២០១៨
មូលហេតុ​ដែល​ខ្ញុំ​ឈប់​សួរ​សំណួរ « ហេតុអ្វី ? » បន្ទាប់​ពី​មរណភាព​របស់​បងប្រុស​ខ្ញុំ
ខែ ធ្នូ ឆ្នាំ ២០១៨


មាន​តែ​ឌីជីថល​ប៉ុណ្ណោះ

មូលហេតុ​ដែល​ខ្ញុំ​ឈប់​សួរ​សំណួរ « ហេតុអ្វី ? » បន្ទាប់​ពី​មរណភាព​របស់​បងប្រុស​ខ្ញុំ

អ្នក​និពន្ធ​រស់​នៅ​ទីក្រុង​សាលតា ប្រទេស​អាហ្សង់ទីន ។

ទោះបី​ជា​រូបកាយ​គាត់​ពុំ​នៅ​ជាមួយ​ខ្ញុំ​ក្តី ខ្ញុំ​នៅតែ​ទទួល​អារម្មណ៍​ពី​វត្តមាន​របស់​បងប្រុស​ខ្ញុំ ។

ពេល​ខ្ញុំ​បាន​ទទួល​ដំណឹង​ថា បងប្រុស​របស់​ខ្ញុំ សូជីអូ​បាន​ស្លាប់ ខ្ញុំ​កំពុង​នៅក្នុង​បន្ទប់​សិក្សា ហើយ​ម្តាយ​ខ្ញុំ​កំពុង​អាន​អ៊ីម៉ែល​ដែល​បងប្រុស​ខ្ញុំ​បាន​សរសេរ​មក​ពួកយើង​កាល​ពី​មួយ​ថ្ងៃមុន​នោះ ។ គាត់​បាន​ប្រាប់​ពួកយើង​ថា គាត់​សប្បាយ​រីករាយ​ដើម្បី​បម្រើ​បេសកម្ម​នៅ​ទីក្រុង​ឈីក្លាយ៉ូ ប្រទេស​ពេរ៉ូ ហើយ​ធ្វើ​ជា​អ្នក​តំណាង​ឲ្យ​ព្រះយេស៊ូវគ្រីស្ទ ។ គាត់​បាន​ប្រាប់​ពួក​យើង​អំពី​សេចក្តីស្រឡាញ់​របស់​គាត់​ដោយ​សុទិដ្ឋិនិយម​យ៉ាង​ខ្លាំង​ដែល​ធ្វើ​ឲ្យ​យើង​អត់​ញញឹម​មិន​បាន ។

នៅ​គ្រា​ពីមុន​ទទួល​ទូរសព្ទ​ពី​ប្រធាន​បេសកកម្ម​របស់​គាត់ ដែល​បាន​ប្រាប់​ពួកយើង​អំពី​ដំណឹង​ដ៏​សោកនាដកម្ម​នេះ ម្តាយ​ខ្ញុំ និង​ខ្ញុំ​បាន​ស្តាប់​ចម្រៀង​ដែល​បងប្រុស​របស់​ខ្ញុំ​ចូលចិត្ត ។ រំពេច​នោះ អារម្មណ៍​នៃ​ភាព​សុខសាន្ត​ដ៏​ខ្លាំង​មួយ​បាន​មាន​ពេញ​នៅក្នុង​បន្ទប់​ទាំង​មូល ។ ព្រះវិញ្ញាណ​មាន​វត្តមាន​យ៉ាង​ខ្លាំង ។ យើង​ថែម​ទាំង​បាន​យំ​ដោយសារ​តែ​ភាពកក់ក្តៅ និង​អារម្មណ៍​ដ៏​ពិត​ដែល​កើត​ឡើង​ចំពោះ​យើង ដែល​គ្មាន​ពាក្យពេចន៍​ណា​អាច​ពិពណ៌នា​បាន​ឡើយ ។ ហើយ​គ្រាន់តែ ១០ នាទី​ក្រោយ​មក ទូរសព្ទ​បាន​រោទិ៍​ឡើង ។

