តើខ្ញុំអាចសិក្សានៅក្នុង គំនិត និងនៅក្នុង ចិត្តខ្ញុំយ៉ាងដូចម្ដេច ?
ស្វែងយល់អំពីអ្វីដែលអ្នកអាចធ្វើ ពេលអ្នកមានសំណួរ ។
តើអ្នកគួរធ្វើដូចម្តេច នៅពេលអ្នកមានសំណួរអំពីគោលលទ្ធិ ប្រវត្តិសាស្ត្រ ឬ សំណួរផ្ទាល់ខ្លួននោះ ? តើអ្នករកចម្លើយយ៉ាងដូចម្ដេច ? ព្រះអម្ចាស់សន្យាថា « យើងនឹងប្រាប់អ្នកនៅក្នុងគំនិតរបស់អ្នក និងនៅក្នុងចិត្តរបស់អ្នកដោយព្រះវិញ្ញាណបរិសុទ្ធ » ( គ. និង ស. ៨:២ ) ។ តើអ្នកប្រើគំនិត និង ចិត្តរបស់អ្នកយ៉ាងដូចម្តេច ដើម្បីទទួលស្គាល់ការបំផុតគំនិតនោះ ? នេះគឺជាគំនិតមួយចំនួន ។
គំនិត
សិក្សា អធិស្ឋាន ស្តាប់
អែលឌើរ រ៉ូបឺត ឌី ហែល ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍ថា ពេលយើងកំពុងធ្វើ « ការសម្រេចចិត្តសំខាន់ៗ…នោះព្រះវរបិតាសួគ៌រំពឹងឲ្យយើងប្រើប្រាស់ សិទ្ធិជ្រើសរើសរបស់យើង សិក្សាពីស្ថានភាពនោះក្នុងគំនិតយើងស្របទៅតាមគោលការណ៍ដំណឹងល្អ ហើយយកការសម្រេចចិត្តនោះថ្វាយដល់ទ្រង់នៅក្នុងការអធិស្ឋាន » ( « The Holy Ghost » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ១០៥ ) ។
រឿងនេះវាអនុវត្តដូចគ្នាទៅនឹងគ្រប់សំណួរទាំងអស់ ។ នៅពេលអ្នកសិក្សា សូមអធិស្ឋានដោយចិត្តស្មោះអំពីចម្លើយដែលអ្នកនឹងរកឃើញនាពេលខាងមុខ ។ ព្រះវិញ្ញាណបរិសុទ្ធនឹងបំផុសគំនិតអ្នក—ទោះជាតាមរយៈគំនិត ពាក្យសម្តីនៅក្នុងគំនិតអ្នក ឬ ការរំឭកផ្ទាល់ខ្លួនផ្សេងទៀតក្តី—ដើម្បីដឹកនាំអ្នកទៅរកចម្លើយដែលអ្នកត្រូវការនាពេលខាងមុខ ។
ប្រើធនធាននានា
ស្វែងរកខគម្ពីរ រួមទាំងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ និង ជំនួយសិក្សាផ្សេងទៀត ។ អ្នកក៏អាចស្វែងរកធនធាន អិល.ឌី.អេស. ផ្សេងទៀតផងដែរ ដូចជា សុន្ទរកថាសន្និសីទទូទៅ ប្រធានបទដំណឹងល្អនៅលើគេហទំព័រ LDS.org ទស្សនាវដ្តីសាសនាចក្រ Joseph Smith Papers Project និង ធនធានជាច្រើនទៀត ។ ( សូមមើលទំព័រ ៥៤ សម្រាប់បញ្ជីធនធានសាសនាចក្រសំខាន់ៗ ) ។
និយាយអំពីវា
សូមកុំខ្លាចដើម្បីសុំជំនួយឡើយ ។ អែលឌើរ រ៉ូណល អេ រ៉ាសបាន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានលើកទឹកចិត្តថា « ខ្ញុំនឹងផ្តល់ការអញ្ជើញមួយដល់អ្នក ។… អ្នកត្រូវគិតអំពីមនុស្សម្នាក់ [ ដែលអាចជួយអ្នកឲ្យស្វែងរកចម្លើយ ]—ជាមិត្តភក្តិដែលទុកចិត្ត ឪពុកម្ដាយ យាយតា គ្រូបង្រៀន គណៈប៊ីស្សព [ ឬ ] អ្នកផ្តល់ប្រឹក្សា ។… —ហើយអ្នកនឹងទទួលបានចម្លើយដែលអ្នកត្រូវការ » ( ការចាក់ផ្សាយកម្មវិធី Face to Face ថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១៦ ) ។ សូមសាកល្បងវា ! សូមនិយាយជាមួយនរណាម្នាក់ដែលអ្នកទុកចិត្តអំពីសំណួរដែលអ្នកមាន ហើយរកចម្លើយនោះជាមួយគ្នា ។
