សង្រ្គាមនៅតែបន្ដ
សង្គ្រាមដែលបានចាប់ផ្ដើមនៅលើស្ថានសួគ៌ បន្តមានមកដល់បច្ចុប្បន្ននេះ ។ ប្រាកដណាស់ ចម្បាំងនេះកំពុងប្រែជាតានតឹងឡើង ដោយសារពួកបរិសុទ្ធរៀបចំខ្លួន សម្រាប់ការយាងត្រឡប់មកវិញរបស់ព្រះអង្គសង្គ្រោះ ។
អ្នកដែលតាមដានព័ត៌មានអន្តរជាតិនឹងយល់ស្របថា យើងរស់នៅក្នុងសម័យមួយនៃ « សង្គ្រាម និងពាក្យចចាមអារាមអំពីសង្គ្រាម » ( គ. និង ស. ៤៥:២៦ ) ។ សំណាងល្អណាស់ ដែលមនុស្សគ្រប់រូបនៅលើផែនដីគឺជាអតីតយុទ្ធជននៅក្នុងសង្គ្រាម ។ យើងកំពុងប្រយុទ្ធជាមួយពួកទ័ពអារក្សនៅក្នុងសង្គ្រាមដែលកំពុងតែបន្តកើតមាន ជាសង្គ្រាមដែលបានចាប់ផ្តើមនៅក្នុងពិភពមុនផែនដីពីមុនពួកយើងកើតម៉្លេះ ។
ដោយសារយើងពុំទាន់ទទួលបានរូបកាយសាច់ឈាម នោះយើងបានវាយប្រយុទ្ធសង្គ្រាមនៅឋានសួគ៌ ដោយមិនប្រើដាវ កាំភ្លើង ឬ គ្រាប់បែកឡើយ ។ ប៉ុន្តែការប្រយុទ្ធនោះគឺមានសភាពតានតឹងដូចជាសង្គ្រាមបច្ចុប្បន្ននេះ ហើយមានគ្រោះថ្នាក់រាប់រយលានដង ។
សង្គ្រាមនៅក្នុងជីវិតមុនផែនដីបានប្រយុទ្ធដោយប្រើពាក្យសម្តី គំនិត ការតស៊ូមតិ និង ការបញ្ចុះបញ្ចូល ( សូមមើល វិវរណៈ ១២:៧–៩, ១១ ) ។ យុទ្ធសាស្ត្ររបស់សាតាំងគឺបំភ័យមនុស្ស ។ វាដឹងថាការភ័យខ្លាចជាវិធីដ៏ល្អបំផុតដើម្បីបំផ្លាញសេចក្តីជំនឿ ។ វាអាចប្រើហេតុផលបែបនេះថា ៖ « វាពិបាកខ្លាំងណាស់ ។ វាពុំអាចធ្វើឲ្យមានការជ្រះស្អាតវិញឡើយ ។ មានហានិភ័យច្រើនពេកហើយ ។ តើអ្នកដឹងថា អ្នកអាចទុកចិត្តលើព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេច ? » វាច្រណែនព្រះអង្គសង្គ្រោះខ្លាំងណាស់ ។
សំណាងណាស់ ផែនការរបស់ព្រះមានជ័យជម្នះលើការកុហករបស់សាតាំង ។ ផែនការព្រះមានទាក់ទងនឹងសិទ្ធិជ្រើសរើសខាងសីលធម៌សម្រាប់មនុស្សលោក និង ការបូជាដ៏ធំមហិមា ។ ព្រះយេហូវ៉ា ដែលយើងស្គាល់ថាជាព្រះយេស៊ូវគ្រីស្ទ បានស្ម័គ្រព្រះទ័យធ្វើការបូជានោះ—គឺរងទុក្ខចំពោះអំពើបាបរបស់ពួកយើងទាំងអស់គ្នា ។ ទ្រង់ស្ម័គ្រព្រះទ័យប្រទានព្រះជន្មទ្រង់សម្រាប់បងប្អូនប្រុសស្រីរបស់ទ្រង់ ប្រយោជន៍ឲ្យអស់អ្នកដែលបានប្រែចិត្តអាចប្រែជាជ្រះស្អាតឡើងវិញ ហើយទីបំផុតប្រែក្លាយដូចជាព្រះវរបិតាសួគ៌របស់ពួកគេ ។ ( សូមមើល ម៉ូសេ ៤:១-៤, អ័ប្រាហាំ ៣:២៧ ) ។
គុណសម្បត្តិផ្សេងទៀតដែលបានជួយឲ្យព្រះយេហូវ៉ាយកឈ្នះលើដួងចិត្តរបស់កូនចៅព្រះនោះ គឺទីបន្ទាល់ដ៏មានឥទ្ធិពលដែលបានកើតឡើងពីអ្នកគាំទ្ររបស់ទ្រង់ ដែលបានដឹកនាំដោយមីកែល ដែលជាមេទ័ពពួកទេវតា ( សូមមើល វិវរណៈ ១២:៧, ១១, គ. និង ស. ១០៧:៥៤ ) ។ នៅក្នុងជីវិតមុនផែនដី អ័ដាមត្រូវបានហៅថាមីកែល ហើយសាតាំងត្រូវបានហៅថា លូស៊ីហ្វើរ ដែលមានន័យថា « អ្នកកាន់ពន្លឺ » ។១ ឈ្មោះនោះហាក់បីដូចជាឈ្មោះចម្លែកសម្រាប់មេនៃសេចក្តីងងឹតនេះ ( សូមមើល ម៉ូសេ ៧:២៦ ) ប៉ុន្តែព្រះគម្ពីរបង្រៀនថា សាតាំងគឺជា « ទេវតាមួយនៃព្រះ ដែលមានសិទ្ធិអំណាចនៅក្នុងវត្តមាននៃព្រះ » ពីមុនវាធ្លាក់ចុះមក ( សូមមើល គ. និង ស. ៧៦:២៥–២៨ ) ។
តើវិញ្ញាណដែលពោរពេញដោយការចេះដឹង និង បទពិសោធន៍បែបនោះអាចធ្លាក់ចុះបានដោយរបៀបណា ? វាកើតឡើងដោយសារតែភាពឆ្មើងឆ្មៃរបស់វា ។ លូស៊ីហ្វើរ បានបះបោរប្រឆាំងនឹងព្រះវរបិតាគង់នៅស្ថានសួគ៌របស់យើង ព្រោះវាចង់បាននគររបស់ព្រះធ្វើជារបស់វាផ្ទាល់ ។
