ទីកន្លែងរបស់យើង
ព្រះប្រទានឧបករណ៍នានាដល់យើង
ឪពុកមារបស់ខ្ញុំគឺជាវិចិត្រករ ហើយគាត់ធ្វើសំពៅឈើតូចៗដាក់ក្នុងដបកញ្ចក់ ។ វាត្រូវចំណាយពេលជាច្រើន ការផ្ចិតផ្ចង់ និង ការខិតខំដើម្បីធ្វើវា ។
ថ្ងៃមួយខ្ញុំបានឃើញឧបករណ៍ទាំងអស់របស់គាត់ ហើយសម្គាល់មើលពីរបៀបដែលឧបករណ៍នីមួយៗ ត្រូវបានប្រើប្រាស់សម្រាប់ធ្វើជាគ្រឿងសំខាន់ៗ ឬ ធ្វើផ្នែកនៃសំពៅ ។ នៅពេលខ្ញុំមើលគាត់ធ្វើការ ខ្ញុំភ្ញាក់ផ្អើលពីរបៀបដែលគាត់ប្រើឧបករណ៍ទាំងនោះ ដើម្បីសង់សំពៅ ។ ខ្ញុំបានចាំអំពីរឿងដែលនីហ្វៃសង់សំពៅ ( សូមមើល នីហ្វៃទី១ ១៧–១៨ ) ។ លោកបានសង់សំពៅតាមរបៀបរបស់ព្រះអម្ចាស់ ពុំមែនតាមរបៀបរបស់មនុស្សឡើយ ។ ព្រះប្រទានឧបករណ៍នានាដល់យើង ឲ្យសង់សំពៅផ្ទាល់របស់យើងតាមរបៀបទ្រង់ ។ ព្រះគម្ពីរ សេចក្តីជំនឿ និង សេចក្តីស្រឡាញ់របស់ព្រះគឺជាឧបករណ៍ ដែលខ្ញុំត្រូវតែប្រើនៅក្នុងជីវិតខ្ញុំផ្ទាល់ ដើម្បីសង់សំពៅផ្ទាល់ខ្លួនខ្ញុំដោយប្រុងប្រយ័ត្ន ដោយគ្មានចន្លោះប្រហោង ។ ខ្ញុំកំពុងរៀនរៀងរាល់ថ្ងៃ ដើម្បីធ្វើជាសិស្សរបស់ព្រះអម្ចាស់ ។
ម៉ារៀ មើសេដេស ជី មូណាហ្គាស ប្រទេស វ៉េណេស៊ុយអេឡា
អារម្មណ៍ឯកោ
វាជារដូវរំហើយនៅក្នុងប្រទេសដាណឺម៉ាក ។ ខ្ញុំទើបតែចាប់ផ្តើមបេសកកម្មពេញម៉ោង ហើយទីបន្ទាល់របស់ខ្ញុំកំពុងមានភាពប្រទាញប្រទង់ ។ ខ្ញុំគឺជាអ្នកប្រែចិត្តជឿបានតែ ១៩ ខែប៉ុណ្ណោះ ហើយមានការភ័យខ្លាចក្នុងការរស់នៅប្រទេសដទៃ និយាយភាសាដទៃដែលខ្ញុំមិនចេះ និង ការធ្វើដំណើរលើផ្លូវដែលមានចរាចរណ៍ខ្វាត់ខ្វែង ដែលខ្ញុំមិនស្គាល់ ។ ការអធិស្ឋានរបស់ខ្ញុំដែលពីមុនពោរពេញដោយអំណរគុណនោះ បានប្រែជាពាក្យចោទប្រកាន់យ៉ាងល្វីងជូរចត់ដល់ព្រះថា ៖ « ឱ ព្រះអើយ ហេតុអ្វីទ្រង់ទុកឲ្យខ្ញុំនៅឯកោតែឯង ? »
នាព្រឹកមួយខ្ញុំបានទូលអង្វរទ្រង់ដោយការអធិស្ឋាន ។ ជំនួសដោយការសួរថា « ហេតុអ្វី » ជាមួយនឹងកំហឹងដែលនៅក្នុងចិត្តខ្ញុំ នោះខ្ញុំបានទូលសូមទ្រង់នូវសាក្សីអំពីសេចក្តីពិតនៃដំណឹងល្អ ហើយយកឈ្នះលើការសង្ស័យរបស់ខ្ញុំ ។
បន្ទាប់ពីអធិស្ឋាន ខ្ញុំបានបើកព្រះគម្ពីរអាន ។ ខ្ញុំបានបើកចំខគម្ពីរ ចោទិយកថា ៣១:៦ ៖ « ដូច្នេះចូរមានកម្លាំងហើយចិត្តក្លាហានឡើង កុំឲ្យខ្លាច ឬមានសេចក្តីភ័យញ័រចំពោះគេឡើយ ដ្បិតគឺព្រះយេហូវ៉ា ជាព្រះនៃឯង ដែលយាងទៅជាមួយនឹងឯង ទ្រង់មិនដែលខាននឹងប្រោសឯងទេ ក៏មិនដែលលះចោលឯងដែរ » ។
ចិត្តខ្ញុំពេញដោយអំណរ នៅពេលខ្ញុំបានដឹងចម្លើយចំពោះការអធិស្ឋានរបស់ខ្ញុំ ៖ ថាព្រះទ្រង់គង់នៅជាមួយខ្ញុំជានិច្ច ។ ទ្រង់រង់ចាំការអធិស្ឋានដោយស្មោះសរ ជាជាងការចោទប្រកាន់ថាទ្រង់បានបោះបង់ខ្ញុំចោល ។
ព្រះនឹងមិនទុកឲ្យខ្ញុំនៅតែឯងឡើយ ទោះបីជារឿងគ្រប់យ៉ាងហាក់បីដូចជាគ្មានសង្ឃឹម ។ ហើយយើងអាចទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ទ្រង់តាមរយៈការអធិស្ឋាន និង ព្រះគម្ពីររបស់ទ្រង់ ។ ◼
ក្លេតុន អ៊ី រដ្ឋ តិចសាស ស.រ.អា.