ម្តាយខ្ញុំ និង​ខ្ញុំ​បាន​ស្តាប់​ឪពុក​ខ្ញុំ​ឆ្លើយ​ទូរសព្ទ​នូវ​គ្រប់​សំណួរទាំងអស់​ដែល​គេ​បាន​សួរ​គាត់ ។ យើង​បាន​ដឹង​ថា ប្រធាន​បេសកកម្ម​កំពុង​ទូរសព្ទ​ប្រាប់​ពី​រឿង​ធ្ងន់ធ្ងរ​មួយ​ដែល​បាន​កើត​ឡើង ។ បន្ទាប់​មក យើង​បាន​ឮ​ចម្លើយ​របស់​ឪពុក​ខ្ញុំ​ថា « រឿង​នេះ​មិន​ពិត​ទេ ។ រឿង​នេះ​ពុំ​អាច​កើត​ឡើង​បាន​ទេ » ។

ខ្ញុំ​បាន​សួរ​គាត់​ថា តើ​មាន​រឿង​អ្វី​កើត​ឡើង ។ ​ឪពុក​ខ្ញុំ​បាន​យំ នៅ​ពេល​ដែល​គាត់​បាន​ឆ្លើយ​ប្រាប់​យើង​ដោយ​សំឡេង​ស្អក​ថា ៖ « កូន​សូជីអូ​បាន​ស្លាប់​ហើយ » ។

ខ្ញុំ​បាន​យំ​ដោយ​ឈឺ​ចិត្ត​ជា​ខ្លាំង ដោយ​សួរ​ខ្លួន​ខ្ញុំ​ម្តង​ហើយ​ម្តង​ទៀត​ថា « ឱ​ព្រះវរបិតា​អើយ ហេតុអ្វី ? ហេតុអ្វី​យើង​ត្រូវ​ជួប​រឿង​នេះ ? តើ​បេសកកម្ម​ពុំ​មែន​ជា​កន្លែង​ដែល​មាន​សុវត្ថិភាព​បំផុត​នៅក្នុង​លោក​នេះ​ទេ​ឬ​អី ! ? »

ទោះបី​ជា​យើង​មាន​ដំណឹងល្អ​នៅក្នុង​ជីវិត​យើង ហើយ​យើង​ស្គាល់​ផែនការ​នៃ​សុភមង្គល​ក្តី វា​ហាក់បីដូចជា​គ្មាន​ការលួងចិត្ត​ដល់​ក្តីឈឺ​ចាប់​របស់​យើង​ដែរ ។ ខ្ញុំ​បាន​ដឹង​ថា មាន​តែ​ព្រះវរបិតាសួគ៌​ប៉ុណ្ណោះ​ដែល​អាច​ជួយ​យើង​នៅក្នុង​កាលៈទេសៈ​នេះ ។

