ភ្លេចសៀវភៅ ប៉ុន្តែចងចាំទីបន្ទាល់
អ្នកនិពន្ធរស់នៅទីក្រុង កាហ្គាយ៉ាន ប្រទេសហ្វីលីពីន ។
មនុស្សគ្រប់គ្នាបានមើលមកខ្ញុំ ។ តើខ្ញុំអាចការពារសាសនាចក្រជាមួយនឹងទីបន្ទាល់ដ៏សាមញ្ញរបស់ខ្ញុំបានដែរឬទេ ?
នាឆ្នាំណាមួយនោះ ខ្ញុំមានគោលដៅបង្កើនការរៀនសូត្រខាងវិញ្ញាណរបស់ខ្ញុំ ។ ខ្ញុំបានយកសៀវភៅ កូនសៀវភៅ សៀវភៅសិក្សា និង ព្រះគម្ពីររបស់សាសនាចក្រទៅគ្រប់ទីកន្លែង ទាំងទៅសាលារៀន ដោយសារខ្ញុំស្រែកឃ្លានចង់ដឹងព្រះបន្ទូលរបស់ព្រះ ។ ប៉ុន្តែការខិតខំរបស់ខ្ញុំបានថយចុះ នៅពេលខ្ញុំរវល់សិក្សាសម្រាប់ការប្រឡងដែលនឹងមកដល់ឆាប់ៗ ។
មានថ្ងៃមួយគ្រូបង្រៀនរបស់យើង បានដឹកនាំការពិភាក្សា ដែលនៅក្នុងនោះគាត់បានស្នើសុំឲ្យពួកសិស្សនៅក្នុងថ្នាក់ ដែលមិនកាន់សាសនាកាតូលិកក្រោកឈរឡើង ។ ខ្ញុំគឺជាពួកបរិសុទ្ធថ្ងៃចុងក្រោយតែម្នាក់ឯងគត់នៅក្នុងថ្នាក់ ។ សិស្សប្រាំមួយនាក់ផ្សេងទៀតក៏បានក្រោកឈរផងដែរ ។
បន្ទាប់មកគេសួរពួកយើងថា ៖ តើអ្នកជាសមាជិកព្រះវិហារមួយណា ? តើនរណាជាអ្នកបង្កើតព្រះវិហារនោះ ? តើព្រះវិហាររបស់អ្នកបង្កើតឡើងតាមរបៀបណា ?
ខ្ញុំជាអ្នកឆ្លើយសំណួរនោះចុងក្រោយគេ ។ ខ្ញុំមានអារម្មណ៍ច្របូកច្របល់ណាស់ នៅពេលខ្ញុំបានដឹងថា ខ្ញុំពុំបានយកសៀវភៅរបស់សាសនាចក្រមកជាមួយខ្ញុំ ប៉ុន្តែខ្ញុំបានព្យាយាមចងចាំអ្វីដែលខ្ញុំបានសិក្សា ។ មានខគម្ពីរក្នុងគម្ពីរប៊ីបមួយបានផុសឡើងក្នុងគំនិតខ្ញុំ ៖
« ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ ។
ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង » ( សុភាសិត ៣:៥–៦ ) ។
ខ្ញុំបានឈរនៅពីមុខសិស្សក្នុងថ្នាក់ដោយក្លាហាន ហើយបំភ្លេចការភ័យខ្លាចរបស់ខ្ញុំ ។ ខ្ញុំបានថ្លែងថា ខ្ញុំគឺជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ខ្ញុំបានចែកចាយរឿងរបស់ក្មេងប្រុស យ៉ូសែប ស៊្មីធ ដែលបានជួបព្រះ ។ ខ្ញុំមានអារម្មណ៍ខ្មួលខ្មាញ់ក្នុងទ្រូងរបស់ខ្ញុំ ហើយខ្ញុំបានស្រក់ទឹកភ្នែក ។ ខ្ញុំបានចែកចាយថា សាសនាចក្របានបង្កើតឡើងនៅថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៣០ ហើយខ្ញុំបានថ្លែងទីបន្ទាល់ថា មានព្យាការីរបស់ព្រះមួយរូប ត្រូវបានហៅ ហើយបព្វជិតភាពត្រូវបានស្តារឡើងវិញ ។ ខ្ញុំបានថ្លែងទីបន្ទាល់ថា រឿងទាំងនេះពិត ។
ការសិក្សាដំណឹងល្អអស់ជាច្រើនម៉ោងនោះគឺពិតជាមានតម្លៃណាស់ ។ វាបានជួយខ្ញុំឲ្យការពារសេចក្តីជំនឿខ្ញុំ ហើយឲ្យខ្ញុំចែកចាយដំណឹងល្អ ។ បួនប្រាំសប្តាហ៍ក្រោយមក ខ្ញុំមានមោទភាពណាស់ ដោយសារមានមិត្តភក្តិបួននាក់មកពីថ្នាក់រៀនរបស់ខ្ញុំបានទៅព្រះវិហារជាមួយខ្ញុំ ។
បទពិសោធន៍នោះបានបង្រៀនខ្ញុំអំពីសារៈសំខាន់នៃទីបន្ទាល់ ។ ដំបូងខ្ញុំបានឆ្ងល់ថា ហេតុអ្វីព្រះអម្ចាស់ពុំបានបំផុសគំនិតឲ្យខ្ញុំយកសៀវភៅរបស់ព្រះវិហារទៅជាមួយខ្ញុំនៅថ្ងៃនោះ ។ សៀវភៅទាំងនោះនឹងជួយឲ្យខ្ញុំឆ្លើយសំណួរដែលបានសួរនោះបានល្អបំផុត ។ ប៉ុន្តែក្រោយមក ខ្ញុំបានដឹងថា យើងពុំចាំបាច់ទន្ទេញអ្វីគ្រប់យ៉ាងអំពីសាសនាចក្រ ឬ ពឹងទៅលើឯកសារយោងឡើយ—យើងគួរតែសិក្សា រស់នៅ និង ចែកចាយដំណឹងល្អ ដោយផ្អែកលើព្រះវិញ្ញាណបរិសុទ្ធ ។ ខ្ញុំអាចគ្មានសៀវភៅទាំងនោះបាន ប៉ុន្តែខ្ញុំពុំអាចគ្មានទីបន្ទាល់បានឡើយ ។