អំណោយបុណ្យគ្រីស្ទម៉ាស់របស់ខាល
អ្នកនិពន្ធរស់នៅក្នុងរដ្ឋខូឡូរ៉ាដូ ស.រ.អា. ។
ខាលបានមើលជុំវិញក្រោលគោ ហើយរំពេចនោះគាត់មានគំនិតមួយ ។
« ពេលមានកិច្ចការត្រូវធ្វើ ចូរធ្វើវាដោយញញឹម ។ ធ្វើការច្រើនជាងអ្វីដែលបានសូមឲ្យធ្វើ ហើយធ្វើវាឲ្យបានទ្វេរដង » ( សៀវភៅចម្រៀងកុមារ លេខ ១៦៧ ) ។
ខាលបានញីញ័រពេលគាត់ជិះកង់របស់គាត់បញ្ច្រាស់នឹងខ្យល់ ។ គាត់បានគិតថា « ខ្ញុំចង់ទៅដល់ផ្ទះឲ្យបានលឿនបំផុត ហើយទទួលបានភាពកក់ក្តៅ ។ ហើយខ្ញុំទន្ទឹងចាំបើកអំណោយបុណ្យគ្រីស្ទម៉ាស់ ! » ។
គាត់ត្រូវក្រោកពីព្រលឹមខ្លាំងណាស់នាព្រឹកនោះដើម្បីយកកាសែតឲ្យគេ ។ គាត់បានជិះកង់របស់គាត់ឡើងទួលនៅតាមផ្លូវទៅផ្ទះរបស់គាត់ គាត់បានគិតអំពីនំស៊ីណាម៉ុនសម្រាប់បុណ្យគ្រីស្ទម៉ាស់ដែលម្តាយគាត់ធ្វើដោយផ្ទាល់ដៃ ។ នំនោះប្រាកដជាមានរសជាតិឆ្ងាញ់ណាស់ ។ គាត់ស្ទើរតែអាចភ្លក់ក្រេមស្ករដ៏ផ្អែមនោះ ។
ក្រេម ! ស្មារបស់ខាលបានធ្លាក់ចុះ ។ គាត់បានភ្លេចរឺតទឹកដោះគោ និងកិច្ចការផ្សេងទៀតដែលគាត់ត្រូវធ្វើ ។ ទោះបីជានៅបុណ្យគ្រីស្ទម៉ាស់ក្តី ។
ខាលបានចតកង់របស់គាត់នៅខាងមុខផ្ទះ ។ គាត់ និងប្អូនប្រុសរបស់គាត់បានប្រណាំងគ្នាទៅមើលថា តើនរណាអាចធ្វើផ្លូវពីក្រដាសហើយមុនគេ ។ គាត់ពុំបានឃើញកង់របស់ប្អូនប្រុសគាត់ឡើយ ដូច្នោះខាលបានឈ្នះ !
បញ្ហាតែមួយគត់ជាមួយនឹងការឈ្នះនោះគឺថា ឥឡូវនេះគាត់ត្រូវរង់ចាំប្អូនប្រុសរបស់គាត់ ពីមុនពួកគេអាចបើកអំណោយបាន ។ បន្ទាប់មក ពួកគេបានត្រូវចេញទៅក្រៅម្តងទៀត ហើយធ្វើកិច្ចការមួយចំនួន ។ ខាលបានប្រាថ្នាថា គាត់អាចគ្រាន់តែស្នាក់នៅក្នុងផ្ទះ ហើយរីករាយនឹងបុណ្យគ្រីស្ទម៉ាស់ ។
ខាលបានគិតថា « ខ្ញុំត្រូវតែធ្វើកិច្ចការខ្ញុំឲ្យចប់ក្នុងពេលនេះសិន ។ នោះខ្ញុំនឹងពុំត្រឡប់មកក្រៅវិញនៅក្នុងអាកាសធាតុត្រជាក់ឡើយ » ។ គាត់បានប្រញាប់ទៅឯក្រោលគោ ។
គាត់បានចាប់យកធុងមួយ ហើយអង្គុយរឺតទឹកដោះគោ ខាលបានសម្លឹងមើលជុំវិញខ្លួន ។ មានកិច្ចការផ្សេងទៀតទាំងអស់ត្រូវធ្វើឲ្យហើយ ។ ក្រោយមក គាត់មានគំនិតមួយ ។ ប្រសិនបើគាត់ធ្វើកិច្ចការទាំងអស់ដោយខ្លួនគាត់ នោះគាត់អាចធ្វើឲ្យគ្រួសារគាត់ភ្ញាក់ផ្អើល ហើយពួកគេអាចចំណាយពេលទាំងអស់នៃបុណ្យគ្រីស្ទម៉ាសជាមួយគ្នា ។ វានឹងក្លាយជាអំណោយបុណ្យគ្រីស្ទម៉ាស់ដ៏ល្អបំផុត !