នៅ​យប់​នោះ ក្នុង​គ្រា​ដ៏​ច្បាស់​លាស់ ខ្ញុំ​បានរត់​ទៅ​រក​ព្រះគម្ពីរ​របស់​ខ្ញុំ ដោយសារ​មាន​វគ្គ​បទគម្ពីរ​មួយ​មក​ពី​គម្ពីរ​អាលម៉ា​បាន​ផុស​ឡើង​ក្នុង​ចិត្ត​ខ្ញុំ ដែល​បងប្រុស​ខ្ញុំ​បាន​ចែកចាយ​ជាមួយ​ពួកយើង​បីបួន​សប្តាហ៍​ ពីមុន​គាត់​បាន​ស្លាប់ ។ ខគម្ពីរ​នោះ​ចែង​ថា « ឱ បើ​សិន​ជា​ខ្ញុំ​បាន​ទៅ​ជា​ទេវតា​មួយ ហើយ​អាច​បំពេញ​បំណង​ចិត្ត​ខ្ញុំ គឺ​ឲ្យ​ខ្ញុំ​អាច​ទៅ​និយាយ ។… ខ្ញុំ​នឹង​ប្រកាស​ដល់​មនុស្ស​គ្រប់​រូប ដូច​ជា​សូរផ្គរ​លាន់​នូវ​ការ​ប្រែ​ចិត្ត និង​ផែនការ​នៃ​សេចក្ដី​ប្រោស​លោះ ។… ប៉ុន្តែ​មើល​ចុះ ខ្ញុំ​ជា​មនុស្ស​ទេតើ…ខ្ញុំ​មិន​គួរ​ខ្វល់​ខ្វាយ​នៅ​ក្នុង​បំណង​ទាំង​ឡាយ​របស់​ខ្ញុំ​ទេ អំពី​ច្បាប់​ដ៏​តឹង​រឹង​នៃ​ព្រះ​ដ៏​យុត្តិធម៌ ព្រោះ​ខ្ញុំ​ដឹង​ថា ទ្រង់​ប្រទាន​ឲ្យ​មនុស្ស​តាម​បំណង​របស់​គេ ទោះ​ជា​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​រស់​ក្ដី » ( អាលម៉ា ២៩:១–៤ ) ។

ក្រោយ​មក​ខ្ញុំ​បាន​យល់ថា បងប្រុស​របស់​ខ្ញុំ​ចង់​ឲ្យ​ពួកយើង​ដឹង​ថា គាត់​នៅរស់ ហើយ​រស់នៅ​ជាមួយ​យើង​នៅ​ក្នុង​វិញ្ញាណ ប៉ុន្តែ​គាត់​បាន​លាចាក​ពី​ជីវិត​នេះ ដោយសារ​គាត់​ត្រូវបាន​ហៅ​ឲ្យ​ប្រកាស​នៅក្នុង​ពិភពវិញ្ញាណ ។ គាត់​ចង់​ឲ្យ​យើង​ដឹង​ថា អវត្តមាន​របស់​គាត់​គឺ​ដូចជា​ការពង្រីក​ការហៅ​បេសកកម្ម​របស់​គាត់—គឺ​ដូចជា​ការផ្លាស់ប្តូរ​តំបន់​មួយ​ទៀត ដោយសារ​គាត់​ចូលចិត្ត​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ហើយ​បំណង​ប្រាថ្នា​ដ៏​ជ្រាលជ្រៅ​បំផុតនៃ​ចិត្ត​របស់​គាត់​ត្រូវបាន​បំពេញ ៖ គឺ​ការ​ក្លាយ​ជា « ទេវតា » នៃ​ព្រះអម្ចាស់ ។​ គាត់​អាច​លះបង់​ខ្លួន​របស់​គាត់​ទាំងស្រុង​ដើម្បី​ធ្វើ​ការងារ​របស់​ព្រះអម្ចាស់ ដើម្បី​ប្រកាស​ដល់​គ្រប់​មនុស្ស​ទាំងអស់​អំពី « ការប្រែចិត្ត និង​ផែនការ​នៃ​សេចក្តី​ប្រោសលោះ » ផែនការ​នៃ​សុភមង្គល ។

ទោះបី​ជា​រូបកាយ​គាត់​ពុំ​នៅ​ជាមួយ​ខ្ញុំ​ក្តី ខ្ញុំ​នៅតែ​ទទួល​អារម្មណ៍​ពី​វត្តមាន​របស់​បងប្រុស​ខ្ញុំ ។ ខ្ញុំ​ឈប់​សួរ​ថា « ឱ​ព្រះវរបិតា​អើយ ហេតុអ្វី ? » ទៀត​ហើយ ដោយសារ​ចម្លើយ​នោះ​មាន​ភាព​ច្បាស់លាស់ និង​ជ្រាលជ្រៅ ៖ « កូន​មនុស្ស​បាន​ចុះ​ទាប​ជាង​ការណ៍​ទាំង​នោះ​ទៅ​ទៀត ។ តើ​អ្នក​ធំ​ជាង​ទ្រង់​ឬ​អី ? » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១២២:៨ ) ។

