នៅលើវេទិកា
ការសម្រេចចិត្ត និងអព្ភូតហេតុ ៖ ហើយឥឡូវនេះខ្ញុំឃើញ
មានគ្រាមួយក្នុងជីវិតខ្ញុំ កាលខ្ញុំទទួលបានការរំជួលចិត្ត ដោយសារតែសេចក្តីស្រឡាញ់ និងពន្លឺនៃព្រះគ្រីស្ទ ។ ចាប់តាំងពីពេលនោះមក ជីវិតរបស់ខ្ញុំបានផ្លាស់ប្តូរជារៀងរហូត ។
ខ្ញុំដឹងថា តើវាមានសភាពយ៉ាងដូចម្តេចដែលរស់នៅគ្មានដំណឹងល្អនោះ ។ ខ្ញុំរស់នៅដោយគ្មានដំណឹងល្អអស់រយៈពេល ៣០ ឆ្នាំ ។ ខ្ញុំបានកើតមកពីឪពុកម្តាយល្អនៅក្នុងប្រទេសរុស្ស៊ី ។ … ពេលខ្ញុំធំឡើង ខ្ញុំបានរៀបការ ហើយបានផ្តល់កំណើតឲ្យកូនស្រីម្នាក់ដ៏គួរឲ្យស្រឡាញ់ ។ មិនយូរប៉ុន្មានក្រោយមក ខ្ញុំបានបញ្ចប់ការសិក្សាប្រកបដោយជោគជ័យពីសាកលវិទ្យាល័យ ហើយទទួលបានការងារមួយដែលខ្ញុំចូលចិត្តខ្លាំងណាស់ ។ ប៉ុន្តែ … ខ្ញុំមិនសប្បាយចិត្តទាល់តែសោះ ។
… អាពាហ៍ពិពាហ៍របស់ខ្ញុំ … បានប្រេះឆាបន្តិចម្តងៗ ។ … ខ្ញុំពុំអាចផ្តល់អាហារយ៉ាងសាមញ្ញដល់កូនស្រី និងរូបខ្ញុំផង ។ ខ្ញុំមានបាប ។ ខ្ញុំបានសម្រេចចិត្តខុសម្តងហើយម្តងទៀត ។ សេចក្តីស្រេកឃ្លាន ការបាក់ទឹកចិត្ត និងការសម្រេចចិត្តដោយគ្មានការពិចារណាបានធ្វើឲ្យជីវិតខ្ញុំជួបនឹងទុក្ខសោក ។ ខ្ញុំ [ បានបន្ទោស ] ដល់ជោគវាសនាអាក្រក់ ប៉ុន្តែពុំទទួលស្គាល់ថា នៅក្នុងរបៀបជាច្រើន ខ្ញុំបានរងទុក្ខដោយសារតែលទ្ធផលនៃអំពើបាបពីធម្មជាតិរបស់ខ្ញុំ ។ ប៉ុន្តែតើខ្ញុំអាចដឹងរឿងនោះដោយរបៀបណា ? យោងតាមអ្វីដែលខ្ញុំត្រូវបានបង្រៀនគឺថា គ្មានទេអំពើបាប ។ …
សាសនានៅក្នុងសហភាពសូវៀតត្រូវបានហាមប្រាមបន្ទាប់ពីបដិវត្ដន៍របបគុម្មនីសយ៍ក្នុងឆ្នាំ ១៩១៧ ។ ខ្ញុំត្រូវបានបង្រៀនតាំងពីថ្នាក់មត្តេយ្យថា គ្មានព្រះទេ ហើយមានតែបក្សគុម្មនីសយ៍ និងលោកតាលេនីនប៉ុណ្ណោះដែលអាចនាំសុភមង្គលមកកាន់ប្រជាជនរុស្ស៊ី ។ មនុស្សដែលកាន់សាសនាត្រូវទទួលរងការបៀតបៀនយ៉ាងសាហាវឃោរឃៅនៅក្នុងសង្គមរបស់យើង ។ អ្នកមានជំនឿបាត់បង់ការងាររបស់ពួកគេ ពុំត្រូវបានអនុញ្ញាតឲ្យទៅសាលារៀន ហើយត្រូវបានគេហៅថា « មនុស្សឆ្កួត » ។ ប្រជាជនត្រូវបានតម្រូវឲ្យរៀនថ្នាក់អ្នកដែលមិនជឿលើព្រះនៅសាកលវិទ្យាល័យ ជាកន្លែងដែលយើងបានបង្ហាញថា គ្មានព្រះទេ ។ … ខ្ញុំពុំគិតអំពីព្រះឡើយ ។ ប៉ុន្តែខ្ញុំមានអារម្មណ៍ឈឺចាប់ក្នុងចិត្តខ្ញុំអំពីជម្រើសមិនល្អរបស់ខ្ញុំ ។ ក្រោយមកខ្ញុំបានរៀនថា ការឈឺចាប់ដែលខ្ញុំបានទទួលអារម្មណ៍នោះគឺជា ពន្លឺនៃព្រះគ្រីស្ទដែលផ្តល់ដល់ខ្ញុំនូវញាណមួយនៃការដឹងអ្វីដែលល្អ និងអាក្រក់ ។ …
…ជីវិតរបស់ខ្ញុំហាក់បីដូចជារូងងងឹតក្រោមដីមួយដែលមានតែសេចក្តីស្លាប់នៅទីបំផុតប៉ុណ្ណោះ ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងស្លាប់ដោយសន្សឹមៗហើយ ។ … ខ្ញុំពុំចេះរបៀបអធិស្ឋានឡើយ ដូច្នេះខ្ញុំបានសុបិន ។ … ខ្ញុំបានសុបិនថា នៅថ្ងៃណាមួយ ខ្ញុំនឹងរត់គេចចេញពីទុក្ខសោកគ្រប់យ៉ាងនៅក្នុងជីវិតរបស់ខ្ញុំ ហើយចាប់ផ្តើមជីវិតថ្មីម្តងទៀត—ជាជីវិតថ្មីដែលរីករាយ និងមានពន្លឺ ។ ខ្ញុំចង់ឲ្យកូនស្រីរបស់ខ្ញុំមានជីវិតដែលល្អប្រសើរជាងខ្ញុំ ។ …
[ បន្ទាប់មក ] ព្រះគម្ពីរមរមនបានចូលមកក្នុងជីវិតខ្ញុំ ។ ខ្ញុំអានព្រះគម្ពីរមួយជំពូករៀងរាល់ព្រឹកពីមុនទៅធ្វើការ ។ ការអានព្រះគម្ពីរនេះ ធ្វើឲ្យខ្ញុំរៀនថា ព្រះមានព្រះជន្មរស់ ថាព្រះយេស៊ូវគឺជាព្រះរាជបុត្រាទ្រង់ [ ដែល ] យាងចុះមកកាន់ផែនដីនេះដើម្បីជួយអ្នកមានបាបដូចជារូបខ្ញុំ ។ កាលណាខ្ញុំកាន់តែអានព្រះគម្ពីរនេះ នោះខ្ញុំកាន់តែឃើញការខ្វះចន្លោះរវាងការបង្រៀននៃព្រះគ្រីស្ទ និងរបៀបដែលខ្ញុំបានរស់នៅ ។ ខ្ញុំបានរៀនថា ហេតុអ្វីជីវិតរបស់ខ្ញុំមានទុក្ខសោកអ្វីម៉្លេះ ? …
… ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការផ្លាស់ប្តូរដ៏ធំ ។ ខ្ញុំនឹងចងចាំនូវរាត្រីនោះជានិច្ច … កាលខ្ញុំយំពេញមួយយប់ ដោយសារដឹងថា ជីវិតខ្ញុំមិនល្អ ថាការសម្រេចចិត្តមិនល្អរបស់ខ្ញុំបានធ្វើឲ្យមនុស្សដែលខ្ញុំស្រឡាញ់បំផុតមានការឈឺចាប់ ។ វាគឺជាបទពិសោធន៍ដ៏ឈឺចាប់ខ្លាំងបំផុតក្នុងជីវិតខ្ញុំ ។ ខ្ញុំបានយំខ្សឹបខ្សួល និងអធិស្ឋានទូលអង្វរពេញមួយយប់ ។ … នៅទាបភ្លឺឡើង ខ្ញុំអស់កម្លាំងរលីងពីខ្លួន ហើយគ្មានទឹកភ្នែកយំទៀតទេ ។ នៅពេលពន្លឺព្រះអាទិត្យនាពេលព្រឹកបានរះឡើង ភាពសុខសាន្ត និងការធូរស្បើយបានកើតឡើងចំពោះខ្ញុំ ។ ខ្ញុំឮពាក្យថា ៖ « នេះជាព្រះហស្តយើង ។ យើងនឹងនាំអ្នក ហើយដឹកដៃអ្នក ។ ប៉ុន្តែអ្នកត្រូវសន្យានឹងខ្ញុំថា អ្នកត្រូវតែផ្លាស់ប្តូរ » ។ ហើយខ្ញុំបានធ្វើតាមការសន្យានោះ ។ ខ្ញុំចង់បានការណែនាំ និងជំនួយនេះជាងអ្វីៗទាំងអស់ ។ …
នៅរាត្រីនៃក្តីឈឺចាប់ និងអំណរនៅឯប្រទេសរុស្ស៊ីនោះ ខ្ញុំពុំបានដឹងឡើយថា ការសន្យារបស់ព្រះគ្រីស្ទមានទំហំធំធេងបែបណានោះទេ ។ កាលនោះខ្ញុំពុំដឹងឡើយថា ក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ ខ្ញុំនឹងធ្វើដំណើរទៅប្រទេសអាមេរិក ជាកន្លែងដែលខ្ញុំរៀនកាន់តែច្រើនអំពីដំណឹងល្អ ហើយមិនយូរប៉ុន្មានក្រោយមកខ្ញុំបានជ្រមុជទឹក ។ … ខ្ញុំពុំដឹងទេថា កូនស្រីរបស់ខ្ញុំនឹងមកប្រទេសអាមេរិកដើម្បីចូលរួមជាមួយពួកយើងក្នុងសុភមង្គលឡើយ ។ …
… ទ្រង់បានប្រទានអព្ភូតហេតុជាច្រើនដែលខ្ញុំពុំមានឱកាសសង្ស័យអំពីជំនួយនៃភាពជាព្រះរបស់ទ្រង់ក្នុងជីវិតរបស់ខ្ញុំឡើយ ។ …
ចូរដើរជាមួយព្រះគ្រីស្ទ ! ចូរកាន់ព្រះហស្តទ្រង់ឲ្យជាប់ ! ចូរទទួលទាននូវព្រះបន្ទូលនៃព្រះគ្រីស្ទ ។ ចូរទទួលពន្លឺរបស់ទ្រង់នូវគ្រប់ផ្នែកទាំងអស់របស់អ្នកជាមួយនឹងព្រលឹងទាំងស្រុងរបស់អ្នក ។ នៅក្នុងគ្រាដ៏លំបាក នោះអ្នកពុំត្រូវបានទុកចោលឲ្យនៅក្នុងរូងក្រោមដីដ៏ងងឹតនោះទេ ប៉ុន្តែនឹងទទួលពន្លឺនៃសេចក្តីស្រឡាញ់របស់ទ្រង់ជាមួយនឹងពន្លឺកាន់តែភ្លឺឡើងនៅខាងមុខអ្នកជានិច្ច ។