ស្តា បញ្ចេញពន្លឺ
អ្នកនិពន្ធរស់នៅក្នុងរដ្ឋ ខូឡូរ៉ាដូ ស.រ.អា. ។
« It’s nice to be here with you in Primary » ( សៀវភៅចម្រៀងកុមារ លេខ ២៥៤ ) ។
ស្តាបានសារ៉េសម្លៀកបំពាក់របស់នាង ។ នាងនៅតែមានអារម្មណ៍ចម្លែក ដើម្បីពាក់រ៉ូបទៅព្រះវិហារ ។ កាលនៅព្រះវិហារចាស់របស់នាង ក្មេងស្រីៗស្លៀកខោវែង ឬ ខោខ្លីនៅថ្ងៃអាទិត្យ ។ ប៉ុន្តែនៅព្រះវិហារថ្មីនេះគេមិនស្លៀកពាក់បែបនោះឡើយ ។ នាង និង ម្តាយនាងទើបតែជ្រមុជទឹកចូលសាសនាចក្រនៃព្រះយេស៊ូវនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
ស្តា បានដកដង្ហើមធំ នៅពេលនាងឆ្លុះកញ្ចក់ ។ នាងរំភើប ដើម្បីទៅព្រះវិហារនាលើកដំបូង ក្នុងនាមជាសមាជិកពេញសិទ្ធិ ប៉ុន្តែនាងក៏មានអារម្មណ៍ភិតភ័យផងដែរ ។ កាលពីមុន ពេលនៅព្រះវិហារនាងនៅជាមួយម្តាយនាងជាប់ជានិច្ច ។ ប៉ុន្តែពេលនេះ នាងនឹងចូលថ្នាក់អង្គការបឋមសិក្សា ។
ស្តាបានមិចភ្នែកពេលឆ្លុះកញ្ចក់ ។ តើវាមានសភាពបែបណាទៅ ប្រសិនបើនាងមិនចុះចំណោមនឹងគេនោះ ? តើមានអ្វីកើតឡើងប្រសិនបើក្មេងៗដទៃទៀត ពុំចូលចិត្តនាង ?
« ស្តា ? ហើយឬនៅកូន ? » ម៉ាក់បានស្រែកហៅ ។
ស្តា បានដើរចុះជណ្តើរ ។ នាងបានសួរថា « តើកូនស្លៀកពាក់សមរម្យដែរឬទេ ? »
ម៉ាក់បានញញឹម ។ « កូនស្អាតណាស់ » ។
ស្តាបានធ្វើមុខក្រញ៉ូវ ។ « ម៉ាក់ត្រូវតែនិយាយបែបនេះ ។ ដោយសារម៉ាក់ជាម៉ាក់របស់ខ្ញុំ » ។
« កូននិយាយត្រូវ ។ ម៉ាក់ ពិត ជាត្រូវនិយាយបែបនេះមែន ។ ដោយសារវាជាការពិត » ។
ស្តាបានញញឹមបន្តិច ។ ម៉ាក់មានវិធីធ្វើឲ្យនាងមានអារម្មណ៍ល្អប្រសើរជានិច្ច ។ ប៉ុន្តែ នាងនៅតែមានអារម្មណ៍ភ័យបុកពោះ ។ តើមានអ្វីកើតឡើងប្រសិនបើក្មេងៗទាំងនោះពុំនិយាយរកនាង ? នាងមានមិត្តភក្តិនៅសាលារៀន ប៉ុន្តែពួកគេពុំមែនជាសមាជិកនៃព្រះវិហារថ្មីរបស់នាងឡើយ ។ នាងប្រាថ្នាចង់មានមិត្តភក្តិសូម្បីតែម្នាក់ ឲ្យទៅព្រះវិហារជាមួយនាង ។
នាងបានប្រាប់ម្តាយថា « ខ្ញុំទើបតែចាំអំពីអ្វីមួយដែលខ្ញុំត្រូវធ្វើ » ។
នាងបានរត់ទៅជាន់លើវិញ ហើយលុតជង្គង់ចុះក្បែរគ្រែរបស់នាង ។ « ឱ ព្រះវរបិតាសួគ៌អើយ សូមជួយខ្ញុំម្ចាស់ឲ្យមានមិត្តភក្តិផង ។ ខ្ញុំជឿលើអ្វីដែលអ្នកផ្សព្វផ្សាយសាសនាបានបង្រៀនថាពិត ប៉ុន្តែខ្ញុំមានការភ័យខ្លាច ។
ស្តាបានបន្តលុតជង្គង់ ហើយស្តាប់ ។ មួយសន្ទុះក្រោយមក នាងមានអារម្មណ៍ពេញចិត្ត សុខសាន្ត ហើយនាងគ្មានអារម្មណ៍ភិតភ័យទៀតឡើយ ។
