ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ៖ មូលដ្ឋានគ្រឹះនៃភាពជាគ្រិស្តសាសនិកដ៏ពិតប្រាកដ
ដកស្រង់ចេញពីសុន្ទរកថា « The Atonement » ដែលបានថ្លែងនៅក្នុងសិក្ខាសាលាសម្រាប់ប្រធានបេសកកម្មថ្មី នៅមជ្ឈមណ្ឌលបំពាក់បំប៉នអ្នកផ្សព្វផ្សាយសាសនាទីក្រុង ប្រូវ៉ូ នៅថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០០៨ ។
យើងទាំងអស់គ្នានឹងរស់ឡើងវិញ ហើយក្លាយជាអមត ដោយសារតែពលិកម្មធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
មានគេសួរ ព្យាការីយ៉ូសែប ស្ម៊ីធ ( ឆ្នាំ ១៨០៥–៤៤ ) ថា « តើគោលការណ៍សំខាន់ៗនៅក្នុងសាសនារបស់លោកមានអ្វីខ្លះ ? » លោកបានឆ្លើយថា « គោលការណ៍ដ៏សំខាន់នៃសាសនាចក្ររបស់យើង គឺជាទីបន្ទាល់នៃពួកសាវក និង ពួកព្យាការីអំពីព្រះយេស៊ូវគ្រីស្ទ ថាទ្រង់បានសុគត ត្រូវបានបញ្ចុះក្នុងផ្នូរ ហើយបានមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី ហើយបានយាងឡើងទៅស្ថានសួគ៌ ហើយរឿងផ្សេងទៀតដែលទាក់ទងនឹងសាសនារបស់យើងគឺជារឿងបន្ទាប់បន្សំទៅនឹងរឿងនេះប៉ុណ្ណោះ » ។១
ខ្ញុំចង់ផ្តល់ការគាំទ្រដល់សេចក្តីថ្លែងរបស់ព្យាការី យ៉ូសែប ។ ចំណុចខ្លឹមនៃចំណុចទាំងអស់ដែលយើងជឿនោះគឺអំពីព្រះអង្គសង្គ្រោះរបស់យើង និង ពលិកម្មធួនរបស់ទ្រង់—« ការយាងចុះមកនៃព្រះ » ( នីហ្វៃទី ១ ១១:១៦ ) ហេតុដូច្នោះហើយ ព្រះវរបិតាបានបញ្ជូនព្រះរាជបុត្រទ្រង់មកកាន់ផែនដីដើម្បីធ្វើដង្វាយធួន ។ គោលបំណងសំខាន់ក្នុងជីវិតរបស់ព្រះយេស៊ូវគ្រីស្ទគឺសម្រេចឲ្យបាននូវពលិកម្មធួន ។ ដង្វាយធួនគឺជាមូលដ្ឋានគ្រឹះនៃភាពជាគ្រិស្តសាសនិកដ៏ពិតប្រាកដ ។
ហេតុអ្វីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះគឺជាគោលការណ៍ខ្លឹមនៃដំណឹងល្អនៅក្នុងសាសនាចក្រ និង ជីវិតរបស់យើង ?
មាត្រានៃសេចក្ដីជំនឿ ១:៣
ខទីបីក្នុងមាត្រានៃសេចក្តីជំនឿចែងថា « យើងខ្ញុំជឿថា តាមរយៈដង្វាយធួននៃព្រះគ្រីស្ទ នោះមនុស្សលោកទាំងអស់អាចបានសង្គ្រោះ ដោយសារការគោរពតាមក្រឹត្យវិន័យ និងពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អ » ។
« បានសង្គ្រោះ » នៅក្នុងបរិបទនេះ សំដៅលើការឈោងចាប់យកកម្រិតដ៏ខ្ពស់បំផុតនៃសិរីល្អនៅក្នុងនគរសេឡេស្ទាល ។ ការរស់ឡើងវិញត្រូវបានប្រទានដល់អស់អ្នកដែលបានកើតនៅលើផែនដី ប៉ុន្តែការទទួលបានជីវិតអស់កល្បជានិច្ច ពរជ័យពេញលេញនៃការរីកចម្រើនអស់កល្បជានិច្ច នោះបុគ្គលម្នាក់ៗត្រូវធ្វើតាមក្រឹត្យវិន័យ ទទួលពិធីបរិសុទ្ធ ហើយចុះសេចក្តីសញ្ញានៃដំណឹងល្អ ។
