡើង ហើយឲ្យមនុស្សដទៃយល់ ទទួលស្គាល់ និង ឃើញពីអារម្មណ៍ដែលមានការឈឺចាប់ ភ័យខ្លាច និង សោកសៅនោះ ។ ជារឿយៗ វាមានប្រយោជន៍ក្នុងការជួបជាមួយអ្នកមានវិជ្ជាជីវៈដែលមានបទពិសោធន៍នៅក្នុងដំណើរការព្យាបាលនេះ ។ ( សូមសួរថ្នាក់ដឹកនាំបព្វជិតភាពរបស់អ្នក ដើម្បីដឹងថា តើសេវាកម្មគ្រួសារអិល. ឌី. អេស.មាននៅក្នុងតំបន់របស់អ្នកដែរឬទេ ) ។
ទោះបីជាជនរងគ្រោះបាន ឬ ពុំបានទទួលជំនួយពីអ្នកមានវិជ្ជាជីវៈនេះក្តី វិធីល្អបំផុតគឺអធិស្ឋាន រៀនពីជីវិតរបស់ព្រះអង្គសង្គ្រោះ និង ដង្វាយធួនរបស់ទ្រង់ ហើយជួបជាមួយថ្នាក់ដឹកនាំបព្វជិតភាពជាទៀងទាត់ ។ ទ្រង់អាចជួយសម្រាលបន្ទុក ហើយទទួលការបំផុសគំនិត ដើម្បីជួយជនរងគ្រោះឲ្យយល់អំពីតម្លៃ និង ទំនាក់ទំនងនៃភាពជាព្រះរបស់ពួកគេ ជាមួយនឹងព្រះវរបិតាគង់នៅស្ថានសួគ៌ និង ព្រះអង្គសង្គ្រោះ ។ ដូចបងស្រី ខារ៉ូល អិម ស្ទីហ្វិនស៍ ជាទីប្រឹក្សាទីមួយនៅក្នុងគណៈប្រធានសមាគមសង្គ្រោះទូទៅ បានបង្រៀនយើងក្នុងពេលថ្មីៗនេះថា ៖ « ការព្យាបាលអាចជាដំណើរការមួយយូរអង្វែង ។ វានឹងតម្រូវឲ្យអ្នកស្វែងរកការណែនាំ និង ជំនួយសមស្របដោយការអធិស្ឋាន រួមទាំងការប្រឹក្សាជាមួយអ្នកកាន់បព្វជិតភាពដែលបានតែងតាំងត្រឹមត្រូវ ។ នៅពេលអ្នករៀននិយាយដោយបើកចំហរ ចូរដាក់ដែនកំណត់សមស្រប ហើយអាចស្វែងរកការប្រឹក្សាពីអ្នកមានវិជ្ជជីវៈ ។ ការថែទាំសុខភាពខាងវិញ្ញាណពេញមួយដំណើរការនោះគឺជារឿងចាំបាច់ ! » ។៣
ចំពោះ ហាន់ណា ជីវិតរបស់គាត់បានប្រែជាពុំងាយស្រួល នោះគាត់បានស្វែងរកជំនួយ ។ គាត់បានដឹងតាមរយៈទីបន្ទាល់របស់ខ្លួនថា គាត់អាចមានភាពសុខសាន្ត និង ការសប្បាយនៅក្នុងជីវិតគាត់ ប៉ុន្តែគាត់ពុំទទួលបានអារម្មណ៍ជាប់ជានិច្ចនោះទេ ។ តាមរយៈការអធិស្ឋាន និង និយាយជាមួយប៊ីស្សព គាត់ត្រូវបានដឹកនាំឲ្យទទួលការប្រឹក្សា ជាវិធីមួយដែលគាត់អាចទទួលបានមធ្យោបាយ ដែលគាត់ត្រូវការដើម្បីនាំសេចក្តីពិតចេញពីទីងងឹត ហើយចែកចាយពីបន្ទុកដ៏ធ្ងន់ធ្ងរដែលគាត់បានរែកពន់តែម្នាក់ឯងនោះ ។ ដោយធ្វើបែបនោះ គាត់អាចរំសាយក្តីឈឺចាប់ ហើយជួបនូវភាពសុខសាន្តដែលព្រះអង្គសង្គ្រោះបានសន្យា ( សូមមើល យ៉ូហាន ១៤:២៧ ) ។ បំណងប្រាថ្នា និង លទ្ធភាពដើម្បីអភ័យទោសនឹងកើតឡើងតាមរយៈភាពសុខសាន្ត និង ការលួងលោមនេះ ។
