ឆ្នាំ​២០១៧
ពួកគេ​បាន​ឃើញ​ទ្រង់
April 2017


ពួកគេ​បាន​ឃើញ ទ្រង់

ប្រាកដ​ណាស់ បុគ្គល​ទាំង​នេះ បាន​ឃើញ​ព្រះអង្គសង្គ្រោះ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ ប៉ុន្តែ​អ្នក​ក៏​អាច​ក្លាយ​ជា​សាក្សី​ម្នាក់​របស់​ព្រះគ្រីស្ទ​តាម​របៀប​ផ្ទាល់​របស់​អ្នក​ផងដែរ ។

Jesus and Mary in front of the tomb

ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយដោយ ហ្គ្រេក ខេ អុលសិន ហាម​ថតចម្លង

តើ​អ្នក​គិត​ថា វា​មាន​សភាព​បែប​ណា ដែល​បាន​ឃើញ​ព្រះអង្គសង្គ្រោះ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នោះ ? ដ្បិត​មនុស្ស​រាប់​រយ​នាក់​នៅក្នុង​ជំនាន់​របស់​ព្រះយេស៊ូវ ពុំ​បាន​ស្រមៃ​គិត​អំពី​រឿង​នេះ​ឡើយ—ពួកគេ​បាន​រស់នៅ​ក្នុង​ស្ថានភាពនោះតែម្តង ។ យ៉ាងហោច​ណាស់​មាន​ការកត់ត្រា​ចំនួន​ដប់ពីរ​ដង ដែល​បាន​រៀបរាប់នៅ​ក្នុង​ព្រះគម្ពីរ នៅពេល​ព្រះអម្ចាស់​ដែល​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​បាន​បង្ហាញ​ព្រះកាយ​ទ្រង់​ដល់​មនុស្ស ឧទាហរណ៍​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី និង កន្លែង​មួយ​ចំនួន​ទៀត​នៅក្នុង​ព្រះគម្ពីរ​មរមន ។ ពួកគេ​ម្នាក់ៗ បាន​ឃើញ​អព្ភូតហេតុ​ដ៏​អស្ចារ្យ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ ៖ ព្រះយេស៊ូវគ្រីស្ទ​បាន​ឈ្នះ​លើ​សេចក្តីស្លាប់ ហើយ​ធ្វើ​ឲ្យ​ពួកយើង​ម្នាក់ៗ​អាច​រស់​ឡើង​វិញ​ម្តង​ទៀត ។ វា​គួរ​ឲ្យ​អស្ចារ្យ​ណាស់​មែន​ទេ ?

ដូច្នេះ​តើ​ការធ្វើ​ជា​សាក្សី​អំពី​ព្រះគ្រីស្ទ​មាន​ន័យ​ពិតប្រាកដ​យ៉ាង​ដូចម្តេច ? សូម​មើល​ពី​គ្រា​ទាំង​នេះ​នៅក្នុង​ព្រះគម្ពីរ ហើយ​គិត​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​ជា​សាក្សី​អំពី​ព្រះគ្រីស្ទ បើទោះបី​យើង​ពុំ​បាន​ឃើញ​ទ្រង់​ដោយ​ផ្ទាល់​ក្តី ។

ម៉ារា ម៉ាក់ដាឡា

ម៉ារា ម៉ាក់ដាឡា​គឺ​ជា​សាក្សី​ដំបូង​គេ ។ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​បន្ទាប់​ពី​ការឆ្កាង គាត់​បាន​ទៅ​ផ្នូរ ជាមួយ​ស្ត្រី​ពីរបី​នាក់ ដើម្បី​លាប​ប្រេង​លើ​ព្រះសព​ព្រះអម្ចាស់ ។ នៅពេល​ម៉ារា​បាន​ឃើញ​ថា​ផ្នូរ​នៅ​ទទេ នោះ​នាង​បាន​យំ ។ មាន​ម្នាក់​បាន​មក​ពី​ក្រោយ​ខ្នង​នាង ហើយ​សួរថា « នាង​អើយ ហេតុ​អ្វី​បាន​ជា​យំ ? » សូម​ស្រមៃ​គិត​អំពី​ក្តី​រំភើប​ដែល​នាង​មាន ពេល​នាង​បាន​ឃើញ​ថា នោះ​គឺ​ជា​ព្រះយេស៊ូវ បាន​មាន​ព្រះជន្ម​រស់​ពី​សុគត​ឡើង​វិញ ។ ( សូម​មើល យ៉ូហាន ២០:១–១៨ ) ។

