សំណួរ និង ចម្លើយ
« តើខ្ញុំអាចដឹងថា ព្រះកំពុងស្តាប់ការអធិស្ឋានរបស់ខ្ញុំតាមរបៀបណា ? »
ការអធិស្ឋានគឺ ជាពរជ័យមួយដ៏មហិមា ហើយយើងត្រូវបានសន្យាថា ព្រះវរបិតាសួគ៌ទ្រង់ព្រះសណ្តាប់យើងជានិច្ច ប៉ុន្តែជារឿយៗ វាតម្រូវឲ្យយើងធ្វើកិច្ចការមួយចំនួនដើម្បីទទួលស្គាល់ចម្លើយរបស់ទ្រង់ ។១
សូមគិតអំពីរឿងនេះ ៖ ព្រះទ្រង់ព្រះសណ្តាប់អ្នក ឬ ទ្រង់មិនព្រះសណ្តាប់អ្នក ។ ប្រសិនបើទ្រង់មិនព្រះសណ្តាប់អ្នក ប្រាកដណាស់នោះអ្នកគ្មានគោលបំណងក្នុងការអធិស្ឋានឡើយ ។ ប៉ុន្តែប្រសិនបើទ្រង់ព្រះសណ្តាប់វិញនោះ ( ហើយមែនហើយទ្រង់ពិតជាព្រះសណ្តាប់មែន ! ) ហើយត្រូវតែរៀនអំពីរបៀបដើម្បីទាក់ទង ពិតប្រាកដ ជាមួយទ្រង់នៅក្នុងការអធិស្ឋាន ទទួលស្គាល់ចម្លើយ ហើយបន្តបោះជំហានទៅមុខដោយស្មោះត្រង់ ។
នៅពេលយើងមានអារម្មណ៍ថា ទ្រង់មិនព្រះសណ្តាប់យើងទេ នោះប្រហែលជាយើងត្រូវដកពិសោធន៍នូវការរីកចម្រើនផ្ទាល់ខ្លួនមួយចំនួន ។ អ្នកអាចសួរខ្លួនឯងនូវសំណួរមួយចំនួនថា ៖ តើខ្ញុំស្អាតស្អំឬទេ ? តើបំណងរបស់ខ្ញុំសក្តិសមឬទេ ? តើខ្ញុំមានឆន្ទៈធ្វើតាមអ្វីដែលទ្រង់ស្នើឲ្យធ្វើដែរឬទេ ?២ ប្រសិនបើចម្លើយឆ្លើយថា មែន ចំពោះសំណួរនីមួយៗ នោះអ្នកអាចទុកចិត្តថា « ព្រះអម្ចាស់ជាព្រះរបស់អ្នកនឹង…ប្រទានចម្លើយដល់បទអធិស្ឋានទាំងឡាយរបស់អ្នក » ( គ. និង ស. ១១២:១០ ) ។ ចូរចាំថា ជួនកាលចម្លើយកើតឡើងក្នុងរបៀបមួយដោយសម្ងាត់ ឬ មិនបានរំពឹងទុក ។
ប្រសិនបើចម្លើយរបស់អ្នកឆ្លើយថា ទេ ចំពោះសំណួរមួយចំនួននៃសំណួរទាំងនោះ នោះវាមិនទាន់យឺតពេលឡើយ ! សូមធ្វើការផ្លាស់ប្តូរចាំបាច់នានានៅក្នុងជីវិតរបស់អ្នក ដើម្បីឲ្យអ្នកអាចមានព្រះវិញ្ញាណ ។ សូមមានឆន្ទៈធ្វើតាមការបំផុសគំនិតដែលអ្នកទទួលបាន ។
ហើយសូមកុំភ្លេចថា មនុស្សម្នាក់ៗទទួលចម្លើយតាមរបៀបផ្សេងៗគ្នា ។ សូមអធិស្ឋានថា ព្រះវិញ្ញាណបរិសុទ្ធនឹងបង្រៀនអ្នកអំពីរបៀបដែល អ្នក អាចទទួលស្គាល់ចម្លើយទាំងនោះ ។ វាប្រហែលជាពុំងាយស្រួលឡើយ ក្នុងការទទួលស្គាល់ចម្លើយនៅពេលដំបូង ប៉ុន្តែវាដូចជាជំនាញផ្សេងៗទៀតដែរគឺថា ៖ ការអនុវត្តធ្វើឲ្យស្ទាត់ជំនាញ ។ សូមមានសេចក្តីជំនឿ និង ការទុកចិត្តថា ព្រះវរបិតាសួគ៌ព្រះសណ្តាប់យើង ជានិច្ច ។
សូមស្ដាប់ព្រះវិញ្ញាណ
សូមព្យាយាមស្ដាប់ព្រះវិញ្ញាណបរិសុទ្ធ ។ មនុស្សយើងស្តាប់ឮព្រះវិញ្ញាណបរិសុទ្ធតាមរបៀបផ្សេងៗគ្នា ដូច្នោះអ្នកត្រូវស្តាប់សំឡេងតូចរហៀង ពេលការបំផុសគំនិតនោះអាចកើតឡើងជាអារម្មណ៍ ។ ខ្ញុំដឹងថា ព្រះវិញ្ញាណបរិសុទ្ធនឹងប្រាប់ដល់អ្នកនូវគ្រប់អ្វីទាំងអស់ដែលអ្នកត្រូវដឹង—អ្នកគ្រាន់តែស្តាប់ទ្រង់ប៉ុណ្ណោះ ។
