សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
កាបូបលុយដែលបាត់
ថ្មីៗនេះខ្ញុំបានប្តូរទៅនៅផ្ទះថ្មី ហើយខ្ញុំបានសុំឲ្យសមាជិកសាសនាចក្រមួយចំនួនជួយក្នុងគម្រោងមួយនៅផ្ទះរបស់ខ្ញុំ ។ នៅពាក់កណ្តាលនៃគម្រោងនោះ ខ្ញុំបានទៅទិញសម្ភារមួយចំនួនដែលយើងត្រូវការដើម្បីបញ្ចប់គម្រោងនោះ ។ បន្ទាប់ពីយើងបានបញ្ចប់គម្រោង ខ្ញុំ ស្រាប់តែដឹងថាខ្ញុំបានបាត់កាបូបលុយ ។ ខ្ញុំស្លន់ស្លោណាស់ ព្រោះនៅក្នុងកាបូបលុយនោះមានឯកសារផ្ទាល់ខ្លួនរបស់ខ្ញុំទាំងអស់ រួមទាំងមានលុយដែលខ្ញុំទើបតែទទួលបានពីអតិថិជនម្នាក់កាលពីព្រឹកនោះ ។ ខ្ញុំបានបកក្រោយទៅកន្លែងដែលខ្ញុំបានទិញសម្ភារនោះ ប៉ុន្តែខ្ញុំរកវាពុំឃើញឡើយ ។ ខ្ញុំបានត្រឡប់ទៅផ្ទះវិញ ហើយរកមើល ប្រសិនបើខ្ញុំបានជ្រុះវានៅកន្លែងណាមួយ ប៉ុន្តែខ្ញុំនៅតែរកវាពុំឃើញសោះ ។ ខ្ញុំបានចាប់ផ្តើមគិតអំពីអ្វីដែលអាចធ្វើ ដើម្បីទទួលបានឯកសារទាំងអស់នោះសារជាថ្មីវិញ ។ ក្រោយមកពីមុនចេញពីផ្ទះ មានមត្តិភក្តិម្នាក់បានសួរខ្ញុំថា « តើឯងបានអធិស្ឋានហើយឬនៅ ? »
ភ្លាមនោះ ខ្ញុំបានគិតថា « ប្រាកដណាស់ ខ្ញុំបានអធិស្ឋានរួចហើយ ! »
ប៉ុន្តែតាមពិតទៅ ខ្ញុំពុំបានអធិស្ឋានដោយអស់ពីចិត្តឡើយ ។ ផ្ទុយទៅវិញ ខ្ញុំចង់បង្ខំឆន្ទៈរបស់ខ្ញុំលើព្រះទ័យរបស់ព្រះវរបិតាសួគ៌ ហើយឲ្យទ្រង់បំពេញកាតព្វកិច្ចទ្រង់យ៉ាងណាក៏បាន ដើម្បីជួយខ្ញុំឲ្យរកកាបូបលុយនោះ ។ ប៉ុន្តែក្រោយមក ខ្ញុំបានចាំខគម្ពីរនៅក្នុង អេសាយ ៥៥:៨ ៖ « ពីព្រោះគំនិតយើងមិនមែនដូចជាគំនិតរបស់ឯងរាល់គ្នាទេ ឯផ្លូវរបស់ឯងរាល់គ្នាក៏មិនមែនជាផ្លូវរបស់យើងដែរ » ។
នៅថ្ងៃអាទិត្យខ្ញុំបានទៅព្រះវិហារ ហើយសមាជិកម្នាក់ដែលបាននៅជាមួយខ្ញុំកាលពីថ្ងៃមុននោះ បានប្រាប់ខ្ញុំថា គាត់បានអធិស្ឋានដោយស្មោះទូលសូមដល់ព្រះវរបិតាសួគ៌ ឲ្យខ្ញុំអាចរកកាបូបលុយនោះឃើញវិញ ។ គាត់បាននិយាយថា គាត់មានអារម្មណ៍ថាខ្ញុំនឹងរកឃើញកាបូបលុយនោះវិញ ។ ក្រោយមក នៅពេលខ្ញុំអង្គុយសិក្សាផ្ទាល់ខ្លួន នោះខ្ញុំបានចាប់ផ្តើមអានអត្ថបទមួយដែលមានចំណងជើងថា ការទទួលចម្លើយពីការអធិស្ឋានរបស់យើង ដែលថ្លែងដោយអែលឌើរ ជីន អ័រ ឃុក ដែលបានដោះលែងពីសមាជិកនៃពួកចិតសិបនាក់ ។ ទំព័រដំបូងបានប្រាប់អំពីរឿងមួយដែលស្រដៀងទៅនឹងរឿងរបស់ខ្ញុំបេះបិទ ៖ កូនប្រុសរបស់អែលឌើរ ឃុក បានបាត់កាបូបលុយរបស់គាត់ ដូច្នោះគ្រួសារទាំងមូលបានប្រជុំគ្នា ហើយអធិស្ឋានទូលសូមព្រះអម្ចាស់ឲ្យពួកគេរកកាបូបលុយនោះឃើញវិញ ។
បន្ទាប់ពីអានអំពីបទពិសោធន៍នោះមក ខ្ញុំបានអនុវត្តអ្វីដែលខ្ញុំបានអាននោះ ហើយបានប្រមូលប្រពន្ធ និង កូនៗរបស់ខ្ញុំមកជុំគ្នា ។ យើងឈរជារង្វង់ ហើយពួកយើងម្នាក់ៗបានពោលពាក្យអធិស្ឋាន អង្វរករសូមឲ្យព្រះអម្ចាស់ជួយពួកយើង រកកាបូបលុយនោះឃើញវិញ ប្រសិនបើវាជាព្រះទ័យរបស់ទ្រង់ ។
កាលពីមុន ខ្ញុំបានឃើញពីអំណាចនៃការអធិស្ឋានហើយ ប៉ុន្តែក្រោយមក នៅពេលខ្ញុំបានអធិស្ឋានតែឯង នោះខ្ញុំបានទូលសូមព្រះវរបិតាសួគ៌ឆ្លើយតបការអធិស្ឋានរបស់យើង ដើម្បីពង្រឹងសេចក្តីជំនឿរបស់ភរិយា និង កូនៗរបស់ខ្ញុំ ។
ថ្ងៃស្អែកឡើងមានបុរសម្នាក់បានទូរសព្ទមកខ្ញុំ ។ គាត់បាននិយាយថា គាត់រើសបានកាបូបលុយរបស់ខ្ញុំ រួមទាំងលុយដែលមាននៅក្នុងកាបូបនោះផងដែរ ។ ខ្ញុំបានយំដូចជាកូនក្មេង ដោយសារការអធិស្ឋានរបស់ខ្ញុំបានទទួលចម្លើយ ហើយសេចក្តីជំនឿរបស់គ្រួសារខ្ញុំត្រូវបានពង្រឹងឡើង ។
ខ្ញុំដឹងថាព្រះវរបិតាសួគ៌ ឆ្លើយតបការអធិស្ឋានរបស់យើងម្នាក់ៗទៅតាមពេលវេលារបស់ទ្រង់ និង តាមរបៀបរបស់ទ្រង់ ទោះមានកូនចៅទ្រង់ជាច្រើនបានអធិស្ឋានទៅរកទ្រង់ក្តី ។