ពួក​សិស្ស​ពីរនាក់​នៅ​លើ​ផ្លូវ​ទៅ​ទីក្រុង​អេម៉ោស

Christ on the road to Emmaus

នៅតាម​ផ្លូវ​ទៅ​ទីក្រុង​អេម៉ោស ដោយ​ចន ម៉ាក់នូតុន

ក្លេវប៉ាស និង សិស្ស​ម្នាក់​កំពុង​ដើរ​នៅ​តាម​ផ្លូវ​ទៅ​ទីក្រុង​អេម៉ោស កាល​មាន​បុរស​ចម្លែក​ម្នាក់​បាន​ដើរ​ជាមួយ​ពួកគេ ។ ពួកគេ​ពុំ​ស្គាល់​ដៃគូ​ថ្មី​របស់​ពួកគេ​ឡើយ ប៉ុន្តែ​អំឡុង​ពេល​បរិភោគ​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា បុរស​ចម្លែក​នោះ​បាន​កាច់​នំបុ័ង ។ នោះ​ភ្នែក​គេ​បាន​បើក​ឡើង ហើយ​គេ​បាន​ដឹង​ថា ពួកគេ​បាន​ធ្វើ​ដំណើរ​ជាមួយ​ព្រះអង្គសង្គ្រោះ​យូរ​មក​ហើយ ។ ពួកគេ​បាន​សួរ​គ្នា​ថា « តើ​យើង​មិន​មាន​សេចក្តី​ខ្មួលខ្មាញ់​នៅ​ក្នុង​ចិត្ត​ទេ​ឬ…? ដោយ​ពិចារណា​អំពី​ការបញ្ជាក់​ដែល​ពួកគេ​បាន​ទទួល​អារម្មណ៍​ថា ទ្រង់​បាន​គង់​នៅ​ជាមួយ​ពួកគេ​ពិតប្រាកដ​មែន ។ ( សូមមើល លូកា ២៤:១៣-៤៣ ) ។

សាវក​ដប់​នាក់

Resurrected Christ with Apostles

ចូរ​មក​មើល​ព្រះហស្ត និង ព្រះបាទា​យើង​ចុះ ដោយ ហារី អែនឌើរសិន

ពួក​សិស្ស​ពីរ​នាក់​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​អេម៉ោស​ជាមួយ​ព្រះគ្រីស្ទ បាន​ត្រឡប់​មក​ទីក្រុង​យេរូសាឡិម​វិញ ហើយ​បាន​ប្រាប់​ពួកសាវក​ដប់​នាក់​ទៀត​អំពី​បទពិសោធន៍​នោះ ។ កាល​ពួកគេ​កំពុង​ដំណាល​រឿង​នោះ​ប្រាប់​គ្នា ស្រាប់តែ​ព្រះអង្គសង្គ្រោះ​បាន​បង្ហាញ​ព្រះកាយ​ទ្រង់​ដល់​ពួកគេ ដោយ​មាន​ព្រះបន្ទូល​ថា « ចូរ​មើល​មក​ដៃ និង​ជើង​ខ្ញុំ ឲ្យ​បាន​ដឹង​ថា នេះ​គឺ​ខ្ញុំ​ពិត​មែន ចូរ​ពាល់​ខ្ញុំ​មើល ដ្បិត​ខ្មោច​គ្មាន​សាច់​ឬ​ឆ្អឹង ដូច​ជា​ឃើញ​ខ្ញុំ​នេះ​ទេ » ។ ( សូមមើល លូកា ២៤:៣៦-៤១, ៤៤–៤៩ ) ។

សាវក​ថូម៉ាស

Christ with Thomas

រូបគំនូរ​អំពី​ថូម៉ាស ដោយ ប្រាយអិន ខល

សាវកថូម៉ាសបានអវត្តមាន នៅពេល​ព្រះអង្គសង្គ្រោះ​បាន​បង្ហាញ​ព្រះកាយ​ទ្រង់​ដល់​ពួកសាវក​ផ្សេង​ទៀត​នៅ​លើក​ដំបូង​នោះ ដូច្នោះ​លោក​ពុំ​ជឿ​ថា​ព្រះគ្រីស្ទ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ឡើយ ។ មួយ​សប្តាហ៍​ក្រោយ​មក ព្រះគ្រីស្ទ​បាន​បង្ហាញ​ព្រះកាយ​ទ្រង់​ដល់​ពួក​សាវក​ម្តង​ទៀត ។ ម្តង​នេះ ថូម៉ាស មាន​វត្តមាន នៅ​ទីនោះ ហើយ​ដោយសារ​លោក​បាន​ឃើញ​ព្រះគ្រីស្ទ លោក​បាន​ជឿ​ថា​ទ្រង់​មាន​ព្រះជន្មរស់​ឡើង​វិញ​មែន ។ ព្រះអង្គសង្គ្រោះ​បាន​ដាស់តឿន​ថូម៉ាស ដែល​បាន​ជឿ​បន្ទាប់​ពី​លោក​បាន​ឃើញ​ទ្រង់​ថា ៖ « អ្នក​ជឿ​ដោយ​ព្រោះ​បាន​ឃើញ​ខ្ញុំ​ទេ​តើ ៖ មាន​ពរ​ហើយ អ្នក​ណា​ដែល​ជឿ​ឥត​ឃើញ​សោះ » ។ ( សូមមើល យ៉ូហាន ២០:២៤-២៩ ) ។

