ធ្វើឲ្យបានល្អប្រសើរបន្តិចជាងពី ម្សិលមិញ
អ្នកនិពន្ធរស់នៅទីក្រុងសាលតា ប្រទេសអាហ្សង់ទីន ។
យើងត្រូវបន្តរស់នៅតាមដំណឹងល្អ ។ នោះជារបៀបដែលសូជីអូអាចក្លាយជាកូនប្រុសរបស់យើងម្តងទៀត ។
នៅពេលប្រធានបេសកកម្មរបស់គាត់បានទូរសព្ទមក នោះសូជីអូបានបម្រើបេសកកម្មបានជិតមួយឆ្នាំហើយ ។ គាត់គឺជាកូនប្រុសតែម្នាក់គត់របស់យើង ហើយគាត់គឺជាកូនដំបូងរបស់យើងដែលទៅបម្រើបេសកកម្មពេញម៉ោង ។ លីលៀណាភរិយារបស់ខ្ញុំ និងខ្ញុំមានមោទនភាពចំពោះគាត់ និងគំរូដែលគាត់បានធ្វើសម្រាប់ប្អូនស្រីទាំងពីររបស់គាត់ ។
សូជីអូមានរបៀបពិសេសមួយអំពីខ្លួនគាត់ ដែលយើងបានដឹងថា នឹងធ្វើឲ្យគាត់ក្លាយជាអ្នកផ្សព្វផ្សាយសាសនាល្អ ។ គាត់មានភាពជាអ្នកដឹកនាំតាំងពីកំណើត គាត់រីករាយ ហើយមានចិត្តស្មោះសរ ហើយគាត់អាចជំរុញទឹកចិត្តអ្នកដទៃបាន ។
វាមិនជាបញ្ហាចំពោះគាត់ឡើយ ទោះជាបុគ្គលនោះជាសមាជិកសាសនាចក្រឬមិនមែនជាសមាជិកក្តី—គាត់រាប់អានមិត្តជាមួយមនុស្សគ្រប់គ្នា ។ ហើយប្រសិនបើអ្នកដទៃសើចចំអកដាក់គាត់ដោយសារតែគាត់ជាពួកបរិសុទ្ធថ្ងៃចុងក្រោយ នោះគាត់បានទទួលវាដោយកំប្លែង និងកម្រអាក់អន់ចិត្តណាស់ ។
យើងមានចិត្តរំភើប នៅពេលសូជីអូបានទទួលការហៅបេសកកម្មរបស់គាត់ទៅបេសកកម្មពេរ៉ូ ឈីខ្លាយ៉ូ ។ គាត់បានចាប់ផ្តើមការបម្រើរបស់គាត់នៅថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ។ គាត់ស្រឡាញ់បេសកកម្មរបស់គាត់ ។ នៅគ្រាដំបូង វាមានភាពងាយស្រួលក្នុងការសរសេរសំបុត្រទៅគាត់ ។ ប៉ុន្តែយូរៗទៅ ខ្ញុំត្រូវការពេលវេលាបន្ថែមទៀតដើម្បីគិតអំពីសំបុត្ររបស់គាត់ និងឆ្លើយតបចំពោះការរីកចម្រើនខាងវិញ្ញាណរបស់គាត់ ។
យើងពុំបានបារម្ភអំពីសូជីអូទេ ។ យើងបានគិតថា តំបន់បេសកកម្មគឺជាកន្លែងដ៏មានសុវត្ថិភាពបំផុតសម្រាប់គាត់ ។ ប្រធានបេសកកម្មរបស់គាត់បានទូរសព្ទមកយើងនៅថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០១៤ ។
យើងពុំមានអារម្មណ៍ថាឯកោឡើយ
