អែនឌ្រេ និងពាក្យសម្តីអាក្រក់
អ្នកនិពន្ធរស់នៅរដ្ឋ យូថាហ៍ ស.រ.អា. ។
« I’ll try to repent, to do better, to pray » ( Children’s Songbook លេខ ៩៨ ) ។
នៅពេលម៉ោងសម្រាក នីកូឡាយនិយាយថា « ឯងគិតថា ឯងល្អប្រសើរជាងមនុស្សផ្សេងទៀត ដោយសារឯងពុំប្រើពាក្យជេរមែនទេ » ។
អែនឌ្រេ បាននិយាយថា « មិនមែនទេ » ។
« អញ្ចឹងហេតុអ្វីបានជាឯងពុំជេរ ? ជេរតែម្តង ? វាមិនស្លាប់ទេ ។ គេជេរគ្រប់តែគ្នាហ្នឹង » ។
អែនឌ្រេ ញាក់ស្មា ។ « ខ្ញុំពុំចង់ជេរទេ » ។
អែនឌ្រេ បានដឹងថាការជេរគឺជាកំហុស ហើយធ្វើឲ្យព្រះវិញ្ញាណយាងចេញឆ្ងាយ ។ អែនឌ្រេ ចង់ឲ្យព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយគាត់ ។ ដូច្នោះគាត់ពុំជេរគេឡើយ ។
អែនឌ្រេ គឺជាសិស្សថ្មីម្នាក់នៅឯសាលារៀន ហើយ នីកូឡាយគឺជាមនុស្សម្នាក់រៀនថ្នាក់ទីប្រាំមួយជាមួយគាត់ ដែលចង់ធ្វើជាមិត្តនឹងគាត់ ។ ហើយនីកូឡាយបន្តសួរគាត់អំពីការជេរជារៀងរាល់ថ្ងៃ ។ ហើយរាល់ថ្ងៃ អែនឌ្រេកាន់តែធុញទ្រាន់នឹងការនិយាយថា មិនជេរទេ។ ក្រៅពីនោះទៀត អែនឌ្រេខ្លាចថា នីកូឡាយ នឹងឈប់ធ្វើជាមិត្តរបស់គាត់ នោះគាត់ប្រាកដជាឯកោ ។
នីកូឡាយ បាននិយាយបន្ទាប់ពីចេញពីរៀនថា « ជេរតែមួយម៉ាត់ទៅ ។ បើមិនអញ្ចឹងទេ ខ្ញុំនឹងមិនរាប់អានឯងទៀតទេ » ។
ទីបំផុត អែនឌ្រេ ធុញទ្រាន់នឹងការរំខាននោះ គាត់ក៏បានជេរ—ជេរតែម្តងវាមិនជាបញ្ហា ធ្ងន់ធ្ងរ អីទេ ។
នីកូឡាយបានងក់ក្បាល ។ « ល្អណាស់ ឥឡូវឯងគឺជាគ្នីគ្នាយើងហើយ » ។
បន្ទាប់ពីពេលនោះមក មិត្តភក្តិផ្សេងទៀតរបស់នីកូឡាយបាននិយាយរកអែនឌ្រេ ផងដែរ ។ ពួកគេបរិភោគអាហារជាមួយគាត់ ហើយបានលេងបាល់ឱបជាមួយគាត់នៅម៉ោងសម្រាក ។ ប៉ុន្តែការធ្វើជាមិត្តភក្តិនៅក្នុងក្រុមរបស់នីកូឡាយដូចជាកំពុងដើរទៅរកភាពគ្រោះថ្នាក់ ។ ដរាបណាអែនឌ្រេដើរលេងជាមួយពួកគេ ដរាបនោះគាត់កាន់តែនិយាយ និង មានឫកពាដូចជាពួកគេដែរ ។ ហើយពួកគេទាំងអស់គ្នាចេះជេរ ។ ចេះជេរច្រើនទៀតផង ។ ពួកគេបានសើច ហើយជេរគ្នាទៅវិញទៅមក ។ ពួកគេនិយាយពាក្យឈ្លើយៗអំពីគ្រូបង្រៀនរបស់ខ្លួន ។ ពួកគេខឹង ហើយធ្វើទង្វើកោងកាចជាច្រើន ។ យូរៗទៅ អែនឌ្រេបានចាប់ផ្តើមមានអារម្មណ៍ខឹងកាន់តែញឹកញាប់ឡើង ហើយចេះតែឃើញហេតុផលនេះហេតុផលនោះដើម្បីជេរ ។
