ការបម្រើនៅក្នុងសាសនាចក្រ
រីកចម្រើនមកពីការបម្រើ
អ្នកនិពន្ធរស់នៅរដ្ឋ យូថាហ៍ ស.រ.អា. ។
យើងមានអារម្មណ៍រំភើបដែលសមាជិកថ្មីក្នុងសាខាយើងគួរតែត្រូវបានផ្តល់ការហៅបម្រើភ្លាមៗ ដើម្បីឲ្យពួកគេអាចរីកចម្រើនតាមរយៈការបម្រើ ។
នៅក្នុងឆ្នាំ ២០០០ យើងត្រូវបានហៅឲ្យបម្រើជាប្រធានសាខា និងប្រធានថ្នាក់អង្គការបឋមសិក្សានៃអង្គភាពតូចបំផុត មួយនៅក្នុងស្តេកកៅសៀង តៃវ៉ាន់ ។ យើងមានសមាជិកប្រហែលជា ២០ នាក់ចូលរួមការប្រជុំសាក្រាម៉ង់ រួមទាំងគ្រួសារក្មេងវ័យរបស់យើងផងដែរ ដែលមានអែលឌើរសកម្មចំនួនបួននាក់ និងពួកអ្នកផ្សព្វផ្សាយសាសនា ។ ក្រោយមកយើងបានបញ្ជូនអែលឌើរពីររូបឲ្យទៅបម្រើបេសកកម្ម ដោយទុកចិត្តថា ព្រះអម្ចាស់នឹងធ្វើឲ្យសាខារបស់យើងចម្រើនឡើង ។
យើងបានធ្វើការជាមួយសាខារបស់យើង យើងបានចងចាំការទូន្មានរបស់ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ១៩១០–២០០៨ ) ដែលថា រាល់អ្នកប្រែចិត្តជឿត្រូវការ ៖ « មិត្តភក្ដិ ការទទួលខុសត្រូវ និងការចិញ្ចឹមបីបាច់ដោយ ‹ ព្រះបន្ទូលដ៏ល្អនៃព្រះ › » ។១ យើងមានអារម្មណ៍រំភើបដែលសមាជិកថ្មីរបស់យើងគួរតែត្រូវបានផ្តល់ការហៅបម្រើភ្លាមៗ ដើម្បីឲ្យពួកគេអាចរីកចម្រើនតាមរយៈការបម្រើ ។ ពួកអ្នកផ្សព្វផ្សាយសាសនាបានណែនាំយើងឲ្យស្គាល់សាសនាគន់ការី ហើយនៅក្នុងរយៈពេលពីរសប្តាហ៍នៃបុណ្យជ្រមុជទឹកនីមួយៗរបស់ពួកគេ នោះពួកគេបានទទួលការហៅបម្រើ ។ ពួកគេបានបង្កើនមិត្តភាពនៅពេលពួកគេបានបម្រើជាមួយសមាជិកដទៃទៀត ។
ក្នុងអំឡុងពេលមួយខែ បងប្អូនប្រុសដែលទើបតែបានទទួលបុណ្យជ្រមុជទឹកបានទទួលបព្វជិតភាពអើរ៉ុន ហើយពួកគាត់ម្នាក់ៗបានប្រសិទ្ធពរ និងចែកនំបុ័ងនឹងទឹក ។ យើងក៏រៀបចំពួកគេដើម្បីទទួលបព្វជិតភាពមិលគីស្សាដែកនៅសន្និសីទស្តេកបន្ទាប់ផងដែរ ។
ពួកអែលឌើរថ្មីត្រូវបានបង្រៀនអំពីរបៀបធ្វើពិធីបរិសុទ្ធនានា ហើយបន្ទាប់មកពួកអែលឌើរទាំងនេះបានបង្រៀនពួកអែលឌើរថ្មីៗបន្តទៀត ។ យើងជឿជាក់លើការរៀនសូត្រតាមរយៈការអនុវត្ត និងជឿលើការបន្តការរៀនសូត្រតាមរយៈការបង្រៀន ។ សមាជិកសាខាមានការទទួលខុសត្រូវដើម្បីធ្វើជាគំរូ និងអ្នកផ្តល់ប្រឹក្សា បង្រៀន និងបំពាក់បំប៉ន ហើយគាំទ្រ និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ។