ហេតុអ្វីព្រះយេស៊ូវគ្រីស្ទអាច ហើយមានតែទ្រង់តែប៉ុណ្ណោះដែលធ្វើឲ្យធួននឹងអំពើបាបនៃមនុស្សលោក ? ទ្រង់មានលក្ខណៈសម្បត្តិគ្រប់បែបយ៉ាង ។
ព្រះបានស្រឡាញ់ទ្រង់ ហើយបានទុកព្រះទ័យលើទ្រង់
ព្រះយេស៊ូវបានប្រសូតមកពីព្រះមាតាបិតាសួគ៌នៅក្នុងពិភពមុនឆាកជីវិតនេះ ។ ទ្រង់គឺជាកូនច្បងរបស់ព្រះវរបិតាសួគ៌យើង ។ ទ្រង់ត្រូវបានរើសតាំងពីដើមដំបូងមក ។ ទ្រង់គោរពធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាទ្រង់ ។ ជារឿយៗ ព្រះគម្ពីរប្រាប់អំពីអំណរដែលព្រះវរបិតាសួគ៌មានចំពោះព្រះរាជបុត្រាទ្រង់ ។
នៅក្នុងគម្ពីរម៉ាថាយយើងអានថា « នោះមានឮសំឡេងចេញពីមេឃថា នោះជាកូនស្ងួនភ្ងារបស់យើង ជាទីពេញចិត្តយើងណាស់ » ( ម៉ាថាយ ៣:១៧ ) ។
លូកា កត់ត្រាថា « ហើយមានសំឡេងចេញពីពពកមកថា នេះជាកូនស្ងួនភ្ងាយើង ចូរឲ្យស្តាប់តាមចុះ » ( លូកា ៩:៣៥ ) ។
ហើយនៅឯព្រះវិហារបរិសុទ្ធទីក្រុង បរិបូរ បន្ទាប់ពីព្រះអង្គសង្គ្រោះមានព្រះជន្មរស់ឡើងវិញ ប្រជាជនបានឮសំឡេងរបស់ព្រះវរបិតា ៖ « មើលន៏ បុត្រាដ៏ជាទីស្រឡាញ់របស់យើង ដែលយើងគាប់ចិត្តណាស់ » ( នីហ្វៃទី៣ ១១:៧ ) ។
ជាពិសេសវាធ្វើឲ្យដួងចិត្តខ្ញុំក្តុកក្តួល នៅពេលខ្ញុំអានអំពីគ្រាដែលព្រះយេស៊ូវកំពុងរងទុក្ខនៅក្នុងច្បារគែតសេម៉ានី ដោយសារតែសេចក្តីស្រឡាញ់ និង ក្តីអាណិតអាសូរដ៏ខ្លាំងចំពោះព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់ នោះព្រះវរបិតាបានបញ្ជូនទេវតាឲ្យមកលួងលោម ហើយផ្តល់កម្លាំងដល់ទ្រង់ ( សូមមើល លូកា ២២:៤៣ ) ។
ព្រះយេស៊ូវប្រើសិទ្ធិជ្រើសរើសរបស់ទ្រង់ដើម្បីគោរពប្រតិបត្តិ
ព្រះយេស៊ូវស្ម័គ្រព្រះទ័យថ្វាយព្រះជន្មទ្រង់ដើម្បីពួកយើង ។
នៅក្នុងក្រុមប្រឹក្សាដ៏ធំនៅឯឋានសួគ៌ លូស៊ីហ្វើរ « បុត្រានៃពេលព្រឹក » ( អេសាយ ១៤:១២, គ. និងស. ៧៦:២៦–២៧ ) បាននិយាយថា ៖
« មើលចុះ ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ ទូលបង្គំនឹងធ្វើជាព្រះរាជបុត្រារបស់ព្រះអង្គ ហើយទូលបង្គំនឹងប្រោសលោះមនុស្សលោកទាំងអស់ ប្រយោជន៍កុំឲ្យព្រលឹងណាមួយត្រូវបាត់ឡើយ ហើយទូលបង្គំនឹងប្រព្រឹត្តការនោះជាមិនខាន ហេតុដូច្នោះហើយ សូមប្រទានដល់ទូលបង្គំនូវកិត្តិយសរបស់ព្រះអង្គចុះ ។
« ប៉ុន្តែមើលចុះ ព្រះរាជបុត្រាបង្កើតតែមួយរបស់យើង ដែលជាទីស្ងួនភ្ងា និងជាទីជម្រើសរបស់យើងចាប់តាំងពីដើមដំបូងមក បានទូលដល់យើងថា—ព្រះវរបិតាអើយ សូមឲ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេច ហើយសូមឲ្យសិរីល្អរបស់ព្រះអង្គបានជារបស់ផងព្រះអង្គរហូត » ( ម៉ូសេ ៤:១–២ សូមមើលផងដែរ អ័ប្រាហាំ ៣:២៧ ) ។
