លុះត្រាជួបទៀត
ព្រះចេស្តានៃព្រះ
ដកស្រង់ចេញមកពីសុន្ទរកថាក្នុងសម័យប្រជុំបព្វជិតភាពទូទៅ ដែលមានចំណងជើងថា « The Doctrine of the Priesthood » Ensign ខែ ឧសភា ឆ្នាំ ១៩៨២ ទំព័រ ៣២–៣៤ ការប្រកបពាក្យ និងការដាក់អក្សរធំ ត្រូវបានធ្វើឡើងតាមបទដ្ឋាន ។
សេចក្តីជំនឿគឺជាអំណាច ហើយអំណាចគឺជាបព្វជិតភាព ។
ព្រះគឺជាព្រះ ដោយសារទ្រង់គឺជាអង្គដែលតំណាងឲ្យគ្រប់ជំនឿទាំងអស់ និង គ្រប់អំណាចទាំងអស់ ព្រមទាំងគ្រប់បព្វជិតភាពទាំងអស់ ។ ជីវិតដែលទ្រង់រស់នៅគឺជាជីវិតមួយហៅថា ជីវិតដ៏នៅអស់កល្បជានិច្ច ។
ហើយវិសាលភាពដែលយើងអាចក្លាយដូចជាទ្រង់គឺជាវិសាលភាព ដែលយើងទទួលបានសេចក្តីជំនឿរបស់ទ្រង់ ទទួលបានព្រះចេស្តារបស់ទ្រង់ និង អនុវត្តបព្វជិតភាពរបស់ទ្រង់ ។ ហើយនៅពេលយើងក្លាយដូចជាទ្រង់នៅក្នុងស្ថានភាពមួយដែលពេញលេញ និង ពិតប្រាកដ នោះយើងក៏នឹងមានជីវិតដ៏នៅអស់កល្បជានិច្ចផងដែរ ។
សេចក្តីជំនឿ និង បព្វជិតភាពគឺដើររួមគ្នា ។ សេចក្តីជំនឿគឺជាអំណាច ហើយអំណាចគឺជាបព្វជិតភាព ។ បន្ទាប់ពីយើងទទួលបានសេចក្តីជំនឿ នោះយើងទទួលបព្វជិតភាព ។ បន្ទាប់មក តាមរយៈបព្វជិតភាពនោះសេចក្តីជំនឿរបស់យើងរីកចម្រើន រហូតដល់យើងមានគ្រប់ទាំងអំណាចទាំងអស់ ដែលយើងនឹងក្លាយដូចជាព្រះអម្ចាស់របស់យើង ។
ពេលវេលារបស់យើងនៅក្នុងជីវិតរមែងស្លាប់នេះគឺត្រូវបានញែកចេញទុកជាពេលវេលានៃការសាកល្បង ។ វាគឺជាឯកសិទ្ធិរបស់យើងអំឡុងពេលនៅលើផែនដីនេះ ដើម្បីធ្វើឲ្យសេចក្តីជំនឿរបស់យើងបានល្អឥតខ្ចោះ និង ធ្វើឲ្យអំណាចបព្វជិតភាពរបស់យើងបានរីកចម្រើនឡើង ។…
បព្វជិតភាពដ៏បរិសុទ្ធបានធ្វើឲ្យមនុស្សប្រែកាន់តែល្អឥតខ្ចោះនៅក្នុងជំនាន់របស់ហេណុក ជាងជំនាន់ណាៗទាំងអស់ ។ ដែលយើងស្គាល់ថា ធ្វើតាមរបៀបហេណុក ( សូមមើល គ. និង ស. ៧៦:៥៧ ) វាគឺជាអំណាចដែលលោក និង ប្រជាជនលោកបានប្រែរូប ។ ហើយពួកគេបានប្រែរូបដោយសារពួកគេមានសេចក្តីជំនឿ ហើយបានអនុវត្តអំណាចបព្វជិតភាព ។
ព្រះអម្ចាស់បានធ្វើសេចក្តីសញ្ញាអស់កល្បជានិច្ចជាមួយ ហេណុក ថា តាមរយៈសេចក្តីជំនឿ អស់អ្នកដែលបានទទួលបព្វជិតភាពនឹងមានអំណាច ធ្វើជាអធិបតី និងគ្រប់គ្រងលើអ្វីៗគ្រប់យ៉ាងនៅលើផែនដី មិនចុះចាញ់មារសត្រូវ ហើយឈរយ៉ាងរឹងប៉ឹងនៅក្នុងសិរីល្អ និង ភាពតម្កើងឡើងនៅចំពោះព្រះភក្ត្ររបស់ព្រះអម្ចាស់ ។
មិលគីស្សាដែកគឺជាមនុស្សម្នាក់ដែលមានសេចក្តីជំនឿបែបនេះ « ហើយប្រជារាស្ត្រលោកបាននាំមកនូវសេចក្ដីសុចរិត ហើយបានទទួលស្ថានសួគ៌ ហើយស្វែងរកទីក្រុងហេណុក » ( ការបកប្រែដោយ យ៉ូសែប ស៊្មីធ លោកុប្បត្តិ ១៤:៣៤ ) ។…
ប្រសិនបើដូច្នោះ តើអ្វីទៅគឺជាគោលលទ្ធិនៃបព្វជិតភាព ? ហើយតើយើងនឹងរស់នៅក្នុងនាមជាអ្នកបម្រើរបស់ព្រះអម្ចាស់តាមរបៀបណា ?