នៅក្នុងសុន្ទរកថាចាស់មួយស្តីពី « ចូរប្រយ័ត្ននឹងភាពឆ្មើងឆ្មៃ » ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ១៨៩៩–១៩៩៤ ) បានបង្រៀនថា លូស៊ីហ្វើរ « មានចិត្តចង់បានកិត្តិយសលើអ្នកដទៃផ្សេងទៀតទាំងអស់ » ហើយថា « ភាពឆ្មើងឆ្មៃរបស់វាគឺមានចិត្តទម្លាក់ព្រះចុះពីបល្ល័ង្ក » ។២ អ្នកក៏ធ្លាប់បានឮផងដែរថា សាតាំងចង់បំផ្លាញសិទ្ធិជ្រើសរើសរបស់មនុស្ស ប៉ុន្តែនោះពុំមែនជាហេតុផលតែមួយគត់ដែលធ្វើឲ្យព្រះពុំសព្វព្រះទ័យនឹងវាឡើយ ។ វាត្រូវបានបណ្តេញចេញពីឋានសួគ៌ដោយសារតែការបះបោរប្រឆាំងនឹងព្រះវរបិតា និង ព្រះរាជបុត្រា ( សូមមើល គ. និង ស. ៧៦:២៥, ម៉ូសេ ៤:៣ ) ។
ហេតុអ្វីអ្នក និង ខ្ញុំប្រយុទ្ធប្រឆាំងនឹងអារក្ស ? យើងប្រឆាំងដោយព្រោះតែភាពស្មោះត្រង់ ។ យើងស្រឡាញ់ ហើយគាំទ្រព្រះវរបិតាគង់នៅស្ថានសួគ៌របស់យើង ។ យើងចង់ប្រែដូចទ្រង់ ។ លូស៊ីហ្វើរ មានគោលដៅផ្សេងពីនោះ ។ វាចង់ជំនួសតំណែងរបស់ព្រះវរបិតា ( សូមមើល អេសាយ ១៤:១២–១៤, នីហ្វៃទី ២ ២៤:១២–១៤ ) ។ សូមគិតអំពីរបៀបដែលការក្បត់របស់សាតាំងធ្វើឲ្យព្រះមាតាបិតាសួគ៌របស់យើងមានការឈឺចាប់ ។ នៅក្នុងព្រះគម្ពីរ យើងអានថា « ស្ថានសួគ៌បានយំដោយសារវា » ( គ. និង ស. ៧៦:២៦ ) ។
បន្ទាប់ពីមានការពុះពារយ៉ាងខ្លាំងក្លាមក មីកែល និង ទ័ពរបស់ទ្រង់បានទទួលជ័យជម្នះ ។ ពីរភាគបីនៃពលបរិវារស្ថានសួគ៌បានជ្រើសរើសធ្វើតាមព្រះវរបិតា ( សូមមើល គ. និង ស. ២៩:៣៦ ) ។ សាតាំង និង ពួកពលបរិវារទាំងឡាយរបស់វាត្រូវបានបណ្តេញចេញពីស្ថានសួគ៌ ប៉ុន្តែពួកវាមិនត្រូវបានបញ្ជូនទៅក្នុងពិភពងងឹតខាងក្រៅភ្លាមនោះទេ ។ ដំបូងពួកវាត្រូវបានបញ្ជូនមកកាន់ផែនដី ( សូមមើល វិវរណៈ ១២:៧–៩ ) ជាកន្លែងដែលព្រះយេស៊ូវគ្រីស្ទត្រូវបានប្រសូត ហើយជាកន្លែងដែលទ្រង់នឹងធ្វើពលិកម្មធួនផងដែរ ។
ហេតុអ្វីពួកពលបរិវាររបស់សាតាំងត្រូវបានអនុញ្ញាតឲ្យមកកាន់ផែនដីនេះ ? ពួកវាមកកាន់ផែនដីនេះដើម្បីបង្កើតឲ្យមានភាពផ្ទុយដល់អស់អ្នកណាដែលកំពុងត្រូវបានសាកល្បងនៅផែនដីនេះ ( សូមមើល នីហ្វៃទី២ ២:១១ ) ។ តើទីបំផុតពួកវានឹងត្រូវបានបណ្តេញចេញទៅក្នុងភពងងឹតខាងក្រៅឬទេ ? ប្រាកដណាស់ ។ បន្ទាប់ពីសហស្សវត្សរ៍ សាតាំង និង ពួកពលបរិវាររបស់វានឹងត្រូវបានបណ្តេញចេញជារៀងរហូត ។
សាតាំងដឹងថាពេលវេលារបស់វាមានកំណត់ ។ នៅពេលការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវ សាតាំង និង ពួកទេវតារបស់វានឹងត្រូវបានចងអស់រយៈពេល ១០០០ ឆ្នាំ ( សូមមើល វិវរណៈ ២០:១–៣, នីហ្វៃទី១ ២២:២៦, គ. និង ស. ១០១:២៨ ) ។ នៅពេលថ្ងៃផុតកំណត់នោះមកដល់ ពួកទ័ពរបស់អារក្សកំពុងវាយប្រឆាំងដោយអស់សង្ឃឹម ដើម្បីឆក់យកព្រលឹងមនុស្សឲ្យបានច្រើនតាមដែលវាអាចធ្វើបាន ។
យ៉ូហានជាអ្នកទទួលវិវរណៈត្រូវបានបង្ហាញឲ្យឃើញអំពីសង្គ្រាមនៅស្ថានសួគ៌ ដែលជាផ្នែកមួយនៃការនិមិត្តដ៏ធំ ។ លោកត្រូវបានបង្ហាញឲ្យឃើញ ពីរបៀបដែលសាតាំង ត្រូវបានបណ្តេញចុះមកកាន់ផែនដីដើម្បីល្បួងមនុស្សលោក ។ នេះគឺជាប្រតិកម្មរបស់យ៉ូហាន ៖ « វេទនាដល់ពួកអ្នកដែលនៅលើផែនដី និងសមុទ្រវិញ ពីព្រោះអារក្សបានចុះមកឯអ្នករាល់គ្នា ទាំងមានសេចក្តីឃោរឃៅជាខ្លាំង ដោយវាដឹងថា ពេលវេលាវាខ្លីណាស់ » ( វិវរណៈ ១២:១២ ) ។
ដូច្នោះតើសាតាំងចំណាយពេលវេលាវាយ៉ាងដូចម្តេច ដោយសារវាដឹងថា វាគ្មានពេលសល់ច្រើននោះ ? សាវកពេត្រុសបានសរសេរថា « ព្រោះអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន » ( ពេត្រុសទី១ ៥:៨ ) ។