ដោយសារសេចក្តីស្រឡាញ់ដ៏អស្ចារ្យដែលព្រះរាជបុត្រាមានចំពោះព្រះវរបិតាទ្រង់ និង ដល់ពួកយើងម្នាក់ៗ នោះទ្រង់មានព្រះបន្ទូលថា « សូមចាត់ទូលបង្គំចុះ » ។ នៅពេលទ្រង់មានបន្ទូលថា « សូមចាត់ទូលបង្គំចុះ » ទ្រង់បានប្រើសិទ្ធិជ្រើសរើសរបស់ទ្រង់ ។
« ដូចជាព្រះវរបិតាទ្រង់ស្គាល់ខ្ញុំ ហើយខ្ញុំក៏ស្គាល់ទ្រង់ដែរ ខ្ញុំស៊ូប្តូរជីវិតខ្ញុំនឹងចៀម ។…
ហេតុនោះបានជាព្រះវរបិតាទ្រង់ស្រឡាញ់ខ្ញុំ ពីព្រោះខ្ញុំដាក់ជីវិតខ្ញុំចុះ ដើម្បីឲ្យបានយកមកវិញ ។
គ្មានអ្នកណាដកយកជីវិតពីខ្ញុំបានទេ គឺខ្ញុំដាក់ជីវិតចុះដោយខ្លួនខ្ញុំ ។ ខ្ញុំអាចនឹងដាក់ជីវិតនេះចុះ ហើយក៏អាចនឹងយកមកវិញបានដែរ ។ ខ្ញុំបានទទួលអំណាចនេះ ពីព្រះវរបិតាខ្ញុំមក » ( យ៉ូហាន ១០:១៥, ១៧–១៨ ) ។
ព្រះអង្គសង្គ្រោះមានព្រះទ័យឲ្យ ពួកពលទេវតាយកទ្រង់ចេញពីឈើឆ្កាងឆ្ពោះទៅផ្ទះរបស់ព្រះវរបិតាវិញទ្រង់ដោយផ្ទាល់ ។ ប៉ុន្តែទ្រង់បានប្រើសិទ្ធិជ្រើសរើសរបស់ទ្រង់ ដើម្បីបូជាព្រះអង្គទ្រង់សម្រាប់ពួកយើង ដើម្បីបំពេញបេសកកម្មរបស់ទ្រង់នៅក្នុងជីវិតរមែងស្លាប់នេះ ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត ដោយបំពេញនូវពលិកម្មធួន ។
ព្រះយេស៊ូវមានព្រះទ័យយាងមកកាន់ផែនដី ហើយទ្រង់មានគុណសម្បត្តិដើម្បីធ្វើដូច្នោះ ។ ហើយនៅពេលទ្រង់បានយាងមក ទ្រង់មានព្រះបន្ទូលថា « ពីព្រោះខ្ញុំបានចុះពីស្ថានសួគ៌មក មិនមែននឹងធ្វើតាមចិត្តខ្ញុំទេ គឺតាមបំណងព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ចាត់ឲ្យខ្ញុំមក » ( យ៉ូហាន ៦:៣៨ ) ។
ព្រះយេស៊ូវត្រូវបានតែងតាំងពីមុនផែនដី
ពេត្រុសបានបង្រៀនថាព្រះយេស៊ូវ « បានស្គាល់តាំងពីមុនកំណើតលោកីយ៍មក » ( សូមមើល ពេត្រុសទី ១ ១:១៩–២១ ) ។
ព្យាការីនៅគ្រប់គ្រាកាន់កាប់ត្រួតត្រាទាំងអស់បានព្យាករអំពី ការយាងមកនៃព្រះយេស៊ូវគ្រីស្ទ និង អំពីបេសកកម្មរបស់ទ្រង់ដែលនឹងកើតឡើង ។ តាមរយៈសេចក្តីជំនឿដ៏ខ្លាំង នោះហេណុក ត្រូវបានបង្ហាញឲ្យឃើញការនិមិត្តដ៏អស្ចារ្យអំពី ការប្រសូត ការសុគត ការយាងឡើងទៅឋានលើ និង ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។
« ហើយមើលចុះ ហេណុកបានឃើញថ្ងៃនៃការយាងមករបស់កូនមនុស្ស គឺនៅក្នុងសាច់ឈាម ហើយព្រលឹងគាត់បានអរសប្បាយដោយពោលថា ៖ អ្នកសុចរិតត្រូវបានលើកឡើង ហើយកូនចៀមត្រូវបានប្រហារ តាំងពីកំណើតលោកិយមកម៉្លេះ ។…
« ហើយព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលទៅហេណុកថា ៖ ចូរមើល ហើយគាត់ក៏មើល ហើយបានឃើញកូនមនុស្សត្រូវបានលើកឡើងលើឈើឆ្កាង តាមរបៀបមនុស្សលោក
