២០១៨
ចំណុច ៣ យ៉ាង​ដែល​ត្រូវ​ចាំ ពេល​អ្នក​មាន​អារម្មណ៍​ថា អ្នក​ដូចជា​ខ្វះ​សមត្ថភាព
ខែ ធ្នូ ឆ្នាំ ២០១៨


មាន​តែ​ឌីជីថល​ប៉ុណ្ណោះ

ចំណុច ៣ យ៉ាង​ដែល​ត្រូវ​ចាំ ពេល​អ្នក​មាន​អារម្មណ៍​ថា អ្នក​ដូចជា​ខ្វះ​សមត្ថភាព

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ នូវ មិកស៊ីកូ ស.រ.អា. ។

យើង​ទាំងអស់​គ្នា​ចង់​ប្រែ​កាន់តែ​ល្អ​បន្តិច​ម្តងៗ ប៉ុន្តែ​វា​ពិបាក​ដឹង​ពី​ចំណុច​ត្រូវ​ចាប់ផ្តើម ។

woman looking out window

ជា​រឿយៗ ខ្ញុំ​ឆ្ងល់​ថា ប្រសិនបើ​កិច្ចខិតខំ​របស់​ខ្ញុំ​ក្នុងការ​គោរព​ប្រតិបត្តិ​ជួប​នឹង​អ្វី​មួយ​ដែល​ជួនកាល​ដូចជា​មាន​អារម្មណ៍​ថា ជា​បទដ្ឋាន​នៃ​ភាព​ល្អឥតខ្ចោះ​ពុំ​អាច​ធ្វើ​ទៅ​បាន ។ ខ្ញុំ​កំពុង​គិត​អំពី​រឿង​នានា​ដែល​ខ្ញុំ​អាច​ធ្វើ​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​ជានិច្ច ដូចជា​ចំណាយ​ពេល​ច្រើន​បន្ថែម​ទៀត​ដើម្បី​អាន​ព្រះគម្ពីរ​របស់​ខ្ញុំ ឬ​អនុវត្ត​ការគ្រប់គ្រង​ខ្លួន​ឯង​ឲ្យ​កាន់តែ​ច្រើន​ឡើង​ជាង​មុន ពេល​ខ្ញុំ​ដើរ​កាត់​ហាង​លក់​ការ៉េម​នៅក្នុង​តំបន់​លក់​អាហារ​កក​នោះ ។

ទាំង​នេះ​អាច​មិន​មែន​ជា​បញ្ហា​ធំដុំ​ទេ ប៉ុន្តែ​តើ​ខ្ញុំ​អាច​ដឹង​អំពី​របៀប​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​យ៉ាង​ដូចម្តេច ជាពិសេស​នៅពេល​ខ្ញុំ​ពុះពារ​ទប់​ចិត្ត​មិន​ទិញ​ការ៉េម​រ៉កគីរូត​នោះ ? ហើយ​តើ​មាន​ការផ្លាស់ប្តូរ​អ្វី​ខ្លះ​ដែល​ពិតជា​កើត​ឡើង​នៅក្នុង​ជីវិត​ខ្ញុំ​តាម​រយៈ​ការគោរព​ប្រតិបត្តិ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នោះ ?

ការធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ​ពុំ​មែន​ជា​ការធ្វើ​អ្វី​មួយ​ដែល​ឲ្យ​រីកចម្រើន​ធំដុំ​យូរៗ​ម្តង​នោះ​ទេ វា​គឺជា​ការរីកចម្រើន​ប្រចាំ​ថ្ងៃ ។ ដូច​អែលឌើរ លែរី អរ ឡរិន ក្នុង​ពួក​ចិតសិប​នាក់​បាន​បង្រៀន​ថា « យើង​បាន​មក [ ផែនដី​នេះ ] ដើម្បី​រៀន ហើយ​រីកចម្រើន​រហូត​ដល់​ត្រូវបាន​ញែក​ឲ្យ​បរិសុទ្ធ​បន្តិច​ម្ដងៗ ឬ​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ក្នុង​ព្រះគ្រីស្ទ ។…

…ពេល​យើង​ធ្វើ​ដំណើរ​តាម​មាគ៌ា​ដ៏​តូច ហើយ​ចង្អៀត នោះ​ព្រះវិញ្ញាណ​បន្ត​អញ្ជើញ​ឲ្យ​យើង​មាន​ភាពកាន់តែ​ប្រសើរ ហើយ​ឡើង​បាន​កាន់តែ​ខ្ពស់ » ។