ចិត្ត
សិក្សា អធិស្ឋាន ស្តាប់
ជំហានទាំងនេះមានសារៈសំខាន់ក្នុងការពិចារណាទាំងនៅក្នុងគំនិត និង ចិត្តរបស់អ្នក ។ ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធានទីមួយ បានមានប្រសាសន៍ថា « ប្រសិនបើអ្នកចង់ស្គាល់សេចក្ដីពិតខាងវិញ្ញាណ អ្នកត្រូវប្រើឧបករណ៍ត្រឹមត្រូវ ។ អ្នកពុំអាចបង្កើនការយល់ពីសេចក្ដីពិតខាងវិញ្ញាណដោយឧបករណ៍ដែលពុំអាចរកឃើញភស្ដុតាងបាននោះទេ » ( « Receiving a Testimony of Light and Truth » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ២២ ) ។ ព្រះវិញ្ញាណបរិសុទ្ធជាឧបករណ៍ ដែលយើងប្រើដើម្បីរៀនអំពីរឿងខាងវិញ្ញាណ ។ ដូច្នេះនៅពេលអ្នកអធិស្ឋាន និង ស្តាប់តាមព្រះវិញ្ញាណ នៅពេលណាមួយនោះអ្នកនឹងអាចរកឃើញចម្លើយ ។
ចូរអត់ធ្មត់
ប្រធាន អុជដូហ្វ ក៏បានពន្យល់ផងដែរថា « ដរាបណាយើងកាន់តែបែរចិត្ត និងគំនិតយើងទៅរកព្រះ ដរាបនោះពន្លឺសា្ថនសួគ៌នឹងកាន់តែបំភ្លឺដល់ព្រលឹងយើងកាន់តែខ្លាំង ។… ដំបូងឡើយ រឿងទាំងឡាយដែលទំនងជាស្រពេចស្រពិល ងងឹត ហើយដាច់ស្រយាល វាបានប្រែទៅជាច្បាស់ មានរស្មី ហើយយើងអាចយល់បានបន្តិចម្ដងៗ » ( « Receiving a Testimony of Light and Truth » ទំព័រ ២២ ) ។ ការស្វែងរកចម្លើយ អាចជាដំណើរការដ៏យូរអង្វែង ។ ប៉ុន្តែប្រសិនបើអ្នកមានឆន្ទៈស្តាប់ ដើម្បីរកចម្លើយ ទោះបីវាត្រូវចំណាយពេលច្រើនក្តី អ្នកនឹងរកឃើញចម្លើយទាំងនោះ ។
អនុវត្តការទទួលស្គាល់ការបំផុសគំនិត
ដរាបណាអ្នកទទួលស្គាល់ការបំផុសគំនិត ហើយមានឆន្ទៈដើម្បីធ្វើតាម ពេលព្រះវិញ្ញាណខ្សឹបប្រាប់ចិត្តអ្នក ដរាបនោះវាកាន់តែងាយស្រួលទទួលស្គាល់ការបំផុសគំនិតបន្ថែមទៀតនាពេលខាងមុខ ។ អ្នកអាច « មានអារម្មណ៍ថាការណ៍នោះត្រឹមត្រូវ » ឬ មានអារម្មណ៍ថា « អាប់គំនិត » ប្រសិនបើវាខុស ( សូមមើល គ. និង ស. ៩:៨–៩ ) ។ អ្នកក៏អាចមានអារម្មណ៍រំឭកដ៏ស្រទន់ អារម្មណ៍នៃភាពសុខសាន្ត ឬ អារម្មណ៍ផ្សេងទៀតដែលពិសេសចំពោះអ្នក ។ ព្រះអម្ចាស់ស្គាល់អ្នក ហើយទ្រង់ជ្រាបដឹងពីរបៀបដែលអ្នកនឹងយល់អំពីព្រះវិញ្ញាណ ។ ទ្រង់នឹងប្រទានការណែនាំដ៏ជាទីពេញចិត្តដែលពិសេសចំពោះអ្នក ។ ដូច្នេះសូមបន្តស្តាប់ ហើយបន្តអនុវត្តតាម ។