ការផ្តល់ការងារបម្រើ ដូចព្រះអង្គសង្គ្រោះបានធ្វើ
នៅពេលអ្នកធ្វើឲ្យអស់ពីសមត្ថភាពរបស់អ្នកដើម្បីជួយអ្នកដទៃ នោះព្រះអង្គសង្គ្រោះនឹងបើកភ្នែករបស់អ្នកឲ្យមើលឃើញដោយសេចក្តី ស្រឡាញ់ និងក្តីអាណិតអាសូរ ។
យើងទាំងអស់គ្នាស្គាល់ មិត្តភក្តិដែលជួបប្រទះនឹងការនឿយហត់ ឬនរណាម្នាក់ដែលឯកោ ឬត្រូវបានគេសើចចំអកនៅសាលារៀន ។ ប្រហែលអ្នកបានឮអំពីនរណាម្នាក់នៅក្នុងវួដ ឬសាខារបស់អ្នកឆ្លងកាត់ឧបសគ្គដ៏ធ្ងន់ធ្ងរមួយ ។ នៅក្នុងគ្រាដូច្នេះ តើអ្នកអាចធ្វើអ្វីខ្លះ ?
ជួនកាល វាជាការពិបាកដើម្បីដឹងអំពីរបៀបដែលអ្នកអាចជួយគេ ។ វាអាចហាក់ដូចជាស្រួលជាងដើម្បីរង់ចាំនរណាម្នាក់ទៀតឲ្យចាត់វិធានការ ប៉ុន្តែមានអ្វីៗជាច្រើនដែល អ្នក អាចធ្វើ ទោះបីជាគ្រាន់តែឲ្យអស់អ្នកដែលនៅជុំវិញយើងដឹងថា អ្នកយកចិត្តទុកដាក់ក្ដី ។ ឱកាសទាំងអស់នោះគឺនៅជុំវិញយើង ហើយគ្រប់ពេលយើងបង្ហាញសេចក្តីស្រឡាញ់ កង្វល់ និងចំណាប់អារម្មណ៍សម្រាប់អ្នកដទៃ នោះអ្នកកំពុងផ្តល់ ការងារបម្រើ ហើយ ។
ការងារបម្រើផ្ទាល់ខ្លួន
ការងារបម្រើ ។ អ្នកប្រហែលជាធ្លាប់ឮពាក្យនោះច្រើននៅព្រះវិហារមួយរយៈពេលចុងក្រោយនេះ ។ កាលពីមុន ជាទូទៅយើងនិយាយអំពីព្រះអង្គសង្គ្រោះ ឬពួកព្យាការី និងពួកសាវកមានការងារបម្រើ ប៉ុន្តែអ្នកមានឆ្ងល់ទេថា ប្រសិនបើ អ្នក មានការងារបម្រើផ្ទាល់ខ្លួននោះ ?
ដើម្បីផ្តល់ការងារបម្រើមានន័យថា ស្រឡាញ់ និងមើលថែដល់អ្នកដទៃ ហើយធ្វើកិច្ចការគ្រប់បែបយ៉ាងដែលព្រះអង្គសង្គ្រោះនឹងធ្វើ ប្រសិនបើទ្រង់កំពុងគង់នៅក្នុងចំណោមយើងសព្វថ្ងៃនេះ ។ ការងារបម្រើគឺជារបៀបមួយដើម្បីជួយអ្នកដទៃឲ្យទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងបំពេញសេចក្ដីត្រូវការខាងវិញ្ញាណ និងខាងសាច់ឈាមរបស់ពួកគេ ។
ព្រះយេស៊ូវ « បានមកមិនមែនឲ្យគេបម្រើទ្រង់ទេ គឺនឹងបម្រើគេវិញ » ( ម៉ាថាយ ២០:២៨ ) ។ ទ្រង់បានផ្តល់ការងារបម្រើនៅពេលទ្រង់ « បានយាងចុះឡើងធ្វើកិច្ចការល្អ » ( កិច្ចការ ១០:៣៨ ) ។ ក្នុងនាមជាសិស្សទ្រង់ យើងត្រូវបានសុំឲ្យធ្វើតាមគំរូរបស់ទ្រង់ ។ យើង ពិតជា មានការងារបម្រើផ្ទាល់ខ្លួន !
