គំនូរអំពីសេចក្តីជំនឿ
ប្លែនកា សូលីស
ទីក្រុងអាស៊ិនស្សីអុន ប្រទេសប៉ារ៉ាហ្គាយ
នៅពេលស្វាមី និងម្តាយរបស់ប្លែនកាបានឈឺ ហើយពុំអាចមើលថែខ្លួនពួកគាត់បាន នោះប្លែនកាបានឈប់ធ្វើការដើម្បីមើលថែពួកគាត់ពេញម៉ោង ។ តាមរយៈការបែរទៅរកព្រះអម្ចាស់ នោះប្លែនកាបានរកឃើញកម្លាំងហួសពីកម្លាំងរបស់គាត់ ។
ខូឌី ប៊ែល ជាងថតរូប
ការសាកល្បងដ៏លំបាកបំផុតរបស់គ្រួសារយើងបានកើតឡើង នៅពេលស្វាមីរបស់ខ្ញុំបានធ្លាក់ខ្លួនឈឺជាទម្ងន់ ។ គាត់បានសម្រាកនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់អស់រយៈពេលបួនខែ ។ នោះគឺជារយៈពេលដ៏តានតឹងចិត្តបំផុត ! ស្វាមីរបស់ខ្ញុំពុំអាចមើលថែខ្លួនគាត់បានឡើយ នៅពេលយើងចេញពីមន្ទីរពេទ្យ ។ នៅពេលដំណាលគ្នានោះ ម្តាយរបស់ខ្ញុំបានរងទុក្ខដោយសារជំងឺភ្លេចភ្លាំង ហើយត្រូវសម្រាកនៅលើគ្រែទាំងស្រុង ។
ខ្ញុំមានការងារដែលមានលំនឹងមួយក្នុងនាមជាគិលានុបដ្ឋាយិកាដែលមានអាជ្ញាប័ណ្ណម្នាក់ ហើយខ្ញុំបានមើលថែស្វាមីរបស់ខ្ញុំ និងម្តាយខ្ញុំនៅពេលដំណាលគ្នានោះ ។ ខ្ញុំបានបាក់ទឹកចិត្តដោយសារពួកគាត់ទាំងពីរនាក់ដេកឈឺនៅលើគ្រែ ។ ខ្ញុំពុំបានដេកជាច្រើនយប់ ដោយសារខ្ញុំត្រូវធ្វើកិច្ចការគ្រប់យ៉ាងសម្រាប់ពួកគាត់ ។ ពួកគាត់ទាំងពីរនាក់ដូចជាទារកអញ្ចឹង ។ ការមើលថែទាំពួកគាត់ និងធ្វើការនៅពេលដំណាលគ្នា នោះខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវធ្វើការទ្វេដង ។ ខ្ញុំពុំអាចមើលថែពួកគាត់ដូចដែលខ្ញុំគួរតែធ្វើនោះទេ ដូច្នេះខ្ញុំបានឈប់ធ្វើការ ។
ខ្ញុំចាត់ទុករយៈពេលនេះថា ជាពេលដ៏លំបាកបំផុតនៅក្នុងជីវិតខ្ញុំ ។ វាមានការលំបាកសម្រាប់ខ្ញុំដើម្បីក្លាយពីមនុស្សដែលបំពេញសេចក្តីត្រូវការខ្លួនឯងបានទៅជាមនុស្សបាតដៃទទេ ។ ខ្ញុំបានចាប់ផ្តើមព្រួយបារម្ភអំពីរឿងហិរញ្ញវត្ថុ ។ ខ្ញុំពុំដឹងថា ត្រូវធ្វើអ្វីឡើយដើម្បីបង់ថ្លៃចំណាយទាំងអស់របស់យើង ។ ខ្ញុំបានចាប់ផ្តើមគិតអំពីអ្វីដែលខ្ញុំអាចធ្វើបាន ។ ខ្ញុំបានទូលសូមដល់ព្រះអម្ចាស់ឲ្យជួយខ្ញុំធ្វើការម្តងទៀត ហើយនៅតែអាចមើលថែគ្រួសាររបស់ខ្ញុំ ។
ខ្ញុំបាននិយាយនឹងកូនប្រុសរបស់ខ្ញុំ ហើយកូនខ្ញុំបានផ្តល់យោបល់ថា ខ្ញុំគួរធ្វើ និងលក់គាវ ។ ខ្ញុំខ្លាចដោយសារខ្ញុំពុំចេះធ្វើវាទេ ប៉ុន្តែខ្ញុំមានអ្វីមួយដែលខ្ញុំចូលចិត្ត ។ ខ្ញុំបានចូលរួមវគ្គសិក្សាភាពខ្លួនទីពឹងខ្លួនបីបួនដងនៅព្រះវិហារ ។ វគ្គសិក្សាមួយដែលខ្ញុំចូលចិត្តគឺ « ការចាប់ផ្ដើម និងការពង្រីកអាជីវកម្មរបស់ខ្ញុំ » ។ នៅពេលខ្ញុំចូលរៀន នោះខ្ញុំបានយល់នូវអ្វីដែលនឹងមាននៅពេលខាងមុខរបស់ខ្ញុំ ។ ព្រះអម្ចាស់បានបញ្ជូនវគ្គសិក្សានេះដល់ខ្ញុំ បន្ទាប់ពីខ្ញុំបានទូលសូមជំនួយពីទ្រង់ ។ ខ្ញុំបានទូលសូមទ្រង់ឲ្យខ្ញុំមានការងារធ្វើ ហើយទ្រង់បានប្រទានដល់ខ្ញុំនូវឱកាស ។