នៅព្រះវិហារ ស្តា និង ម៉ាក់បានអង្គុយក្បែរគ្រួសារមួយដែលមានកូនស្រីតូចបីនាក់ ។ ឪពុកម្ដាយបានណែនាំខ្លួនពួកគេ ហើយបានចាប់ផ្តើមនិយាយជាមួយម៉ាក់ ពីមុនការប្រជុំចាប់ផ្តើម ។ ស្តាបានជួយក្មេងស្រីៗផាត់ពណ៌លើរូបភាពរបស់ព្រះយេស៊ូវ ។
ប៊ីស្សព អែនឌ្រូ បានដើរសំដៅមករកពួកគេ ។ « សួស្តីបងស្រី ខាន់នីងហាំ ! ស្តា ! រីករាយណាស់ដែលបានជួបអ្នកទាំងអស់គ្នាថ្ងៃនេះ » ។ គាត់បានញញឹមយ៉ាងស្រស់ស្រាយ ហើយចាប់ដៃពួកគេ ។ ស្តាបានភ្លេចថា មនុស្សគ្រប់គ្នានៅព្រះវិហារល្អខ្លាំងប៉ុណ្ណា ។ ប្រហែលជានាងនឹងធ្វើជាមិត្តជាមួយពួកគេ ។
បន្ទាប់ពីការប្រជុំសាក្រាម៉ង់ ស្តាបានទៅថ្នាក់អង្គការបឋមសិក្សា ។ នាងបានក្រឡេកមើលក្មេងផ្សេងៗទៀតដោយភ័យខ្លាច ខណៈនាងកំពុងអង្គុយ ។ ពួកគេកំពុងនិយាយគ្នា ហើយហាក់ដូចជាមិនចាប់អារម្មណ៍នឹងនាងទេ ។ ស្តាមានអារម្មណ៍បាក់ទឹកចិត្ត ។ នាងនឹងនៅតែឯង ។
បន្ទាប់មកមានក្មេងស្រីម្នាក់អាយុប្រហែលនឹង ស្តាបានដើរចូលមកក្នុងបន្ទប់ ។ ស្តា បានគិតថា « នាងមើលទៅដូចជាភិតភ័យផងដែរ ។ ខ្ញុំអាចទៅនិយាយជាមួយនាង » ។
ស្តាបានដកដង្ហើមធំ ហើយដើរទៅរកក្មេងស្រីនោះ ។ « សួស្តីខ្ញុំឈ្មោះ ស្តា ។ ខ្ញុំជាសមាជិកថ្មី ។ តើឯងចង់អង្គុយក្បែរខ្ញុំឬទេ ? » ស្តាបានឈប់នៅស្ងៀម ។ តើក្មេងនោះចង់ធ្វើជាមិត្តរបស់នាងដែរឬទេ ?
ក្មេងស្រីនោះបាននិយាយទាំងញញឹមតិចៗថា ។ « ខ្ញុំឈ្មោះ សារ៉ា ។ ខ្ញុំក៏ជាសមាជិកថ្មីដែរ ។ គ្រួសារខ្ញុំទើបផ្លាស់ពីអនទែរីយ៉ូ មករស់នៅទីនេះ » ។
ស្តានិយាយថា « ម្តាយខ្ញុំនឹង ខ្ញុំទើបតែជ្រមុជទឹកកាលពីពីរសប្តាហ៍មុន ។ ខ្ញុំពុំប្រាកដថា ខ្ញុំត្រូវធ្វើអ្វីឡើយ » ។
សារ៉ា បានញញឹមកាន់តែខ្លាំង ។ « ពួកយើងនឹងស្វែងយល់ជាមួយគ្នា » ។
ស្តា និង សារ៉ាបានអង្គុយជាមួយសិស្សក្នុងថ្នាក់របស់ពួកគេ ។ ជួនកាល ស្តា បានមើលមុខសារ៉ា ហើយញញឹម ។ សារ៉ា បានញញឹមដាក់នាងវិញ ។ ស្តាមានអារម្មណ៍ស្ងប់ ហើយរីករាយ ។ នាងដឹងថា ព្រះវរបិតាសួគ៌បានឆ្លើយតបការអធិស្ឋានរបស់នាង ហើយបានជួយនាងឲ្យរកឃើញមិត្តភក្តិម្នាក់ ។
នៅក្នុងថ្នាក់គ្រូបង្រៀនបានសុំឲ្យស្តា និង សារ៉ា ណែនាំខ្លួនរបស់ពួកគេ ។
ស្តា បានក្រោកឈរ ។ « ខ្ញុំឈ្មោះ ស្តា ខាន់នីងហាំ ។ ម្តាយខ្ញុំនឹង ខ្ញុំទើបតែជ្រមុជទឹកកាលពីពីរសប្តាហ៍មុន » ។ នាងបានឈប់មួយសន្ទុះ ហើយនាងបានញញឹម នៅពេលនាងបានក្រឡេកមើលមិត្តភក្តិថ្មីរបស់នាង ។ « ហើយនេះជាមិត្តភក្តិថ្មីរបស់ខ្ញុំឈ្មោះ សារ៉ា » ។