ការរៀបចំខ្លួនសម្រាប់ ការធ្វើដំណើរថ្មីមួយ
អ្នកនិពន្ធរស់នៅ ទីក្រុង ប៉ារ៉ាណា ប្រទេសប្រេស៊ីល ។
ដូចនីហ្វៃបានជិះសំពៅទៅកន្លែងដែលលោកពុំស្គាល់ នោះខ្ញុំត្រូវអនុវត្តសេចក្ដីជំនឿលើព្រះអម្ចាស់អំពីការចាប់ផ្តើមគ្រួសារ ។
នៅប៉ុន្មានអាទិត្យពីមុនខ្ញុំរៀបការ និងផ្សារភ្ជាប់នៅព្រះវិហារបរិសុទ្ធ ខ្ញុំបានចាប់ផ្តើមមានចិត្តភ័យព្រួយបន្តិចអំពីអ្វីៗគ្រប់យ៉ាង ដែលខ្ញុំចាំបាច់ត្រូវធ្វើ ពីមុនខ្ញុំចាប់ផ្តើមគ្រួសារថ្មីរបស់ខ្ញុំ ។ ទោះបីជាមានអំណរក្នុងគ្រានោះក្តី ខ្ញុំបានមានអារម្មណ៍ថាតានតឹងក្នុងចិត្ត អំពីការរៀបចំទម្លាប់ថ្មីរបស់យើង ការទុកដាក់ហិរញ្ញវត្ថុ ការស្វែងរកកន្លែងដើម្បីទុកដាក់ឥវ៉ាន់របស់យើង និង ការទទួលខុសត្រូវថ្មីទាំងអស់ដែលខ្ញុំនឹងធ្វើក្នុងនាមជាភរិយាមួយរូប ។ ខ្ញុំចង់ប្រាកដថា យើងចាប់ផ្តើមអាពាហ៍ពិពាហ៍យើងតាមរបៀបត្រឹមត្រូវ ដោយទុកពេលរបស់យើងឲ្យមានសកម្មភាពសំខាន់ៗ ដូចជាការរក្សាព្រះបញ្ញត្តិ និង ចំណាយពេលជាមួយគ្នា ក្នុងនាមជាស្វាមី និង ភរិយាទោះបីជាយើងរវល់យ៉ាងណាក្តី ។
កាលថ្ងៃរៀបការខិតជិតចូលមកដល់ ខ្ញុំភ្ញាក់ផ្អើល ដោយមានសុបិនអាក្រក់ជាប់ៗគ្នា ទាក់ទងនឹងគ្រប់បញ្ហាដែលអាចប៉ះពាល់ដល់គ្រួសារ ។ សុបិនអាក្រក់នោះបានប៉ះពាល់អារម្មណ៍ខ្ញុំកាន់តែខ្លាំងឡើង ដោយសារខ្ញុំបានកើតមកពីគ្រួសារដែលចេះស្រឡាញ់គ្នា ប៉ុន្តែក៏មានការរងទុក្ខលំបាកផងដែរ ដែលត្រូវបានគេគំរាមកំហែង ការឈ្លោះប្រកែកជាប្រចាំ និង ខ្លាំងក្លា ព្រមទាំងការខូចចិត្តទៀតផង ។ នារាត្រីមួយ បន្ទាប់ពីមានសុបិនបែបនេះច្រើនដងមក ខ្ញុំបានក្រោកឡើងទាំងបែកញើសពេញខ្លួន ហើយខ្ញុំបានសម្រេចចិត្តធ្វើតាមដំបូន្មាន ដែលស៊ីស្ទើរ នីល អែហ្វ ម៉ារ៉ត ទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធានយុវនារីទូទៅ បានថ្លែងនៅក្នុងសុន្ទរកថាដែលមានចំណងជើងថា « បន្ទន់ចិត្តរបស់យើងទៅរកព្រះ » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៣០–៣២ ) ។ ខ្ញុំបានបិទភ្នែក ហើយអធិស្ឋានថា « ឱ ព្រះវរបិតាសួគ៌អើយ តើខ្ញុំម្ចាស់អាចធ្វើអ្វីទៅ ដើម្បីឲ្យរឿងអាក្រក់ៗទាំងនេះចេញឆ្ងាយពីគ្រួសាររបស់ខ្ញុំម្ចាស់ ? »
