ការគិតពិចារណា
អំពូលភ្លើងពណ៌ក្រហមមួយ
អ្នកនិពន្ធរស់នៅរដ្ឋអូរីហ្គេន ស.រ.អា. ។
គ្រឿងតុបតែងដើមគ្រីស្ទម៉ាស់សាមញ្ញមួយបានរំឭកខ្ញុំអំពីអត្ថន័យដ៏ពិតនៃបុណ្យគ្រីស្ទម៉ាស់ ។
បុណ្យគ្រីស្ទម៉ាស់ពុំមានអារម្មណ៍ថាជាគ្រីស្ទម៉ាសឡើយ ។ ទោះបីជាខ្ញុំបានព្យាយាមរីករាយជាមួយនឹងបទចម្រៀងដែលប្រគំឡើងក្តី នោះខ្ញុំបានទាញយកធុងស្តុកឥវ៉ាន់ចេញមកទាំងមានទុក្ខព្រួយ ។ ក្រឡនំមនុស្សព្រិលបានរំឭកខ្ញុំថា គ្មាននរណាដុតនំជាមួយខ្ញុំឡើយ ។ រូបចម្លាក់នៃលោកតាណូអែលដែលហាក់ដូចជានិយាយថា មានហេតុផលតិចតួចដើម្បីចងភ្ជាប់ទៅនឹងស្រោមជើងវែងៗ ហើយក្រដាសខ្ចប់អំណោយឆ្នូតៗបានរំឭកខ្ញុំថា ព្រឹកនោះនឹងមិននាំមកនូវសំឡេងរំភើបរីករាយរបស់កូនៗឡើយ ។
ឆ្នាំនេះកូនពៅរបស់យើងបានទៅមហាវិទ្យាល័យ ហើយផ្ទះរបស់យើងមានអារម្មណ៍ថា កណ្តោចកណ្តែង និងស្ងប់ស្ងាត់ ។ ខ្ញុំបានជ្រើសយកតែគ្រឿងតុបតែងដែលពុំមែនជារូបតាណូអែលដើម្បីដាក់តាំង ហើយបានដាក់អ្វីៗផ្សេងទៀតទៅក្នុងប្រអប់របស់វាវិញ ។
ខ្ញុំបានតុបតែងដើមគ្រីស្ទម៉ាស់នោះតែម្នាក់ឯងដោយសារស្វាមីរបស់ខ្ញុំពុំនៅផ្ទះទេ ។ កូនប្រសារស្រីរបស់ខ្ញុំបានបង្ហោះរូបភាពចៅៗរបស់ខ្ញុំព្យួរគ្រឿងតុបតែងនៅលើដើមគ្រីស្ទម៉ាស់របស់ពួកគេនៅលើអ៊ិនធើរណែត ហើយចិត្តរបស់ខ្ញុំចង់ត្រឡប់ទៅរកអ្វីៗដូចកាលពីដើមវិញ ។ ខ្ញុំឆ្ងល់ថា ហេតុអ្វីពេលវេលាវាដើរលឿនយ៉ាងនេះ ។ ហើយកូនៗរបស់ខ្ញុំពិតជាធំលឿនណាស់ ? ដោយភ្លឹកភ្លាំងក្នុងគំនិត នោះខ្ញុំបានមើលពន្លឺភ្លើងអំពូលនៅក្នុងដៃរបស់ខ្ញុំ ។ វាជាអំពូលភ្លើងពណ៌ក្រហមមួយ ។
ខ្ញុំបានពិនិត្យមើលពណ៌នោះ វាក្រហមខ្លាំងណាស់ ។ គឺក្រហមជាំតែម្តង ។ ខ្ញុំបានមើលជុំវិញនូវភាពសាមញ្ញនៃអ្វីដែលនៅសល់ដើម្បីតុបតែងទៀត ៖ ប្រសូតកម្មពីរបី ស្នូកមួយដែលធ្វើពីឈើការ៉េម និងអក្សរតុបតែងដែលសរសេរថា បុណ្យណូអែល ជាអក្សរពណ៌មាស ។ ខ្ញុំបានយំ ។ អំពូលភ្លើងនោះពណ៌ក្រហម—ក្រហមដូចជាព្រះលោហិតដ៏ធួននៃព្រះអង្គសង្គ្រោះ ។
ខ្ញុំបានគិតជានិច្ចអំពីរបៀបដែលខ្ញុំតុបតែង, ការធ្វើនំជារាងផ្សេងៗ និងចម្រៀងជាក្រុមរបស់កូនៗនៅព្រឹកថ្ងៃបុណ្យគ្រីស្ទម៉ាស់ជាមួយអ្វីដែលធ្វើឲ្យខ្ញុំរីករាយនៅរដូវបុណ្យគ្រីស្ទម៉ាស់ ។ ខ្ញុំបានគិតអំពីកូនៗរបស់ខ្ញុំ និងក្រុមគ្រួសារអស់កល្បជានិច្ចរបស់ពួកគេ ។ ខ្ញុំបានគិតអំពីអំណរទាំងអស់ដែលខ្ញុំមាននៅក្នុងគ្រួសារខ្ញុំ និងអំណរដែលពួកគេមាននៅក្នុងគ្រួសាររបស់ពួកគេ ។ ខ្ញុំបានគិតអំពីទារកដែលដេកនៅក្នុងស្នូកអាចធ្វើឲ្យរឿងទាំងនេះកើតឡើងបាន ។ អារម្មណ៍នៃភាពកក់ក្តៅបានផុសឡើងក្នុងចិត្តខ្ញុំ នៅពេលខ្ញុំបានសញ្ជឹងគិតអំពីអំណោយនៃព្រះអង្គសង្គ្រោះ—ពុំមែនតែសម្រាប់ខ្ញុំនោះទេ ប៉ុន្តែសម្រាប់មនុស្សលោកទាំងអស់គ្នាផងដែរ ។
« តែទេវតាប្រាប់ថា កុំខ្លាចអី មើល ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្តីអំណរយ៉ាងអស្ចារ្យ ដែលសម្រាប់ បណ្តាជនទាំងអស់គ្នា » ( លូកា ២:១០ ការគូសបញ្ជាក់ត្រូវបានបន្ថែម ) ។
នៅពេលខ្ញុំបន្តតុបតែងដើមគ្រីស្ទម៉ាស់ នោះខ្ញុំបានគិតអំពីការប្រសូត និងព្រះជន្មដ៏រាបសារបស់ព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់បានយាងមកដើម្បីជួសជុលការខូចខាត ស្ថាបនាអ្នកដែលគេគាបសង្កត់ លួងលោមចិត្តអ្នកឯកា នាំភាពសុខសាន្តមកក្នុងគ្រាដែលមិនល្អឥតខ្ចោះ និងប្រទានក្តីអាណិតអាសូរដល់អ្នកដែលរងទុក្ខ ។ ទ្រង់បានប្រសូតមក ហើយសុគតដើម្បីឲ្យយើងអាចរស់នៅជាមួយទ្រង់នៅក្នុងនគររបស់ព្រះវរបិតាម្តងទៀត ។ ទ្រង់បានយាងមកដើម្បីឲ្យមនុស្សអាចស្គាល់អំពីសុភមង្គលពិតប្រាកដ ។ ដួងចិត្តរបស់ខ្ញុំបានរីករាយ ហើយខ្ញុំបានរកឃើញអំណរនៅក្នុងព្រះគ្រីស្ទដោយសារព្រះគ្រីស្ទគឺជាបុណ្យគ្រីស្ទម៉ាស់ ។