ការបន្ថែម អំណោយនៃព្រះវិញ្ញាណ ទៅលើបញ្ជីនៃបុណ្យគ្រីស្ទម៉ាស់របស់អ្នក
ខ្ញុំតែងតែធ្វើនំសាំងវិចដ៏ឆ្ងាញ់ ។ រវាងនំដ៏មានរសជាតិនោះ និងការធ្វើម្ហូបជាច្រើនផ្សេងទៀត ខ្ញុំបានរក្សាខ្លួនខ្ញុំឲ្យមានភាពរស់រវើក និងសកម្មពេញមួយបេសកកម្មរបស់ខ្ញុំ និងបន្តរឹងមាំនៅក្នុងមជ្ឈិមវ័យ ។ ប៉ុន្តែក្រោយមក ខ្ញុំបានរៀបការ ហើយមានកូន ដែលពួកយើងទាំងអស់គ្នាមានចំណូលចិត្តផ្សេងៗគ្នា ។ ខ្ញុំត្រូវពង្រីកបញ្ជីម្ហូបរបស់ខ្ញុំ !
ប៉ុន្តែ នាយប់មួយជាវេនខ្ញុំត្រូវធ្វើម្ហូប ការចង់ធ្វើម្ហូបថ្មីគឺជាការដ៏លំបាកសម្រាប់ខ្ញុំ ។ ដំបូង ពេលវេលានៅពេលល្ងាចរបស់ខ្ញុំគឺជាទូទៅមានកំណត់ ។ ទោះបីខ្ញុំចង់ចំអិនអាហារច្រើនមុខក្តី ខ្ញុំបានបន្តមានបញ្ហា ។ ខ្ញុំពុំអាចរកឃើញគ្រឿងផ្សំបានលឿនគ្រប់គ្រាន់ ឬយើងនឹងខ្វះគ្រឿងផ្សំមួយចំនួន ។ ជារឿយៗ ខ្ញុំផ្លាស់ប្តូរផែនការអាហារពេលល្ងាចរបស់ខ្ញុំ ហើយជំនួសដោយការចំអិនអ្វីដែលលឿន និងងាយស្រួលវិញ ។
ប៉ុន្តែខ្ញុំចង់បន្តកែលម្អត្រង់ចំណុចនេះ ។ ដូច្នេះខ្ញុំបានសម្រេចចិត្តធ្វើអ្វីមួយដែលខ្ញុំពុំធ្លាប់បានធ្វើពីមុន ។ ខ្ញុំបានអធិស្ឋានទូលសូមអំណោយទានខាងវិញ្ញាណតាមឈ្មោះ ។
អំណោយទានមួយ ប៉ុន្តែមានមនុស្សជាច្រើនប្រើប្រាស់វា
ជាពិសេស ខ្ញុំបានអធិស្ឋានទូលសូមអំណោយទាននៃការរៀបចំ ។ មែនហើយ ការរៀបចំ ! យើងមានទូរដាក់គ្រឿងទេសហើយ ។ យើងក៏មានថតដាក់ឧបករណ៍ស្លរស្លុកផងដែរ ។ ប៉ុន្តែទោះបីមានអ្វីៗទាំងនោះក្តី ខ្ញុំហាក់ដូចជាចំណាយពេលច្រើនទៀតដើម្បីរកមើលគ្រឿងបរិក្ខារនានាជាជាងការចំអិនអាហារ ។
នៅពេលខ្ញុំបន្តអធិស្ឋានទូលសូមអំណោយទាននេះ ខ្ញុំបានចាប់ផ្តើមទទួលគំនិតជាក់លាក់ ។ ធ្នើរដាក់គ្រឿងទេសដែលនៅជាប់នឹងជញ្ជាំងទុកដាក់គ្រឿងទេស ហើយទុកវានៅជិតដៃ ។ បន្ទះដែកឆក់សម្រាប់ព្យួរកំបិត ( ក៏នៅជាប់នឹងជញ្ជាំង ) អាចដាក់កាំបិត និងឧបករណ៍ស្លរស្លុកផ្សេងទៀតដែលធ្វើពីដែក ។ នៅពេលបានប្រើប្រាស់គំនិតទាំងនេះ និងគំនិតផ្សេងទៀត នោះធ្វើឲ្យមានភាពខុសប្លែកដ៏ខ្លាំងនៅក្នុងការចំអិនអាហាររបស់ខ្ញុំ ។ ត្រូវការជីខ្លះឬ ? ម្សៅអំបិលខ្ទឹមសឬ ? ម្សៅ ខ្ទឹមស ឬ ? ខ្ញុំងាយនឹងរកវាឃើញឲ្យអ្នកណាស់ !