ហើយគាត់បានឮសំឡេងដ៏ខ្លាំង ហើយស្ថានសួគ៌បិទមុខ ហើយរបស់ទាំងអស់ដែលព្រះទ្រង់បានបង្កើតមកក៏ទួញសោក ហើយផែនដីថ្ងូរ ហើយថ្មទាំងប៉ុន្មានក៏បែក ហើយពួកបរិសុទ្ធបានក្រោកឡើង ហើយត្រូវបានបំពាក់សិរីល្អជាមកុដ នៅខាងស្ដាំដៃនៃកូនមនុស្ស ។…
ហើយហេណុកបានឃើញកូនមនុស្សយាងឡើងទៅឯព្រះវរបិតា ។…
ហើយហេតុការណ៍បានកើតឡើងថា ហេណុកបានឃើញថ្ងៃនៃការយាងមករបស់កូនមនុស្ស គឺនៅថ្ងៃចុងក្រោយបង្អស់ ដើម្បីមកគង់នៅលើផែនដីក្នុងសេចក្ដីសុចរិត អស់រយៈពេលមួយពាន់ឆ្នាំ » ( ម៉ូសេ ៧:៤៧, ៥៥–៥៦, ៥៩, ៦៥ ) ។
ប្រហែលជា ៧៥ ឆ្នាំពីមុនព្រះគ្រីស្ទប្រសូត អាមូលេកបានថ្លែងទីបន្ទាល់ថា ៖ « មើលចុះ ខ្ញុំសូមប្រាប់អ្នកថា ខ្ញុំដឹងថាព្រះគ្រីស្ទនឹងយាងមកក្នុងចំណោមកូនចៅមនុស្ស ដើម្បីទទួលយកនូវអំពើរំលងទាំងឡាយនៃប្រជារាស្ត្ររបស់ទ្រង់ ហើយថាទ្រង់នឹងធ្វើឲ្យធួននឹងអំពើបាបទាំងឡាយនៃមនុស្សលោក ព្រោះព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់មានព្រះបន្ទូលថាដូច្នោះ » ( អាលម៉ា ៣៤:៨ ) ។
ព្រះយេស៊ូវមានគុណសម្បត្តិពិសេសៗ
មានតែព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ដែលអាចធ្វើពលិកម្មធួន—ប្រសូតមកពីម្តាយដែលមានជីវិតរមែងស្លាប់គឺម៉ារា ហើយបានទទួលព្រះចេស្តាឲ្យមានជីវិតមកពីព្រះវរបិតាទ្រង់ ( សូមមើល យ៉ូហាន ៥:២៦ ) ។ ដោយសារតែព្រះចេស្តានៃជីវិតនេះហើយ ទើបទ្រង់អាចឈ្នះលើសេចក្តីស្លាប់ អំណាចនៃផ្នូរប្រែជាគ្មានប្រសិទ្ធភាព ហើយទ្រង់បានក្លាយជាព្រះអង្គសង្គ្រោះ និង ជាអង្គសង្រួបសង្រួមរបស់យើង ព្រមទាំងជាម្ចាស់នៃការរស់ឡើងវិញ—ជាមធ្យោបាយដែលផ្តល់សេចក្តីសង្គ្រោះ និង ជីវិតអមតដល់ពួកយើងទាំងអស់គ្នា ។ យើងទាំងអស់គ្នានឹងរស់ឡើងវិញ ហើយក្លាយជាអមត ដោយសារតែពលិកម្មធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
ព្រះយេស៊ូវស្ម័គ្រព្រះទ័យធ្វើឲ្យធួននឹងទោសដើម
ខទីពីរក្នុងមាត្រានៃសេចក្តីជំនឿបានចែងថា « យើងខ្ញុំជឿថា មនុស្សទាំងអស់នឹងត្រូវទទួលទោសចំពោះអំពើបាបរបស់ខ្លួនផ្ទាល់ គឺមិនមែនចំពោះអំពើរំលងរបស់លោកអ័ដាមទេ » ។
តាមរយៈការប្រើសិទ្ធិជ្រើសរើសរបស់យើង នោះយើងជ្រើសអនុវត្តសេចក្តីជំនឿរបស់យើង ។ ដោយក្តីព្យាយាម យើងអាចប្រែចិត្តបាន ប៉ុន្តែប្រសិនបើគ្មានដង្វាយធួនទេ នោះយើងពុំអាចប្រែចិត្តបានឡើយ ។
នៅក្នុងគម្ពីរម៉ូសេយើងត្រូវបានបង្រៀនថា « មកពីការណ៍នេះហើយ ទើបមានគេនិយាយទូទៅក្នុងចំណោមប្រជាជនថា ព្រះរាជបុត្រានៃព្រះ បានធ្វើឲ្យធួននឹងទោសដើម ម្ល៉ោះហើយបានជាអំពើបាបទាំងឡាយនៃឪពុកម្ដាយ ពុំអាចធ្លាក់ទៅលើក្បាលនៃកូនចៅបានឡើយ » ( ម៉ូសេ ៦:៥៤ ) ។