គោលលទ្ធិនេះគឺថា ព្រះជាព្រះវរបិតារបស់យើងគឺជាអង្គដែលមានព្រះកាយនៃសិរីល្អ ដែលមានភាពល្អឥតខ្ចោះ និង មានភាពតម្កើងឡើង ទ្រង់មានគ្រប់ទាំងអនុភាព គ្រប់ទាំងព្រះចេស្តា និង គ្រប់ទាំងអំណាចគ្រប់គ្រង ជាអង្គដែលជ្រាបដឹងនូវរឿងរ៉ាវគ្រប់យ៉ាង ហើយជាអង្គដែលគ្រប់លក្ខណ៍ ព្រមទាំងជាអង្គដែលរស់នៅជារង្វង់គ្រួសារ ។
ព្រះវរបិតាដ៏អស់កល្បជានិច្ចរបស់យើងសព្វព្រះទ័យនឹងស្ថានភាពដ៏ខ្ពស់នៃសិរីល្អ និង ភាពល្អឥតខ្ចោះ ព្រមទាំងព្រះចេស្តានេះ ដោយសារទ្រង់មានសេចក្តីជំនឿល្អឥតខ្ចោះ ហើយបព្វជិតភាពរបស់ទ្រង់គ្មានដែនកំណត់ ។
បព្វជិតភាពគឺជាឈ្មោះនៃព្រះចេស្តារបស់ព្រះ ហើយថាប្រសិនបើយើងក្លាយដូចជាទ្រង់ នោះយើងត្រូវទទួល ហើយអនុវត្តបព្វជិតភាព ឬ អំណាចរបស់ទ្រង់ដូចទ្រង់បានធ្វើ ។…
តាមរយៈសេចក្តីជំនឿ យើងមានអំណាចដើម្បីធ្វើជាអធិបតី និងគ្រប់គ្រងអ្វីៗគ្រប់យ៉ាងទាំងខាងសាច់ឈាម និង ខាងវិញ្ញាណ សម្តែងអព្ភូតហេតុ និង ធ្វើឲ្យជីវិតបានល្អឥតខ្ចោះ ឈរយ៉ាងរឹងប៉ឹងនៅក្នុងវត្តមានរបស់ព្រះ ហើយក្លាយដូចទ្រង់ ដោយសារយើងទទួលបានសេចក្តីជំនឿរបស់ទ្រង់ ភាពល្អឥតខ្ចោះរបស់ទ្រង់ និង ព្រះចេស្តាទ្រង់ ឬ និយាយម្យ៉ាងទៀតថា គឺទទួលបានភាពពោរពេញនៃបព្វជិតភាពរបស់ទ្រង់ ។
ហើយគ្មានអ្វីដែលប្រសើរជាងគោលលទ្ធិនៃបព្វជិតភាពឡើយ ។ វាគឺជាអំណាចដែលយើងអាចទទួលបានតាមរយៈសេចក្តីជំនឿ និង សេចក្តីសុចរិត ។…
ប្រាកដណាស់មានអំណាចនៅក្នុងបព្វជិតភាព—ជាអំណាចដែលយើងព្យាយាមទទួលឲ្យបាន ដើម្បីប្រើប្រាស់វា ជាអំណាចដែលយើងអធិស្ឋានដោយស្មោះសរឲ្យមានមកលើយើង និង ពូជពង្សរបស់យើងជារៀងរហូត ។