ប៉ុន្តែក្រោយមក មានអ្វីមួយដែលគួរឲ្យចង់សើចបានកើតឡើង ។ គំនិតតូចៗបានបន្តផុសឡើងក្នុងចិត្តខ្ញុំ ចំពោះមធ្យោបាយតូចតាចនានាដើម្បីរៀបចំចំណុចនានានៅក្នុងជីវិតខ្ញុំឲ្យបានប្រសើរឡើង ។ ឧទាហរណ៍ ធ្នើរបីជាន់ដែលធ្វើដោយដៃនៅក្នុងបន្ទប់បោកគក់ដែលខ្ញុំធ្វើ ពុំអាចនាំគ្រួសារខ្ញុំទៅកាន់ដែនដីសន្យាបានឡើយ ប៉ុន្តែសូម្បីតែនីហ្វៃក៏នឹងមានអំណរគុណចំពោះរបៀបដែលខ្ញុំបានធ្វើនេះដែរ — ប៉ុន្តែតាមរយៈការធ្វើតាមការបំផុសគំនិតដែលកើតមានចំពោះខ្ញុំម្ដងមួយៗ នោះនឹងនាំខ្ញុំទៅដែនដីសន្យា ។
អំណោយទានខាងវិញ្ញាណនៃការរៀបចំ បានធ្វើឲ្យជីវិតរបស់ខ្ញុំ និងជីវិតគ្រួសារខ្ញុំបានប្រសើរឡើង ជាងអ្វីដែលខ្ញុំធ្លាប់ទស្សន៍ទាយទៅទៀត ។
ហើយវាបានមក ដោយសារខ្ញុំបានទូលសូម ។
អំណោយទានច្រើន ប៉ុន្តែមានអ្នកសូមតែបន្តិចបន្តួច
សាវកប៉ុលបានបង្រៀនពួកកូរិនថូសអំពីអំណោយទានខាងវិញ្ញាណមួយចំនួនទៀតផ្សេងទៀតជាច្រើនដែលមាន ដូចជាជំនឿ ឬការព្យាបាល ( សូមមើល កូរិនថូសទី ១ ១២:៥–១១ ) ។ បន្ទាប់មក លោកបានបង្គាប់ពួកគេឲ្យ « សង្វាតឲ្យបានអំណោយទាន យ៉ាងវិសេសទៅចុះ » ( កូរិនថូសទី ១ ១២:៣១ ) ។
វាអាចពិបាកក្នុងការយល់ថា គំនិតដែលសង្វាតឲ្យបានអំណោយទានអាចជារឿង ល្អ ប៉ុន្តែនៅក្នុងករណីនេះវាអាចជារឿងល្អ ។ យើងត្រូវបានបង្គាប់ឲ្យស្វែងរកអំណោយទានខាងវិញ្ញាណមួយចំនួន ដែលយើងឃើញនៅក្នុងមនុស្សដទៃ ហើយទូលសូមព្រះឲ្យប្រទានពរដល់យើងនូវអំណោយទានដូចគ្នានេះ ។ សេចក្តីសង្ឃឹមរបស់យើងក្នុងការធ្វើដូច្នោះ គួរតែដើម្បីបម្រើអ្នកដទៃ និងស្ថាបនានគរព្រះឲ្យកាន់តែល្អប្រសើរឡើង ( សូមមើល គ. និង ស. ៤៦:២៦–២៩ ) ។
