មានតែឌីជីថលប៉ុណ្ណោះ
របៀប ៣ យ៉ាងដែលពួកព្យាការីគឺជាភស្តុតាងថា ព្រះស្រឡាញ់អ្នក
អ្នកនិពន្ធរស់នៅរដ្ឋវើរជីញ៉ា ស.រ.អា. ។
ពួកព្យាការីគឺជារបៀបមួយក្នុងចំណោមរបៀបជាច្រើន ដែលព្រះវរបិតាសួគ៌បង្ហាញអំពីសេចក្តីស្រឡាញ់ដ៏ធំធេងដល់យើង ។
តើអ្នកដឹងថា ព្រះស្រឡាញ់អ្នកដោយរបៀបណា ? សម្រាប់ខ្ញុំ វាអាចជាពេលព្រះអាទិត្យលិចដ៏ស្រស់ស្អាត ការរកឃើញនូវសារលិខិតដ៏ល្អឥតខ្ចោះមកពីការសិក្សាព្រះគម្ពីរប្រចាំថ្ងៃ ឬការទទួលសារដ៏ផ្អែមល្ហែមមកពីមិត្តភក្តិ ។ ប៉ុន្តែសាក្សីដែលកាន់តែមានឥទ្ធិពលមួយអំពីសេចក្តីស្រឡាញ់របស់ព្រះសម្រាប់ខ្ញុំនោះ គឺការមានព្យាការីនៅរស់ម្នាក់នៅលើផែនដីសព្វថ្ងៃនេះ ។ អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ថា « ដោយសារព្រះវរបិតាសួគ៌ស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់ នោះទ្រង់ពុំបានទុកពួកគេឲ្យដើរឆ្លងកាត់ជីវិតរមែងស្លាប់នេះដោយគ្មានការដឹកនាំ និងការណែនាំឡើយ » ។១ នេះជារបៀបបីយ៉ាងដែលយើងអាចទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះតាមរយៈព្យាការីនៅរស់ ។
១. ព្យាការីទទួលវិវរណៈសម្រាប់ពិភពលោកទាំងមូល ប៉ុន្តែក៏សម្រាប់ខ្ញុំផងដែរ ។
ចាប់តាំងពីដំបូងមក ព្រះប្រទានវិវរណៈដល់ពួកព្យាការីជានិច្ច ។ ព្រះអម្ចាស់បានមានបន្ទូលថា « ទោះជាដោយសំឡេងរបស់យើងផ្ទាល់ ឬក៏ដោយសំឡេងនៃពួកអ្នកបម្រើរបស់យើងក្ដីគឺដូចតែគ្នា » ( គ. និង ស. ១:៣៨ ) ។ សមាជិកសាសនាចក្របានទទួលពរទាំងអស់គ្នា និងជាបុគ្គលរៀងៗខ្លួន ដោយសារវិវរណៈសម័យទំនើប រួមទាំងការបកប្រែ និងការបោះពុម្ពនៃព្រះគម្ពីរមរមន ការសាងសង់ព្រះវិហារបរិសុទ្ធ និងការផ្តោតចិត្តទុកដាក់ទៅលើការងារបម្រើដល់គ្នាទៅវិញទៅមក ។
ចំពោះខ្ញុំផ្ទាល់ ជីវិតរបស់ខ្ញុំបានផ្លាស់ប្តូរដោយសារប្រធាន ថូម៉ាស អេស ម៉នសុន ( ១៩២៧–២០១៨ ) ក្នុងឆ្នាំ ២០១២ នៅពេលលោកបានប្រកាសថា បងប្អូនស្រីអាចបម្រើបេសកកម្មនៅអាយុ ១៩ ឆ្នាំ ។ ខ្ញុំទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់ និងការទុកព្រះទ័យដ៏ខ្លាំងពីព្រះនៅគ្រានោះ ហើយដោយសារការប្រកាសនេះ នោះខ្ញុំអាចចេញបម្រើបេសកកម្មរបស់ខ្ញុំបន្ទាប់ពីប្រាំមួយថ្ងៃនៃខួបកំណើតគម្រប់ ១៩ ឆ្នាំរបស់ខ្ញុំ ។ ការសម្រេចចិត្តរបស់ខ្ញុំដើម្បីបម្រើនៅគ្រានោះបានសម្រួចសម្រាំងដំណើរជីវិតរបស់ខ្ញុំទាំងមូល ។
ព្រះក៏បានបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ ដោយការប្រទានពរដល់យើងតាមរយៈការទូន្មានរបស់ពួកព្យាការី ។ ប៉ុន្តែយើងនៅតែត្រូវស្តាប់ដោយយកចិត្តទុកដាក់ ហើយសួរខ្លួនយើងថា « តើផ្នែកអ្វីនៃសារលិខិតនេះគឺសម្រាប់រូបខ្ញុំ ? » នៅពេលណាដែលការអធិស្ឋាន ឬសំណួររបស់ខ្ញុំត្រូវបានឆ្លើយតប តាមរយៈសារលិខិតរបស់ពួកព្យាការី និងពួកសាវកក្តី នោះព្រះវិញ្ញាណរំជួលដួងចិត្តខ្ញុំជាមួយនឹងចំណេះដឹងថា ព្រះស្រឡាញ់ខ្ញុំ ហើយស្គាល់ខ្ញុំដោយផ្ទាល់ ។