តើអ្វីទៅដែលជំរុញចិត្តរបស់សាតាំង ? វានឹងគ្មានរូបកាយឡើយ វានឹងគ្មានភរិយា ឬ គ្រួសារទេ ហើយវានឹងគ្មានអំណរដ៏ពោរពេញឡើយ ដូច្នោះវាចង់ឲ្យបុរស និង ស្ត្រីទាំងអស់ « មានទុក្ខវេទនាដូចវាដែរ » ( នីហ្វៃទី២ ២:២៧ ) ។
គោលដៅរបស់អារក្យគឺយកមនុស្សទាំងអស់គ្នា ជាពិសេសគឺអស់អ្នកដែលមានសក្តានុពលច្រើនបំផុត ក្នុងការទទួលបានសុភមង្គលអស់កល្បជានិច្ច ។ វាពិតជាច្រណែននឹងអស់អ្នកដែលកំពុងធ្វើដំណើរនៅលើផ្លូវឆ្ពោះទៅរកភាពតម្កើងឡើង ។ ព្រះគម្ពីរបង្រៀនថា សាតាំង « ធ្វើសង្គ្រាមជាមួយនឹងពួកបរិសុទ្ធនៃព្រះ ហើយព័ទ្ធជុំវិញពួកគេ » ( គ. និង ស. ៧៦:២៩ ) ។
សង្គ្រាមដែលបានចាប់ផ្ដើមនៅលើស្ថានសួគ៌ បន្តមានមកដល់បច្ចុប្បន្ននេះ ។ ប្រាកដណាស់ ចម្បាំងនេះកំពុងប្រែជាតានតឹងឡើង ដោយសារពួកបរិសុទ្ធរៀបចំខ្លួន សម្រាប់ការយាងត្រឡប់មកវិញរបស់ព្រះអង្គសង្គ្រោះ ។
ប្រធាន ព្រិកហាំ យ៉ង់ ( ឆ្នាំ ១៨០១–៧៧ ) បានព្យាករ « ថាសាសានចក្រនេះនឹងរីកសាយ រុងរឿង រីកចម្រើន ហើយកាន់តែធំរីឯអំណាចរបស់សាតាំងក៏កើនឡើងក្នុងកម្រិតដូចគ្នា ដែលដំណឹងល្អនឹងរីកសាយនៅក្នុងចំណោមប្រជាជាតិនៃផែនដីនេះដែរ » ។៣
ខ្ញុំគិតថា អ្នកទាំងអស់យល់ស្របថា ការព្យាករនេះកំពុងបំពេញ នៅពេលយើងឃើញសេចក្តីអាក្រក់បានជ្រៀតចូលក្នុងសង្គមនានានៃពិភពលោកនេះ ។ ប្រធាន យាំង បានបង្រៀនថា យើងត្រូវសិក្សាអំពីល្បិចកលរបស់មារសត្រូវដើម្បីយកឈ្នះលើវា ។ ខ្ញុំសូមចែកចាយយុទ្ធសាស្ត្រជាក់ស្តែងចំនួនបួនរបស់សាតាំង និង យោបល់មួយចំនួនអំពីរបៀបដើម្បីទប់ទល់នឹងយុទ្ធសាស្ត្រទាំងនោះ ។
យុទ្ធសាស្ត្ររបស់សាតាំង
១. ការល្បួង ។ អារក្សវាអង់អាចណាស់ នៅពេលវាដាក់គំនិតទុច្ចរិតនៅក្នុងចិត្តរបស់យើង ។ ព្រះគម្ពីរមរមនបង្រៀនថា សាតាំងខ្សឹបប្រាប់គំនិតដែលមិនស្អាតស្អំ និង មិនល្អ ហើយសាបព្រោះគំនិតដែលមានមន្ទិលសង្ស័យ ។ វាជំរុញចិត្តយើងម្តងហើយម្តងទៀត ឲ្យធ្វើតាមចំណង់ញៀន ហើយរីករាយនឹងភាពអត្មានិយម និងភាពលោភលន់ ។ វាពុំចង់ឲ្យយើងទទួលស្គាល់ថា គំនិតទាំងនេះកើតមកពីណាឡើយ ដូច្នោះវាខ្សឹបប្រាប់ថា « ខ្ញុំមិនមែនជាអារក្សទេ ដ្បិតគ្មានអារក្សឯណា » ( នីហ្វៃទី២ ២៨:២២ ) ។
តើយើងអាចទប់ទល់នឹងការល្បួងផ្ទាល់នេះដោយរបៀបណា ? ឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុតមួយគឺឲ្យសាតាំងចេញឲ្យឆ្ងាយ ។ នោះជាអ្វីដែលព្រះយេស៊ូវបានធ្វើ ។
ដំណើររឿងនៅក្នុងព្រះគម្ពីរសញ្ញាថ្មីស្តីពីព្រះអង្គសង្គ្រោះគង់នៅលើភ្នំនៃការល្បួងគឺមានប្រយោជន៍ណាស់ ។ បន្ទាប់ពីការល្បួងនីមួយៗ ដែលអារក្សបានល្បួងទ្រង់ ព្រះយេស៊ូវបានប្រើស្នៀតការពារពីរជំហាន ៖ ទីមួយ ទ្រង់បានបញ្ជាឲ្យសាតាំងចាកចេញ ហើយក្រោយមកទ្រង់បានដកស្រង់ខគម្ពីរ ។
ខ្ញុំសូមផ្តល់ឧទាហរណ៍មួយដល់អ្នក ៖ ព្រះយេស៊ូវបានបង្គាប់ថា « នែ សាតាំង ចូរឯងថយចេញពីយើងទៅ ដ្បិតមានសេចក្តីចែងទុកមកថា ឯងត្រូវថ្វាយបង្គំដល់ព្រះអម្ចាស់ ជាព្រះនៃឯង ហើយត្រូវគោរពដល់ទ្រង់តែមួយព្រះអង្គប៉ុណ្ណោះ » ( ម៉ាថាយ ៤:១០ ) ។ ខគម្ពីរបន្ទាប់កត់ត្រាថា « ដូច្នេះ អារក្សក៏ថយចេញពីទ្រង់ទៅ រួចមានពួកទេវតាមកបម្រើទ្រង់ » ( ម៉ាថាយ ៤:១១ ) ។ ស្នៀតការពាររបស់ព្រះអង្គសង្គ្រោះមានប្រសិទ្ធភាពណាស់ !
ជីវប្រវត្តិរបស់ប្រធាន ហ៊ីប៊ើរ ចេ ក្រាន្ត ( ១៨៥៦–១៩៤៥ ) ផ្តល់ការយល់ដឹងអំពីរបៀបដែលប្រធាន ក្រាន្ត បានទប់ទល់នឹងអារក្យកាលនៅពីក្មេង ។ នៅពេលប្រធាន ក្រាន្ត បានដឹងថា សាតាំងកំពុងខ្សឹបប្រាប់លោក ដោយព្យាយាមបណ្តុះភាពសង្ស័យនៅក្នុងចិត្តរបស់លោក នោះលោកបាននិយាយដោយស្រួល ហើយខ្លាំងៗថា « អារក្សអើយ ចូរបិទមាត់ឯងទៅ » ។៤
អ្នកមានសិទ្ធប្រាប់សាតាំងឲ្យចាកចេញ នៅពេលអ្នកជួបនឹងការល្បួង ។ ព្រះគម្ពីរបង្រៀនថា « តស៊ូនឹងអារក្សវិញចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាទៅ » ( យ៉ាកុប ៤:៧ ) ។
ស្នៀតការពារផ្សេងទៀតរបស់ព្រះអង្គសង្គ្រោះគឺដកស្រង់ខគម្ពីរ ។ មានអំណាចដ៏ខ្លាំងអស្ចារ្យក្នុងការទន្ទេញខគម្ពីរ ដូចព្រះយេស៊ូវបានធ្វើ ។ ខគម្ពីរអាចក្លាយជាអាវុធគ្រាប់រំសេវខាងវិញ្ញាណ ។
នៅពេលអ្នកត្រូវបានល្បួង នោះអ្នកអាចសូត្របញ្ញត្តិដូចជា « ចូរឲ្យនឹកចាំពីថ្ងៃឈប់សម្រាក ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ ចូរអ្នករាល់គ្នាស្រឡាញ់ពួកខ្មាំងសត្រូវ ឬ សូមឲ្យគុណធម៌តុបតែងគំនិតអ្នក ដោយឥតឈប់ឈរឡើយ » ( និក្ខមនំ ២០:៨, លូកា ៦:២៧, គ. និង ស. ១២១:៤៥ ) ។ អំណាចនៃព្រះគម្ពីរពុំគ្រាន់តែបំភ័យសាតាំងប៉ុណ្ណោះទេ វាថែមទាំងយាងព្រះវិញ្ញាណមកគង់នៅក្នុងចិត្តរបស់យើង បញ្ជាក់ដល់យើង ហើយពង្រឹងយើងប្រឆាំងទាស់នឹងការល្បួងផងដែរ ។
២. ការកុហក និង ការបោកបញ្ឆោត ។ ព្រះគម្ពីរបើកសម្តែងថា សាតាំងគឺជា « បិតានៃសេចក្តីកុហក » ( នីហ្វៃទី២ ៩:៩ ) ។ ចូរកុំជឿវា នៅពេលវាខ្សឹបសារដូចជា « អ្នកមិនធ្លាប់ធ្វើអ្វីដែលត្រឹមត្រូវឡើយ អ្នកមានអំពើបាបខ្លាំងដែលមិនអាចអភ័យទោសឲ្យបានឡើយ អ្នកនឹងមិនផ្លាស់ប្តូរឡើយ គ្មាននរណាម្នាក់ខ្វល់ខ្វាយនឹងអ្នកទេ និង អ្នកគ្មានទេពកោសល្យអ្វីឡើយ » ។
ការកុហកផ្សេងទៀតដែលវាប្រើជារឿយៗនោះមានដូចជា « យ៉ាងហោចណាស់ អ្នកត្រូវសាកល្បងអ្វីៗគ្រប់យ៉ាង សូម្បីតែម្តងក៏បានដែរ—ដើម្បីទទួលបានបទពិសោធន៍ពីវា ។ ធ្វើវាតែម្តងវានឹងមិនធ្វើឲ្យអ្នកគ្រោះថ្នាក់ទេ » ។ រឿងសម្ងាត់ថោកទាបដែលវាពុំចង់ឲ្យអ្នកដឹងនោះគឺថា អំពើបាបគឺញៀន ។
ការកុហកដ៏មានប្រសិទ្ធភាពផ្សេងទៀត ដែលសាតាំងនឹងព្យាយាមប្រាប់អ្នកនោះគឺបែបនេះ ៖ « មនុស្សគ្រប់គ្នាធ្វើរឿងហ្នឹង ។ វាមិនអីទេ » ។ វាមិនមែនអត់បញ្ហានោះទេ ! ដូច្នេះសូមប្រាប់ទៅអារក្សវិញថា អ្នកមិនចង់ទៅនគរទេឡេស្ទាល—បើទោះបីជាមនុស្សផ្សេងទៀតនឹងទៅនគរនោះក្តី ។
ទោះបីជាសាតាំងនឹងកុហកអ្នកក្តី អ្នកអាចពឹងផ្អែកលើព្រះវិញ្ញាណឲ្យប្រាប់អ្នកអំពីសេចក្តីពិត ។ មូលហេតុនោះហើយដែល អំណោយទានព្រះវិញ្ញាណបរិសុទ្ធចាំបាច់ខ្លាំងណាស់ ។
អារក្សត្រូវបានហៅថា « អ្នកបោកបញ្ឆោតដ៏អស្ចារ្យ » ។៥ វាព្យាយាមក្លែងបន្លំគ្រប់គោលការណ៍ពិតទាំងអស់ ដែលព្រះអង្គសង្គ្រោះបានបង្ហាញ ។
ចូរចងចាំថា ការក្លែងបន្លំពុំដូចគ្នានឹងការផ្ទុយឡើយ ។ ពណ៌-សផ្ទុយនឹងពណ៌ខ្មៅ ប៉ុន្តែការក្លែងបន្លំរបស់ពណ៌-ស អាចជាពណ៌រាងស ឬ ពណ៌ប្រផេះ ។ ការក្លែងបន្លំមានលក្ខណៈប្រហាក់ប្រហែលនឹងការពិត ដើម្បីបោកបញ្ឆោតមនុស្សដែលគ្មានការសង្ស័យ ។ វាជាអ្វីដែលស្រដៀងនឹងវត្ថុល្អៗ ហើយដូចជាក្រដាសប្រាក់ក្លែងក្លាយដែរ វាគ្មានតម្លៃអ្វីទាំងអស់ ។ ខ្ញុំសូមបង្ហាញដល់អ្នក ។