អ៊ីលីស ជី អាយុ ១៣ ឆ្នាំ អាល់ប៊ើតា ប្រទេសកាណាដា
ចម្លើយនៅក្នុងសាសនាចក្រ
កាលខ្ញុំមានមន្ទិលសង្ស័យយ៉ាងខ្លាំងថា តើខ្ញុំគួរណាត់ដើរលេងជាគូជាមួយអ្នកមិនមែនជាសមាជិកដែរទេ ។ ថ្ងៃអាទិត្យមួយពេលនៅម៉ោងប្រជុំសាក្រាម៉ង់ មានស្ត្រីម្នាក់បានឡើងនិយាយ ហើយការនិយាយនោះហាក់ដូចជានិយាយចំនឹងរឿងរបស់ខ្ញុំ ។ នៅគ្រានោះ ខ្ញុំបានទទួលការបញ្ជាក់ថា ព្រះអម្ចាស់បានឆ្លើយតបការអធិស្ឋានរបស់ខ្ញុំ ។ កាលពីមុន ខ្ញុំមានភាពស្មុគស្មាញអំពីអ្វីដែលត្រូវធ្វើ ប៉ុន្តែបន្ទាប់ពីខ្ញុំបានស្តាប់តាមព្រះវិញ្ញាណបរិសុទ្ធ ហើយទ្រង់បានប្រទានអំណរ និង ចិត្តក្លាហានដល់ខ្ញុំ ។ ព្រះឆ្លើយតបមកកាន់យើងតាមរយៈអារម្មណ៍ គំនិត ខគម្ពីរ និង អ្នកឡើងនិយាយនៅព្រះវិហារ !
ការ៉ែន វី អាយុ ១៩ ឆ្នាំ ទីក្រុង មីណាស ហ្គើរេស ប្រទេសប្រេស៊ីល
សូមចងចាំថាអ្នកគឺជានរណា
ខ្ញុំដឹងថា ព្រះទ្រង់ព្រះសណ្តាប់យើង ដោយសារការអធិស្ឋានបង្កើតឲ្យមានអារម្មណ៍សុខសាន្ត ការធូរស្បើយ និង សេចក្តីស្រឡាញ់កើតមានក្នុងចិត្តខ្ញុំ ។ ខ្ញុំឃើញថា ទ្រង់ដោះខ្ញុំឲ្យរួចពីគ្រោះថ្នាក់ជាច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ហើយថាទ្រង់ការពារគ្រួសាររបស់ខ្ញុំ ហើយខ្ញុំទទួលអារម្មណ៍ថា ទ្រង់ស្រឡាញ់ខ្ញុំ ។ ពីមុនខ្ញុំទៅសាលារៀន ខ្ញុំតែងតែសូត្របាវចនាយុវនារី វាជួយខ្ញុំឲ្យចាំថា ខ្ញុំគឺជាបុត្រីរបស់ព្រះវរបិតាសួគ៌ ហើយទ្រង់ស្រឡាញ់ខ្ញុំ ។
នីកូល អិម អាយុ ១៩ លីម៉ា ប្រទេសប៉េរូ
ការអធិស្ឋានរបស់កុមារ
ខ្ញុំដឹងថា ព្រះវរបិតាសួគ៌ទ្រង់ព្រះសណ្តាប់ការអធិស្ឋានរបស់ខ្ញុំ ដោយសារទំនុកបទនៅក្នុងចម្រៀងថ្នាក់កុមារ « ការអធិស្ឋានរបស់កុមារ » ( សៀវភៅចម្រៀងកុមារ លេខ ៦ ) ៖ ព្រះវរបិតាអើយ ទ្រង់នៅទីនេះឬ ? តើព្រះអង្គនឹងឆ្លើយការអធិស្ឋានកូនឬទេ ? អ្នកខ្លះនិយាយថាស្ថានសួគ៌នៅឆ្ងាយតែកូនដឹងថាជិតបង្កើយពេលអធិស្ឋាន » ។ ពេលខ្ញុំចាំចម្រៀងនោះ ខ្ញុំដឹងថា ទ្រង់កំពុងព្រះសណ្តាប់ ដោយសារខ្ញុំទទួលអារម្មណ៍ពីព្រះវិញ្ញាណ និង សេចក្តីស្រឡាញ់គ្មានដែនកំណត់របស់ទ្រង់ចំពោះខ្ញុំ ។ នៅពេលខ្ញុំចាំថាទ្រង់ស្រឡាញ់ខ្ញុំ នោះខ្ញុំទទួលអារម្មណ៍លួងលោម ហើយដឹងថា ទ្រង់ព្រះសណ្តាប់ការអធិស្ឋានរបស់ខ្ញុំ ។
អ៊ីលែន ប៊ី អាយុ ១៦ ឆ្នាំ រដ្ឋ ណស ខារ៉ូលីណា ស.រ.អា.