ពួក​សាវក​ដប់មួយ​នាក់​នៅ​សមុទ្រ​ទីបេរាស

Apostles on the Sea of Tiberias

ព្រះគ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នៅ​សមុទ្រ​ទីបេរាស ដោយ ដាវីឌ លីនស្លីយ

នា​ថ្ងៃ​មួយ​ដែល​មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ ពួក​សាវក​មួយ​ចំនួន​បាន​ទៅ​នេសាទ​ត្រី​នៅ​សមុទ្រ​ទីបេរាស ប៉ុន្តែ​ពុំ​បាន​ត្រី​ច្រើន​ទេ ។ នៅ​ព្រឹក​ស្អែក​ឡើង ព្រះអង្គសង្គ្រោះ​បាន​បង្ហាញ​ព្រះកាយ​ទ្រង់ ហើយ​បង្គាប់​ឲ្យ​ពួកគេ​ទម្លាក់​សំណាញ់​ចុះ ទៅ​ខាង​ស្តាំ​ទូក ។ នៅពេល​ពួកគេ​ធ្វើ​ដូច​នោះ ត្រី​ជាប់​សំណាញ់​យ៉ាង​ច្រើន ដែល​ធ្វើ​ឲ្យ​ពួកគេ​ពិបាក​នឹង​ទាញ​សំណាញ់​ឡើង​ពី​ទឹក​មក​វិញ ។ បន្ទាប់​ពី​បរិភោគ​អាហារ​ជាមួយ​គ្នា​ហើយ ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​អំពី​សារៈសំខាន់​នៃ​ការបម្រើ​គ្នា​ទៅវិញ​ទៅមក ដោយ​មាន​ព្រះបន្ទូល​ថា « ចូរ​ឲ្យ​ចំណី​ដល់​ហ្វូង​ចៀម​ខ្ញុំ​ស៊ី​ផង » ។ ពួកសាវក​បាន​ចំណាយ​ពេលវេលា​ពេញ​មួយ​ជីវិត​របស់​ពួកលោក​ដើម្បី​ធ្វើ​កិច្ចការ​នោះ—គឺ​បង្រៀន​មនុស្ស​អំពី​ព្រះគ្រីស្ទ—ហើយ​ក្នុង​ករណី​មួយ​ចំនួន​ពួកគេ​បាន​លះបង់​ជីវិត​របស់​ពួកលោក​ដើម្បី​បុព្វហេតុ​នោះ ។ ( សូមមើល យ៉ូហាន ២១:១–២២ ) ។

ពួកសាសន៍​នីហ្វៃ​នៅក្នុង​ទ្វីប​អាមេរិក

Christ among the Nephites

អ្នក​គង្វាល​ម្នាក់ដោយ ហោវើត លីអន

អំឡុងពេល​ការឆ្កាង ដែនដី​នៅក្នុង​ទ្វីប​អាមេរិក​ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយ​ការរំញ្ជួយ​ដី ភ្លើង​ឆេះ គ្រោះធម្មជាតិ​ដទៃ​ផ្សេង​ទៀត និង ងងឹត​អស់​បី​ថ្ងៃ ដើម្បី​បញ្ជាក់​អំពី​ការសុគត​របស់​ព្រះអង្គសង្គ្រោះ ។ ក្រោយ​មក ព្រះគ្រីស្ទ​បាន​យាង​ចុះ​មក​ពី​ស្ថានសួគ៌ ហើយ​បាន​ជួប​ហ្វូង​មនុស្ស ២៥០០ នាក់​ដែល​ប្រជុំ​គ្នា​នៅ​ក្បែរ​ព្រះវិហារ​បរិសុទ្ធ​នៅ​ទីក្រុង​បរិបូរ ។ ទ្រង់​បាន​អញ្ជើញ​ប្រជាជន​ទាំងនោះ មក​ស្ទាប​ស្នាម​របួស​នៅ​ព្រះហស្ត និង ព្រះបាទា ព្រមទាំង​ចំហៀង​របស់​ទ្រង់ បាន​ធ្វើ​ទេសនកថា ហើយ​បាន​ប្រសិទ្ធពរ​កូន​ក្មេង​របស់​ពួកសាសន៍​នីហ្វៃ​ម្តង​ម្នាក់ៗ ។ ជាង​នោះ​ទៅ​ទៀត ប្រជាជន​បាន​ប្រមូល​គ្នា​មក​នៅ​ថ្ងៃ​បន្ទាប់ ហើយ​ព្រះអង្គសង្គ្រោះ​បាន​សួរសុខទុក្ខ និង បង្រៀន​ពួកគេ ។ ទីបំផុត​ពួក​សិស្ស​បាន​ស្ថាបនា​សាសនាចក្រ​របស់​ព្រះគ្រីស្ទ ហើយ​ពួកសាសន៍​នីហ្វៃ បាន​ទទួល​សាក្សី​ដ៏​មាន​ឥទ្ធិពល​បែប​នេះ​ថា ពួកគេ និង ពួក​សាសន៍​លេមិន ផងដែរ បាន​ប្រែចិត្ត​ជឿ​ចំពោះ​ព្រះអម្ចាស់ ។ ( សូមមើល នីហ្វៃទី៣ ១១–១៨ សូមមើល​ផងដែរ នីហ្វៃទី៣ ៨–១០, នីហ្វៃទី ៤ ១ ) ។

