សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
សូមកុំចាក់បទចម្រៀងនោះ
យូរណាស់មកហើយ គ្រួសាររបស់ខ្ញុំ និង ខ្ញុំ បានរស់នៅក្នុងទីក្រុង វ៉េរ៉ាក្រូហ្ស ប្រទេស ម៉ិកស៊ីកូ នៅពេលកូនៗរបស់ខ្ញុំរៀននៅសាលាបឋមសិក្សា ។ រាល់ព្រឹកនៅពេលខ្ញុំជួយរៀបចំកូនៗទាំងបីនាក់របស់ខ្ញុំទៅរៀន យើងបានស្តាប់វិទ្យុ—ជាស្ថានីយវិទ្យុដែលល្បីជាងគេបំផុតនៅក្នុងទីក្រុង—យើងស្តាប់កម្មវិធីដ៏គួរឲ្យពេញចិត្តបំផុត ពិធីករប៉ុស្តិ៍វិទ្យុដែលដឹកនាំកម្មវិធីនោះជាយុវជន ។
យើងបានចាប់ផ្តើមស្តាប់ឮបទចម្រៀងដ៏ពេញនិយមមួយ ។ នៅពេលខ្ញុំចាប់ផ្តើមផ្តោតយកចិត្តទុកដាក់ស្តាប់ទំនុកបទនៃចម្រៀងនោះ ខ្ញុំបានដឹងអំពីអត្ថន័យនៃចម្រៀងនោះ ទោះបីវាគ្មានពាក្យគ្រោតគ្រាតក្តី ប៉ុន្តែវាដឹកនាំទៅរកភាពគ្រោតគ្រាត និង អាសអាភាស ។
ខ្ញុំបាននិយាយដោយម៉ឹងម៉ាត់ទៅកាន់កូនៗរបស់ខ្ញុំថា « យើងពុំអាចស្តាប់ពាក្យសម្តីបែបនេះឡើយ » ។ ប្រហែលពួកគេពុំបានផ្តោតអារម្មណ៍លើទំនុកបទចម្រៀងនោះឡើយ ប៉ុន្តែពួកគេបានផ្តោតអារម្មណ៍ល្មមគ្រប់គ្រាន់ បន្លឺសំឡេងច្រៀងគ្រហឹមតាមចង្វាក់ភ្លេងនោះ ។
ពួកគេបានឃើញខ្ញុំបិទសំឡេងវិទ្យុ ហើយពួកគេបានសួរខ្ញុំថា ម៉ាក់ហេតុអ្វីបិទវា ។ « ម៉ាក់នឹងប្រាប់ពិធីករវិទ្យុនេះ ឲ្យដកបទចម្រៀងនេះចេញពីកម្មវិធី » ។ ការភ្ញាក់ផ្អើលរបស់ពួកគេបានជំរុញចិត្តខ្ញុំឲ្យចាត់វិធានការណ៍នោះបន្តទៀត ។
ពួកគេស្ទើរតែពុំជឿសោះ ហើយខ្ញុំខ្លួនឯងក៏ស្ទើរតែពុំជឿដែរថា ខ្ញុំបានយកទូរសព្ទ ហើយទូរសព្ទទៅកាន់ស្ថានីយវិទ្យុនោះ ។ ខ្ញុំពុំរំពឹងថានឹងទទួលបានការឆ្លើយតបឡើយ ប៉ុន្តែខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលពិធីករប៉ុស្តិ៍វិទ្យុដដែរ ដែលយើងបានស្តាប់កម្មវិធីនោះ បានឆ្លើយទូរសព្ទរបស់ខ្ញុំភ្លាមៗ ។
ខ្ញុំបានប្រាប់គាត់ថា ខ្ញុំពុំយល់ស្របចំពោះការស្តាប់បទចម្រៀងនោះទេ ដោយសារគ្រួសារជាច្រើនបានបើកស្តាប់វិទ្យុប៉ុស្តិ៍នេះ នៅម៉ោងនេះរៀងរាល់ព្រឹក ។ គាត់បានសួរខ្ញុំ ថាតើខ្ញុំចង់ឲ្យគាត់ចាក់បទចម្រៀងណាវិញ ប៉ុន្តែឥរិយាបថរបស់គាត់មានសភាពល្អធម្មតាទេ ហើយខ្ញុំគ្រាន់តែសូមថា កុំឲ្យគាត់ចាក់បទចម្រៀងនោះ អំឡុងពេលដែលក្មេងៗនៅផ្ទះ ។
ខ្ញុំពុំបានដឹងឡើយថា តើការសន្ទនាតាមទូរសព្ទរបស់ខ្ញុំនោះ កំពុងផ្សាយផ្ទាល់ឬអត់នោះទេ ប៉ុន្តែខ្ញុំមានអំណរគុណណាស់ដែលពិធីករប៉ុស្តិ៍វិទ្យុនោះបានស្តាប់ខ្ញុំ ។ ពីរបីថ្ងៃក្រោយមក ខ្ញុំសូមប្រាប់ថា ការស្នើសុំរបស់ខ្ញុំត្រូវបានទទួលយក ។
បទពិសោធន៍នោះបានបញ្ជាក់ខ្ញុំថា យើងត្រូវមានចិត្តក្លាហាន នៅពេលការសម្រេចចិត្តនៅក្នុងកណ្តាប់ដៃយើង ហើយធ្វើអ្វីៗដែលចាំបាច់ដើម្បីការពារកូនៗរបស់យើងពីឥទ្ធិពលអវិជ្ជមាន ។ នៅពេលយើងធ្វើបែបនេះ ព្រះវិញ្ញាណបរិសុទ្ធអាចបន្តធ្វើជាគូកនរបស់យើងជាប់ជានិច្ច ។