ប្រធានបេសកកម្មបានប្រាប់យើងថា សូជីអូ និងដៃគូរបស់គាត់បានបង្រៀនសាសនាគន់ការីអំពីព្រះវិហារបរិសុទ្ធ និងក្រុមគ្រួសារអស់កល្បជានិច្ច ។ បន្ទាប់មក នៅពេលសូជីអូបានអធិស្ឋានបិទ គាត់បានឈប់មួយសន្ទុះ ហើយរំពេចនោះ គាត់បានសន្លប់បាត់ស្មារតី ហើយបានដួលចុះទៅលើកម្រាលឥដ្ឋ ។ គាត់បានទទួលការប្រសិទ្ធពរ ហើយគេបានបញ្ជូនគាត់យ៉ាងលឿនទៅកាន់មន្ទីរពេទ្យ ។ វេជ្ជបណ្ឌិតបានកំណត់ថា គាត់បានរងឈឺចាប់ដោយសារការដាច់សសៃឈាមដែលប៉ោងនៅក្នុងខួរក្បាល ។ វេជ្ជបណ្ឌិតបានព្យាយាមជួយធ្វើឲ្យគាត់ដឹងខ្លួនវិញ ប៉ុន្តែវាគ្មានប្រយោជន៍ឡើយ ។
ដំណឹងនេះបានធ្វើឲ្យយើងកើតទុក្ខជាខ្លាំង ។ ទោះបីជាយើងមានទុក្ខលំបាកក្តី លីលៀណា និងខ្ញុំបានធ្វើដំណើរទៅពេរ៉ូ ដើម្បីទៅទទួលសាកសព និងរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនរបស់សូជីអូ ។ យើងមានភាពស្មុគស្មាញដែលធ្វើឲ្យគិតពុំបានច្បាស់លាស់ ដូច្នេះយើងមានអំណរគុណចំពោះសមាជិកដែលមកពីសាសនាចក្រ—ចាប់តាំងពីគ្រាដែលយើងបានចេញពីផ្ទះយើង រហូតដល់យើងត្រឡប់មកវិញ—បាននៅទីនោះដើម្បីជួយយើង ។ យើងក៏ទទួលបានជំនួយមកពីព្រះវិញ្ញាណបរិសុទ្ធ ដែលបានលួងលោមយើង ហើយបានជួយយើងឲ្យមានការស៊ូទ្រាំ ។ យើងពុំមានអារម្មណ៍ថាឯកោឡើយ ។
វាលំបាកនឹងរកឃើញអំណរគុណនៅក្នុងគ្រាលំបាក ប៉ុន្តែខ្ញុំមានអំណរគុណចំពោះសេចក្តីមេត្តាករុណាដ៏ទន់ភ្លន់របស់ព្រះអម្ចាស់ ដែលទាក់ទងនឹងមរណភាពរបស់សូជីអូ ។ នៅពេលគាត់ស្លាប់ ខ្ញុំកំពុងបម្រើជាប៊ីស្សព ហើយលីលៀណាគឺជាគ្រូបង្រៀនថ្នាក់សិក្ខាសាលា ហើយកូនស្រីរបស់យើង ស្ស៊ីមែណាកំពុងបម្រើជាប្រធានយុវនារី វួដ ។ យើងមានភាពមមាញឹកក្នុងការបម្រើ និងស្រឡាញ់អ្នកដទៃ ដែលបានពង្រឹងយើងនៅក្នុងដំណឹងល្អ ។ ប្រសិនបើសូជីអូបានចាកចេញពីយើង នោះខ្ញុំនឹងមានអំណរគុណជានិច្ចថា ព្រះវរបិតាសួគ៌បានយកគាត់ទៅ អំឡុងពេលដែលយើងមានភាពរឹងមាំនៅក្នុងសេចក្តីជំនឿ ។
ខ្ញុំក៏មានអំណរគុណដែលសូជីអូបានស្លាប់ទៅអំឡុងពេលបម្រើព្រះអម្ចាស់ និងអំឡុងពេល « នៅក្នុងការបម្រើដល់មនុស្ស [ របស់គាត់ ] » ( ម៉ូសាយ ២:១៧ ) ។ ព្រះអម្ចាស់បានប្រកាសថា « អស់អ្នកណាដែលស្លាប់ក្នុងយើង នោះនឹងមិនត្រូវភ្លក់សេចក្តីស្លាប់ឡើយ ដ្បិតសេចក្តីស្លាប់នឹងបានទៅជាសេចក្តីផ្អែមល្ហែមដល់ពួកគេវិញ » ( គ. និង ស. ៤២:៤៦ ) ។
