រៀបចំខ្លួនសម្រាប់ ព្រះវិហារបរិសុទ្ធ រៀងរាល់ថ្ងៃ
កាលខ្ញុំមានអាយុប្រាំបួនឆ្នាំ ខ្ញុំមានគ្រូបង្រៀនថ្នាក់បឋមសិក្សាដ៏អស្ចារ្យម្នាក់ឈ្មោះ កូល័រ ។ ខ្ញុំអៀនច្រើនណាស់ ហើយគាត់សុភាពរាបសា ដែលធ្វើឲ្យខ្ញុំចូលចិត្តនៅជាមួយគាត់ ។ ថ្ងៃមួយគាត់បានឲ្យក្រដាសមួយសន្លឹកដល់ពួកយើងគ្រប់គ្នា ។ យើងទាំងអស់គ្នា បានសរសេរអំពីអ្វីដែលពួកយើងចង់ធ្វើ ពេលយើងធំឡើង ។ ខ្ញុំបានសរសេរដូចនេះ ៖ « ទៅរៀនមហាវិទ្យាល័យ ហើយរៀបការនៅក្នុងព្រះវិហារបរិសុទ្ធ » ។ ខ្ញុំបានបិទក្រដាសរបស់ខ្ញុំនោះនៅលើទ្វារទូររបស់ខ្ញុំ ។ នៅពេលយប់ ពន្លឺពីអំពូលភ្លើងនៅតាមផ្លូវ បានចាំងឆ្លុះកាត់តាមបង្អួចខ្ញុំ ។ ខ្ញុំបានសម្លឹងមើលក្រដាសនោះ ។ វារំឭកខ្ញុំថា ខ្ញុំចង់ទៅព្រះវិហារបរិសុទ្ធ ។
កាលនោះ មានព្រះវិហារបរិសុទ្ធតែ ១២ ប៉ុណ្ណោះនៅទូទាំងពិភពលោក ។ ខ្ញុំចង់ទៅគ្រប់ព្រះវិហារបរិសុទ្ធទាំងអស់។
ពេលណាដែលម្តាយឪពុកខ្ញុំគ្រោងផែនការនៅវិស្សមកាល នោះពួកគាត់យកក្រុមគ្រួសារយើងទៅព្រះវិហារបរិសុទ្ធជានិច្ច ។ យើងរស់នៅក្នុងទីក្រុង អូរិហ្គេន រដ្ឋ យូថាហ៍ ស. ហ. អា. ព្រះវិហារបរិសុទ្ធដែលជិតជាងគេបំផុតនោះគឺមានចំណាយ ៩៦៥ គីឡូម៉ែត្រ ដែលមានទីតាំងនៅ ខាតស្តុន អាល់ប៊ើរតា ប្រទេសកាណាដា ។ ឡានរបស់ពួកយើងគ្មានម៉ាស៊ីនត្រជាក់ទេ ។ បងប្អូនប្រុសស្រីខ្ញុំ និងខ្ញុំអង្គុយនៅកៅអីក្រោយ ។ យើងបានព្យួរក្រណាត់សើម នៅខាងក្រៅកញ្ចក់ឡាន ។ បន្ទាប់មកយកក្រណាត់នោះមករុំកយើងដើម្បីឲ្យបានត្រជាក់ ។
វាជារឿងដ៏រំភើបណាស់ នៅពេលយើងបានឃើញព្រះវិហារបរិសុទ្ធ ។ ខ្ញុំពុំបានដឹងច្រើនអំពីអ្វីដែលធ្វើឡើងនៅទីនោះទេ ប៉ុន្តែឪពុកម្តាយខ្ញុំរីករាយជានិច្ច ពេលពួកគាត់ចេញមកពីព្រះវិហារបរិសុទ្ធវិញ ។ ខ្ញុំដឹងថា ព្រះវិហារបរិសុទ្ធសំខាន់ណាស់ ។ ខ្ញុំដឹងថា ព្រះវិហារបរិសុទ្ធគឺជាដំណាក់នៃព្រះអម្ចាស់ ។ ( នៅក្នុងរូបថត, ខ្ញុំពាក់អាវពណ៌-ស ) ។
ពេលខ្ញុំមានអាយុ ១២ ឆ្នាំ ខ្ញុំបានធ្វើពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជន នៅក្នុងព្រះវិហារបរិសុទ្ធជាច្រើន ។ ក្រោយមក ពេលខ្ញុំបានជួបអនាគតស្វាមីរបស់ខ្ញុំ ខ្ញុំបានដឹងថា គាត់ក៏ស្រឡាញ់ព្រះវិហារបរិសុទ្ធផងដែរ ! ពួកខ្ញុំបានរៀបការនៅក្នុងព្រះវិហារបរិសុទ្ធ ម៉ានតៃ យូថាហ៍ ។
ប្អូនៗអាចរៀបចំខ្លួនសម្រាប់ព្រះវិហារបរិសុទ្ធរៀងរាល់ថ្ងៃ ។ សូមទៅព្រះវិហារបរិសុទ្ធ នៅពេលណាដែលប្អូនៗអាចទៅបាន ។ ស្ទាបជញ្ជាំងព្រះវិហារបរិសុទ្ធ ។ ពេលចៅប្រុសខ្ញុំឈ្មោះ ចារេឌមានអាយុ ១១ ឆ្នាំ គាត់ធ្វើកិច្ចការពង្សប្រវត្តិ រៀងរាល់ថ្ងៃអាទិត្យជាមួយឪពុករបស់គាត់ ។ គាត់បានរកឃើញឈ្មោះបុព្វការីជនជាច្រើន ។ ឥឡូវនេះគាត់អាយុ ១២ ឆ្នាំហើយ គាត់កំពុងធ្វើបុណ្យជ្រមុជទឹកនៅក្នុងព្រះវិហារបរិសុទ្ធ សម្រាប់បុព្វការីជនទាំងនេះ !
នៅពេលប្អូននៅក្នុងព្រះវិហារបរិសុទ្ធ នោះប្អូនអាចដើរនៅកន្លែងដែលព្រះយេស៊ូវបានយាងដើរ ។ វាជាដំណាក់របស់ទ្រង់ ។ ខ្ញុំសង្ឃឹមថា ប្អូនៗនឹងអធិស្ឋានរាល់ថ្ងៃដល់ព្រះវរបិតាសួគ៌ទូលសូមជំនួយ ឲ្យប្អូនរៀបចំខ្លួន ដើម្បីចូលព្រះវិហារបរិសុទ្ធ ហើយទទួលអារម្មណ៍នៃក្តីស្រឡាញ់របស់ទ្រង់ ។