សូមទុកចិត្តលើទ្រង់
ព្រះវរបិតាសួគ៌ទ្រង់ព្រះសណ្តាប់ការអធិស្ឋានរបស់យើង ប៉ុន្តែជួលកាលវាហាក់ដូចជា ទ្រង់ពុំឆ្លើយតបការអធិស្ឋានរបស់យើង ដោយសារទ្រង់អាចពុំឆ្លើយតបមកយើង តាមរបៀប ឬ ពេលវេលាដែលយើងចង់ឲ្យទ្រង់ឆ្លើយ ។ យើងត្រូវមានចិត្តចុះចូលឆន្ទៈរបស់យើងទៅនឹងព្រះទ័យទ្រង់ ហើយមានជំនឿថា ទ្រង់ជ្រាបដឹងអំពីអ្វីដែលល្អបំផុតសម្រាប់យើង ។ ព្រះវរបិតាសួគ៌ស្រឡាញ់យើង ហើយទ្រង់នឹងព្យាយាមជួយយើងជានិច្ច ឲ្យរៀន ហើយរីកចម្រើន នៅពេលទ្រង់ឆ្លើយតបការអធិស្ឋានរបស់យើង ។
ម៉ូសាយ អិម អាយុ ១៧ ឆ្នាំ រដ្ឋយូថាហ៍ ស.រ.អា.
ចូរសូម នោះអ្នកនឹងបានទទួល
តាមរយៈព្រះគម្ពីរ យើងត្រូវបានបង្រៀនថា ព្រះនឹងព្រះសណ្តាប់ការអធិស្ឋានយើងជានិច្ច ហើយទ្រង់នឹងឆ្លើយតប ប្រសិនបើយើងអធិស្ឋានទៅទ្រង់ដោយសេចក្តីជំនឿ និង ស្មោះអស់ពីចិត្ត ។ យើងនឹងទទួលអារម្មណ៍បញ្ជាក់មកក្នុងចិត្តរបស់យើងថា ទ្រង់ពិតជាព្រះសណ្តាប់យើង ថាយើងនឹងមានអារម្មណ៍សុខសាន្ត និង ស្ងប់ ។ យើងក៏អាចទទួលអារម្មណ៍ថា អ្វីៗគ្រប់យ៉ាងនឹងដំណើរការល្អ នៅពេលយើងធ្វើតាមព្រះទ័យរបស់ព្រះវរបិតា ។ ប្រសិនបើយើងសង្ស័យថា ទ្រង់ព្រះសណ្តាប់យើងឬអត់នោះ យើងគួរតែស្វែងរកការណែនាំពីក្នុងព្រះគម្ពីរ ហើយបន្ទាប់មកសូមទូលសួរប្រសិនបើអ្វីដែលយើងបានអាននោះពិតឬទេ ។
ខុនស្ទែនស្សា អិល អាយុ ២០ ឆ្នាំ ទីក្រុង ប៊យ ប៊យ ប្រទេសឈីលី
ចូរស្រាវជ្រាវរកវា
មានគ្រាមួយនោះ ខ្ញុំបានឆ្ងល់ថា តើព្រះទ្រង់ព្រះសណ្តាប់ការអធិស្ឋានរបស់ខ្ញុំឬទេ ហើយក្រោយមក ខ្ញុំមានអារម្មណ៍ថាទទួលចម្លើយក្នុងចិត្តខ្ញុំ ។ ខ្ញុំឮគេថ្លែងទីបន្ទាល់អំពីការអធិស្ឋាន ហើយខ្ញុំបានទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ។ ខ្ញុំសូមផ្តល់យោបល់ផ្សេងទៀតថា សូមសួរឪពុកម្តាយ ប៊ីស្សព ឬ សមាជិកផ្សេងទៀតក្នុងវួដរបស់អ្នក ។ អ្នកក៏អាចអធិស្ឋានទូលសូមជំនួយសម្រាប់ប្រធានបទនេះផងដែរ !
យ៉ូស្វេ អេស អាយុ ១៣ ឆ្នាំ អូរីហ្គិន ស.រ.អា.
អធិស្ឋានដោយស្មោះសរ
បន្ទាប់ពីអធិស្ឋាន អ្នកអាចស្តាប់អារម្មណ៍ និង គំនិតដែលផុសឡើងក្នុងចិត្តរបស់អ្នក ។ អារម្មណ៍ និង គំនិតនោះអាចជាចម្លើយចំពោះការអធិស្ឋាននោះ ។ នៅពេលយើងអធិស្ឋានដោយចិត្តស្មោះសរ គឺដោយស្មោះអស់ពីចិត្ត នោះព្រះវរបិតាសួគ៌របស់យើងឆ្លើយតបមកយើង ស្របតាមសេចក្តីជំនឿដែលយើងមានលើទ្រង់ ។ ទ្រង់ពុំឆ្លើយដោយគ្រាន់តែបំពេញការចង់ដឹងចង់ឮរបស់យើងនោះទេ ។
ចៀន ខ្លោឌ អិន អាយុ ១៦ ឆ្នាំ កាសា សេនត្រល់ សាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ
សូមកុំបោះបង់ឡើយ
« ចូរគោរពប្រតិបត្តិ ចូរចងចាំគ្រាទាំងឡាយនៅពេលអ្នកបានទទួលអារម្មណ៍ពីព្រះវិញ្ញាណ ក្នុងពេលអតីតកាល ហើយសុំដោយសេចក្ដីជំនឿ ។ អ្នកនឹងទទួលចម្លើយ ហើយអ្នកនឹងទទួលអារម្មណ៍នៃក្ដីស្រឡាញ់ និង ភាពសុខសាន្តនៃព្រះអង្គសង្គ្រោះ ។ ចម្លើយនោះអាចនឹងមិនទទួលបានលឿន ឬ តាមរបៀបដែលអ្នកចង់បាន តែចម្លើយនោះនឹងបានទទួល ។ សូមកុំបោះបង់ឡើយ ! »
អែលឌើរ ចេមស៍ ប៊ី ម៉ាទីណូ ក្នុងពួកចិតសិបនាក់ « Turn to Him and Answers Will Come » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៥៩ ។
សំណួរបន្ទាប់
« តើខ្ញុំអាចសូមមិត្តភក្តិរបស់ខ្ញុំ មិនឲ្យនិយាយអាក្រក់ ឬ និយាយមិនសមរម្យអំពីអ្នកដទៃបានយ៉ាងដូចម្តេច ? »
ប្រសិនបើអ្នកមានបំណង សូមផ្ញើចម្លើយរបស់អ្នក និង រូបថតច្បាស់មួយសន្លឹកត្រឹមថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០១៧ នៅគេហទំព័រ liahona.lds.org ( សូមចុច « Submit an Article » ) ឬ អ៊ីម៉ែលទៅកាន់ liahona@ldschurch.org
សូមផ្ញើព័ត៌មានដូចតទៅនេះ ៖ (១) នាម និង គោត្តនាម (២) ថ្ងៃ ខែ ឆ្នាំ កំណើត (៣) វួដ ឬ សាខា (៤) ស្តេក ឬ មណ្ឌល (៥) សំបុត្រអនុញ្ញាតដែលមានជាលាយលក្ខណ៍អក្សររបស់អ្នក ហើយប្រសិនបើអ្នកអាយុក្រោម ១៨ ឆ្នាំ នោះត្រូវមានសំបុត្រអនុញ្ញាតពីឪពុកម្ដាយអ្នក ជាលាយលក្ខណ៍អក្សរ ( អ៊ីមែលអាចទទួលយកបាន ) ដើម្បីធ្វើការបោះពុម្ពចម្លើយ និង រូបថតរបស់អ្នក ។
ចម្លើយអាចនឹងត្រូវបានកែសម្រួលឡើងវិញ ប្រសិនបើវាវែងពេក ឬ មិនសូវច្បាស់លាស់ ។