នាយប់មួយ ពេលម៉ាក់ និង ប៉ាមិននៅផ្ទះ អែនឌ្រេ និង បងស្រីរបស់គាត់ឈ្មោះ ខាត់យ៉ា បានឈ្លោះដណ្តើមគ្នាមើលកម្មវិធីទូរទស្សន៍។ ពីមុន អែនឌ្រេបានគិត ស្រាប់តែគាត់របូតមាត់ជេរ ។
ខាត់យ៉ាបានសម្លឹងដោយក្តីភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ « ‹ បង › នឹងប្រាប់ម៉ាក់ហើយ »។
អែនឌ្រេ បានរត់ទៅបន្ទប់ខ្លួន ហើយទាញទ្វារបិទគ្រាំង ។ តើមានរឿងអ្វីកើតឡើងចំពោះអ្នកទាំងអស់គ្នា ? ហេតុអ្វីពួកគេធ្វើឲ្យគាត់ខឹងគ្រប់ពេល ? ពេលឪពុកម្តាយរបស់គាត់មកផ្ទះវិញ អែនឌ្រេ បានបើកទ្វារបន្ទប់របស់គាត់បន្តិច ហើយឮ ខាត់ធីនិយាយថា « ម៉ាក់ អែនឌ្រេជេរខ្ញុំ » ។
« មែនឬ ? » ម៉ាក់បានស្រែកដោយភ្ញាក់ផ្អើល ។ « អែនឌ្រេ មិនចេះជេរទេ » ។
អែនឌ្រេ បានបិទទ្វារបន្ទប់គាត់ ហើយទម្លាក់ខ្លួនគាត់នៅលើគ្រែ ។ គាត់បានគិតអំពីភាពខុសគ្នា ដែលគាត់បានមាន ចាប់តាំងពីគាត់ចាប់ផ្តើមជេរ ។ គាត់ធ្លាប់ទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ យូរណាស់មកហើយ ។
អែនឌ្រេ បានលុតជង្គង់ចុះនៅក្បែរគ្រែរបស់គាត់ ហើយអធិស្ឋាន ។ « ឱព្រះវរបិតាសួគ៌អើយ ឲ្យទូលបង្គំសូមទោស ដែលខ្ញុំបង្គំមានចិត្តកោងកាច និង មានកំហឹង ។ ទូលបង្គំសូមទោស ដែលទូលបង្គំបានចាប់ផ្តើមជេរ ។ ទូលបង្គំនឹងកែខ្លួនឲ្យបានប្រសើរឡើង » ។
ពេលអែនឌ្រេអធិស្ឋាន ចិត្តគាត់ពោរពេញដោយអារម្មណ៍កក់ក្តៅ ។ នោះគាត់មានអារម្មណ៍រីករាយណាស់ ដ្បិតនេះគឺជាអារម្មណ៍ដែលគាត់បានមានមុននឹងគាត់ចាប់ផ្តើមចេះជេរជាលើកដំបូង ។ គាត់បានដឹងថា ព្រះស្រឡាញ់គាត់ ហើយគាត់មានអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ។ គាត់ទទួលអារម្មណ៍បានការអភ័យទោស ហើយដឹងថាគាត់អាចផ្លាស់ប្តូរ ហើយកែប្រែខ្លួនឲ្យបានប្រសើរឡើង ។
បន្ទាប់ពីអធិស្ឋានហើយ គាត់បានប្រាប់ម្តាយគាត់អំពីការពិត ព្រមទាំងសូមទោស ខាត់យ៉ា ។ អែនឌ្រេមានអារម្មណ៍ល្អជាងមុនបន្ទាប់ពីធ្វើបែបនោះ ។ វាមានអារម្មណ៍ល្អដើម្បីប្រែចិត្ត ។
នាថ្ងៃបន្ទាប់នៅឯសាលារៀន អែនឌ្រេពុំបានញ៉ាំអាហារពេលថ្ងែត្រង់ជាមួយក្រុមរបស់ នីកូឡាយ ឡើយ ។ ផ្ទុយទៅវិញ គាត់បានអង្គុយជាប់ក្មេងៗមួយចំនួន ដែលគាត់មិនស្គាល់ ។ វានឹងចំណាយពេលយូរ ប៉ុន្តែអែនឌ្រេ បានដឹងថា គាត់នឹងរកបានមិត្តភក្តិដែលល្អ ហើយរីករាយ ព្រមទាំងមិនប្រើពាក្យជេរ ។ ដូចជារូបគាត់ដែរ ។