ការក្លែងបន្លំមួយរបស់សាតាំងអំពីសេចក្តីជំនឿនោះគឺការជឿបែកឆ្វេង ។ ការក្លែងបន្លំរបស់វាអំពីសេចក្តីស្រឡាញ់នោះគឺតម្រេកសម្រើប ។ វាក្លែងបន្លំពួកបព្វជិតភាពដោយការណែនាំអំពី ឧបាយកល្បផ្នែកសង្ឃ ហើយវាក្លែងធ្វើត្រាប់តាមអព្ភូតហេតុរបស់ព្រះតាមមធ្យោបាយនៃពួកអាបធ្មប់ ។
អាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និងស្ត្រីម្នាក់ត្រូវបានតែងតាំងឡើងដោយព្រះ ប៉ុន្តែអាពាហ៍ពិពាហ៍ភេទដូចគ្នាគឺគ្រាន់តែជាការក្លែងបន្លំតែប៉ុណ្ណោះ ។ វាពុំបង្កើតឲ្យមានកូនចៅ និង ភាពតម្កើងឡើងឡើយ ។ ទោះបីជាការក្លែងធ្វើតាមរបស់វា បោកបញ្ឆោតមនុស្សជាច្រើនក្តី អ្វីទាំងនោះពុំមែនជាការពិតឡើយ ។ វាពុំអាចនាំមកនូវសុភមង្គលដ៏នៅអស់កល្បជានិច្ចបានឡើយ ។
ព្រះបានព្រមានយើងអំពីការក្លែងបន្លំនៅក្នុងគោលលទ្ធិ និង សេចក្តីសញ្ញា ។ ទ្រង់មានបន្ទូលថា « អ្វីដែលពុំបានស្អាងឡើង នោះពុំមែនមកពីព្រះទេ តែមកពីសេចក្ដីងងឹតវិញ » ( គ. និង ស. ៥០:២៣ ) ។
៣. ការទាស់ទែងគ្នា ។ សាតាំងគឺជាបិតានៃការទាស់ទែងគ្នា ។ ព្រះអង្គសង្គ្រោះបង្រៀនថា « វាចាក់រុកចិត្តមនុស្ស ឲ្យមានកំហឹងទាស់ទែងនឹងគ្នាទៅវិញទៅមក » ( នីហ្វៃទី ៣ ១១:២៩ ) ។
អារក្សបានដឹងពីបទពិសោធន៍ជាច្រើនសតវត្សរ៍ហើយថា ទីណាមានការទាស់ទែងគ្នា នោះព្រះវិញ្ញាណនៃព្រះអម្ចាស់នឹងយាងចេញពីទីនោះ ។ តាំងពីវាបានល្បួងកាអ៊ីន ឲ្យសម្លាប់ អេបិលមក សាតាំងមានឥទ្ធិពលលើជម្លោះរវាងបងប្អូនបង្កើត ។ វាក៏ចាក់រុកឲ្យមានបញ្ហានៅក្នុងអាពាហ៍ពិពាហ៍ ក្នុងចំណោមសមាជិកវួដ និង ដៃគូអ្នកផ្សព្វផ្សាយសាសនា ។ វារីករាយដើម្បីឃើញមនុស្សល្អៗឈ្លោះគ្នា ។ វាព្យាយាមចាប់ផ្តើមឲ្យគ្រួសារមានជម្លោះពីមុនទៅព្រះវិហារនៅថ្ងៃអាទិត្យ ពីមុនរាត្រីជួបជុំក្រុមគ្រួសារនាយប់ថ្ងៃច័ន្ទ និង គ្រប់ពេលដែលគូស្វាមី ភរិយាគ្រោងទៅចូលរួមសម័យប្រជុំនៅព្រះវិហារបរិសុទ្ធ ។ ពេលវេលារបស់វាអាចទាយទុកជាមុនបាន ។
នៅពេលមានជម្លោះនៅក្នុងផ្ទះ ឬ កន្លែងធ្វើការរបស់អ្នក ចូរឈប់ជាបន្ទាន់នូវអ្វីដែលអ្នកកំពុងធ្វើ ហើយព្យាយាមផ្សះផ្សាគ្នាវិញ ។ វាពុំសំខាន់ថានរណាជានាំអាទិ៍នោះឡើយ ។
ជារឿយៗជម្លោះកើតឡើងមកពីការស្វែងរកកំហុសគ្នា ។ យ៉ូសែប ស៊្មីធ បានបង្រៀនថា « អារក្សបញ្ជោរយើងថា យើងសុចរិតណាស់ នៅពេលយើងផ្តោតលើកំហុសរបស់មនុស្សដទៃនោះ » ។៦ នៅពេលអ្នកគិតអំពីវា នោះការគិតថាខ្លួនសុចរិតគឺគ្រាន់តែជាការក្លែងបន្លំអំពីសេចក្តីសុចរិតពិតប្រាកដប៉ុណ្ណោះ ។
សាតាំងចូលចិត្តធ្វើឲ្យការទាស់ទែងគ្នារីករាលដាលនៅក្នុងសាសនាចក្រ ។ វាជំនាញក្នុងការចង្អុលឲ្យឃើញកំហុសរបស់ថ្នាក់ដឹកនាំសាសនាចក្រ ។ យ៉ូសែប ស៊្មីធ បានព្រមានពួកបរិសុទ្ធថា ការចាប់ផ្តើមទៅរកការក្បត់សាសនាគឺ ការបាត់បង់ទំនុកចិត្តលើថ្នាក់ដឹកនាំសាសនាចក្រ ។៧
ឯកសាររបស់ពួកប្រឆាំងនឹងពួកមរមនភាគច្រើន ផ្តោតទៅលើការកុហកអំពីអត្តចរិតរបស់ យ៉ូសែប ស៊្មីធ ។ មារសត្រូវខិតខំយ៉ាងខ្លាំងដើម្បីបន្ទាបបន្ថោកកិត្តិយសរបស់យ៉ូសែប ព្រោះសារលិខិតនៃការស្តារឡើងវិញ ផ្អែកទៅលើដំណើររឿងរបស់ព្យាការី ស្តីពីអ្វីដែលបានកើតឡើងនៅក្នុងព្រៃពិសិដ្ឋ ។ អារក្សកំពុងខិតខំកាន់តែខ្លាំងឡើងនាពេលបច្ចុប្បន្ននេះ ជាងពេលមុនៗទៅទៀត ដើម្បីធ្វើឲ្យសមាជិកមានចម្ងល់អំពីទីបន្ទាល់របស់ពួកគេអំពីការស្តារឡើងវិញ ។
នៅជំនាន់ដំបូងនៃការកាន់កាប់ត្រួតត្រារបស់យើងនេះ ពួកបងប្អូនប្រុសកាន់បព្វជិតភាពមួយចំនួនមានវិប្បដិសារីដែល ពុំបានបន្តស្មោះត្រង់ចំពោះព្យាការី ។ ក្នុងចំណោមនោះមានម្នាក់ឈ្មោះ ឡៃម៉ាន អ៊ី ចនសុន ដែលត្រូវបានកាត់កាលចេញពីសាសនាចក្រដោយសារតែទង្វើដែលឥតសុចរិត ។ ក្រោយមកដោយត្រូវចេញពីសាសនាចក្រ គាត់បានទួញយំដូច្នេះថា ៖ « ខ្ញុំស៊ូនឹងកាត់ដៃស្តាំរបស់ខ្ញុំបោះចោល ប្រសិនបើខ្ញុំនឹងជឿវាម្តងទៀត ។ ពីមុនខ្ញុំពោរពេញដោយអំណរ និង ភាពរីករាយ ។ ខ្ញុំមានសុបិនគួរឲ្យពេញចិត្តណាស់ ។ នៅពេលខ្ញុំក្រោកពីដំណេកពេលព្រឹកឡើង វិញ្ញាណរបស់ខ្ញុំមានក្តីរីករាយ ។ ខ្ញុំមានចិត្តសប្បាយទាំងយប់ទាំងថ្ងៃ ពោរពេញដោយភាពសុខសាន្ត និង អំណរ ព្រមទាំងមានអំណរគុណ ។ ប៉ុន្តែឥឡូវនេះវាប្រែជាងងឹតសូន្យឈឹង មានតែការឈឺចាប់ សោកសៅ វេទនាជាខ្លាំងពន់ពេក ។ ព្រោះខ្ញុំពុំដែលបានយល់ពីគ្រារីករាយឡើយ » ។៨
សូមគិតអំពីពាក្យសម្តីទាំងនោះ ។ ពាក្យសម្តីទាំងនោះគួរតែជា ការព្រមានមួយដល់សមាជិកសាសនាចក្រទាំងអស់ ។
ខ្ញុំជាអ្នកប្រែចិត្តជឿចូលសាសនាចក្រ ។ ខ្ញុំបានជ្រមុជទឹកកាលខ្ញុំអាយុ ២៣ ឆ្នាំ ជាយុវមជ្ឈិមវ័យដែលកំពុងរៀនផ្នែកវេជ្ជសាស្ត្រនៅ រដ្ឋ អារីហ្សូណា ស.រ.អា. ។ ខ្ញុំដឹងជាមុនអំពីរបៀបដែលសាតាំងល្បួងសាសនាគន់ការី ឲ្យយល់ច្រឡំ និង បំបាក់ទឹកចិត្តពួកគេ នៅពេលពួកគេកំពុងស្វែងរកសេចក្តីពិត ។
ក្នុងអំឡុងពេលយុវវ័យរបស់ខ្ញុំ ខ្ញុំបានមើលគំរូជាច្រើនរបស់មិត្តភក្តិដែលជាពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ខ្ញុំមានការកោតសរសើរចំពោះរបៀបដែលពួកគេបានប្រព្រឹត្តនៅក្នុងជីវិតរបស់ខ្លួន ។ ខ្ញុំបានសម្រេចចិត្តរៀនបន្ថែមទៀតអំពីសាសនាចក្រ ប៉ុន្តែខ្ញុំពុំចង់ប្រាប់នរណាម្នាក់ថា ខ្ញុំកំពុងរៀនអំពីសាសនាពួកមរមនឡើយ ។ ដើម្បីគេចពីសម្ពាធផ្លូវចិត្តពីសំណាក់មិត្តភក្តិរបស់ខ្ញុំ នោះខ្ញុំបានសម្រេចចិត្តធ្វើការស្រាវជ្រាវអំពីសាសនានេះតែម្នាក់ឯង ។
រឿងនេះកើតឡើងជាច្រើនឆ្នាំមុនមានអ៊ិនធើរណែត ដូច្នេះខ្ញុំបានទៅបណ្ណាល័យសាធារណៈ ។ ខ្ញុំបានឃើញព្រះគម្ពីរមរមនមួយក្បាល និង សៀវភៅមួយក្បាលទៀតដែលមានចំណងជើងថា A Marvelous Work and a Wonder ដែលនិពន្ធដោយអែលឌើរ ឡឺហ្គ្រង់ រីឆាដ ( ១៨៨៦–១៩៨៣ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ ខ្ញុំបានចាប់ផ្តើមអានសៀវភៅទាំងនេះដោយមានបំណងប្រាថ្នាយ៉ាងខ្លាំង ហើយខ្ញុំបានឃើញថាសៀវភៅទាំងនោះបំផុសគំនិតខ្ញុំ ។
អំឡុងពេលដែលចិត្តរបស់ខ្ញុំចង់រៀនបន្ថែមទៀតនោះ សាតាំងបានចាប់ផ្តើមខ្សឹបដាក់ត្រចៀកខ្ញុំ ។ វាបានប្រាប់ខ្ញុំថា ដើម្បីមានភាពត្រឹមត្រូវទាំងស្រុង នោះខ្ញុំត្រូវតែអានឯកសារនានាដែលពួកអ្នករិះគន់អំពីសាសនាចក្រនេះបានសរសរផងដែរ ។ ខ្ញុំបានត្រឡប់ទៅបណ្ណាល័យសាធារណៈនោះវិញ ហើយចាប់ផ្តើមរកមើលឯកសារទាំងនោះ ។ ប្រាកដណាស់ ខ្ញុំបានរកឃើញសៀវភៅមួយដែលបានសរសេរបន្ទាបបន្ថោកកិត្តិយសរបស់ យ៉ូសែប ស្ម៊ីធ ។