ប៉ុន្តែអ្នកពុំចាំបាច់រៀបចំគម្រោងបម្រើធំដុំដើម្បីផ្តល់ការងារបម្រើនោះទេ ។ ប្រធាន អិម. រ័សុល បាឡឺដ ប្រធានស្តីទីក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍ថា ៖ « ឱកាសបម្រើខ្លះគឺមានលក្ខណៈជាផ្លូវការ—ដូចជានៅក្នុងគ្រួសាររបស់យើង ការហៅរបស់យើងក្នុងសាសនាចក្រ និងការចូលរួមរបស់យើងក្នុងការបម្រើដល់សហគមន៍ ។ …
[ ប៉ុន្តែ ] មានឱកាសជាច្រើនដើម្បីបម្រើគឺពុំមែនជាឱកាសដែលបង្ហាញជាផ្លូវការទេ—គ្មានការចាត់តាំង—ហើយវាកើតមានកាលយើងឈោងទៅជួយមនុស្សដទៃដែលយើងជួបនៅក្នុងដំណើរនៃជីវិតនេះ ។១
ជារឿយៗ ការផ្តល់ការងារបម្រើដូចជាព្រះគ្រីស្ទកើតឡើងនៅក្នុងទង្វើតូចតាច ស្មោះសរដែលអ្នកធ្វើរៀងរាល់ថ្ងៃ ។
ម្ដងម្នាក់ៗ
នៅពេលព្រះអង្គសង្គ្រោះបានបង្ហាញព្រះកាយដល់ពួកសាសន៍នីហ្វៃ នោះទ្រង់បានប្រាប់ពួកគេគ្រប់គ្នាឲ្យមក ហើយស្ទាបស្នាមនៅចំហៀងទ្រង់ និងនៅលើព្រះហស្ត និងព្រះបាទាទ្រង់ ។ « ហើយពួកគេបានធ្វើយ៉ាងនេះ គឺបានដើរទៅមុខ ម្ដងម្នាក់ៗ រហូតដល់ ទាំងអស់គ្នា បានទៅ » ( នីហ្វៃទី ៣ ១១:១៥ ការគូសបញ្ជាក់បានបន្ថែម ) ។
បន្ទាប់មក ទ្រង់បានអញ្ជើញពួកគេឲ្យនាំមនុស្សគ្រប់គ្នាដែលឈឺ, ឈឺចាប់ ឬ « ត្រូវរងទុក្ខដោយហេតុណាផ្សេងទៀត … ហើយទ្រង់បានប្រោសឲ្យជាសះស្បើយ គ្រប់ៗគ្នា នៅពេលពួកគេត្រូវនាំមករកទ្រង់ » ( នីហ្វៃទី ៣ ១៧:៧, ៩ ការគូសបញ្ជាក់បានបន្ថែម ) ។ បន្ទាប់ពីនោះមក ទ្រង់ « បានយកកូនក្មេងរបស់ពួកគេ ម្ដងម្នាក់ៗ ហើយបានប្រទានពរដល់ពួកវា ហើយបានអធិស្ឋានដល់ព្រះវរបិតាសម្រាប់ពួកគេ » ( នីហ្វៃទី ៣ ១៧:២១ ការគូសបញ្ជាក់បានបន្ថែម ) ។
នេះពុំមែនជាក្រុមមនុស្សតិចតួចឡើយ ។ ព្រះគម្ពីរប្រាប់យើងថា មានប្រហែលជា ២៥០០ នាក់បាននៅទីនោះ ( សូមមើល នីហ្វៃទី ៣ ១៧:២៥ ) ។ ប៉ុន្តែព្រះអង្គសង្គ្រោះ នៅតែ ឆ្លៀតពេលព្យាបាល លួងលោម លើកទឹកចិត្ត និងបង្ហាញសេចក្តីស្រឡាញ់ដល់បុគ្គលគ្រប់រូប ។
អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា ៖ « មានសារលិខិតដ៏បំផុសគំនិត និងទន់ភ្លន់ផ្ទាល់ខ្លួននៅត្រង់នេះ ។ ព្រះយេស៊ូវគ្រីស្ទបានធ្វើការងារបម្រើដល់មនុស្ស ហើយស្រឡាញ់ពួកគេ—ម្តងម្នាក់ៗ » ។២ សេចក្តីស្រឡាញ់ដែលព្រះយេស៊ូវបង្ហាញដល់បុគ្គលម្នាក់គឺជាអ្វីដែលហៅថាការងារបម្រើ ។
បើកភ្នែកដើម្បីមើលឲ្យឃើញ
ព្រះអង្គសង្គ្រោះបានជួយអស់អ្នកដែលនៅជុំវិញទ្រង់ ។ ជីន ប៊ី ប៊ីងហាំ ប្រធានសមាគមសង្គ្រោះទូទៅបានថ្លែងថា « ទ្រង់បានញញឹម មានបន្ទូល យាងជាមួយ ស្ដាប់ ចំណាយពេល លើកទឹកចិត្ត បង្រៀន ប្រទានអាហារ និងអភ័យទោស ។ ទ្រង់បានបម្រើដល់គ្រួសារ និងមិត្តភក្ដិ អ្នកជិតខាង និងមនុស្សប្លែកមុខ ហើយទ្រង់បានអញ្ជើញអ្នកដែលស្គាល់ និងមនុស្សជាទីស្រឡាញ់ឲ្យរីករាយនឹងពរជ័យដ៏បរិបូរនៃដំណឹងល្អរបស់ទ្រង់ » ។៣
ព្រះយេស៊ូវគ្រីស្ទបើកព្រះនេត្រដើម្បីមើលឃើញតម្រូវការរបស់មនុស្សគ្រប់គ្នាដែលនៅជុំវិញទ្រង់ ហើយទ្រង់បានឈោងទៅជួយពួកគេទាំងអស់គ្នា ! យើងអាចធ្វើតាមគំរូរបស់ទ្រង់ ហើយឈោងទៅជួយអស់អ្នកដែលត្រូវការជំនួយពីយើង ។
ប៉ុន្តែព្រះអង្គសង្គ្រោះគឺល្អឥតខ្ចោះ ។ តើយើងអាចមើលឃើញតម្រូវការរបស់មនុស្សដទៃ និងផ្តល់ការងារបម្រើដូចទ្រង់ធ្វើយ៉ាងដូចម្តេច ? ប្រធានបាឡឺដបានថ្លែងថា ៖ « នៅក្នុងការអធិស្ឋានរៀងរាល់ព្រឹករបស់អ្នក សូមទូលសូមព្រះវរបិតាសួគ៌ឲ្យដឹកនាំអ្នក ដើម្បីឲ្យស្គាល់ឱកាសបម្រើកូនចៅដ៏មានតម្លៃណាម្នាក់របស់ទ្រង់ ។ រួចហើយសូមឲ្យដួងចិត្តអ្នកពេញទៅដោយសេចក្តីជំនឿ និងសេចក្តីស្រឡាញ់ពេញមួយថ្ងៃ ហើយស្វែងរកដើម្បីជួយដល់នរណាម្នាក់ ។ … ប្រសិនបើអ្នកធ្វើដូច្នេះ នោះការញាណដឹងខាងវិញ្ញាណរបស់អ្នកនឹងពង្រីកឡើង ហើយអ្នកនឹងរកឃើញឱកាសនានាដើម្បីបម្រើ ដែលអ្នកនឹងពុំធ្លាប់ដឹងថា អាចធ្វើបានពីមុនឡើយ » ។៤
ធ្វើតាមការបំផុសគំនិត