សាក្សី​ពីមុន និង បច្ចុប្បន្ន​នេះ

ព្រះគ្រីស្ទ​ក៏​បាន​បង្ហាញ​ព្រះកាយ​ទ្រង់​ដល់​មនុស្ស​ជាច្រើន​ផ្សេង​ទៀត រួមមាន ស្ត្រី​មួយ​ចំនួន​ដែល​បាន​មក​ឯ​ផ្នូរ ដើម្បី​ជួយ ម៉ារា ម៉ាក់ដាឡា លាប​ប្រេង​លើ​ព្រះសព​ព្រះគ្រីស្ទ មនុស្ស​មួយ​ក្រុម​មាន​គ្នា​ជាង ៥០០ នាក់ យ៉ាកុប និង ប៉ុល ។ ( សូមមើល ម៉ាថាយ ២៨:៩, កិច្ចការ ៩:៤–១៩, កូរិនថូសទី១ ១៥:៦–៧, សូមមើល​ផងដែរ នីហ្វៃទី៣ ១៩, ២៦:១៣ ) ។

យើង​ប្រហែល​ជា​គ្មាន​ឱកាស​មើល​ឃើញ​ព្រះអង្គសង្គ្រោះ ដូច​សាក្សី​ទាំង​នេះ​ឡើយ ប៉ុន្តែ​អ្នក​អាច​នៅតែ​ធ្វើ​ជា​សាក្សី​អំពី​ព្រះគ្រីស្ទ ។ អ្នក​អាច​ស្វែងរក​ព្រះអង្គសង្គ្រោះ​ដោយ​ខ្លួន​អ្នក​ផ្ទាល់ ដូច​ជា​ម៉ារា​បាន​ធ្វើ នៅពេល​គាត់​បាន​ទៅ​ឯ​ផ្នូរ តាមរយៈ​ការរៀន​អំពី​ទ្រង់​បន្ថែម​ទៀត ។ ឬ អ្នក​អាច​អនុវត្ត​សេចក្តីជំនឿ​របស់​អ្នក​លើ​ទ្រង់ តាមរយៈ​ការគោរព​បទបញ្ញត្តិ ហើយ​ធ្វើតាម​ដំបូន្មាន​របស់​ព្យាការី ។ ឬ អ្នក​អាច​ទទួល​ស្គាល់​ពរជ័យ​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​ជីវិត​អ្នក ដូច​ដែល​ពួកសាវក​ទាំងពីរ​នាក់​នៅលើ​ផ្លូវ​ទៅ​ទីក្រុង​អេម៉ោស​នោះ​បាន​ធ្វើ ។ រដូវកាល​បុណ្យ​អេស្ទើរ​នេះ សូម​គិត​អំពី​អត្ថន័យ​នៃ​ការធ្វើ​ជា​សាក្សី​អំពី​ព្រះគ្រីស្ទ ។ មនុស្ស​ទាំងនេះ​គឺ​ជា​សាក្សី​ពិតប្រាកដ ដែល​ពិត​ជា​បាន​ឃើញ​ព្រះគ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ—ប៉ុន្តែ​នោះ​ពុំ​មែន​គ្រាន់តែ​ជា​របៀប​មួយ​ដែល​អ្នក​អាច ធ្វើ​ជា​សាក្សី​អំពី​ទ្រង់​នៅក្នុង​ជីវិត​របស់​អ្នក​ឡើយ ។