នៅក្នុងគម្ពីរនីហ្វៃទី ២ យើងបានទទួលមេរៀនមួយដ៏អស្ចារ្យ ៖
« ដ្បិតដូចជាសេចក្ដីស្លាប់បានមកដល់មនុស្សលោកគ្រប់រូប ដើម្បីបំពេញផែនការនៃការប្រោសប្រណីរបស់ព្រះបង្កបង្កើតដ៏ធំយ៉ាងណា នោះក៏ជាការចាំបាច់ដែលត្រូវតែមានអំណាចនៃដំណើររស់ឡើងវិញយ៉ាងនោះដែរ ហើយដំណើររស់ឡើងវិញ ក៏ត្រូវតែមានដល់មនុស្សលោកដោយព្រោះការធ្លាក់ ហើយការធ្លាក់កើតឡើងដោយព្រោះសេចក្ដីរំលង ហើយដោយព្រោះមនុស្សបានក្លាយទៅជាមនុស្សដែលធ្លាក់ នោះពួកគេត្រូវបានកាត់ចេញពីវត្តមាននៃព្រះអម្ចាស់ ។
ហេតុដូច្នោះហើយ ត្រូវតែមានដង្វាយធួនដ៏និរន្តរ៍មួយ—លើកលែងតែមានដង្វាយធួនដ៏និរន្តរ៍ នោះការពុករលួយនេះ ក៏មិនអាចក្លាយទៅជាមិនពុករលួយវិញបានឡើយ ។ ហេតុដូច្នោះហើយ សេចក្ដីជំនុំជម្រះទីមួយដែលធ្លាក់មកលើមនុស្ស ត្រូវស្ថិតនៅរហូតដោយមិនចេះចប់មិនចេះហើយ ។ ហើយបើជាយ៉ាងនេះមែន សាច់ឈាមនេះនឹងត្រូវបញ្ចុះឲ្យរលួយ ហើយរលាយនៅក្នុងព្រះធរណី ដោយមិនអាចនឹងក្រោកឡើងបានទៀតឡើយ » ( នីហ្វៃទី២ ៩:៦–៧ ) ។
ព្រះយេស៊ូវគឺជាអង្គតែមួយដែលល្អឥតខ្ចោះ
នៅក្នុងគោលលទ្ធិ និង សេចក្តីសញ្ញា ព្រះអង្គសង្គ្រោះមានបន្ទូលថា « ព្រះវរបិតាអើយ សូមទតមើលការរងទុក្ខទាំងឡាយ និង ការសុគតរបស់អ្នកដែលពុំបានធ្វើបាបឡើយ ជាអ្នកដែលព្រះអង្គសព្វព្រះហឫទ័យចុះ សូមទតមើលព្រះលោហិតនៃព្រះរាជបុត្រារបស់ព្រះអង្គដែលបានច្រួច ជាព្រះលោហិតរបស់អ្នកដែលព្រះអង្គបានប្រទានឲ្យដើម្បីឲ្យព្រះអង្គបានតម្កើងឡើង » ( គ. និង ស. ៤៥:៤ ) ។
ព្រះយេស៊ូវគឺជាមនុស្សតែម្នាក់គត់ដែលមានភាពល្អឥតខ្ចោះ ដែលគ្មានអំពើបាប ។ ការបូជានៅក្នុងគម្ពីរសញ្ញាចាស់ជាការបូជាដោយឈាម—ចង្អុលបង្ហាញទៅរកការបូជានៃព្រះអម្ចាស់ និង ព្រះអង្គប្រោសលោះរបស់យើងនៅលើឈើឆ្កាង ដើម្បីបំពេញពលិកម្មធួន ។ នៅពេលធ្វើការបូជាដោយឈាមនៅក្នុងព្រះវិហារបរិសុទ្ធពីបុរាណ ពួកសង្ឃបូជាសត្វចៀមដែលឥតខ្ចោះ គឺល្អឥតខ្ចោះគ្រប់យ៉ាង ។ ជារឿយៗ ព្រះអង្គសង្គ្រោះត្រូវបានគេហៅនៅក្នុងព្រះគម្ពីរថាជា « កូនចៀមនៃព្រះ » ដោយសារភាពដ៏បរិសុទ្ធរបស់ទ្រង់ ( ឧទាហរណ៍ សូមមើល យ៉ូហាន ១:២៩, ៣៦, នីហ្វៃទី ១ ១២:៦, ១៤:១០, គ. និង ស. ៨៨:១០៦ ) ។
ពេត្រុសបានបង្រៀនថា យើងត្រូវបានប្រោសលោះ « ដោយសារព្រះលោហិតដ៏វិសេសរបស់ព្រះគ្រីស្ទវិញ ទុកដូចជាឈាមនៃកូនចៀមឥតខ្ចោះ ឥតស្លាកស្នាម » ( ពេត្រុសទី១ ១:១៩ ) ។
ព្រះយេស៊ូវគ្រីស្ទបានយកអំពើបាបនៃមនុស្សលោក
ខគម្ពីរដូចតទៅនេះធ្វើឲ្យយើងដឹងច្បាស់ថា តាមរយៈដង្វាយធួនរបស់ទ្រង់ ព្រះអង្គសង្គ្រោះបានបង់ថ្លៃសម្រាប់អំពើបាបរបស់យើង ។
« យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន ហើយព្រះអម្ចាស់ទ្រង់បានទម្លាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់ » ( ម៉ូសាយ ១៤:៦ ) ។
« តែឯព្រះ ទ្រង់សម្តែងសេចក្តីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង ។…
ដ្បិតកាលយើងជាខ្មាំងសត្រូវ បើយើងបានជាមេត្រីនឹងព្រះវិញទៅហើយ ដោយព្រះរាជបុត្រាទ្រង់សុគត ដូចេ្នះដែលយើងបាន ជាមេត្រីហើយ នោះប្រាកដជាយើងនឹងបានសង្គ្រោះជាមិនខានលើសទៅទៀត ដោយទ្រង់មានព្រះជន្មរស់ឡើងវិញ ។
ហើយមិនតែប៉ុណ្ណោះសោត យើងក៏មានសេចក្តីរីករាយចំពោះព្រះផង ដោយនូវព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាដែលឥឡូវនេះ យើងបានជាមេត្រីដោយសារទ្រង់ហើយ ។…
ដ្បិតដូចជាមនុស្សជាច្រើន បានត្រឡប់ជាមានបាប ដោយសារមនុស្សតែម្នាក់ មិនបានស្តាប់បង្គាប់ជាយ៉ាងណា នោះមនុស្សជាច្រើន ក៏បានត្រឡប់ជាសុចរិត ដោយសារម្នាក់បានស្តាប់បង្គាប់វិញយ៉ាងនោះដែរ » ( រ៉ូម ៥:៨, ១០–១១, ១៩ ) ។
« ដើម្បីឲ្យបានសំរេច តាមទំនាយដែលហោរាអេសាយ បានទាយទុកមកថា ទ្រង់បានទទួលអស់ទាំងរោគា ហើយផ្ទុកអស់ទាំងជំងឺរបស់យើងរាល់គ្នា នៅលើព្រះអង្គទ្រង់ » ( ម៉ាថាយ ៨:១៧ ) ។
« ប៉ុន្តែព្រះទ្រង់មិនឈប់ធ្វើជាព្រះទេ ឯសេចក្ដីមេត្តាករុណាការពារដល់ជនណាដែលប្រែចិត្ត ហើយសេចក្ដីមេត្តាករុណាបានមក ដោយសារដង្វាយធួន ឯដង្វាយធួននឹងនាំមកនូវដំណើររស់ឡើងវិញដល់មនុស្សស្លាប់ ហើយដំណើររស់ឡើងវិញដល់មនុស្សស្លាប់ នឹងនាំមនុស្សឲ្យត្រឡប់ទៅវត្តមាននៃព្រះវិញ ម៉្លោះហើយ គេនឹងបានសាងឡើងវិញ នៅឯវត្តមានរបស់ទ្រង់ ដើម្បីទទួលការជំនុំជម្រះ ស្របតាមកិច្ចការទាំងឡាយរបស់ខ្លួន គឺស្របតាមច្បាប់ និងសេចក្ដីយុត្តិធម៌ ។…
ម៉្លោះហើយ ព្រះទ្រង់បាននាំមកនូវគោលបំណងទាំងឡាយដ៏មហិមា ហើយដ៏នៅអស់កល្បជានិច្ច ដែលបានរៀបចំឡើង ចាប់តាំងពីកំណើតលោកិយមក ។ ម៉្លោះហើយ ទើបមានសេចក្ដីសង្គ្រោះ និងសេចក្ដីប្រោសលោះដល់មនុស្ស និងសេចក្ដីបំផ្លិចបំផ្លាញ និងសេចក្ដីទុក្ខវេទនាដល់គេផងដែរ » ( អាលម៉ា ៤២:២៣, ២៦ ) ។
ព្រះយេស៊ូវបានកាន់ខ្ជាប់ដរាបដល់ចុងបំផុត
ព្រះយេស៊ូវគ្រីស្ទបានស៊ូទ្រាំនូវការសាកល្បង ការរងទុក្ខ ការពលិកម្ម និង សេចក្តីទុក្ខលំបាកនៅក្នុងសួនច្បារគែតសេម៉ានី ព្រមទាំងការឈឺចាប់នៅលើឈើឆ្កាងនៅភ្នំគាល់កូថា ។ បន្ទាប់មកទ្រង់បានមានបន្ទូលថា « ការស្រេចហើយ » ( យ៉ូហាន ១៩:៣០ ) ។ ទ្រង់បានបំពេញកិច្ចការរបស់ទ្រង់នៅក្នុងជីវិតរមែងស្លាប់ ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត ដូច្នោះហើយបានបំពេញនូវពលិកម្មធួន ។