២. ពួកព្យាការីអាចក្លាយជាមគ្គុទេសក៍ផ្ទាល់ខ្លួនរបស់អ្នក ។
ព្រះវរបិតាសួគ៌បានប្រទានព្យាការីមួយរូបដល់យើងសម្រាប់ជំនាន់របស់យើងគឺប្រធាន រ័សុល អិម ណិលសុន ។ ទោះបីលោកមានអាយុចាស់ជាងអ្នកច្រើនឆ្នាំក្តី បទពិសោធន៍ជីវិតរបស់លោកគឺពិតជាមានប្រយោជន៍ដ៏ធំធេងមួយ នៅពេលលោកចែកចាយអំពីប្រាជ្ញា និងព្រះឱវាទមកពីព្រះ ។ ជាមួយនឹងតម្រូវការរបស់យើងនៅក្នុងចិត្ត នោះព្រះវរបិតាសួគ៌បានរៀបចំប្រធានណិលសុន ជាមួយនឹងបទពិសោធន៍នានាពេញមួយជីវិតលោក ហើយបន្តដឹកនាំលោកដោយទេវភាព ដូច្នេះលោកអាចបង្រៀន និងយល់អំពីជំនាន់របស់យើង ។
ប្រធានណិលសុនកាន់កូនសោទាំងអស់ដើម្បីទទួលវិវរណៈ ។ ព្រះវរបិតាសួគ៌ដែលជ្រាបដឹងទាំងស្រុងអំពីការលំបាក និងតម្រូវការនៃជំនាន់របស់យើង បានប្រទានវិវរណៈដល់ប្រធានណិលសុន អំពីរបៀបដែលលោកអាចបង្រៀន និងដឹកនាំយើងឲ្យបានល្អបំផុត ។ ការប្រជុំធម្មនិដ្ឋានរបស់ប្រធានណិលសុនដែលមានចំណងជើងថា « ការប្រែក្លាយជាបុគ្គលរស់នៅដ៏ស្មោះត្រង់ក្នុងសហស្សវត្ស » ២ ជាការប្រជុំមួយដែលបានបង្រៀនអំពីព្រះឱវាទរបស់ព្រះអម្ចាស់ និងការទូន្មានទៅកាន់បុគ្គលរស់នៅដ៏ស្មោះត្រង់ក្នុងសហស្សវត្ស គឺជាភស្តុតាងដែលបង្ហាញថា ព្រះវរបិតាសួគ៌ប្រើប្រធានណិលសុនដើម្បីជួយដឹកនាំយើងក្នុងជីវិតនេះ ។
៣. ពួកព្យាការីព្រមានយើងអំពីគ្រោះថ្នាក់ ។
ដោយសារព្រះវរបិតាសួគ៌ស្រឡាញ់ពួកយើងជាខ្លាំង នោះទ្រង់សព្វព្រះទ័យឲ្យយើងមានសុវត្ថិភាពទាំងខាងរូបកាយ និងខាងវិញ្ញាណ ។ យើងត្រូវតែប្រយ័ត្នចំពោះគ្រប់ការល្បួងទាំងអស់ដែលមានសំឡេងលាន់រំពងពេញលោកិយនេះ ប៉ុន្តែយើងអាចទុកចិត្តដល់សំឡេងរបស់ព្យាការីជានិច្ច ដោយសារព្រះបានសន្យាដល់យើងប្រកបដោយសេចក្តីស្រឡាញ់ថា ទ្រង់នឹងពុំអនុញ្ញាតឲ្យព្យាការីដឹកនាំយើងឲ្យវង្វេងឡើយ ។ ប្រធានណិលសុនបានសុំឲ្យយើងអានព្រះគម្ពីរមរមនរៀងរាល់ថ្ងៃ ហើយទទួលវិវរណៈផ្ទាល់ខ្លួនដើម្បីបន្តឲ្យមានសុវត្ថិភាពខាងវិញ្ញាណ ។៣ លោកបានមានប្រសាសន៍ថា « ខ្ញុំសុំជំរុញចិត្តអ្នកឲ្យទៅហួសពីសមត្ថភាពខាងវិញ្ញាណបច្ចុប្បន្នរបស់អ្នកដើម្បីទទួលវិវរណៈផ្ទាល់ខ្លួន » ។៤
ពួកព្យាការីគឺជាគ្រាន់តែជារបៀបមួយនៃរបៀបជាច្រើន ដែលព្រះវរបិតាសួគ៌បង្ហាញអំពីព្រះទ័យខ្វល់ខ្វាយដ៏ធំធេងដល់យើង ហើយទ្រង់ស្គាល់យើងគ្រប់រូប ។ អែលឌើរ អូលីសេស សូរ៉េស ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា « ការមានពួកព្យាការីគឺជាសញ្ញាមួយនៃសេចក្ដីស្រឡាញ់របស់ព្រះដល់បុត្រាបុត្រីរបស់ទ្រង់ ។ ពួកលោកប្រាប់ឲ្យដឹងអំពីការសន្យា ព្រមទាំងលក្ខណៈពិតនៃព្រះ និងព្រះយេស៊ូវគ្រីស្ទដល់រាស្ត្រទ្រង់ » ។៥ នៅពេលខ្ញុំបានទុកចិត្តលើប្រសាសន៍របស់ពួកព្យាការី ហើយស្តាប់តាមពាក្យទូន្មានរបស់ពួកលោក នោះខ្ញុំបានទទួលចម្លើយចំពោះសំណួររបស់ខ្ញុំ ។ ខ្ញុំមានអំណរគុណយ៉ាងខ្លាំងចំពោះការបើកបង្ហាញអំពីសេចក្តីស្រឡាញ់នៃព្រះ ។