យើង​បាន​ថ្វាយ​ដួងចិត្ត​របស់យើង​ទៅកាន់ព្រះ​ជា​គ្រួសារ ហើយ​យើង​បាន​រកឃើញ​អំណរគុណ​ដ៏លួងលោម​មក​ពីដំណឹង​ល្អ ។ យើង​ដឹង​ថា នេះ​គឺជា​ជីវិត​សាកល្បង ហើយ​វិញ្ញាណ​របស់​យើង​គឺ​នៅអស់កល្ប​ជានិច្ច ។

តាមរយៈ​សេចក្តីសង្ឃឹម​នៃ​សេចក្តីស្រឡាញ់​ដ៏និរន្ត​របស់​ព្រះអង្គសង្គ្រោះ​គឺ​ព្រះយេស៊ូវគ្រីស្ទ និង​ព្រះវរបិតាសួគ៌​របស់យើង នោះយើង​ដឹង​ថា អ្វីៗ​គ្រប់​យ៉ាង​អាច​កើត​ឡើង​បាន ។ ហើយ​ទោះបីជា​ការយល់​ដឹង​របស់​យើង​នៅ​ពុំ​ទាន់​ពេញលេញ​ក្តី ហើយ​នៅក្នុង​ជីវិត​នេះ​យើង​ពុំ​អាច​នៅ​ជាមួយ​មនុស្ស​ទាំងអស់​ដែល​យើង​ស្រឡាញ់​ជា​ខ្លាំង​នៅ​ឡើយ​ក្តី នោះ​យើង​ដឹង​ថា វា​គ្រាន់តែ​ជា​រឿង​បណ្តោះអាសន្ន​ប៉ុណ្ណោះ ចូរ​ថ្លែងអំណរគុណ​ដល់​ព្រះជន្ម​ទ្រង់​ចំពោះ​កាលៈទេសៈ​បណ្តោះអាសន្ន​នោះ ។

វា​អស់រយៈពេល​បួន​ឆ្នាំ​មក​ហើយ​តាំង​ពី​សូជីអូ​ស្លាប់​ទៅ ។ ខ្ញុំ​សារភាព​ថា ទោះបី​ឥឡូវ​នេះក្ដី ការកើត​ទុក្ខ និង​ការយំយែក​នៅ​តែ​បន្ត​មាន​ពី​មួយ​គ្រា​ទៅ​មួយ​គ្រា ដោយសារ​ខ្ញុំ​នឹក​បងប្រុសជាទី​ស្រឡាញ់​របស់​ខ្ញុំ​ណាស់ ។ ប៉ុន្តែ​ចិត្ត​របស់​ខ្ញុំ​បាន​ពោរពេញ​ដោយ​អំណរគុណ ពេល​ខ្ញុំ​ចាំ​ថា ស្ថានភាព​នេះ​គឺ​គ្រាន់តែ​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ ។ សេចក្តីសង្ឃឹម​របស់​ខ្ញុំ​គឺថា នៅទីបំផុត នា​ថ្ងៃ​ណា​មួយ យើង​នឹង​ជួប​គ្នា​ម្តង​ទៀត ហើយ​ជួបជុំ​ជាមួយ​គ្រួសារ​រីករាយ​អស់កល្ប​ជានិច្ច​របស់យើង​ជារៀងរហូត​តទៅ ។ រឿង​នេះ​មាន​ភាពអស្ចារ្យ​ជាង​ការឈឺចាប់​ដែល​ខ្ញុំ​ត្រូវ​ទទួល​រង​នៅពេល​នេះ​ទៅទៀត ។