ព្រះវិញ្ញាណបរិសុទ្ធបានប្រទានដល់ខ្ញុំនូវការឃើញមួយភ្លែត នូវអ្វីដែលព្រះវរបិតាសួគ៌ត្រូវតែស៊ូទ្រាំនៅពេលបុត្រាសំណព្វតែមួយរបស់ទ្រង់បានសុគតសម្រាប់ពួកយើង ។ ខ្ញុំបានដឹងថា ខ្ញុំគ្មានសិទ្ធិខឹងសម្បារនឹងព្រះឡើយ ។ ព្រះវរបិតាដែលគង់នៅស្ថានសួគ៌របស់ខ្ញុំ បានជ្រាបដឹងអំពីអ្វី ដែលខ្ញុំបានហែលឆ្លងកាត់ ។ សេចក្តីសុខសាន្តបានគ្របសណ្តប់លើរូបខ្ញុំ ដែលធ្វើឲ្យខ្ញុំទទួលយកព្រះទ័យទ្រង់ និងពេលវេលានៃមរណភាពរបស់សូជីអូ ។ លីលៀណាបានទទួលបទពិសោធន៍ និងទទួលអារម្មណ៍ដូចនេះផងដែរ ។
ពាក្យលួងលោម
គ្រួសាររបស់យើងបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធនៅក្នុងឆ្នាំ ២០០៥ ពេលដែលសូជីអូ និង ស្ស៊ីមែណានៅតូច ។ ក្រោយមក រុស្សបានកើតក្នុងសេចក្តីសញ្ញា ។ ពីមុនគាត់បានចេញទៅបម្រើបេសកកម្ម សូជីអូបានជ្រមុជទឹកឲ្យរុស្ស ។
បីថ្ងៃបន្ទាប់ពីសូជីអូស្លាប់ រុស្សបានសុបិនឃើញសូជីអូ ។ វាជារាត្រីនៃថ្ងៃខួបកំណើតអាយុប្រាំបួនឆ្នាំរបស់រុស្ស ។ រុស្សបានសុបិនឃើញថា ពួកគេទាំងពីរនាក់បានដើរកាន់ដៃគ្នាពេញមួយថ្ងៃ ហើយថាសូជីអូបាននិយាយពាក្យលួងលោមទៅកាន់នាង ។
រុស្ស និង ស្ស៊ីមែណាមានភាពស្និទ្ធស្នាលនឹងសូជីអូ ហើយពួកគេនឹកគាត់ខ្លាំងណាស់ ។ រុស្សនៅតែទទួលការលួងលោមពីការចងចាំនៃសុបិនរបស់នាង ។
ថ្ងៃមួយ នៅពេលយើងកំពុងរៀបចំរបស់ប្រើប្រាស់របស់សូជីអូ នោះលីលៀណា និងខ្ញុំបានឃើញសៀវភៅផែនការប្រចាំថ្ងៃនៃបេសកកម្មរបស់គាត់ ។ យើងបានសម្គាល់ឃើញថា នៅលើទំព័រនីមួយៗគ្រប់ថ្ងៃទាំងអស់ សូជីអូបានសរសេរឃ្លាថា « ចូរធ្វើខ្លួនឲ្យបានល្អប្រសើរបន្តិចជាងពីម្សិលមិញ » ។
ពាក្យទាំងនោះមិនទៅណាឆ្ងាយពីខ្ញុំឡើយ ។ ពាក្យទាំងនោះរំឭកខ្ញុំថា យើងត្រូវបន្តរស់នៅតាមដំណឹងល្អ ។ នោះជារបៀបដែលយើងអាចរស់នៅជាមួយគ្នាជាគ្រួសារបន្ទាប់ពីជីវិតនេះ ។ នោះជារបៀបដែលសូជីអូអាចក្លាយជាកូនប្រុសរបស់យើងម្តងទៀត ។
នៅពេលយើងឆ្លងកាត់គ្រាលំបាកៗ នោះព្រះអង្គសង្គ្រោះនឹងជួយយើង ។ ខ្ញុំដឹងថា វាជាការពិត គឺដូចខ្ញុំដឹងថា ការសន្យារបស់ទ្រង់គឺពិតប្រាកដ ។ ដូច្នេះយើងបានបន្តកាន់ខ្ជាប់នឹងដំណឹងល្អ ហើយយើងធ្វើតាមគំរូរបស់សូជីអូ ។ យើងព្យាយាមប្រែកាន់តែល្អប្រសើរឡើងរៀងរាល់ថ្ងៃ ។