គ្រប់​កិច្ច​ខិតខំ​ដែល​យើង​ធ្វើ​ដើម្បី​ប្រែ​កាន់តែ​ល្អ​បន្តិច​ម្តងៗ ធ្វើ​ឲ្យ​ជីវិត​យើង​កាន់តែ​ប្រសើរ​ឡើង ។ នេះ​គឺជា​យុទ្ធសាស្ត្រ​បី​យ៉ាង​ដែល​បាន​ជួយ​ខ្ញុំ​ឲ្យ​ប្រែ​កាន់តែ​ល្អ​បន្តិច​ម្តងៗ​ជារៀងរាល់​ថ្ងៃ ។

១. ប្រែចិត្ត​ជា​ប្រចាំ

ដោយសារ​យើង​ពុំ​អាច​ឈាន​ដល់​ភាព​ល្អ​ឥតខ្ចោះ​ដោយ​គ្មាន​ព្រះអង្គសង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់ នោះយើង​ពុំ​អាច​ធ្វើ​ឲ្យ​ការគោរព​ប្រតិបត្តិ​របស់​យើង​បាន​ល្អ​ប្រសើរ​ដោយ​គ្មាន​ការប្រែចិត្ត​ឡើយ ។ ស្ទេផាន ដ័បុលយូ អូវិន ប្រធាន​យុវជន​ទូទៅ​បាន​បង្រៀន​ថា « យើង​អាច​ព្យាយាម​កែប្រែ​ឥរិយាបថ​យើង​ដោយ​ខ្លួន​ឯង ប៉ុន្តែ​មាន​តែ​ព្រះអង្គសង្គ្រោះ​ប៉ុណ្ណោះ ទើប​អាច​សម្អាត​ស្នាម​ប្រឡាក់ ហើយ​រែក​បន្ទុក​យើង​បាន ហើយ​ធ្វើ​ឲ្យ​យើង​អាច​ដើរតាម​មាគ៌ា​នៃ​ការគោរព​ប្រតិបត្តិ​ទាំង​មាន​ទំនុកចិត្ត និង​ភាពរឹងមាំ » ។ ប្រសិនបើ​អ្នក​ឃើញ​ចំណុច​ខ្សោយ​នៅក្នុង​ខ្លួន​អ្នក​ដែល​អ្នក​ចង់​ផ្លាស់ប្តូរ សូម​ធ្វើ​វា​ដោយ​អធិស្ឋាន​ទៅកាន់​ព្រះអម្ចាស់ ។

២.ដាក់​អាទិភាព​ជាមួយ​ព្រះវិញ្ញាណ

ការស្វែងរក​ចំណុច​ខ្សោយ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​អាច​មាន​ភាពស្មុគស្មាញ—ជារឿយៗ ខ្ញុំ​ពុំ​ដឹង​ថា ត្រូវ​ចាប់​ផ្តើម​ពី​ត្រង់​ណា​ទៅ​ទេ ។ យើង​អាច​អធិស្ឋាន​ដើម្បី​ដឹង​ពី​អ្វី​ដែល​យើង​ត្រូវ​ផ្លាស់ប្តូរ​នៅ​គ្រា​នេះ ។ អែលឌើរ​ឡរិន​បាន​បង្រៀន​ថា « ព្រះវិញ្ញាណ​បរិសុទ្ធ​ពិត​ជា​ប្រទាន​ដំបូន្មាន​ដែល​សម​នឹង​ឲ្យ​អ្នក​ទទួល ។ ទ្រង់​គឺ​ជា​ដៃគូ​ស្មោះត្រង់​ទាំងស្រុង ហើយ​មាន​បន្ទូល​ប្រាប់​យើង​អំពី​ការណ៍​ដែល​គ្មាន​នរណា​ទៀត​ដឹង ឬ មាន​ក្ដី​ក្លាហាន​នឹង​ថ្លែង​ឡើយ » ។ ទោះបី​យើង​ពុំ​ត្រូវ​រង់ចាំ​ការបំផុសគំនិត​ឲ្យ​ធ្វើ​ខ្លួន​កាន់តែ​ប្រសើរ​ក្តី ព្រះវិញ្ញាណ​អាច​ជួយ​យើង​ឲ្យ​ដាក់​អាទិភាព ។