ខាលបានប្រញាប់ ហើយរឺតទឹកដោះគោ ។ បន្ទាប់មក គាត់បានសម្អាតក្រោលគោ ឲ្យចំណីមាន់ និងប្រមូលស៊ុត ។ គាត់បានញញឹម នៅពេលគាត់បានគិតអំពីក្តីរំភើបដែលគ្រួសារគាត់នឹងមាន ។
ខាលបានត្រឡប់ទៅផ្ទះវិញ ។ គាត់បានលបមើលតាមទ្វារដើម្បីមើលថា តើមាននរណាម្នាក់នៅទីនោះដែរឬទេ ។ បន្ទាប់មក គាត់បានដើរលបៗទៅផ្ទះបាយ ។ គាត់ទើបតែបានដាក់ទឹកដោះគោ និងស៊ុតមាន់រួចនៅក្នុងទូរទឹកកក ពេលម្តាយគាត់បានដើរចូលមក ។
ម៉ាក់បាននិយាយដោយឱបគាត់ថា « អូ៎ កូនមកផ្ទះវិញហើយ ។ ពួកយើងបានឆ្ងល់ថា តើកូនបានទៅណា » ។
ម្តាយគាត់បានជួយគាត់ដោះអាវរងាចេញ ។ ពេលបងប្អូនរបស់ខាលបានឃើញគាត់ ពួកគេបានស្រែកថា « ខាលមកដល់ផ្ទះហើយ ! ចូរយើងបើកអំណោយទៅ ! » គ្រប់គ្នាបានលូនជុំវិញដើមគ្រីស្ទម៉ាស់ ហើយរង់ចាំប៉ាចែកអំណោយ ។ ខាលចូលចិត្តមើលពួកគេចែករបស់របរឲ្យគ្នា ។
ប៉ាបាននិយាយថា « មែនហើយ ! ឥឡូវនេះ ដល់ពេលធ្វើការហើយ ។ ប៉ុន្តែដំបូង ប៉ាគិតថា យើងត្រូវញ៉ាំទឹកផ្លែឈើ និងនំស៊ីណាម៉ុនសិន » ។
ប៉ាបានដើរទៅផ្ទះបាយ ហើយបើកទូរទឹកកក ។ គាត់បានឈប់ ហើយសម្លឹងមើល ។
ប៉ាបាននិយាយថា « មើលនែ៎ ! ។ ដបទឹកដោះគោបានពេញហើយ ហើយស៊ុតមាន់ក៏បានប្រមូលរួចដែរ ! តើនរណាបានធ្វើកិច្ចការនោះ ? »
ប៉ាបានដើរត្រឡប់មកបន្ទប់ទទួលភ្ញៀវវិញ ។ ខាលបានព្យាយាមអស់ពីសមត្ថភាពរបស់គាត់ដើម្បីទប់មិនញញឹម ។
ប៉ាបាននិយាយ ជាមួយនឹងស្នាមញញឹមរបស់គាត់ផ្ទាល់ថា « ខាល តើកូនបានដឹងអ្វីខ្លះអំពីរឿងនេះទេ ? ហាក់ដូចជាកិច្ចការរបស់យើងបានធ្វើរួចហើយ » ។
ខាលបានស្រែកថា « រីករាយថ្ងៃបុណ្យគ្រីស្ទម៉ាស់ ! »
ប៉ាបានឱបខាល ។ « អរគុណកូន ។ នេះជាការចេះគិតគូរមួយល្អណាស់ ។ នេះប្រហែលជាបុណ្យគ្រីស្ទម៉ាស់ដ៏ល្អបំផុតរបស់យើង ! »
ខាលបានញញឹម ។ គាត់បានដឹងរួចទៅហើយថា នេះគឺជាបុណ្យគ្រីស្ទម៉ាស់ដ៏ល្អបំផុត របស់គាត់ ។