សូមគិតអំពីស្ថានភាពនេះ ៖ អ្នកឃើញមិត្តភក្តិរបស់អ្នកនៅសាលារៀន ហើយមើលទៅគាត់ហាក់ដូចជាបាក់ទឹកចិត្ត ។ អ្នកមានអារម្មណ៍ថា អ្នកគួរតែធ្វើអ្វីមួយសម្រាប់គាត់ ប៉ុន្តែអ្នកបារម្ភថា អ្នកអាចនឹងរំខាន ឬធ្វើឲ្យគាត់ខ្មាសគេ ឬខ្មាសអ្នក ។ បន្ទាប់មកអ្នកចាប់ផ្តើមបារម្ភថា តើវាជាការបំផុសគំនិតខាងវិញ្ញាណ ឬជាគំនិតរបស់អ្នកផ្ទាល់ ។
ជួនកាល វាពិបាកដើម្បីដឹងថា អ្នកកំពុងទទួលការបំផុសគំនិតខាងវិញ្ញាណ ដើម្បីផ្តល់ការងារបម្រើ ឬវាជាគំនិតផ្ទាល់ខ្លួនរបស់អ្នក ប៉ុន្តែមរមនបង្រៀនយើងអំពីរបៀបទទួលស្គាល់ការបំផុសគំនិតខាងវិញ្ញាណដូច្នេះ ៖ « អ្វីដែលមកពីព្រះ អញ្ជើញ ហើយញុះញង់ឲ្យធ្វើល្អឥតឈប់ឈរ ហេតុដូច្នោះហើយ អ្វីក៏ដោយដែលអញ្ជើញ ហើយញុះញង់ឲ្យធ្វើល្អ ហើយឲ្យស្រឡាញ់ព្រះ ហើយឲ្យបម្រើទ្រង់ គឺផុសគំនិតមកពីព្រះ » ( មរ៉ូណៃ ៧:១៣ ) ។
ប្រធាន ថូម៉ាស អេស ម៉នសុន ( ១៩២៧–២០១៨ ) បានមានប្រសាសន៍ថា « ប្រសិនបើយើងជាអ្នកសង្កេត និងដឹង ហើយប្រសិនបើយើងអនុវត្តតាមការបំផុសគំនិតដែលកើតមានចំពោះយើង នោះយើងអាចសម្រេចនូវកិច្ចការល្អៗជាច្រើន » ។៥
ការងារបម្រើគឺសម្រាប់មនុស្សគ្រប់គ្នា
អំឡុងពេលសន្និសីទទូទៅខែមេសា ឆ្នាំ ២០១៨ ប្រធាន រ័សុល អិម ណិលសុន បានប្រកាសថា ៖ « ព្រះអម្ចាស់បានធ្វើការកែតម្រូវដ៏សំខាន់នូវរបៀបដែលយើងមើលថែគ្នាទៅវិញទៅមក ។ បងប្អូនប្រុសស្រី—ទាំងចាស់ទាំងក្មេង—នឹងបម្រើគ្នាតាមរបៀបថ្មី ហើយកាន់តែបរិសុទ្ធ » ។៦ ការកែតម្រូវនេះរួមមានឱកាសជាច្រើនដើម្បីបម្រើនៅក្នុងភាពជាដៃគូនៃការងារបម្រើ ប៉ុន្តែការងារបម្រើពុំមែនគ្រាន់តែជាអ្វីដែលយើងធ្វើនៅថ្ងៃអាទិត្យ ឬអំឡុងពេលសកម្មភាពម៉្ញូតឆលនោះទេ ។ វាពុំមែនគ្រាន់តែជាការទទួលខុសត្រូវដែលកើតមកជាមួយនឹងការហៅបម្រើពិតប្រាកដណាមួយនោះទេ ។ ការងារបម្រើគឺសម្រាប់មនុស្សគ្រប់គ្នា ។ ការងារបម្រើគឺសម្រាប់គ្រប់ពេលវេលាទាំងអស់ ។