តម្រូវការដើម្បីអភ័យទោស
ជារឿយៗ ជនរងគ្រោះដោយការរំលោភបំពានពុំងាយនឹងស្តាប់ ហើយមានការយល់ខុសចំពោះគំនិតនៃការអភ័យទោស ។ ប្រសិនបើពួកគេគិតថា ការអត់ទោសគឺដូចជាការអនុញ្ញាតឲ្យជនល្មើសគេចផុតពីទង្វើដែលគេប្រព្រឹត្ត ឬ និយាយថា អ្វីដែលពួកគេធ្វើគឺគ្មានបញ្ហាទៀត នោះជនរងគ្រោះនឹងគ្មានអារម្មណ៍ថាយុត្តិធម៌ឡើយ ។ ទោះបីជាយើងត្រូវបានបង្គាប់ឲ្យអភ័យទោសក្តី ( សូមមើល គ. និង ស. ៦៤:១០ ) នៅក្នុងស្ថានភាពដែលគ្រោះថ្នាក់នោះមានសភាពធ្ងន់ធ្ងរ ជាទូទៅ ការព្យាបាលត្រូវចាប់ផ្តើមពីមុនជនរងគ្រោះនោះអភ័យទោសទាំងស្រុងដល់ជនល្មើស ។
អស់អ្នកដែលកំពុងរងទុក្ខដោយការឈឺចាប់ ដែលបណ្តាលមកពីការរំលោភបំពាន អាចទទួលបានការលួងលោមពីការទូន្មាននៅក្នុងព្រះគម្ពីរមរមននេះថា ៖ « ខ្ញុំ យ៉ាកុប ចង់និយាយទៅកាន់អ្នកទាំងឡាយ ដែលមានចិត្តបរិសុទ្ធ ។ ចូរមើលទៅព្រះ ដោយមានគំនិតរឹងប៉ឹង ហើយអធិស្ឋានដល់ព្រះអង្គ ដោយមានសេចក្ដីជំនឿដ៏លើសលប់ នោះទ្រង់នឹងលួងលោមដល់អ្នក ក្នុងគ្រាដែលអ្នកមានទុក្ខលំបាក ហើយទ្រង់នឹងអង្វរដើម្បីប្រយោជន៍របស់អ្នក ហើយនឹងទម្លាក់សេចក្ដីយុត្តិធម៌មកធ្វើទោសពួកអ្នកណាដែលស្វែងរកបំផ្លាញអ្នក » ( យ៉ាកុប ៣:១ ) ។ តម្រូវការសម្រាប់សេចក្តីយុត្តិធម៌ និង សិទ្ធិដើម្បីទទួលសំណង អាចបង្វែរថ្វាយទៅឲ្យព្រះអម្ចាស់ ប្រយោជន៍ឲ្យទ្រង់អាចជំនួសការឈឺចាប់របស់យើងដោយភាពសុខសាន្ត ។
ទីបំផុត ហាន់ណា បានឃើញថា គាត់អាចបង្វែរសេចក្តីត្រូវការសម្រាប់ភាពយុត្តិធម៌ថ្វាយទៅព្រះអង្គសង្គ្រោះ ហើយគាត់បានទទួលត្រឡប់មកវិញ នូវអារម្មណ៍នៃភាពសុខសាន្តក្នុងជីវិតគាត់ ដែលគាត់ពុំធ្លាប់មានអារម្មណ៍បែបនោះពីមុនឡើយ ។ ពីមុនគាត់មានការភ័យខ្លាច ក្នុងការចូលរួមការជួបជុំក្រុមគ្រួសារដោយសារជនល្មើសនឹងមានវត្តមាននៅទីនោះដែរ ។ ឥឡូវនេះដោយសារតែគាត់មានឆន្ទៈប្រឈមមុខនឹងដំបៅខាងផ្លូវចិត្តដ៏លំបាកនៅក្នុងដំណើរការនៃការព្យាបាល នោះគាត់ពុំខ្លាចនៅពេលជនល្មើសនោះមានវត្តមានឡើយ ហើយគាត់ថែមទាំងមានចិត្តអាណិតអាសូរដល់ជនល្មើសនោះ ពេលជនល្មើសនោះមានវ័យចំណាស់ផងដែរ ។
