« អ្នកបានធ្វើវាដល់យើងដែរ »
ស្សានណាន់ ណៃត៍ រដ្ឋ កាលីហ្វ័រញ៉ា ស.រ.អា.
គ្រួសាររបស់យើងមានប្រពៃណីបុណ្យគ្រីស្ទម៉ាស់មួយ គឺការជូនអំណោយជាកញ្ចប់អាហារ, ស្រោមដៃ, មួក និងរបស់ប្រើប្រាស់ចាំបាច់ផ្សេងៗទៀតដល់អ្នកដែលខ្វះខាត ។ នៅក្នុងឆ្នាំ ២០១៦ យប់មុនបុណ្យគ្រីស្ទម៉ាស់មានអាកាសធាតុត្រជាក់ណាស់នៅតំបន់រដ្ឋកាលីហ្វូញ៉ា ស.រ.អា. ជាកន្លែងដែលយើងរស់នៅ ។ យើងបានពាក់អាវជាច្រើនជាន់ ប៉ុន្តែយើងនៅតែរងា !
ពេលយើងបើកឡានទៅក្បែរឧទ្យានមួយនៅក្បែរផ្ទះរបស់យើង ជាកន្លែងដែលមនុស្សជាច្រើនគ្មានផ្ទះរស់នៅ នោះយើងបានឃើញបុរសម្នាក់ប្រច្រៀតជ្រកនៅក្រោមដំបូលចំណតឡានក្រុងមួយ ដោយរុំខ្លួនគាត់នឹងភួយកញ្ចាស់មួយ ។ ដេននីសស្វាមីរបស់ខ្ញុំ បានឈប់ឡាន ហើយយកចូណាថាន់កូនប្រុសរបស់យើងបានទៅជាមួយគាត់ ដើម្បីជូនអំណោយជាកញ្ចប់របស់យើងដល់គាត់ ។ អែបប៊ីកូនស្រីរបស់យើង និងខ្ញុំបាននៅក្នុងឡាន ហើយមើលពួកគេ ។
បុរសនោះបានងើយក្បាលគាត់ឡើងលើ នៅពេលដេននីសបានហុចកញ្ចប់អំណោយនោះជូនគាត់ ។ បុរសនោះបានញញឹមយ៉ាងរីករាយ ។ ពួកគេបានចាប់ដៃគ្នា ហើយចាប់ផ្តើមនិយាយគ្នា ។ នេះពុំមែនជារឿងធម្មតាទេ ដោយសារជាធម្មតាគ្មានការសន្ទនាគ្នាបែបនោះទេ ។
បន្ទាប់ពីបួនប្រាំនាទីក្រោយមក ដេននីសបានត្រឡប់មកកាន់ឡានវិញ ហើយបើកគូថឡាន ។
ខ្ញុំបានសួរ « យ៉ាងម៉េចហើយបង ? »
គាត់បានឆ្លើយថា « មិនអីទេ ។ បងនឹងឲ្យអាវរងាទៅគាត់មួយ ។ គាត់ត្រូវការវាជាងបងត្រូវការទៅទៀត » ។
ខ្ញុំពុំបាននិយាយអ្វីទេ ។ នោះគឺជាអាវរងាដ៏ស្អាតដែលដេននីសពាក់វាបានពីរបីដងប៉ុណ្ណោះ ! ដេននីសបានត្រឡប់ទៅរកបុរសនោះវិញ ហើយបានជួយពាក់អាវរងានោះឲ្យគាត់ ។ បុរសនោះបានញញឹមដោយរីករាយ ។ ដេននីស និងបុរសនោះបានបន្តនិយាយគ្នាទៀត ។
ខ្ញុំទទួលអារម្មណ៍ជំរុញចិត្តមួយថា ចង់ជួបបុរសនេះ ។ ខ្ញុំបានបើកទ្វារឡាន ហើយអែបប៊ីបានដើរតាមខ្ញុំ ។ ដេននីសបានញញឹមនៅពេលយើងដើរសំដៅទៅរកពួកគាត់ ហើយគាត់បានណែនាំពួកយើងឲ្យស្គាល់បុរសនោះ ។ ខ្ញុំបានឈោងដៃទៅចាប់ដៃគាត់ ហើយសួរឈ្មោះរបស់គាត់ ។
គាត់បានចាប់ដៃខ្ញុំដោយស្នាមញញឹមដ៏កក់ក្តៅ ហើយតបថា « យេស៊ូវ » ។
គ្រួសាររបស់យើងបានបន្តនិយាយជាមួយគាត់ ប៉ុន្តែចាប់តាំងពីពេលនោះមក ខ្ញុំពុំបានឮដំណឹងអ្វីច្រើនពីបុរសម្នាក់នោះឡើយ ។ ខ្ញុំបន្តគិតអំពីសារៈសំខាន់នៃឈ្មោះដ៏ពិរោះរបស់បុរសនេះ ៖ យេស៊ូវ—គឺជាព្រះនាមនៃព្រះអង្គសង្គ្រោះ ។ នៅគ្រានោះ ខ្ញុំត្រូវបានរំឭកឲ្យចាំអំពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ៖ « ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ » ( ម៉ាថាយ ២៥:៤០ ) ។ បទពិសោធន៍នោះបានផ្លាស់ប្ដូរខ្ញុំជារៀងរហូត ។