ពេលយើងទទួលបុណ្យជ្រមុជទឹក នោះយើងសន្យាថា « យល់ព្រមទទួលបន្ទុកគ្នាទៅវិញទៅមក ដើម្បីឲ្យបន្ទុកនោះបានស្រាល មែនហើយ [ ព្រម ] ទួញយំជាមួយនឹងអ្នកណាដែលទួញយំ មែនហើយ ហើយកម្សាន្ដទុក្ខដល់អស់អ្នកណាដែលកំពុងត្រូវការកម្សាន្ដទុក្ខ » ( ម៉ូសាយ ១៨:៨–៩ ) ។ ការផ្តល់ការងារបម្រើដល់អ្នកដទៃគឺជាផ្នែកមួយនៃអ្វីដែលយើងបានសន្យានឹងធ្វើ ។
បូនី អិល. អូស្ការសុន អតីតប្រធានយុវនារីទូទៅបានមានប្រសាសន៍ថា « ព្រះអម្ចាស់មានព្រះទ័យចង់ឲ្យអ្នកមើលទៅមិត្តជុំវិញខ្លួនអ្នក រួចហើយទៅផ្តល់ការងារបម្រើដូចជាទ្រង់នឹងធ្វើ » ។៧ នៅពេលអ្នកធ្វើដូច្នេះ ទ្រង់នឹងបើកភ្នែកអ្នកឲ្យមើលឃើញ ជាមួយនឹងសេចក្តីស្រឡាញ់ និងសេចក្តីអាណិតអាសូរអំពីរបៀបដើម្បីបម្រើអ្នកដទៃ ។ ទ្រង់នឹងពុំទុកអ្នកឲ្យទាយពីអ្វីដែលអ្នកគួរតែធ្វើឡើយ ។ ទ្រង់នឹងដឹកនាំអ្នកក្នុងរបៀបដែលអ្នកអាចផ្តល់ការងារបម្រើបានល្អបំផុតដល់ពួកគេ ។
ការផ្តល់ការងារបម្រើនាំមកនូវពរជ័យ
ប្រធានណិលសុនបានមានប្រសាសន៍ថា « ក្នុងនាមជាអ្នកបម្រើ [ របស់ព្រះអម្ចាស់ ] យើងនឹងផ្តល់ការងារបម្រើដល់មនុស្សម្នាក់ៗដូចជាទ្រង់បានធ្វើ » ។៨ នេះពុំមែនគ្រាន់តែជាការផ្តល់ពរដល់អ្នកដទៃឡើយ វាថែមទាំងផ្តល់ពរដល់យើងផងដែរ ។
អែលឌើរ ឌៀថើរ អេស្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ថា ៖ « នៅពេលយើងផ្តល់ជំនួយ និងដួងចិត្តយើងទៅកាន់អ្នកដទៃនៅក្នុងសេចក្តីស្រឡាញ់ដូចជាព្រះគ្រីស្ទ នោះអ្វីមួយអស្ចារ្យនឹងកើតឡើងចំពោះយើង ។ វិញ្ញាណរបស់យើងផ្ទាល់នឹងបានជាសះស្បើយកាន់តែត្រូវបានដុះខាត់ និងកាន់តែរឹងមាំ ។ យើងប្រែកាន់តែរីករាយ កាន់តែមានភាពសុខសាន្ត និងកាន់តែទទួលបានការខ្សឹបប្រាប់ពីព្រះវិញ្ញាណបរិសុទ្ធ » ។៩
ព្រះយេស៊ូវគ្រីស្ទបានបង្ហាញផ្លូវដល់អ្នកមានម្នាក់ គឺជាជីវិតដែលកាន់តែមានការបំពេញកាតព្វកិច្ច ។ ការផ្តល់ការងារបម្រើដូចទ្រង់ធ្វើនឹងនាំមកនូវសុភមង្គលពិតប្រាកដ ព្រមទាំងស្មារតីមួយនៃភាពសុខសាន្ត និងអំណរមកកាន់ជីវិតរបស់អ្នក ។