ខ្ញុំបានធ្វើការរហូតដល់យប់អាធ្រាតដើម្បីចាប់ផ្តើមអាជីវកម្មនោះ ។ វាចំណាយពេលមួយឆ្នាំដើម្បីឲ្យអាជីវកម្មនោះដំណើរការពេញលេញ ។ ខ្ញុំបានចាប់ផ្តើមលក់គាវឲ្យមិត្តភក្តិ និងអ្នកជិតខាង ហើយខ្ញុំបានចាប់ផ្តើមគិតថា ខ្ញុំអាចធ្វើការងារនេះទាំងស្រុងដើម្បីចិញ្ចឹមគ្រួសារ ដូច្នេះខ្ញុំអាចមើលថែគ្រួសារខ្ញុំ ។ យើងមានចិត្តរីករាយ នៅពេលអាជីវកម្មគ្រួសារដ៏ល្អបានបើកដំណើរការ ។ ប៉ុន្តែសុភមង្គលរបស់យើងមានរយៈពេលខ្លីណាស់ ។
ខ្ញុំខ្លួនឯងបានចាប់ផ្តើមឈឺ ។ ខ្ញុំបានទៅជួបវេជ្ជបណ្ឌិត ហើយត្រូវបានធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកសុដន់ ។ ខ្ញុំបានទទួលការវះកាត់ ការព្យាបាលដោយចាក់ថ្នាំគីមី និងអ្វីៗគ្រប់យ៉ាងដើម្បីទប់ទល់នឹងជំងឺ ។ នៅពេលរឿងទាំងនេះបានកើតឡើង ខ្ញុំបានបោះបង់អាជីវកម្មគ្រួសាររបស់ខ្ញុំដែលខ្ញុំបានរង់ចាំជាយូរយារនោះ ។ នៅចន្លោះពេលនៃការព្យាបាលរបស់ខ្ញុំ និងការមើលថែម្តាយ និងស្វាមីខ្ញុំដែលពុំអាចជួយខ្លួនឯងបាន នោះខ្ញុំគ្មានសមត្ថភាពដើម្បីធ្វើអាជីវកម្មនោះឡើយ ។
នៅទីបំផុត សុខភាពស្វាមីរបស់ខ្ញុំបានធូរស្បើយឡើងបន្តិចម្តងៗ ហើយម្តាយរបស់ខ្ញុំបានស្លាប់ ។ ឥឡូវនេះ ខ្ញុំបូជាខ្លួនរបស់ខ្ញុំដើម្បីទទួលការព្យាបាល ។
ខ្ញុំពុំធុញទ្រាន់ក្នុងការអធិស្ឋាន និងទូលសុំកម្លាំងមកពីព្រះអម្ចាស់ដើម្បីបន្តទៅមុខទៀតឡើយ ។ ខ្ញុំអធិស្ឋានទៅកាន់ទ្រង់នៅគ្រប់ពេលវេលាទាំងអស់ ។ អ្វីៗដែលគ្រួសារខ្ញុំបានហែលឆ្លងកាត់ បានជួយខ្ញុំឲ្យទទួលស្គាល់ថា ព្រះអម្ចាស់បានយាងជាមួយខ្ញុំតាមរយៈអ្វីៗទាំងនោះ ។ ទ្រង់ប្រទានដល់ខ្ញុំនូវឱកាសដើម្បីក្រោកឡើងម្តងទៀត ។ វាគឺជាកម្លាំងដ៏ច្រើនមហិមាដែលព្រះអម្ចាស់ប្រទានដល់ខ្ញុំ ។
ខ្ញុំពុំធ្លាប់សួរខ្លួនខ្ញុំថា « ហេតុអ្វីរឿងនេះវាកើតឡើងចំពោះខ្ញុំ ? »ទេ ។ ខ្ញុំបានគិតជានិច្ចថា មានហេតុផលមួយចំពោះរឿងនេះ ។ ខ្ញុំទុកចិត្តលើព្រះអម្ចាស់ ហើយទទួលយកនូវអ្វីដែលទ្រង់បញ្ជូនដល់ខ្ញុំ ។ ទ្រង់បានគាំទ្រខ្ញុំ នៅពេលខ្ញុំបានហែលឆ្លងកាត់គ្រាដ៏លំបាកៗ ហើយខ្ញុំត្រូវបានពង្រឹង ។