ការអានសៀវភៅដែលប្រឆាំងនឹងពួកមរមននោះបានធ្វើឲ្យខ្ញុំមានចិត្តច្របូកច្របល់ ។ ខ្ញុំបានបាត់បង់វិញ្ញាណ និង ឥទ្ធិពលផ្អែមល្ហែម ដែលបានដឹកនាំក្នុងការស្រាវជ្រាវរបស់ខ្ញុំនោះ ។ ខ្ញុំប្រែជាមានចិត្តស្មុគស្មាញ ហើយស្ទើរតែបោះបង់ការស្វែងរកសេចក្តីពិតរបស់ខ្ញុំចោល ។ ខ្ញុំបានអធិស្ឋានទូលសូមចម្លើយ អំឡុងពេលអានឯកសារដែលសរសេរប្រឆាំងនឹងពួកមរមននោះ ។
ខ្ញុំមានការភ្ញាក់ផ្អើលណាស់ មិត្តភក្តិរបស់ខ្ញុំកាលរៀននៅវិទ្យាល័យបានទូរសព្ទមកខ្ញុំ ដែលពេលនោះគាត់កំពុងរៀននៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ។ នាងបានអញ្ជើញខ្ញុំឲ្យទៅសួរសុខទុក្ខនាងនៅរដ្ឋ យូថាហ៍ ដោយសន្យាថាខ្ញុំនឹងចូលចិត្តការធ្វើដំណើរមើលទេសភាពដ៏ស្អាតនោះ ។ នាងពុំដឹងសោះថា ខ្ញុំកំពុងសិក្សាអំពីសាសនាចក្ររបស់នាងដោយសម្ងាត់នោះឡើយ ។
ខ្ញុំបានព្រមទទួលការអញ្ជើញនោះ ។ មិត្តរបស់ខ្ញុំបានផ្តល់យោបល់ថា យើងទៅទីក្រុង សលត៍ លេក ដើម្បីទៅលេង វិសាលដ្ឋាននៃព្រះវិហារបរិសុទ្ធ ។ គាត់មានចិត្តរំភើប ចំពោះចម្លើយដ៏រំភើបរីករាយរបស់ខ្ញុំ ។ នាងពុំដឹងថាខ្ញុំចាប់អារម្មណ៍ខ្លាំងប៉ុណ្ណាឡើយ ក្នុងការរៀនសេចក្តីពិតអំពី យ៉ូសែប ស៊្មីធ និង ការស្តារឡើងវិញ ។
ស៊ិស្ទើរ ដែលជាអ្នកផ្សព្វផ្សាយសាសនានៅ វិសាលដ្ឋាននៃព្រះវិហារបរិសុទ្ធពិតជាជំនួយដ៏ធំ ។ ពួកគេបានឆ្លើយសំណួរជាច្រើនដែលខ្ញុំមាន ដោយពុំបានរពឹងទុក ។ ទីបន្ទាល់របស់ពួកគេមានឥទ្ធិពលលើខ្ញុំចំពោះ « សង្ស័យមន្ទិល [ របស់ខ្ញុំ ] »៩ ហើយសេចក្តីជំនឿរបស់ខ្ញុំបានចាប់ផ្តើមរីកចម្រើនឡើង ។ អំណាចនៃទីបន្ទាល់ដ៏ស្មោះសរ ពុំអាចត្រូវបានមើលស្រាលបានឡើយ ។
មិត្តរបស់ខ្ញុំក៏បានចែកចាយទីបន្ទាល់របស់នាងដល់ខ្ញុំ ហើយបានអញ្ជើញខ្ញុំឲ្យអធិស្ឋាន រួចសួរដល់ព្រះ ថាតើសាសនាចក្រនេះពិតដែរឬទេ ។ នៅតាមផ្លូវពេលជិះឡានត្រឡប់មករដ្ឋ អារីហ្សូណា វិញ ខ្ញុំបានចាប់ផ្តើមអធិស្ឋានដោយសេចក្តីជំនឿ—ជាលើកដំបូង « ដោយចិត្តស្មោះសរ គឺដោយស្មោះអស់ពីចិត្ត » ( មរ៉ូណៃ ១០:៤ ) ។ នៅពេលធ្វើដំណើរនោះ ឡានរបស់ខ្ញុំទាំងមូលហាក់បីដូចជាពោរពេញដោយពន្លឺ ។ ខ្ញុំបានរៀនដោយខ្លួនឯងថា ពន្លឺអាចបណ្តេញនូវភាពងងឹតចេញ ។
បន្ទាប់មកខ្ញុំបានសម្រេចចិត្តជ្រមុជទឹក អារក្សបានដាក់ឧបសគ្គជាលើកចុងក្រោយមួយទៀត ។ វាបានចាក់រុកគ្រួសាររបស់ខ្ញុំ ធ្វើឲ្យពួកគេធ្វើអ្វីគ្រប់យ៉ាងក្នុងអំណាចរបស់ពួកគេ ដើម្បីបង្អាក់ចិត្តខ្ញុំ ហើយពួកគេបដិសេធមិនចូលរួមពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំឡើយ ។
ទោះជាយ៉ាងណា ខ្ញុំបានជ្រមុជទឹក ហើយដោយសន្សឹមៗ ពួកគេបានទន់ចិត្ត ។ ពួកគេបានជួយខ្ញុំស្វែងរកពង្សប្រវត្តិរបស់ខ្ញុំ ។ ពីរបីឆ្នាំក្រោយមក ខ្ញុំបានជ្រមុជទឹកប្អូនប្រុសរបស់ខ្ញុំ ។ ឥឡូវនេះ មិត្តភក្តិដែលបានអញ្ជើញខ្ញុំឲ្យទៅសួរសុខទុក្ខនាងនៅរដ្ឋ យូថាហ៍ក្លាយជាភរិយារបស់ខ្ញុំ ។
៤. ការបាក់ទឹកចិត្ត ។ សាតាំងប្រើឧបករណ៍នេះយ៉ាងមានប្រសិទ្ធភាពលើពួកបរិសុទ្ធស្មោះត្រង់ជាច្រើន នៅពេលវិធីផ្សេងៗទៀតបរាជ័យ ។ សម្រាប់ខ្ញុំ នៅពេលខ្ញុំចាប់ផ្តើមមានអារម្មណ៍បាក់ទឹកចិត្ត នោះខ្ញុំបានគិតថាតើនរណាដែលកំពុងព្យាយាមធ្វើឲ្យខ្ញុំបាក់ទឹកចិត្ត ។ ការធ្វើបែបនេះធ្វើឲ្យខ្ញុំមានចិត្តរីករាយឡើង—គឺគ្រាន់តែធ្វើឡើងដើម្បីស្អប់ខ្ពើមអារក្សប៉ុណ្ណោះ ។