ចម្លើយនោះបានមកភ្លាមៗ ដូចមាននរណាម្នាក់បើកទ្វារ ហើយដាក់គំនិតនោះទៅក្នុងខួរក្បាលរបស់ខ្ញុំអញ្ចឹង ។ សំឡេងតូចរហៀងៗបានខ្សឹបប្រាប់ខ្ញុំថា « ចូរធ្វើនូវអ្វីដែលអ្នកគួរតែធ្វើទៅ ។ ចូរស្មោះត្រង់គ្រប់ជំហានទាំងអស់ » ។ ព្រះវិញ្ញាណបានខ្សឹបប្រាប់ខ្ញុំនូវឱវាទជាក់លាក់មួយចំនួន ហើយខ្ញុំមានអារម្មណ៍ថា ប្រសិនបើខ្ញុំបានធ្វើកិច្ចការទាំងនោះ នោះគ្រប់យ៉ាងនឹងដំណើរការល្អ » ។
ខ្ញុំបានញញឹម ហើយខ្ញុំមានភាពកក់ក្តៅក្នុងចិត្ត ។ រាល់ក្តីបារម្ភទាំងអស់បានរសាយបាត់ទៅមួយរំពេច ដោយសារខ្ញុំដឹងថាវាគឺជាការពិត ។ ខ្ញុំបានទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធពីមុន ប៉ុន្តែអារម្មណ៍នោះពុំធ្លាប់មានខ្លាំងដូចយប់នោះឡើយ ។ ខ្ញុំទទួលអារម្មណ៍នៃក្តីស្រឡាញ់ពីព្រះវរបិតាសួគ៌ និង ព្រះអង្គសង្គ្រោះរបស់យើងហ៊ុមព័ទ្ធខ្ញុំ ហើយខ្ញុំដឹងថា ភាពលួងលោម និង សេចក្តីសង្គ្រោះរបស់គ្រួសារខ្ញុំសំខាន់ចំពោះពួកទ្រង់ដូចជាវាសំខាន់ចំពោះរូបខ្ញុំដែរ ។
មានរឿងមួយមកពីព្រះគម្ពីរដែលខ្ញុំចាំ បានបន្ថែមការបញ្ជាក់ដល់ខ្ញុំ—នៅពេលព្រះអម្ចាស់បានបញ្ជាឲ្យ នីហ្វៃ សង់សំពៅថា ៖ « ហើយហេតុការណ៍បានកើតឡើងថា ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលមកខ្ញុំថា ៖ អ្នកត្រូវសង់សំពៅមួយ តាមរបៀបដែលយើងនឹងបង្ហាញអ្នក ដើម្បីយើងអាចនាំគ្រួសាររបស់អ្នកឆ្លងកាត់ទឹកទាំងនេះ » ( នីហ្វៃទី១ ១៧:៨ ការគូសបញ្ជាក់បានបន្ថែម ) ។
នីហ្វៃ និង គ្រួសាររបស់លោកបាននៅក្នុងទីរហោស្ថានអស់ជាច្រើនឆ្នាំ ដោយបានស៊ូទ្រាំនឹងសេចក្តីទុក្ខលំបាកគ្រប់បែបយ៉ាង ។ លោកអាចមានអារម្មណ៍ភ័យខ្លាច ក្នុងការចាប់ផ្តើមការធ្វើដំណើរឆ្លងសមុទ្រ ហើយបណ្តាលឲ្យការភ័យខ្លាចរបស់លោកមានខ្លាំងជាងសេចក្តីជំនឿលោក ។ ប៉ុន្តែលោកពុំធ្វើបែបនោះទេ ។ លោកបានទទួលយក ហើយធ្វើតាមការណែនាំពីព្រះ ។ លោកមានសេចក្ដីជំនឿថា ព្រះនឹងបំពេញការសន្យារបស់ទ្រង់ ។ ព្រះអម្ចាស់ពុំបានប្រាប់ នីហ្វៃ ថានឹងគ្មានខ្យល់ព្យុះ ឬ រលកដែលនឹងបក់បោកប៉ះសំពៅឡើយ ។ ប៉ុន្តែទ្រង់បានប្រាប់ នីហ្វៃ ថា ប្រសិនបើលោកធ្វើតាមការណែនាំរបស់ទ្រង់ នោះលោកនឹងអាចនាំគ្រួសារឆ្លងមហាសមុទ្រទៅកាន់ដែនដីសន្យាដោយសុវត្ថិភាព ។
ខ្ញុំបានដឹងថា ខ្ញុំក៏បានធ្វើដំណើរឆ្លងកាត់ទីរហោស្ថានអស់ជាច្រើនឆ្នាំផងដែរ ប៉ុន្តែឥឡូវនេះ ខ្ញុំកំពុងនៅមុខសមុទ្រហើយ ត្រូវរៀបចំខ្លួនសម្រាប់ការធ្វើដំណើរថ្មីមួយ ៖ គឺអាពាហ៍ពិពាហ៍ ។ ខ្ញុំត្រូវបានហៅ—ហើយខ្ញុំគិតថានេះគឺជាកាហៅដល់ក្រុមគ្រួសារនៃពួកបរិសុទ្ធថ្ងៃចុងក្រោយទាំងអស់—ឲ្យសង់សំពៅដោយធ្វើតាមការណែនាំរបស់ព្រះអម្ចាស់ ។