នៅក្នុងសួនច្បារទ្រង់មានបន្ទូលថា « ឱព្រះវរបិតានៃទូលបង្គំអើយ បើសិនជាបាន នោះសូមឲ្យពែងនេះកន្លងហួសពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ » ( ម៉ាថាយ ២៦:៣៩ ) ។
នៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញាយើងបានរៀនថា ៖
« គឺជាសេចក្ដីរងទុក្ខវេទនា ដែលបណ្ដាលឲ្យយើង គឺជាព្រះដែលមហិមាលើអ្វីៗទាំងអស់ ត្រូវញ័រដោយសារតែការឈឺចាប់ ហើយត្រូវច្រួចលោហិតចេញពីគ្រប់រន្ធញើស ហើយត្រូវរងទុក្ខព្រមទាំងរូបកាយ និងវិញ្ញាណផង—ហើយដើម្បីកុំឲ្យយើងត្រូវផឹកពែងល្វីង ហើយរួញខ្លាច—
ទោះជាយ៉ាងណាក៏ដោយ សូមព្រះវរបិតាបានសិរីល្អ ហើយយើងបានទទួលទាន និងសម្រេចការរៀបចំរបស់យើងចំពោះកូនចៅមនុស្ស » ( គ. និង ស. ១៩:១៨–១៩ ) ។
ព្រះយេស៊ូវបានមានបន្ទូលទៅកាន់ព្រះវរបិតាទ្រង់ថា « ទូលបង្គំបានតម្កើងទ្រង់នៅផែនដី ៖ ទូលបង្គំបានបង្ហើយការ ដែលទ្រង់បានប្រគល់មកឲ្យធ្វើ » ( យ៉ូហាន ១៧:៤ ) ។
ក្រោយមកពេលនៅលើឈើឆ្កាង « កាលព្រះយេស៊ូវបានទទួលទឹកខ្មេះរួចហើយ ក៏មានព្រះបន្ទូលថា ការស្រេចហើយ នោះទ្រង់ឱនព្រះសិរប្រគល់វិញ្ញាណទ្រង់ទៅ » ( យ៉ូហាន ១៩:៣០ ) ។
ព្រះយេស៊ូវបានយាងមកកាន់ផែនដី រក្សាភាពជាព្រះរបស់ទ្រង់ប្រយោជន៍ឲ្យទ្រង់អាចធ្វើពលិកម្មធួន និង កាន់ខ្ជាប់ដរាបដល់ចុងបំផុត ។
ចងចាំទ្រង់តាមរយៈពិធីសាក្រាម៉ង់
សព្វថ្ងៃនេះ យើងចងចាំពលិកម្មធួនរបស់ព្រះអង្គសង្គ្រោះ ជាមួយនឹងនិមិត្តរូបនៃនំបុ័ង និង ទឹក—ជានិមិត្តសញ្ញានៃព្រះកាយ និង ព្រះលោហិតទ្រង់—ដែលបានធ្វើឡើងនៅអាហារយប់ថ្ងៃចុងក្រោយរបស់ព្រះអម្ចាស់ជាមួយពួកសាវករបស់ទ្រង់ ។
« រួចទ្រង់ក៏យកនំបុ័ងមកអរព្រះគុណ ហើយកាច់ប្រទានទៅគេ ដោយព្រះបន្ទូលថា នេះហើយជារូបកាយខ្ញុំ ដែលបានប្រទានមកសំរាប់អ្នករាល់គ្នា ចូរធ្វើបុណ្យនេះ ដើម្បីរំឭកពីខ្ញុំចុះ ។
ក្រោយដែលបានបរិភោគហើយ នោះទ្រង់យកពែងមកធ្វើបែបដូច្នោះដែរ ដោយព្រះបន្ទូលថា ពែងនេះជាសញ្ញាថ្មី ដែលតាំងដោយនូវឈាមខ្ញុំ គឺជាឈាមដែលត្រូវច្រួចចេញសម្រាប់អ្នករាល់គ្នា » ( លូកា ២២:១៩–២០ ) ។
នៅក្នុង យ៉ូហាន ១១:២៥–២៦ យើងអានថា ៖
« ខ្ញុំជាសេចក្ដីរស់ឡើងវិញ ហើយជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយគង់តែនឹងរស់ឡើងវិញដែរ ៖
« ឯអ្នកណាដែលរស់នៅ ហើយជឿដល់ខ្ញុំ នោះមិនត្រូវស្លាប់ឡើយ »។