ជាច្រើនឆ្នាំកន្លងមកហើយ ប្រធាន ប៊ែនសឹន បានថ្លែងសុន្ទរកថាមួយដែលមានចំណងជើងថា « ចូរកុំអស់សង្ឃឹម »។ នៅក្នុងសុន្ទរកថាដ៏ច្បាស់លាស់នោះ លោកបានព្រមានថា « សាតាំងកំពុងបង្កើនការព្យាយាមយកឈ្នះលើពួកបរិសុទ្ធដោយធ្វើឲ្យពួកគេអស់សង្ឃឹម បាក់ទឹកចិត្ត រងទុក្ខ និង គ្រាំគ្រាក្នុងចិត្ត » ។១០ ប្រធាន ប៊ែនសឹន បានជំរុញឲ្យសមាជិកសាសនាចក្រប្រុងប្រយ័ត្ន ហើយលោកបានផ្តល់យោបល់ច្បាស់ៗចំនួន ១២ ដើម្បីទប់ទល់នឹងការបាក់ទឹកចិត្ត ។
យោបល់របស់លោករួមមាន ការបម្រើអ្នកដទៃ ខិតខំធ្វើការងារ និង ចៀសវាងពីភាពខ្ជិលច្រអូស អនុវត្តទម្លាប់ដែលនាំឲ្យមានសុខភាពល្អ ដែលរួមមានដូចជា ការហាត់ប្រាណ និង ការបរិភោគអាហារធម្មជាតិ ការសុំការប្រសិទ្ធពរបព្វជិតភាព ការស្តាប់តន្ត្រីដែលបំផុសគំនិត ការរាប់ព្រះពររបស់អ្នក និង ការដាក់គោលដៅនានា ។ ក្រៅពីនោះទៀត ដូចព្រះគម្ពីរបង្រៀន យើងត្រូវអធិស្ឋានជានិច្ច ប្រយោជន៍ឲ្យយើងអាចយកឈ្នះលើអារក្សសាតាំងបាន ( សូមមើល គ. និង ស. ១០:៥ ) ។១១
សាតាំងញាប់ញ័រនៅពេលវាឃើញ
ពួកបរិសុទ្ធដែលទន់ខ្សោយបំផុតលុតជង្គង់ចុះអធិស្ឋាន ។១២
វាជាការសំខាន់ដើម្បីដឹងថា អំណាចរបស់សាតាំងមានដែនកំណត់ ។ ក្រុមព្រះកំណត់ពីដែនកំណត់ទាំងនោះ ហើយសាតាំងពុំត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ដែនកំណត់នោះឡើយ ។ ឧទាហរណ៍ ព្រះគម្ពីរបញ្ជាក់ដល់យើងថា « អំណាចពុំបានប្រទានឲ្យអារក្សសាតាំង ដើម្បីទៅល្បួងកូនក្មេងតូចទេ » ( គ. និង ស. ២៩:៤៧ ) ។
ដែនកំណត់សំខាន់មួយផ្សេងទៀតគឺថា សាតាំងពុំដឹងអំពីគំនិតរបស់យើង លុះត្រាណាយើងប្រាប់វាអំពីគំនិតនោះ ។ ព្រះអម្ចាស់បានពន្យល់ថា « គ្មាននរណាឡើយក្រៅពីព្រះដែលជ្រាបនូវគំនិតរបស់អ្នក និងបំណងដែលនៅក្នុងចិត្តរបស់អ្នកនោះទេ » ( គ. និង ស. ៦:១៦ ) ។
ប្រហែលនោះគឺជាមូលហេតុដែលព្រះអម្ចាស់បានប្រទានបញ្ញត្តិដល់យើងដូចជា « ចូរកុំរអ៊ូរទាំឡើយ » ( គ. និង ស. ៩:៦ ) ហើយ « កុំឲ្យនិយាយអាក្រក់ពីអ្នកជិតខាងខ្លួនឲ្យសោះ ឬធ្វើទុក្ខអ្វីដល់គាត់ឡើយ » ( គ. និង ស. ៤២:២៧ ) ។ ប្រសិនបើអ្នកអាចរៀនទប់អណ្តាតរបស់អ្នក ( សូមមើល យ៉ាកុប ១:២៦ ) នោះអ្នកនឹងពុំភ្លយមាត់ផ្តល់ព័ត៌មានច្រើនដល់សាតាំងឡើយ ។ នៅពេលវាឮការរអ៊ូរទាំ ការត្អូញត្អែរ និង ការរិះគន់ នោះវាកត់ត្រារឿងទាំងនោះយ៉ាងយកចិត្តទុកដាក់ ។ ពាក្យសម្តីអវិជ្ជមានរបស់អ្នកបង្ហាញពីភាពទន់ខ្សោយរបស់អ្នកដល់មារសត្រូវ ។
ខ្ញុំមានដំណឹងល្អមួយសម្រាប់អ្នក ។ កងទ័ពរបស់ព្រះមានច្រើនជាងកងទ័ពរបស់លូស៊ីហ្វើរ ។ អ្នកអាចមើលជុំវិញខ្លួនអ្នក ហើយគិតថា « ពិភពលោកនេះកំពុងប្រែកាន់តែទុច្ចរិតខ្លាំងឡើងៗ ។ សាតាំងត្រូវតែឈ្នះសង្គ្រាមនេះ » ។ ចូរកុំឲ្យវាបំភាន់អ្នកឡើយ ។ សេចក្តីពិតនោះគឺថាយើងមានចំនួនច្រើនជាងពួកមារសត្រូវ ។ សូមចាំអំពីកូនចៅពីរភាគបីរបស់ព្រះ ដែលបានជ្រើសរើសផែនការរបស់ព្រះវរបិតា ។
បងប្អូនប្រុសស្រី សូមប្រាកដថាអ្នកកំពុងតយុទ្ធនៅខាងរបស់ព្រះអម្ចាស់ ។ សូមប្រាកដថា អ្នកកំពុងកាន់ដាវនៃព្រះវិញ្ញាណ ។
ខ្ញុំសូមអធិស្ឋានថា នៅចុងបញ្ចប់នៃជីវិតរបស់អ្នក អ្នកអាចនិយាយដូចសាវកប៉ុលនិយាយថា « ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានរត់ប្រណាំងជាស្រេច ខ្ញុំបានរក្សាសេចក្តីជំនឿទៅហើយ » ( ធីម៉ូថេទី២ ៤:៧ ) ។