មានអំណោយទានជាច្រើន — មានច្រើនជាងដែលអ្នកឃើញនៅក្នុងព្រះគម្ពីរទៅទៀត ។ ការអត់ធ្មត់គឺជាអំណោយទានខាងវិញ្ញាណមួយ ។ ភាពសុទ្ធិដ្ឋិនិយមក៏ដូច្នោះដែរ ។ ព្រមទាំងការមានចិត្តក្លាហាន ។ និងការធ្វើជាអ្នកផ្សះផ្សាគេ ។ អែលឌើរ លែរី អរ ឡរិន ក្នុងពួកចិតសិបនាក់បានបង្រៀនថា ៖ « ជួលកាល ខ្ញុំស្រមៃឃើញឃ្លាំងដ៏ធំមួយនៅលើស្ថានសួគ៌ ដែលពោរពេញទៅដោយអំណោយទានខាងវិញ្ញាណ ដែលមានសម្រាប់ពួកបរិសុទ្ធទាំងអស់ ដែលមានសេចក្តីជំនឿទូលសូមអំណោយទានទាំងនោះ ។ ជាអកុសល ពុំមានមនុស្សច្រើនទេដែលបានទូលសូម ដូច្នេះឃ្លាំងនោះមានលើសស្តុកជានិច្ច » ។១
អែលឌើរឡរិនបានពិពណ៌នាអំពីមិត្តម្នាក់ដែលបានសម្រេចចិត្តអធិស្ឋានទូលសូមអំណោយទាននៃសេចក្តីសប្បុរស ។ គាត់បានតំណាលប្រាប់ពីបទពិសោធន៍របស់នាងថា ៖ « នាងបានសរសេរថា ៖ ‹ ខ្ញុំបានអធិស្ឋានទូលសូមជាពិសេសនូវការកើនឡើងនៃសេចក្តីសប្បុរសអស់រយៈពេលជាច្រើនខែ ។ … ការយល់ដឹងរបស់ខ្ញុំអំពីមនុស្សដទៃបានផ្លាស់ប្តូរដោយសន្សឹមៗ ។ … ខ្ញុំមិនត្រឹមតែបានចាប់ផ្តើមស្រឡាញ់មនុស្សដែលនៅជុំវិញខ្ញុំប៉ុណ្ណោះទេ ខ្ញុំថែមទាំងរីករាយជាមួយពួកគេផងដែរ ។ ពីមុន ខ្ញុំបានផ្តាច់ខ្លួននៅតែឯង ប៉ុន្តែឥឡូវខ្ញុំចាប់អារម្មណ៍លើមនុស្សគ្រប់គ្នាដោយស្មោះសរ » ។២
ភាពរួចរាល់ និងការរង់ចាំនៃអំណោយទានរបស់អ្នក
អំណោយទានខាងវិញ្ញាណគឺមានតម្លៃច្រើនជាងអំណោយដែលអាចមើលឃើញផ្ទាល់ទៅទៀត ។ ប្រាកដណាស់ វាជាអំណោយទានដ៏ ល្អបំផុត ។ យើងត្រូវបានត្រាស់បង្គាប់នៅក្នុងព្រះគម្ពីរថា « ព្យាយាមស្វែងរកអំណោយទាននានាដែលវិសេសបំផុតចុះ » ( គ. និង ស. ៤៦:៨ ) ។
ទោះអ្វីក៏ដោយដែលអ្នកសង្ឃឹមថា បើកឃើញនៅព្រឹកនៃថ្ងៃបុណ្យគ្រីស្ទម៉ាស់ក្តី សូមព្យាយាម និងស្រមៃគិតអំពី « អំណោយទានដែលវិសេសបំផុត » ដែលទន្ទឹងរង់ចាំអ្នកផងដែរ ។ អំណោយទានទាំងនោះ « បានខ្ចប់ » រួចជាស្រេច ហើយត្រៀមរួចរាល់ដើម្បីផ្តល់ពរដល់អ្នក និងអស់អ្នកដែលនៅក្បែរអ្នក ។
ដូច្នេះសូមបន្តទៅមុខ ហើយទូលសូម ។