នៅពេលស្វាមីខ្ញុំ និងខ្ញុំបានរៀបការរួច នោះបញ្ហាក៏បានកើតមានឡើង ។ ខ្ញុំមានជំងឺ ហើយយើងមានការលំបាកដើម្បីរក្សាហិរញ្ញវត្ថុរបស់យើងឲ្យមានលំនឹង និងពិបាកអនុវត្តនូវទម្លាប់ល្អៗទាំងអស់ដែលយើងបានសម្រេចចិត្តធ្វើតាមនោះ ។
ប៉ុន្តែព្រះឱវាទដែលខ្ញុំបានទទួលកាលពីយប់នោះ បានរំឭកចាំក្នុងចិត្តខ្ញុំ ។ យើងបានព្យាយាមរៀន និងរក្សាព្រះបន្ទូលរបស់ព្រះទុកនៅក្នុងចិត្តរបស់យើង ធ្វើតាមគំរូល្អៗរបស់ថ្នាក់ដឹកនាំជាទីស្រឡាញ់របស់យើង—រួមទាំងព្រះគ្រីស្ទ—ហើយកែលម្អឥរិយាបថផ្ទាល់ខ្លួនរបស់យើងឲ្យបានប្រសើរឡើង ។ ខ្ញុំបានទទួលទីបន្ទាល់រឹងមាំអំពីការអធិស្ឋាន ហើយបានភ្លក់នូវសេចក្តីស្រឡាញ់ដ៏ពិតប្រាកដរបស់ព្រះវរបិតាដែលទ្រង់មានចំពោះពួកយើង ។ ខ្ញុំបានចាប់ផ្តើមទុកចិត្តច្រើនជាងការភ័យខ្លាច ។ យើងបានដឹងថា ទុក្ខលំបាកដែលយើងបានជួបប្រទះប្រែជាជំហានឆ្ពោះទៅរកការកែលម្អឲ្យបានប្រសើរឡើង ។ សព្វថ្ងៃនេះ ផ្ទះរបស់យើងហាក់បីដូចជាផ្នែកតូចមួយនៃស្ថានសួគ៌ ។
យើងកំពុងនៅក្នុងការចាប់ផ្តើមនៃដំណើររបស់យើង ប៉ុន្តែការរៀបការ និង ការចាប់ផ្តើមគ្រួសារគឺជាជម្រើសល្អបំផុតដែលខ្ញុំបានសម្រេចចិត្តធ្វើ ។ ដួងចិត្តខ្ញុំពោរពេញដោយអំណរ ពេលខ្ញុំគិតអំពីពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធដែលយើងបានទទួល ហើយដឹងថាវាត្រូវបានផ្សារភ្ជាប់ដោយសិទ្ធិអំណាចរបស់ព្រះ ។ ដរាបណាខ្ញុំយល់កាន់តែច្រើន អំពីសារៈសំខាន់នៃគ្រួសារនៅក្នុង ផែនការរបស់ព្រះវរបិតាសួគ៌ និង ភាពពិសិដ្ឋនៃសេចក្តីសញ្ញាដែលយើងបានធ្វើ ដរាបនោះខ្ញុំកាន់តែចង់ជួយគ្រួសារផ្សេងទៀតឲ្យទទួលពិធីបរិសុទ្ធទាំងនោះដែរ ។
ខ្ញុំបានរៀនថា យើងពុំចាំបាច់បារម្ភអំពីអ្វីដែលនឹងកើតឡើងនោះឡើយ ដោយសារព្រះ « ទ្រង់មិនបានប្រទានឲ្យយើងមានវិញ្ញាណដែលតែងតែខ្លាចឡើយ គឺឲ្យមានវិញ្ញាណដ៏មានអំណាច សេចក្ដីស្រឡាញ់ និងប្រាជ្ញានឹងធឹងវិញ » ( ធីម៉ូថេទី២ ១:៧ ) ។ យើងគ្រាន់តែគោរពប្រតិបត្តិតាម ធ្វើតាមការណែនាំដែលបានប្រទានមក តាមរយៈព្រះគម្ពីរ និង ប្រសាសន៍របស់ព្យាការីសម័យទំនើបនេះ ហើយអធិស្ឋានទូលសូមការណែនាំផ្ទាល់ខ្លួនបន្ថែមទៀត ។ ប្រសិនបើយើងធ្វើរឿងទាំងនេះ នោះយើងអាចឆ្លងកាត់មហាសមុទ្រនៃថ្ងៃចុងក្រោយនេះ ដោយមានទំនុកចិត្តថា មិនថាមានការលំបាកបែបណាកើតឡើងចំពោះយើងនោះទេ នោះមនុស្សជាទីស្រឡាញ់របស់យើងនឹងមានសុវត្ថិភាព ។