មានសេរីភាពពីបន្ទុកដែលមិនចាំបាច់
អែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ ១៩២៨–២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានថ្លែងថា « ការជាសះស្បើយទាំងស្រុងនឹងកើតមានឡើងតាមរយៈសេចក្តីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ និង ព្រះចេស្តា ព្រមទាំងសមត្ថភាពរបស់ទ្រង់ ដើម្បីព្យាបាលស្លាកស្នាមនៃអ្វីដែលអយុត្តិធម៌ និង មិនត្រឹមត្រូវ ។…
« ទ្រង់ស្រឡាញ់អ្នក ។ ទ្រង់បានប្រទានព្រះជន្មទ្រង់ ប្រយោជន៍ឲ្យអ្នកអាចមានសេរីភាពពីបន្ទុកដែលមិនចាំបាច់ ។ ទ្រង់នឹងជួយអ្នកឲ្យធ្វើការនេះបាន ។ ខ្ញុំដឹងថាទ្រង់មានព្រះចេស្តាដើម្បីព្យាបាលអ្នក » ។៤
បច្ចាមិត្តចង់ឲ្យមនុស្សនៅជាប់ឃុំឃាំងក្នុងការឈឺចាប់ និងរងទុក្ខ ដោយសារវាមានទុក្ខវេទនា ( សូមមើល នីហ្វៃទី ២ ២:២៧ ) ។ ដោយមានជំនួយពីព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ ការឈឺចាប់ពិតជាជំនួសឲ្យមានភាពសុខសាន្ត ហើយមានតែព្រះអង្គសង្គ្រោះប៉ុណ្ណោះដែលទ្រង់អាចប្រទានឲ្យយើងបាន ហើយយើងអាចរស់នៅដោយអំណរ ។ « លោកអ័ដាមបានធ្លាក់ខ្លួន ដើម្បីឲ្យមានមនុស្សលោក ហើយមានមនុស្សលោកដើម្បីឲ្យគេអាចមានសេចក្ដីអំណរ » ( នីហ្វៃទី២ ២:២៥ ) ។ ការរស់នៅដោយអំណរនឹងធ្វើឲ្យគ្រានៃការសាកល្បង អាចត្រូវបានស៊ូទ្រាំបាន ហើយធ្វើឲ្យយើងរៀន និង រីកចម្រើន ព្រមទាំងក្លាយកាន់តែដូច ព្រះវរបិតាគង់នៅស្ថានសួគ៌របស់យើង ។
ខ្ញុំមានភាពរាបសាដោយសារពរជ័យដែលខ្ញុំមាននៅក្នុងជីវិតខ្ញុំ ដើម្បីអង្គុយជាមួយអស់អ្នកដែលមានគ្រោះថ្នាក់ដោយការរំលោភបំពាន ហើយមើលឃើញពីអព្ភូតហេតុនៃការព្យាបាល ដែលកើតឡើងយ៉ាងពិតប្រាកដតាមរយៈព្រះអង្គសង្គ្រោះតែប៉ុណ្ណោះ ។ ប្រសិនបើអ្នកកំពុងរងទុក្ខ សូមបែរមករកជំនួយដោយការគិតពិចារណា ។ អ្នកពុំចាំបាច់ស៊ូទ្រាំរែកពន់បន្ទុកដ៏ធ្ងន់នោះតែឯងឡើយ ។ ខ្ញុំដឹងថា ទ្រង់អាចព្យាបាលយើងបាន ដ្បិតខ្ញុំបានឃើញរឿងនេះច្រើនដងហើយ ។