បុណ្យគ្រីស្ទម៉ាស់មួយដ៏ផ្អែមល្ហែម
វីលសុន ខូរៀ ដូស សានតូស ទីក្រុង ភើណាមប៊ូកូ ប្រទេសប្រេស៊ីល
គ្រួសាររបស់ខ្ញុំបានធ្វើឲ្យបុណ្យគ្រីស្ទម៉ាស់ក្លាយជាឱកាសមួយដ៏គួរឲ្យចងចាំយ៉ាងយូរអង្វែងតាមដែលខ្ញុំអាចចាំបាន ។ ពេលខ្ញុំចេញទៅបម្រើបេសកកម្ម ប្រេស៊ីល ផតតូ អាលើហ្គ្រើ ភាគខាងត្បូង នោះខ្ញុំពុំដឹងថា តើវាលំបាកប៉ុណ្ណាសម្រាប់ខ្ញុំ ដើម្បីចំណាយពេលនៃបុណ្យគ្រីស្ទម៉ាស់នៅឆ្ងាយពីពួកគេនៅគ្រាដំបូងនោះទេ ។
នៅអំឡុងពេលបុណ្យគ្រីស្ទម៉ាស់គ្រាដំបូងរបស់ខ្ញុំនៅក្នុងតំបន់បេសកកម្ម នោះខ្ញុំមានបំណងចង់នៅជាមួយគ្រួសារខ្ញុំ ប៉ុន្តែដៃគូខ្ញុំ និងខ្ញុំនៅឯកោតែពីរនាក់ប៉ុណ្ណោះ ។ អារម្មណ៍មួយនៃការអាណិតខ្លួនឯង និងភាពក្រៀមក្រំបានកើតមានចំពោះខ្ញុំ ។
នៅយប់មុនថ្ងៃបុណ្យគ្រីស្ទម៉ាស់ គ្រួសារដ៏គួរឲ្យស្រឡាញ់មួយបានអញ្ជើញដៃគូខ្ញុំ និងខ្ញុំទៅបរិភោគអាហារពេលល្ងាច ។ យើងមានឱកាសរីករាយជាមួយគ្នានាល្ងាចនោះ ប៉ុន្តែសុភមង្គលរបស់គ្រួសារនេះបានរំឭកខ្ញុំថា ខ្ញុំបាននៅឆ្ងាយពីគ្រួសាររបស់ខ្ញុំផ្ទាល់ ។ យប់នោះពេលយើងបានត្រឡប់ទៅផ្ទះវិញ ខ្ញុំបានព្យាយាមដេក ហើយបំភ្លេចថា នៅថ្ងៃបន្ទាប់គឺជាថ្ងៃបុណ្យគ្រីស្ទម៉ាស់ ។ ជាគ្រាដំបូងនៅក្នុងជីវិតខ្ញុំ ខ្ញុំបានមានអារម្មណ៍ធូរស្បើយ នៅពេលបុណ្យគ្រីស្ទម៉ាស់បានចប់ទៅ ។
មួយឆ្នាំក្រោយមក ខ្ញុំបានគិតអំពីបុណ្យគ្រីស្ទម៉ាស់ពីឆ្នាំមុននោះ ហើយបានគិតអំពីអ្វីដែលខ្ញុំអាចធ្វើដើម្បីមានបុណ្យគ្រីស្ទម៉ាស់ដ៏ប្រសើរមួយនៅក្នុងតំបន់បេសកកម្ម ។ ខ្ញុំបានដឹងថា អារម្មណ៍នៃភាពកើតទុក្ខដែលខ្ញុំមានកាលពីឆ្នាំមុននោះ កើតឡើងមកពីការផ្តោតចិត្តតែលើខ្លួនខ្ញុំ ដោយមិនបានផ្តោតលើព្រះអង្គសង្គ្រោះឡើយ ។ ខ្ញុំក៏បានដឹងថា បុណ្យគ្រីស្ទម៉ាស់គឺជាគ្រាដើម្បីចងចាំការប្រសូតរបស់ព្រះអង្គសង្គ្រោះ ហើយថា ខ្ញុំគួរតែរីករាយបម្រើទ្រង់ក្នុងនាមជាអ្នកតំណាងឲ្យទ្រង់ ។
ខ្ញុំបាននិយាយជាមួយដៃគូរបស់ខ្ញុំ យើងបានសម្រេចចិត្តទិញស្ករគ្រាប់ជូនសមាជិក សាសនាគន់ការី កុមារ និងនរណាផ្សេងទៀតដែលយើងជួបនៅថ្ងៃបុណ្យគ្រីស្ទម៉ាស់នោះ ។ យើងក៏បានហាត់សមទំនុកតម្កើងបុណ្យគ្រីស្ទម៉ាស់ដើម្បីច្រៀងផងដែរ ។ ដួងចិត្តរបស់ខ្ញុំមានអំណរនៅថ្ងៃបុណ្យគ្រីស្ទម៉ាស់ នៅពេលយើងបានជួបមនុស្សនានា បានច្រៀងទំនុកតម្កើង ហើយបានចែកស្ករគ្រាប់នោះ ។
នៅល្ងាចនោះពេលយើងធ្វើដំណើរទៅផ្ទះវិញ យើងបានជួបបុរសចំណាស់ម្នាក់អង្គុយនៅលើចិញ្ចើមថ្នល់ ។ យើងបានសួរគាត់ ប្រសិនបើគាត់បានទទួលអំណោយបុណ្យគ្រីស្ទម៉ាស់នៅថ្ងៃនោះដែរឬទេ ។ គាត់បានឆ្លើយថា បាទបានហើយ—គាត់បាននិយាយជាមួយកូនៗរបស់គាត់ដែលរស់នៅឆ្ងាយតាមទូរសព្ទ ។
យើងបាននិយាយថា « ពួកខ្ញុំមានអំណោយមួយបន្ថែមទៀតជូនលោកអ៊ំ » ។ យើងបានឲ្យស្ករគ្រាប់គាត់ ។
គាត់បាននិយាយថា « ស្ករគ្រាប់នេះពុំគ្រាន់តែផ្អែមត្រឹមមាត់របស់អ៊ំឡើយ ប៉ុន្តែវាក៏ផ្អែមដល់ព្រលឹងរបស់អ៊ំផងដែរ » ។
ខ្ញុំមានបុណ្យគ្រីស្ទម៉ាស់ដ៏មិនគួរឲ្យរីករាយមួយនៅក្នុងបេសកកម្មរបស់ខ្ញុំ ដោយសារខ្ញុំផ្តោតចិត្តតែលើខ្លួនខ្ញុំ ។ ខ្ញុំក៏មានបុណ្យគ្រីស្ទម៉ាស់ដ៏រីករាយបំផុតនៅពេលខ្ញុំផ្ដោតទៅលើព្រះអង្គសង្គ្រោះជំនួសវិញ ។ ខ្ញុំដឹងថា នៅពេលយើងផ្តោតចិត្តទុកដាក់ទៅលើទ្រង់ នោះទ្រង់នឹងនាំភាពផ្អែមល្ហែមមកកាន់វិញ្ញាណរបស់យើងនៅថ្ងៃបុណ្យគ្រីស្ទម៉ាស់ និងគ្រប់ថ្ងៃទាំងអស់នៅក្នុងឆ្នាំនេះ ។