យើងក៏អានផងដែរថា ៖ « ខ្ញុំជានំបុ័ងដ៏រស់ ដែលចុះពីស្ថានសួគ៌មក បើអ្នកណាបរិភោគនំបុ័ងនេះ នោះនឹងរស់នៅអស់កល្បជានិច្ច ឯនំបុ័ងដែលខ្ញុំឲ្យ គឺជារូបសាច់ខ្ញុំ ដែលខ្ញុំនឹងឲ្យជំនួសជីវិតមនុស្សលោក » ( យ៉ូហាន ៦:៥១ ) ។
« ជីវិតមនុស្សលោក » មានន័យថា ជីវិតដ៏នៅអស់កល្បជានិច្ច ។
យើងត្រូវរៀបចំខ្លួន និង គ្រួសារយើងរៀងរាល់សប្តាហ៍ ដើម្បីទទួលទានសាក្រាម៉ង់ដោយសក្តិសម ហើយរំឭកសេចក្តីសញ្ញារបស់យើងដោយដួងចិត្តដែលប្រែចិត្ត ។
ព្រះវរបិតា និងព្រះរាជបុត្រាស្រឡាញ់ពួកយើង
ព្រះវរបិតាបានបញ្ជូនព្រះរាជបុត្រាទ្រង់មកលើផែនដី—ការយាងចុះមកនៃព្រះ—ដើម្បីអនុញ្ញាតឲ្យទ្រង់ត្រូវបានគេឆ្កាង ហើយឲ្យទ្រង់ឆ្លងកាត់នូវគ្រប់អ្វីទាំងអស់ដែលទ្រង់បានហែលឆ្លងកាត់ ។ នៅក្នុងយ៉ូហាន យើងអានថា ៖
ព្រះយេស៊ូវមានព្រះបន្ទូល…ថា ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ ។
« បើអ្នករាល់គ្នាបានស្គាល់ខ្ញុំ នោះបានស្គាល់ព្រះវរបិតាដែរ អំពីនេះទៅមុខ អ្នករាល់គ្នាក៏ស្គាល់ ហើយបានឃើញទ្រង់ផង » ( យ៉ូហាន ១៤:៦–៧ ) ។
« នេះហើយជាសេចក្តីស្រឡាញ់ មិនមែនជាយើងបានស្រឡាញ់ព្រះនោះទេ គឺទ្រង់បានស្រឡាញ់យើងវិញទេតើ ហើយបានចាត់ព្រះរាជបុត្រាទ្រង់មក ទុកជាដង្វាយឲ្យធួននឹងបាបយើងរាល់គ្នាផង » ( យ៉ូហានទី១ ៤:១០ ) ។
ដង្វាយឲ្យធួន មានន័យថា ផ្សះផ្សារ ឬ ធ្វើឲ្យស្ងប់ចិត្ត ។
សេចក្ដីបញ្ចប់
មនុស្សគ្រប់គ្នាដែលកើតមកផែនដី ហើយទទួលរូបកាយនៃជីវិតរមែងស្លាប់នេះ នឹងត្រូវបានរស់ឡើងវិញ ប៉ុន្តែយើងត្រូវខិតខំដើម្បីទទួលបានពរជ័យនៃភាពតម្កើងឡើង តាមរយៈភាពស្មោះត្រង់ សិទ្ធិជ្រើសរើស ការគោរពប្រតិបត្តិ និង ការប្រែចិត្តរបស់យើង ។ សេចក្តីមេត្តាករុណានឹងត្រូវប្រទានមកជាមួយនឹងសេចក្តីយុត្តិធម៌ ដែលអនុញ្ញាតឲ្យមានការប្រែចិត្ត ។
ដោយសារយើងជ្រើសរើសធ្វើតាម និង ទទួលយកព្រះយេស៊ូវគ្រីស្ទជាព្រះប្រោសលោះរបស់យើង នោះយើងបានលើកដាក់ព្រះនាមទ្រង់លើយើងនៅពេលបុណ្យជ្រមុជទឹក ។ យើងទទួលយកក្រឹត្យវិន័យនៃការគោរពប្រតិបត្តិ ។ យើងបានសន្យាថា យើងនឹងចងចាំទ្រង់ជានិច្ច ហើយរក្សាបទបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។ យើងរំឭកសេចក្តីសញ្ញារបស់យើង ពេលយើងទទួលទានសាក្រាម៉ង់ ។
តាមរយៈការរំឭកសេចក្តីសញ្ញារបស់យើង នោះយើងត្រូវបានសន្យាថានឹងមានព្រះវិញ្ញាណរបស់ទ្រង់គង់នៅជាមួយនឹងយើងជាដរាប ។ ប្រសិនបើយើងអនុញ្ញាតឲ្យព្រះវិញ្ញាណរបស់ទ្រង់ យាងចូលមក ហើយដឹកនាំជីវិតយើង នោះយើងអាចត្រឡប់ទៅទីវត្តមាននៃព្រះវរបិតាសួគ៌ និង ព្រះរាជបុត្រាទ្រង់គឺព្រះយេស៊ូវគ្រីស្ទវិញ ដែលនោះគឺជាផែនការនៃសុភមង្គលរបស់ពួកទ្រង់សម្រាប់ពួកយើង—គឺផែនការនៃសេចក្តីសង្គ្រោះ ។