យើងបានប្រើគ្រូបង្រៀនតាមផ្ទះ និងគ្រូបង្រៀនសួរសុខទុក្ខ, រាត្រីជួបជុំក្រុមគ្រួសារ សកម្មភាពវួដ និងការធ្វើអាហារបរិភោគជុំគ្នាដើម្បីបង្កើនភាពស្និទស្នាលជាមួយអ្នកប្រែចិត្តជឿថ្មី ។ ពួកគេត្រូវបានចិញ្ចឹមបីបាច់ដោយព្រះបន្ទូលនៃព្រះ តាមរយៈថ្ងៃអាទិត្យ និងការណែនាំអំពីសាសនានៅថ្ងៃនានាក្នុងសប្តាហ៍ ។ ថ្នាក់វិទ្យាស្ថានបានកើនសិស្សពី ២ ទៅ ២៥ នាក់ ។ ដើម្បីបន្តចិញ្ចឹមបីបាច់ដល់សាខាតូចរបស់យើង នោះយើងបានចូលរួម និងបម្រើនៅក្នុងព្រះវិហារបរិសុទ្ធ តៃប៉ិ តៃវ៉ាន់ រៀងរាល់ខែ—ដែលត្រូវជិះឡានក្រុងទាំងទៅទាំងមករយៈពេល ១០ ម៉ោង ។ ជាទូទៅ ស្តេករបស់យើងមានការលំបាកដែលអត់មានសមាជិកច្រើនដើម្បីជិះឡានក្រុងទីពីរឲ្យពេញទៅព្រះវិហារបរិសុទ្ធឡើយ ។ សាខារបស់យើងបានរីកចម្រើន ហើយក្រុមគ្រួសារនានាបានរៀបចំខ្លួនដើម្បីទទួលពរជ័យព្រះវិហារបរិសុទ្ធរបស់ពួកគេ យើងបានដាក់គោលដៅដើម្បីឲ្យមានសមាជិកជិះឲ្យពេញឡានក្រុងរបស់យើងផ្ទាល់ ។ ការធ្វើដំណើរពីរដងនៅក្នុងឆ្នាំដំបូង ដោយសមាជិកផ្សេងទៀតនៅក្នុងស្តេកជិះឡានក្រុងមួយទៅព្រះវិហារបរិសុទ្ធ ហើយសាខាដ៏តូចរបស់យើងបានជិះឡានក្រុងទីពីរ ។ មិនយូរប៉ុន្មានក្រោយមក ខាងស្តេកបានសួមឲ្យវួដនីមួយៗមានសមាជិកជិះឲ្យពេញឡានក្រុងមួយដើម្បីទៅព្រះវិហារបរិសុទ្ធ យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ។
នៅឆ្នាំទីពីរ ការថែរក្សាអ្នកប្រែចិត្តជឿរបស់យើងបានកើនឡើងពី ៣០ ភាគរយទៅជាង ៩០ភាគរយ ហើយការប្រជុំសាក្រាម៉ង់របស់យើងបានកើនដល់ប្រហែលជា ១០០ នាក់ រួមមានទាំងពួកអែលឌើរដែលសកម្មចំនួន ២៥ នាក់ផងដែរ ។ សាខារបស់យើងបានក្លាយជាវួដ ហើយអគារចាស់របស់យើងត្រូវបានកែថ្មីឲ្យទៅជាសាលាជំនុំថ្មី ។
សាខាដែលតូចបំផុតបានប្រែទៅជាវួដដ៏ខ្លាំងបំផុតនៅក្នុងស្តេក ដោយសារអ្នកប្រែចិត្តជឿគ្រប់រូបបានទទួលពរដោយមានមិត្តភក្តិ ការហៅបម្រើ និងការចិញ្ចឹមបីបាច់ដោយព្រះបន្ទូលនៃព្រះ ។