ឆ្នាំ​២០១៧
បាន​សង្គ្រោះ​នៅក្នុង​បន្ទប់​ទទួល​ភ្ញៀវ
April 2017


សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

បាន​សង្គ្រោះ​នៅក្នុង​បន្ទប់​ទទួល​ភ្ញៀវ

mother with children in the foyer

រចនា​រូបភាព​ដោយ អេលែន ហ្គានស៍

ជារឿយៗ ស្វាមី​ខ្ញុំ​ត្រូវ​ធ្វើការ​នៅ​ថ្ងៃ​អាទិត្យ ដោយ​ទុក​ឲ្យ​ខ្ញុំ​យក​កូន​ប្រុស​ទាំងបួន​នាក់​របស់​យើង​ទៅ​ព្រះវិហារ​តែ​ម្នាក់​ឯង ។ នា​ថ្ងៃ​អាទិត្យ​មួយ អំឡុង​ពេល​ប្រជុំ​សាក្រាម៉ង់ កូន​ប្រុស​ពីរ​នាក់​របស់​ខ្ញុំ​បាន​ឈ្លោះ​គ្នា ។ ប្រសិនបើ​ខ្ញុំ​ឲ្យ​សៀវភៅ​ទៅ​កូន​ណា​ម្នាក់ នោះ​កូន​ផ្សេង​ទៀត​នឹង​ដណ្តើម​គ្នា​យក​សៀវភៅ​នោះ​ដែរ ។ ខ្ញុំ​បាន​សាកល្បង​ឲ្យ​នំ ប្រដាប់លេង និង ឲ្យ​ផាត់​រូបភាព ប៉ុន្តែ​គ្មាន​ប្រយោជន៍​សោះ ។ ខ្ញុំ​ស្មុគស្មាញ​ណាស់​ជាមួយ​កូនប្រុស​របស់​ខ្ញុំ ព្រោះ​ពួកគេ​ពុំ​អាច​អង្គុយ​ឲ្យ​ស្ងាត់ស្ងៀម​បាន សូម្បី​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ ។

ខ្ញុំ​បាន​លូក​យក​ប្រដាប់​លេង​តូច​មួយ​ពី​កាបូប​ខ្ញុំ រួច​ហុច​វា​ឲ្យ​ទៅ​កូន​របស់​ខ្ញុំ​ដែល​មាន​អាយុ​មួយ​ឆ្នាំ ។ រំពេច​នោះ ថាយសុន កូន​ប្រុស​ខ្ញុំ​ដែល​មាន​អាយុ​បី​ឆ្នាំ​បាន​ស្រែក​ឡើង ខណៈ​ដែល​គេ​បាន​សង្គ្រប់​លើ​ប្អូនប្រុស​របស់​គេ ព្យាយាម​ដណ្តើម​យក​ប្រដាប់​លេង​នោះ ។ ខ្ញុំ​មាន​ក្តី​ខ្មាសអៀន ពេល​ខ្ញុំ​បី​កូនតូច​ទាំងពីរ​នាក់​ដែល​ស្រែក​យំ ឈ្លោះ​គ្នា​នោះ​យក​ចេញ​ទៅ​បន្ទប់​ទទួល​ភ្ញៀវ ។

រំពេច​នោះ​ខ្ញុំ​បាន​យំ ។ ហេតុអ្វី​វា​លំបាក​ម៉្លេះ ? ខ្ញុំ​បាន​ធ្វើ​អ្វី​ដែល​ព្រះវរបិតាសួគ៌​សព្វព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើ​ហើយ ដោយ​នាំ​គ្រួសារ​ខ្ញុំ​មក​ព្រះវិហារ​មែនទេ ? ប៉ុន្តែ​ខ្ញុំ​ពុំ​អាច​ធ្វើ​កិច្ចការ​នេះ​បន្ត​ទៀត​បាន​ឡើយ ។ វា​ហត់នឿយ ហើយ​ខ្មាសអៀន ដែល​ត្រូវ​គ្រប់គ្រង​កូនប្រុស​របស់​ខ្ញុំ ពេញ​មួយ​ការប្រជុំ​សាក្រាម៉ង់​រាល់​សប្តាហ៍​តែ​ម្នាក់​ឯង​ដូច្នោះ ។ ខ្ញុំ​ពុំ​ចង់​ត្រឡប់​មក​វិញ​ឡើយ ។