៣. បង្កើន​ទំនុក​ចិត្ត​ខាង​វិញ្ញាណ

ខ្ញុំ​មាន​ក្តីអស្ចារ្យ​ជានិច្ច​ចំពោះ​ព្រះវរបិតាសួគ៌​ដែល​បាន​ប្រទាន​ពរ​ដល់​ខ្ញុំ នៅពេល​ខ្ញុំបាន​ព្យាយាម​គោរពតាម​ព្រះបញ្ញត្តិ ។ ខ្ញុំ​ទទួល​អារម្មណ៍​នៃ​ភាពសុខសាន្ត និង​ទំនុក​ចិត្ត​ដែល​កើន​ឡើង​ជានិច្ច នៅពេល​ណា​ខ្ញុំ​បាន​បង្កើន​បទដ្ឋាន​រស់នៅ​ឲ្យ​បាន​ប្រសើរ​ឡើង ។ ប្រធាន រ័សុល អិម ណិលសុន បាន​សន្យា​ថា « នៅពេល​អ្នក​បន្ត​គោរព​ប្រតិបត្តិ … នោះ​អ្នក​នឹង​ទទួល​បាន​ចំណេះដឹង និង​ការ​យល់ដឹង​ដែល​អ្នក​ស្វែង​រក ។ រាល់​ពរជ័យ​ដែល​ព្រះអម្ចាស់​មាន​សម្រាប់​បងប្អូន—សូម្បី​តែ​អព្ភូតហេតុ—នឹង​កើត​មាន​តាម​ក្រោយ » ។4 ការគោរព​ប្រតិបត្តិ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ពុំ​គ្រាន់តែ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ប្រសើរ​អំពី​ខ្លួន​អ្នក និង​ការសម្រេច​ចិត្ត​នានា​របស់​អ្នក​នោះ​ទេ វា​ថែមទាំង​បើក​ឱកាស​បន្ថែម​ទៀត​ឲ្យ​ព្រះ​អម្ចាស់​ប្រទាន​ពរ​ដល់​អ្នក ក្នុង​របៀប​នានា​ដែល​អ្នក​ពុំ​អាច​រំពឹង​ទុក​បាន ។

ព្រះ​វរ​បិតា​សួគ៌​ជ្រាប​ដឹង​ពី​ចិត្ត​របស់​ពួកយើង ហើយ​ទ្រង់​ទទួល​ស្គាល់​គ្រប់​កិច្ច​ខិតខំ​ដែល​យើង​បាន​ធ្វើ ដើម្បី​គោរព​ប្រតិបត្តិ​តាម ។ ទ្រង់​ពុំ​រំពឹង​ឲ្យ​យើង​បាន​ល្អ​ឥតខ្ចោះ​នៅ​ថ្ងៃ​ស្អែក​ឡើយ ។ ការព្យាយាម​ដើម្បី​ប្រែ​កាន់តែ​ល្អ​ប្រសើរ​ឡើង​រៀងរាល់​ថ្ងៃ—ទោះបីវា​ជា​ការកាត់​បន្ថយ​ចំណី​កក​ត្រជាក់ ឬ​ចំណាយ​ពេល​បន្ថែម​ទៀត​ដើម្បី​អាន​ព្រះគម្ពីរ​ក្តី—នឹង​ជួយ​យើង​ឲ្យ​ដឹង​ថា គ្រប់​កម្រិត​នៃ​ការរីកចម្រើន​ទាំងអស់​គឺ​មាន​តម្លៃ ហើយ​អាច​សម្រេច​បាន ។

កំណត់​ចំណាំ

  1. លែរី អរ ឡរិន « តើ​នៅ​ខ្វះ​អ្វី​ទៀត ? » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ xx ។

  2. ស្ទេផាន ដ័បុលយូ អូវិន « Repentance Is Always Positive » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៤៨ ។

  3. លែរី អរ ឡរិន « តើ​នៅ​ខ្វះ​អ្វី​ទៀត ? » ទំព័រ ៣៤ ។

  4. រ័សុល អិម ណិលសុន « វិវរណៈ​សម្រាប់​សាសនាចក្រ វិវរណៈ​សម្រាប់​ជីវិត​របស់​យើង » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៥–៩៦ ។