ខ្ញុំ​បាន​អង្គុយ​ទាំង​មាន​អារម្មណ៍​គិត​បែប​នោះ​ប្រហែល​ជា ១៥ វិនាទី ស្រាប់​តែ​មាន​ស្ត្រី​ម្នាក់​ដែល ខ្ញុំ​ទើប​តែ​ស្គាល់​បាន​ដើរ​ចូលមក​បន្ទប់​ទទួល​ភ្ញៀវ​នោះ​តាម​ក្រោយ​ខ្ញុំ​ដែរ ។ គាត់​ឈ្មោះ ប៊ើស ។ គាត់​តែងតែ​អង្គុយ​ម្នាក់​ឯង ដោយសារ​ស្វាមី​របស់​គាត់​បម្រើ​នៅក្នុង​គណៈ​ប៊ីស្សព ហើយ​កូនៗ​របស់​គាត់​ធំៗ​អស់​ហើយ ។ គាត់​បាន​និយាយ​ថា « ប្អូនស្រី​មក​ព្រះវិហារ​តែ​ម្នាក់​ឯង​ជានិច្ច ! ខ្ញុំ​អាច​ឃើញ​ថា ប្អូន​កំពុង​តែ​ព្យាយាម​យ៉ាង​ខ្លាំង ។ តើ​អាច​ឲ្យ ថាយសុន អង្គុយ​ជាមួយ​បង​បាន​ទេ ? » ខ្ញុំ​ពុំ​អាច​រកនឹក​ឆ្លើយតប​វិញ​ឡើយ ! ខ្ញុំ​គ្រាន់តែ​ងក់​ក្បាល នៅពេល​គាត់​បាន​យក ថាយសុន​ពី​ដៃ​ខ្ញុំ​ទៅ ហើយ​ដឹកដៃ​គាត់​ត្រឡប់​ទៅក្នុង​សាលាជំនុំ​វិញ​ដោយ​ស្ងប់ស្ងាត់ និង រីករាយ ។

ខ្ញុំ​បាន​ជូត​ទឹក​ភ្នែក​ខ្ញុំ​ចេញ លើក​កូន​ខ្ញុំ​ឡើង ហើយ​បាន​ដើរ​ដោយ​ចិត្ត​រាបសា​ត្រឡប់​ចូល​ទៅ​ក្នុង​សាលាជំនុំ​វិញ ដើម្បី​រីករាយ​នឹង​ភាពសុខសាន្ត​នៃ​ការប្រជុំ​នោះ​បន្តទៀត ។

នៅ​ថ្ងៃ​អាទិត្យ​បន្ទាប់ នៅពេល​យើង​បាន​ដើរ​ចូល​ទៅ​ការប្រជុំ​សាក្រាម៉ង់ ថាយសុន បាន​សម្លឹង​រកមើល​មិត្តភក្តិ​ថ្មី​របស់​គាត់ ។ នៅ​ពេល​យប់​គាត់​បាន​អធិស្ឋាន​ថា « ឱ ព្រះវរបិតាសួគ៌​អើយ សូម​អរគុណ​ទ្រង់​ចំពោះ​អ៊ំស្រី ប៊ើស ។ ខ្ញុំ​ស្រឡាញ់​គាត់​ខ្លាំង​ណាស់ ! »

អស់​រយៈពេល​ជាង​បី​ឆ្នាំ​ហើយ​ជារឿយៗ ថាយសុន នៅ​តែ​សម្លឹង​រកមើល​បងស្រី ប៊ើស​ពេល​នៅក្នុង​សាលាជំនុំ ។ ឆ្នាំ​មុន គាត់​ត្រូវបាន​ហៅ​បម្រើ​ជា​គ្រូ​បង្រៀន​ថ្នាក់​បឋមសិក្សា​របស់ ថាយសុន ។ ថាយសុន​ពិត​ជា​ក្មេង​ដ៏​រីករាយ​ម្នាក់ ។

ខ្ញុំ​មាន​អំណរគុណ​ចំពោះ​បងស្រី ប៊ើស និង ឆន្ទៈ​របស់​គាត់ ដើម្បី​ស្រឡាញ់ និង បម្រើ​អ្នក​ដទៃ ។ ខ្ញុំ​ដឹង​ថា យើង​អាច​ផ្តល់ពរ​ដល់​មនុស្ស​ផ្សេង​ទៀត ពេល​យើង​បម្រើ​ពួកគេ​ដូច​ជា​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ ។